Tuesday, December 4, 2012

សម្តេច​​តេជោ​​ដាក់​​ចេញ​​​អនុសាសន៍​​បន្ថែ​ម​ដើម្បី​​លើក​​ស្ទួយ​​សិទ្ធិ​​និង​សុខុ​មាល​ភាព​​ដល់​ជន​​ពិការ

  ​ថ្លែងនៅ​ក្នុង​ឱកាស​ប្រារព្ធទិវា​ជន​ពិការ​កម្ពុជា​លើក​ទី១៤ និង​ទិវា​ជន​ពិការ​​អន្ដរជាតិ​លើក​ទី ៣០ និង​ពិធី​បើក​សិក្ខាសាលា​ស្ដីពី​ការ​ដាក់​បញ្ចូល​​ពិការភាព​ក្នុង​ ការអភិវឌ្ឍ ការ​ផ្សព្វផ្សាយ​របាយការណ៍​ពិភពលោកស្ដីពី​ពិការភាព និង​អនុសញា​ស្ដីពី​សិទ្ធិ​ជន​ពិការ នៅ​សាលសន្និសីទ​កោះ​ពេជ្រ នាព្រឹក​ថ្ងៃទី៣ ខែ​ធ្នូ​ ឆ្នំា២០១២ សម្តេច​​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន បាន​ផ្ដល់​​នូវ​អនុសាសន៍​ជាក់ស្ដែង​មួយ​ចំនួន ដើម្បី​ធ្វើជា​មូលដ្ឋាន​នៃ​ការ​អនុវត្ដន៍​ និង​ជា​ការ​ចែក​រំលែក​​នូវ​គំនិត​ថ្មីៗ​បន្ថែម​ទៀត​​សម្រាប់​លើក​ស្ទួយ​ សិទ្ធិ​ជន​ពិការ​កម្ពុជា​។
អនុ​សាសន៍​ដែល​សម្តេច​តេជោ​បាន​ប្រកាស​រួមមាន៖
ទី១-ត្រូវ​បន្ដ​​ពង្រឹង​ពង្រីក​វិធានការ​ទប់​ស្កាត់​​ពិការភាព ឱ្យ​មាន​ប្រសិទ្ធភាព​ថែមទៀត​តាម​រយៈ​ការ​បន្ដ​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​ នៅក្នុង​សង្គម ទប់ស្កាត់​អំពើ​ហិង្សា គ្រោះថ្នាក់​ចរាចរណ៍ គ្រោះថ្នាក់​ការ​ងារ ការ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល ការ​ដោះ​មីន និង​កាកសំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម ពង្រឹង​សេវា​ស្ដារលទ្ធភាព​ពលកម្ម អប់រំ ផ្សព្វ​ផ្សាយ​ការ​បង្ការ​ពិការភាព​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ។
ទី២-ត្រូវបន្ដ​ជំរុញ​ការ​អនុវត្ដ​ច្បាប់​ស្ដីពី​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ជន​ពិការ និង​លិខិត​បទដ្ឋាន​គតិយុត្ដ​ក្រោម​ច្បាប់​នានា​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។ ច្បាប់ និង​គតិ​យុ​ត្ដ​ទាំងនេះ គឺជា​ឧបករណ៍​គតិ​យុ​ត្ដ ដែល​មាន​ខ្លឹមសារ​ល្អ​បំផុត​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ចំពោះ​មុខ ក៏ដូចជា​រយៈ​ពេល​​យូរអង្វែង​របស់​ជន​ពិកា​រ ដែល​នឹង​រួម​ចំណែ​ក​ប្រែក្លាយ​សេវាកម្ម​ជន​ពិការ​​ដែល​មាន​ចរិត​មនុស្សធម៌​ ភាគច្រើន ទៅជា​សេវា​ដែល​មាន​ចរិត​ជា​ប្រព័ន្ធ​ធានា រ៉ាប់រង​សង្គម​សម្រាប់​ជន​ពិការ។ សេវា​តាម​បែប​ថ្មី​នេះ វា​នឹង​ធានា​និរន្ដរភាព​ជាង​សេវា​បែប​មនុស្សធម៌ ព្រមទាំង​អាច​ជួយ​ពង្រឹង​ស្មារតី​ម្ចាស់ការ និង​សមត្ថភាព​របស់​ជន​ពិកា​រដែល​អាច​ជំរុញ​ដល់​ល្បឿន​នៃ​ការ​ធ្វើ​​សមាហរណ​ កម្ម​ជន​ពិការ​​ទៅ​ក្នុង​សង្គម​ដោយ​គ្មាន​ឧបសគ្គ​រារាំង។
ទី៣-ត្រូវ​ចូលរួម​អនុវត្ដ​​អនុសញា​អន្ដរជាតិ​នានា ដែល​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចូល​ជា​ភាគី​ដូចជា អនុសញា​អូ​តា​វ៉ា​ស្ដីពី​ការ​ហាម​ប្រាមការប្រើប្រាស់ ការ​រក្សា​ទុក ការផលិត និង​ការផ្ទេរ​គ្រាប់មីន​ប្រឆាំង​មនុស្ស​ និងការបំផ្លាញ​គ្រាប់មីន អនុសញា​ស្ដីពី​សិទ្ធិ​ជន​ពិការទសវត្សរ៍​ថ្មី​នៃ​ជន​ពិការ​ប្រចាំ​តំបន់​ អាស៊ី និង​ប៉ាស៊ីហ្វិក ផែនការ​យុទ្ធសាស្ដ្រ​អ៊ី​ន​ឈន់ ២០១៣-២០២២ ដើម្បី​ធ្វើ​ឱ្យ​សិទ្ធិ​ក្លាយ​ជា​ការពិត និងអនុសញ្ញា កតិកាសញ្ញា​អន្ដរជាតិនានា ​ដែល​ទាក់ទង​នឹង​ពិការ​ភាព និង​សិទ្ធិ​ជន​ពិការ​​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ​ដែល​នឹង​ទប់ស្កាត់ពិការភាព លើក​កម្ពស់​សិទ្ធិ​ជន​ពិការ និង​ដាក់បញ្ចូល​ពិការភាព​ទៅ​ក្នុង​ការ​អភិវឌ្ឍ​គ្រប់​វិស័យ សំដៅ​លុបបំបាត់ ឧបសគ្គ​រារាំង ដើម្បី​កសាង​សង្គម​មួយ​ដែល​មាន​ការ​ដាក់​បញ្ចូល និង​ផ្ដល់​លក្ខណៈ​ងាយស្រួល​សម្រាប់​ទាំងអស់​គ្នា ដូច​ប្រធាន​បទ​នៃ​ទិវា ៣ ធ្នូ ២០១២ នេះ ។
ទី៤-ត្រូវបន្ដ​​ពង្រឹងពង្រីក​សេវា​ស្ដារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​ជូន​ជន​ ពិការ ឱ្យ​មាន​និរន្ដរ​ភាព​តាម​រយៈ​ការ​ពង្រឹង​​កិច្ច​សហប្រតិបត្ដិ​ការ​ជាមួយ​ អង្គការ​ជាតិ អន្ដរ​ជាតិ និង​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​កៀរគរប្រភព​ធន​ធាន​ក្នុង​ការ​ដំណើរការ​កម្មវិធី និង​ការ​ផ្ដល់​សេវា​តាម​មជ្ឈមណ្ឌល​ស្ដារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​ទូទាំង​ ប្រទេស។ ក្នុង​នោះ​ត្រូវ​បន្ដ​​អនុវត្ដ​ការងារ​ស្ដារ​លទ្ធ​ភាព​​ពលកម្ម​នៅ​តាម​ សហគមន៍​ បន្ដ​ចុះ​ផ្ទាល់​ជួយ​ជន​ពិការ​ដល់​លំនៅឋាន ដោយ​ផ្ដល់​ការ​ស្ដារ​កាយ​សម្បទា ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​ផ្ដល់​ទុន ដើម្បី​ឱ្យ​បងប្អូន​ជន​ពិការ​មាន​លទ្ធភាព​បង្កើត​មុខរបររក​ប្រាក់​ចំណូល​ សម្រាប់​លើកស្ទួយ​ជីវភាព​ផ្ទាល់ខ្លួន និង​គ្រួសារ ព្រម​ទាំង​បន្ដចង​ក្រង​​ក្រុម​ជួយ​ខ្លួនឯង​នៃ​ជន​ពិការ​ឱ្យ​បាន​កាន់តែ​ ទូលំទូលាយ ។
ទាក់​ទង​នឹង​បញ្ហា​នេះ​សម្តេចតេជោបាន​មានប្រសាសន៍ថ្លែងអំណរគុណថា ខ្ញុំ​សូម​សម្ដែង​នូវ​អំណរគុណ​ចំពោះ​អង្គការ​ទាំង ៥ រួមមាន​អង្គការ​អតីត​យុទ្ធជន​អន្ដរជាតិ អង្គការ​ជន​ពិការ​អន្ដរជាតិប៊ែល​ហ្សិ​ក អង្គការជន​ពិការ​​អន្ដរជាតិ​បារាំង អង្គការ​កម្ពុជា​ត្រា​ស្ដ និង​គណៈ​កម្មាធិ​ការ​​កា​ក​បាទ​ក្រហម​អន្ដរជាតិ ដែល​បាននិង​កំពុង​ជួយឧបត្ថម្ភ​ដល់​ដំណើរការ​មជ្ឈមណ្ឌល​ស្ដារ​លទ្ធភាព​ពលកម្ម ​ កាយសម្បទា​ជូន​ជន​ពិការ​ទាំង ១១កន្លែង លើ​ធនធាន​សម្ភារៈ ធនធាន​មនុស្ស និងបច្ចេកទេស សម្រាប់​កិច្ច​ដំណើរ​ការ​មជ្ឈមណ្ឌល។ ខ្ញុំ​ក៏​សូម​យក​ឱកាស​នេះ ថ្លែង​អំណរគុណ​ចំពោះ​កាក​បាទ​ក្រហម​កម្ពុជា​ឋ ដែល​មាន​កម្មវិធី​ជាច្រើន​ជួយ​ដល់​ជន​ពិការ​​រួម​ទាំង​ជន​ពិការ​ដោយសារ​មីន។ ក្នុង​ន័យ​នេះ ខ្ញុំ​សូម​អំពាវនាវ​ដល់​គ្រប់​អង្គការ​ទាំងអស់​សូម​បន្ដ​ជួយឧបត្ថម្ភ​ គាំទ្រដល់ដំណើរការ​មជ្ឈមណ្ឌលស្ដារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​ជូន​ជន​ពិការ​​ ឱ្យ​អស់​លទ្ធភាពដែល​មាន ដើម្បី​បុព្វហេតុលុបបំបាត់​ឧបសគ្គ​រារាំង ដើម្បី​កសាង​សង្គម​មួយ ដែល​មាន​​ការ​ដាក់​បញ្ចូល និង​ផ្ដល់​លក្ខណៈ​ងាយស្រួល សម្រាប់​ទាំងអស់គ្នា។
ទី៥-ត្រូវបន្ដ​ពង្រឹងពង្រីក​ស្មារតី​ម្ចាស់ការ​របស់​ជន​ពិការ​ផ្ទាល់ ដែល​ជា​កត្ដា​គន្លឹះ​នៃ​ការងារ​ជន​ពិការ។ ជា​មួយ​នេះ​បងប្អូន​ជន​ពិការ​ទាំងអស់ សូម​បន្ដ​ពង្រឹង​សេចក្ដីក្លាហាន មាន​សេចក្ដី​សង្ឃឹម និងជំនឿ​ជឿជាក់​លើ​ខ្លួនឯង  ប្រើប្រាស់​សម្បទា​ដែល​នៅ​មាន ពុះពារ​ជំនះ​រាល់​ការ​លំបាក ដើម្បី​កសាង​ជីវភាព​រស់នៅ​ដោយ​ឯករាជ្យ ​ម្ចាស់ការ និង​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ ។
