Wednesday, February 27, 2013

សម្តេច​​តេជោ​​អំពាវ​​នាវ​​សូម​​ឲ្យ​​ប្រជា​​ពលរដ្ឋ​​ប្រយ័ត្ន​​ចំពោះ​​អ្នក​​សន្យា​​ខ្យល់

សម្តេច​អគ្គមហាសេនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បាន​ធ្វើ​ការ​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​ទាំង អស់ ​ឲ្យ​មាន​ការ​ឆ្វេង​យល់ និង​ប្រុងប្រយ័ត្ន​អំពី​អ្វី​ដែល​ជា​របស់​មាន​នៅក្នុង​ដៃ ​និង​របស់​ខ្យល់ ​ដែល​ត្រូវ​បាន​សន្យា​ដោយ​ក្រុម​ប្រឆាំង។​ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បែប​នេះ នៅ​ក្នុង​ឱកាស​អញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូនដល់​និស្សិត​សកល​វិទ្យា​ល័យ​ភ្នំពេញ​អន្តរជាតិ ចំនួន ១.៤៥៨ នាក់ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ក្នុង​រាជ​ធានី​ភ្នំពេញ នា​​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ​២០១៣។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មានប្រសាសន៍​ឲ្យ​ដឹងថា យើង​រង​គ្រោះជា​ច្រើនដង​រួច​មក​ហើយ ដូចជា នៅថ្ងៃទី១៧ មីនា ជយោ! សម្តេចឪ នៅថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ បរាជ័យ សីហនុ​។ បន្ទាប់​ទៅ​ជយោ! ​លោក​សេនាប្រមុខ លន់ លន់ លុះ​ស្អែក​ឡើង បរាជ័យ លន់ នល់។ សម្តេច​តេជោ​នា​យក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា រឿង​គ្រោះ​ថ្នាក់​ត្រូវតែ​ប្រយ័ត្នប្រយែង ​ត្រូវ​តែ​ដឹង​ឲ្យ​ច្បាស់​ថា របស់​ដែលមាន​ពិត​នៅក្នុង​ដៃ​ទើប​វាប្រាកដ ប៉ុន្តែ​របស់​ខ្យល់​ដែល​គេ​សន្យា​វា​​មិនដែល​ប្រាកដ​ទេ។

សម្តេច​តេ​ជោនាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ខ្ញុំ​សង្ឃឹមថា ទាល់តែ​យើង​រួមគ្នា​ដើម្បី​ធ្វើ​កុំ​ឲ្យ​ពួក​មនុស្ស​មួយ​ក្រុម​តូច​បំផ្លាញ​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ​រប​ស់​យើង​បាន ព្រោះ​ចលា​ចល​សង្គម ការរត់លូន ​ដោយសារ​គ្រាប់បែក​របស់​អាមេរិក និង លន់ នល់ ទំលាក់ ដោយ​សារ​គ្រាប់​ផ្លោង​នៃ​ភាគី​ទាំង​សង​ខាង​ប្រយុទ្ធ​គ្នា ហើយ​ជំនាន់ ប៉ុល ពត តើ​ប្រជា​ពលរដ្ឋ​យើង​វេទនា​ប៉ុណ្ណា?។ ​ក្រោយ​របប ប៉ុល ពត សង្គ្រាម​នៅតែ​បន្ត​ ទម្រាំ​តែ​យើង​រកបាន​ការ​ឯក​ភាព​ជាតិ​បញ្ឈប់​នូវ​ជម្លោះ​ប្រដាប់​អាវុធ​តាមរយៈ​នយោបាយ ឈ្នះ ឈ្នះ បង្កើត​បាន​នូវ​ស្ថាន​ភាព​ដូច​សព្វ​ថ្ងៃនេះ​។ ​សម្តេច​តេ​ជោថ្លែង​ថា ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​គ្រប់​ស្រ​ទាប់​វណ្ណៈ​​រួម​គ្នា​ដើម្បី​ការពារ​សមិទ្ធផល​នានារបស់​សង្គមជាតិ ដោយ​មិនត្រូវ​ទុក​ឲ្យ​មនុស្ស​មួយ​ចំនួន​​ធ្វើ​ការ​បំផ្លិច​បំផ្លាញ​នោះទេ។

សម្តេចតេ​ជោនាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងថា ទម្រាំ​តែ​យើង​បង្កើតបាន​នូវ​ស្ថាន​ភាព​ដូច​សព្វថ្ងៃនេះ វា​ទាមទា​ឲ្យ​យើង​ចូលរួម​ថែទាំ​ទាំងអស់គ្នា ដែល​ខ្ញុំ​សង្ឃឹមថា ទាល់តែ​យើង​រួមគ្នា​ធ្វើកុំ​ឲ្យ​មនុស្ស​មួយក្រុមតូច​បំផ្លាញ​នូវ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​។ យើង​ត្រូវ​បន្ត​ការខិតខំ​តទៅទៀត ដោយត្រូវ​ចងចាំ​ឲ្យ​ច្បាស់​ថា ការប្រកួត​ប្រជែង​នៅក្នុង​សេដ្ឋកិច្ច​ក្តី នយោ​បាយ​ក្តី បញ្ហា​ធំជាងគេ​ គឺ​ជំនឿ ដែលជំនឿ​ទុកចិត្ត​របស់​យើង​ក៏​ផ្តើម​ចេញពី​កត្តា​ស្ថិរភាព​ផងដែរ។

ពាក់ព័ន្ធ​ជាមួយ​នឹងបញ្ហា​សេដ្ឋកិច្ច សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ធ្វើ​ការ​កត់​សម្គាល់ថា សេដ្ឋ​កិច្ច​ផ្សារសេរី គឺ​គ្មាន​មនុស្សធម៌​ទេ ហើយ​វា​អយុត្តិធម៌​ណាស់​សម្រាប់​អ្នកក្រ។ ​ដែល​ហៅ​ថា សេដ្ឋកិច្ច​ទីផ្សារសេរី​ កត្តាចាំបាច់​របស់​វា ​គឺ​ការ​ប្រកួត​ប្រជែង ដែល​វា​ខុសពី​សេដ្ឋកិច្ច​ផែន​ការ​ចាប់បង្ខំ ដែល​ទម្រង់​សេដ្ឋកិច្ច​នេះ​បាន​កើតឡើង​នៅក្នុង​ដំណាក់កាល​សង្គ្រាម​ត្រជាក់។​ក្នុង​ដំណាក់​កាល​នោះ រដ្ឋ​ហ៊ាន​លូកដៃ​កំណត់​ថ្លៃទំនិញ ដែល​នៅពេល​ខាត រដ្ឋ​ជួយ​បំពេញ​ខាត​ឲ្យ​សហគ្រាស ប៉ុន្តែ​យូរៗ​ទៅ​រដ្ឋ​ក៏​អស់​លុយ ដែល​គេ​ហៅថា «​រដ្ឋ​ក្ស័យធន​»។ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា នៅក្នុង​វិបត្តិ​សេដ្ឋកិច្ច​នៅ​សហរដ្ឋអាមេរិក និង​នៅ​អឺរ៉ុប​ ម្ចាស់​រោងចក្រ សហគ្រាស​ធំៗ ​គេ​បាន​កាត់​ចោ​ល​បុគ្គលិក កម្មករ ដោយ​គ្មាន​ចិត្ត​មេត្តា​នោះទេ។

ទាក់​ទង​ទៅនឹង​បញ្ហា​អគ្គិភ័យ​នៅ​ផ្សារ​ក្នុងស្រុក​កោះធំ ខេត្តកណ្តាល​ សម្តេចតេជោនាយក​រដ្ឋ​មន្ត្រី​បានមាន​ប្រសាសន៍ប្រាប់​ក្រុមអាជីវករ​ថា សូម​បងប្អូន​កុំ​ភ័យ ព្រោះ​តាមរយៈ​ការ​អំពាវ​នាវ​​មាន​សប្បុរសជន​បាន​បរិច្ចាគ​ធនធាន​ចំនួន ២៨ម៉ឺន​ដុល្លារ​អាមេរិក ​សម្រាប់​ការកសាង​ផ្សារ​ថ្មី​ឡើងវិញ។ ​សម្តេចតេ​ជោ​បានមាន​ប្រសាសន៍បញ្ជាក់​ថា ក្រុម​អាជីវករ​មិនត្រូវ​ចាញ់​ឧបាយកល​ពួក​ប្រឆាំងដែល​បាន​ទៅ​ភូតកុហក់​អំពី​បញ្ហា​ផ្សេងៗនោះឡើយ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ​បាន​ធ្វើការ​អំពាវ​នាវ​កុំ​ឲ្យ​មានការ​លួច​ដុត​ផ្សារ ហើយ​ស្វែងរក​ជំនួ​យ​ពី​នាយករដ្ឋមន្ត្រី និង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​អគ្គីភ័យ​ផងដែរ។ ពាក់​ព័ន្ធ​នឹង​បញ្ហា​អគ្គិភ័យ​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ក៏បាន​រិះគន់​​ចំពោះ​ក្រុម​អ្នកដើរ​បំផុស​រឿង បង្កចលាចល​ នៅ​ពេល​ដែល​កើត​មាន​បញ្ហា​ដូចជា​អគ្គីភ័យ​នេះ ដោយ​សម្តេច​តេជោ​បាន​មាន​ប្រសាស​ន៍​បញ្ជាក់​ថា ក្រុម​នោះ​មាន​ជំនាញ​តែ​ដើរ​បំផុស​បង្កចលាចល ដែល​មិនអាច​យក​មក​ធ្វើ​ការងារ​រដ្ឋ​បានទេ ព្រោះ​ពួកគេ​មាន​ជំនាញ​ត្រឹមតែ​ដើរ​ភូតកុហក ញុះញង់ បង្កចលាចល។

លោកស្រី ទេព កូ​លាប សកលវិទ្យាធិការនៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ មាន​ប្រសាស​ន៍ឲ្យ​ដឹង​ថា ចាប់តាំងពី​ឆ្នាំ​សិក្សា ២០០៦-២០០៧ រហូតមកដល់​ឆ្នាំ​សិក្សា ២០១១-២០១២ កន្លងមកនេះ និស្សិត​ដែល​បាន​បញ្ចប់​ការសិក្សា​មាន​ចំនួន ២ ៨១៦ នាក់ និង​សិស្ស​ថ្នាក់​វិជ្ជាជីវៈ និស្សិត​ថ្នាក​បរិញ្ញាបត្រ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​កំពុង​សិក្សា​មាន​ចំនួន ៧៦៣១ នាក់ និង​មាន​គណៈ​គ្រប់គ្រងបុគ្គលិក សាស្ត្រាចារ្យ និង​លោកគ្រូ​អ្នកគ្រូ​ចំនួន ៤២៨នាក់ ក្នុង​នោះ​មាន​ជនជាតិ​បរទេស ១៦ នាក់​៕