Monday, December 3, 2012

២ធ្នូ ១៩៧៨ ដើម​ចម​នៃការ​រស់​រាន​មានជីវិត និង​បញ្ចប់​សង្គ្រាម​រ៉ាំរ៉ៃ



សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​បញ្ជាក់​ឡើង​វិញ​ថា បើ​អត់​ មាន​ ២ធ្នូ ១៩៧៨ វាក៏​អត់​មាន ៧មករា ១៩៧៩ ដែរ បើ​គ្មាន​ ៧មករា ១៩៧៩ ទេ វា​ក៏​អត់​មាន​ ២ធ្នូ ១៩៨៧ ហ្វែរអង់តាដឺន័រ សីហនុ-សែន ដែរ ហើយ​ក៏​អត់​មាន ២៣តុលា ១៩៩១ ដែរ។
នៅ​ក្នុង​ឱកាស​អញ្ជើញ​ចុះ​ចែកប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​នៅ​ភូមិ​ស្វាយ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃ​ទី២ ខែធ្នូ ឆ្នាំ២០១២ ដែល​ត្រូវ​នឹង​ថ្ងៃ​ខួប​លើក​ទី៣៤ឆ្នាំ នៃថ្ងៃ​បង្កើត​រណសិរ្សសាមគ្គី​សង្គ្រោះ​ជាតិកម្ពុជា ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ថ្ងៃ​ប្រវត្តិ​សាស្ត្រ​នៃការ​ចាប់​ផ្តើម​រំដោះប្រទេស​ចេញ​ពី​របប​ប៉ុលពត សម្តេចតេជោ​មាន​ប្រសាសន៍​ឲ្យ​ដឹងថា សម្រាប់​២ធ្នូ​នេះ​មាន​បីចំណុច មួយបង្កើត​រណសិរ្ស​សាមគ្គីសង្គ្រោះ​ជាតិ​កម្ពុជា ដែល​ពេល​នោះ ៣៤ឆ្នាំ​មុន ខ្ញុំ​កំពុង​ស្ថិត​នៅ​ជាមួយ​ថ្នាក់​ដទៃ​ទៀតនៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ។ ២ធ្នូ មួយ​ទៀត គឺ​ខួប​លើក​ទី​២៥ នៃ​ការ​ចរចា​ស្វែង​រកសន្តិភាព​រវាង​សម្តេច​ព្រះ​នរោត្តម សីហនុ និង​ខ្ញុំ ដែល​ហៅ​ថា ជំនួប​ហ៊ុន សែន-សីហនុ ហ្វែរអង់តាដឺន័រ ២ធ្នូ ១៩៨៧។ ២ធ្នូ ១៩៩៨ ជា​ថ្ងៃ​ប្រជុំ​គណៈរដ្ឋមន្ត្រី​លើក​ដំបូង​របស់​រាជរដ្ឋាភិបាល​ នីតិកាល​ទី​២ នៃ​រដ្ឋ​សភា ដែល​ពេល​នោះ​បាន​ដាក់​ចេញ​នូវ​មុំ​ទី​១ នៃ​យុទ្ធ​សាស្ត្រ​ត្រីកោណ ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​សន្តិភាវូបនីយកម្ម​ក្នុង​ប្រទេស​ ដែល​នាំ​ឆ្ពោះ​ទៅ​ដល់​ការ​រលំរលាយ​អង្គការ​ចាត់​តាំង​យោធា របស់​ខ្មែរក្រហម​ទាំង​ស្រុង បន្ទាប់​ពី​បាន​ធ្វើ​សមា​ហ​រ​ណកម្ម​នៅ​ក្នុង​តំបន់​ទាំង​ឡាយ និង​ឲ្យ​មាន​ការ​បោះ​ឆ្នោត​នៅ​ទីតាំង​ចុងក្រោយ​របស់​ខ្មែរ​ក្រ​ហម​​នៅ​អន្លង់វែង ឆ្នាំ១៩៩៨។
ទាក់​ទង​នឹង​ការ​ដួល​រលំ​អង្គការ​ចាត់​តាំង​យោធារបស់​ខ្មែរក្រហម សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​ថា ឥឡូវ​តើ​មាន​នរណា​មក​អះអាង​លើ​បញ្ហា​ហ្នឹង​ថា យក​ឈ្នះ​ប៉ុលពត​បាន​ដោយ​គ្រាន់​តែ​ធ្វើ​ការ​គាប​សង្កត់​ពី​ខាង​ក្រៅ ហើយ​នឹង​ប្រើ​មធ្យោបាយ​ការ​ទូត តែ​អាពត​ដេញ​ប្រជា​ជនចេញ​ពី​ទីក្រុង​ហើយ តើ​នរណា​ធ្វើ​អ្វី​កើត?។ តើ​អ្នក​ណា​អាច​អះអាង​បាន​ពី​បញ្ហា​នេះ?។
សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ព្រះករុណា ព្រះ​អង្គ​ លោក​បាន​ទទួល​ស្គាល់​នៅ​ពេល​ចរចា​ជាមួយ​ខ្ញុំថា “ឯកឧត្តម កុំ​តែ​មាន​កង​ទ័ព​ឯក​ឧត្តម និង​មាន​កង​ទ័ព​វៀតណាម​មក​រំដោះ​ខ្ញុំ ខ្ញុំ​ក៏​ស្លាប់​ដែរ”។
ទាក់​ទង​នឹងការ​ដួល​រលំ​របប​ប៉ុល​ពត​នេះ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ថា បើ​សិន​ជា​យើង​កុំ​រំដោះ​ទាន់ តើ​ប៉ុលពតវា​ទុកជីវិត​យើង​ទេ? ឯខ្លួន​ខ្ញុំ​ពិត​មែន​តែទៅ​កសាង​ទ័ព តែ​មិន​ប្រាកដ​ថា ខ្ញុំ​រស់​ទេ។ ដូច្នោះ តួអង្គ​ពីរ​ដែល​ធ្វើ​ការ​ចរចា​នៅ​២៥ឆ្នាំ​មុន​នេះ គឺ​សម្តេច​ព្រះ​នរោត្តម សីហនុ ដែល​ព្រះ​អង្គ​សោយ​ទិវង្គត់ ហើយ​យើង​កំពុង​ចូល​រួម​កាន់​មរណទុក្ខ​ ដែល​ព្រះ​នាម​ព្រះ​អង្គត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ ដោយ​ព្រះរាជក្រឹត្យ គឺព្រះ​បរម​រតន​កោដ្ឋ។
សម្តេច​តេជោ​សែន​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ​​“បើ​គ្មាន​ ២ធ្នូ ១៩៧៨ វាក៏​អត់​មាន ៧មករា ១៩៧៩ ដែរ បើ​គ្មាន​ ៧មករា ១៩៧៩ ទេ វា​ក៏​អត់​មាន​ ២ធ្នូ ១៩៨៧ ហ្វែរអង់តាដឺន័រ សីហនុ-សែន ដែរ ហើយ​ក៏​អត់​មាន ២៣តុលា ១៩៩១ ដែរ”។ កុំ​នរណា​មក​​អះអាង​ ព្រោះ​មាន​សាក្សី​រស់ ដូច​ជា ឯកឧត្តម​ អៀង មូលី ឯកឧត្តម​ទេសរដ្ឋ​មន្ត្រី អ៊ឹម ឈុន​លឹម សុទ្ធ​តែ​ជា​អ្នក​បាន​ចូល​រួម​ចរចា ហើយ​ជា​សាក្សី​នៃ​ការ​ចុះ​ហត្ថលេខាលើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ប៉ុន្តែ​មាន​អ្នក​ខ្លះ​អះអាង​ដូច​ជា របស់​កម្ម​សិទ្ធិ​របស់​ខ្លួន​អញ្ចឹង លុះ​ដល់​ទៅ​ពិនិត្យ​លើ​ហត្ថលេខីដូច​ជា​អត់​មាន​មុខ​ទៅ​វិញ!។
សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កិច្ច​ព្រម​ព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃ​ទី​២៣​តុលា នៅ​ពេល​នោះ មិន​ទាន់​មានការ​ឯកភាព​គ្នា​ចំណុច​មួយ។ បញ្ហា​នេះ​សម្តេច​​តេជោ​បាន​បញ្ជាក់​ថា មាន​អ្នក​ដឹង​បាន​ដឹង អ្នក​មិន​ដឹង​នៅ​តែ​មិន​ដឹង​រហូត​ហ្នឹង​ក្នុង​មួយ​ជីវិត​របស់​គេ ទោះ​បី​ជា​ពន្យល់​យ៉ាង​ដូម្តេច ក៏​នៅ​តែ​មិន​ដឹង​ដែរ។ ជួន​កាល​ពន្យល់​រហូត​ដល់​៥​ម៉ោង ២០នាទី ទៅ​ហើយ ក៏​នៅ​តែ​អត់​យល់​ដែរ។
សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ពន្យល់ថា បញ្ហា​ដែល​មិន​ទាន់​ឯក​ភាព​លើ​ចំណុច​មួយ​រហូត​ដល់​មានការ​ឯក​ភាព​ពី​ព្រះ​ករុណា ដែល​ព្រះ​អង្គ​ជា​ប្រធាន SNC ពេញ​ច្បាប់ បន្ទាប់​ពី​ប្រជុំ​នៅ​ទីក្រុង​ប៉េកាំង ព្រះ​ករុណា ឯក​ភាព​ភ្លាម។ នោះ​ហើយដែល​ខ្ញុំ​ហៅ​ថា “នំ​របស់​ហ៊ុនសែន ផ្ញើ​តាម​អ្នក​ដទៃ​មក​ឲ្យ​ហ៊ុនសែន ទទួល​វិញ”។ ព្រោះ​ខ្មែរក្រហម​ខៀវ សំផន អ្វី​ដែល​ខ្ញុំ​បាន​លើក​ភ្លាម​ គឺ​ជំទាស់​តែម្តង ប៉ុន្តែ​ឲ្យ​តែ​ព្រះ​ករុណា​ ព្រះ​អង្គ​លើក​ គឺ​អត់​ហ៊ាន​ទេ។ នៅ​ពេល​អង្គ​ប្រជុំ​រុញ​រឿង​នោះ បារាំង​ទូល​ព្រះ​ករុណា ព្រះ​ករុណា​មាន​បន្ទូល​ថា ប្រទេស​ធំៗ​គេ​យល់​ថា ចង់​រំសាយ​ ៧០% នៃ​កង​ទ័ព​ គេ​អាច​ទទួល​យក​បាន​។ កាលណោះ​ ខ្ញុំ​លើក​ដៃភ្លាម ទូល​បង្គំ​សូម​គាំទ្រហើយ ពេល​នោះ​គាំទ្រ​តែ​ទាំង​អស់​ ទី​បំផុត​នំ​របស់​ហ៊ុន​សែន​សោះ។ បញ្ហា​នេះ​សម្តេច​តេជោ​បាន​បញ្ជាក់​ថា អញ្ចឹង​អ្នកបាន​ដឹងទើប​ដឹង អ្នក​ដែល​មិន​ដឹង​នៅ​តែ​មិន​ដឹង​រហូត​ហ្នឹង រួច​ហើយ​នៅ​តែ​អះអាង​អញ្ចេះ អញ្ចោះ ប្រវត្តិ​គឺ​វា​ដូច្នេះ…។
ទាក់​ទង​នឹង​ថ្ងៃ​ខួប​លើក​ទី៣៤ឆ្នាំ នៃ​កំណើត​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​ឈាន​មក​រំដោះ​ជាតិ​នៅ​ថ្ងៃ៧មករា ១៩៧៩ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា តាម​រយៈ​ការ​រស់​រាន​មានជីវិត​នៃ​ថ្ងៃ​៧មករា ដែល​ចាប់​ផ្តើម​ពី ២ធ្នូ ១៩៧៨ នោះ​ហើយ ទើប​នាំ​មក​នូវ​ការ​រស់​រាន​ទាំង​សម្តេច​ព្រះនរោត្តម សីហនុ ទាំង​ហ៊ុន​សែន មក​ចរចា ២ធ្នូ ១៩៨៧ ទើប​ចេញ​មក​២៣​តុលា ១៩៩១ សូម​ពិនិត្យ​មើល​ក្នុង​ការ​ចុះ​ហត្ថលេខា​មាន​អ្នក​ណា​ខ្លះ?។ ១៤ឆ្នាំ​មុន ថ្ងៃ​នេះ​ដែរ ពេល​វេលា​នេះ គឺ​ជា​វេលា​ប្រជុំ​កំពុង​និយាយ​ពី​បញ្ហា​យុទ្ធ​សាស្ត្រ​ត្រីកោណមុំ​ទី​១ នៃ​យុទ្ធ​សាស្ត្រ​ត្រីកោណ គឺ​ការ​ធ្វើ​សន្តិភាពវូបនីយកម្ម​ផ្ទៃ​ក្នុង​ប្រទេស បញ្ចប់​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ឆ្នាំ​១៩៩៩ ​ដែល​​ចាប់​ផ្តើមដោយ​នយោបាយ​ឈ្នះឈ្នះ។
ទាក់​ទង​នឹង​បណ្តឹង​របស់​លោក​សួង សុភ័ណ្ឌ ប្រធាន​ចលនា​យុវជន​គណបក្ស​សមរង្ស៊ី សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍ឲ្យ​ដឹង​ថា សម្តេច​នឹង​ប្រើ​សិទ្ធិជា​ប្រជា​ពល​រដ្ឋម្នាក់​ដើម្បី​ធ្វើការ​ការពារ​ខ្លួន។ 
សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​មាន​ប្រសាសន៍​ថា ខ្ញុំ​ជាពល​រដ្ឋ​ម្នាក់ ដូច្នេះ​បើសិន​មិន​អាច​រក​ឃើញ​កំហុស​របស់​ខ្ញុំៗ​មាន​សិទ្ធិ​ប្តឹង​បក ដែល​ករណី​នេះ​ជា​ការ​ចាំ​បាច់ ដើម្បី​ការពារ​កិត្តិយស​សេច​ក្តី​ថ្លៃថ្នូរ​របស់​ខ្លួន​ខ្ញុំ​ផ្ទាល់​ផង និង​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ​របស់​រាជរដ្ឋា​ភិបាល​ផង​ដែរ ហើយ​ពេល​នោះ​កុំ​និយាយ​ថា គាប​សង្កត់​ខាង​នយោ​បាយ​នោះ។
សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​បាន​មាន​ប្រសសន៍​ពន្យល់​ថា ឥឡូវ​វាច្បាស់​ណា​ស់ថា នយោ​បា​យ​​នៅ​កម្ពុជា​គ្មាន​ការ​គាបសង្កត់​អ្វី​ទាំង​អស់ ព្រោះ​សូម្បី​តែ​យុវជន​អាយុ​ជាង ២០​ឆ្នាំ​ម្នាក់​ដែល​ជា​ប្រធាន​យុវជ​ន​គណបក្ស​នយោ​បាយ​មួយប្តឹង​នាយករដ្ឋ​មន្រ្តី​របស់​ប្រទេស​បាន តើ​សិទ្ធិ​ប៉ុណ្ណា​ទៀត​យុវជន​របស់​យើង​វា​ច្រើន​ណាស់​ទៅ​ហើយ។ សម្តេចតេជោ​នាយក​រដ្ឋ​មន្រ្តី​ថ្លែង​ថា ប៉ុន្តែ​សិទ្ធិ​របស់​អ្នក​ក៏ត្រូវ​ទៅ​ទល់ជា​មួយ​សិទ្ធិ​របស់​អ្នក​ដទៃ​ដែរ។ សម្តេច​តេជោ​ថ្លែង​ថា ខ្ញុំ​មិន​និយា​យ​អ្វីទេ​កុំឲ្យ​ប៉ះ​ពាល់​ឯករាជភាព​របស់​តុលាការ ខ្ញុំ​ទុក​ឲ្យ​តុលាការ​ដោះ​ស្រាយ​រឿង​នេះ ព្រោះ​គេ​បានប្តឹងខ្ញុំ ប្តឹង​សម្តេច​ចៅហ្វាវាំង គង់ សំអុល ប្តឹង​លោក កែប ជុតិមា និង​ប្តឹង​លោក ទូច ណារ័ត្ន អំពី​អ្នក​ដែល​រត់​ជាន់គ្នា​នៅលើ​កោះ​ពេជ្រ ដែល​គេ​ចោទ​ថា ជា​ឃាត​កម្ម​គិត​ទុក​ជា​មុន។
សម្តេច​តេជោ​មាន​ប្រសាសន៍​ថា ទុក​ឲ្យ​តុលាការ​ចុះ ប៉ុន្តែ​ខ្ញុំ​រក្សា​សិទ្ធិ​ក្នុង​ឋានៈ​ជាពល​រដ្ឋ ប្តឹង​វិញ​ក្នុងឋានៈ​ជាពល​រដ្ឋ​មួយ​រូប បើ​តុលាការ​មិន​អាច​រក​ឃើញ​កំហុស​របស់​ខ្ញុំៗ​សុំ​សិទ្ធិ​ប្តឹង​បក​វិញ ដែល​នេះ​ជា​សិទ្ធិ​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ ហើយ​កុំចោទថា ជាការ​គម្រាម​កំហែង​ខាង​នយោ​បាយ ហើយ​សិទ្ធិ​នយោបាយ​ត្រូវបាន​បង្ហាញ​យ៉ាង​ច្បាស់​នៅ​ពេល​នេះ ព្រោះ​ពល​រដ្ឋ​កម្ពុជា​មាន​សិទ្ធិ​ប្តឹង​នាយក​រដ្ឋមន្រ្តី ដែល​អស់​លោក​ទាំង​នៅ​ក្រៅ​ប្រទេស និង​នៅ​ក្នុង​ប្រទេស​ពិនិត្យ​មើល​ទៅ តើ​សិទ្ធិ​ដល់​ណា​ទៀត បើ​ផ្តាច់ការ​មែន​មិន​ចាំបាច់ទុក​ឲ្យឡើង​ដល់​តុលាការ​ធ្វើ​អី ហើយ​ប៉ុល​ពត មាន​ដែល​ទុក​ឲ្យ​អ្នក​ណា​ប្តឹង​ឬទេ ហើយ​ប៉ុលពត គ្រាន់​តែ​យើង​រអ៊ូថា ហូប​បាយ​មិន​ឆ្ងាញ់​ក៏រក​ប្រជាពល​រដ្ឋ​ទៅ​សម្លាប់​ចោល​ដែរ។
សម្តេចតេ​ជោ​បានមាន​ប្រសាសន៍​ថា យុវជន​សម័យ​នេះ មាន​សិទ្ធិ​គ្រប់​បែប​យ៉ាង​ទាំង​អស់ ​រាប់​ទាំង​សិទ្ធិ​ប្តឹង​នាយក​រដ្ឋមន្រ្តី​ទៅ​កាន់​តុលាការ ហើយ​សិទ្ធិ​នេះ​វា​ផ្តើម​ចេញ​ពី​ថ្ងៃ​ទី​២​ធ្នូ កាល​ពី ៣៤​ឆ្នាំ​មុន ហើយ​ផ្តើម​ចេញ​ពីការ​រស់រាន​មាន​ជីវិត​នៃ​ថ្ងៃ​រំដោះ ៧​មករា​ឆ្នាំ ១៩៧៩ បាន​ជា​ឪពុក​ម្តាយ ជីដូន​ជីតា​របស់គេ​រស់រាន​មាន​ជីវិត ហើយ​បង្កើត​រូប​គេ​ឡើង។
សូម​បញ្ជាក់​ថា ប្រជា​ពល​រដ្ឋ​ចំនួន​៤៧១ គ្រួសារ​ ស្មើ​នឹង​៩១៩​ក្បាល​ដី ដែល​រស់នៅ​ក្នុង​ភូមិ​ស្វាយ ឃុំ​ជើង​គោ ស្រុក​ព្រៃន​ប់ ខេត្ត​ព្រះសីហនុ ជា​ខេត្ត​ទី​១៣ បាន​ទទួល​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ពី​សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តីចែក​ជូន​ដោយ​ផ្ទាល់​ដៃ៕