Friday, January 25, 2013

សម្តេច​​តេ​ជោ​ដាក់​​ចេញ​ភារ​កិច្ច​​សំខាន់​ៗ​៥​យ៉ាង ​សម្រាប់​កង​យោធពល​​ខេម​រភូមិន្ទ​​អនុវត្ដ

អនុ​សាសន៍ទាក់​ទង​នឹងភារកិច្ច​សំខាន់ៗចំនួន​៥យ៉ាង ដើម្បី​អនុវត្តន៍ឲ្យ​មាន​ប្រសិទ្ធ​ភាព​ ក្នុង​បុព្វ​ហេតុ​ការពារប្រជា​ជន​ និង​បូរណភាព​ទឹក​ដី ក៏​ដូច​ជា​លើក​កម្ពស់​សមត្ថភាព​ប្រតិបត្តិការ ដែល​រួម​មាន៖ ទី១-កិច្ចការពារ​បូរណ​ភាព​ទឹកដី។ ទី២-សន្ដិសុខ​មនុស្ស។​ ទី៣-សន្ដិសុខ​ដែន​សមុទ្រ។ ទី៤-ការធ្វើ​សមាហរណកម្ម​កង​យោធពល​ខេមរភូមិន្ទនៅក្នុង​តំបន់ និង​អន្ដរជាតិ។ ទី៥-កសាង​សមត្ថភាព​សម្រាប់​ប្រតិ​ប​ត្ដិ​ការសង្គ្រោះ​ពេល​មាន​គ្រោះ​ មហន្ដរាយ។ ត្រូវ​បាន​នាយ​​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស៥ សម្តេច​​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាស​ជូន​ដល់កង​យោធពល​ខេមរភូមិន្ទ នា​ព្រឹក​ថ្ងៃ​ទី២៤ ខែមករា ឆ្នាំ២០១៣។
ការងារ និង​ភារកិច្ច​សម្រាប់​កង​យោធពល​ខេមរភូមិន្ទអនុវត្តន៍​ ​ ដែល​បាន​ដាក់​ចេញ​​ដោយ​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នា​ថ្ងៃទី២៤ ខែ​មករា ឆ្នាំ២០១៣ នៅ​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះ​បណ្តាល​នាយ​ទាហាន​ជើងគោក​ជំនាន់​ទី១ នាយទាហាន​សកម្ម​ជំនាន់​ទី១៣ និង​សម្ពោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​សមិទ្ធផល និង​ការ​បើក​ការដ្ឋាន​សាងសង់​បន្ត ​ជា​ជំនួយ​របស់​សាធារ​ណ​រដ្ឋ​ប្រជាមានិត​ចិន ​ ជូន​ដល់​វិទ្យាស្ថាន​កងទ័ពជើងគោកថ្លុក​តាសេក ឃុំ​ត្រែង​ត្រយឹ​ង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ នោះ​រួមមាន៖
ទី១-កិច្ចការពារ​បូរណ​ភាព​ទឹកដីៈ នេះ​ជា​កាតព្វកិច្ច​របស់​ពល​រដ្ឋ​កម្ពុជា​គ្រប់រូប ​ហើយ​ដែល​កង យោធពលខេមរភូមិន្ទ ​និង​កង​នគរ​បាល​ជាតិ​ត្រូវ​ធ្វើជា​កម្លាំង​ស្នូល​ប្រឆាំង​សង្គ្រាម​ ឈ្លានពាន​ពី​គ្រប់មជ្ឈដ្ឋាន ដើម្បី​ការពារ​ទឹកដី ការពារ​ប្រជាជន ការពារ​ផលប្រយោជន៍​ប្រទេសជាតិ រក្សា​ស្ថិរភាព​នយោ​បាយ សន្ដិសុខ សណ្ដាប់ធ្នាប់​សង្គម ដែល​ទទួល​បាន​សន្ដិភាព​​រួច​មក​ហើយ និង​បង្ក​លក្ខណៈ​ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ។ ប្រការ​នេះ​ទាមទារ​ឱ្យ​កង​យោ​ធ​ពល​ខេមរភូមិន្ទ​មាន​សមត្ថភាព មាន​វិជ្ជាជីវៈ​ច្បាស់លាស់ និង​ប្រកាន់ខ្ជាប់​នូវ​វិន័យ សីលធម៌ អត្ដ​ចរិត​គោរពបទ​ប្ប​ញ្ញ​ត្ដិ បទបញ្ជា​របស់កង​យោធពល​ខេមរភូមិន្ទ និង​គោរព​ច្បាប់​ផ្សេងៗ​ទៀត​របស់​រដ្ឋ ហើយ​ត្រូវ​យក​​ចិ​ត្ដ​ទុកដាក់​ពង្រឹងពង្រីកគុណភាព​របស់​កងទ័ព ​តាម​ផែនការ​កែ​ទ​ម្រង់​ដែល​បាន​ដាក់​ក្នុង​រយៈពេល ៥ឆ្នាំ​ម្ដង។ នៅ​ក្នុង​កាលៈទេសៈ​​ដែល​មាន​ការវិវាទ​ព្រំដែន ការ​គំរាម​ពី​សំណាក់​ឧក្រិដ្ឋ​កម្ម​ឆ្លងកាត់​ព្រំដែន គ្រឿងញៀន និង​អំពើភេរវកម្ម​អន្ដរ​ជាតិ នៅតែ​ជា​កង្វល់​ដ៏​ចម្បង​នៃ​សន្ដិសុខ​ជាតិ កង​យោធពល​ខេមរភូមិន្ទ​ចាំបាច់​ត្រូវតែ​ពង្រឹង​សមត្ថភាព​ការពារ​ព្រំដែន ដើម្បី​រក្សា​បាន​​នូវ​សន្ដិសុខ និង​ស្ថិរភាព ជាមួយ​ប្រទេសជិតខាង ដើម្បីធានា​សន្ដិសុខ​សម្រាប់​ប្រជាជាតិ​ទាំងមូល។ ការ​ពង្រឹង​វត្ដ​មាន​កម្លាំង​ការពារ​ព្រំដែន​ពុំ​មែន​មាន​ន័យ​ថា ជា​ការ​ប្រឈមមុខ​ណាមួយ​នោះ​ឡើយ។ ផ្ទុយទៅវិញ គឺ​ការ​យល់​ដឹង និង​ការ​កសាង​ទំនុក​ទុក​ចិត្ដ​ជាមួយ​ប្រទេសជិតខាង។ ម្យ៉ាងវិញទៀត ការ​មាន​ទំនាក់ទំនង​ជាប្រចាំ​ជាមួយ​ដៃគូ​ទាំង​ឡាយ​នឹង​អាចជួយ​បង្កើន​ទំនុក​ ចិត្ដ និង​សម្ព័ន្ធភាព​បាន​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត។ ជាមួយ​នោះ​ការងារ​បោះ​បង្គោល​ខណ្ឌសីមា​ព្រំដែន​គោក និង​ការកំណត់​ព្រំដែន​សមុទ្រ​រវាង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និងសាធារណរដ្ឋ​សង្គមនិយម​វៀតណាម ខ្ញុំ​បាន​ធ្វើ​អធិប្បាយ និង​ផ្ដល់​ការ​បំភ្លឺ​នៅ​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា កាលពី​ថ្ងៃទី៩ ខែ​សីហា ឆ្នាំ២០១២ រួច​មក​ហើយ សង្ឃឹមថា​បង​ប្អូន​នឹង​យល់​ច្បាស់ គ្មាន​ស្រ​ពិចស្រពិល​ទៀត​ឡើយ។ ទន្ទឹម​នឹង​នេះ ក្រសួងការពារជាតិ និង​អគ្គ​មេ​បញ្ជា​ការ​​ត្រូវ​យក​ឯកសារ​នេះ ដាក់បញ្ចូល​ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​គ្រប់​កម្រិត និង​ផ្ដល់​ការ​បង្រៀន​ឱ្យ​យោធិន​កាន់តែ​យល់​ច្បាស់​ថែម​ទៀត។
ទី២-សន្ដិសុខ​មនុស្សៈ ការលើក​ទិសដៅ​គិតគូរ​អំពី​សន្ដិសុខ​មនុស្ស គឺជា​ទស្សនាទាន​កំពុង​រីក​ដុះដាល​លើ​ចក្ខុវិស័យ​លំដាប់​អន្ដរជាតិ តំបន់ និង​ក្នុងប្រទេស ព្រោះ​ជាការ​រីកចម្រើន និង​ការ​អភិវឌ្ឍ ដែល​ពិភពលោក​ក្លាយ​ទៅ​ជា​ទីតាំង​រាបស្មើ នោះ​នឹងមាន​ការគិតគូរ​កាន់​តែ​ខ្លាំង​ឡើង អំពី​សិទ្ធិមនុស្ស និង​សេរីភាព​នានា។ ចំពោះ​កម្ពុជា សន្ដិសុខ​មនុស្ស​គឺជា​កត្ដា​គន្លឹះ​ដែល​ត្រូវ​យក​ចិ​ត្ដ​ទុកដាក់​ឱ្យ​បាន​ មុតមាំ​បំផុត។ ជា​សត្យានុម័ត​មនុស្ស​ចាំបាច់​ត្រូវ​ទទួលបានការ​ការពារ​ពី​ការ​គំរាម​ដោយ​ ជំងឺ ការ​អត់​ឃ្លាន ភាព​គ្មាន​ការងារ​ធ្វើ អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​អ្នកដទៃ ការ​គៀបសង្កត់​ផ្នែក​នយោបាយ ស្មារតី ជនជាតិ សាសនា និង​មហន្ដរាយ​ផ្នែក​បរិស្ថាន​ជាដើម ។ល។ ដែល​តែង​កើតមាន​សម្រាប់​ការរស់នៅជាប្រចាំ​ថ្ងៃ។ ក្នុង​ខ្លឹមសារ​នេះ សន្ដិសុខ​មនុស្ស​ពុំ​មែន​ត្រឹមតែ​ជា​ការ​ព្រួយបារម្ភ​អំពី​ការ​គំរាម​ ដោយអាវុធ​នោះ​ទេ ប៉ុន្ដែ​គឺជា​កង្វល់​អំពី​ការរស់នៅ និង​សេចក្ដីថ្លៃថ្នូរ​ទៀតផង។ បញ្ហា​នេះ រាជរដ្ឋាភិបាល កម្ពុជា​បាន​អនុវត្ដ​ដោយមាន​ប្រសិទ្ធភាព​នៅ​ក្នុង​ការ​បញ្ចប់​ សង្គ្រាមស៊ីវិល ហើយ​កំពុង​ត្រូវ​បាន​អនុវត្ដជា​បន្ដ​រហូតមកដល់​បច្ចុប្បន្ន និង ទៅ​អនាគត។
ទី៣-សន្ដិសុខ​ដែនសមុទ្រៈ សមុទ្រ​កម្ពុជា ​គឺជា​ច្រក​ចេញ​ចូល​នៃ​ពាណិជ្ជកម្ម​ជាមួយ​ប្រជាជាតិ​ជុំវិញ​ពិភព​លោក។ ឆ្នេរ​កោះ​ទាំងឡាយ​ជា​គោលដៅ​សេដ្ឋកិច្ច និង​ជា​តំបន់​ទាក់ទាញ​វិនិយោគ​បរទេស​ផង​ដែរ។ សក្ដានុពល​សេដ្ឋកិច្ច​មាន​ភោគផល​ជាច្រើន​នៅ​សមុទ្រ ក្នុង​នោះ​រួមមាន​សារ​ធាតុ​សរីរាង្គ សារ​ធាតុ​អសរីរាង្គ រួម​ទាំង​ប្រេង និង​ឧស្ម័ន​ធម្មជាតិ ដែល​អាច​នឹង​ទាញ​យក​បាន​ជា​ប្រយោជន៍​សម្រាប់​ខឿន​សេដ្ឋកិច្ច​ជាតិ។ ក្នុងន័យ​នេះ កិច្ចការពារ​ដែនសមុទ្រ គឺជា​កាតព្វ​កិច្ច​របស់​កង​យោធ​ពល​ខេ​មរភូមិន្ទ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត​របស់​រាជរដ្ឋាភិបាល ប៉ុន្ដែ​ការ​ទទួល​ខុស​ត្រូវ​ជា​ស្នូល គឺ​កងទ័ព​ជើងទឹក​ត្រូវ​ថែរក្សា​ការពារ​បូរណភាព​ដែនសមុទ្រ សន្ដិ​សុខ​សមុទ្រ ដើម្បី​ទប់ស្កាត់​បទល្មើស​នានា មាន​ជាអាទិ៍​​ការ​នេសាទ​ខុសច្បាប់ ការ​រត់​ពន្ធ​ទំនិញ រត់ពន្ធ​មនុស្ស ជួញដូរ​គ្រឿ​ង​ញៀន អន្ដោ​ប្រវេ​ស​ខុសច្បាប់ និង​ប្លន់​ប្រដាប់​អាវុធ​នៅ​ដែន​សមុទ្រ។ល។ ក្រៅ​ពី​នេះកត្ដា​បរិស្ថាន​ក៏​ជា​ប្រភព​ដែល​ត្រូវ​គ្រប់គ្រង​ថែរក្សា​ឱ្យ​ បាន​គង់វង្ស​ផង​ដែរ ព្រោះថា​វា​អាច​នឹង​កើតមាន​តាមរយៈការ​បង្ក​ឡើង​ដោយ​មនុស្ស និង​បញ្ហា​ធម្មជាតិ​ដែល​​មិន​អាច​គិតទុក​ជាមុន​បាន ដូច្នេះ​កិច្ច​សហប្រតិបត្ដិ​ការ​​ជាមួយ​បណ្ដា​ប្រទេសក្នុង​តំបន់ និង​​ប្រទេស​ជិត​ខាង​ក្នុង​ការ​ធ្វើ​ល្បាត​រួមគ្នា​លើ​ផ្ទៃ​សមុទ្រ​គឺជា​ មធ្យោបាយ​ដ៏​ល្អដើម្បី​កាត់ បន្ថយ​​វិបត្ដិ និង​បង្ក្រាប​សកម្មភាព​ល្មើស​ច្បាប់​ផ្សេងៗ និង​ការពារ​ការ​ជ្រៀតចូល​នៃ​អំពើ​ភេរវ​កម្ម និងឧក្រិដ្ឋ​កម្ម​ឆ្លងដែន ដើម្បី​សន្ដិសុខ​ក្នុង​ប្រទេសជាតិ។
ទី៤-ការ​ធ្វើ​សមាហរណ​កម្ម​កងយោធពល​ខេមរភូមិន្ទនៅក្នុង​តំបន់ និង​អន្ដរជាតិៈ ក្នុង​កាលៈ​ទេសៈដែល​ប្រទេស​កម្ពុ​ជា​មាន​សន្ដិភាព កងយោធពល​ខេមរភូមិន្ទ​បាន​ផ្ដោត​ការ​យក​ចិ​ត្ដ​ទុក​ដាក់​ទៅលើ​ការធ្វើ​ សមាហរណកម្ម​ទៅ​ក្នុង​តំបន់ និង​អន្ដរជាតិ​នៅ​គ្រប់​វិស័យ ជាពិសេស​វិស័យ​សន្ដិសុខ​ត្រូវ​ពង្រឹង ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្ដិ​ការ​ទ្វេភាគី ពហុភាគី ហើយ​ខិតខំ​រួមចំណែក ដើម្បី​ធ្វើ​ឱ្យ​យន្ដការសន្ដិសុខ​ទាំងឡាយ​របស់​អាស៊ាន​ក្លាយទៅជា​យន្ដការ​ អនុវត្ដ​ដ៏​មាន​ប្រសិទ្ធភាព នៅ​ក្នុង​ការ​ដោះ​ស្រាយ​វិបត្ដិ និង​បញ្ហាផ្សេងៗ​នៅ​ក្នុង​តំបន់។ គោលដៅ​សំខាន់ គឺ​ការ​បង្កើន​ប្រសិទ្ធភាព​របស់​យន្ដការសន្ដិសុខ​អាស៊ាន និង​ការ​កសាង​សហគមន៍ សន្ដិសុខ​អាស៊ាន​ឱ្យ​បាន​នៅ​ឆ្នាំ២០១៥។ ក្នុង​ការ​កសាងសន្ដិភាព​ពិភពលោក​ចាប់​តាំង​ពី​​ខែ​មេសា ឆ្នាំ២០០៦ មក​កង​យោធពល​ខេមរភូមិន្ទ​ចាប់ផ្ដើម​ប្រតិ​ប​ត្ដិការ​ដោះមីន​មនុស្សធម៌ និង​បំពេញភារកិច្ច​ជា​អ្នកសង្កេតការណ៍​យោធា​ប្រកប​ដោយ​ប្រសិទ្ធភាព និងជោគជ័យ​នៅ​ប្រទេស​ស៊ូដង់​នៃ​ទ្វីបអាហ្វ្រិក ក្នុង​បេសកកម្ម​រក្សា​មនុស្សធម៌​កង​រក្សា​សន្ដិភាព​របស់អង្គការ​សហ​ប្រជា​ ជាតិ។ 
តទៅ​អនាគត​យើង​នៅតែ​បន្ដ​ការងារ​ទៀត ហើយ​នឹង​អាច​ត្រៀម​រៀបចំពង្រឹង​លក្ខណៈ​សម្បត្ដិ និង​គុណ​ភាព​ផ្សេងៗឱ្យមាន​វិជ្ជាជីវៈ​ច្បាស់លាស់ចំពោះ​ភារកិច្ច​នានា ​ដែលកំពុង​តម្រូវ​ការ​​ពី​អន្ដរជាតិ ​គឺ​រៀបចំ​បេក្ខភាព​មន្ដ្រី​ជាន់ខ្ពស់ ក្នុង​ការងារ​រក្សា​សន្ដិភាព​នៅ​អង្គការ​សហ​ប្រ ជា​​ជាតិ និង​បេក្ខជន​ផ្សេងៗ​ទៀត។
ទី៥-កសាង​សមត្ថភាព​សម្រាប់​ប្រតិ​ប​ត្ដិ​ការសង្គ្រោះ​ពេល​មាន​គ្រោះ​មហន្ដរាយៈ គ្រោះមហ ​ន្ដ​រាយធម្មជាតិ​អាច​នឹង​កើតឡើង​ជាយថាហេតុ និង​បង្ក​ឱ្យ​ខូចខាត​មាន​ទំហំធំៗជាច្រើន ដោយ​មិនអាច​គិតទុកជាមុន​បានឡើយ។ អ្នកវិទ្យាសាស្ដ្រ​ភាគច្រើន​បាន​សម្ដែង​នូវ​ការ​ព្រួយ​បារម្ភ​អំពី​ ការផ្លាស់ប្ដូរ​ធាតុអាកាស​នា​ពេល​អនាគត​។ ហេតុនេះតម្រូវ​ឱ្យ​មាន​​ការ​ឆ្លើយ​តប​ក្នុង​ប្រតិ​ប​ត្ដិ​ការ​​នេះ ឱ្យ​បាន​ទាន់​ពេលវេលា​ពី​សំណាក់​កងកម្លាំងប្រដាប់អាវុធ និង​មានការ​សហការ​រវាង​ស្ថាប័ន​ស៊ីវិល។
ទាក់​ទង​នឹង​ភារកិច្ច​ទី៥នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ឲ្យ​ ដឹងថា កងយោធ​ពល​​ខេមរភូមិន្ទ បាន​អនុវត្ដ​រួចមកហើយ​ក្នុង​ប្រតិ​ប​ត្ដិ​ការសង្គ្រោះ​ដូចជា​គ្រោះ​ទឹក​ ជំនន់ គ្រោះ​រាំងស្ងួត គ្រោះ​អគ្គីភ័យ ការ​ដោះ​មីន​រំដោះ​ដី ស្រែ​ជូន​ប្រជាពលរដ្ឋ​សម្រាប់​បង្កបង្កើនផល និង​ការ​បញ្ជូន​​ក្រុម​គ្រូពេទ្យ​​ស្ម័គ្រចិត្ដ ​ចុះ​ពិនិត្យ​ព្យាបាលជំងឺ​ជូន​ប្រជាជន​នៅ​តាម​ជនបទ​ដាច់​ស្រ​យាល ព្រមទាំង​បាន​ចាត់តាំង​តំណាង​ក្រសួង​ការពារជាតិ ចូលរួម​ក្នុង​គណៈកម្មាធិការ​ជាតិ​សង្គ្រោះ​​គ្រោះ​មហន្ដរាយ ដើម្បី​ងាយស្រួល​ក្នុងការ​ដឹកនាំ​បញ្ជាបណ្ដា​អង្គភាព​ធ្វើ​ប្រតិ​ប​ត្ដិ​ការ ​សង្គ្រោះ​បាន​ទាន់​ពេល​វេលា​៕