ឯកឧត្តម វ្ល៉ាឌីមៀរ អង់ឌ្រេឆិនកូ
(Vladimir
Andreichenko) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋបេឡារុស បានមានប្រសាសន៍ជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៣ ថា ប្រទេសបេឡារុស មានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាលើស្ថាប័ននីតិបញ្ញត្តិ
ក៏ដូចជាលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការគាំពារវិនិយោគនៃប្រទេសទាំងពីរ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឲ្យដឹងថា
ក្នុងជំនួបសវនាការនៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញឯកឧត្តម
វ្ល៉ាឌីមៀរ អង់ឌ្រេឆិនកូ (Vladimir
Andreichenko) ប្រធានរដ្ឋសភាបេឡារុស បានមានប្រសាសន៍ឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចផ្លូវការមកកាន់ប្រទេសកម្ពុជានៅពេលនេះ ឯកឧត្តមនឹងចុះហត្ថលេខាជាមួយប្រទេសកម្ពុជាលើវិស័យអប់រំ និងសភាពាណិជ្ជកម្មកម្ពុជា និងចូលរួមសម្ភោធបើកការដ្ឋានតម្លើងត្រាក់ទ័រនៅកម្ពុជាផងដែរ។ ឯកឧត្តម វ្ល៉ាឌីមៀរ អង់ឌ្រេឆិនកូ ក៏បានបង្ហាញអំពីគោលបំណងនៃការពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា
ឲ្យកាន់តែមានភាពស៊ីជំរៅថែមទៀត ជាពិសេសលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ រួមទាំងការហោះហើរត្រង់ពីបេឡារុស
មកកាន់ប្រទេសកម្ពុជាផ្ទាល់តែម្តង។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានរដ្ឋសភាបេឡារុស
ក៏បានអញ្ជើញសម្តេចតេជោនាយករដ្ឋមន្ត្រី ទៅធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសបេឡារុស
ក្នុងឆ្នាំ២០១៣នេះផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍
ចំពោះការអញ្ជើញសម្តេចទៅបំពេញទស្សនកិច្ចនៅប្រទេសបេឡារុស។ ទាក់ទិនទៅនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
សម្តេចតេជោនាយករដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ និងបានលើកឡើងថា គប្បីភាគីទាំងពីររៀបចំជំរុញកិច្ចសហប្រតិបត្តិការទាំងអស់នោះឲ្យកាន់តែស៊ីជំរៅថែមទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យដឹងថា ការចុះហត្ថលេខាដែលមានភាពស៊ីជំរៅ គឺត្រូវជំរុញនូវកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ឲ្យកាន់តែមានសកម្មភាពទៅមុខ ដើម្បីឈានទៅដល់ការរៀបចំកិច្ចព្រមព្រៀងថ្មីៗបន្ថែមទៀត
សម្រាប់បង្កើនកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ (កម្ពុជា-បេឡារុស)។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា
កិច្ចសន្យាគាំពារវិនិយោគ គឺជាអាទិភាពក្នុងការជំរុញនូវកិច្ចសហប្រតិបត្តិការសម្រាប់ប្រទេសទាំងពីរ លើវិស័យពាណិជ្ជកម្មសេដ្ឋកិច្ច វិនិយោគ និងវិស័យទេសចរណ៍នោះហើយ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានផ្តល់ជាអនុសាសន៍ថា ភាគីទាំងពីរ (កម្ពុជា-បេឡារុស) គួរ
គប្បីបង្កើតឡើងនូវគណៈកម្មការអន្តររដ្ឋាភិបាលមួយសម្រាប់ប្រទេសទាំងពីរ ក្នុងការបំពេញតួនាទីសម្របសម្រួលនូវរាល់ទំនាក់ទំនងនៃប្រទេសទាំងពីរ និងក៏ជាយន្តការមួយដែលនឹងពិនិត្យមើល ក៏ដូចជាលើកស្ទួយរាល់ទំនាក់ទំនងនៃប្រទេសទាំងពីរ។
ពាក់ពន្ធ័ទៅនឹងការសម្ពោធបើកទីតាំងដើម្បីតម្លើងត្រាក់ទ័រក្នុងប្រទេសកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដោយសេចក្តីរីករាយ
ចំពោះវត្តមានត្រាក់ទ័របេឡារុសនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា
រោងចក្រតម្លើងត្រាក់ទ័របេឡារុសនៅកម្ពុជានេះ មិនគ្រាន់តែបំរើឲ្យទីផ្សារក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ
ក៏ប៉ុន្តែថែមទាំងអាចធ្វើការនាំចេញទៅកាន់ប្រទេសជិតខាងកម្ពុជា ដូចជាប្រទេសឡាវ
វៀតណាម ថៃ មីយ៉ាន់ម៉ារជាដើម៕
សូមបញ្ជាក់ថា
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណរដ្ឋបេឡារុស ដឹកនាំដោយឯកឧត្តម
វ្ល៉ាឌីមៀរ អង់ដ្រេឆិនកូ បានមកធ្វើទស្សនកិច្ចជាផ្លូវការ
និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី១០-១៣ ខែកុម្ភៈ ឆ្នាំ២០១៣
តាមការអញ្ជើញរបស់សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា
នៃព្រះរាជាណាចក្រកម្ពុជា៕