Tuesday, January 22, 2013

សម្តេច​តេជោ៖ មាន​អ្នក​ជិត​ខាង​ល្អ ដូច​មាន​មាស មាន​អ្នក​ជិត​ខាង​អាក្រក់ ដូច​មាន​មីន



សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មករា ​ឆ្នាំ​២០១៣ ពីស្រុក​សៀម​បូក ខេត្ត​ស្ទឹង​ត្រែង បាន​ផ្ញើ​សារ​នយោ​បាយ​មួយ​ទៅលោកអាប់ភី​ស៊ីត វេចាជី​វ៉ា ​អតី​ត​នាយក​រដ្ឋ​មន្ត្រី​ថៃ បច្ចុប្បន្ន​ប្រធាន​គណបក្ស​ប្រជា​ធិប​តេយ្យ​ ជា​បក្ស​ប្រឆាំង​ក្នុង​ប្រទេស​ថៃ​ កុំ​ឲ្យ​ផ្សារ​ភ្ជាប់​កម្ពុជា ជា​មួយ​នឹង​បញ្ហា​ផ្ទៃ​ក្នុង​នយោ​បាយ​របស់​ថៃ​។​ សម្តេច​តេជោ​បាន​លើកឡើង​នូវ​ពាក្យ​ស្លោក​មួយ​ឃ្លា​ថា “មាន​អ្នក​ជិត​ខាង​ល្អ ដូច​មាន​មាស, មាន​អ្នក​ជិត​ខាង​អាក្រក់ ដូច​មាន​មីន”។

ក្នុង​ឱ​កាស​អញ្ជើញ​ជា​អធិប​តី​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​សំណេះ​សំណាល​ និង​ចែក​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ជូន​ប្រជា​ពល​រដ្ឋ​ចំនួន ​១.២៩​៨​គ្រួសារ​ ចំនួន​ក្បាល​ដី ១.៨៨២​ក្បាល​ដី​ ទំ​ហំ​ដី ​៥.០៧៤​ហិកតា​ដែល​បាន​ប្រារព្ធ​ធ្វើ​នៅភូមិ​អូរ​ប្ញស្សី​កណ្តាល​​ ឃុំ​អូរ​ប្ញស្សី​កណ្តាល​ ស្រុក​សៀម​បូក នា​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មករា ​ឆ្នាំ​២០១៣ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ដោយ​មាន​វត្តមាន​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អម​ដំណើរ​ផង បាន​ធ្វើ​ការ​ប្រៀប​ធៀប​អំពី​រដ្ឋាភិ​បាល​ថៃ​ថ្មី ដឹកនាំ​ដោយ​លោក​ជំទាវ យីង​ឡាក់ ស៊ី​ណា​វ៉ាត្រា ដែល​កំពុង​ផ្សះផ្សារ​របួស​ស្លាក​ស្នាម ដែល​បង្ក​ដោយ​រដ្ឋាភិបាល​អាប់​ភីស៊ី វេចាជីវ៉ា ថា​ បាន​នាំ​មក​ការរីក​ចម្រើន​ខាង​សេដ្ឋកិច្ច និង​សុខ​សន្តិភាព។

សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ឥឡូវ​នេះរាជ​រដ្ឋា​ភិបាល​ថៃ​ដឹកនាំ​ដោយ​លោក​ជំទាវ​យីង​ឡាក់​ និង​រាជ​រដ្ឋាភិបាល​កម្ពុជា​ កំពុង​ព្យាបាល​ស្នាម​របួស​ដែល​អតីត​រដ្ឋាភិបាល​ អាប់ភីស៊ីត​ បង្ក​ឡើង​ឱ្យ​មាន​ភ្លើង​សង្គ្រាម។ ឥឡូវ​បរិយាកាស​តាម​ព្រំដែន​កម្ពុជា-​ថៃ​ កំពុង​ល្អ​ប្រសើរ​ ទំនាក់​ទំនង​ទៅ​មក​រក​គ្នាកាន់​តែល្អ​ ទំហំ​ពាណិជ្ជកម្ម​កាន់​តែធំ​ ទេស​ចរណ៍កាន់​តែ​ច្រើន​ ការ​វិនិយោគ​កាន់​តែ​ល្អ...។

