Wednesday, December 26, 2012

រាជ​រដ្ឋាភិបាល​កម្ពុជា​គ្មាន​នយោបាយ​គាំពារ​និយម​សម្រាប់​ក្រុមហ៊ុន​ទេ


សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា មាន​ប្រសា​សន៍​នាថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ២០១២​ថា រាជ​រដ្ឋា​ភិបាល​កម្ពុជា​គ្មាន​នយោបាយ​គាំពារ​សម្រាប់​ក្រុម​ហ៊ុន​ទេ ព្រោះ​ការ​គាំទ្រ​ពី​កសិករ​កម្ពុជា ​វា​អាស្រ័យ​ទៅ​លើ​កត្តា​ជាច្រើន​គួបផ្សំ​គ្នា។
 
សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ផលិត​ជី​ផ្កាយ​ប្រាំ (ហ្វាយស្តារ អ៊ិនធើណេសិនណល ហ្វើថឺឡាយហ្សឺ ខេមបូឌា (Five Star International Fertilizer (Cambodia) Co., Ltd) ឲ្យ​គិតគូ​លើ​គុណភាព និង​តម្លៃ បើ​សិន​ជា​ចង់​លក់​ជី​កសិកម្ម​ឲ្យដាច់​នៅ​កម្ពុជា​។

មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​រោង​ចក្រ​ផលិត​ជី​កសិកម្ម PNK នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល របស់​ក្រុមហ៊ុន​មក​ពី​ប្រទេសវៀត​ណាម សម្តេច​តេជោសែនបាន​មាន​ប្រសាសន៍បញ្ជាក់​ថា "​បញ្ហា​តម្លៃ ជា​បញ្ហា​មួយ​ដ៏​សំខាន់ ដែល​ខ្ញុំ​សូម​អំពាវនាវ​ចំពោះ​ក្រុម​ហ៊ុន គឺ​បើសិន​ចង់​ឲ្យ​លក់ដាច់ ហើយ​កុំឲ្យ​មាន​ការនាំចូល​ជី​ពី​ក្រៅ​ប្រទេ​សនោះ​ ជម្រើស​ដ៏​ល្អ គឺ​គុណភាព​ឲ្យ​វា​ប្រាកដប្រជា បូក​នឹង​តម្លៃ​ឲ្យ​វា​ថោក​។ បើ​មិន​ដូច្នោះ​ទេ កុំ​មក​ពឹងពាក់​រដ្ឋាភិ​បាលថា​សុំ​ជួយ​ទប់ស្កាត់​ការ​នាំចូល​!​។ រដ្ឋាភិបាល​អត់​មាន​នយោបាយ​បែបនេះ​ទេ សូម​បញ្ជាក់​ជូន​លោក ចិន ម៉ា​ខា ដែល​ជា​ប្រធាន​សមាគម​វិនិយោគ​វៀតណាមនៅ​កម្ពុជាឲ្យ​ហើយ​ស្រេច ព្រោះ​ល្ងាច​នេះ ជួបគ្នា កុំ​លើក​សំណូមពរ​ថា សូម​ជួយ​ទប់ស្កាត់ កុំ​ឲ្យ​នាំ​ចូលជី​ពី​ក្រៅ​ប្រទេស​!​។ អា​រឿង​នឹង រាជរដ្ឋាភិបាល​កម្ពុជា ធ្វើ​អត់​បាន​ទេ ព្រោះ​អានេះ គឺ​ថា​អង្គការ​ពិភពលោក​សុទ្ធ នៅទីនេះ សេរី សេដ្ឋកិច្ច​ផ្សារ​។ បើ​ចង់​លក់​ដាច់ គុណភាព​ល្អ និង​លក់​ឲ្យ​ថោក អា​នឹង​ដាច់​ហើយ​!"​។ 

ទោះ​បី​យ៉ាង​ណា​សម្តេច​តេជោ ក៏បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​វត្តមាន​របស់​ក្រុមហ៊ុន​ផលិត​ជី​វៀត​ណាម​ដ៏​ធំលើក​ដំបូង​នៅ​កម្ពុជា ដែល​មាន​ទីតាំង​នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ពេលនេះ ដោយ​សម្តេច​បាន​ចាត់​ទុ​ក​ថា រោង​ចក្រ​ផលិត​ជី​កសិកម្ម PNK បង្កើតបានជា​មូលដ្ឋាន​សម្រាប់​កសិករ​របស់​យើងក្នុង​មួយ​ចំណែក ហើយ​កាត់បន្ថយ​បាន​នូវ​ការនាំ​ចេញ​រូបិយប័ណ្ណ ទៅ​នាំ​ចូល​ជី​កសិកម្មពី​ក្រៅ​ប្រទេសតាមរយៈ​ការផលិត​ក្នុងស្រុក ហើយ​ដែល​មាន​ការវិនិយោគ​ពី​ខាង​ក្រុមហ៊ុន​វៀតណាម មក​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​។

