Friday, January 25, 2013

សម្ដេច​​តេជោ​​ណែនាំ​​ឲ្យ​​ថ្នាក់​ដឹក​នាំ​​គ្រប់​​ជាន់​ថ្នាក់​​នៃ​កង​​​យោធ​ពល​​ខេមរ​ភូមិន្ទធ្វើ​គំរូ​​ដល់​​ថ្នាក់​​ក្រោម

នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ពិធី​បិទ​វគ្គ​បណ្តុះ​បណ្តាល​ នាយ​ទាហាន​ជើងគោក​ជំនាន់​ទី១ នាយ​ទាហាន​សកម្ម​ជំនាន់​ទី១៣ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​សមិទ្ធផល និង​ការ​បើក​ការ​ដ្ឋាន​សាងសង់​បន្ត​ ជា​ជំនួយ​របស់​សាធារណរដ្ឋ​ប្រជា​មានិត​ចិន ​ជូន​ដល់​វិទ្យាស្ថាន​កង​ទ័ព​ជើង​គោក​ថ្លុក​តាសេក ស្ថិត​នៅឃុំ​ត្រែង​ត្រយឹ​ង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ នាថ្ងៃទី២៤ ខែ​មករា ឆ្នាំ២០១៣ នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស៥ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាច​ក្រ​កម្ពុជា​ បាន​ណែនាំឲ្យ​ជួរ​ថ្នាក់​ដឹកនាំ​គ្រប់​ជាន់​ថ្នាក់​នៅ​ក្នុង​កង​យោធពល​ ខេមរភូមិន្ទ​ត្រូវ​ធ្វើ​គំរូ​ដល់​ថ្នាក់​ក្រោម។ សម្តេច​តេជោ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ​កន្លង​មក​មាន​បាតុភាព​ប្រែធាតុ​មួយ​ចំនួន​ រហូតដល់​នាយ​ទាហាន​ជាន់​ខ្ពស់​ខ្លះ​ មិន​គោរព​ច្បាប់​លក្ខន្ដិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​បទ​វិន័យ​ទូទៅ ហើយ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​ គឺថា​ការ​តម្លើង​ឋានន្ដរស័ក្ដិ​នាយទាហា​ន ដោយ​គ្មាន​ឆ្លង​កាត់​ការ​បណ្ដុះ​បណ្ដាល គ្មាន​សញ្ញាបត្រ និង​មុខតំណែង​សំពីង​សំពោង​ដែល​គ្មាន​ការ​ចាំ​បាច់។ ប្រការ​នេះ​សម្តេច​តេជោ​បញ្ជាក់​ថា គឺ​បណ្ដាល​មក​ពី​ការ​តែងតាំង​ខ្វះ​វិធានការ​សន្ដិសុខ និង​ប្រភព​មិន​ច្បាស់​លាស់ ជាពិសេស​មិន​បាន​ឆ្លងកាត់​ការ​បណ្ដុះ​បណ្ដាល ដែល​នាំ​ឱ្យ​មាន​ការ​ខុស​ឆ្គង រហូត​ដល់​ល្មើស​វិន័យ​របស់​កងទ័ព និង​ច្បាប់​របស់​រដ្ឋ​ទៀត​ផង។
ទាក់​ទង​នឹង​ការ​ហ្វឹកហ្វឺន​ដល់​កង​ទ័ព សម្តេចតេ​ជោបាន​មាន​ប្រសាសន៍​ថា ដោយ​ការងារ​ហ្វឹក​ហ្វឺន​មាន​សារៈសំខាន់​ក្នុង​ការ​ផ្ដល់​ចំណេះដឹង​គ្រប់​ ផ្នែក ដល់​កងទ័ព​សម្រាប់​វិស័យ​ការពារ​ជាតិ ខ្ញុំ​ស្នើ​ឱ្យ​ក្រសួងការពារជាតិ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​រៀប​ចំ​បទ​ ដ្ឋាន​គតិ​យុ​ត្ដិ ជា​អនុក្រឹត្យ និង​ប្រ​កា​ស​ស្ដីពី​ការងារ​ហ្វឹកហ្វឺន​កង​យោធពល​ខេមរភូមិន្ទ ដើម្បី​ជំរុញ​ការអនុវត្ដ​ការងារ​ហ្វឹកហ្វឺន​កង​ទ័ព​ឱ្យ​មាន​របៀបរៀបរយ និង​ការ​គោរព​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធ​ភាព​តាមរយៈការ​ហ្វឹកហ្វឺន និង​បណ្ដុះ​បណ្ដាល។ ចំពោះ​ការងារ​ហ្វឹក​ហ្វឺន​ ​កងទ័ព​ត្រូវ​យក​ចិត្ដ​ទុកដាក់​អំពី​គុណភាព​ សមត្ថ​ភាព​កងទ័ព​ ទាំងក្នុង​ការ​ចាត់តាំង​ប្រយុទ្ធ ​បម្រើ​ការ​ប្រយុទ្ធ និង​ការ​បំ​ពេញមុខ​នាទី​ដែល​ទទួល​ខុសត្រូវ​រៀងៗខ្លួន​ដើម្បី​ពង្រឹង​ប្រៀប​ ការពារជាតិ។ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា កង​ទ័ព​មិន​ត្រឹម​តែ​មាន​ចំ​ណេះ​ដឹង​អំពី​ក្បួន​យុទ្ធសាស្ដ្រ​យោធា​ប៉ុណ្ណោះ ​ទេ ប៉ុន្ដែ​ថែមទាំង​ត្រូវ​មាន​ចំណេះដឹង​អំពី​វិទ្យាសាស្ដ្រសង្គម និង​ច្បាប់​នានា​របស់​រដ្ឋ​ទៀត​ផង ដែល​នេះ​ជា​កត្ដា​សត្យា​នុម័តនៃ​ភាព​រឹងមាំ​របស់​កងទ័ព​ក្នុង​ឋានៈ​ជា​ អ្នកការពារ​ជាតិ​មាតុភូមិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​សម្ដែង​នូវ​អំណរ​ ស្វាគមន៍​ដ៏​កក់ក្ដៅ​ជូន​ ចំពោះ​គណៈប្រតិភូ​ជាន់​ខ្ពស់​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន ដែល​បាន​អញ្ជើញ​មក​ចូលរួម​ក្នុង​ពិធី។ ​តាមរយៈ​ប្រតិភូ​អគ្គសេនាធិការ​នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ ដឹកនាំ​ដោយ​លោកឧត្តម​សេនីយ៍ ហ្គី ជៀន ហ្គូ (Qi Jain gou) សម្តេច​តេ​ជោ​ បាន​ស្នើ​ដល់​គណៈប្រតិភូ​ពាំនាំ​នូវ​បណ្ដាំ​ផ្ញើ​នៃ​សេចក្ដី​ថ្លែងអំណរ​គុណ​ ដ៏​ជ្រាលជ្រៅ​របស់​រាជរដ្ឋាភិបាល និង​កងទ័ព​កម្ពុជា​ ចំពោះ​រដ្ឋាភិបាល និង​កងទ័ព​នៃ​សា​ធា​រណៈរដ្ឋ​ប្រជាមានិត​ចិន ដែលបាន​ជួយឧបត្ថម្ភ​គាំទ្រ​គ្រប់បែបយ៉ាង​ដល់​ការ​កំណែទម្រង់ ការ​កសាង និង​ការពង្រឹង​កង​យោធពលខេមរភូមិន្ទ​ក្នុង​រយៈពេល​កន្លងមក​។ សម្តេច​តេ​ជោ​ក៏​បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​ដោយ​ផ្ទាល់ ចំពោះ​អនុព័ន្ធយោធា​ចិន​ប្រចាំ​នៅ​កម្ពុជា និង​ទីប្រឹក្សា​​យោធា​ចិន​ប្រចាំ​នៅ​វិទ្យាស្ថាន​ទ័ព​ជើង​គោក ដែល​បាន​សហការ​ល្អជា​មួ​យក​ង​យោធ​ពល​ខេមរភូមិន្ទ តាមរយៈ​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ជាច្រើន ទាំងកម្លាំងកាយ​ចិ​ត្ដ ប្រាជ្ញា​ស្មារតី សម្ភារៈ និង​ថវិកា​ដោយបាន​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​វិទ្យាស្ថាន​ទ័ពជើងគោក​ ចាប់តាំងពី​ឆ្នាំ២០០២ រហូតមក។