ទី៦-ត្រូវបន្ដ​ការ​កៀងគរ​ប្រភព​ធនធាន ដើម្បី​អភិវឌ្ឍ​វិស័យ​សុខុមាលភាព​ជនពិការ ។ ​
ចំណុច​នេះ សម្តេច​តេជោ​បានស្នើដៃគូ​អភិវឌ្ឍន៍ សូមឲ្យ​បន្ដ​ជួយ​ដល់​វិស័យ​ពិការភាព និង​ពិចារណា​ដាក់​ចេញ​នូវ​គោល​នយោ​បាយ​សម្រាប់វិស័យ​ពិការភាព ដោយ​ផ្ដោតជា​សំខាន់​លើ​ការ​ផ្ដល់​សេវា​គ្រប់​ផ្នែក​ជូន​ជន​ពិការ។ អង្គការជាតិ​ អន្ដរ​ជាតិ សូម​បន្ដ​ពង្រឹង​ការ​អនុវត្ដ​នូវ​កម្ម​វិធី​​ដែល​មាន​ស្រាប់ និង​ពង្រីក​កម្មវិធី​ថ្មី​បន្ថែម​ទៀត​ទៅកាន់​តំបន់​ដាច់ស្រយាល ឬ​តំបន់ណា​ដែល​ពុំ​ទាន់​មាន​សេវាកម្ម ដើម្បី​ឆ្លើយតប​នឹង​សេចក្ដី​ត្រូវ​ការ​របស់​ជ​ន​ពិការ។
ទី៧-ត្រូវ​លើក​ទឹក​ចិ​ត្ដ​ឱ្យ​មាន​ការចូលរួម​ពី​វិស័យ​ឯកជន រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​ទាំងអស់ ក្នុង​ការងារ​ជន​ពិការ ការ​អនុវត្ដ​ដោយ​ស្ម័គ្រចិត្ដ ភ្ញាក់​រលឹក​នូវ​កាតព្វកិច្ច​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​កិច្ចការពារ និងលើកកម្ពស់​សិទ្ធិ​ជន​ពិការ និង​គាំទ្រ​ដល់​ការ​ធ្វើ​សមាហ​រណ​កម្ម​​ជន​ពិការ ដោយ​ដាក់បញ្ចូល​បញ្ហា​ពិការភាព​ទៅ​ក្នុង​សកម្មភាព​របស់​ខ្លួន ហើយ​បង្ក​លក្ខណៈ​​ឱ្យ​ជន​ពិការ​ទទួល​បាន​នូវ​ការ​ធ្វើ​សមាហរណ​កម្មក្នុង​ កម្រិតអតិបរមា។
​ទី៨-ក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​បន្ដ​ពង្រឹង ការងារ​ពិការភាព និង​ស្ដារ​លទ្ធភាព​ពលកម្ម​នៅ​គ្រប់​លំដាប់​ថ្នាក់​ប្រកបដោយ​ប្រសិទ្ធភាព និង​ធ្វើជា​ស្នូល​ក្នុង​ការអនុវត្ដ​គោលនយោបាយ​ជាតិ​ចំពោះ​ជន​ពិការ និង​ការ​ជំរុញ​អនុវត្ដ​ច្បាប់​ស្ដីពី​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ជន​ពិការ អនុ​សញ្ញា​ស្ដីពី​សិទ្ធិ​ជន​ពិការ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព។ អង្គភាព​ជំនាញ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិគ្រប់​លំដាប់​ថ្នាក់ ជាពិសេស​ថ្នាក់​ឃុំ សង្កាត់​​ត្រូវ​យក​ចិ​ត្ដ​ទុកដាក់​លើ​ការងារ​ជន​ពិការ ដោយ​បញ្ចូល​ការងារ​​ជន​ពិការ​ក្នុង​ផែនការ​សកម្មភាព​នៃ​អង្គភាព​របស់​ខ្លួន និង​ជំរុញ​ការ​អនុវត្ដ​​ឱ្យ​មាន​ប្រសិទ្ធភាព។