ទាក់​ទង​នឹង​សកម្ម​ភាព​នយោបាយ​របស់​ពួក​ជ្រុល​និយម​អាវ​លឿង​ថៃ និង​ក្រុម​គណបក្ស​ប្រជា​ធិប​តេយ្យ​របស់​លោក​អាប់​ភីស៊ី វេចាជីវ៉ា សម្តេច​តេ​ជោ​សែន ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការ​ចោទ​ប្រកាន់​របស់​ក្រុម​បក្ស​ប្រជា​ធិប​តេ​យ្យ​ បូ​ក​ជា​មួយ​ពួក​អាវ​លឿង ​តែង​តែ​ផ្សារ​ភ្ជាប់​ចោទ​ប្រកាន់​លោក​ថាក់​ស៊ីន​ ស៊ី​ណា​វ៉ាត្រា​ អតី​ត​នាយក​រដ្ឋ​មន្ត្រី​ថៃ​ដែល​គេ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ ចេញ​ពី​តំណែង​ថា មាន​ផល​ប្រយោជន៍​អាថ៌​កំបាំង​ជា​មួយ​នឹង​កម្ពុជា​ លើ​បញ្ហា​តំបន់​ត្រួត​ស៊ី​គ្នា​ក្នុង​សមុទ្រ​ រហូត​ទៅ​ដល់​ការ​បន្ធូរ​បន្ថយ​អំពី​ជម្លោះ​ដែន​គោក ពិសេស​តំបន់​ប្រាសាទ​ព្រះ​វិហារ​ ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​អំពី​តំប​ន់​ប្រេង​កាត​នៅ​តំបន់​ត្រួត​ស៊ី​គ្នា ​នៅ​ក្នុង​សមុទ្រ​រវាង​កម្ពុ​ជា និងថៃ។

សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ​ថ្ងៃ​នេះ​ខ្ញុំ​សូម​បញ្ជាក់​ជូន​ទៅ​អាប់​ភីស៊ីត ជា​ប្រធាន​បក្ស​ប្រឆាំង​នៅ​ក្នុងប្រទេស​ថៃ​ថា ​សូម​ឱ្យ​យក​ភស្តុ​តាង​បញ្ជាក់​មក​ តើ​ថាក់​ស៊ីន​ មា​ន​ប្រយោ​ជន៍​អ្វី​ជា​មួយ​ប្រទេស​កម្ពុជា​ ដូច​ការ​ទាម​ទារ​របស់​រា​ជ​រដ្ឋា​ភិបាល​ថៃ​បច្ចុប្បន្ន ដែល​កំពុង​ទាម​ទារ​ឱ្យ​បង្ហាញ​ចេញ​ភស្តុ​តាង​មក​បញ្ជាក់ តើ​អ្វី​ទៅ​ដែល​ថាក់​ស៊ី​មាន​ប្រយោជន៍​ជា​មួយ​កម្ពុជា​។ បើសិន​ជា​អ្នក​ឯង​មិន​អាច​រក​​ការ​បញ្ជាក់​ចេញ​ជា​ភស្តុ​តាង​បាន​ទេ ​អ្នក​ឯង​បោក​ប្រាស់​ប្រជា​ជន​ថៃ​ជាង​ ​៦០​លាន​នាក់​ និងក៏​បាន​បោក​ប្រាស់​ប្រជា​ជន​កម្ពុជា​ជាង ​១៤​លាន​នាក់​ដែរ​។ សម្តេច​តេ​ជោ ​ទិ​តៀន​ថា ​“នេះ​ជា​នយោ​បាយ​ដ៏​ស្មោក​គ្រោក​បំផុត​របស់​ពួក​អ្នក​ឯង”។

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រីបាន​រំលឹក​ឡើង​វិញ​ថា ​កាល​ពី​ថ្ងៃ ទី​៣០ ខែសីហា​ ឆ្នាំ​២០១១ អាជ្ញា​ធរប្រេង​កាត​កម្ពុជា​ ​បាន​ចេញ​សេច​ក្តី​ថ្លែង​ការ​ណ៍​មួយ​ដោយ​បាន​បញ្ជាក់​ថា ខ្ញុំ​សូម​អាន​នូវ​ចំណុច​នេះ​ ៖ យើ​ង​បាន​បញ្ជាក់​ហូរ​ហែ​ស្តី​ពី​បញ្ហា​អនុស្ស​រ​ណៈ​ឆ្នាំ​​២០០១​ នូវ​ការ​ចរ​ចា​ជា​បន្ត​បន្ទាប់​រហូត​មក​។ ការ​ចរ​ចា​ គឺ​មាន​តាំង​ពី​អតី​ត​នាយក​រដ្ឋ​មន្ត្រី​ថាក់​ស៊ីន​។​ នៅ​ពេល​ដែល​លោក​ថាក់​ស៊ីន​ គេ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ពី​តំណែង​ អតីត​នាយក​រដ្ឋមន្ត្រី​ស៊ូរ៉ា​យុទ្ធ​ ជូឡា​ណុន ដែល​តែង​តាំង​ដោយ​ពួក​យោ​ធា​ធ្វើ​រដ្ឋ​ប្រហារ​នោះ​ បាន​មក​ធ្វើ​ទស្សន​កិច្ច​នៅ​រាជ​ធានី​ភ្នំពេញ​។ គាត់​បាន​បញ្ជាក់​ថា ​អ្វី​ដែល​រដ្ឋា​ភិបាល​មុន​បាន​ធ្វើ​ គឺ​ទទួល​បន្ត​ទាំង​អស់​ រាប់​ទាំង​ការ​ចរ​ចា​ស្តី​អំពី​សមុទ្រ​ត្រួត​ស៊ី​គ្នា។​ បន្ទាប់​មក​ក៏​មាន​ការ​បោះ​ឆ្នោត​ ក៏​បាន​កើត​ឡើង​នូវ​រដ្ឋាភិ​បាល​របស់​ប​ក្ស​កម្លាំង​ប្រជា​ជន​ ដឹក​នាំ​ដោយ​នាយក​រដ្ឋមន្ត្រី​សាម៉ាក់ ​ស៊ុនថារ៉ាវេត​។​ មាន​ការ​ចរ​ចា​កម្រិត​ខ្ពស់​ គឺ​ពេល​ដែល​គាត់​មក​ទស្ស​ន​កិច្ច​នៅ​រាជ​ធានី​ភ្នំពេញ​ ស៊ូរ៉ាយុទ្ធ​ ​ក៏​មក​ភ្នំពេញ​។ ដូច្នេះ​ហើយ​សាម៉ាក់ មក​ក៏​និយាយ​ទាក់​ទិន​នឹង​ការ​ចរ​ចា​ទៀត។ ប៉ុន្តែ​ដល់​ដំណាក់​កាល​អាប់​ភី​ស៊ីត​ យក​បាន​អំណា​ច​តាម​រយៈ​បំបែក​បក្ស​កម្លាំង​ប្រជា​ជន​ទៅ​មួយ​ផ្នែកហើយ​ប្រមូល​សំឡេង​ភាគ​តិច​បង្កើត​រាជ​រដ្ឋា​ភិបាល​ រឿង​រ៉ាវ​ព្រំ​ដែន​​កម្ពុជា-​ថៃ​ ក៏បាន​​ផ្ទុះ​ឡើង​ដែល​ក្នុង​ហ្នឹង​មាន​បញ្ហា​តំបន់​សមុទ្រ​។

សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា គេ (អាប់ភីស៊ី) ​ថា ​មិន​ចរ​ចា​ទេ ប៉ុន្តែ​គេ​ឱ្យ​ឧប​នាយក​រដ្ឋ​មន្ត្រី​មក​ចរ​ចា​ជា​សម្ងាត់​។​ ខ្ញុំ​អត់​បាន​ដឹង​ទេ​ថា ឧប​នាយក​រដ្ឋមន្ត្រី​ស៊ូថេប​ ធឿកសុ​បាន​ និងលោកប្រាវីត ​វង្សសុវ៉ាន់​ មក​ផ្ទះ​ខ្ញុំ​ថ្ងៃ​ទី​២៧ ​ខែ​មិថុនា ​ឆ្នាំ​២០០៩​ នៅ​តាខ្មៅ​។ អត់​ដឹង​ថា មក​ចរ​ចា​ពី​រឿង​នោះ​ទេ​ ព្រោះ​គាត់​សុំ​មក​ ហើយ​​ក៏​ពិសា​​បាយ​នៅ​ផ្ទះ​ខ្ញុំ​ មាន​សម្ល​​កកូរ​ទទួល​ទាន​។​ មក​និយាយ​សម្រួល​​អំពី​បញ្ហា​ព្រំ​ដែន​ និង​អ្នក​ទោស​ថៃ​ពីរ​នាក់​ ​ដែល​ជាប់​ពាក់​ព័នុ្ធ​ជា​មួយ​បញ្ហា​ភេរវ​កម្ម​ ប៉ុន្តែនៅ​ពេល​ជិត​ពិសា​បាយ​គាត់​សុំ​ពិភាក្សា​ ហើយ​យក​ផែន​ទី​ដាក់​លើ​តុ។ ផែន​ទី​នោះ​​មាន​បែង​ចែក​ភាគ​ហើយ​ស្រេច​ ហើយ​គាត់​ចង់​ចរ​ចា​​ជាមួយ​ខ្ញុំ​​ដោយ​ផ្ទាល់​។ ខ្ញុំ​ឆ្លើយ​ថា ក្រុម​ខ្ញុំ​មាន​លោក​ឧប​នាយក​រដ្ឋមន្ត្រី​សុខ​ អាន​។

ទាក់​ទង​នឹង​ការ​លួចរចាជា​សម្ងាត់ ដែល​បង្ក​ឡើង​ដោយ​អតីត​រដ្ឋាភិបាល​អាប់​ភីស៊ី​ត​នោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រីបាន​លើក​ជា​សំណួរ​ថា ដូច្នេះ​នៅ​ទី​នេះ​ចង់​បក​ស្រាយ​ដូច​ម្តេច?​រដ្ឋា​ភិ​បាល​មុន​ៗ​ចរ​ចា​ចំហ​ជា​និច្ច​​ ចំណែក​រដ្ឋា​ភិ​បាល​អាប់​ភី​ស៊ីត ​លួច​ចរ​ចា​ជា​មួយ​ខ្ញុំ​ជា​ចៃ​ដន្យ​ណាស់​កាល​ដែលគាត់​លើក​បញ្ហា​មក​ដាក់​លើ​តុ។ យើ​ង​ក៏​បាន​ប្រាប់​គាត់​ឱ្យ​មាន​ការ​ចរចា​ជា​មួយ​លោក​ឧប​​នាយករដ្ឋមន្ត្រី​សុខ អាន​។​ គាត់​មិនចរ​ចា​នៅ​កម្ពុជា​ ឬ​ថៃ​ទេ​ សុំ​ចរចា​នៅ​ហុង​​កុង​ បន្ទាប់​មក​មា​ន​ការ​ជួប​គ្នា​នៅ​គុន​មីង។

ដោយ​បាន​លើក​យក​នូវ​អត្ថ​បទ​ដែល​ចេញ​ផ្សាយ​ដោយអាជ្ញាធរ​ប្រេង​កាត ទាក់​ទង​នឹង​ការ​ចរចា​បញ្ហា​តំបន់​ត្រួត​ស៊ី​គ្នា​រវាង​ប្រទេស​ទាំង​ពីរ (កម្ពុជា-ថៃ) មក​អាន និងបាន​ឱ្យ​អ​ង្គ​ភាព​ព័ត៌​មាន​ និង​ប្រតិ​កម្ម​រហ័ស ​យក​អត្ថ​បទរបស់​អាជ្ញាធរ​ប្រេងកាតជា​ភាសា​អង់​គ្លេស​ និង​ខ្មែរ ​ផ្សព្វ​ផ្សាយ​ឡើង​វិញ​បញ្ជូន​ទៅ​ឱ្យ​ខាង​ភាគី​ថៃ​ចុះ​ផ្សាយ​ឱ្យ​បាន​ច្រើន​ សម្តេច​តេជោ​បាន​មាន​ប្រ​សាសន៍​ថា ខ្ញុំ​សូម​អាន​ទាំង​ស្រុង ​ដើម្បី​បញ្ជូន​សា​រ​នេះ​ទៅ​កាន់​បក្ស​ប្រជាធិប​តេយ្យ​ដែល​ជា​បក្សប្រឆាំង​នៅ​ក្នុង​សភា​របស់​ថៃ ​ដឹក​នាំ​ដោយ​អាប់​ភី​ស៊ីត ​វេចា​ជី​វ៉ា​ ដែល​បាន​និយាយ​ថា លោក​ថាក់​ស៊ីន ​មាន​អាថ៌​កំបាំង​ជា​មួយ​កម្ពុជា​នៅ​តំបន់​ប្រេង​កាត គឺ​ភ្ជាប់​តែ​រឿង​ហ្នឹង​ រហូត​ដល់​ថ្នាក់​ថា ​បន្ធូរ​បន្ថយ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ ដើម្បី​ដោះ​ដូរ​ផល​ប្រយោជន៍​នៅ​ក្នុង​តំបន់​សមុទ្រ។​ ​សម្តេចតេជោ​មាន​ប្រសាសន៍បញ្ជាក់​អំពីការ​លើក​ឡើង​របស់​សម្តេច​ថា “ខ្ញុំ​ចង់​ការ​ពារ​កម្ពុជា​ និង​អ្នក​ដែល​ល្អ​នៅ​ប្រទេ​ស​ថៃ​ដែរ​”។

ទាក់​ទង​នឹង​ល្បិកល​ខ្មៅ​ងងឹត​របស់​ក្រុម​លោក​អាប់​ភីស៊ី អតីតនាយករដ្ឋ​មន្ត្រី​ថៃ សម្តេច​តេ​ជោ​មានប្រសាសន៍​អំពាវនាវ​ទៅ​ប្រជា​ជន​ថៃ​ថា សូម​ឱ្យ​ប្រជា​ជន​ថៃ​ដាក់​សំណួរ​សួរ​ទៅ​អាប់​ភីស៊ីត​សួរ​លោក​ស៊ូថេប​ ​ថា ហេតុ​អ្វី​បាន​សុំ​ចរចា​ជា​សម្ងាត់ ​យក​ឯក​សារ​មក​ដល់​ផ្ទះ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅ​នឹង​ដៃ?។ សម្តេច​តេជោ​បាន​បញ្ជាក់​ថា ​រឿង​នេះ​អត់​ជាប់​ទាក់​ទង​ជា​មួយ​លោក​ប្រាវីត ​វង្សសុវ៉ាន់​ទេ ដេញ​ដោល​ស៊ូថេប និង​អាប់​ភីស៊ីត។

សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា អ្វីៗ​លើកឡើង​ថា ​ថាក់​ស៊ីន​មាន​ផល​ប្រយោជន៍​ជាមួ​យ​កម្ពុជា...កម្ពុជា​មាន​ផល​ប្រយោជន៍​ជា​មួយ​នឹង​ថៃ​ ជា​មួយ​អតីត​នាយក​រដ្ឋ​មន្ត្រីថៃ និង​រាជ​រដ្ឋា​ភិបាល​បច្ចុប្បន្ន​ គឺជា​រឿង​បញ្ហា​សន្តិ​ភាព​រួម​គ្នា​អភិវឌ្ឍន៍​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិ​វិធី​នៅ​តាមខ្សែ​បន្ទាត់​ព្រំដែន​ប្រកប​ដោយ​សន្តិ​ភាព ​​មិត្ត​ភាព​ និង​សហ​ប្រតិ​បត្តិ​ការ ​ដើម្បី​ឱ្យ​ទាំង​សង​ខាង​មាន​ភាព​សុខ​ដុម​រមនា​។ នេះ​ជា​ផល​ប្រយោជន៍​ពិត​ប្រាកដ​ដែល​កម្ពុជា​ និង​ថៃ​មាន​ជា​មួយ​គ្នា។

ជុំ​វិញ​បញ្ហា​លោក​អាប់ភីស៊ី​ត​បញ្ជូន​លោក​ស៊ូថេប ធឿក​សុបាន ឧបនាយករដ្ឋមន្ត្រី​ថៃ​ មក​សុំ​ចរចា​ជា​សម្ងាត់​ជាមួយ​កម្ពុជា សម្តេច​តេជោ​បាន​ជម្រុញ​ឲ្យ​ក្រុម​ពួក​អាប់​ភីស៊ីត​ ​ជាអ្នក​ដឹង​រឿង​បញ្ចេញ​អាថ៌កំបាំង​នោះមក​ ដោយ​សម្តេច​បាន​មាន​ប្រសាសន៍​ថា សុំ​បញ្ចេញ​ បើ​មិន​បញ្ចេញ​ទេ អ្នក​ឯង​កំសាក​ខ្លាំង​ណាស់។ ខ្ញុំ​សូម​និយាយ​ជំនួស​ប្រជា​ជន​ថៃ​ និង​ជំនួស​ប្រជា​ជន​កម្ពុជា​ដែរ​ បញ្ចេញ​មក​​ ឥឡូវ​ខ្ញុំ​បោះ​បញ្ជូនបាល់​ទៅ​ឱ្យ​បក្ស​ភឿ​ថៃ​ ទៅ​ឱ្យ​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ការ​បរទេស ​សូរ​ពង្ស​ ប៉េណាល់​ទី​ចូល​ហ្គោ​លរបស់​​អាប់ភីស៊ីត​តែម្តង​ ឬ​ទៅ​ឱ្យ​លោក​ជំទាវ​យីង​ឡាក់​​តែ​ម្តង។ ព្រោះ​ខ្លួន​ឯង​មក​លួច​ចរ​ចា​ជា​មួយ​គេ​ ​ហេតុ​ម្តេច​មិន​ចោទ​ ឥឡូវ​អ្នក​ឯង​នេះ​តែ​ម្តង ខ្ញុំ​បញ្ចេញ​ទៀត។

ទាក់​ទង​នឹង​ទំនាក់​ទំនង​ជាមួយ​រាជរដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ឥឡូវ​នេះ​រាជ​រដ្ឋា​ភិបាល​ថៃ​ដឹក​នាំ​ដោយ​លោក​ជំទាវ​យីង​ឡាក់ ​កំពុង​តែ​ព្យា​បាល​ស្នាម​របួស​ដែល​បង្ក​ឡើង​ដោយ​អាប់​ភីស៊ីត តែបែរ​ជាពួក​នេះ​(ក្រុមអាវលឿងថៃ) បង្ក​សា​ជា​ថ្មី​ម្តង​ទៀត​ហើយ។ ​ថ្មីៗ​នេះ​មាន​ការ​ជួប​ជុំ​គ្នា​ធ្វើ​ព្យុ​ហយា​ត្រា​ទាម​ទារ​ប្រាសាទ​ព្រះ​វិហារ​ ហើយ​សូម​ឱ្យ​រដ្ឋា​ភិបាល​ថៃ​កុំ​ទទួល​ស្គាល់​សិទ្ធិ​អំណាច​តុលា​ការ​អន្តរ​ជាតិ។

សម្តេច​តេជោ​មាន​ប្រសាសន៍​ថា រឿង​នេះ​រឿង​លោក​ឯង​ទេ តែ​ខ្ញុំ​សូម​បញ្ជាក់​ជូន​ប្រជា​ពល​រដ្ឋ​ថៃ​ឱ្យ​បាន​ជ្រាប​។ រឿង​រ៉ាវ​កន្លង​ទៅ​ដែល​មាន​ការ​ប្រយុទ្ធ​គ្នា​រហូត​ដល់​មាន​ការនាំ​រឿង​ចូល​ដល់​តុលាការ​អន្តរជាតិ​ឡាអេ​ ដើម្បី​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២​ លើ​បញ្ហា​ប្រាសាទ​ព្រះ​វិហារ​ គឺ​ចេញ​មក​ពី​នយោ​បាយ​របស់​បក្ស​ប្រជា​ធិបតេយ្យ​ ន​យោបាយ​រ​បស់​អតីត​នាយក​រដ្ឋ​មន្ត្រី​ អាប់​ភីស៊ីត​ វេចាជីវ៉ា​ តែ​ម្តង។ សូម​ឱ្យ​ប្រជា​​ពលរដ្ឋ​ថៃ​ចាក់​មើល​ឡើង​វិញ​នូវ​អ្វីដែលអាប់​ភីស៊ីត​ បាន​និយាយ​ ជា​ពិសេស​និយាយ​នៅ​ពេល​ដែល​ខ្លួន (អាប់ភីស៊ីត) ​ទៅ​ជួប​ជាមួយ​ក្រុម​បាតុករ​ដែល​ពាក់​អាវ​ដៃ​ខ្លី​នោះបាន​និយាយ​ថា “ដំណោះ​ស្រាយ​ជាមួយ​កម្ពុជា​ត្រូវ​ធ្វើ​ឡើង​តាម​រយៈ​ការ​ទូត និង​យោធា”

ទាក់​ទង​នឹង​សម្តី​ដែល​មាន​ចរិត​ល្មោភ​សង្គ្រាម​របស់​លោក​អាប់ភីស៊ីត សម្តេចតេជោ​បាន​រិះគន់​ថា​ សម្តី​មេ​ដឹកនាំ​បែប​នេះ ​គឺ​ជា​ការបញ្ឆេះ​នូវ​សង្គ្រាម​ហើយ។ កម្ពុជា​មាន​ការ​អត់​ធ្មត់​ សូម្បី​តែ​កងទ័ព​ថៃ​បានចូល​មក​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ​ក្នុង​ទឹកដី​កម្ពុជា​តាំង​ពីឆ្នាំ​២០០៨។​ ប្រជុំ​អាស៊ាន​ឆ្នាំ​២០០៩​ នៅ​ថៃ​ ខ្ញុំ​អត់​លើក​បញ្ហា​ក្នុង​អាស៊ាន​ទេ​។ ប្រជុំ​​អាស៊ាន​ឆ្នាំ​២០១០ នៅ​វៀតណាម​ ខ្ញុំ​អត់​លើក​ទេ​ ​ប្រជុំ​​អាស៊ានឆ្នាំ​២០១១​ នៅ​ឯ​ហ្សាការតា​ ខ្ញុំ​បង្ខំ​ចិត្ត​លើក។ សូម​ប្រជាជន​ថៃ​ត្រូវ​តែ​ដឹង​ ព្រោះ​រឿង​នេះ​ជា​រឿង​ធំ​ ជារឿង​ថ្នាក់​ពិភព​លោក។

សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ទៀត​ថា លោក​ឧបនាយក​រដ្ឋមន្ត្រី​ ហោ ណាំហុង​ បាន​ប្រាប់​កាស៊ីត ភីរម្យ​ (អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ) ថា បើ​យើង​ដោះស្រាយ​មិន​បាន​ទេ​ យើង​គួរ​នាំ​គ្នា​ទៅ​តុលាការ​អន្តរ​ជាតិ។ ទាក់​ទង​នឹង​ការ​បញ្ជូន​សំណុំ​រឿង​ថៃ​ឈ្លានពាន​ប្រាសាទ​ព្រះវិហារ​ទៅ​តុលាការ​អន្តរជាតិ​នេះ សម្តេច​តេជោ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ បើកុំតែ​មាន​ការ​ផ្ទុះ​អាវុធ​នៅថ្ងៃ​ទី​៤ និង​ថ្ងៃ​ទី​៦​ យើង​ក៏​អត់​ប្តឹង​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​ទេ​ ហើយ​ក៏​មិន​ប្តឹង​ទៅ​តុលាការអន្តរជាតិ​ឡាអេ​ដែរ។ សម្តេច​តេជោ​ក៏​បាន​លើក​ឲ្យ​ដឹង​ផង​ដែរ​​ថា ​ដោយ​សារចរិត​មើល​ងាយ​ និង​មាន​ការ​លើក​ទឹកចិត្ត​ពី​លោកស៊ុនធិ លឹមថងគល់ ពី​លោក​ចម្លង​ ស្រ៊ីមឿង​ ដែល​ជា​មេ​ដឹកនាំ​អាវ​លឿងផង គឺគេបាន​ឱ្យ​ប្រើ​កម្លាំង​កងទ័ព​ បណ្តេញប្រជាជន​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះ​វិហារ​ រហូត​ដល់ ចម្លង​ ស្រ៊ីមឿង​ ប្រើ​យុទ្ធសាស្ត្រ​ថា​ យើង​ត្រូវ​តែ​វ៉ៃៗ​...យក​អង្គរ​វត្ត​ ចាំ​ទៅ​ដោះដូរ​ប្រាសាទ​ព្រះ​វិហារ។ បញ្ហា​នេះ សម្តេច​បាន​លើក​ជា​សំណួរ​ថា វា​ហាក់​ដូច​ជា​ស្រួល​ណាស់​ជាង​បក​ចេក​ទៅ​ទៀត?។

