Friday, March 15, 2013

សម្តេចតេជោ៖មេដឹកនាំ​គណបក្ស​ប្រឆាំង​បរាជ័យ៣ដង​រួច​មក​ហើយ​ក្នុង​ការ​បោះ​ឆ្នោត​សកល​



សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា នា​ព្រឹក​ថ្ងៃ​ទី១៤ ខែ​មីនា ឆ្នាំ២០១៣ បានមាន​ប្រសាសន៍​ឲ្យ​ដឹង​ថា មេដឹកនាំ​គណបក្ស​ប្រឆាំង​ធ្លាប់​បរាជ័យ ​ជាមួយ​សម្តេច​ ៣ដង​ រួច​មក​ហើយ ក្នុង​ការ​ចូល​រួម​បោះ​ឆ្នោត​សកល​នា​ពេល​កន្លង​មក​។

​នៅ​ក្នុង​ពិធី​បញ្ចុះសីមា និង​សម្ពោធ​សមិទ្ធផល​នៅ​ក្នុង​វត្ត​ន​ន្ទ​មុនី ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ សម្តេចតេ​ជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍​ដោយ​មិន​បញ្ចេញ​អត្ត​សញ្ញាណមេដឹកនាំ​គណបក្ស​ប្រឆាំង​នោះ​​ថា លោក​ឯង​ថា ខ្ញុំ​កំសាកញី​យ៉ាង​ដូចម្តេច? មិនមែន​មិន​ធ្លាប់​ប្រកួត​ជា​មួយ​​គ្នាឯង​ណា លោក​ឯង​ធ្លាប់​ប្រកួត ហើយ​ខ្ញុំ​វាយ​ដួល​ចំនួន ៣ដង ​រួចហើយ បើសិនជា​ខ្ញុំ​វិញ​ដួល​​ប៉ុណ្ណឹង ខ្ញុំ​លាលែង​ឈប់​ធ្វើ​ប្រ​ធាន​បក្ស​ហើយ។ សម្តេច​តេជោ​ថ្លែង​ថា លោក​ឯង​និយាយ​ថា ខ្ញុំ​អត់​ហ៊ាន​ប្រកួត​ជាមួយ​លោក​ឯង​ទេ​កំសាកញី តែ​លោក​ឯង​ចាំ​បានទេ ឆ្នាំ១៩៩៨ ឆ្នាំ២០០៣ និង​ឆ្នាំ២០០៨ លោក​ឯង​ជេរ​ខ្ញុំ​​នៅមុខ​ផ្ទះ​របស់ខ្ញុំ​ ក្នុង​ពេល​យុទ្ធនាការ (ដូរ ឬ​មិន​ដូរៗ!!!) ហើយ​​នៅតែ​ចាញ់​ក្នុង​ការ​បោះឆ្នោត​រហូត។

សម្តេចតេជោសែនមាន​ប្រសាសន៍​ថា នៅ​ពេល​លោក​ឯង​ចេញទៅ​ លោក​ឯង​និរទេស​ខ្លួនឯង មិនមែនរាជរដ្ឋាភិបាល​ដេញ​ទេ ហើយ​នៅ​ម៉ោង​នេះ ពេលនេះ​ អត់​មាន​អ្នកណា​រារាំង​លោក​ឯង​​មិន​ឲ្យ​មក​ទេ សុំ​អញ្ជើញ​មកវិញ មក​ប្រកួត​មក​ អ្នកណា​គេ​ហាមឃាត់​បំពេញ​ផ្លូវ​ច្បាប់​យ៉ាង​ណា​ជា​រឿង​របស់​លោកឯង វា​មិនមែន​ទាក់ទង​ជា​មួយ​​ខ្ញុំ​ទេ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បញ្ជាក់​​ថា លោក​​ឯង​ចេញទៅ​ ខ្ញុំ​ក៏​មិនបាន​ដេញ​ លោក​ឯង​មកវិញ​ខ្ញុំ​ក៏​មិន​ឃាត់ «ផ្លូវច្បាប់​សុទ្ធសាធ ខ្ញុំ​អត់​​មាន​សិទ្ធិ​អ្វី​លើស​ពី​ហ្នឹង​ទេ»

សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​​មាន​ប្រសាសន៍​ឲ្យ​ដឹង​​ថា លោក​ឯង​ធ្លាប់​និយាយ​ជិះ​យន្តហោះ​មក​ជា​មួយ អូ​បា​ម៉ា ប្រធានាធិបតី​អាមេរិកាំង​​ទៀត​ផង។ ពួក​ប្រឆាំង​នៅ​ភ្នំពេញ​គេ​សប្បាយចិត្ត​ណាស់ គេ​និយាយ​ថា​ហ្នឹងហើយ​លទ្ធផល​នៃ​ការ​កៀប​សង្កត់ មេ​យើង​នឹង​មកដល់ ហើយ​ជិះ​យន្តហោះ​ជាមួយ​ប្រ​ធានា​ធិបតី​អាមេរិក​ទៀត​ផង។ ទាក់​ទង​នឹង​បញ្ហា​នេះ សម្តេច​តេជោ​មាន​ប្រសាសន៍​បញ្ជាក់​ថា តាមពិត​លោក អូ​បា​ម៉ា មិនបាន​និយាយ​មួយ​ម៉ាត់​ពី​រឿង​មេដឹកនាំ​បក្ស​ប្រឆាំង នៅ​ពេល​ដែល​បាន​ជួប​ជាមួយ​ខ្ញុំ​នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ ២០១២ នៅ​រាជធានី​ភ្នំពេញ​នោះ។

ទាក់​ទង​នឹង​ការ​ចរចា ដើម្បី​បង្រួប​បង្រួម​ជាតិ​រវាង​ភាគី​ខ្មែរ នា​ពេល​កន្លង​មក សម្តេចតេ​ជោ​នាយក​​រដ្ឋមន្ត្រី​មានប្រសាសន៍ថា បើ​និយាយ​ពី​ការចរចាកាលពី​ពេលមុន ​សុទ្ធតែ​អស់ទាស់​ហើយ។ ខ្ញុំ​អាយុ ៣៥ឆ្នាំ ត្រូវ​ចូល​ចរចា​ជាមួយ​ដៃគូ៣ ដែល​ជា​អ្នក​ជើងចាស់​ដូចជា​ព្រះករុណា ព្រះបិតា​ជា​ប្រធានាធិបតី​កម្ពុជា​ប្រជាធិបតេយ្យ សឺ​ន សាន ដែល​ជា​អតីត​នាយក​រដ្ឋ​​មន្ត្រី​ជាន់​ដើម ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​ប្រជាធិបតេយ្យ ខៀវ សំ​ផន ធ្លាប់​ជា​ប្រធាន​រដ្ឋ​របស់​កម្ពុជា​ប្រជា​ធិបតេយ្យ និង​ជា​អនុប្រធាននៃ​រដ្ឋាភិបាលចម្រុះ​កម្ពុជា​ប្រជាធិបតេយ្យ។ សម្តេច​តេ​ជោ​ថ្លែង​ថា ខ្ញុំ​ចរចា ៣ ទល់ ១ ខ្ញុំ​សូម​ប្រាប់​អ្នកឯង​ទៅ អ្នកឯង​មិន​មែន​ជា​​ដៃគូរ​របស់ ហ៊ុន សែន ទេ។ សូម្បីតែ​សម្តេច​ក្រុម​ព្រះ​នរោត្តម រណ​ឫទ្ធិ ក៏​មិន​មែន​ជា​​ដៃគូរ​របស់ ហ៊ុន សែន ទេ ឪ​របស់​សម្តេច​ក្រុមព្រះ​ទេ​ ​ទើប​ជា​ដៃគូរ​របស់ ហ៊ុន សែន។ ហ៊ុន សែន មិនដែល​ខ្លាច​អ្វី​ទាំង​អស់​​ចាប់​តាំង​ពី​ថ្ងៃទី២០ ខែ​មិថុនា ឆ្នាំ១៩៧៧ ហ៊ុន សែន​ ដឹកនាំ​ការ​តស៊ូ​មិន​ខ្លាច​ស្លាប់​ទេ។ ព្យុះ​ភ្លៀង​យ៉ាងណា​ទ្រាំ​រស់ ស៊ី​អត់​ស៊ី​ឃ្លាន ​នៅ​ជាមួយ​ប្រជាជន។

សម្តេចតេជោ​សែនមាន​ប្រសាសន៍​ថា ខ្លួនឯង​ខ្លាច​ស្រមោល​ខ្លួនឯង​ រត់​ខ្លួនឯង​ចោល​កូនចៅ ហើយ​​ទៅ​ប្រៀបធៀប​ខ្លួនឯង​ជាមួយ​លោកស្រី  អ៊ុង សាន​ស៊ូ​ជី  របស់​ប្រទេស​ភូមា។ លោក​ស្រី អ៊ុង សាន​ស៊ូ​ជី រដ្ឋាភិបាល​មី​យ៉ា​ន៉​ម៉ា ចង់​ឲ្យ​ចេញទៅ​ក្រៅ​ប្រទេស​ តែ​លោកស្រី អ៊ុង សាន​ស៊ូ​ជី សុខចិត្ត​ជាប់គុក តែ​ម្នាក់​នេះ (មេដឹកនាំ​គណបក្ស​ប្រឆាំង) គិតតែ​ពី​រត់ចោលស្រុក ព្រោះ​គេ​អាង​មាន​លិខិតឆ្លងដែន២ ដូច្នេះ​អ្នក​ន​យោ​បាយ​មាន​សញ្ជាតិ២ នេះ​កុំ​សូវ​ទុកចិត្ត​ពេក។

សូម​បញ្ជាក់​ផង​ដែរ​ថា ថ្មីៗ​នេះ​មាន​វិទ្យុបរទេស​មួយ ​​បាន​ដកស្រង់​សំដី​របស់​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​​កម្ពុជា ដែល​ធ្វើការ​វិភាគទាក់​ទង​នឹង​ករណី​សម្តេច​ក្រុម​ព្រះ នរោត្តម រណ​ឫទ្ធិ ​ចង់វិល​ចូលក្នុងឆាក​​នយោបាយជាមួយ​គណបក្ស​ប្រឆាំង​ មក​ផ្សាយដោយ​ចោទ​ប្រកាន់​​​ថា គណបក្ស​ប្រជាជន​កម្ពុជា (CPP) នឹង​មិន​អនុញ្ញាត​ឲ្យ​សម្តេច​ក្រុម​ព្រះ​​នរោត្តម រណ​ឫទ្ធិ ​ចូល​នយោបាយ​វិញ​ជាដាច់ខាត។ ការ​ចង់​ប្តឹង និង​មិន​ចង់​ប្តឹង ​គឺជា​ការសម្រេច​របស់ CPP ទេ ប៉ុន្តែ CPP នឹង​ឆ្លើយតប​ជាមួយ​នឹង​ការ​គំរាម​​កំហែង ដែល​ខ្ញុំ​មើល​ទៅ​បើ​សម្តេច​ក្រុម​ព្រះ​ចូល​ក្នុង​បក្ស​ប្រឆាំង បក្ស​កាន់អំណាច​នឹង​ប្រតិកម្ម​ហើយ។ បើ​សិន​ព័ត៌មាន​ខាងលើ​ជា​ការ​ពិត សម្តេច​ក្រុម​ព្រះ​បាន​ក្លាយខ្លួន​ជា «ចំណាប់ខ្មាំង​នយោបាយ​របស់​គណបក្ស​គ្រប់គ្រង​អំណាច​បច្ចុប្បន្ន» ហើយ។
ឆ្លើយតប​នឹង​ការវិភាគ​បែបនេះ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែងនៅ​ក្នុង​ពិធី​បញ្ចុះសីមា និង​សម្ពោធ​សមិទ្ធផល​នៅ​ក្នុង​វត្ត​ន​ន្ទ​មុនី​​នោះ​ថា នេះ​ជា​រឿង​គួរ​ឲ្យ​អស្ចារ្យ។ រឿង​នេះ​​សម្តេច​ក្រុម​ព្រះ​ ធ្វើ​យ៉ាងម៉េច? ​ខ្ញុំ​អត់​ដឹង​ទេ ប៉ុន្តែ​ខ្ញុំ​សង្ឃឹមថា ព្រះអង្គ​គឺ​មិន​ខ្ជីខ្ជា​នោះ​ទេ។ ពាក់​ព័ន្ធនឹង​បញ្ហា​បណ្ដឹង​របស់​លោក​ ញឹក ប៊ុនឆៃ ប្តឹង​សម្តេច​ក្រុម​ព្រះ​​ថា ​លក់​ឧទ្ធម្ភាគចក្រ ខ្ញុំ​បាន​ប្រាប់​ទៅ​ឯកឧត្តម ញឹក ប៊ុនឆៃ កាលពី​រាត្រី​ថ្ងៃទី១៣ ខែ​មីនា​ ឆ្នាំ​២០១៣ ថា «ការ​ប្តឹង​សម្តេច​ក្រុម​ព្រះ ​នរោត្តម រណឫទ្ធិ ស្មើ​នឹង​ការ​ប្តឹង ហ៊ុន សែន ហើយ​មូលហេតុ​ងាយ​យល់​ទេ ព្រោះ​សម្តេច​ក្រុម​ព្រះ​ចង់​យក​យន្តហោះ​ទៅ​ណា​ត្រូវសុំ​ការអនុញ្ញាត​ពី​នាយ​ក​រដ្ឋមន្ត្រី ដូច្នេះ​ខ្ញុំ​ចង់​ឲ្យ​អ្នក​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មាន​ភាព​ឈ្លាសវៃ​ ជាង​នេះ​បន្តិច​បាន​ទេ។ ខ្ញុំ​និយាយ​ដោយ​ត្រង់ ខ្ញុំ​អន់ចិត្ត​ដែរ​រឿង​នេះ។
 
សម្តេច​តេ​ជោបាន​​មានប្រសាសន៍បញ្ជាក់​ថា ខ្ញុំ​មិន​ជឿ​ថា សម្តេច​ក្រុម​ព្រះ​ដល់​ថ្នាក់​ទៅ​ធ្វើ​ជា​​បក្ស​ប្រឆាំង​ទេ ព្រោះ​ជា​ការ​ប្រមាថ​​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​វិញ្ញាណក្ខន្ធ​របស់​ព្រះបិតា​របស់ព្រះអង្គ ក៏ដូចជា​ព្រះរាជ​វង្សា​នុវង្ស។ ខ្ញុំ​មិន​ជឿ​ថា សម្តេច​​​ក្រុមព្រះ​ដាក់​ព្រះ​កាយ​ឲ្យ​គេ​មើលងាយ មើល​ថោក រត់​ពី​កន្លែង​​មួយ​ទៅ​កន្លែង​មួយ​នោះ​ទេ ហើយ​ព្រះអង្គ​ក៏​ទើប​ប្រកាសក្នុងពេលថ្មីៗនេះ​ មិន​ឲ្យ​រាជ​វង្សា​នុវង្ស​ចូល​ក្នុង​នយោបាយ​ទៀត​ផង។ ម្យ៉ាងទៀត ​ទើបនឹង​ធ្វើបុណ្យ​ព្រះបរម​សព ព្រះ​បរម​រតន​កោដ្ឋ​ រួចហើយ ​ទើបនឹង​ជួបជុំគ្នា​ព្រះ​រាជវង្សានុវង្ស និង​អ្នក​នៅ​ជាមួយគ្នា បែរ​ជាប្តឹង​គ្នា ហើយ​មាន​អ្នក​វិភាគ​ឡប់ៗ​មក​លើក​ឡើង​ថា រឿង​ប្តឹង​មិន​ប្តឹង​ស៊ីសង​លើ CPP ទៅ​វិញ?។

សម្តេចតេជោ​មានប្រសាសន៍​ដោយ​ធ្វើ​ការ​សន្និដ្ឋាន​​ថា ព្រះអង្គ​មិន​ដាក់ខ្លួន​ធ្វើ​បែប​នេះ​ទេ ព្រោះ​​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជា CPP ដង្ហែការពារ​រាជានិយម​ស្មោះ​ស្ម័គ្រ​​ប៉ុណ្ណឹង​​ហើយ ព្រះអង្គ​ទៅ​នៅ​ជាមួយ​គណបក្សប្រឆាំង មិន​ខុស​​​អ្វី​ដែល​ព្រះអង្គ​ចង់​ឲ្យ​រាជា​​និយ​ម​​គង់វង្ស ប៉ុន្តែ​ព្រះអង្គ​នឹង​បំផ្លាញ​រាជា​និយម​ខ្លួនឯង។ សម្តេច​តេជោ​មានប្រសាស​ន៍​ថា សម្តេច​ក្រុម​ព្រះ​អស់​ទាំង​ផ្លូវ​ដើរ ព្រះអង្គ​ទៅ​តោង​ជើង​ពួក​ប្រឆាំង ដែល​ធ្លាប់​ជា​កូនចៅ​ខ្លួន ដែល​ព្រះ​អង្គ​មិន​អាច​​ធ្វើ​ទៅ​កើត​ទេ ត្រូវ​វិភាគ​កន្លែង​នេះ។ ប្រការ​មួយទៀត​បើ​ព្រះអង្គ​ទៅ​មែន​​សូម​កុំ​ភ្លេច​ថា កាលពី​ដើមឡើយ សម្តេច​ក្រុមព្រះ​បាន​ប្រើ​ព្រះនាម​ព្រះបិតា ព្រះបាទ​សម្តេច​​ព្រះ​នរោត្តម សីហនុ ក្នុង​ការ​ឃោសនាបោះឆ្នោត​ជា​មួយ​ខ្ញុំ​នៅឆ្នាំ១៩៩៣ ឆ្នាំ១៩៩៨ ឆ្នាំ ២០០៣ ឆ្នាំ២០០៨ ហើយ​ខ្លឹម​សារ​ពិត​នៅ​ពេល​នោះ​ គឺ​បោះឆ្នោតប្រណាំងប្រជែង​រវាង​ព្រះ​ករុណា​​សម្តេច​ព្រះ​នរោត្តម សីហនុ និង​ ហ៊ុន សែន ព្រោះ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​បាន​និយាយ​ថា បើ​ស្រឡាញ់​សម្តេច​ឪ បោះឆ្នោត​ឲ្យ​ហ៊្វុនស៊ិនប៉ិច។ ចំណែក CPP និយាយ​ថា បើចង់​ឲ្យ ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី បោះឆ្នោត​ឲ្យ CPP

ពាក់ព័ន្ធនឹង​ការ​​វិភាគ​របស់​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​​កម្ពុជា សម្តេច​តេជោ​មានប្រសា​សន៍​វាយ​តម្លៃ​ថា បើ​ឡប់​តែ​ធុន​ហ្នឹង​ធ្វើ​អ្នកវិភាគ​យ៉ាង​ដូចម្តេច​កើត? គួរចៀស​ឆ្ងាយ​ពី​ខ្ញុំ​បន្តិច​បានទេ?​។ សម្តេច​​តេ​ជោ​ថ្លែង​ថា លោក អ៊ូ វីរៈ លោក​គួរតែ​ចេះ​ដឹង​ជាង​នេះ​ឲ្យ​បាន​ច្រើន​បន្តិច​បានទេ។ លោក​ពិត​ជា​មាន​សិទ្ធិ ហើយ​ខ្ញុំ​ក៏​មាន​សិទ្ធិ​ដែរ ខ្ញុំ​គិត​ថា ការវិ​ភាគ​​របស់​លោក​​អន់​ណាស់ គួរតែ​ទៅ​រៀន​សារ​ជា​ថ្មី​ជាមួយ​សិស្ស​នៅ​បឋមសិក្សា​ ឬ​មធ្យម​សិក្សា​​វា​ គ្រាន់​បើ​ជាង។

គួរ​បញ្ជាក់​ថា សមិទ្ធផលខាង​អាណាចក្រ និង​ពុទ្ធិ​ចក្រ ដែល​ចូល​រួម​កសាង​ឡើង​ដោយ​មន្ត្រី​គណបក្ស​ប្រជា​ជន​កម្ពុជា ហើយ​ត្រូវ​បាន​កាត់​ឫស​សីមា និងសម្ពោធដាក់​ឲ្យ​ប្រើ​ប្រាស់​រួមគ្នា​នៅ​ក្រោម​អធិបតីភាព​ដ៏ខ្ពង់​ខ្ពស់​​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ពេល​នោះ​រួមមាន​ព្រះ​វិហារ​​ទំហំ ២៤ម​x១២ម កំពស់ ៣២ ម៉ែត្រ រួម​ទាំង​ឧបដ្ឋានសាលា របង ក្លោង​ទ្វា ការ​ចាក់​សាប​ក្នុង​បរិវេណ​​វត្ត​ដែល​សរុប​ថវិកា​អស់​ចំនួន​ជាង ៤០ ម៉ឺន​ដុល្លារ​សហ​អាមេរិក និង​ប្រាក់​រៀល​ចំនួន​ជាង ២០០ លាន រៀល៕

អត្ថបទៈ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស