Friday, November 30, 2012

សុន្ទរកថា​ឯកឧត្តម​បណ្ឌិត​​សុភាចារ្យ សុខ អាន ក្នុងពិធី​​បើក​កិច្ច​​ប្រជុំ​មហា​​សន្និបាត​ EATOF និង​​វេទិ​កា​ទេសចរណ៍​​អន្តរ​​តំបន់​អាស៊ីបូព៌ា​លើក​ទី១២

សុន្ទរកថា
ឯកឧត្តមបណ្ឌិត​សុភាចារ្យ សុខ អាន ឧបនាយករដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រីទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី និង​ជា​តំណាង​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា ក្នុងពិធី​បើក​កិច្ច​ប្រជុំ​មហា​សន្និបាត​ EATOF និង​វេទិកា​ទេសចរណ៍​អន្តរ​តំបន់​អាស៊ីបូព៌ាលើកទី១២
 
 
‑ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
‑ ឯកឧត្តម ស៊ូ ភិរិន្ទ អភិបាល​ខេត្ត​សៀមរាប
‑ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ
        ជា​បថម តាង​នាម ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាច​ក្រ​កម្ពុជា ខ្ញុំ​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់​ប្រតិភូ​ទាំងអស់​មក​កាន់​ខេត្ត​សៀមរាប ​ ‑អង្គរ​ ដែលជារមណីយដ្ឋាន​បេតិកភ័ណ្ឌ​ពិភពលោក​ និង​ជា​ទីក្រុង​វប្បធម៌នៃ​អាស៊ី​បូព៌ា​ឆ្នាំ​២០១២​​។ ខ្ញុំ​មាន​បេតិសោមនស្សរីករាយ​ និង​កិត្តិយស​ចូលរួម​ពិធីបើក​មហា​សន្និបាត​ និង​វេទិការ​ទេសចរណ៍​អន្តរតំបន់​អាស៊ីបូព៌ា​លើកទី១២។ ក្នុង​ឱកាសនេះ ខ្ញុំ​សូម​សំដែង​នូវការ​កោត​សរសើរ​ដោយ​ស្មោះ​ ចំពោះគណៈកម្មាការ​អន្តរក្រសួង ពិសេស​មន្ត្រី​រាជការ​ខេត្ត​សៀម​រាប​ក្នុង​ការ​រៀប​ចំ​ព្រឹតិ្តការណ៍នេះ។ ខ្ញុំ​សូម​អរគុណ​ដោយ​ស្មោះ​ចំពោះ​ឯកឧត្តម​ អស់លោក លោក លោកស្រី ក្នុង​ការ​ចូលរួម​ដ៏សកម្ម​ក្នុងវេទិការនេះ។ ការ​ជួបជុំ​នេះគឺ​ប្រព្រឹត្តិទៅស្រប​ពេលដែល​យើង​ទាំងអស់​គ្នា​ជាប្រជាពលរដ្ឋ ​ខ្មែរ​មាន​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ​ដោយ​អតីត​ព្រះវរៈបីតាជាតិ​ខ្មែរ ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​រាជ​បីតា​ឯករាជ​ជាតិ បូរណភាព​ និង​ឯកភាព​ជាតិ​ខ្មែរ​ សោយ​ទីវង្គត្ស។
         ប្រធាន​បទ​នៃ​វេទិការនា​ថ្ងៃនេះ គឺ “អាស៊ីបូព៌ា​ធ្វើ​បសិដ្ឋកម្ម​ទេសចរណ៍​បៃតងប្រកបដោយ​ចិរភាព” ដែល ​ពិតជាមាន​សារៈសំខាន់ និងទាន់ពេលវេលា ដោយ​ឆ្លុះ​បញ្ចាំង​ពីបញ្ហា​នា​ពេល​បច្ចុប្បន្ន​នៃ​អត្ថ​ប្រយោជន៍​ក្នុង​ តំបន់​ក៏ដូច​ជា​សាកលលោក​ ជាពិសេសការ​ធ្វើ​ឲ្យ​​ប៉ះពាល់​អវិជ្ជ​មាន​​នៃ​វិស័យ​ទេសចរណ៍​មាន​កម្រិត​ អប្បបរិមា​ដល់​វប្បធម៌ សង្គម និង​បរិស្ថាន។ ការ​យល់​ដឹង​អំពី​ផលប៉ះពាល់​ទាំងនោះ​កំពុង​ត្រូវបាន​ពង្រីកសម្រាប់​ការ​ អភិវឌ្ឍន៍ប្រកបដោយ​ចិរភាព​។​ទេសចរណ៍បៃតង ក៏ជំរុញ​ ទ្រទ្រង់​ដល់​កិច្ច​អភិរក្ស​វប្បធម៌ និង​សុចរិតភាព​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ និង​រួម​ចំណែក ដល់​កិច្ចការពារ និង​អភិរក្ស​បេតិកភ័ណ្ឌ។ បន្ថែម​ពីលើ​នេះទៀត ការ​វាយ​តម្លៃ​នៃ​កត្តា​បរិស្ថាន និងវប្បធម៌ជាផ្នែក​សមាហរណកម្ម​នៃ​ទេសចរណ៍បៃតង គឺជា​ការផ្សព្វផ្សាយ​ការ​ប្រើ​ប្រាស់​ឡើង​វិញអត្ថ​ប្រយោជន៍​នៃ​ថាមពល​ ការអភិរក្ស​ទឹក និង​ការ​បង្កើត​កាលានុវត្តភាព​សេដ្ឋ​កិច្ច​ សម្រាប់​​សហគមន៍​មូលដ្ឋាន។ ការអភិរក្ស​ និង​ការ​ដាំដើមឈើ ពិសេស​ទស្សនទាន​ "ទេសចរម្នាក់ ដើមឈើមួយដើម”“ការដាំដើមឈើផ្តើម​ចេញ​ពីអ្នក” នឹង​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​ផ្សព្វផ្សាយ​ និង​ទ្រទ្រង់​ដល់​ទេសចរណ៍​បៃតង។ យើង​ក៏ជំរុញ​យុទ្ធនាការ​កាត់​បន្ថយ​ការ​ ប្រើប្រាស់​ថង់ប្លាស្ទីក​តាម​រូបមន្ត 3Rs (Reduce, Reuse, Recycle) “កាត់​បន្ថយ​ការ​ប្រើ​ប្រាស់ ប្រើប្រាស់​ឲ្យ​បាន​ច្រើន​ដង និង​កែច្នៃប្រើប្រាស់​ឡើងវិញ” និង​ប្តេជ្ញា​លប់​បំបាត់​ថង់​ប្លាស្ទីក​ហើរ​តាម​ខ្យល់​ឲ្យ​បាន​មុន​ ឆ្នាំ២០១៥ ដែល​នេះ​គឺជា​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ យើង​ខ្ញុំ។
         ប្រធាន​បទ​សម្រាប់​ពិភាក្សា និងការ​ជ្រើសរើស​ខេត្ត​សៀមរាប ជា​កន្លែង​សម្រាប់​កិច្ច​ប្រជុំ​នេះ គឺពិតជាសក្តិសម​ណាស់​ជា​ទីក្រុង​ដែល​ឡោមព័ទ្ធ​ដោយ​ធម្មជាតិ​ បរិស្ថាន​ដែល​គ្មាន​ការ​បំពុល​ និង​ជារមណីយដ្ឋាន​បេតិកភ័ណ្ឌវប្បធម៌ដ៏មាន​តម្លៃ​ជាប្រវត្តិសាស្ត្រ។ តាមរយៈ​ការ​រៀបចំ​ទទួល​ជាម្ចាស់​ផ្ទះ​នៃ​វេទិការ​ដ៏មាន​សារៈសំខាន់នេះ កម្ពុជា​មាន​កិត្តិយស​សូមយក​ឱកាស​នេះ​ដើម្បី​​​ជំរុញ​លើក​កម្ពស់កិត្យានុភាព ​ជាតិ​នៅ​លើ​ឆាកអន្តរជាតិបន្ថែមទៀត។
         ‑ ឯកឧត្តម អស់លោក លោកស្រី
         យើង​ពិតជាមាន​ភព្វសំណាង​ដោយ​ទទួល​នូវ​មរតក​បេតិកភ័ណ្ឌ​វប្បធម៌ ធម្មជាតិ និង​ប្រវត្តិសាស្ត្រ​ ជាពិសេស​ប្រាង្គប្រាសាទ​អង្គរ។ សម្រាប់​យើង​ជាប្រជាពលរដ្ឋ​ខ្មែរ អង្គរ​នៅតែជា​អត្តសញ្ញាណ និង​ដួងប្រលឹង​ដ៏សំខាន់​ ហើយ​នៅតែបន្ត​សារៈសំខាន់នេះ​ដល់​វប្បធម៌ និង​អរិយធម៌​ដ៏មហស្ចារ្យ​របស់​យើង។ ប្រាង្គ​ប្រាសាទអង្គរ​វត្ត​​ត្រូវ​បានរំលេចអំពី​សារៈសំខាន់នេះ​​​នៅ​លើ​​ ទង់ជាតិ។ គំនូរ​អង្គរ​វត្ត​ត្រូវបាន​គេ​ប្រទះ​ឃើញ​នៅ​គ្រប់​ទិសទី ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា រួម​ទាំង​អគារ​សាធារណៈ ការិយាល័យ និង​តាមគេហដ្ឋាន​របស់​ប្រជាពលរដ្ឋ។ កម្ពុជា​មាន​​រមណីយដ្ឋាន​​ទេសចរណ៍​ជាច្រើន​ដែល​សក្តិ​សម​សម្រាប់​ទេសចរណ៍​ វប្បធម៌។ កម្ពុជា​​ប្រកប​ដោយទាយជ្ជទាន​ដ៏សម្បូរបែបមាន​ការ​ទាក់ទាញ​ខាង​ធម្មជាតិ និង​បរិស្ថាន​ធម្មជាតិ​ដ៏ស្រស់ត្រកាលរួមមាន​ ព្រៃ ស្ទឹង​ ទន្លេ បឹង​បួរ ឆ្នេរ​សមុទ្រ​ខ្នាត​អន្តរជាតិ​ កោះ​ និង​សត្វ​ព្រៃ ជាពិសេស​សត្វ​ផ្សោតមេគង្គ​ដ៏កម្រ។ ប្រទេស​យើង​មាន​ប្រវត្តិ​យូរអង្វែង ប្រកបដោយ​វប្បធម៌ និង​អរិយធម៌ដ៏មហស្ចារ្យ។ បុព្វ​បុរស​ខ្មែរ​បាន​បន្សល់​ទុក​ឲ្យ​យើង​នូវ​បេតិកភ័ណ្ឌ​រូបីយ និង​អរូបីយ​ជាអាទិ៍ ប្រាង្គប្រាសាទ សិល្បៈ និង​របាំ​បុរាណ។ សម្បត្តិ​ទាំងនេះ កម្ពុជា​មាន​ឧត្តមភាព​ប្រៀបធៀប​ដ៏ខ្លាំង​ខ្លា​ក្នុង​វិស័យ​ទេសចរណ៍ដែល​បន្ត​ រីកត្រសំត្រសាយ និង​រួម​ចំណែក​ដល់​កិច្ច​អភិវ​ឌ្ឍន៍នៃ​ឧស្សាហកម្ម សេវាកម្ម។  ការ​ទាក់ទាញ​ខាង​វប្បធម៌ និង​ធម្មជាតិ​មាន​សណ្ឋាគារ​ខ្នាត​អន្តរជាតិធំៗ​ជាច្រើនចាប់ពីផ្កាយ៣ រហូតដល់​ផ្កាយ៥ (រួមមាន​ប្រមាណ ៤៥០​សណ្ឋាគារនៅទូទាំងប្រទេស និង​នៅដោយឡែក​នៅខេត្ត​សៀមរាបមានជាង ១០០​សណ្ឋាគារ) រមណីយដ្ឋាន​ ព្រម​ទាំង​នយោបាយ​បើក​ចំហរ​ជើង​មេឃ ដែល​ជា​នយោបាយ​ផ្តួច​ផ្តើម​ដោយ​សម្តេចតេជោនាយករដ្ឋ​មន្ត្រី​​​​​​​​​​​​​​​​ ​​​​ភ្ញៀវ​ទេសចរអន្តរជាតិ​ជាច្រើន​បាន​កើនឡើង​រហូត​ដល់​២,៨៨លាន​នាក់​ក្នុង​ ឆ្នាំ២០១១ ដែល​​​​​​​ឆ្នាំ​​​​១៩៩៣ យើង​ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ១១៨ ០០០ នាក់​តែ​ប៉ុណ្ណោះ។ ក្នងរយៈ​ពេល​​១០ខែ ឆ្នាំ២០១២នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិចំនួន ២,៨លាន​នាក់ក្នុង​កំណើន ២៣,៧% ក្នុង​នោះ​ខេត្ត​សៀមរាបទទួលបាន​ទេសចរ​អន្តរជាតិ​ចំនួន ១,៦ លាន​នាក់ ក្នុង​កំណើន ៥៧,៤%  ធៀប​រយៈពេល​ដូចគ្នា​ក្នុងឆ្នាំ២០១១។ យើង​រំពឹង​ទុកថា​នៅ​ក្នុង​ឆ្នាំ​២០១២​នេះ យើងទទួលបាន​ទេសចរ​ចំនួន ៣,៣លាន​នាក់ ក្នុង​នោះ​សៀមរាប​នឹងបានចំនួន​ប្រមាណ ២លាន​នាក់។ នៅ​ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១២នេះ យើង​នឹងប្រារព្ធ​ពិធីអបអរសាទរ​ការ​មក​ដល់​នៃ​ភ្ញៀវលើកទី២លាន​នាក់ មក​កាន់​ខេត្ត​សៀមរាប​តាម​ផ្លូវ​អាកាស។ ជាមួយ​នឹង​បេតិភ័ណ្ឌ​វប្បធម៌ ធម្មជាតិ​សម្បូរណ៍បែប​ អរិយធម៌ដ៏រុងរឿង ស្ថិរភាព​នយោបាយ សុខ​សន្តិភាព​ សុវត្ថិភាព​ទូទាំង​ប្រទេស យើង​រំពឹង​ថា​នឹងទទួលបាន​ទេសចរ​អន្តរជាតិប្រមាណ ៤,៥លាន​នាក់នៅឆ្នាំ២០១៥ និង​ប្រមាណ ៧លាន​នាក់​នៅឆ្នាំ២០២០ ក្នុង​នោះ​ខេត្ត​សៀមរាប​នឹង​ទទួលបាន​ប្រមាណ ៤លាននាក់។
         ទន្ទឹមនឹង​ចំនួន​ទេសចរ​ដែល​នឹង​មកដល់​ដ៏ច្រើន​នេះ រាជរដ្ឋាភិបាលកម្ពុជាបាន​រៀបចំ​ផែន​ការ​យុទ្ធសាស្ត្រ ពិសេស​ការពង្រីក​គោលដៅ​ទេសចរណ៍​ និង​ការ​ធ្វើ​ពិពិធកម្ម​ពីតំបន់​សៀមរាប​អង្គរទៅ​កាន់​តំបន់​បឹង​ទន្លេសាប ​តំបន់​ប្រាសាទ​ព្រះវិហារដែល​ជា​គោល​ដៅ​ទេសចរណ៍​​បេតិកភ័ណ្ឌ​ទី២​ តំបន់​អេកូ​ទេសចរណ៍​ និង​តំបន់​ឆ្នេរ​សមុទ្រដែល​​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​សមាជិក​ក្លិប​ ឆ្នេរ​សមុទ្រ​​ដ៏ស្អាត​បំផុត​លើ​ពិភព​លោក និង​ត្រូវ​បាន​ប្រសិទ្ធនាម​ថាជា “តារា​រះ​នា​ទិស​និរតី” ។ ម្យ៉ាង​ទៀត យើង​យក​ចិត្ត​ទុកដាក់​ខ្ពស់​ដល់​ការ​អភិវឌ្ឍ​បៃតង​ និង​ការ​រៀបចំ​សណ្តាប់​ធ្នាប់​ របៀបរៀបរយ និង​សោភ័ណ្ឌភាព​ទីក្រុង​ ទីប្រជុំ​ជន​នៅ​តំបន់​ទេសចរណ៍។ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញនូវយុទ្ធនាការ​ប្រលងប្រណាំង​ “ទីក្រុងស្អាត រមណីយដ្ឋាន​ស្អាត សេវាល្អ” ពិសេស​ការ​ដាក់​ចេញ​នូវ​ស្តង់ដារ​ទីក្រុង​ទេសចរណ៍​ស្អាត​កម្ពុជា​ ដែល​អាស៊ាន​បាន​យក​ជាគំរូ​ក្នុង​ការ​រៀបចំ​ស្តង់ដារ​ទីក្រុង​ទេសចរណ៍​ស្អាត​ អាស៊ាន។​ យើង​ក៏យក​ចិត្ត​ទុកដាក់​ផង​ដែរ​ក្នុង​ការ​រៀប​ចំ​ទីក្រុង​បៃតង “Eco-City” ដោយ​រៀបចំ​ឲ្យ​មាន​ផ្លូវ​ថ្មើរ​ជើង ផ្លូវ​ជិះ​កង់​ ការ​ប្រើ​បច្ចេក​វិទ្យា​បៃតង និងថាម​ពល​កកើត​ឡើង​វិញ​។
                   ‑ ឯកឧត្តម អស់លោក លោកស្រី
         វេទិការ​ទេសចរណ៍​អន្តរតំបន់​អាស៊ីបូព៌ាបាន​បង្កើត​កាលពី១២ឆ្នាំមុន ហើយ​គឺ​ជា​វេទិការ​មួយ​ដ៏សុក្រិត្យ​ដើម្បី​ពង្រឹង​ពង្រីក​កិច្ច​ សហប្រតិបត្តិការ​តំបន់ និង​ជំរុញ​ឲ្យ​មាន​សង្គហៈទៅវិញ​ទៅ​មកនៅ​ក្នុង​វិស័យ​ជាច្រើន​។ ក្នុង​ឆ្នាំ២០០៩ កម្ពុជា​បាន​ក្លាយ​ទៅជាសមាជិក​នៃ​វេទិការនេះ។ តាំងពីពេលនោះមក កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេសជាសមាជិក​ត្រូវបាន​ពង្រឹង និងពង្រីក​យ៉ាង​​ស៊ីជម្រៅ។ ក្នុង​ចំណោម​វិស័យ កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​សង្គម​ និង​អភិវឌ្ឍន៍ វិស័យ​ទេសចរណ៍បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការនាំ​ និងទំនាក់ទំនង​ពលរដ្ឋ​ និង​ពលរដ្ឋ ពីផ្នែក​ផ្សេងៗគ្នា​នៃពិភពលោក ។
         ដើម្បីពង្រឹង​ និងពង្រីក​ទំនាក់ទំនង​ កិច្ច​ខិត​ខំប្រឹងប្រែង និង​ការផ្តួចផ្តើម​បន្ថែម​ទៀត​ត្រូវ​តែជំរុញ​លើក​ទឹក​ចិត្ត​ ដើម្បី​រៀប​ចំវេទិការ​ទេសចរណ៍ និងព្រឹត្តិការណ៍វប្បធម៌ឲ្យ​បាន​ច្រើន​ថែម​ទៀត។ លើស​ពីនេះ​ទៀត គឺតម្រូវឲ្យមាន​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែខ្លាំងក្លាជាងមុន ដើម្បី​ការ​ពារ​ អភិរក្ស ​និង​ផ្សព្វផ្សាយ​អំពី​បេតិកភ័ណ្ឌ​វប្បធម៌រូបីយ និងអរូបីយ ក៏ដូចជា​ធានា​បាន​នូវ​ការ​អភិវឌ្ឍទេសចរណ៍ប្រកបដោយចិរភាព​។ វេទិការនេះ​ក៏ឆ្លុះបញ្ចាំង​ពីការ​ខិតខំប្រឹងប្រែង​ដោយ​​មិន​ខ្លាច​នឿយហត់ និងការ​ប្តេជ្ញាចិត្ត​ដ៏រឹងមាំរបស់​ប្រទេស​ដែល​ចូលរួម​ក្នុងការ​ជំរុញ​ អភិវឌ្ឍ​​ន៍ប្រកបដោយ​ចិរភាពនៃទេសចរណ៍​បៃតង។ ស្រប​ជាមួយ​គ្នានេះដែរ កិច្ច​ប្រជុំ​ពាក់ព័ន្ធ​ដូចជា​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​សន្និបាត​អភិបាល​ខេត្ត​ក៏ត្រូវបាន​ប្រព្រឹត្តិទៅសំដៅ​ទាញ​យក​ និង​បង្កើតយុទ្ធសាស្រ្ត​ដ៏សមរម្យ​ដើម្បី​ជំនះ​នូវ​បញ្ហា​ប្រឈមនានា​ក្នុង​ វិស័យ​ទេសចរណ៍​រៀងៗខ្លួនក្នុង​ទីផ្សារ​ទេសចរណ៍ប្រកបដោយការប្រកួត​ប្រជែង។
         ដោយ​មាន​វត្តមាន​នៃ​អ្នក​ជំនាញ​ក្នុង​វិស័យនេះ ខ្ញុំ​សង្ឃឹមថាព្រឹត្តិការណ៍​រយៈពេល​​ពីរថ្ងៃ​នេះ នឹង​មាន​គំនិត​ យោបល់ និង​បទ​ពិសោធន៍នានា​នៃ​ប្រទេសនិមួយៗ​នឹង​ត្រូវបាន​ផ្លាស់ប្តូរ និងចែករំលែង​ដើម្បីការពារ និងអភិរក្ស​រមណីយដ្ឋាន​វប្បធម៌ និងធម្មជាតិ ខណៈពេល​ដែល​កំពុង​ស្រូប​យក​អត្ថប្រយោជន៍​ពីវិស័យ​ទេសចរណ៍ សំដៅ​​ជំរុញ ទ្រទ្រង់ ការអភិវឌ្ឍសេដ្ឋកិច្ច​ប្រកបដោយចិរភាព។ ជាមួយ​គ្នានេះដែរ ខ្ញុំ​យល់​ឃើញថា វេទិការនេះ​នឹង​ពិភាក្សា​អំពី​ប្រធាន​បទ​ដែល​ពាក់ព័ន្ធ​ទៅនឹងការ​សម្រប​ សម្រួល​ការ​ធ្វើ​ដំណើរ​ក្នុងប្រទេស​ជាសមាជិក​  បសិដ្ឋកម្ម​នៃគុណភាព​ផលិត​ផល​ទេសចរណ៍ ជំរុញ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ក្នុង​សេវាកម្ម​ និង​វិនិយោគ​ទេសចរណ៍ក៏ដូចជា​កិច្ច​សហការ​ជិត​ស្និត​ក្នុង​វិស័យ​ទេសចរណ៍​តាម ​រយៈសកម្ម​ភាព​រួម​គ្នា​។