លោក​ឧត្តម​សេនីយ៍​ឯក ហ្គី ជៀន ហ្គូ (Qi Jain gou) អគ្គសេនាធិការរងនៃ​កងទ័ព​រំដោះ​ប្រជា​ជន​ចិន​ដែល​មាន​វត្ត​មាន​នៅ​ក្នុង​ ពិធី​នោះ​ដែរ បានមាន​ប្រសាសន៍​ចាត់​ទុកពិធី​បិទ​វគ្គ​បណ្តុះ​បណ្តាល​នាយទាហាន​ជើងគោក​ ជំនាន់​ទី១ នាយទាហាន​សកម្ម​ជំនាន់​ទី១៣ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​សមិទ្ធផល និង​ការ​បើក​ការ​ដ្ឋាន​​សាងសង់​បន្ត​ ជា​ជំនួយរបស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​ជូន​ដល់​វិទ្យាស្ថាន​កង​ទ័ព​ជើង​គោកថ្លុក​តាសេក ស្ថិត​នៅឃុំ​ត្រែង​ត្រយឹ​ង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ថា ​គឺជា​ទិវា​ជា​ប្រវត្តិសាស្ត្រ​សំរាប់​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​ កម្ពុជា ចិន។ លោក ហ្គី ជៀនហ្គូ បានមានប្រសាសន៍​វាយ​តម្លៃថា វិទ្យាស្ថាន​កងទ័ពជើងគោក​របស់​ប្រទេស​កម្ពុជា នឹង​ធ្វើដំណើរ​តាម​ទាន់​ការអភិវឌ្ឍ នៃ​ទំនើបភាវូបនីយកម្ម​យោធា​យ៉ាង​ពិសេស​របស់ខ្លួន និង​ខិតខំ​ប្រឹងប្រែង​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស ដែល​មាន​គុណភាព​ខ្ពស់​កាន់​តែ​ច្រើន​ឡើងៗ ដើម្បី​រួមចំណែក​ដល់​កិច្ច​កសាង​និង​អភិវឌ្ឍន៍ នៃ​កងយោធពល​ខេមរភូមិន្ទ។
ទាក់​ទឹង​នឹង​កិច្ច​សហ​ប្រតិ​បត្តិការ​ទ្វេភាគី(កម្ពុជា-ចិន) លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ្គី ជៀនហ្គូ មាន​ប្រសាសន៍​បញ្ជាក់​ថា ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​យើង​ទាំងពីរ ​​មិនអាច​មាន​អ្វី​អាច​ប្រែប្រួល​បានឡើយ។ មិត្តភាព​ចិន-កម្ពុជា ​បានឆ្លងកាត់​ការសាកល្បង​នៃ​ការ​ប្រែ​ប្រួល​ស្ថានភាព​អន្តរជាតិ​ជាច្រើន ប៉ុន្តែ​បច្ចុប្បន្ននេះ​បាន​ក្លាយជា​គំរូនៃ​ទំនាក់ទំនង​មិត្តភាព​រវាង​ ប្រទេស​ និង​ប្រទេស។ លោក​ឧត្តម​សេនីយ៍​ឯក ហ្គី ជៀនហ្គូ អគ្គសេនាធិការ​រង​នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា តទៅ​អនាគត​ភាគី​ចិន​នឹងបន្ត​ពួតដៃគ្នា​ជា​មួយ​នឹង​មិត្តភក្តិ​កម្ពុជា​យ៉ាង​ ជិតស្និត បង្កើន​ការផ្លាស់ប្តូរ​កិច្ច​សហ​ប្រតិបត្តិការ​ចាប់​ដៃ ខិតខំ​កសាង និង​អភិវឌ្ឍន៍​ប្រវត្តិសាស្ត្រ​ថ្មី ​ឲ្យ​កាន់តែ​ល្អ​បវរ​នៃ​ភាពជា​ដៃ​គួ​សហប្រតិបត្តិការ​យុទ្ធ​សាស្ត្រ លើ​គ្រប់​វិស័យ​និង​ប្រទេស​ទាំងពីរ​ចិន និង​កម្ពុជា។
លោក​ឧត្តម​សេនីយ៍​ឯក ម៉ម យឿន នាយក​វិទ្យាស្ថាន​កងទ័ព​ជើង​គោក​មាន​ប្រសាសន៍​ឲ្យ​ដឹង ថា វិទ្យាស្ថាន​បានទទួល​បទបញ្ជា​ឲ្យ​ធ្វើការ​បណ្តុះ​បណ្តាល​នាយ​ទាហាន​កងទ័ព​ ជើង​គោក​ជំនា​ន់​ទី១ រយៈពេល ៤ឆ្នាំ បាប់​ពីថ្ងៃ​ទី២៥ ខែមករា ​ឆ្នាំ២០០៩ ដល់​ថ្ងៃទី២៥ ខែមករា ​ឆ្នាំ ២០១៣ មាន​សិក្ខា​កាម​ចំនួន ១៦០នាក់ ​ក្នុងនោះ​ទទួលបាន​និទ្ទេស​ល្អ​ណាស់​ចំនួន ២នាក់​និទ្ទេស​ល្អ ១១៤នាក់ និទ្ទេស​ល្អបង្គួរ ៤៣នាក់ និង​និទ្ទេស​មធ្យម ១នាក់។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​មាន​ប្រសាសន៍​បន្តថា នៅ​ឆ្នាំ​ទី៤ នៃ​វគ្គ​សិក្សា​សិស្ស​នាយទាហាន​កងទ័ព​ជើងគោក​ជំនា​ន់​ទី១ បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សាផ្នែក​អន្តរា​វុ​ធ​នៅ​ប្រទេស​ចិន​ចំនួន ១៦០នាក់ រយៈ​ពេល ៤ខែ និង​បាន​បន្ត​ការចុះទៅ​សិក្សា​ជាក់ស្តែង នៅតាម​បណ្តា​កងឯកភាព​តាម​បណ្តា​យ​ព្រំ​ដែន​កម្ពុជា-ថៃ ​រយៈពេល ៤២ថ្ងៃ។ ដោយឡែក​សំរាប់​វគ្គនាយទាហាន​សកម្ម​ជំនា​ន់ទី១៣ ធ្វើ​ការ​បណ្តុះបណ្តាល​រយៈ​ពេល​ ៤ឆ្នាំ មាន​សិក្ខាកាម​ចំនួន ១០៤នាក់ ក្នុងនោះ​ទទួលបាន​និទ្ទេស​ល្អ​ណាស់ ១នាក់ និទ្ទេស​ល្អ ៣៣នាក់ និទ្ទេស​ល្អ​បង្គួរ ៤៥នាក់ និទ្ទេសមធ្យម ២៤នាក់ និង​មិន​គ្រប់​លក្ខណៈ​ទទួល​សញ្ញាបត្រ ១នាក់។
ដោយ​អនុលោម​តាម​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​ក្រសួងការពារជាតិ​ ទាំងពីរ ​កម្ពុជា​-ចិន ក្រោម​ជំនួយ​ដ៏​ថ្លៃថ្លា​នៃ​សាធារណរដ្ឋ​ប្រជា​មានិត​​ចិន វិទ្យាស្ថាន​កងទ័ពជើងគោក​បាន​ចាប់​ផ្តើម​​ដំណើរការ​សាងសង់ និង​បំពាក់​នូវ​គ្រឿង​សម្ភារៈ​សម្រាប់​ការហ្វឹកហ្វឺន​ពី​ឆ្នាំ១៩៩៩ រហូត​មក​ដល់​ដើមឆ្នាំ២០១២ មាន៥ ដំណាក់​កាល​រួចមកហើយ និង​ឈានដល់​ដំណាក់កាល​ទី៦ កាលពី​បំណាច់​ឆ្នាំ២០១២។ ​ផ្អែក​តាមគំរោង​ជំនួយ​សម្រាប់​ឆ្នាំ២០១២-២០១៣ ដែល​មាន​ទឹក​ប្រាក់ ៨៩លាន​យ៉​ន់ ក្រោយពី​ការសាងសង់​អគារស្នាក់នៅ និង​អគារ​ផ្ទះបាយ​សម្រាប់​កម្ម​សិក្សា​ការី រួច​នឹង​បន្ត​ការសាងសង់​អគារ​ការិយាល័យ​ធ្វើការ​របស់យោធា​ចា​រ្យកម្ពស់ ៤ជាន់ និង​​អគារ​សាលប្រជុំ​ចំណុះ ១២០០នាក់​ រួមទាំង​ការបំពាក់​សម្ភារៈ​បរិក្ខា​រជាច្រើន​ទៀតផង​ដែរ​។