Tuesday, January 22, 2013

សម្តេច​​តេជោ​​ជួយ​​កសិករ​​តា​ម​រយៈ​​ការ​​មិន​​យក​​ពន្ធ​ដី

សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ពី​នយោ​បាយ​របស់​សម្តេច ​ក្នុង​ការ​ជួយ​កសិករ គឺ​រាជ​រដ្ឋាភិបាល​មិន​យក​ពន្ធ​ដី​ពី​ប្រជា​ពលរដ្ឋ​ទេ ទាំង​ដី​ធ្វើ​កសិកម្ម​ ក៏​ដូច​ជាដី​ដែល​បាន​បែង​ចែក​ជូន​ប្រជា​ពល​រដ្ឋ​តាម​រយៈ​យុវជន​ស្ម័គ្រ​ សម្តេច​តេជោ ទាំង​នៅក្នុង​អាណត្តិ​របស់​សម្តេច ក៏​ដូច​ជានៅ​ពេល​គណបក្ស​ប្រជា​ជន​កម្ពុជា នៅ​កាន់​អំណាច។

ក្នុង​ពិធី​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លីដល់​ប្រជា​ពលរដ្ឋ នៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គិរី ចំនួន ១.២៩១​គ្រួសារ ក្បាល​ដី​មាន​ចំនួន ២.៥៧៣​ក្បាលដី និង​មាន​ទំហំ ៣.៩៦៧​ហិកតា នា​ព្រឹក​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០១៣ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា "​ខ្ញុំ​សូម​បញ្ជាក់​ថា ដរាប​ណា​គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​កាន់​អំណាច ដរាប​ណា​ខ្ញុំ នៅ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី ហើយ​ខ្ញុំ​ជឿថា បន្ទាប់​ពី​ខ្ញុំ​ទៅ នាយក​រដ្ឋមន្ត្រី​ក្រោយ ដែល​ជា​មនុស្ស​របស់​គ​ណ​បក្ស​ប្រជាជន នឹង​បន្ត​គោល​នយោបាយ​មិន​យក​ពន្ធ​ដី​។ មិន​ទាន់​ដល់​ពេល ដែល​ត្រូវ​យក​ពន្ធ​ដី​ពី​កសិករ​ទេ​។ ប្រឹងប្រែង​រក​ពី​ប្រភព​ចំណូល​ផ្សេង​។ យើង​ត្រូវ​ជួយ​កសិករ​ថែមទៀត អំពី​បញ្ហា ដូចជា ផ្លូវ​ថ្នល់ សាលា​រៀន មន្ទីរ​ពេទ្យ វត្ត​អារាម ឬក៏​ការ​វិនិយោគ​ដទៃ​ទៀត រាប់​ទាំង​ការខិតខំ ដើម្បី​រក​ទីផ្សារ​ជូន​ប្រជាពលរដ្ឋ​របស់​យើង​"​។​

សម្ដេច​តេជោបាន​មាន​ប្រសាសន៍ឲ្យ​ដឹង​​ថា​ បញ្ហា​ដីធ្លី​ គឺ​ស្ថិត​នៅ​ក្នុង​កម្មវិធី​នយោបាយ​របស់​រាជ​រដ្ឋា​ភិបាល ក្នុងការ​គាំពារ​អ្នកក្រ។ ច្បាប់​ពន្ធ​អាករ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​ចេញ​ថ្មីៗ​កន្លង​មក​នេះ បាន​កំណត់​អំពី​ការ​ជាប់​ពន្ធ​ចំពោះ​ការ​ផ្ទេរ​កម្ម​សិទ្ធិ​ដី​ធ្លី ក៏​ប៉ុន្តែ​ចំពោះ​ការ​ផ្តល់​ដី​ដោយ​រដ្ឋ​ជូន​ប្រជា​ពលរដ្ឋ គឺ​មិន​ជាប់​ពន្ធ​ទេ។ ចំពោះ​ករណី​ឪពុក​ម្តាយ​ផ្ទេរ​កម្ម​សិទ្ធិ​ដីធ្លី​ជូន​កូន​ ហើយ​ដី​ដែល​មាន​តម្លៃ​ក្រោម ​១០០​លាន​រៀល ក៏​មិន​យក​ពន្ធ​ដែរ។​ តែបើសិន​តម្លៃ​ដី​នោះ​លើស​ដល់​១២០​លាន​រៀល​ គឺ​ត្រូវ​បង់ពន្ធក្នុង​អត្រា​៤ភាគរយ ដោយ​គិតពន្ធត្រឹម​តែ ២០​លាន​រៀល​តែប៉ុណ្ណោះ។​ ដោយ​ឡែក​ក្នុង​ករណី​ឪពុក​ម្តាយ​ស្លាប់ ​ហើយផ្ទេរ​ដី​ឲ្យ​កូន គឺ​មិន​ជាប់​ពន្ធ​ប្រថាប់​ត្រា​នោះ​ទេ។

សម្ដេច​តេ​ជោ​បាន​មាន​ប្រសាសន៍​បន្ថែម​ថា​ នៅ​ប្រទេស​ណា​ក៏​គេ​យកពន្ធ​ដែរ​ ប៉ុន្ដែ​នៅ​ប្រទេស​ខ្មែរ​មិន​ទាន់​យកពន្ធ​ទេ​ សូ​ម្បី​តែ​អត្ដសញ្ញាណប័ណ្ណ​ រដ្ឋ​ជួយ​ធ្វើ​ដោយ​ឥត​យក​ថ្លៃ​,​ រដ្ឋ​ត្រូវ​ទទួល​ចេញថ្លៃ​ឱ្យ​ប្រជាពលរដ្ឋ​ច្រើន​ណាស់​។​ នៅ​ប្រទេស​គេ​ដទៃ​ទៀត ​គេ​យកពន្ធ​ទាំងអស់​នៅ​សល់​ តែ​ខ្យល់​ដកដង្ហើម​ទេ​ ប៉ុន្ដែ​គេ​យក​បណ្ដើរៗ​ ហើយ​គេ​បង្កប់​នៅ​ក្នុង​ដែន​ការពារ​បរិស្ថាន​រួច​ទៅ​ហើយ​។

សម្រាប់​ព្រះ​រាជា​ណាចក្រ​កម្ពុជា សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា នេះ​គឺ​ជា​នយោ​បាយ​គាំពារ​ចំពោះ​អ្នក​ក្រ ហើយ​ការ​ធ្វើ​បែប​នេះ ក្នុង​គោល​បំណង​កុំ​ឲ្យ​អ្នក​មាន​លួច​ជ្រក​ក្រោម​ស្លាក​អ្នក​ក្រ ដើម្បី​គេចវេស​ពន្ធ។
ទាក់​ទង​ការ​រិះ​គន់​របស់​គណបក្ស​ប្រឆាំងលើ​បញ្ហា​តម្លៃ​ស្រូវ​អង្ករ រហូត​ដល់​ទាម​ទារឲ្យ​ដក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចេញ​ពី​តំណែង សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ដែល​រួម​ដំណើរ​ដោយ​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី បាន​ចាត់​ទុក​សកម្ម​ភាព​របស់​គណ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ថា ​ធ្វើ​អាជីវកម្ម​ចំនួន​ពីរ​លើ​ផ្លូវ​តែមួយ ​ទៅលើ​បញ្ហា​តម្លៃ​ស្រូវអង្ករ ដែល​មាន​តម្លៃ​ធ្លាក់​ចុះ​នា​ពេល​បច្ចុប្បន្ន​។

សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​អ្នកប្រឆាំង​ទៅ​សួរ​អ្នកលក់​អង្ករ​ដែល​ឧទាហរណ៍​ថា​ មានតម្លៃ ២,២ពាន់​រៀល ​ក្នុង​មួយ​គីឡូក្រាម ​គេ​ស្រែក​ថា ស្លាប់​ហើយ​អង្ករ​ថ្លៃ​ណាស់​ ដាច់ពោះ​ស្លាប់​អស់​ហើយ​ៗ​នៅ​ពេល​ដែល​គេ​ទៅ​សួរ​ប្រជាកសិករ​ឧទាហរណ៍​​ថា មួយ​គីឡូក្រាម​មានតម្លៃ ៧០០រៀល ​ក្នុង​មួយ​គីឡូ​ក្រាម​គេ​ស្រែក​ថា បងប្អូន​អើយ​ស្លាប់​អស់​ហើយ​ស្រូវ​ថោក​ណាស់ មិន​រួច​ថ្លៃ​ពលកម្ម ថ្លៃ​ភ្ជួរ​រាស់ ថ្លៃ​ជី​ទេ។ សម្តេច​តេជោសែន មាន​ប្រ​សាសន៍​ថា គេ​ថា​រាជ​រដ្ឋា​ភិបាល​អសមត្ថភាព នៅ​ទីក្រុង​មិន​អាច​បញ្ចុះ​ថ្លៃ​អង្ក​បាន ហើយ​គេ​ថា រាជ​រដ្ឋា​ភិបាល​អសមត្ថភាព​ដោយ​នៅ​ជនបទ​មិន​អាច​ធ្វើ​ឲ្យ​ស្រូវ​ឡើង​ថ្លៃ​ បាន ដូច្នេះ​ក្នុង​មួយ​ដំណើរ​ផ្លូវ គេ​យក​ចំណេញ​បាន ២​រឿង ប្រ​សិន​បើ​ប្រជា​ពលរដ្ឋ​មិន​បាន​យល់​ទេ ​ពិតជា​ជឿ​ថា​ពួក​ប្រឆាំង​និយាយ​ត្រូវ ប៉ុន្តែ​ប្រជាពលរដ្ឋ​របស់​យើង​បាន​ដឹង​យ៉ាង​ច្បាស់​អំពី​ពុតត្បុត​របស់​ពួក ប្រឆាំង​ទាំង​នោះ។

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ឥឡូវនេះ​ ប្រទេស​ឥណ្ឌា និង​ប៉ា​គី​ស្ថាន​បាន​បញ្ចេញ​ស្រូវ​ស្តុក​របស់​ខ្លួន ហើយ​ប្រទេស​មួយ​ចំនួន​ក៏​ទទួល​បាន​បរិមាណ​ស្រូវ​ល្អ​ដែរ ដែល​កត្តា​ទាំងនេះ ហើយ​បាន​ជះឥទ្ធិពល​ដល់​តម្លៃ​ស្រូវ​អង្ករ​នៅ​កម្ពុជា​។

ទាក់​ទិន​នឹង​សេចក្តី​រាយ​ការណ៍​របស់​ប្រជា​ពលរដ្ឋ​ដែល​ចូលរួម​ក្នុង​ពិធី​ នោះ​ថា ទីផ្សារ​ដំឡូង​របស់​បងប្អូន​នៅ​ប្រទេស​វៀតណាម​ សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ពន្យល់​ថា ពិត​ណាស់​ទីផ្សារ​ដំឡូង​គឺ ប្រទេស​វៀតណាម និង​ប្រទេស​ចិន ប៉ុន្តែ​ពួក​ប្រឆាំង​បាន​និយាយ​ថា បងប្អូន​អើយ​រាជរដ្ឋាភិបាល​អត់មាន​សមត្ថភាព​ទេ នាយក​រដ្ឋមន្ត្រី​អត់​មាន​សមត្ថភាព​ទេ ព្រោះ​មិន​អាច​រក​ទីផ្សារ​ដំឡូង​ឲ្យ​បងប្អូន​បាន បោះ​ឆ្នោត​ឲ្យ​ខ្ញុំ​មក​ ខ្ញុំ​រក​ទីផ្សារ​ឲ្យ។ បញ្ហា​នេះសម្តេច​តេ​ជោ​នា​យក​រដ្ឋមន្ត្រី​ថ្លែង​ថា ភាគច្រើន​នៃ​អ្នក​ដាំ​ដំឡូង​បានលក់​ទៅ​វៀតណាម ​ហើយ​វៀតណាម​ជាស​ត្រូវ​របស់​ពួកគាត់ ដូច្នេះ​បើ​ពួកគាត់​ឡើង​កាន់​អំណាច ពួក​គាត់​ប្រហែលជា​អាច​បង្កើត​សង្គ្រាម​ជាមួយ​វៀតណាម អញ្ចឹង​ទេ​ទីផ្សារ​ដំឡូង​ក៏​បាត់​ដែរ។

ពាក់ព័ន្ធ​ជាមួយ​បញ្ហា​តម្លៃ​ប្រេង​វិញ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ថ្លែងឲ្យ​ដឹង​​ថា ឥ​ឡូ​វ​នេះ​ចូល​ដល់​ដំណាក់​កាល​ដេញថ្លៃ​ប្រេង​សាំង​ហើយ ដែល​កាល​ពី​ឆ្នាំ​២០០៣ មាន​គណបក្ស​មួយ​បាន​ឃោសនា​ថា បើ​សិន​ជា​ឈ្នះ​ឆ្នោត​គេ​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​សាំង​ឲ្យ​នៅតែ ១៧០០រៀល​ទេ ​ក្នុង​មួយ​លីត្រ ក្នុង​ពេល​ដែល​តម្លៃ​ប្រេង​សាំង​ថ្លៃ ២,២ពាន់​រៀល ​ក្នុង​មួយ​លីត្រ។ ចំណែក​បក្ស​នយោ​បាយ​មួយទៀត​បាន​ឃោសនា​ថា បើសិនជា​បក្ស​គាត់​ឈ្នះ​នឹង​ធ្វើ​ឲ្យ​ប្រេងសាំង​ស្ថិត​​​ក្នុង​តម្លៃ​តែ ១៥០០​រៀល​ប៉ុណ្ណោះ​ ក្នុង​មួយ​លីត្រ។

សម្តេច​តេជោ​មាន​ប្រសាសន៍​ពន្យល់​ថា ការពិត​គណបក្ស​ទាំងនោះ​ដូច​ជា​មាន​ស្តុក​ប្រេង​នៅ​ក្នុង​មហាសាគរ​សម្រាប់​ យកមក​ប្រើ ហើយ​ឥឡូវនេះ​បាន​ចូល​ដល់​ដំណាក់​កាល​ដេញថ្លៃ​ប្រេង​សាំង​ទៀត​ហើយ ព្រោះ​បក្ស​មួយ​ថា បញ្ចុះ​ថ្លៃ​សាំង​ឲ្យ​ស្ថិត​នៅ​ត្រឹម​ប៉ុណ្ណេះ។ ខ្ញុំ​សួរថា​ ​សូម្បីតែ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ឬ​ប្រទេស​គុយ​វ៉ែត ក៏​ប្រទេស​ទាំង​នោះ​គេ​តម្លើង​ថ្លៃ​ប្រេង​របស់​គេ​ដែរ ដើម្បី​ឲ្យ​ស្មើ​ជាមួយ​នឹង​ការផលិត មិនមែន​ប្រទេសមាន​ប្រេង​ហើយ​លក់​ប្រេង​ថោក ​ឬ​ឲ្យ​ប្រេង​ប្រើ​ទទេ​នោះ​ទេ។
ឯកឧត្តម ចាន់​ យឿ​ន​ អភិបាលខេត្ដ​មណ្ឌលគិរី​ ក្នុងឱកាស​គោរព​ស្វាគមន៍​ និង​រាយ​ការណ៍​ជូន​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ការ​អនុវត្ដ​នយោបាយ​ចាស់​ សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី​ ដែល​ជា​អនុ​សាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ​ហ៊ុន​  សែន​ នៅ​ថ្ងៃ​ទី​២៨​ ខែ​មិថុនា​ ឆ្នាំ​២០១២​ ក្មួយៗ​វីរ​យុវ​និស្សិត​ស្ម័គ្រចិត្ដ​សម្ដេច​តេ​ជោ​ ១០​ក្រុម ​បាន​មក​ដល់​ទឹកដី​ខេត្ដ​ មណ្ឌលគិរី​ ហើយ​នៅ​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១២​ ក្រុម​វីរ​យុវ​និស្សិត​២​ក្រុម​ បន្ថែម​ទៀត​បាន​មក​ដល់​ខេត្ដមណ្ឌលគិរី​ សរុប​ទាំងអស់​ ១២​ក្រុម​ បាន​ចុះ​អនុវត្ដ​ការងារ​វាស់វែង​ដីធ្លី​ជូន​ប្រជា​ពល​រដ្ឋ​នៅ​តាម​ ភូមិសាស្ដ្រ​ ក្នុងស្រុក​ចំនួន​២​ គឺ​ស្រុក​កែវ​សីមា​ និង​ស្រុក​ពេ​ជ្រា​ដា​។​ លទ្ធ​ផល​គិត​ត្រឹម​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០១២​ បាន​ប្រកាស​តំបន់​វិនិច្ឆ័យ​ចំនួន​ ៥​ឃុំ​ ហើយ​ជាមួយនឹង​ការ​ងារ​ដែល​បាន​អនុវត្ដ​ទៅ​តាម​នីតិវិធី​បាន​បិទ​ផ្សាយ​ រយៈពេល​ ៣០​ថ្ងៃ​មាន​ចំនួន ​៣.២០៨​ក្បាល​ដី​ ស្មើ​នឹង​ ៥.៨៧៧​ហិ​កតា​ សម្រាប់​ប្រជា​ពល​រដ្ឋ ​១.៧៣៣​គ្រួសារ​ និង​បាន​ចែក​ប័ណ្ណ​កម្មសិទ្ធិ​បាន​ចំនួន ​៦៥៥​ប័ណ្ណ​។​ ក្រៅពី​ភារកិច្ច​ស្នូល​ ក្រុម​វីរ​យុវ​និស្សិត​ស្ម័គ្រ​ចិត្ដ​សម្ដេច​តេ​ជោ​បាន​ចូល​រួម​អនុវត្ដ​ កិច្ចការ​សង្គម​មួយ​ចំនួន​ទៀត​ ដូច​ជា​ការ​ ជួយ​ដល់​ជន​ក្រីក្រ​ ឧបត្ថម្ភ​វត្ដ​អា​រ៉ា​ម​ និង​ ការ​ងារ​ដាំ​ដើមឈើ​ជាដើម​។​ល​។

​ទាក់​ទង​នឹង​បញ្ហា​នេះ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​បាន​សម្ដែង​នូវ​សុទិដ្ឋិនិយម​ និង​មោទនភាព​ ចំពោះ​ការ​សំរេច​បាន​នូវ​លទ្ធផល​ជា​វិ​ជ្ជ​មាន ​នៃ​ការ​អនុវត្ដ​នយោបាយ​ចាស់​ សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី​ ហើយ​សម្ដេច​ក៏​បាន​លើក​ឡើង​នូវ​បញ្ហា​ផ្សេងៗ​មួយ​ចំនួន​ទាក់ទិន​ទៅ​នឹង​ការ​ អភិវឌ្ឍ​ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​ខេត្ដ​មណ្ឌលគិរី​មានការ​រីក ​ចំរើន ​ដែល​ការ​រីក​ចម្រើន​ទាំង​នេះ​ គឺ​ទាក់ទង​ទៅ​នឹង​កត្ដា​សន្ដិភាព ​ហើយ​ប្រសិនបើ​គ្មាន​សន្ដិភាព​ទេ​ ជាក់ស្ដែង​ដូច​ជា​នៅ​តំបន់​នេះ​ កាល​ពី​មុន​គឺ​មាន​តែ​កំលាំង​ធ្វើ​សមា​ហរ​ណ​កម្ម​តែ​ប៉ុន្មាន​គ្រួសារ​ ប៉ុណ្ណោះ​ ប៉ុន្ដែ​ មណ្ឌល​គិរី​បច្ចុប្បន្ន​ មិន​ដូច​មណ្ឌលគិរី​ពី​អតីតកាល​ឡើយ​ ហើយ​ឥឡូវនេះ​មណ្ឌល​គិរី​មាន​ប្រជា​ពលរដ្ឋ​បាន​មក​រស់នៅ​យ៉ាងច្រើន ​ដោយសារ​មាន​ហេរ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ដ៏​ងាយស្រួល​។​

​អំពី​ការងារ​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​  សម្ដេច​តេ​ជោ​ក៏​បាន​បង្ហាញ​នូវ​ការ​សង្ឃឹមទុក​ចំពោះ​បេសក​កម្ម​ចុះ​អនុវត្ដ ​ក្នុង​ជំហាន​ទី​២​នេះ​ នឹង​មាន​ល្បឿន​លឿន​ជាង​មុន ​ដោយសារ​យុវជន​ចុះ​អនុវត្ដ​លើក​នេះ​បាន​ចេញដំណើរ​ព្រម​គ្នា​ទាំង​ ១៦៨​ក្រុម​ ហើយ​ក្នុង​នោះ​យុវជន​ និង​មន្ដ្រី​គឺ​ សុទ្ធតែ​មាន​ចំណេះ​ដឹង​ និង​បទ​ពិសោធន៍​រួច​ហើយ​ ពិតមែនតែ​មាន​យុវជន​ថ្មី​មក​ចូលរួម ​ក៏​ប៉ុន្ដែ​យុវជន​ទាំងនោះ ​គឺ​សុទ្ធ​តែ​បាន​ធ្វើការ​បណ្ដុះ​បណ្ដាល​បាន​យ៉ាង​ត្រឹមត្រូវ​ខុស​គ្នា​ពី​ លើក​ទី​១ ​ដែល​នៅ​ ពេល​នោះ​ការ​ចាប់ផ្ដើម​ដំបូង​គឺ​មាន​តែ​  ៩១​ក្រុម​ប៉ុណ្ណោះ​ ហើយ​ទាំង​យុវជន​ និង​មន្ដ្រី​នៅ​ពេល​នោះ​បទ​ពិសោធន៍​ គឺ​សុទ្ធ​តែ​ថ្មី​ទាំងអស់​គ្នា​។​ ម្យ៉ាងវិញទៀត​ប្រជា​ពលរដ្ឋ ​ក៏​មិន​ទាន់​យល់​ដឹង​ច្បាស់​លាស់​អំពី​សកម្មភាព​នៃ​កិច្ចការ​នេះ​។​ ជាមួយ​នេះ​សម្ដេច​បាន​ផ្ដាំផ្ញើ​ទៅ​ប្រជាពលរដ្ឋ​ នៅ​តំបន់​​ផ្សេង​ទៀត​ដែល​ត្រូវធ្វើ​ការងារ​នេះ​ បើ​ចង់បាន​ឆាប់រហ័ស​ត្រូវ​សំរួល​គ្នា​ ដោយ​ធ្វើការ​បោះ​បង្គោល​​ព្រំ​ដី​ឱ្យ​ហើយ​  ក៏​ដូច​ជា​ការ​ត្រៀម​រូបថត​ និង​ឯកសារ​ផ្សេងៗ​សំរាប់​ការ​ចុះបញ្ជី​ដីធ្លី​នេះ​ ៕