Monday, December 3, 2012

កុមារ​ខេត្ត​ព្រះសីហនុ​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ពី​​ភូមិ​កុមារ​អរុណ​រះ ទី៣


​សម្តេច​​អគ្គ​មហា​សេនា​បតី​​តេជោ ហ៊ុន សែន នាព្រឹក​ថ្ងៃទី១ ខែ​ធ្នូ​ ឆ្នាំ២០១២ បាន​កោត​សរសើរ និងស្វាគមន៍​ចំពោះ​អង្គការ​ភូមិ​កុមារ​អរុណ​រះ ដែលបានរួម​ សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​រយៈពេល​ជាច្រើនឆ្នាំ ក្នុង​ការ​ថែរក្សា និង​អប់រំកុមារ​កំព្រា ទទួល​បាន​លទ្ធផល​គួរ​ជាទី​ពេញចិត្ត។
​ក្នុង​ពិធី​សម្ពោធ​ភូមិ​កុមារ​អរុណ​រះ​ ទី៣ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ​ សម្តេចតេ​ជោ​នាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា ខ្ញុំ​មានការ​សប្បាយរីករាយ ដែល​យើង​ទាំង​អស់​គ្នា​កំ ពុង​​តែ​ធ្វើ​នូវ​សកម្មភាព​មួយ​ដែល​ចិត្តសប្បុរស​របស់​យើង​គ្មាន​ព្រំដែន​កំណត់ ​ មិន​កម្រិត​នៅក្នុង​ជាតិ​សា​ស​​ន៍​នីមួយៗ ​និង​មិន​កំណត់​នៅ​ក្នុង​តំបន់​ណាមួយ​នោះ​ទេ។ ទាក់​ទង​នឹងភូមិ​កុមារ​អរុណ​រះ ដែល​កសាង​ឡើង​ក្រោម​ជំនួយ​របស់​ប្រជា​ពលរដ្ឋ​អូស្ត្រាលី សម្តេច​តេ​ជោ​ថ្លែង​ថា ចិត្តសប្បុរ​សធម៌​​បាន​លាត​តាំងពី​អូស្ត្រាលី​រហូត​មក​ដល់​កម្ពុជា  ហើយ​មកដល់​កម្ពុជា​ក៏​អត់​បាន​បែងចែក និង​រើសអើង​ថា​ ជា​អ្នកណា​នោះ​ទេ ប៉ុន្តែ​គ្រាន់តែ​ស្ថិត​នៅ​ក្រោម​​លក្ខខណ្ឌ​វិនិច្ឆ័យ​ជា​ក្រុម​ជន​ងាយ​រងគ្រោះ ដែល​មាន​កុមារ​កំព្រា និង​កុមារ​ដែល​ផ្ទុក​មេរោគ​ជាដើម​ ពួកគេ​ត្រូវការ​ការសង្គ្រោះ​នេះ​​តែ​ម្តង។
សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​ថា ខ្ញុំ​ពិតជា​មាន​មោទន​ភាព​ដែល​យើង​បាន​ធ្វើ​​ការ​រួមគ្នាបែបនេះ នៅ​ក្នុង​ទឹកចិត្ត​ដ៏​សប្បុរស សម្រាប់​ប្រជាជន​របស់​យើង។ ពិតមែន​ហើយ សង្គ្រាម​បាន​បន្សល់ ទុក​ឲ្យ​យើង​មាន​កុមារ​កំព្រា​ជាច្រើន ក៏ប៉ុន្តែ​កុមារ​កំព្រា​ដែល​សល់​ពី​របប ប៉ុល ពត នោះ​ឥឡូវ​ពួកគេ អាយុ​មិន​តិច​ជាង៣៣ឆ្នាំ​ទេ ប៉ុន្តែ​យើង​មិន​ត្រូវ​ភ្លេច​ថា បញ្ហា​​ប្រ​ឈម​​របស់​យើង​នៅ​មាន​​ច្រើន​ណាស់។ កុមារ​មួយ​ចំនួន​ក៏​ត្រូវ​រងគ្រោះ​ដោយសារ បាត់​បង់​ឪ​ពុក​​ម្តាយ តាមរយៈ​ហេតុ​ការ​នេះ ហេតុការណ៍​នោះ ហើយ​ក្នុងនោះ​​ក៏​មាន​កុមារ​ក្រីក្រ​​មួយ​ចំនួន​អំពាវនាវ​ឲ្យ​យើង​ជួយសង្គ្រោះ​សម្រាប់​ពួកគេ។
សម្តេច​តេ​ជោ​​មានប្រសាសន៍​ថា សកម្ម​ភាព​​ដែល​ភូមិ​កុមារ​អរុណ​រះ​បាន​ធ្វើ​នេះ ជា​ការ​ឆ្លើ​យ​តប​​មួយ​ចំពោះ​ជីវិត ចំពោះ​ការ​សង្ឃឹម ការ​ចង់​បាន​របស់​កុមារ​ទាំងឡាយ ហើយ​ជា​ការ​សម្រាល​​ការ​លំបាក​របស់​អាណា​ព្យាបាល ឬ​រហូត​ទៅដល់​ការ​សម្រាល​ការ​លំបាក​របស់​រាជ​រ​ដ្ឋា​ភិ​បាល​ទៀត​ផង ដែល​ខ្ញុំ​គិត​ថា យើង​មិន​អាច​វាស់​​ស្ទង់​បាន​នូវ​ជម្រើស​នៃ​ចិត្តសប្បុរស​ទាំងឡាយ ដែល​ប្រិយមិត្ត​ជនបរទេស​ក្តី ខ្មែរ​ក្នុងស្រុក​ក្តី ក៏​បាន​រួម​​វិភាគទាន​ដើម្បី​ធ្វើ​កិច្ចការ​ងារ​​នេះ។
សម្តេច​​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា ឥឡូវនេះ​ភូមិ​កុមារ​អរុណ​រះ​ទាំង៣ បាន​ក្លាយ ទៅជា​ជម្រក​ដ៏​កក់​ក្តៅ​សម្រាប់​កុមារ​ទាំងឡាយ ដែល​ពួកគេ​កំពុង​ត្រូវការ ហើយ​ខ្ញុំ​ពិតជា​មាន​មោទនៈ​ភាព​ជាមួយ​នឹង​កិច្ចការ​ទាំងអស់​ដែល​ជា​ចិត្តសប្បុរស​កើត​ចេញ​ពី​អ្នក​ជួយឧបត្ថម្ភ។
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិ​សម្បទា​មាន​ប្រ សាសន៍​ថា ភូមិ​កុមារ​អរុណរះ​ទី៣ ដែល​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ពេល​នេះ ត្រូវ​បាន​សាងសង់​លើ​ផ្ទៃដី​ទំហំ៥ ហិកតា មាន​អគារ​សរុប​ចំនួន២១ អគារ ក្នុង​នោះ​អគារ​ស្នាក់នៅ​សំរាប់​កុមារ និង​អ្នក​ថែទាំ​ចំនួន១២ អគារ​ផ្ទះបាយ និង​កន្លែង​ទទួលទាន​អាហារ​មាន៤ អគារ​មណ្ឌល​សុខភាព ដែល​មាន​បន្ទប់​ព្យាបាល​ធ្មេញ និង​បន្ទប់​ព្យាបាល​ទូទៅ​មាន១ អគារ ថ្នាក់​រៀន​ភាសា​អង់​គ្លេស បណ្ណាល័យ និង​កុំព្យូទ័រ​មាន២ អាគារ​ស្មើនឹង៥ បន្ទប់ សាល​របាំ និង​តន្ត្រី​មាន១ អគារ ការិយា​ល័យ និង​ឃ្លាំង​មាន១ អគារ និង​មាន​ទីលាន​បាល់ទាត់ បាលទះ បាល​បោះ ទីលាន​កំសាន្ត​សំរាប់​កុមារ ធ្វើ​របង​ព័ទ្ធ​​ជុំវិញ និង​ត​បណ្តាញ​អគ្គិសនី​ពី ផ្លូវជាតិ​ចូល​មក​កាន់​ភូមិ​កុមារ អរុណរះ​មាន​ចម្ងាយ១ គីឡូម៉ែត្រ រួម​ទាំង​បំពាក់​បរិក្ខារ គ្រឿង​សង្ហា​រឹម ចំណាយ​អស់​ថវិកា​សរុប២ ២៤១ ៤៦៩ ដុល្លារ​អាមេរិក ដោយ​មិន​គិត​ការ​​ផ្តល់​ដី​ទំហំ៥ ហិកតា ដោយ​សម្តេច​តេ​ជោ និង​លោក​ជំទាវកិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុង​នោះ​ថវិកា​របស់​ក្រុមហ៊ុន​កុំព្យូទ័រ​ស៊ែរ​ជាង ១,៣ លាន​ដុល្លារ​អាមេរិក។
ឯកឧត្តម​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បន្ត​ថា ភូមិ​កុមារ​អរុណរះ​ទី​៣ នេះ មាន​លទ្ធភាព​ទទួល​កុមារ ២០០ នាក់​ជា​កុមារ​ងាយ​រងគ្រោះ​ដោយ​ជម្ងឺ​អេដស៍។ បច្ចុប្បន្ន​មាន​កុមារ​ស្នាក់នៅ​ចំនួន៤៥ នាក់ និង​បុគ្គលិក​២១​នាក់។
លោកស្រី ហ្សេ​រ៉​ល​ឌី​ន ខុ​ក្ស ស្ថាប​និក និង​ជា​នាយិកា​ប្រចាំ​ប្រទេស​​របស់​ភូមិ​កុមារ​អរុណរះ​មូលនិធិ​អូស្ត្រាលី-កម្ពុជា មាន​ប្រសាសន៍​ថា ភូមិ​កុមារ​អរុណរះ និង​ក្រុមហ៊ុន​កុំព្យូទ័រ​ស៊ែរ មាន​គោលបំណង និង​ការ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុង​ការ​ជួយ​ដល់​កុមារ​ដែល​ងាយ​រងគ្រោះ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​កុមារ​ដែល​រងគ្រោះ​ពី​មេរោគ​អេដស៍ ជំ​ងឺ​អេដស៍ ដែល​កុមារ​ទាំងនោះ​គឺជា​ក្រុម​មនុស្ស​គ្មាន​កំហុស​ទាល់តែសោះ​ក្នុង​ពិភពលោក​យើង​នេះ ហើយ​ពួកគេ​គួរ​តែ​ទទួល​នូវ​អ្វី​គ្រប់​យ៉ាង ដែល​យើង​អាចជួយ​ផ្តល់​ជូន​ពួកគេ​បាន។ លោកស្រី​ប្រធាន​ស្ថាបនិក​មានប្រសាសន៍​បន្ត​ថា ក្រៅពី​ការ​ផ្តល់​សេវា​ថែទាំ និង​ការ​ព្យាបាល​ដ៏​ល្អ​បំផុត​សម្រាប់​កុមារ​នៅ​ក្នុង​ភូមិ​កុមារ​អរុណរះ យើង​ក៏​នឹង​ផ្តល់​ការថែទាំ និងព្យាបាលជំងឺ​មាត់​ធ្មេញ និង​ការថែទាំ​សុខ​ភាព​​ទូទៅ ជូន​ដល់​កុមារ និង​ប្រជា​ពលរដ្ឋ ដែល​រស់នៅ​ជុំវិញមជ្ឈមណ្ឌល ជាមួយ​គ្នា​នេះ​កុមារ​នៅ​ក្នុង​សហគមន៍​ក៏​នឹង​ទទួល​បាន​ផលប្រយោជន៍​ពី​គំរោង​ថ្មី​នេះ ដោយ​ពួកគេ​នឹង​បាន​ចូល​រៀន​ភាសា​អង់​គ្លេស តន្ត្រី និង​របាំ​បុរាណ​ខ្មែរ កុំព្យូទ័រ កីឡា និង​សិល្បៈ។
សូម​បញ្ជាក់​ថា ភូមិ​កុមារ​អរុណ​រះ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ​កញ្ញា​ ឆ្នាំ១៩៩៣ ដោយ​លោកស្រី ហ្សេ​រ៉​ល​ឌី​ន ខុ​ក្ស ដែល​មាន​លោក ច​ន រី​ឆាត ច​ច ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មូលនិធិ​អូ​ស្រា្ត​លី-កម្ពុជា ​ប្រចាំប្រទេស​អូស្ត្រាលី ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ​មិន​យក​កម្រៃ មិន​ប្រកាន់​សាសនា និង​​នយោ​បាយ ដែល​មាន​ការិយាល័យ​នៅ​ទីក្រុង Adelaide South Australia និង ​បាន​ចុះបញ្ជី​ជាមួយ​និង​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​រួម និង​ចុះ​កិច្ចព្រមព្រៀង​ជា​មួយ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា កាលពី​ខែ​​កុម្ភៈ ​ឆ្នាំ១៩៩៨។ បេសក​កម្ម​របស់​មូល​និ​ធិ​អូស្ត្រាលី-កម្ពុជា គឺផ្តល់​ការថែទាំ ការ​ការពារ ការអប់រំ​និង​ការ​អភិវឌ្ឍ​រាងកាយ និង​បញ្ញា​ស្មារតី​ដល់​កុមារ​កំព្រា​កុមារ​ដែល​គេ​បោះ​បង់​ចោល កុមារ​ត្រូវ​គេ​ជួញដូរ ដើម្បី​ប្រែក្លាយ​កុមារ​ទាំងនោះ​ទៅជា​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ និងពលរដ្ឋ​ល្អ​របស់​សង្គម​ជាតិ។