Tuesday, November 27, 2012

សម្តេច​តេជោបញ្ជាក់​ពីថ្ងៃបូជាព្រះ​បរមរតនកោដ្ឋ និងការចូល​រួមដោះស្រាយ​បញ្ហា​ដីធ្លី​ដោយ​​គណបក្ស​នយោបាយ និង​អង្គការ​សង្គមស៊ីវិល



ក្នុង​ឱកាស​អញ្ជើញ​ចូល​រួម​ជាអធិបតី ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ស្ទឹងមាន​ជ័យ នា​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១២ ជាមួយ​នឹង​ការ​ពន្យល់​អំពី​មូលហេតុ​នៃការផ្អាក​ពិធី​បុណ្យ​អុំ​ទូក សម្តេច​អគ្គ​មហា​សេនាប​តី​តេជោ ហ៊ុន សែន ហ៊ុន សែន នាយក​រដ្ឋមន្ត្រីព្រះរាជា​ណា​ចក្រ​កម្ពុជា​បាន​ប្រកាស​ថា ព្រះ​បរមសព របស់​ព្រះករុណា សម្តេច​ព្រះមហាវីរក្សត្រ សម្តេច​ព្រះនរោត្តម សីហនុ នឹង​ត្រូវ​ថ្វាយ​ព្រះ​ភ្លើងបូជា នៅ​វាល​ព្រះមេរុ នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣​។
សម្តេចតេជោ​នាយក​រដ្ឋមន្ត្រីបាន​មាន​ប្រសាសន៍​ថា ​នៅពេល​ដែល​ព្រះ​បរម​សព កំពុងតែ​តម្កល់​ដើម្បី​ស្ថិត​នៅក្នុង​ដំណាក់​កាល​នៃ​ការ​កាន់ទុក្ខ វា​មិន​ជា​ការគួរសម​ទេ ដែល​យើង​នាំគ្នា មនុស្ស​រាប់លាន​នាក់ មក​ហ៊ោកញ្ជ្រៀវ នៅឯ​ទីក្រុង​ភ្នំពេញ មុខ​ព្រះបរមរាជវាំង មុខ​កន្លែង​តម្កល់​ព្រះ​បរមសព​នោះ​។ អីចឹង​ទេ បានជា​រាជរដ្ឋាភិបាល សុំឲ្យ​មាន​ការផ្អា​កការចាត់តាំង​ពិធី​បុណ្យ​អុំទូក នៅ​រាជធានី​ភ្នំពេញ​នេះ​។ ប៉ុន្តែ​ប្រជាពលរដ្ឋអាច​នឹង​អុំទូកនៅ​កន្លែង​នេះ ឬ​នៅ​កន្លែង​​នោះ ហើយ​ធ្វើ​នៅ​តាម​ទី​អារាម នៃ​ពិធី​បុណ្យ​អក​អំបុក សំពះ​ព្រះ​ខែ ជាដើម​។ អា​នឹង​ធ្វើ​តាម​ផ្ទះ តាម​ស្អី ជា​ការធម្មតា ហើយ​នៅ​ថ្ងៃ​សំរាក​នេះ ប្រជាពលរដ្ឋ​មួយចំនួនអាច​នឹង​ទៅ​សំរាក ទៅលេង​នៅ​តំបន់​នេះ តំបន់​នោះ​។​
ជាមួយនឹង​ការ​ប្រកាស​ដូច្នេះ សម្តេច​តេជោក៏​បាន​គូសបញ្ជាក់ថា ​ការសំរេច​ផ្អាក​ពិធី​បុណ្យ​អុំ​ទូក​​នេះជា​ការ​បង្ហាញ​សម្តែង​នូវ​ការគោរព​ចំពោះ​ព្រះ​វិញ្ញាណក្ខន្ធ ចំពោះ​ព្រះមហាវីរក្សត្រ​របស់​យើង ដែល​ព្រះអង្គ​សោយ​ទិវង្គត​ទៅ​​។
សម្តេច​តេជោ​នាយករដ្ឋមន្ត្រីក៏​បាន​បន្ថែមថា ​នៅ​ថ្ងៃ​ទី​២៨ ឆ្នាំ២០១២ នឹង​មាន​ពិធី​ដើម្បី​ថ្វាយ​ព្រះ​គោរមងារ ព្រះ​បរម​បច្ឆាម​រណនា​ម​ជា​ផ្លូវការ គឺ​ព្រះ​បរម​រតន​កោដិ ដោយ​ល្ងាច​ស្អែក​ជា​ថ្ងៃ​ទី​១៤​កើត ខែ​ក​ក្តិក (ត្រូវ​នឹង​ថ្ងៃទី​២៧​វិច្ឆិកា) នឹង​មាន​ពិធី​សាសនា នៅ​ពេល​ល្ងាច​។ ឯ​ព្រឹក​ឡើងថ្ងៃទី​១៥​កើត ខែ​ក​ក្តិក ត្រូវ​នឹង​ថ្ងៃទី​២៨​វិច្ឆិកា ព្រះមហាក្សត្រ ក៏ដូចជា​ព្រះ​មាតា​ជាតិ ព្រម​ទាំង​មន្ត្រី​ដែល​ជា​សម្តេច​សង្ឃ បូក​ជាមួយ​ថ្នាក់ដឹកនាំ នឹង​ថ្វាយ​ព្រះ​គោរមងារ​ជា​ផ្លូវការ នៅក្នុង​ព្រះ​បរមរាជ​វាំង។
សម្តេច​តេជោក៏​បាន​បន្ថែមថា ​រឿងនេះដល់​ពេល​នោះ (ដង្ហែ​ព្រះ​បរម​សព សម្តេច​ព្រះ​មហា​វីរក្សត្រ) ក៏​សូម​ការយោគយល់​ដែរ​។ ព្រះ​បរមសព ពិតមែន​តែ​ថ្វាយ​ព្រះ​ភ្លើងនៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ក៏ប៉ុន្តែ​ព្រះ​បរម​សព នឹង​ត្រូវ​ចាកចេញ​ពី​ព្រះរាជវាំង នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ហើយ​ដង្ហែ ពេលនោះ នឹង​មាន​ការបិទផ្លូវ​មួយចំនួន​ថែមទៀត ដើម្បី​រៀបចំ​ឲ្យមាន​ការ​ដង្ហែ ហើយ​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់ សម្រាប់​ប្រជាពលរដ្ឋ​របស់​យើង។ រាជរដ្ឋាភិបាល​កំពុង​ពិនិត្យ ពិភាក្សា​ថា​តើ​នឹង​ត្រូវ​រៀបចំ​ពិធី​កាន់ទុក្ខ​សា​ជា​ថ្មី​ម្តង​ទៀត​រយៈពេល​ប៉ុន្មាន​ថ្ងៃ ព្រោះ​ព្រះ​បរម​សព ដង្ហែចេញ​នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ហើយ​យក​ទៅ​តម្កល់​នៅ​ព្រះ​វាល​ព្រះមេរុ រយៈពេល៣ថ្ងៃ ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៤ ទើប​ថ្វាយ​ព្រះ​ភ្លើង​។ អីចឹង​ពិធី​នោះ គឺជា​ពិធី​ដ៏​ធំ​។ អីចឹង​ទេ យើង​ក៏​ត្រូវ​រៀបចំ​កិច្ចការ​ទាំង​អស់​នេះ ជំនួស​ឲ្យ​ការ​សប្បាយ​រីក​រាយ​នៅ​ទីក្រុង​ភ្នំពេញ នៅក្នុង​ពិធី​បុណ្យ​អុំទូក​។
សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រីបាន​គូស​បញ្ជាក់ថា ​នៅ​ថ្ងៃ​ពិធី​បុណ្យ​អុំទូក ថ្ងៃ​សំពះ​ព្រះ​ខែ គឺជា​ថ្ងៃ​​ដែល​ព្រះមហាក្សត្រ​ប្រទាន​នូវ​ព្រះ​បរម​បច្ឆាម​រណនា​ម ថ្វាយ​ព្រះ​សព ដែល​មាន​ព្រះនាម​ថា​ព្រះ​បរម​រតន​កោដិ​​។ អីចឹង​ទេ សូម​ប្រជា​ពល​រដ្ឋមេត្តា​យោគយល់​អំពី​ការអាកខាន ក្នុង​ការ​សប្បាយ​រីករាយ​។ យើង​នៅ​មាន​ពេលវេលា​ច្រើន​ទៀត តែ​អតីត​ព្រះមហាក្សត្រសម្តេចឪ​របស់​យើង​មានតែ​មួយ​អង្គ ឯ​យើង​នៅសល់​ច្រើន​ឆ្នាំ​ទៀត ដើម្បី​នឹង​ធ្វើ​បុណ្យ​អុំទូក​នោះ ហើយ​អុំទូក អុំ​ពេល​ណា​ក៏​បាន​ដែរ​"​។​
សូម​បញ្ជាក់​ថា ក្នុង​ពិធី​បើក​ការដ្ឋាន​សាង​សង់​ស្ពាន​អាកាស​ស្ទឹង​មានជ័យ​មាន​ជ័យ​នេះដែរ សម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​ប្រកាស​ជាថ្មីឲ្យ​ដឹង​ ពី​ការ​ស្វាគមន៍​ចំពោះ​ការ​ចូល​រួម​របស់​បក្ស​នយោ​បាយ និង​អង្គការ​សង្គ​ម​ស៊ីវិល ប្រសិន​បើ​ពួក​គេ​មាន​ឆន្ទៈ​ក្នុង​ការស្វែងរក​ដំណោះ​ស្រា​យ​ដើម្បី​បញ្ចប់​ជម្លោះ​ដីធ្លី​ពិត​ប្រាកដ។
គួររំលឹក​ថា កាលពី​ព្រឹក​ថ្ងៃ​សុក្រទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១២ ក្នុង​ពិធីចែក​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ជូន​ដល់​ប្រជា​ពលរដ្ឋ នៅ​ខេត្ត​ព្រះ​វិហារថា សម្តេចតេជោ​នាយក​រដ្ឋមន្ត្រីបាន​ប្រកាស​ថា សម្តេច​នឹង​មិនជួយ​ដោះ​ស្រាយ​បញ្ហា​ដីធ្លីណាដែលមាន​ការចូល​ឡូ​កឡំពី​គណបក្ស​នយោបាយ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​ជួយ​ដល់​ប្រជា​ពលរដ្ឋ ក្នុងជម្លោះ​ដីធ្លី​នោះ​ឡើយ។
​ទាក់​ទង​បញ្ហា​នេះសម្តេច​តេជោ​បាន​គូស​បញ្ជាក់​ជា​ថ្មី​ថា យើង​សំដៅ​កុំ​ឲ្យ​នយោបាយ​ចូល​ឡូក​ឡំ ដែល​បាន​សេចក្តី​ថា វា​ចូល​ឡូកឡំ​ជា​ទិដ្ឋភាព​នយោបាយ​មក​តែម្តង ដែល​ករណី​នេះ​ទោះ​ដោះ​រហូត​​ស្លាប់​ទាំង​ខ្លួន​ក៏​មិន​រួច​ដែរ ដូច្នេះ​ហើយ​បានជា​ខ្ញុំ​ហាម​តាំងពី​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ហាម​ ដែរ។កុំ​យក​បញ្ហា ជម្លោះ​ណាមួយ​បង្កើត​ជា​រឿង​នយោបាយ​នៅ​ក្នុង​ហ្នឹង។ ប៉ុន្តែ​បើ​ដោះ​ស្រាយ​ក្នុង​ទិដ្ឋភាព​ចង់​ឲ្យ​មាន​ដំណោះស្រាយ​ពិតប្រាកដ នៅ​តែ​មាន​ការចូលរួម​បាន​ពី​អ្នក​តំណាង​រាស្ត្រ ឬ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា ដែល​មាន​បំណង​ពិត​ប្រាកដ ហើយ​ជួយ​រក​ដំណោះ​ស្រាយ​ពិត​ប្រាកដ។
សម្តេច​តេ​ជោ​ថ្លែង​ថា ខ្ញុំ​សូម​បញ្ជាក់​ប្រហែលជា​មកពី​ខ្ញុំ​និយាយ​មិន​អស់។ ខ្ញុំ​ចង់​ដៅ​ទៅលើ​ ការ​ឡូកឡំ​នៃ​បក្ស​នយោបាយ ឬ​អង្គការក្រៅ​រដ្ឋា​ភិបាល ដែល​មាន​ទិដ្ឋភាព​នយោបាយ​ឡូក​ឡំ។ សម្តេចតេ​ជោ​បាន​បញ្ជាក់​ថា ខ្ញុំ​នឹង​មិន​ដោះស្រាយ​ទេ​ក្នុង​ករណី​ដែល​នយោ​បាយ​ចូល​ឡូកឡំ បាន​សេចក្តី​ថា ដោះ​មិន​ចេញ​ព្រោះ​គេ​មាន​ចេតនា​នឹង​រាំង​ស្កាត់​ដំណោះ​ស្រាយ ចង់​ឲ្យ​ប៉ុន្មាន​ក៏​មិន​ទៅ​ហើយ​ពង្រីករឿង​ពី​តូច​ឲ្យ​ទៅជា​ធំ កាឡៃ​រឿង​ពីមួយ​ទៅ​មួយ។