​         ដើម្បីទទួល​បាន​នូវ​សមិទ្ធិផលនេះតម្រូវ​ឲ្យមាន​ការ​ចូលរួម​ពីវិស័យ​ ផ្សេងៗដូចជា ការ​គ្រប់គ្រង​សម្បទា​ និង​ធនធាន​។ សហគមន៍​មូលដ្ឋាន​អាច​រួមចំណែក​ដោយ​ក្លាយ​​ទៅជាម្ចាស់​នៃ​សម្បទាបៃតងដោយ​ ខ្លួន​ឯង។ ភាគីពាក់ព័ន្ធ ​រដ្ឋាភិបាល ផ្នែក​ឯកជន​ សង្គម​ស៊ីវិល យុវជន គួរ​ធ្វើ​ការ​ឲ្យ​បាន​ជិត​ស្និត​ជាមួយ​គ្នា​ថែមទៀត ដើម្បី​ធានាបាន​នូវ​តុល្យភាព​មួយ​ដ៏ត្រឹមត្រូវរវាង​កិច្ច​អភិរក្ស​ លទ្ធភាព​ទទួល ​ និង​កាលានុវត្តភាពធុរកិច្ច។
         ‑ ឯកឧត្តម អស់លោក លោកស្រី
         តាង​នាមឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ជាថ្មីម្តងទៀត ​ខ្ញុំ​សូម​សំដែង​អំណរគុណ​ចំពោះ​គណៈកម្មាធិការ​អន្តរក្រសួង​រៀបចំវេទិការ​ ដ៏មានសារៈសំខាន់នេះ។ ខ្ញុំ​សូម​ជំរុញ​ឲ្យ​អ្នក​ចូលរួម​ជាតិ និង​អន្តរជាតិ​ព្រម​ទាំង​អ្នក​ជំនាញ​ការ​ធ្វើ​ការ​ផ្លាស់ប្តូរ​គំនិត​ និង​បទពិសោធន៍។​ ការ​ស្រាវ​ជ្រាវ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្សព្វផ្សាយ​ទេសចរណ៍បៃតង​ប្រកបដោយ​ ចិរភាព ​ត្រូវ​បាន​ជំរុញ​លើក​ទឹកចិត្ត​ជាពិសេស ដោយ​ត្រូវ​បាន​​បោះពុម្ភផ្សាយ​នៅក្នុង​កំណត់ត្រាទនានុប្បវត្ត​ជំនាញ​សម្រាប់ ​អ្នក​​សិក្សា។ ក្នុង​ន័យនេះ យើង​សូម​ស្វាគមន៍ចំពោះ​ការ​បង្កើត​ឲ្យ​មាន​មជ្ឈម​ណ្ឌល​ស្រាវជ្រាវ​ និង​អប់រំ EATOF ។
         ខ្ញុំសូម​ ​ឯកឧត្តម អស់លោក លោកស្រី យក​ចិត្ត​ទុកដាក់​ពិភាក្សា​ប្រកបដោយ​ផ្លែផ្កា និង​សូម​រីករាយ​ស្នាក់​នៅ​ក្នុង​ខេត្ត​សៀមរាប ដែល​ជាទីក្រុងសម្បូរណ៍ទៅដោយ​បេតិកភ័ណ្ឌ​វប្បធម៌ និង​​ធម្មជាតិ។ កម្ពុជា​ជាពិសេស​ខេត្ត​សៀមរាប នឹង​មាន​ឱកាស​ស្វាគមន៍ឯកឧត្តម អស់លោក លោកស្រី ជា​ថ្មី​ទៀតនៅពេល​អនាគត​ដ៏ខ្លីខាងមុខនេះ។
            ខ្ញុំ​សូម​ប្រកាស​បើក​វេទិការ​ទេសចរណ៍​អន្តរតំបន់​អាស៊ីបូព៌ា និង​មហា​សន្និបាត​ទេសចរ​ណ៍​​អន្តរតំបន់​អាស៊ីបូព៌ាលើកទី១២​ចាប់ពីពេលនេះតទៅ!
         សូមអរគុណ!