ជុំ​វិញ​សកម្ម​ភាព​ឈ្លាន​ពាន និង​សម្តី​ល្មោភសង្គ្រាម​របស់​ក្រុម​ជ្រុល​និយមអាវ​លឿង​ថៃ សម្តេច​តេជោមានប្រសាសន៍បញ្ជាក់​ថា ​មិន​ចាំបាច់​និយាយ​ទេ​ រហូត​ដល់​ប៉ុណ្ណឹង​ទៅ​ហើយ តើ​ពិភព​លោក​គេ​ច្រត់​ដៃ​មើល​ឬ?​ សូម្បី​តែ​ថៃ​វាយ​មកលើ​ប្រាសាទ​ព្រះ​វិហារ​ គេ​កោះ​ប្រជុំ​ភ្លាម។ អា​ស៊ាន​នៅ​ពេល​ដែល​ខ្ញុំ​លើក​ (បញ្ហា​ផ្ទុះ​អាវុធដែល​បង្ក​ឡើង​ដោយ​យោធា​ថៃជំនាន់​រដ្ឋាភិបាល​អាប់ភីស៊ី ក្នុង​កិច្ច​ប្រជុំ​នៅ​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី) ក្រុម​ប្រឹក្សាសន្តិសុខ​បញ្ជូន​បញ្ហា​​ហ្នឹង​ឱ្យ​អាស៊ាន​តាមដាន។

សម្តេចតេជោមានប្រសាសន៍ថា ពេលដែលរាជរដ្ឋាភិបាលកម្ពុជាប្តឹងទៅអង្គការសហប្រជាជាតិ ប្តឹងទៅតុលាការអន្តរ​ជាតិ គឺក្នុងដំណាក់កាលនាយករដ្ឋមន្រ្តីអាប់ភីស៊ីត និងរដ្ឋមន្រ្តីការបរទេសកាស៊ីត ភីរម្យ មិនមែននាយករដ្ឋមន្រ្តីយីងឡាក់ ស៊ីណាវ៉ាតត្រា នោះទេ ហើយក៏មិនមែនរដ្ឋមន្រ្តីការបរទេស ស៊ូរ៉ាពុង ដែរ។

សម្តេចតេជោ​មាន​ប្រសាសន៍​ពន្យល់​ថា “សូម​ប្រជា​ពលរដ្ឋ​ថៃ​យល់​ឱ្យច្បាស់​ថា​ ​មិន​មែន​រដ្ឋា​ភិ​បាល​យីងឡាក់​ ​​បង្កើត​បញ្ហា​ជាមួយ​កម្ពុជា​ទេ​ គឺ​អតីត​រដ្ឋាភិបាល​អាប់ភីស៊ីត​ របស់​បក្ស​ប្រជា​ធិប​តេយ្យ​ជា​អ្នក​បង្កើត​ឡើង ដែល​ធ្វើ​​ឱ្យ​កម្ពុជា​បញ្ជូន​បញ្ហា​ទៅ​ឱ្យ​តុលាការ​អន្តរ​ជាតិ​ ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ។ ​​រឿង​នេះ​ស្ថិត​នៅ​ក្រោម​ការ​តាមដាន​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​នៅ​ឡើយ​ទេ​។​ ​អាស៊ាន​ដែល​មាន​ឥណ្ឌូណេស៊ី​ ក៏​កំពុង​តាម​ដាន​នៅ​ឡើយ​ដែរ​ ហើយ​កម្ពុជា​ក៏​កំពុង​តែ​រាយ​ការណ៍​ទៅ​តុលាការ​តាមដីកា​បង្គាប់​នូវ​ការ​វិវត្តនានា។ ដូច្នេះ​កម្ពុជា​មានសិទ្ធិ​ធ្វើ​របាយការណ៍​ជូន​មន្ត្រី​តុលាការ​អន្តរជាតិ​ឡាអេ ស្តី​អំពី​ការ​ញុះញង់​ទាំង​ឡាយ​របស់​ក្រុម​អាវ​លឿង​មួយ​”។

សម្តេចតេជោបានដាក់ជាសំណួរថា ហេតុអ្វីបានជានៅក្រោយថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១១ បន្ទាប់ពីបក្សភឿថៃឈ្នះឆ្នោតរហូតមកដល់​ពេល​នេះកម្ពុជា-ថៃ មានសេចក្តីសុខជាមួយគ្នា ការនេះ គឺបណ្តាលមកពីមេដឹកនាំ បើមេដឹកនាំចង់ឲ្យមានសង្រ្គាម វាមានសង្រ្គាមហើយៗ លើការជាក់ស្តែងនៅពេលដែលលោកថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា នៅធ្វើជានាយករដ្ឋមន្រ្តីអត់មានសង្រ្គានៅតាមព្រំដែនកម្ពុជា-ថៃទេ៕