Monday, February 11, 2013

សម្ដេច​តេជោ​ស្វាគមន៍​គម្រោងការរកស៊ីរបស់​ គណៈប្រតិភូ​សហព័ន្ធ​សភាពាណិជ្ជកម្ម​ជប៉ុន នៅកម្ពុជា



សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​បាន ស្វាគមន៍​ចំពោះ​គោលបំណង​ របស់​គណៈប្រតិភូ​​ សហព័ន្ធ​សភាពាណិជ្ជកម្ម​ជប៉ុន​ដឹកនាំ​ដោយ​លោក​ Yonekura Hiromasa ក្នុង​ការ​មក​បណ្ដាក់ទុន​នៅ​កម្ពុជា ព្រមទាំង បាន​ផ្តល់​នូវ​អនុសាសន៍​មួយចំនួន​ដល់​គណៈប្រតិភូ​ផង​ដែរ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ឲ្យ​ដឹង​ថាក្នុងឳកាសទទួលសវនការ​ ជាមួយ​ គណៈប្រតិភូ​សហព័ន្ធ​សភាពាណិជ្ជកម្ម​ជប៉ុន​ដឹកនាំ​ដោយ​លោក​ Yonekura Hiromasa នៅ​វិមាន​ សន្តិភាព នាថ្ងៃទី ៨​ ខែកុម្ភៈ​ឆ្នាំ ២០១៣សម្តេចតេជោបានមានប្រសាសន៍ថាអាស៊ាន​នឹង​ក្លាយជា​សហគមន៍​សេដ្ឋកិច្ច​នៅក្នុង​ឆ្នាំ​២០១៥ នេះ ដូច្នេះ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​សារៈសំខាន់​ណាស់​សម្រាប់​កម្ពុជា ដែល​ពេលនេះ​កម្ពុជា កំពុងតែ​ខិតខំ​រក ជំនួយ​បន្ថែម ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ផ្ទៃក្នុង បើ​ពុំ​នោះ​ទេ កម្ពុជា​មិនអាច​ត​ភ្ជាប់​ទៅ​ខាង ក្រៅ​បាន​ឡើយ។ សម្តេច​តេ​ជោនាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បញ្ជាក់​ថា កម្ពុជា​កំពុងតែ​រក​ទុន​បន្ថែម ព្រោះថា​រាជ រដ្ឋាភិបាល​មិនមាន​ថវិកា​គ្រប់គ្រាន់​ទេ គឺ​តម្រូវឲ្យ​មានការ​ចូលរួម​ពី​វិស័យ​ឯកជន​ដែល​ជា​កត្តា​សំខាន់​បំផុត។

សម្តេចតេជោនាយក​រដ្ឋមន្ត្រី​ក៏បាន​រំលឹកឡើង អំពី​វិស័យ​អាទិភាព​នានា​របស់​រាជរដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ផ្លូវគោក​ ផ្លូវដែក ផ្លូវទឹក​ កំពង់ផែ ផ្លូវ​អាកាស​ អគ្គិសនី​ ក៏ដូចជា​ប្រព័ន្ធ​ស្រោចស្រព​ផង​ដែរ។ ពាក់ព័ន្ធ​នឹងវិស័យ​អគ្គិសនី​សម្ដេច​តេជោនាយក​រដ្ឋមន្ត្រី​ថ្លែង​ថា កម្ពុជា កំពុងតែ​ស្ថិត​នៅ​ក្នុង​រដូវប្រាំង​ ហើយ​ភ្នំពេញ​សព្វថ្ងៃ​កំពុងតែ​មានកង្វះខាត​អគ្គិសនី​ប្រមាណ​ជា ៦០ មេ​ហ្គា វ៉ា​ត់ ប៉ុន្តែ​តាម​ការ​ទស្សន៍ទាយ​នៅក្នុង​ឆ្នាំ​ ២០១៤​ ខាងមុខ​កង្វះខាត​នេះ​នឹង​ចុះថយ​។​កម្ពុជា​សូម ស្វាគមន៍​នូវ​ការប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ថ្មីៗ​របស់​ជប៉ុន និង​បទពិសោធន៍​ដើម្បី​ធ្វើការ​វិនិយោគ​លើ វិស័យ​អគ្គិសនី​នេះ។

សម្តេច​តេជោបាន​ស្វាគមន៍​​ ចំពោះ​ការ​វិនិយោគលើវិស័យ​បច្ចេកវិទ្យា​របស់​ជប៉ុន ព្រោះការ​វិនិយោគ​នេះ​ បាន​កាត់បន្ថយ​កុំ​ឲ្យ​មានការ​បំពុល​ដល់​បរិស្ថាន។ សម្តេច​តេ​ជោ​ក៏បាន​ស្វាគមន៍ ចំពោះ​សេចក្តី​ថ្លែងការណ៍​នៅ​ទីក្រុង​តូក្យូ ដែល​សុំ​ឲ្យ​ជប៉ុន​ធ្វើការ​សិក្សា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ក្នុង តំបន់​មេគង្គ​ជៀសវាង​ការ​វិនិយោគ​ណាមួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាង​ទន្លេមេគង្គ និង​បរិស្ថាន​ជុំ វិញ​ទន្លេ​នេះ។ សម្តេចតេជោនាយក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា កម្ពុជា​មាន​មហិច្ឆតា​ខ្ពស់​ណាស់ គឺ​មិនត្រឹមតែ ចង់បាន​អគ្គិសនី​នៅតែទីក្រុង​ឬ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កម្ពុជា​ចង់​ឲ្យ​មាន​អគ្គិសនី រហូត​ទៅដល់​ជនបទ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ជនបទ​មាន​អគ្គិសនី​ប្រើប្រាស់។ សម្តេតេជោ​បញ្ជាក់ថាសម្តេច​សូម​ ស្វាគមន៍​ការ​វិនិយោគ​ទាំងឡាយណា ដែល​ពាក់ព័ន្ធ​នឹង​អគ្គិសនី​ពី​ប្រទេស​ជប៉ុន។ពាក់ព័ន្ធនឹងការវីនិយោគពីបរទេស សម្តេច​តេ​ជោ​ថ្លែងថា កម្ពុជា​អនុញ្ញាត​ឲ្យ​បរទេស​ដាក់ទុន​វិនិយោគ ១០០ ភាគរយ បង្កើត​ក្រុមហ៊ុន ១០០ ភាគរយ​ខ្លួនឯង ដោយ​មិន​តម្រូវ​​ឲ្យ​មាន​ភាគហ៊ុន​របស់​អ្នក​ក្នុងស្រុក​ឡើយ ហើយ​ការប្រើប្រាស់​រូបិយប័ណ្ណ​គឺ​មាន​ការ អនុគ្រោះ​ឲ្យ​ប្រើប្រាស់​រូបិយប័ណ្ណ​បរទេស​ក៏ដូចជា ឲ្យ​ប្រើប្រាស់​រូបិយប័ណ្ណ​នោះ​បើកប្រាក់​ខែ​ពលករ ផងដែរ។

លោក Yonekura Hiromasa ប្រធានគណៈប្រតិភូ​​ សហព័ន្ធ​សភាពាណិជ្ជកម្ម​ជប៉ុន បាន​ជំរាប​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រីថា គណៈប្រតិភូ​របស់​លោក​ទាំងមូល​គឺ​ចង់​សហការ​ជាមួយនឹង​កម្ពុជា ជាពិសេស​នៅ​លើ​បញ្ហា​ពាណិជ្ជកម្ម វិនិយោគ និង​សហប្រតិបត្តិការ​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ សម្រួល​បរិយាកាស​វិនិយោគ​នៅក្នុង​ប្រទេស កម្ពុជា​ដើម្បី​ទាក់ទាញ អ្នកវិនិយោគ​ជប៉ុន​មកកាន់​កម្ពុជា​ឲ្យ​កាន់តែ​ច្រើនឡើង។
ពាក់ព័ន្ធ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ លោក Yonekura Hiromasa តាងនាម​គណៈប្រតិភូ​ទាំងមូល បាន​ជំរាបជូន​សម្តេច​តេ​ជោ​អំពី​សារៈសំខាន់​លើ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ផ្នែក​រឹង និង​​ទន់​ ព្រោះថា អាស៊ាន​ទាំងមូល​នឹង​បង្កើត​ជា​សហគមន៍​នៅក្នុង​ឆ្នាំ ២០១៥ ដូច្នេះ​កត្តា​ហេដ្ឋារចនាសម្ព័ន្ធ​គឺជា កត្តា សំខាន់ ដែល​គណៈប្រតិភូ​ចង់​ចូលរួម​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា សហការ​ជាមួយ​វិស័យ​ឯកជន នៅ​កម្ពុជា លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី ប្រព័ន្ធ​ធារាសាស្ត្រ​ កំពង់ផែ ជាពិសេស​លើ​វិស័យ ថាមពល និង​ធនធាន​រ៉ែ វិស័យ​ធនាគារ។ តាងនាម​ឲ្យ​ធនាគារ​មួយនៅប្រទេសជប៉ុន​ លោក Yonekura Hiromasa បាន​ជំរាប​ជូន​សម្តេច​នាយក​រដ្ឋមន្ត្រី​ថា ក្រុមហ៊ុន​នេះ​ចង់​ចូលរួម​ជាមួយនឹង​ធនាគារជាតិ​នៃ កម្ពុជា និង​ធនាគារឯកជន​នៅ​កម្ពុជា​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​វិស័យ​ធនាគារ​នេះ​បាន​កាន់តែ​ល្អ​ប្រសើរ ឡើង ដើម្បី​ជា​ជំនឿ​ទឹកចិត្ត​ដល់​វិនិយោគទុន​បរទេស​មកកាន់​​ប្រទេសកម្ពុជា​។ ឯកឧត្តម អ៊ាង សុផល្លែតបានអោយដឹងថា នៅ​ក្នុង​ន័យ​នេះ​ លោក Yonekura Hiromasa បាន​ស្នើសុំ​សម្តេច​តេ​ជោ ហ៊ុន សែន​ ពិចារណា​សម្រួល​សម្រាប់​ធនាគារ​បរទេស ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍន៍វិស័យ​ធនាគារ​នៅ​កម្ពុជា​។

