Tuesday, November 27, 2012

ការ​ធ្វើ​ចរាចរណ៍នឹង​មាន​ភាព​ងាយ​ស្រួល​ក្រោយ​ពេល​បញ្ចប់ការ​សាងសង់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​

ការដ្ឋាន​សាង​សង់​ស្ពាន​អាកាសស្ទឹង​មានជ័យ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើងនា​ព្រឹក​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១២​ ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​ក​កម្ពុជា​ ដែល​ធ្វើ​ឲ្យ​មាន​ការ​រំពឹង​ថា ការ​ធ្វើ​ចរាចរណ៍នឹងមាន​ភាព​ងាយ​ស្រួល​ក្រោយ​បញ្ចប់​ការ​សាង​សង់។
ថ្លែង​ក្នុង​ពិធីបើក​ការដ្ឋាន​សាង​សង់ស្ពាន​អាកាសស្ទឹង​មាន​ជ័យ​ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​​សុំ​ការ​យោគយល់​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ពេល​សាងសង់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ ដែល​ត្រូវ​ចំណាយ​ថវិកា​រហូត​ទៅ​ដល់​១៩​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក និង​ចំណាយ​ពេល​សាង​សង់​ជាង​២​ឆ្នាំ​ ពោល​គឺ​២៨​ខែ​។​ ​សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថា​ សូម​បងប្អូន​ប្រជាពល​រដ្ឋ​ «អត់​ទ្រាំ​ការ​លំបាកបន្តិចក្នុង​រយៈ​ពេលជាង២ឆ្នាំ បន្ទា​ប់​​មកប្រជា​ពល​រដ្ឋទាំង​អស់​នឹង​មាន​ភាព​ងាយ​ស្រួល មិន​ត្រឹម​តែ​ប្រជាពល​រដ្ឋក្នុង​រាជ​ធានី​ភ្នំពេញ និង​ប្រជាពល​រដ្ឋ​មក​ពី​តាម​បណ្តា​ខេត្ត​ផ្សេង​ទៀត»
ជាមួយ​នឹង​ការរំលឹក​ពីអតីត​កាល​ក្រោយ​ថ្ងៃ​រំដោះ ឆ្នាំ១៩៧៩ ដែល​ពេល​នោះ កម្ពុជា​មាន​តែ​បាត​ដៃទទេ សម្តេច​បាន​រំលឹក​ថា ពេល​ដែល​សម្តេច​ចូលរា​ជធានីភ្នំ​ពេញ បាន​ជួប​មនុស្ស​តែ​៧០​នាក់​ប៉ុណ្ណោះ​នៅ​សួនកាណាឌីយ៉ា។ តែ​ពេល​ឥឡូវ​នេះ មាន​ការ​រីក​ចម្រើន ជា​ពិសេស​ចំនួន​ម៉ូតូ និង​រថយន្ត​កើន​ឡើង​ជាបន្ត​បន្ទាប់ គ្រាន់​តែនៅ​ក្នុង​រាជ​ធានី​ភ្នំពេញ មាន​ម៉ូតូ​រហូត​ដល់​ជាង​១​លានគ្រឿង ហើយ​រថយន្ត​វិញ មាន​ជិត​១លានគ្រឿង។ សម្តេច​តេជោ​ក៏បាន​សម្តែង​ការ​ព្រួយបារម្ភ​ពីការ​បាត់បង់​នូវ​ស៊ីក្លូ ដែល​ជារបស់​មួយ​ដែល​យើង​ត្រូវ​អភិរក្ស ហើយក៏មាន​អង្គការ​ក្រៅរដ្ឋាភិ​បាល​មួយ​ចំនួន​បាន​ខិតខំថែរក្សាវា ព្រោះ​វាក៏ជា​ទីចាប់​អារម្មណ៍​របស់​អ្នក​ទេសចរ​ផងដែរ។
ទាក់​ទង​នឹង​ការ​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាច​រណ៍ក្នុង​រាជធានី​ភ្នំពេញ ជាមួយ​នឹង​ការកសាងស្ពាន​មុនី​វង្សថ្មី ស្ពាន​ជ្រោយ​ចង្វារ២ កំពុងត្រូវ​បាន​សាង​សង់ សម្តេច​នាយក​រដ្ឋមន្រ្តីបាន​មាន​ប្រសាស​ន៍ឲ្យ​ដឹង​ថា ស្ពានថ្មីមួយទៀត ស្ថិត​នៅ​ចន្លោះស្ពាន​ជ្រោយ​ចង្វារ និងស្ពាន​ព្រែក​ព្នៅ​ក៏​នឹង​ត្រូវ​សាង​​សង់ ដើម្បី​ធ្វើ​ដំណើរ​ឆ្ពោះទៅ​តំបន់​អភិវឌ្ឍន៍​ជ្រោយ​ចង្វារ។
ពាក់​ព័ន្ធ​នឹង​ការ​រំដោះ​ភាព​ស្ទះ​ចរាចរណ៍​នៅ​តំបន់​ស្ទឹង​មានជ័យ សាលា​រាជធានី​ភ្នំពេញ មន្ទីរ​សាធារណការ ក្រុម​ហ៊ុន OCIC និង​ក្រុមហ៊ុន​ស៊ីណូប៉ាស៊ីហ្វិក បាន​សិក្សារក​ឃើញ​នូវ​ដំណោះ​ស្រាយ​មួយ​ដ៏​ប្រសើរ ក្នុង​ចំណោម​ជំរើស​ចំនួន៦ គឺការ​សាង​សង់​ស្ពាន​អាកាស​ស្ទឹង​មានជ័យ ស្ថិត​នៅ​ក្បែរ​ស្តុប​ស្ទឹង​មានជ័យ ដែល​ជា​ចំណុច​ប្រសព្វ​ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការ​មន និង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក។
ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ដែល​ជា​ស្ពាន​ទី៣​នេះ នឹង​ត្រូវ​គេ​ធ្វើ​ឡើង​មាន​សណ្ឋាន និង​រូប​រាង​ដូចជា សត្វ​មេ​អំ​បៅ ដែល​កំពុង​តែ​ត្រដាង​ស្លាប​ហើរ ពោល​គឺមាន​ស្ពាន​ទាំង​អស់​ចំនួន៥ ក្នុង​នោះ​មាន​ស្ពាន​មេ​ចំនួន​២ ស្ពាន​បែក​ខ្នែង​ចំនួន​១ និង​ស្ពាន​ឆ្លង​កាត់​ប្រឡាយ ស្ទឹងមាន​ជ័យ​ចំនួន​២។
ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ដែល​ត្រូវ​បាន​សិក្សា​ប្លង់​មេ​រួច​រាល់​នេះ មាន​លក្ខណៈ​បច្ចេកទេស​ដូច​ខាង​ក្រោម៖
- សាង​សង់​ស្ពាន​អាកា​សធំ ពីបេតុង​អារមេ​ស្រប​ពីលើ​ផ្លូវ​លេខ​២៧១ ត្រង់​ចំណុច​ភ្លើង​ស្តុប មាន​ទទឹង១៤,៨០​ម៉ែត្រ សម្រាប់​ចរាចរណ៍​ទ្វេទិស ដោយ​មាន​០២​ខ្សែ​ទៅ និង​០២​ខ្សែ​មក
- សាងសង់​ស្ពានអាកាស​តូច​ពីរ​ឯក​ទិស ពី​បេតុង​អារមេ​មាន​ទទឹង៦,៥០ម៉ែត្រ និង​សាង​សង់​ស្ពាន​បេតុង​មួយ​ទៀត​ជំនួស​ស្ពានបាឡេ ដែល​មាន​ទទឹង​៨​ម៉ែត្រ។
- អ៊ុត​កៅ​ស៊ូអម​សង​ខាង​ស្ពាន​ទទឹង​ពី​៥,៥០​ម៉ែត្រ ទៅ៧​ម៉ែត្រ និង​ចិញ្ចើម​៣ម៉ែត្រ។
- កម្ពស់​សុវត្ថិភាព​ក្រោម​ស្ពាន​៥,២០​ម៉ែត្រ។
- ក្រៅ​ពី​នេះ​ការស្ថាបនា​លូ ច្រាំង​បេតុង​ប្រឡាយ​ជើង​ទេរ សួនច្បារ ខឿន​បែង​ចែក​ទ្រូង​ស្ពាន ដំឡើង​បង្គោល​ភ្លើង លាប​គំនូស​ចរាចរណ៍ ដាក់​ស្លាកចរាចរណ៍​ជាដើម។
ប្រតិបត្តិការ​ស្ថាបនា​នឹង​បែង​ចែក​ជា ២ដំណាក់​កាល ដែល​ក្នុង​នោះ​មាន៖
- ដំណាក់​កាល​ទី១ ៖ សាង​សង់​ស្ពាន​អាកាស​មេ ០២ ស្ពាន​រូង​ក្រោម​ដី ០១
- ដំណាក់​កាល​ទី២ ៖ សាង​សង់​ស្ពាន​បែក​ខ្នែង​ចំនួន ០១ និង​ស្ពាន​ឆ្លង​កាត់​ប្រឡាយ​ចំនួន ០២។
ស្ពាន​អាកាស​ស្ទឹងមាន​ជ័យ​នេះ នឹង​ត្រូវ​ចំណាយ​ពេល​សាង​សង់​២៨​ខែ ចាប់​ពី​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ឆ្នាំ២០១២ រហូត​ដល់​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ ដោយ​ចំណាយ​ថវិកា​សាង​សង់ ១៩​លាន​ដុល្លារ។ ដំណើរ​ការសាង​សង់​ដោយ​ក្រុមហ៊ុន​វិនិ​យោគទុន​អានិកជន​កម្ពុជា​របស់​លោក ពង្ស ឈីវសែ (OCIC)