ក៏​ប៉ុន្តែ​សម្តេច​តេជោនាយករដ្ឋមន្ត្រី ក៏​បាន​ថ្លែង​ព្រមាន​ថា បើសិនជា​បក្ស​នយោ​បាយ និង​អង្គ​ការ​​ក្រៅ​រដ្ឋាភិ​បាល​ទាំង​នោះ មាន​បំណង​រាំងខ្ទប់ និង​ពង្រីក​បញ្ហាដីធ្លី ក្នុង​ទិដ្ឋភាព​នយោ​បាយ គឺ​សម្តេចមិន​អនុញ្ញាត​ឲ្យ​កើត​មាន ហើយ​សម្តេច​ក៏​មិន​ជួយ​អន្តរាគមន៍​ដោះស្រាយ​ដីធ្លី​នោះ​ឡើយ​។ “ខ្ញុំ​សូម​បញ្ជាក់​ឡើងវិញ​ថា យើង​ស្វាគមន៍​ជាមួយ​នឹង​អ្វី​ដែល​មិន​ជាប់​ពាក់ព័ន្ធ​ជា​​មួយ​នឹង​នយោបាយ ប៉ុន្តែ​ខ្ញុំ​ក៏​សូម​ផ្តាំ​ដែរ​ថា សូម​កុំ​ទម្លាយ​ទ្វារ​នៅ​ពេល​ដែល​ទ្វារ​បើក​ស្រាប់ បាន​​សេចក្តីថា រឿង​នោះត្រូវ​បាន​​ដោះស្រាយ​ហើយ ប៉ុន្តែ​បែរជា​ទៅ​អួត​ក្អេងក្អាង​ថា បើ​កុំ​តែ​ខ្លួន​ស្នើ​កុំ​អី​​អត់​ដោះ​បានទេ”។
សម្តេច​​តេជោ​នាយក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ដែរ​ថា ប៉ុន្តែ​ក្នុង​ករណី​ដែល​រឿង​ជាក់ស្តែង​កើត​ឡើង​ក៏​មាន​អង្គការ​ក្រៅរដ្ឋាភិ​បាល​ខ្លះ​គេ​មានចេតនា​ល្អ​ដែរ ​គេ​ចង់​រក​ដំណោះស្រាយ​ជូន​ប្រជាពល​រដ្ឋ​ដែរ គេ​ចង់​ការពារ​ប្រជាពលរដ្ឋ​ដែរ​ដោយ​អំពើ​ល្អ ដើម្បី​គេចវេះ​ពី​ការទន្ទ្រាន​រំលោភ​សិទ្ធិ​ដីធ្លី​ពី​សំណាក់​អាជ្ញាធរ​ឬ​ពី​សំណាក់​បុគ្គល​ណា​នោះ អញ្ចឹង​នៅ​ពេល​ដែល​គេ​មិន​អាច​រក​អន្ត​រាគ​ម​ន៍​​​​ពី​អាជ្ញាធរ​បាន គេ​ទៅ​រក​អន្តរាគមន៍​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល វា​ជា​រឿង​ឡូ​ហ្សី​ក​ចៀស​មិន​ផុត។
បន្ទាប់​ពី​បញ្ចប់​កម្មវិធី​បើក​ការ​ដ្ឋាន​សាងសង់​ស្ពាន​អាកាស​ស្ទឹងមាន​ជ័យរួច​ភ្លាម នៅ​ព្រឹក​ថ្ងៃទី​២៦​ ខែ​វិច្ឆិកា ឆ្នាំ​២០១២ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី អមដំណើរ​ដោយ​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិ​បាល ពិសេស​សម្តេច​ចៅហ្វាវាំង គង់ សំអុល បាន​ចុះទៅ​ពិនិត្យ​ការ​ស្ថាបនា​សាងសង់​ព្រះមេរុ ដើម្បី​រៀ​ចំ​ព្រះរាជ​ពិធីថ្វាយ​ព្រះ​ភ្លើង​ថ្វាយ​សម្តេច​ព្រះ​មហាវី​រក្សត្រ សម្តេច​ព្រះ នរោត្តម សីហនុ នៅ​វាល​ព្រះមេរុ ខាងជើង ជាប់​ព្រះបរមរាជ​វាំង៕