សម្តេចតេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា ប្រសិន​បើ​មួយ​ថ្ងៃៗ​ជនពិការ​ចេះតែ​កើន ចេះ​តែ​កើត​មាន​នោះ​ហើយ​ជា​បន្ទុក​ធ្ងន់ធ្ងរ​ណាស់។ ស្ថានភាព​អាច​ថា​មាន​ចំណុច​ខុសគ្នា​រវាង​ជំងឺ​អេដស៍ ដែល​មាន​អ្នកមួយ​ចំនួន​អាច​ស្លាប់​ទៅ ហើយ​អ្នក​ដែល​កើតមាន​ជំងឺអេដស៍​ថ្មី​មាន​ចំនួន​តិច​បើ​ប្រៀប​ធៀប​ជាមួយ​អ្នក ​ដែល​បាន​ស្លាប់​ទៅ ប៉ុន្តែ​ជន​ពិការ​មាន​កត្តា​តិចតួច មិន​ច្រើន​ទេ​ការ​ស្លាប់ ប៉ុន្តែ​បើ​កំណើន​ក្នុង​មួយថ្ងៃ​ចេះតែ​កើន ជាពិសេស​គឺ​ផ្នែក​គ្រោះថ្នាក់​ចរាចរណ៍​នេះឯង ដូច្នេះ​ជន​ពិការ​របស់​យើងត្រូវ​ដោះស្រាយ​ជាប់ យើង​អត់​អាច​ប្រើ​ពាក្យ​ថា លុបបំបាត់​នូវ​ស្ថាន​ភាព​​ពិការ​បានទេ យើង​និយាយពី​លុបបំបាត់​ជំងឺ​គ្រុន​ស្វិត​ដៃ​​ជើង​​បាន យើង​និយាយ​ពី​ការ​ឈាន​ឆ្ពោះ​ទៅ​លុបបំបាត់​ជំងឺគ្រុនចាញ់ យើង​និយាយ​ពី​ការ​ឈាន​​ឆ្ពោះ​ទៅ​លុបបំបាត់​ជំងឺ​របេង ប៉ុន្តែ​យើង​មិន​អាច​និយាយ​នូវ​ភាសា​លុប​បំបាត់​​ជន​ពិការ​ដោយ​គ្រោះថ្នាក់​ ចរាចរណ៍ ដែល​​ធ្វើ​ឲ្យ​មនុស្ស​ពិការ​បូក​បន្ថែម​ដោយ​គ្រាប់មីន​មិនទាន់​ផ្ទុះ ដែល​ត្រូវ​ប្រុងប្រយ័ត្ន​អំពី​ករណី​នេះ។
ជាមួយ​នឹង​អនុសាសន៍​​ខាង​លើនេះ សម្តេចតេ​ជោនាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បញ្ជាក់​​​ថា បើសិនជា​យើង​មិន​អាច​កាត់បន្ថយ​បាន ក៏​កុំ​ឲ្យ​ចំនួន​នេះ​វា​កើន​ឡើង ហើយ​បើ​វា​មិន​កើន​គឺ​កាន់តែ​ល្អ យើង​ត្រូវ​រក​វិធី​គ្រប់គ្រង និង​ថែទាំ ជំរុញ​ការ​អភិវឌ្ឍ​ជន​ពិការ​ដែល​មាន​ស្រាប់។ ខ្ញុំ​សុំ​ស្នើ​អំពាវនាវ​យ៉ាង​ទទូច​ចំពោះ​បងប្អូន​ទាំងអស់ បើ​មិន​ស្រឡាញ់​ជីវិត​អ្នកដទៃ​ក៏​សុំ ស្រ​ឡាញ់​​ជីវិត​ខ្លួនឯង រូប​កាយ​ខ្លួនឯង​នៅ​ក្នុង​​ពេល​ដែល​ខ្លួន​បើកបរ ព្រោះ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក​អាច​ធ្វើ​ឲ្យ​ខ្លួនឯង​ស្លាប់ ក្នុង​មួយ​ប៉ប្រិច​ភ្នែក​អាច​ធ្វើ​ឲ្យ​ខ្លួនឯង​ពិការ ក្នុង​មួយ​ប៉ប្រិច​ភ្នែក​អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​ស្លាប់ ក្នុង​មួយ​ប៉ប្រិច​ភ្នែក​អាច​ធ្វើ​ឲ្យ​អ្នកដទៃ​ពិការ។ យើង​ត្រូវ​រក​គ្រប់​វិធី​ទាំងអស់​រាប់​ទាំង​​ប្រព័ន្ធ​ការពារ​ត្រូវ​ធានា​ អំពី​បញ្ហា​នេះ។
សម្តេចតេ​ជោ​បាន​ថ្លែង​ថា បញ្ហា​សុវត្ថិភាព​ការងារ​ត្រូវតែ​ធានា​ថា ធ្វើ​យ៉ាង​កុំ​ឲ្យ​កុំ​ឲ្យ​មាន​គ្រោះ ថ្នាក់​ដោយសារ​ការងារ។ ចំណែក​សេវា​ធានារ៉ាប់រង​តាម​បែប​មនុស្ស​ធម៌ នៅ​ពេល​ដែល​​អ្នក​ទទួល​បន្ទុក​ខាង​ផ្នែក​មនុស្ស​ធម៌​ចូល​រួម​ចំណែក​នៅ​ទីនោះ គេ​ដក​ខ្លួន​ថយ​ត្រូវ​ធានា​ថា​និរន្តរ​ភាព​​នៃ​ដំណើរ​ការ​​ខាង​ផ្នែក​ កិច្ចការ​មណ្ឌល​ណាមួយ ឬ​ផ្នែក​គម្រោង​ណាមួយ​មិន​ត្រូវ​បាន​បោះ​បង់ចោល​ទេ ហើយ​មិន​ត្រូវ​បាន​ផ្អាក​សកម្មភាព​ទេ យើង​ត្រូវ​ជំរុញ​ប្រព័ន្ធ​ធានា ដែល​មាន​ចរិត​ជា​​ប្រព័ន្ធ​ធានារ៉ាប់រង​សង្គម​សម្រាប់​ជន​ពិការ ប្រសើរ​ជាង​ការ​រង់​ចាំ​ធានា​តាម​បែប​ជំនួយ។ បញ្ហា​​នេះ​សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា “ខ្ញុំ​កំពុង​គិត​ថា ប្រសិន​បើ​ជា​ស្ថានភាព​របស់​ខ្ញុំ​វា​ទៅជា​យ៉ាងណា ទីកន្លែង​មួយ​ចំនួន​នឹង​ត្រូវ​ជួប​ឧបសគ្គ​តិច​ឬ​ច្រើន ព្រោះ​ឥឡូវនេះ​ខ្ញុំ​កំពុង​រ៉ាប់រង​នៅ​តំបន់​កុមារ​កំព្រា ជន​ពិការ​មួយ​ចំនួន​មិន​មែន​ជា​​ថវិកា​របស់​រដ្ឋ​ជួយ​នោះ​ទេ ក៏ប៉ុន្តែ​ជា​ថវិកា​របស់​ក្រុម​គ្រួសារ​របស់ខ្ញុំ​ទៅវិញ​ទេ។ បញ្ហា​នេះ​យើង​ត្រូវតែ​ធានា​នូវ​ការ​ផ្លាស់ប្តូរ​មួយ ដើម្បី​ធានា​ថា ថ្ងៃក្រោយ​អត់​ពី​យើង​ទៅ​គឺ​កន្លែង​នោះ​មិន​ត្រូវ​ខកខាន​ដំណើរ​ការ​ណាមួយ ទាំងស្រុង​ឬ​ផ្នែក​ណាមួយ​នោះ​ទេ”។
សម្តេចតេ​ជោ​បាន​ស្នើ​ឲ្យ​ក្រសួង​នានា​ពិនិត្យ​ខ្លួនឯង​ថា តើ​បាន​ដាក់​បញ្ចូល​ជន​ពិការ​ទៅតាម អត្រា​កំណត់​នៃ​អនុក្រឹត្យ​ចំពោះ​ក្រសួង​ចំនួន ២% និង​ឯកជន​ចំនួន ១%ធ្វើ​បាន​ហើយ​ឬ​នៅ? “ខ្ញុំ​សូម​ស្នើ​ឲ្យ​ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា រាយការណ៍​ឲ្យ​ខ្ញុំ​នៅ​ក្នុង​​ខែធ្នូ​​ចុង​ឆ្នាំ​នេះ​ថា​តើ​អនុក្រឹត្យ ដែល​យើង​បានសម្រេច​ហើយ ក្រសួង​ណាខ្លះ​បាន​ធ្វើ ហើយ​ក្រសួង​ណាខ្លះ​មិនទាន់​បាន​ធ្វើ ព្រោះ​បើ​យើង​មិនត្រួតពិនិត្យ ទី​ចុង​បំផុត ​គឺ​មិនទាន់​បាន​ធ្វើ​សោះឡើយ”៕