Tuesday, March 26, 2013

អាជ្ញាធរ​​អប្សរា និង​ស្ថាន​​ទូត​អូស្ត្រាលី​​ប្រគល់​ និង​ទទួល​​ផែនការ​​គ្រប់​​គ្រង​ទេស​ចរណ៍​​តំបន់​អង្គរ



ផែនការ​គ្រប់​គ្រង​ទេសចរណ៍ ​ជា​សមិទ្ធផល​កសាង​ឡើ​ង​ដោយជំនួយ​នៃ​ប្រទេស​អូស្ត្រា​លី និង​ថវិកាបដិភាគពី​រាជរដ្ឋាភិបាល​កម្ពុជា ដែលជា​គម្រោង​មួយ​ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ​គ្រប់​គ្រង​បេតិកភ័ណ្ឌ​អង្គរ ត្រូវ​បាន​ធ្វើ​ពិធីប្រគល់ និង​ទទួល នៅ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ នា​ព្រឹក​ថ្ងៃ​ទី២៥ ខែមីនា ឆ្នាំ​២០១៣ រវាង​អាជ្ញារ​អប្សរា និង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​ព្រះ​រាជាណាចក្រកម្ពុជា ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន ឧបនា​យក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​មាន​ការ​ចូល​រួមជាសាក្សី​ពី​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក​ជំទាវ អាន ឡឺម៉េស (Ann Lemaistre) តំណាង​អង្គការយូនេស្កូ​ប្រចាំ​ព្រះ​រាជាណា​កច្រ​កម្ពុជា ព្រម​ទាំងមន្ត្រី​​ថ្នាក់​ដឹកនាំ​នៃ​រដ្ឋាភិបាលកម្ពុជា​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ជា​ច្រើន​រូប​ទៀត។

ដោយ​បាន​ចាត់​ទុក​ថា ការ​ប្រគល់-​ទទួល​ផែនការ​គ្រប់​គ្រង​ទេសចរណ៍​ ជា​ពិធី​ដ៏​មាន​សារៈ​សំខាន់ និង​ជាសមិទ្ធ​ផលជា​ប្រវត្តិសាស្ត្រ​នៃការ​ងារ​ការ​អភិរក្ស និង​អភិវឌ្ឍន៍តំបន់​អង្គរ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន ដែល​ជា​ប្រធាន​អាជ្ញាធរអប្សរាផង​ដែរ បាន​មាន​ប្រសាសន៍​ថ្លែង​អំណរ​គុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជា​ជន​អូស្ត្រាលី​ ​ ក្នុង​ការផ្តល់​ជំនួយ​សប្បុរស​ ដើម្បីជួយ​ថែរក្សា និង​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នៃ​តំបន់​បេតិកភ័ណ្ឌ​អង្គរ ក៏​ដូច​ជា​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​អង្គការ​យូនេស្កូ ដែល​បាន​ជួយ​សម្រប​សម្រួល ក៏​ដូច​ជា​ដៃ​គូដទៃ​ទៀត​ក្នុង​សកម្ម​ភាព​ទាក់​ទង​លើ​វិស័យ​នេះ។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ប្រាសាទ​អង្គរ​វត្ត​ ត្រូវ​បាន​ចុះ​ក្នុងបញ្ជី​ជា​បេតិកភ័ណ្ឌ​ពិភពលោក ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​កាល​ពី​ឆ្នាំ១៩៩២។ ឆ្នាំបន្ត​បន្ទាប់​គណៈកម្មាធិការ​អន្តរជាតិ​សម្រប​សម្រួល​អង្គរ (ICC Angkor) ត្រូវ​បាន​បង្កើត​ឡើង​។ តាំង​ពី​ការ​ចាប់​ផ្តើម ICC Angkor និង​អាជ្ញាធរ​អប្សរា រួម​ជាមួយ​បណ្តា​ប្រទេស និង​អង្គការ​អន្តរជាតិ​ជា​ច្រើន​ បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​ជោគ​ជ័យ នៅ​ក្នុង​ការ​អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​អង្គរ ដែល​នាំ​ឲ្យ​មានការ​ដក​ចេញ​តំបន់​អង្គរ ពី​បញ្ជី​បេតិកភ័ណ្ឌ​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​នាឆ្នាំ​២០០៤។ បច្ចុប្បន្ន​ ក្រោម​ការ​សម្របសម្រួល​នៃ ICC-Angkor មាន​ប្រទេស​ចំនួន​១៦ និង​អង្គការ​អន្តរជាតិ​ជាង​៣០ បាន​និង​កំពុងអនុវត្ត​គម្រោង​ជាង​៦០ ដើម្បី​ស្តារ​ និង​ជួស​ជុល​ប្រាសាទ​នានា​ ក្នុង​តំបន់​អង្គរ។
ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ថា ជាមួយ​នឹងការ​ទាក់ទាញ​​ពី​ភាព​សម្បូរ​បែបនៃ​វប្បធម៌ និង​ធម្មជាតិ​នៃ​ព្រះ​រាជាណា​កច្រកម្ពុជា នយោបាយ​បើក​ចំហរ​ជើង​មេឃ​ដែល​ផ្តើម​ឡើងដោយ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ពិសេស​ស្ថិរភាព​នយោបាយ សន្តិសុខ និង​សន្តិភាពទូទាំង​ប្រទេស​ ក៏​ដូច​ជា​កែលម្អមធ្យោបាយគាំទ្រ និងហេដ្ឋារចនា​សម្ព័ន្ធ​ បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ មក​ទស្សនា​កម្ពុជា​កើន​ឡើងពីប្រមាណ១១៨ពាន់​នាក់ ក្នុង​ឆ្នាំ​១៩៩៣ មក​ជាង​ ៣,៥លាន​នាក់ នៅ​ក្នុង​ឆ្នាំ​២០១២។ ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១១ ចំនួន​ទេសចរ​អន្តរជាតិ​បាន​កើន​ឡើងចំនួន ២៨,២ ភាគរយ សម្រាប់​ខេត្ត​សៀម​រាប និង ​២៤,៤ ភាគរយ​ សម្រាប់​ទូទាំង​ប្រទេស​។ ចំនួន​ភ្ញៀវ​ទេសចរអន្តរជាតិ​ រំពឹង​ថានឹង​កើន​ឡើង​ដល់ ៤,៥លាននាក់ នៅ​ឆ្នាំ​២០១៥។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​មាន​ប្រសាសន៍​វាយ​តម្លៃ​ថា ទេសចរណ៍​ជា​អាវុធ​មុខ​ពីរ ដែល​ទាម​ទារ​ឲ្យ​មាន​ការ​គ្រប់​គ្រង​ល្អ​។ រាជរដ្ឋាភិបាល​កម្ពុជា រួម​ជាមួយ​នឹង​បណ្តាដៃគូ​កន្លង​មក​បាន​ពិចារណា​ថ្លឹង​ថ្លែង និង​ដាក់​ចេញ​នូវ​វិធានការណ៍​ជា​ច្រើន​ ក្នុង​ការលុប​បំបាត់​កង្វះ​ខាតនានា​ដែល​មាន​ ដើម្បី​បាន​ទទួល​ផលអំពីវិស័យ​ទេសចរណ៍។ ឯកឧត្តមបណ្ឌិត​សភាចារ្យ​ សុខ អាន បាន​មាន​ប្រសាសន៍បញ្ជាក់​ថា ការ​ពិត​ផែនការ​គ្រប់​គ្រងទេសចរណ៍​ត្រូវ​បាន​សម្រេច​ឡើង​នៅ​ក្រោម​គម្រោង​ក្របខ័ណ្ឌគ្រប់​គ្រង​បេតិកភ័ណ្ឌ​អង្គរ ជាមួយ​នឹង​ការ​រួម​វិភាគ​ទាន​ដ៏​មាន​សារៈ​សំខាន់​ពី​រដ្ឋាភិបាល​អូស្ត្រាលី រាជរដ្ឋាភិបាល​កម្ពុជា និង​ការ​សម្របប្រួល​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​របស់ការិយាល័យ​អង្គការ​យូនេស្កូ នៅ​រាជធានីភ្នំពេញ​ ដែល​ជា​មាគ៌ា​នៃ​ការ​ធ្វើ​សមាហ​រណ​កម្មដ៏ល្អ​មួយសម្រាប់​គ្រប់​គ្រង​ទេសចរណ៍​នៅ​តំបន់​អង្គរ។ គោល​បំណងជា​ពិសេស គឺ​ការ​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​នៃ​គ្រប់​គ្រង​ និង​សម្រប​សម្រួល​ចំពោះ​កំណើន​ដ៏​ឆាប់​រហ័ស​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​នៅ​ប្រាសាទអង្គរ ដោយ​ធ្វើការ​កែលម្អ​បទពិសោធន៍ អ្នក​ទស្សនា​ ធ្វើ​ឲ្យ​រួម​តូច​នូវ​ផលប៉ះពាល់​នានា បង្កើ​ត​ភាព​ជា​ដៃគូ​នៅ​ក្នុង​ឧស្សាហកម្ម​ទេសចរ ណ៍​ផ្តល់​នូវ​ចំណូល​ចំពោះ​ប្រជា​ជន​មូលដ្ឋាន​ និង​ម្ចាស់​ភាគ​ហ៊ុន​នានា។

ទាក់​ទង​នឹង​គម្រោង​ផែនការ​គ្រប់​ទេសចរណ៍​នេះ ឯកឧត្តមបណ្ឌិត​សភាចារ្យ​ សុខ អាន បាន​មាន​ប្រសាសន៍ថា ការផលិត​ផែនការ គឺ​ជា​កត្តាសំខាន់​មួយ​ ប៉ុន្តែ​ការ​អនុវត្ត​ផែនការ​ គឺ​កាន់​តែ​មាន​សារៈសំខាន់​ថែម​ទៀត។ ជំហាន​បន្ទាប់​របស់​យើង គឺការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព និង​មាន​ប្រសិទ្ធផល នៃ​ផែនការ​គ្រប់​គ្រង​ទេសចរណ៍​។ ខ្ញុំ​ផ្ទាល់​ខ្លួន​ នឹង​ពិនិត្យ​ករណី​នេះ។

លោក​ជំទាវ ផេនី រីឆាត (Penny Richards) ឯកអគ្គ​រដ្ឋ​ទូត​អូស្រាលី​ប្រចាំ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ផែន​ការ​ណ៍​គ្រប់​គ្រង​ទេសចរណ៍​នេះ (TMP) ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ក្រុម​គម្រោង​ក្របខ័ណ្ឌ​គ្រប់​គ្រង​បេតិកភ័ណ្ឌ​ ដោយ​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម Godden Mackay Logan heritage ព្រម​ជាមួយ​នឹង​បណ្តា​ដៃ​គូ​នៃ​គម្រោង​ដទៃ​ទៀត រួម​មាន​ អាជ្ញាធរ​អប្សរា អង្គការ​យូនេស្កូ និង​ធាតុ​ចូល​ពី​សមាសភាព​ផ្សេងៗទៀត ដែល​ក្នុង​នោះ​មាន​ក្រសួង​ទេសចរណ៍ផង​ដែរ។ ផែនការ​គ្រប់​គ្រង​ទេសចរណ៍ នឹង​ជួយ​គ្រប់​គ្រង និង​សម្របសម្រួល​នូវ​ការ​រីក​ចម្រើន​ដ៏​ឆាប់​រហ័ស​នៃ​វិស័យ​ទេសចរណ៍​នៅ​តំបន់​អង្គរ។

លោក​ជំទាវ អាន ឡឺម៉េស (Ann Lemaistre) តំណាង​អង្គការ​យូនេស្កូ​ប្រចាំ​នៅកម្ពុជា ដែលជា​ស្ថាប័ន​សម្រប​សម្រួលការ​ងារ​អភិរក្ស និង​អភិវឌ្ឍន៍តំបន់​បេតិកភ័ណ្ឌអង្គរ បាន​កោត​សរសើ​អាជ្ញាធរ​អប្សរា ក៏​ដូច​ជា​អាជ្ញា​ធរ​ខេត្ត​សៀម​រាប ដែល​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការងារ​នា​ពេល​កន្លង​មក៕