Wednesday, December 26, 2012

វិនិ​យោគិន​វៀតណាម​សន្យា​បង្កើន​ការ​វិនិយោគ​នៅកម្ពុជា​


ឯក​ឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​នាយក​រដ្ឋមន្ត្រីបាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ​មន្ទីរ​ពេទ្យ​ចារី​ ដែល​វិនិយោគ​ដោយ​ក្រុម​ហ៊ុន​មក​ពី​ប្រទេស​វៀតណាម​ នឹង​បើក​ដាក់​ឲ្យដំណើរការ​ជា​បណ្តើរៗ​នៅ​ក្នុងអំឡុងខែមីនា ​ឆ្នាំ២០១៣ ​ហើយ​នៅក្នុង​អំឡុងខែវិច្ឆិកា​ ឆ្នាំ​២០១៣ ខាង​មុខ​នេះ​ មន្ទីរ​ពេទ្យ​ចារី នឹង​បើក​ដំណើរការ​ពេញ​លេញ​ទទួល​គ្រប់​សេវាកម្ម​ទាំង​អស់។

ឯកឧត្តម អ៊ាង សុផល្លែត បាន​ឲ្យ​ដឹង​ថា ក្នុង​ឱកាស​ចូល​ជួប​សម្តែង​ការ​គួរ​សម​កាលពី​រសៀល​ថ្ងៃទី២៥ ខែ​ធ្នូ ឆ្នាំ​២០១២ នៅ​វិមាន​សន្តិភាព​ ចំពោះ​សម្តេច​អគ្គ​មហាសេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ លោក​ TRAN BAC HA ប្រធាន​សមាគមវិនិ​យោ​គិន​វៀតណាម​ប្រចាំ​កម្ពុជា បាន​ថ្លែងអំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ ចំពោះ​សម្តេច​តេ​ជោ​នា​យក​រដ្ឋមន្ត្រី ដែល​បាន​ចូលរួម​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​រោងចក្រ​ផលិតជី​ផ្កាយ៥ ដែល​វិនិ​យោគ​ដោយ​ក្រុមហ៊ុន​មក​ពី​ប្រទេស​វៀតណាម​។ លោក​ TRAN BAC HA ​បាន​មានប្រសា​ស​ន៍​​ជម្រាប​សម្តេច​តេជោ​ថា ក្នុង​រយៈពេល ៣​ឆ្នាំ ពី​ឆ្នាំ២០០៩ រហូតដល់​ឆ្នាំ២០១២ នេះ ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​វៀតណាម​ បាន​កើនឡើង ២៥០០លាន​ដុល្លារ​សហ​រដ្ឋ​អា​មេ​រិក។ ក្នុង​នោះ​ទេសចរ​វៀតណាម​មកកាន់​កម្ពុជា ​គឺ​បាន​កើនឡើង​ចំនួន ៣៦%។ ដោយ​ឡែក​លើ​វិស័យ​កសិកម្ម​ក៏​មាន​ការវិវឌ្ឍយ៉ាង​ល្អប្រសើរ​ផងដែរ ដូចជា​ការ​វិនិយោគ​លើ​ម៉ាស៊ីន កិន​ស្រូវ​ដើម្បី​នាំ​អង្ករ​ចេញ​ ការធ្វើ​រោងចក្រ​ផលិត​ជី​ ការ​វិនិយោគ​ដាំ​ដំណាំ​ផ្សេងៗ​ ដូចជា​កៅស៊ូ​​ជា​ដើម គឺ​ស្រប​តាម​គោល​នយោបាយ​អាទិភាព​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា។

ដោយ​ឡែក​ទំហំ​វិនិយោគ​របស់​វៀត​ណាម​មកកាន់​កម្ពុជា​គឺ​បាន​កើនឡើង ៤ដង ​ពោល ​គឺ​ពី​ទំហំ ៥៦០លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​ឆ្នាំ២០០៩ កើន​ដល់ ២៥០០​លាន​ដុល្លារ​អាមេរិក ក្នុង​​ឆ្នាំ​២០១២។

លោក​ TRAN BAC HA ក៏បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ អំពី​គម្រោង​វិនិយោគ​របស់​វៀតណាម​ចាប់ពី​ឆ្នាំ២០១២​ទៅ គឺ​​ធ្វើយ៉ាង​ណា​ឲ្យមាន​ការ​កើន​ឡើង​ពី ២៥០០​លាន​ដុល្លារ​អាមេរិក​ទៅ ៣៥០០ លាន​ដុល្លារ​អាមេរិក ហើយ​ទំហំ​ពាណិជ្ជកម្ម​គឺធ្វើយ៉ាងណា​ឲ្យសម្រេចបាន ៥០០០ លាន​​ដុល្លារ​អាមេរិក តាមបំណង​របស់​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ (វៀតណាម-កម្ពុជា)។

សម្តេច​តេ​ជោនាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ស្វាគមន៍ និង​បាន​លើក​ទឹក​ចិត្ត​ ចំពោះ​គណៈ​ប្រតិភូ​វិនិយោគ​វៀតណាម​ដែល​មកវិនិ​យោគ​នៅ​កម្ពុជា ហើយ​ជំរុញ​ឲ្យមាន​ការវិនិ​យោគ​​កាន់​តែ​​ច្រើនឡើង​ថែមទៀត ដោយ​សម្តេច​បានផ្តល់​ការ​ណែ​នាំឲ្យ​សហការ​ជាមួយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ការ​វិនិយោគ​នៅ​កម្ពុជា​បានទទួល​ជោគជ័យ៕

អត្ថបទ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស