Wednesday, February 27, 2013

រដ្ឋមន្ត្រី​​ការ​បរទេស​​ស៊ែប៊ី​​វាយ​តម្លៃ​​ខ្ពស់​​ចំពោះ​​ការ​រីក​​ចម្រើ​ន​​របស់​​កម្ពុជា

ឯកឧត្តម អ៊ីវ៉ាន់ ម៉ារកិច (Ivan Mrkic) ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេសនៃ​សាធារណរដ្ឋ​ស៊ែបី បាន​ធ្វើ​ការ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់​រហ័សរបស់​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ ហើយ​លោក​បាន​សម្តែង​នូវការ​រីក​រាយ​ និង​អបអរ​សាទរ​ចំពោះ​ការ​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា​។ ឯកឧត្តម អ៊ីវ៉ាន់ ម៉ារកិច បាន​មាន​ប្រសាសន៍​បែប​នេះ នៅ​ក្នុង​ជំនួប​សម្តែង​ការគួរ​សម​ជាមួយ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា នា​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៣ នៅ​វិមាន​សន្តិភាពនៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ក្នុង​រាជ​ធានីភ្នំពេញ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយ​ការ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ឯកឧត្តម អ៊ីវ៉ាន់ ម៉ារកិច (Ivan Mrkic) បាន​មាន​ប្រសាសន៍​ថា សាធារណរដ្ឋស៊ែប៊ី​មាន​គោល​បំណង​​ចង់​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​លោក​បាន​ស្នើ​សុំ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សន​កិច្ច​របស់​ថ្នាក់​ដឹកនាំ​ ក៏​ដូច​ជា​អធិការ​កិច្ច​រវាង​ប្រទេស​ទាំងពីរ (ម្ពុជា-​ស៊ែប៊ី) និង​បាន​ស្នើ​ឲ្យ​មាន​នូវ​ការ​ចុះ​ហត្ថ​លេខា​បន្ថែម​ទៀត ជា​ពិសេស​ការ​ចុះ​ហត្ថលេខា​ពាក់​ព័ន្ធ​នឹង​ការការ​ពារ​អ្នក​វិនិយោគ​ ជម្រុញ​លើ​វិស័យ​ទេសចរណ៍ និង​ការ​លើក​លែង​ទិដ្ឋាការ​សម្រាប់​លិខិត​ឆ្លង​ដែនផ្លូវការ និង​លិខិត​ឆ្លងដែន​ការ​ទូត រួម​ទាំង​បញ្ហា​ផ្សេងៗ​ទៀត​ដែល​បម្រើ​ឲ្យ​ផល​ប្រយោជន៍​នៃ​ប្រទេស​ទាំង​ពីរ។

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការ​គាំទ្រ​ និង​យល់​ស្រប​នូវ​អ្វី​ដែលឯកឧត្តម អ៊ីវ៉ាន់ ម៉ារកិច (Ivan Mrkic) ​រដ្ឋមន្ត្រី​ការ​បរទេស​ស៊ែប៊ី បាន​លើក​ឡើង​ ដោយ​សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ថា កម្ពុជា​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​ស៊ែប៊ី ហើយ​ក៏​ត្រូវ​ឲ្យ​មាន​ដំណើរ​ទស្សនកិច្ច​របស់​សភា​ពាណិជ្ជកម្ម​ស៊ែប៊ី ក៏​ដូច​ជា​អ្នក​វិនិយោគ​ស៊ែប៊ី មក​កាន់​ព្រះ​រា​ជា​ណាចក្រកម្ពុជា​​ដើម្បី​ធ្វើ​ការ​ស្វែង​យល់​ពីឱកាស​វិនិយោគ និង​ការ​សហការ​គ្នា​​ជាមួយនឹង​កម្ពុ​ជាផងដែរ។

សម្តេច​តេជោនាយក​រដ្ឋមន្ត្រី​​បាន​យល់​ស្រប​​​ថា ​ភាគី​ទាំង​ពីរ​គប្បីគួរ​ជម្រុញឲ្យមាន​នូវការ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​គាំពារ​អ្នក​វិនិយោគ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ជំនឿ​ទុក​ចិត្ត​ពី​អ្នក​វិនិយោគ​ទុន​ទាំង​សង​ខាង (កម្ពុជា-ស៊ែប៊ី) ហើយ​ការ​ចុះ​ហត្ថលេខាលើការ​លើក​លែង​ទិដ្ឋាការ​សម្រាប់​លិខិត​ឆ្លង​ដែនផ្លូវការ និង​លិខិត​ឆ្លងដែន​ការ​ទូត ​គួរ​ត្រូវ​​បាន​ចុះ​ហត្ថលេខា​នៅ​ពេល​វេលា​សម​ស្រប​ណា​មួយ​។

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថ្លែង​អំណរគុណ​ ចំពោះ​រដ្ឋាភិបាល​ស៊ែប៊ី ដែ​ល​​​បាន​រៀបចំ​លុប​ចោល​បំណុល​ដែល​កម្ពុជា​បាន​ជំពាក់ចំនួន​​ប្រមាណ​ជា​ជាង ១លាន​ដុល្លារ​អា​មេរិក​ កាល​ពី​ឆ្នំា​១៩៦៩ និង​បាន​ថ្លែង​អំណរគុណ​ផង​ដែរ​ចំពោះ​រដ្ឋាភិបាល​ស៊ែប៊ី ដែល​បាន​ជួយ​​ដល់​កម្ពុជា​​លើ​វិស័យ​អភិវឌ្ឍន​ធន​ធាន​មនុស្ស តាម​រយៈ​ការ​ផ្តល់​អាហារូបករណ៍​ចំនួន​៤ ដល់​​កម្ពុជា សម្រាប់​ឆ្នាំ​២០១៣-២០១៤៕