សម្តេច​នាយក​រដ្ឋមន្ត្រី ក៏​បាន​ផ្តល់​ជា​អនុសាសន៍​ថា "​អីចឹង ឥឡូវ​បញ្ហា​ការ​ប្រកួតប្រជែង​។ បើ​យើង​ចង់​បាន​ការ​លក់​ផលិត​ដាច់ វា​ទាមទារ​ឲ្យមាន​ការតម្លៃ​របស់​យើង គឺថា ថោក​ដែរ ដើម្បី​ជំនួស​ឲ្យ​ការនាំចូល ហើយ​ខ្ញុំ​សូមបញ្ជាក់​ថា ខ្ញុំ​មិន​អនុវត្ត​នូវ​នយោបាយ​គាំពារ​និយម​ទេ​... ការធ្វើ​ដូច្នោះ វា​ខុសពី​គោលការណ៍​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​។ ម្យ៉ាងទៀតរោង​ចក្រ​នេះ ដើម្បី​បាន​លក់ដាច់ ក៏​ត្រូវ​មាន​ការណែនាំ​ពី​របៀប​ប្រើ​ដែរ ព្រោះ​នៅ​ទី​កន្លែង​ខ្លះប្រជា​ពល​រដ្ឋ​របស់​យើង រោងចក្រ និង​ផ្នែក​កសិកម្ម ត្រូវ​រួមគ្នា ដើម្បី​ប្រាប់​ពី​របៀប​ប្រើប្រាស់​ជី​កសិកម្ម​..."​។

ជាមួយ​គ្នា​នេះ​ដែរ សម្តេច​តេជោ ក៏​បាន​អំពាវ​នាវ​ទៅកាន់​ប្រជាកសិករ  កុំ​ភ្លេច ក្នុង​ការ​ប្រើ​ប្រាស់​ជីសរីរាង្គ ឬក៏​ជីធម្មជាតិ ដែល​ផ្សំ​ពី​លាមក​គោ មាន់ ជាដើម​។ ​សម្តេច​តេ​ជោ​មានប្រសាសន៍ថា ខ្ញុំ​នៅ​តែ​មាន​មោទនភាព​ចំពោះ​ប្រជា​កសិករ​ ​ដែល​បាន​ប្រើប្រាស់​ជីធម្មជាតិ ឬ​បាន​ប្រើប្រាស់​ជី​ធម្មជាតិ​​គួបផ្សំ​ជាមួយ​ជីគីមី​នៅ​ក្នុង​ការ​ដាំ​ដុះ​របស់​ខ្លួន ដែល​ត្រូវតែ​បន្ត​ការអនុវត្ត​របៀបនេះ​តទៅ​ទៀត។

ថ្លែង​នៅក្នុង​ពិធី​សម្ពោធដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវ​ការ នូវ​រោងចក្រ​ផលិត​ជី​កសិកម្ម​នៅ​ក្នុង​ស្រុក កៀនស្វាយ ខេត្ត​កណ្តាល នោះ​ដែរ ​សម្ដេច​តេជោ​​នាយករដ្ឋមន្ត្រី​ ​ក៏បាន​អំពាវនាវឲ្យ​អាជ្ញា​ធរ​មាន​​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​ដល់​មនុស្ស​ចាស់ និង​កូនក្មេង នៅ​ក្នុង​រដូវ​រងា​នេះ ក៏​ដូច​ជាបង្ការពីគ្រោះថ្នាក់ ដែល​បង្ក​ឡើង​ដោយអគ្គិភ័យផង​ដែរ។

សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ថា ជា​ធម្មតា​ឆ្នាំរោង​ទឹកធំ ប៉ុន្តែ​ឆ្នាំនេះ​បែរជា​ទឹក​តូច ឆ្នាំទៅ​ម៉ិ​ញ​រដូវ​ត្រជាក់ នៅ​ក្នុង​​ខែ​តុលា ឆ្នាំនេះ​រដូវ​ត្រជាក់​នៅ​ចុងខែ​ធ្នូ ដែល​ត្រូវ​មាន​ការប្រុងប្រយ័ត្ន។ សម្តេច​តេជោ​សែនមាន​ប្រសាសន៍​ថា ដោយសារ​មានការ​ផ្លាស់ប្តូរ​អាកាស​ធាតុ​បែបនេះ​ តម្រូវ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​នៅ​គ្រប់​ទី​កន្លែង​ទាំងអស់។ សម្តេច​តេជោ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា សម្ដេច​បាន​បញ្ជា​ឲ្យ​ត្រៀម​អាវ​រងា​​ប្រមាណ​ពី ៥ ទៅ ៦ម៉ឺន​អាវ ​ដើម្បី​បញ្ជូន​ទៅ​កងទ័ព​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា-​ថៃ និង​តាម​តំបន់​កោះ​ជាបន្ទាន់ បើ​ទោះបី​ជា​អាវ​រ​ងា​​បាន​បើក​ជូន​ជា​រៀង​រាល់​ឆ្នាំ​​ក្តី ក៏​ត្រូវ​តែ​បើក​បន្ថែម​ជូ​ន​កងទ័ព​នគរ​បាល និង​កងរាជអាវុធហត្ថ​របស់​យើង ដោយ​សង្ឃឹមថា ការចែក​អារ​ងារ​នេះ​នឹង​ត្រូវ​បាន​ធ្វើ​ឡើងជា​បន្ទាន់ និង​ដល់ដៃ​តែម្តង។

សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា នេះ​ជា​អាវ​រងា​​ស្តុក​បម្រុង​របស់ខ្ញុំ​នៅ​ក្នុង​ដៃ ដើម្បី​ឧបត្ថម្ភ​ជូន ចំពោះ​កងទ័ព នគរបាល និង​អាវុធហត្ថ ដែល​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ​ឲ្យ​បាន​ឆាប់​បំផុត។ សូម​យកចិត្ត​ទុកដាក់​ និង​ប្រុងប្រយ័ត្ន​ចំពោះ​មនុស្ស​ចាស់ និង​កូន​ក្មេង ជា​ពិសេស​មនុស្ស​ចាស់​ដែល​គ្មាន​អ្នក​គាំពារ សូម​អាជ្ញាធរ​នៅ​មូលដ្ឋាន​ពិនិត្យ និង​យក​ចិត្ត​ទុក​ដាក់​ជាមួយ​មនុស្ស​ចាស់ ដែល​ជួនកាល​រងា​​ពេក​ក៏​ធ្វើ​ឲ្យ​ស្លាប់​បាន​ដែរ។ សូម​មានការ​ប្រុងប្រយ័ត្ន​ផង​ដែរ​​ជាមួយ​នឹង​ភ្លើង​ឆេះ​ផ្ទះ ដែល​តែង​​កើត​នៅ​ក្នុង​រដូវ​ប្រាំង​នេះ ព្រោះ​ភ្លើង​ឆេះ​ផ្ទះ​បាន​កើតមាន​រួច​មក​ហើយ។ សម្ដេច​តេជោ​ថ្លែង​ទៀត​ថា​ «​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​យកចិត្ត​ទុក​ដាក់​ចំពោះ​​បញ្ហា​ភ្លើង​ឆេះ​ផ្ទះ​នេះ ព្រោះ​វា​អាក្រក់​ណាស់»

សម្តេច​តេ​ជោ​ក៏បាន​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​ សូម​ជួយ​ទប់ស្កាត់​នូវ​បញ្ហាភ្លើង​ឆេះ​ព្រៃ ដែល​បណ្តាល​មក​ពី​​ការ​ធ្វេស​ប្រហែស​ផង​ដែរ។ ​ការចូលរួម​របស់​ប្រជាពលរដ្ឋ គឺ​មិន​ត្រូវ​បោះ​កន្ទុយបារី​ចោល ឬ​បង្កាត់ភ្លើង​ដាំបាយ​ហើយ​មិន​បាន​ពន្លត់ ដែល​ជា​ហេតុ​នាំ​ឲ្យ​ភ្លើង​អាច​ឆេះ​បាន​នោះឡើយ។
សូម​បញ្ជាក់​ថា ក្រុមហ៊ុន​ផលិត​ជី​វៀតណាម PNK នៅក្នុង​ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល តាម​ផ្លូវជាតិ​លេខ​១ បាន​ចាប់​ផ្តើមកសាង​កាលពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០០៩ ហើយ​បាន​បើកសម្ពោធដាក់ឲ្យ​ដំណើរការនៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១២​ នេះ។ ក្រុមហ៊ុន​ជី​វៀតណាម​ថ្មី​នេះ ផលិត​ក្នុង​ជំ​ហ៊ាន​ដំបូងចំនួន ៣៥ម៉ឺន​តោន ក្នុង​មួយ​ឆ្នាំ ដែល​ផ្តោត​សំខាន់​លើ​ដំណាំ​ស្រូវ​។ នៅ​ដំណាក់កាល​ទី​២ ក្រុមហ៊ុន​ជី​វៀតណាម​នោះ នឹង​ផលិត​ដល់ ៥០ម៉ឺន​តោន​។

​ឯកឧត្តម ចាន់ សារុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ បាន​មានប្រសាសន៍​ឲ្យ​អំពី​និន្នាការ​នៃ​ការប្រើប្រាស់​ជី​កសិកម្មនៅ​កម្ពុជា មាន​ការកើនឡើង ចាប់តាំងពី​ឆ្នាំ​១៩៦០ មក​ដល់​​ពេល​ប​ច្ច​ប្បន្ន រួមមាន​៖

-​ឆ្នាំ​១៩៦០ ការប្រើប្រាស់​ជីគីមី នាំចូល សរុប​ប្រមាណ ២.៧០០ តោន
-​ឆ្នាំ​១៩៦៦ ការប្រើប្រាស់​ជីគីមី​នាំចូល​សរុប ៤.៥០០ តោន ហើយ​ផលិត​ជី​ផូស្វាត ក្នុងស្រុក បាន​ប្រមាណ ៤.០០០ ទៅ ៧.០០០ តោន​ទៀត​
-​ឆ្នាំ​១៩៦៨ ការប្រើប្រាស់​ជីគីមី​នាំចូល​សរុប មាន​ដល់ ៩.២០០ តោន​
- ​ក្រោយ​ឆ្នាំ​១៩៧៩ អង្គការ​ស្បៀងអាហារ និង​កសិកម្ម របស់​អង្គការសហប្រជាជាតិ បាន​ផ្តល់​ជី​សម្រាប់​ធ្វើ​ប្រពលវប្បកម្ម ដំណាំ​ស្រូវ ចំនួន ៥ ម៉ឺន​ហិកតា ហើយ​បន្ទាប់​ទៅ បាន​កើន​ដល់ ៩០ ម៉ឺន​ហិកតា នៅ​ទស្សវត្ស​ឆ្នាំ​៩០​។
-​ការប្រើប្រាស់​ជីគីមី មាន​ការកើនឡើង ឆ្នាំ​១៩៧០ ការប្រើប្រាស់​ជីគីមី​សរុប តាមរយៈ​ជំនួយ មាន ២៧.៥០០ តោន​
-១៩៨៦ ការប្រើប្រាស់​ជីគីមី​សរុប តាមរយៈ​ជំនួយ ២៨.៥០០ តោន​
-១៩៩៣ ការនាំ​ចូល​ជីគីមី ៣៥.៥០០ តោន​
-២០០៣ នាំចូល​ជីគីមី មកប្រើប្រាស់ ៤៣.៦២០ តោន​
-២០០៨ នាំចូល​ជីគីមី មកប្រើប្រាស់​សរុប ១៦២.១៤០ តោន​
-២០០៩ នាំចូល​ជីគីមី មកប្រើប្រាស់ ១៧២.០២០ តោន​
-២០១០ នាំចូល​ជីគីមី មកប្រើប្រាស់ ចំនួន ២៥០.៨៥៤ តោន​
-២០១១ នាំចូល​ជីគីមី មកប្រើប្រាស់​ចំនួន ៥១២.៩០០ តោន​
-២០១២ ការនាំ​ចូល​ជីគីមី បាន​កើនឡើង​រហូត​ដល់ ៥៥៦.៤០០ តោន​
ជាមួយ​នឹង​និន្នាការ​កើនឡើង​នៃ​ការប្រើប្រាស់​ជីគីមី​កសិកម្ម សម្រាប់​ផលិតផល​កសិកម្ម នៅ​កម្ពុជា​ខាងលើនេះ សម្តេចតេជោនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្រកាស​ពី​ការព្យាករណ៍ នៃ​តម្រូវការ​ជី​គីមីកសិកម្ម សម្រាប់​កសិករ​កម្ពុជា ដោយ​សម្តេច​បាន​លើកឡើង​ថា សម្រាប់​ផ្ទៃដី​ដាំ​ដុះ ៤.១០០.០០០ ហិកតា ដែល​កសិករ​កំពុង​ប្រើប្រាស់​ដាំ​ដុះ សព្វថ្ងៃនេះ យើង​ត្រូវការ​ជី​កសិកម្ម រហូត​ទៅ​ដល់ ៦១៧.០០០ តោន ក្នុង​មួយ​ឆ្នាំ​៕
អត្ថបទ​ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស