នៅក្នុងសន្និសីទ្ធកាសែតដែលធ្វើនៅព្រលានយន្តអន្តរជាតិភ្នំពេញ
ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ឲ្យដឹងថា
នៅក្នុងកិច្ចប្រជុំកំពូល CLV, CLMV និង ACMECS
សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកជាសំណូមពរឲ្យប្រទេសជាអ្នកភូមិ
ផងរបងជាមួយកម្ពុជា
អនុវត្តន៍គោលនយោបាយជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជា
ក្នុងការទប់ស្កាត់ពាណិជ្ជកម្មនៃឈើគ្រញូង ជាឈើមូលក្តី
ជាឈើកែច្នៃហើយក្តី។ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ
បានមានប្រសាសន៍ឲ្យដឹងថា សម្តេចតេជោមានប្រសាសន៍ថា
សូមឲ្យជួយទប់ស្កាត់ ព្រោះចាប់ពីពេលនេះទៅ
កម្ពុជាមិនអនុញ្ញាតឲ្យមានការកាប់ឈើគ្រញូងទៀតទេ
ហើយក៏មិនឲ្យមានការធ្វើពាណិជ្ជកម្ម ទោះជាឈើនោះមូលក្តី
ឈើនោះច្នៃហើយក្តី ដែលនេះជាការការពារបរិស្ថានផង
និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា
ដែលចេះតែឆ្លងដែនលួចទៅកាប់ឈើនៅប្រទេសជិតខាង
ហើយត្រូវបានគេបាញ់សម្លាប់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់បន្ថែមថា
នៅក្នុងកិច្ចប្រជុំកំពូលទាំង ៣ នោះសម្តេចតេជោនាយករដ្ឋមន្ត្រី
បានស្នើហើយ ស្នើទៀត
ធ្វើយ៉ាងណាឲ្យប្រទេសជិតខាងយើងគាំទ្រការសម្រេចរបស់សម្តេចតេជោ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺហាមឃាត់នូវការជួញដូរឈើគ្រញូងនេះ
ដោយសារឈើគ្រញូងនេះកាប់នៅស្រុកយើងហើយ យើងចាប់ជាបន្តបន្ទាប់
តែអ្នកកាប់បន្តទៅកាប់នៅប្រទេសជិតខាងរហូតដល់ករណីបាញ់គ្នា
ហើយត្រូវគេបាញ់ស្លាប់នៅតាមព្រំប្រទល់ទៀតផង។
ទាក់ទងនឹងកិច្ចប្រជុំ ឯកឧត្តម ហោ ណាំហុង បានមានប្រសាសន៍ថា
វេទិកាតំបន់ទាំង៣ នេះ មានគោលដៅតែមួយ គឺការអភិវឌ្ឍសេដ្ឋកិច្ច
និងឈានទៅធ្វើសមាហរណកម្ម
ដើម្បីឈានទៅបង្កើតសហគមន៍អាស៊ាននៅឆ្នាំ២០១៥ ខាងមុខនេះ។
ឯកឧត្តម ហោ ណាំហុង មានប្រសាសន៍ថា ទិសដៅនៃការបង្កើត CLMV នេះ
គឺធ្វើយ៉ាងណាឲ្យប្រទេសទាំង៤ នេះមានការអភិវឌ្ឍឲ្យបានលឿន
ដើម្បីបន្ថយគម្លាតនៅក្នុងអាស៊ាន
ហេតុដូច្នេះហើយទើបមានគម្រោងរហូតដល់ទៅ៥៨ ត្រូវបានដាក់ចេញ
ហើយមានគម្រោងអាទិ្ធភាពចំនួន១៦ ត្រូវបានកំណត់
ដែលក្នុងនោះមានគម្រោងចំនួន៤ បានអនុវត្តន៍រួច គម្រោងចំនួន២
កំពុងដំណើរការ និងចំនួន ១០គម្រោងទៀត មិនទាន់មានហិរញ្ញប្បទាន
ដើម្បីអនុវត្តន៍។
អង្គប្រជុំបានពិភាក្សាគ្នាធ្វើយ៉ាងណាកែសម្រួលគម្រោងនេះ
ដើម្បីស្វែងរកឥណទានពីប្រទេសដៃគូ ដែលមានដូចជា ជប៉ុន ចិន កូរ៉េខាង
ត្បូង ឥណ្ឌា និងសហភាពអឺរ៉ុប។
ឯកឧត្តម ហោ ណាំហុង មានប្រសាសន៍ឲ្យដឹងថា
កិច្ចប្រជុំអេកម៉ិចមានគោលដៅធ្វើយ៉ាងណាឲ្យប្រទេសទាំង៥
នៅក្នុងតំបន់មេគង្គនេះ មានការអភិវឌ្ឍស្មើៗគ្នា
ដែលគម្រោងអភិវឌ្ឍន៍សហប្រតិបត្តិការចំនួន៨ ក្នុងនោះមានពាណិជ្ជកម្ម
និងវិនិយោគ ការតភ្ជាប់ការដឹកជញ្ជូន កសិកម្ម ឧស្សាហកម្ម
ការអភិវឌ្ឍធនធានមនុស្ស ទេសចរណ៍ សុខាភិបាល និងបរិស្ថាន។
កិច្ចប្រជុំនេះ
បានពិភាក្សាអំពីការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធតាមអាកាសរវាង
ប្រទេសភូមា ឡាវ វៀតណាម កម្ពុជា។ ការតភ្ជាប់ផ្លូវគោករវាងប្រទេសភូមា
ឡាវ វៀតណាម កម្ពុជា
ព្រមទាំងការធ្វើយ៉ាងណាជម្រុញឲ្យមានការវិនិយោគនៅក្នុងប្រទេស