សម្ដេច​តេជោនាយករដ្ឋមន្ត្រី​បាន​ស្វាគមន៍​នូវ​មតិ​និង​សំណើ​របស់​ប្រតិភូ​ទាំងមូល ដោយមាន​ប្រសាសន៍​ថា ជប៉ុន​បាន​ជួយ​កម្ពុជា​ច្រើន​ជាងគេ​លើ​ជំនួយឥតសំណង​ ក្នុង​ការ​ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធ ដែល​ជា​កត្តា​សំខាន់​មិន​ត្រឹមតែ​សម្រាប់​កម្ពុជា​ទេ​គឺ​សម្រាប់​អាស៊ាន និង​តំបន់​មេគង្គ​ផងដែរ។ សម្តេច​តេជោមានប្រសាសន៍ថា ផ្លូវ​នៅក្នុង​ប្រទេស​កម្ពុ​ជា​មាន​ទំហំ​តូច ហើយ​ត្រូវការ​ពង្រីក​បន្ថែម ដូច្នេះ​ការ ចូលរួម​ពី​វិស័យ​ឯកជន​គឺជា​ការចាំបាច់ ហើយ​នយោបាយ​របស់​កម្ពុជា​គឺ​មិន​មាន​ការរើសអើង​រវាង អ្នក​វិនិយោគ​ក្រៅឬ​ក្នុង​ប្រទេស​ទេ​ឬ​ប្រទេស​ណា​នោះ​ទេ​ឬ​ក្រុមហ៊ុន​តូច​ឬក៏​ធំ​ដែរ និយាយ​រួម គឺក្រុម ហ៊ុន​ណា​មកដល់​មុន​កម្ពុជា​នឹង​ស្វាគមន៍​មុន។ សម្តេចតេជោ​ក៏បាន​ជំរាប​ជូន​គណៈប្រតិភូ​ថា កម្ពុ​ជា​មាន វេទិកា​រដ្ឋាភិបាល​និង​ឯកជន ដែល​ក្នុង​នោះ​បាន​ជួយ​សម្រួល​ កាត់បន្ថយ​ការ​លំបាក​ដល់​អ្នក​វិនិយោគ​ នៅក្នុង​កម្ពុជា។ ពាក់ព័ន្ធ​នឹង​សំណើ​ពិចារណា និង​សម្រួល​សម្រាប់​ធនាគារ សម្តេច​បាន​មានប្រសាសន៍ថា កម្ពុជា​ស្វាគមន៍​ការ​បើក​សាខា​ឬក៏​ធនាគារ​បរទេស​មក​កម្ពុជា។ កម្ពុជា​មិន​មាន​ការរើសអើង​អ្វី​ទេ យើង ស្វាគមន៍​ឲ្យ​បើក​ហើយ​សង្ឃឹមថា ជប៉ុន​នឹង​ចូលរួម​បើក​សាខា​ធនាគារ​នៅក្នុង​ប្រទេស​កម្ពុជា​ជាមិន​ខាន​ឡើយ៕