Tuesday, January 15, 2013

ក្រុម​ការងារ​គ្រប់​គ្រង​ព័ត៌មាន ផ្សព្វ​ផ្សាយ​ព្រះរាជ​ពិធី​ដង្ហែ និង​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរម​សព បើក​កិច្ច​ប្រជុំ ត្រួត​ពិនិត្យ​ការងារ



          នៅ ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី នាព្រឹក​ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៣ ក្រុម​ការងារគ្រប់គ្រងព័ត៌មាន ផ្សព្វផ្សាយ​ដែល​មាន ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការ​នៃ​ទីស្តីការ​គណៈរដ្ឋមន្រ្តី ជា​ប្រធាន បាន​បើកកិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ការងារ និង​ពិភាក្សា​កិច្ចការគ្រប់គ្រង​​ព័ត៌មាន និងផ្សព្វផ្សាយអំពី​ព្រះរាជ​ពិធីដង្ហែ និងថ្វាយ​ព្រះភ្លើងព្រះបរម​សព​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះនរោត្តម​សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជ​បីតា​ឯករាជ្យ បូរណៈភាព​ទឹកដី និង​ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលនឹងប្រារព្ធធ្វើចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី ០៤ កុម្ភៈ ឆ្នាំ ២០១៣ខាងមុខនេះ។

          ឯកឧត្តម ស្វាយ ស៊ីថា ប្រធាន​ក្រុមការងា​រគ្រប់​គ្រង​ព័ត៌មាន និង​ផ្សព្វផ្សាយ​បានមានប្រសាសន៍​​ឲ្យដឹងថា ដោយ​យោង​តាមអនុសាសន៍​​ណែនាំរបស់​ឯកឧត្តម បណ្ឌិត សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ គណៈរ​ដ្ឋមន្រ្តី និងជា​ប្រធានអនុគណៈកម្មការ​គ្រប់គ្រងព័ត៌មាន ផ្សព្វផ្សាយ និងកសាងព្រះបរម​រូបព្រះ​មហាវីរៈក្សត្រ កិច្ចប្រជុំថ្ងៃនេះ​គឺដើម្បី​ត្រៀម និងត្រួត​ពិនិត្យ​ការងារនិងគ្រប់គ្រង​​ព័ត៌មាន​ផ្សព្វ​ផ្សាយ ធ្វើយ៉ាងណាឲ្យមាន​ប្រសិទ្ធ​ភាព ធានា​បាន​សុវត្ថិភាព និងខ្លឹមសារឲ្យបានល្អ ដើម្បី​ផ្សព្វផ្សាយជូនប្រជាពលរដ្ឋបាន​ដឹង និង​យល់​ជ្រួតជ្រាប​អំពីព្រះរាជពិធី​ដង្ហែ និងថ្វាយព្រះភ្លើងព្រះបរម​​សពនិងព្រះរាជស្នា​ព្រះហស្ថ​របស់​ព្រះអង្គនាពេល​កន្លងមកក៏ដូចជាការខិត​ខំប្រឹង​ប្រែង រៀបចំ​​​ព្រះរាជពិធីដោយ​​របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​​របស់សម្តេចអគ្គមហាសេនាបតីតេ​​ជោហ៊ុន សែននាយក​រដ្ឋមន្រ្តី​នៃព្រះរាជា​ណាចក្រ​កម្ពុជា។

          នៅក្នុង​កិច្ចប្រជុំ​ដែលមាន​រយៈពេល​ជិត០៥ ម៉ោង ក្រុមការ​ងារគ្រប់​គ្រង​ព័ត៌មាន និងផ្សព្វ​​ផ្សាយ​អំពី​​ព្រះរាជពិធី​ដង្ហែ និងថ្វាយព្រះភ្លើងព្រះបរ​មសពព្រះមហាវីរៈក្សត្រ ដែលតំណាងពីអង្គភាពព័ត៌មា​​ន និងប្រតិកម្មរហ័ស ក្រសួង​ព័ត៌មាន សាលា​រាជធានី​ភ្នំពេញ ក្រសួង​ការ​បរទេស និងកិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ បណ្តាស្ថានីយ៍ទូរទស្សន៍ វិទ្យុនានា បាន​​ពិភាក្សា​គ្នា​លំអិត អំពី​កិច្ចការ​ងារ​ដែលត្រូវដោះ​ស្រាយចំពោះមុខ និងបែង​ចែកការទទួលខុសត្រូវរៀងៗខ្លួនជាមួយ​គ្មានេះ​អង្គប្រជុំ​ក៏បាន​លើក​អំពីការរៀប​ចំទី​តាំងដាក់ប្រព័ន្ធឧឃោ​​ស័ព្ទ តាមបណ្តោយផ្លូវដែល ក្បួនដង្ហែរព្រះបរមសពឆ្លងកាត់ ចំនួន០៥ កន្លែង ដែលត្រូវសហការរៀបចំគ្រប់គ្រងដោយស្ថានីយ៍វិទ្យុ​​ជាតិនិងសាលា​រាជ​ធានីភ្នំពេញ។ ការដាក់​តាំងទូរទស្សន៍ LED ខ្នាតធំ ចំនួន ១៤ កន្លែង រៀបចំដោយ​ក្រសួង​ព័ត៌មាន និង​ស្ថានីយ៍ទូរទស្សន៍បាយ័ន សហការជាមួយសាលា​រាធានី​ភ្នំពេញ ក្រៅពីនេះគឺស្នើសុំឲ្យបណ្តាញផ្សព្វផ្សាយពាណិជ្ជកម្មប្រភេទ LED របស់​ឯកជនចូល​រួមផ្សព្វ​ផ្សាយបន្តផ្ទាល់ផងដែរ។ ស្ថានីយ៍ទូរទស្សន៍ វិទ្យុនានាអង្គភាព​ព័ត៌មាន និង​ប្រតិកម្មរហ័ស​រៀបចំតាក់តែងជា​ ​ បទវិចារណក​ថា ឬបទអត្ថាធិប្បាយ​នានា ស្តីពី​ស្នាព្រះហស្ថ​របស់​មហាវីរៈ​ក្សត្រ និងការរួមចំណែក​របស់រាជ​រដ្ឋាភិបាល។ កិច្ច​ប្រជុំក៏​បានឯកភាព​ក្នុងការស្វះស្វែងរក​ទីតាំង​ឲ្យបានសមរម្យ​​​ដើម្បីឲ្យអ្នកសារ​ព័ត៌មាន​ជាតិ និង​អន្តរជាតិ​អាច​ថត ផ្តិតយក​ព័ត៌មាន ពីទីតាំង​ប្រារព្ធព្រះរាជ​​ពិធីដង្ហែ និង​ថ្វាយ​ព្រះភ្លើង ព្រះបរម​សព​ដើម្បី​ផ្សព្វផ្សាយ​ឲ្យបាន​ល្អ។ ក្រសួងព័ត៌មាន ក៏ជំរុញការអប់រំ​ណែនាំ ពិធីករ ពិធីការិនី ទូរទស្សន៍ វិទ្យុនា​នាឲ្យយល់​ដឹងអំពី​ការប្រើ​ប្រាស់ព្រះរាជស័ព្ទផងដែរ។

ឯកឧត្តម​ស្វាយ ស៊ីថា ក្នុងនាម​ជាប្រធាន​អង្គ​ប្រជុំក៏​បានជំរុញ​ឲ្យអ្នក​គ្រប់គ្រង​ស្ថានីយ៍ទូរទស្សន៍ វិទ្យុនានា បន្ត​ផ្សព្វផ្សាយ​ចរាចរណ៍​របស់​រាជរដ្ឋាភិបាលឲ្យបានច្រើន​ដង​បន្ថែម​ទៀតស្តីពីការ​ត្រៀមរៀបចំពិធីបុណ្យដង្ហែ និងថ្វាយព្រះភ្លើង​ព្រះបរ​មសព។

          នៅក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ ឯកឧត្តម ស្វាយ ស៊ីថា បាន​ផ្តួចផ្តើម​គំនិតបង្កើត​ក្រុម​ការងារ តូចៗ មួយ​ចំនួន​ដោយមាន​ការឯកភាព​ពីអង្គ​ប្រជុំ ដើម្បីតាម​ដាន​ការងារ​គ្រប់​គ្រងការផ្សព្វ​ផ្សាយ រួមមាន​ទូរទស្សន៍ វិទ្យុ និង​គេហទំព័រ​ជាដើម ហើយ​ថែមទាំង​បាន​បង្កើតក្រុមការងារ​ប្រចាំការ​ដើម្បីគ្រប់​គ្រងលើកា​រងារ​រួម​នៅអង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ផងដែរ។

          ដើម្បី​បំរើឲ្យការផ្សព្វផ្សាយឲ្យមានប្រសិទ្ធភាព​​ អង្គប្រជុំ​ក៍បាន​លើកយក​បញ្ហា​មួយ​ចំនួន  ស្នើ​សុំ​យោបល់​សម្រេច​ដ៏ខ្ពង់​ខ្ពស់ពី​ឯកឧត្តម បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការគណៈ​រដ្ឋមន្រ្តី និងជាប្រធានអនុគណៈ​​កម្មការ​គ្រប់គ្រងព័ត៌មាន និងផ្សព្វ​ផ្សាយ និង​កសាងព្រះបរមរូបព្រះមហាវីរៈក្សត្រ។ 

          អង្គ​ប្រជុំដែល​ប្រព្រឹត្តិ​ទៅក្នុង​បរិយា​កាសស្និត​ស្នាល និងក្នុងស្មារតីទទួល​ខុសត្រូវក្រោមអធិបតីភាព ឯកឧត្តម ស្វាយ ស៊ីថា បានសម្រេចយកព្រឹក​​ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១៣ ធ្វើការ​ត្រួត​ពិនិត្យ លទ្ធផល​ការងារ​ដែល​បានដាក់​ចេញ​ជាចុងក្រោយ។

អត្ថបទ៖ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស