Tuesday, January 15, 2013

សម្តេច​តេជោ​គាំទ្រ​ឲ្យមាន​ការបង្កើត​ក្រម​សីលធ​ម៌សម្រាប់​អ្នក​នយោ​បាយ​ឃោសនា​ពេល​បោះ​ឆ្នោត



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សានៃ​សាកលវិទ្យាល័យបញ្ញា​សាស្ត្រ នា​ព្រឹក​​ថ្ងៃ​ចន្ទ ទី​១៤ ខែ​មករា ឆ្នាំ​២០១៣ បានគាំទ្រចំពោះ​គំនិត​ផ្តួចផ្តើម​ឲ្យមាន​ក្រមសីលធម៌សម្រាប់​អ្នកនយោបាយ ដែល​កំណត់កុំឲ្យ​មាន​ការជេរប្រមា​ថ ក្នុងពេល​ឃោសនាបោះឆ្នោតជ្រើស​រើស​តំណាង​រាស្ត្រ នា​ខែ​កក្កដា ឆ្នាំ​២០១៣​ ខាង​មុខ​នេះ។ ជាមួយ​នឹង​ការ​គាំទ្រ​នេះ សម្តេចតេជោ បាន​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​ទាំងអស់ឲ្យចូលរួម ហើយ​អនុម័ត​ចំពោះ​បញ្ហា​ការ​ផ្តួច​ផ្តើម​ឲ្យមាន​ក្រមសីលធម៌ សម្រាប់​អ្នកនយោបាយនៅពេល​ខាងមុខ។

សម្តេចតេជោបានបញ្ជាក់ថា ព្រឹកមិញនេះ (ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៣) ឃើញ (កាសែត) ភ្នំពេញប៉ុស្តិ៍ សរសេរថា គួរតែមានក្រមសីលធម៌សម្រាប់អ្នកនយោបាយក្នុងការនិយាយ។ បើ​បាន​អីចឹងមែនពិតជាល្អ ព្រោះអី លេងសុទ្ធតែអាក្បាលយួន ខ្លួនខ្មែរ អាក្បត់ជាតិ ដល់​ពេល​គេ​ថា​ឲ្យវិញ ថាអាល្ងង់ទូ។​ សម្តេច​តេជោ​បាន​ពន្យល់​ថា  ខ្ញុំរកអត់ឃើញក្នុង វចនា​នុ​ក្រម​សម្តេច​ជួន​ណាតថា ឯកឧត្តមល្ងង់ លោកជំទាវល្ងង់ រកវាអត់ឃើញ ភាសាខ្មែរយើងមានតែអីចឹង បើ​មនុស្ស​ហ្នឹងវាល្អពេក គេហៅ អាល្ងង់ហើយបើអាភ្លើគេហៅអាភ្លើហើយ វាអត់​មាន​លោក​ជំទាវ​ភ្លើ ឯកឧត្តមភ្លើទេ….

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា បើមានក្រមហ្នឹង គឺវាល្អហើយ ចងវាឲ្យជាប់​ហើយ​ដាក់មកដើម្បីអនុម័តបង្កើតឲ្យទៅជាច្បាប់តែម្តង បើអ្នកនយោបាយ​ណាហ៊ាន​ប្រើ​ពាក្យ​ហ្នឹង ត្រូវជាប់ទោស ឥឡូវហ៊ានអត់?។ សម្តេច​តេជោនាយករដ្ឋមន្រ្តីបញ្ជាក់ថា ខ្ញុំហ៊ាន​ប្រ​កាស ខ្ញុំទទួលយកទាំងអស់ ប៉ុន្តែត្រូវអនុម័តដោយច្បាប់ ទើបអាចចងជាចំណងបាន បើមិន​អនុម័ត​ជាច្បាប់ទេ ចងជាចំណងអត់បានទេ

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវ​នាវ​ផង​ដែរ ដល់​អ្នក​នយោបាយ​ទាំង​អស់ កុំ​ប្រើ​ប្រាស់​យុទ្ធ​សាស្ត្រ​នយោបាយ "​ទឹក​ឡើងត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​" និង​នយោបាយ​ថា "​មាន​អញ អត់​អ្ហែង មាន​អ្ហែង អត់​អញ​"​។ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ថា  ជាក់​ស្តែង​នៅ​សម័យ លន់ នល់ ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​សម្តេច នរោត្តម សីហនុ ហើយ​ពេល​លោក លន់ នល់ បាន​ដឹកនាំ​ប្រទេស ក៏​បាន​ចាប់​មនុស្ស​ស្និទ្ធ​នឹង​ព្រះអង្គ​យក​ទៅ​ដាក់​គុក​។ ក្រោយ​មក​នៅ​ពេល ប៉ុល ពត ឡើង​កាន់​អំណាច ក៏​បាន​កាប់​សម្លាប់​មនុស្ស​ក្នុង​សង្គម​រាស្ត្រ​និយម និង​សម័យ លន់ នល់ ជា​ដើម។

ជា​មួយ​នឹង​ការ​អំពាវ​នាវ​ឲ្យ​អ្នក​នយោបាយ ​ចូល​រួម​អនុម័ត​ដាក់​ចេញ​នូវ​ក្រម​សីលធម៌​សម្រាប់​អ្នក​នយោ​បាយ​ឃោសនា​បោះ​ឆ្នោតនា​ពេល​ខាង​មុខ សម្តេចតេជោសែន ក៏​បានអំពាវនាវដល់ប្រជាពលរដ្នទូទាំងប្រទេសកម្ពុជា ឲ្យ​មានការប្រុងប្រយ័ត្នខ្ពស់ជាមួយនឹងបញ្ហាអគ្គិភ័យ តែងតែកើតមានឡើង ដែលបានបំផ្លាញទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋជា បន្តបន្ទាប់។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាខ្ញុំសូមប្រជាពលរដ្ឋទាំងអស់នៅទូទាំង​ប្រទេ​ស មេត្តាយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាអគ្គិភ័យនេះ ដែលបានកើតមានឡើងផ្ទួនៗ​គ្នាក្នុងរយៈពេលប៉ុន្មានអាទិត្យចុងក្រោយនេះ

សម្តេចតេជោ​បញ្ជាក់​ថា បើសិនជាគ្មានការប្រុងប្រយ័ត្នផ្ទាល់ពីក្រុមគ្រួសារ សាម៉ីម្ចាស់ផ្ទះផ្ទាល់ទេនោះ គឺយើងមិនអាចដោះស្រាយបញ្ហានេះបាននោះទេ ដូច្នោះហើយប្រជាពលរដ្ឋទាំងអស់ មិនត្រូវសំអាងទៅលើតែការអន្តរាគមន៍ឡើយ បើទោះបីជាអន្តរាគមន៍ ទាន់ពេលវេលាក៏ដោយ ក៏អគ្គិភ័យនេះ នៅតែបំផ្លាញទ្រព្យសម្បត្តិ និងផ្ទះសម្បែងដែរ។

ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ឲ្យ​ដឹង​ថា ក្រុមយុវជ​ន​ស្ម័គ្រចិត្តនឹងធ្វើដំណើរទៅកាន់គោលដៅរៀងខ្លួន នៅថ្ងៃស្អែក (ថ្ងៃទី១៥ ខែមករា ឆ្នាំ​២០១៣) ជាមួយក្រុមចាស់ មានចំនួនជាង ៤០០នាក់ បូកក្រុមថ្មី ដែលត្រូវ​ធ្វើ​ដំណើរ​ទៅ​ទីតាំងផ្សេងៗ ហើយខុសពីទីតាំងមុន ដោយ​សម្តេច​បាន​អំពាវនាវ​សូមឲ្យប្រជាពលរដ្ឋយោគយល់ និងចូល​រួម​សហការ។
ទាក់​ទង​នឹង​ពេលវេលា​នៃ​ការ​បោះ​ឆ្នោត សម្តេចតេជោ​បានបញ្ជាក់ថា ក្រុមយុវជនស្ម័គ្រចិត្តនេះនឹងត្រូវដកជាបណ្តោះអាសន្ន ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតចាប់ពីថ្ងៃទី២៦ ខែមិថុនា រហូតដល់ថ្ងៃបោះឆ្នោត ថ្ងៃទី២៧ ខែកក្កដា ឆ្នំា២០១៣ ព្រោះយើងមិនអាចឲ្យយុវជនទាំងនេះ នៅវាស់វែងដីធ្លី នៅក្នុងដំណាក់កាលនៃយុទ្ធនាការឆ្នោតនោះទេ ព្រោះអាចនឹងមាន​ការចោទ​ប្រ​កាន់ផ្សេងៗ ពីសំណាក់គណបក្សនយោបាយនានា ដែលចូលរួមប្រកួតប្រជែង។

ទាក់​ទង​នឹង​ការ​ឃោសនា​ចោទ​ប្រកាន់​លើ​រាជ​រដ្ឋាភិបាល​ អំពីការ​ពុក​រលួយ​ក្នុង​ការ​ប្រើ​ប្រាស់​ជំនួយបរទេស​សម្រាប់​ធ្វើការ​អភិវឌ្ឍន៍ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា រាល់​ជំនួយ​អភិវឌ្ឍន៍​របស់​បរទេសសម្រាប់​សាងសង់​ស្ពាន និង​ផ្លូវ នៅក្នុង​ប្រទេស​កម្ពុជា គឺ​រាជ​រដ្ឋាភិបាល​កម្ពុជា មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ កិបកេង​អ្វី​ទេ​។ មូលហេតុមក​ពី​ជំនួយ​អភិវឌ្ឍន៍​ទាំងនោះ ដូចជា ជំនួយ​ធ្វើ​ស្ពាន​អ្នក​លឿង​របស់​ជប៉ុនជាដើម គឺ​គេ​ដេញថ្លៃនៅ​ឯ​ប្រទេស​ជប៉ុន ហើយ​មាន​តែ​ក្រុមហ៊ុន​ជប៉ុន​ប៉ុណ្ណោះ ជា​អ្នកដេញថ្លៃសាងសង់​។

សម្តេចតេជោ​បាន​មានប្រសាសន៍ថា សូម្បី​តែ​ការកសាង​នៅក្នុង​ប្រទេស​របស់​យើង ឧទាហរណ៍​ថា ជប៉ុន​ជួយ​សាងសង់​ស្ពានអ្នក​លឿង និង​ស្ពាន​គី​ហ្ស៊ូ​ណា គឺ​ជប៉ុន​រៀបចំ​ដេញថ្លៃនៅ​តូ​ក្យូ ហើយ​មាន​តែ​ក្រុមហ៊ុន​ជប៉ុន​ប៉ុណ្ណោះ ជា​អ្នក​មាន​សិទ្ធិ​ចូលរួម​ដេញថ្លៃ​សាងសង់​។ ការដេញថ្លៃ ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ គឺជា​រឿង​របស់​ជប៉ុន ហើយ​ការសាងសង់​អស់​ប៉ុន្មានៗ ក៏​នៅ​លើ​ជប៉ុន​ដែរ​។ ដូច្នេះ​កុំ​មក​បន្ទោស​ខ្មែរ​ថា ខ្មែរ​មក​កិបកេង​លុយ​រឿង​សាងសង់​ស្ពាន​អ្នក​លឿង គឺ​វា​មិនត្រូវ ព្រោះ​ខ្មែរ ចាំតែ​ទៅ​បើកសម្ពោធ​ការដ្ឋាន និង​កាត់​ខ្សែបូ​ឆ្លង នៅ​ពេល​ស្ពាន​ធ្វើ​ហើយ​ប៉ុណ្ណោះ។

សម្តេច​តេជោ​សែន​បានបញ្ជាក់​ថា "អីចឹង​ទេ គេ​ថា ពុករលួយ​នោះ គឺ​មិន​ដឹង​ពុករលួយ​យ៉ាង​ម៉េច​ទេ​? បើ​ស្ពាន​អ្នក​លឿង ទៅ​សួរ​ជប៉ុន​ទៅ​! ចាយ​អស់​ប៉ុន្មាន អា​នឹង រឿង​របស់​ជប៉ុន​ទេ​។ យើង​ (រាជរដ្ឋាភិបាល) អត់​បាន​ដឹង​រឿងរ៉ាវ​ទេ រឿង​ចាយ​ប៉ុន្មានៗ អា​នឹង​ក្រុមហ៊ុន​ជប៉ុន​។ មាន​តែ​ក្រុមហ៊ុន​ជប៉ុន​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិចូល​ដេញថ្លៃ​។ អីចឹង​ដេញថ្លៃ ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ អា​នឹង​រឿង​ជប៉ុន​។ មក​បន្ទោស​ខ្មែរ​ថា ខ្មែរ​កិបកេង​លុយ​ស្ពាន​អ្នក​លឿង ស្អី អី​ចេះ អី​ចោះ វា​អត់ត្រូវ ព្រោះ​ខ្មែរ ចាំតែ​ទៅ​បើក​ការដ្ឋាន អា​នឹង​ទី​១​។ ទី​២ ចាំ​ទៅ​កាត់​ខ្សែបូ ឆ្លង​បណ្តោយ​។ រឿងវា​តែ​ប៉ុណ្ណឹង​ទេ​។ អា​នឹង​ឲ្យ​វាយ​ល់​គ្នា ហើយ​កុំទៅ​ចោទ​ផ្តេស​ផ្តាស់​។ វា​អ​គុណធម៌​!"៕