ដែលមានភាពអន់ថយខាងការអភិវឌ្ឍសេដ្ឋកិច្ចរវាងប្រទេសផ្សេងទៀត
ក្នុងប្រទេសទាំង៥ នេះ។
ឯកឧត្តម ចម ប្រសិទ្ធ ក៏បានមានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំ CLV
ដែលនាយករដ្ឋមន្ត្រីវៀតណាមធ្វើជាប្រធាននោះ ថ្នាក់ដឹកនាំប្រទេសទាំង៣
បានរំលឹកឡើងវិញនូវការអនុវត្តប្លង់មេក្នុងការអភិវឌ្ឍសេដ្ឋកិច្ច
និងសង្គមកិច្ចនៅក្នុងតំបន់ត្រីកោណដែលមាន ៤ផ្នែករបស់កម្ពុជា
៤ផ្នែករបស់ឡាវ និង៥ផ្នែករបស់វៀតណាម។ នៅក្នុងការអនុវត្តនេះ
យើងឃើញថា
ល្បឿនសេដ្ឋកិច្ចនៅក្នុងខេត្តរបស់កម្ពុជាក្នុងឆ្នាំកន្លងទៅបាន
កើន ៩% បើប្រៀបធៀបនឹងកំណើនសេដ្ឋកិច្ចរបស់កម្ពុជាដែលមាន ៧,៣%
ដែលបង្ហាញថា តំបន់ត្រីកោណកម្ពុជាពិតមែនតែក្រ
ប៉ុន្តែបានទទួលការអភិវឌ្ឍលឿនដោយសារគោលនយោបាយត្រឹមត្រូវរបស់
រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ជាប្រមុខអ្នកដឹកនាំ។
ខេត្តជាប់ព្រំដែនដែលចាត់ចូលក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណនៅ
ក្នុងប្រទេសឡាវ សម្រេចបាន ១០%
បើប្រៀបធៀបនឹងមធ្យមភាគនៃកំណើនសេដ្ឋកិច្ចរបស់ជាតិនិងនៅវៀតណាម
សម្រេចបាន ១១%
បើប្រៀបធៀបនឹងមធ្យមភាគនៃកំណើនសេដ្ឋកិច្ចរបស់ជាតិមានតែ៥% ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធិ ថ្លែងថា ការរីកចម្រើននេះ
គឺដោយសារគោលនយោបាយប្រទេសទាំង៣
អនុវត្តត្រឹមត្រូវក្នុងការជួយដល់តំបន់ក្រីក្រទាំងនោះ។
សូមបញ្ជាក់ថា ក្រៅពីកិច្ចប្រជុំ CLV កិច្ចប្រជុំ CLMV និងកិច្ចប្រជុំ
ACMECS ដែលប្រព្រឹត្តទៅនៅទីក្រុងវៀងច័ន្ទនោះ
សម្តេចតេជោនាយករដ្ឋមន្ត្រី
ក៏បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ង្វៀន តាន់យ៉ុង
នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តមបណ្ឌិត សៃ មុខខាំ
(Sai Mauk Kham) អនុប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ
និងលោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីនៃរាជាណាចក្រថៃ។
នៅក្នុងកិច្ចពិភាក្សាការងារជាមួយ ឯកឧត្តម ង្វៀន តាន់យ៉ុង
នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី១២
ខែមីនា ឆ្នាំ២០១៣។ ភាគីទាំងពីរ បានសំដែងនូវការវាយតំលៃខ្ពស់
និងកោតសរសើរចំពោះកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ
បើទោះបីជាការកើតមានឡើងនូវវិបត្តិសេដ្ឋកិច្ចពិភពលោក
កាលពីពេលថ្មីៗក៏ដោយ។
ឯកឧត្តម ង្វៀន តាន់យ៉ុង
នាយករដ្ឋមន្ត្រីវៀតណាមមានប្រសាសន៍ជំរាបជូនសម្តេចអគ្គមហាសេនាបតីតេ
ជោតេជោ ហ៊ុន សែន ថា បើទោះបីជាវិបត្តិសេដ្ឋកិច្ចពិភពលោកកើតមានឡើង
នៅតាមបណ្តាប្រទេសមួយ ចំនួនលើពិភពលោកក៏ពិតមែន
ប៉ុន្តែកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម
នៅតែមានការកើនឡើង
ក្នុងនោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមក្នុងឆ្នាំ២០១២
បានកើនឡើងជាង ៥%
ដោយឡែកកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១២
មានការកើនឡើងជាង៧%។
នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានប្ដេជ្ញារួមគ្នាថា
នឹងជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនទ្វេ
ឡើងថែមទៀត តាមរយៈការពង្រឹង
និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម
ការវិនិយោគ និងវិស័យទេសចរណ៍ឲ្យកាន់តែខ្លាំងក្លាថែមទៀត។ ឯកឧត្តម
ង្វៀន តាន់យ៉ុង បានថ្លែងនូវការកោតសរសើរ
និងវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ដែលបានដឹកនាំ
និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២០-២១
ដែលបញ្ចប់ទៅប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់បំផុត
បើទោះបីជាមានបញ្ហាមួយចំនួនកើតមានឡើងនៅក្នុងកិច្ចប្រជុំក៏ពិតមែន។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ស្វាគមន៍
ចំពោះប្រសាសន៍លើកឡើងរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម
និងបានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការពង្រីកកិច្ចសហប្រតិប
ត្តិការនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ
ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ
ទ្វេឡើងថែមទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី
ក៏បានកោតសរសើរចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម
ដែលបានរៀបចំកិច្ចប្រជុំកំពូលកម្ពុជា ឡាវ វៀតណាមលើកទី៧ នៅប្រទេសឡាវ
បន្ទាប់ពីការអាក់ខានកាលពីពេលកន្លងមកនោះ៕
ដោយឡែកនៅក្នុងជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន
និងឯកឧត្តមបណ្ឌិត សៃ មុខខាំ (Sai Mauk Kham)
អនុប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ឯកឧត្តមបណ្ឌិត សៃ
មុខខាំ មានប្រសាសន៍ជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា
ចាប់តាំងពីប្រទេសយើងទាំងពីរបង្កើតនូវទំនាក់ទំនងការទូតជាមួយ
គ្នា ចាប់តាំងពីឆ្នាំ១៩៥៥ រហូតមកដល់ពេលនេះ មានភាពជិតស្និទ្ធ
និងមានការរីកចំរើនគួរឲ្យកត់សំគាល់ ពិសេសនៅពេលបច្ចុប្បន្ននេះ
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ
បានធ្វើការផ្លាស់ប្តូរនូវដំណើរទស្សនកិច្ចពីគ្នាទៅវិញទៅមកយ៉ាង
ទៀងទាត់ ក្នុងនោះកិច្ចព្រមព្រៀងជាច្រើន
ត្រូវបានចុះហត្ថលេខាជាមួយគ្នា
តួយ៉ាងដូចជាកិច្ចព្រមព្រៀងលើវិស័យទេសចរណ៍
កិច្ចព្រមព្រៀងលើសេវាកម្មផ្លូវអាកាស
និងការចងសម័្ពន្ធមេត្រីភាពរវាងទីក្រុងសៀមរាបរបស់ប្រទេសកម្ពុជា
ជាមួយទីក្រុងបាហ្កានរបស់ប្រទេសមីយ៉ាន់ម៉ា
រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច
និងពាណិជ្ជកម្មផងដែរ។
ឯកឧត្តមអនុប្រធានាធិបតីមីយ៉ាន់ម៉ាបានជំរាបជូនសម្តេចតេជោនាយក
រដ្ឋមន្រ្តីផងដែរថា ប្រទេសមីយ៉ាន់ម៉ា
មានបំណងរៀនសូត្រពីប្រទេសអាស៊ានទាំងអស់
ក្នុងនោះរួមទាំងប្រទេសកម្ពុជាផងដែរ
ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការដឹកនាំ
និងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ពន្ធ័ដទៃទៀត
ដោយសារតែប្រទេសមីយ៉ាន់ម៉ារនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ
កំពូលអាស៊ាននៅឆ្នាំ២០១៤ ខាងមុខ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា
ប្រទេសយើងទាំងពីរធ្លាប់បានជួយគ្នាទៅវិញ ទៅមកលើវិស័យជាច្រើន
ក្នុងនោះរាប់ទាំងប្រទេសកម្ពុជាបានគាំទ្រដល់ប្រទេសមីយ៉ាន់ម៉ា
ក្នុងខណៈដែលប្រទេសលោកខាងលិចមួយចំនួនរាប់ទាំងសហគមន៍អឺរ៉ុប
បានដាក់ការគាបសង្កត់លើប្រទេសមីយ៉ាន់ម៉ារ មិនឲ្យចូលជាសមាជិករបស់
ASEM
រហូតមកដល់ពេលនេះមានប្រទេសជាច្រើនបានដកទណ្ឌកម្មពីមីយ៉ាន់ម៉ារ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ប្រទេស CLMV
ក៏ដូចជាប្រទេសអេកម៉ិកទាំងអស់ គួរតែជំរុញកិច្ចសហប្រតិបត្តិការ
ជាមួយគ្នាឲ្យកាន់តែខ្លាំងក្លាថែមទៀតក្នុងការប្រែក្លាយទៅជា
ប្រទេសផលិតអង្ករនាំចេញដ៏ធំរបស់ពិភពលោក។
សម្តេចតេជោក៏បានផ្តល់នូវសេចក្តីសង្ឃឹមថា
ប្រទេសមីយ៉ាន់ម៉ានឹងទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះ
ដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន
និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដទៃទៀតនៅក្នុងឆ្នាំ២០១៤ ខាងមុខនេះ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ យីងឡាក់
ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីនៃរាជាណាចក្រថៃ
ក៏បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើអនុ
ស្សរណៈ
នៃការយោគយល់គ្នាស្តីពីការបង្កើតក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-ថៃ
រវាងសភាពាណិជ្ជកម្មកម្ពុជា
ជាមួយគណៈកម្មាធិការអចិន្រៃ្តយ៍ចំរុះពាណិជ្ជកម្ម-ឧស្សាហកម្ម
និងធនាគារថៃ។
អ្នកឧកញ៉ា គិត ម៉េង
ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏
មានសារៈសំខាន់នេះ
ជាមួយលោកប្រធានគណៈកម្មាធិការអចិន្រៃ្តយ៍ចំរុះពាណិជ្ជកម្ម
ឧស្សាហកម្ម និងធនាគារថៃ។ ពិធីចុះហត្ថលេខាជាប្រវត្តិសាស្ត្រនោះ
ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា
អស់លោក លោកស្រី ជាឥស្សរជនជាន់ខ្ពស់ នៃរដ្ឋាភិបាល ប្រទេសទាំងពីរ
និងផ្នែកធុរកិច្ចនៃប្រទេសទាំងពីរកម្ពុជា-ថៃជាច្រើនរូបផងដែរ។
អ្នកឧកញ៉ា គិត ម៉េង
ប្រធានសភាពាណិជ្ជកម្មកម្ពុជាមានប្រសាសន៍ឲ្យដឹងថា នេះគឺជាលើកទី ១
ហើយដែលសភាពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈ
នៃការ យោគយល់គ្នាស្តីពីការបង្កើតក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-ថៃ
ជាមួយគណៈកម្មាធិការអចិន្រៃ្តយ៍ចំរុះ ពាណិជ្ជកម្ម ឧស្សាហកម្ម
និងធនាគារថៃ។ អ្នកឧញ៉ាបន្តថា អនុស្សរណៈនៃការយោគយល់គ្នានេះ
គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការផ្តល់នូវបទពិសោធន៍បច្ចេកទេស
ច្បាប់ និងចំណេះដឹងផ្សេងៗទៀត ដល់អ្នកវិនិយោគនៃប្រទេសទាំងពីរ។
អ្នកឧកញ៉ាមានប្រសាសន៍ឲ្យដឹងដែរថា
នៅពេលខាងមុខសភាពាណិជ្ជកម្មកម្ពុជា
និងរៀបចំឲ្យមានការចុះហត្ថលេខាលើអនុស្សារណៈដូចគ្នានេះ
ជាមួយបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន និងក្រៅតំបន់
សំដៅធ្វើយ៉ាងណាឲ្យអ្នកវិនិយោគទុនរបស់ប្រទេសកម្ពុជា
ទទួលបាននូវលំនឹងថែមទៀត ក្នុងការទាក់ទាញអ្នកវិនិយោគពីខាងក្រៅ
ក៏ដូចជាការស្វែងរកឱកាសវិនិយោគក្នុងបណ្តាប្រទេសក្នុងតំបន់ផងដែរ។
គួរបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៣
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាធ្វើដំណើរទៅកាន់
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តាមជើងយន្តហោះពិសេស
ដើម្បីចូលរួមក្នុងកិច្ចប្រជុំ CLV លើកទី៧ កិច្ចប្រជុំ CLMV លើកទី៦
និងកិច្ចប្រជុំ ACMECS លើកទី៥ ដែលប្រព្រឹត្តទៅនៅទីក្រុងវៀងច័ន្ទ៕
អត្ថបទៈ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស