Saturday, March 2, 2013

សម្ភាសន៍ លោក​បណ្ឌិត​ ឈឹម ផលវរុណ ស្តីពី​ នយោបាយ​​សន្យា​ ​របស់​គណ​ប​ក្ស​ប្រឆាំង​


ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៣
លោក សត្យា រក្ស​
សំណួរ​៖ បច្ចុប្បន្ននេះ ជនរួមជាតិ​បានជ្រាប​ហើយ​ថា គណបក្សប្រឆាំង ​កំពុង​តែ​ប្រើ​នយោបាយ​​ញុះញង់​ ​អុចអាល និង​នយោបាយបំភ្លើស បំភ្លៃការពិត ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​​ ភន្ត័​ច្រឡំ​។ ប៉ុន្ដែ​ជា​លទ្ធផល​​ ដែលគណបក្សប្រឆាំងទទួលបាននោះ យើងឃើញថា​អ្នក​ដែលភន្ត័​ច្រឡំ​ហ្នឹង គឺ​មាន​តិច​តួចប៉ុណ្ណោះ​ ​ដោយសារតែសកម្មភាពរបស់គាត់ដដែលៗ។
 
យើងឃើញថា បីអាណត្ដិមកហើយ ចាប់​ពីអាណត្តិទីពីរ ទីបី ទីបួន មក​គឺ​​​គណបក្ស​ប្រឆាំង​​​​បាន​​ទទួល​បរាជ័យ​ក្នុងការ​ប្រកួត​ ប្រជែងនៃការបោះឆ្នោតជា​បន្តបន្ទាប់​។ មួយវិញទៀត យើង​ឃើញ​ថា គណបក្សប្រឆាំងនៅកម្ពុជានេះ មិនមែនថា ជាគណបក្សដែលថ្មី ហើយមិន​ធ្លាប់​​ចាញ់​​នោះ​ទេ​ គឺសុទ្ធតែជាគណបក្សដែលធ្លាប់​ភ្លក់​នៅ​សង្វៀន​នៃការប្រកួត​ប្រជែង​តាម​រយៈ​​ សន្លឹក​​ឆ្នោត​ ហើយជាលទ្ធផលនោះ គឺ​បរាជ័យ។ ​ម្យ៉ាង​ទៀត​ ចរឹត​របស់​ពួកគាត់​ទាំង​បួន​អាណត្តិ​​មក​នេះ​ នៅពេលដែលគាត់​ចាញ់ឆ្នោត គឺគាត់តែងតែ​និយាយ​ថា គ្មាន​ប្រជាធិបតេយ្យ​ គ្មាន​តម្លាភាព​ គេលួច​អី​ជា​ដើ​ម​ទៅ​។
 
ឥឡូវនេះ អ្វីដែលយើងចាប់អារម្មណ៍បំផុតនោះ គឺនៅត្រង់ថា នៅពេល​ដែល សម រង្ស៊ី ដែល​ជា​ប្រធាន​គណបក្ស សម រង្ស៊ី នេះ កំពុងតែជាប់ទោស​ទណ្ឌ​ ហើយនៅ​ប៉ុន្មាន​ថ្ងៃខាង​មុខ​នេះ​ គឺនឹងមានការកាត់ទោសឡើងវិញ នៅ​សាលាឧទ្ធរណ៍ ដែល​ទាក់ទងទៅ​នឹង​បទ​បរិហារកេរ្តិ៍​​​​និង​រឿង​រ៉ាវ​​ផ្សេងៗទៀត ដែលជាផ្នែកមួយធ្វើឲ្យលោក សម រង្ស៊ី កាន់តែ​ឃ្លាតឆ្ងាយ​ជាមួយ​និង​​​ការ​វិល​វិញ​។ ការឃ្លាតឆ្ងាយ គឺជាការសម្រេចចិត្តរបស់​ខ្លួនគាត់ទេ មិនមែន​មានន័យថា​ អ្នកណា​មិន​ឲ្យ​មក​នោះ​ទេ​។ ហើយអ្វីដែលយើងឮពីបនប្រឆាំងទាំងឡាយ​ គឺគេ​បាន​និយាយ​ថាបើ​គ្មាន សម រង្ស៊ី មក​ចូលរួមប្រកួតប្រជែង​ការបោះឆ្នោតទេ ការបោះឆ្នោត​នោះ​ នឹង​គ្មានតម្លៃ ​មិនអាច​ទទួល​យក​បាន​​ ។ល។ ប៉ុន្ដែចំណុចនេះ ជនរួមជាតិក៏បានជ្រាប ហើយ​លោក​បណ្ឌិតក៏បាន​លើក​ឡើង​ជា​ច្រើ​​ន​ដង​​ហើយ​ដែរ។​
 
ឥឡូវនេះ គឺខ្ញុំសុំឲ្យលោកបណ្ឌិតជួយពន្យល់ និងបំភ្លឺបន្ដិច ដែលទាក់ទងទៅនឹង​គណបក្ស​ប្រឆាំង​ ដែលយើងឃើញថា បក្សទាំងពីរនេះ គឺកាលពីដើមឡើយ គឺមានប្រវត្តិនៅ​ក្នុង​ការ​ប្រកាប់​ប្រចាក់គ្នា​ យ៉ាងស្រួចស្រាវ​បំផុត ដោយម្នាក់ៗ តាំងខ្លួនថា ជាអ្នកល្អរៀងៗ​ខ្លួន។ លោក សម រង្ស៊ី ចោទលោក កឹម សុខា ថាជាគណបក្សឆ្កែនោមដាក់ ជា​គណបក្ស​កូនមាន់​ដែល​រំខានទៅដល់​អ្នកប្រជាធិបតេយ្យអីជាដើម។ ហើយសម្រាប់លោក កឹម សុខា វិញ ក៏បានលើក​ឡើង​យ៉ាង​ច្បាស់​ថា​ លោក សម រង្ស៊ី នេះ គឺជាគណបក្ស​បុគ្គលនិយម គ្រួសារ​និយម​ បក្ខពួក​និយម សូម្បីតែឈ្មោះបក្សហ្នឹង ក៏ជាឈ្មោះរបស់ខ្លួនដែរ។ ដែលគាត់​បាន​អះអាង​ថា គាត់មិន​អាច​ប្រឡាក់​ប្រឡូក​ខ្លួនគាត់​ជាមួយនឹងលោក សម រង្ស៊ី ដែលជា​បុគ្គល​បក្ខពួក​និយម គ្រួសារ​​និយមនោះទេ។
 
ឥឡូវនេះ សូម​លោកបណ្ឌិតប្រៀបធៀបមើល ថាតើ​ប្រជាពលរដ្ឋអាច​ជឿពួក​គាត់​​បានឬ​ទេ​?​ បើកាលពីគាត់នៅដាច់ដោយឡែកពីគ្នា គាត់ចោទគ្នាថា សុទ្ធតែជាមនុស្សបែបនេះ មនុស្ស​​បែប​នោះ​​ ប៉ុន្ដែឥឡូវនេះ គ្រាន់តែមានសញ្ញាបន្ដិចថា នឹងទោរ​ទន់ដាក់គ្នាបន្ដិចហ្នឹង គេ​បែរ​​ជា​​សរសើរ​ថា​ ពួកគេហ្នឹងសុទ្ធតែជាអ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិជាដើម។ អញ្ចឹង​ចំណុច​​នេះ លោក​បណ្ឌិត​មានអ្វី​ដើម្បីទុកជាការពន្យល់​ជូនប្រជាពលរដ្ឋ?
 
លោកបណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ​៖​ បើនិយាយឲ្យខ្លី ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ​យល់​គឺ​ ក្រុមលោក សម រង្ស៊ី ក្ដី ក្រុម​លោក កឹម សុខា ក្ដី គឺជាក្រុមអ្នកចាញ់ ប៉ុន្ដែអួតថា ឈ្នះ តែពួកគាត់​មិនដែល​បានឈ្នះ​ទេ​។​ ហើយ​ ពួក​​គាត់អួតទាំងអស់គ្នា សូម្បីតែលោក សម រង្ស៊ី គាត់​ស្រមៃ​តាំងពី​រដ្ឋាភិបាល​គណបក្ស​​សម រង្ស៊ី ហ្នឹង​ឃើញថា ឈ្នះតែម្តង​។​ អត់ហ៊ានថា បើសិនជាឈ្នះទេ សុទ្ធតែ​និយាយ​ថា​​ឈ្នះ​តែ​ម្តង​​។​ ចំណែក​លោក កឹម សុខា នោះ កាន់តែជាងលោក សម រង្ស៊ី ទៅ​ទៀត គឺខ្លួន​​គាត់​​ធ្លាប់​ចាញ់​តាំងពី​កាល​ជំនាន់​​លោកតា ​សឺន សាន​ មកម្លេះ គឺ​បានតែ ១០ កៅអីទេ​ តែ​ហ៊ាន​បំផ្លោងថា ប្រជា​ពលរដ្ឋ​កាល​ឆ្នាំ​​ ១៩៩៣ បោះឆ្នោត​​ឲ្យ​ពួកសេរី។ លើក​ពី​ពួកសេរី តែ​គាត់​បាន​តែ ១០ កៅអី​ទេ ហើយពេល​នោះ​សេរីមែនទែនផង​ សេរីលេងៗ​​ផង​។​​បើ​ខាង​ហ៊្វុនស៊ីន​ប៉ិច​មានទៅសេរីអីគាត់ គឺ​រាជា​និយម​ទេ​ ហើយគណបក្សប្រជាជន​ក៏ជាគណបក្សគ្រប់​គ្រងប្រទេស​ផ្អែកទៅ​នឹង​លក្ខខណ្ឌ​ជាក់​​ លាក់​​របស់​​ប្រជាជននៅកម្ពុជាយើងដែរ។ ហើយ​សេរី​បែប​ស្ដាំនិយម​ដូច​លោក​តា សឺន សាន គឺ​បាន​តែ​ ១០ កៅអីទេ។ អញ្ចឹងហើយរហូតដល់​អាណត្តិទី២ ហ្នឹង ពួកស្ដាំ​និយមបែបលោកតា សឺន សាន គឺរលាយ​ខ្សុលអស់​តែម្តង​។​ បានន័យថា ប្រជា​ជនកម្ពុជា អត់ត្រូវការ​អ្នកសេរី​អាឡិ​អាឡក់​អញ្ចឹង​ទេ សេរីអត់បែបបទ គឺយើងត្រូវការប្រជាធិប​តេយ្យពិតប្រាកដ ដើម្បីសណ្ដាប់ធ្នាប់ និង​​សុខដុមរមនានៃប្រជាជនកម្ពុជាទាំងមូល។ មិនមែន​ចង់បានស្ដាំនិយមដូចកា​ល​ពីណា​ពី​ណី​នោះ​ទេ​។​ យើងមើលប្រវត្តិកម្ពុជា នយោបាយ​ស្ដាំនិយមដូចជា​ពុំ​ទាន់ជាស៊ី​ចង្វាក់​ជាមួយ​វត្ថុ​បំណង​របស់​​ កម្ពុជា​ទេ។ ​កាលជំនាន់លោក លន់ នល់ ក្រុម​លោកតា សឺន សាន ហ្នឹង គឺបាន​រុញ​ច្រាន​ឲ្យ​ប្រទេសជាតិ​ជួបវិនាស​កម្ម​ទៅវិញទេ។​ ប៉ុន្ដែយើង​ឃើញលោក កឹម សុខា អស់​គណបក្ស​មួយ​ហើយ​ តែគាត់​ពូ​កែ​អួត។ គាត់អត់​ទទួល​ស្គាល់​ខ្លួនឯងចាញ់ទេ​ខ្លួនឯងចាញ់ហើយ ទៅអួតថា ខ្លួន​ឯង​ឈ្នះ​ អស់ត្រឹមតែ ៥៨ ទៅជាង ៦០ បានមកត្រឹម ៣ ក៏គាត់​ថា គាត់ឈ្នះដែរ​។ អញ្ចឹង​បានន័យថា​ ទាំងក្រុមលោក សម រង្ស៊ី ទាំង​ក្រុមលោក កឹម សុខា ជាក្រុម​អ្នកចាញ់​ ប៉ុន្ដែ​មិន​ទទួល​ស្គាល់​ថា​ចាញ់ទេ នៅតែអួតថា​ឈ្នះ​​ដដែល​។ ​ត្រង់ហ្នឹងជាវិធីសាស្ដ្រ​មួយផងដែរ​ ប្រជា​ពលរដ្ឋ​ត្រូវ​គិត​ថា ហេតុអី​បានជា​គេ​ចាញ់​ ឬក៏គេល្អិតកាន់តែស្រែកកាន់តែ​ខ្លាំ​ង​​?​ បានន័យថា ជា​ចិត្តសាស្ដ្រ​នៃ​ការឆបោក​។ ខ្មែរ​យើង​ធ្លាប់​និយាយហើយ ខ្លួនកាន់តែល្អិត​ស្រែកកាន់តែឮ ហើយ កឹម សុខា មិនមែន​ស្រែក​កាន់​តែ​ឮ​ទេ ស្រែកផងលោតយកដៃបក់ទៀត ដើម្បីឲ្យគេ​មើលឃើញ ឮ​ទាំង​សម្លេង​។ អញ្ចឹង​កាន់តែ​ល្អិត​កាន់តែ​ខ្ទរ​ខ្លាំង ដូចយើងហៅថា​ក្អាត់​ក្នុង​ក្អមអញ្ចឹង។ ប៉ុន្ដែ​បងប្អូន​ពិចារណា​ ហេតុអី​បានជាគេខំធ្វើអញ្ចឹង? ​ត្រង់នេះ​សំខាន់ណាស់​​ រឿង​ឥរិយាបថ​របស់​ពួក​គាត់​ ត្រង់ហ្នឹង​ជា​វិធីសាស្ដ្រ​ ប៉ុន្ដែហេតុអីបានគាត់ធ្វើអញ្ចឹង? ពីព្រោះ​ជា​សម្រែក​បរាជ័យ​បាត់ទៅ​ហើយ​។​ មនុស្ស​យើង កាលណាយើងអត់ទទួលស្គាល់ចំណុចខ្សោយ​របស់​ខ្លួន ហើយខ្លួន​បរាជ័យ​ហើយ​ ហើយនៅតែស្រែកថា ឈ្នះៗ​ទៀត​ គណបក្សបែបហ្នឹង អ្នក​នយោបាយបែបហ្នឹង ឬ​ក៏​បន​នយោបាយ​បែបហ្នឹង គ្មានឱកាសនឹងរៀបចំខ្លួនទេ​។
 
ឧទាហរណ៍ ដូចកាលគណបក្សលោកតា សឺន សាន ចាញ់អត់បានមួយកៅអី នៅឆ្នាំ​១៩៩៨ មិនព្រមរៀបគណបក្សនេះទេ​ គឺ​សុខ​ចិត្ត​​រំលាយ​គណបក្សចោល។ ដល់លោក សម រង្ស៊ី អញ្ចឹងដែរ គណបក្សបានស្ទុះពី ១៥ ទៅ ២៤ មកទ្រឹង​នៅត្រឹម ២៦ មិនព្រមសិក្សាពី​កំហុស​​ និង​ចំណុច​​ខ្សោយ​គណបក្សខ្លួនទេ​ ហាក់ទៅជាទទួលស្គាល់ថា ខ្លួនអត់ទៅមុខ ហើយ​ទៅ​ចាប់​ដៃរក​​ជំនួយ​​​ជា​មួយ កឹម សុខា ដើម្បីជាការបង្ហាញ បញ្ឆោតប្រជាពលរដ្ឋទៅវិញ​។
 
-មតិ​លោក​ សត្យា រក្ស​
ត្រង់ចំណុចនេះ ខ្ញុំចង់ឲ្យលោកបណ្ឌិតផ្ដោតទៅលើបញ្ហាមួយ ដែល​ទាក់​ទង​ទៅ​នឹង​​​ មុនពេល​​ដែលគណបក្សប្រឆាំងទាំងពីរហ្នឹង ងាកមកចាប់ដៃគ្នា។ ប៉ុន្ដែ​សម្រាប់​អ្វីដែល​យើង​ប្រមើល​មើល​​ឃើញ​គឺ​ថា ពួកគេ​កំពុងតែប្រេះឆានឹងគ្នាហើយ ការចាប់ដៃហ្នឹង។​ និយាយ​ឲ្យ​ចំ​ មិនទាន់ទាំងហុចដៃ​ដល់​គ្នា​ផង ហើយឥឡូវកំពុងតែនាំគ្នាដកដៃចេញវិញ​ហើយ​។
 
រឿងដែលសំខាន់ ដែលខ្ញុំចង់ពន្យល់ និងបំភ្លឺជូនប្រជាពលរដ្ឋ គឺត្រង់ថា កាលនោះ គឺនរណាក៏ដឹងដែរថា កឹម​ សុខា នេះ គឺជាអាយ៉ងរបស់គណបក្សប្រជាជនកម្ពុជា​។ លោក សម រង្ស៊ី ក៏​ធ្លាប់មានប្រសាសន៍​ពីបញ្ហានេះ លោក គង់ គាំ ក៏ធ្លាប់ព​ន្យល់ប្រជាពលរដ្ឋ អ្នកគាំទ្រ​របស់​គាត់​​ពី​​បញ្ហា​ភាព​ជាអាយ៉ងរបស់គណបក្សប្រជាជនកម្ពុជា​ នៃក្រុម កឹម សុខា ហ្នឹង។ ហើយ​សូម្បី​តែ​ សម្ដេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ផ្ទាល់ ក៏លោក​ធ្លាប់​បាន​មាន​ប្រសាសន៍​ហើយ​ បាន​លើក​ពី​មនុស្ស​ពិតទៅទៀត។ ដូចជាលោក កឹម សុខា នេះ គឺសម្ដេច​លោកបាន​​មាន​ប្រសាសន៍ថា​ គណបក្ស​ហ្នឹង គឺធ្លាប់សុំយោបល់លោក ហើយលោក​បាន​រៀបចំ​​ទាំងមនុស្ស​ឲ្យ​ចូល​រួម​ ធ្វើជាអនុប្រធាន​ផង គឺ​ឯកឧត្តម កែវ រ៉េមី ហើយ​និង​មាន​រឿងរ៉ាវ​ច្រើន​ទៀត រួមជាមួយ​នឹង​ភស្ដុតាង​ចុងក្រោយ​​ដែលបែក​ធ្លាយនូវ​ឯកសារ​សំងាត់ នៃកិច្ច​សន្ទនា​ហ្នឹង​ គឺកាន់តែច្បាស់។ ហើយ​គណបក្ស​ ​សម រង្ស៊ី គឺតែងតែលើកយកបញ្ហានេះ ដើម្បី​ពន្យល់​ជូន​ក្រុម​របស់​ខ្លួន អ្នកគាំទ្រ​របស់​ខ្លួន ហើយ​ទះដៃ​ហ៊ោ​ក្រេវៗតែម្ដង នូវ​អ្វីជាការ​ពន្យល់​ជុំវិញ​រឿងរ៉ាវ​របស់​ កឹម សុខា ហ្នឹង។
 
លោក​ សត្យា រក្ស​
សំណួរ​៖ ឥឡូវនេះ គឺគណបក្សទាំងពីរហ្នឹង ដូច​ជា​ទោរ​ទន់នឹងគ្នា​ ខ្ញុំបារម្ភ​ត្រង់​ចំណុច​ថា បើ​សិន​​​ជា​ គណបក្ស សម រង្ស៊ី នេះ ត្រូវបែកប្រេះឆាជាមួយ កឹម សុខា ឬក៏ថា ដឹកដៃគ្នា​ឆ្ពោះ​​ទៅ​​រក​ការ​បោះឆ្នោត ប៉ុន្ដែ​ទទួល​បាន​លទ្ធផល​មិនសម​តាម​អ្វីដែល​ខ្លួន​ស្រមើ​រ​ស្រមៃនោះ គឺ​បក្ស​ទាំងពីរ​នេះ​ អាចនឹងចោទថា កឹម សុខា នេះ គឺជាមនុស្សរបស់សម្ដេច ហ៊ុន សែន បញ្ជូន ឲ្យ​ទៅ​​បំបែក​គណបក្ស​ សម រង្ស៊ី។ អញ្ចឹងត្រង់ចំណុចនេះ ខ្ញុំចង់ឲ្យលោកបណ្ឌិតជួយពន្យល់ ទៅ​ដល់​​គណបក្សសម រង្ស៊ី ​ផង និង​ទៅដល់អ្នកគាំទ្របក្ស សម រង្ស៊ី ​ផង ដើម្បី​ទុក​ជារបង​ការពារ​​ឲ្យ​​ហើយ​​?
 
លោកបណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ៖ ​ត្រង់ចំណុចហ្នឹង បងប្អូនប្រជាពលរដ្ឋអាចមើលឃើញហើយ ហេតុអី​បាន​លោក សម រង្ស៊ី បំរុង​កន្លែងវិលត្រឡប់វិញ? បើត្រឹមតែរក្សាគណបក្ស សម រង្ស៊ី ដើម្បី​ទុកពេល​វេលា​​ឲ្យ​​ចប់​​អាណត្តិ​​ទាំងស្រុង​នៃសមាជិកព្រឹទ្ធសភា ក៏ដូច​ជា​សមាជិក​ក្រុម​ប្រឹក្សាខេត្ត ក្រុង រាជធានី រហូត​ទៅ​ដល់​​ស្រុក ខណ្ឌ ហើយនិងឃុំ សង្កាត់ នឹងវាអត់អីទេ វាដើម្បី​បំពេញ​លក្ខខណ្ឌ​នៃ​ច្បាប់ ត្រង់​ហ្នឹង​​យើង​ទទួលយកហើយ។ ប៉ុន្ដែវាចាំបាច់អីដែល លោក សម រង្ស៊ី ត្រូវរក្សា​បន្ទប់​ចាស់​​សម្រាប់​គាត់​​វិល​​មកវិញនេះ​។ នេះដែលជាចំណុចបង្ហាញឲ្យឃើញថា លោក សម រង្ស៊ី ក៏គិត​​ទុក​រួច​ស្រេច​ហើយ ថា ការរួមគ្នាហ្នឹង ក៏អាចនឹង​ប្រេះឆាវិញ​ក្នុងពេល​ណា​មួយ ដែល​មិន​អាច​​មាន​​សុដ្ឋិនិយម​ថា នឹង​ធ្វើដំណើរទៅជុំគ្នាបានទេ អញ្ចឹង​ហើយ​គាត់​បម្រុង​ទុក​។
 
ងាកមកលោក កឹម សុខា ក៏ដូចគ្នាដែរ កឹម សុខា ក៏បម្រុងទុកដែរ​ ប៉ុន្ដែមិនមែន​បម្រុង​ទុក​ដូច​លោក សម រង្ស៊ី ទេ បម្រុងទុកបែបផ្សេង គឺ​បម្រុងទុកបែបពេលវេលា បានសេចក្ដីថា លោក កឹម សុខា មិនទាន់ចាកចេញពីគណបក្ស​សិទ្ធិ​មនុស្ស​ទេ។ ដោយខ្លាចក្រែង​នៅពេល​ដែល​ចុងខែ​មេសា​ និងពាក់កណ្ដាលខែឧសភា​ ដែលជា​ពេល​វេលា​នៃការ​កំណត់​ការ​រៀបចំ​បញ្ជី​បេក្ខជន​គណបក្ស​ឈរឈ្មោះ​នោះ ទៅ គ.ជ.ប ​។​ ពេលហ្នឹង ទំនាស់រវាង​ កឹម សុខា និង សម រង្ស៊ី ក្នុង​​ការ​រៀប​​ផលប្រយោជន៍លំដាប់លេខល្អៗ វាទៅអត់រួច វាត្រូវ​ផ្ទុះ​អញ្ចឹង​គេមាន​កន្លែង​បម្រុង​ទុក។ ត្រង់​ហ្នឹង​មួយ​ ដែល​ជា​ទឡ្ហីករណ៍​ដែលបញ្ជាក់ថា ពួកគាត់​អត់​ទាន់​ជាក់លាក់​​ថា​​ទៅមុខរួចទេ។ ទីពីរ នយោបាយ​ឆបោកនេះ​ ឬក៏នយោបាយបោកប្រាស់នេះ បងប្អូន​​ប្រជាពលរដ្ឋ​អាចមើល​ឃើញ​ខ្លះៗ​ហើយ​។​ ពិតមែនគេ​ពូកែស្ពិនភ្នែក​តាមរូបភាព​នៃ​ឈ្មោះ​ពិរោះ ឬ​តាម​រូបភាព​នៃពាក្យ​រួបរួមគ្នា​ក្តី​ តែ​យើងមើលតែសាវតាគាត់​ឈ្លោះគ្នា​បាត់ទៅ​ហើយ​ វាពិបាក​នឹង​ជួ​ប​គ្នា​ណាស់។ ឥឡូវយើង​មិនចាំបាច់​និយាយ​សាវតាទេ គឺ​បងប្អូន​ប្រជា​ពល​​រដ្ឋ​​ធ្លាប់ដឹង​ហើយ​ យើងក៏បាន​បក​ស្រាយ​រួច​ហើយ​។​
 
ឥឡូវយើងមើលរូបភាពគណបក្សវិញម្តង​។​ សា្លកសញ្ញាគណបក្ស ហើយនិង​ការតាំង​រូបភាព​​គណបក្ស​​នៅតាម​​ដងវិថី។ បងប្អូនប្រជាពលរដ្ឋមើលទៅ សូម្បីគំនូរព្រះអាទិត្យរះហ្នឹង ក៏​​ខុស​គ្នា​ដែរ​។​ ​មានគំនូរមុននោះ គំនូរហ្នឹងប្រហែលគូរដោយខាងក្រុម កឹម សុខា ឬក៏​យ៉ាង​ណា ​យើង​​មិន​ដឹងទេ គឺព្រះអាទិត្យរះដូចត្រឡប់ធាតុ​។ តាមធម្មតាព្រះអាទិត្យគេរះពីខាងកើត​។​​ ព្រះ​អាទិត្យ​ដែល​រះ​ផុតមក គឺត្រូវក្រហមខាងលើ វាមិនអាចក្រហមខាងក្រោមទេ។ វាត្រូវ​ពពក​​ដែល​នៅ​ពី​លើ​ព្រះអាទិត្យហ្នឹង វាត្រូវក្រហម។​ បើថ្ងៃលិចហ្នឹងវាផ្សេង រះឡើង​វាត្រូវ​ក្រហម ឬក៏​មាន​ពន្លឺ​ចាំង​ពី​ព្រះអាទិត្យហ្នឹង វាត្រូវក្រហមព្រឿងៗអីខ្លាំងណាស់។ តែគំនូរ​គណបក្ស​គេ​ហ្នឹង បែរ​ទៅ​ជា​ក្រហម​នៅ​ខាង​ក្រោម ដូចពងទារផុសឡើង។​ ខាងក្រោម សាច់​ពណ៌​ក្រហម​របស់ពងទារ​សាច់​ពណ៌លឿង​ហ្នឹង។ ឥឡូវយើងផ្ទៀងមើលទៅ ហើយសូម្បី​តែផ្ទៃ​ក៏ពណ៌​ផ្សេង​ដែរ ហើយ​​ឥឡូវ​មាន​រូបផ្សេងទៀត រូបដែលគេទើបធ្វើថ្មីហ្នឹង ដែលជារូប​មាន​លោក​ កឹម សុខា និង លោក សម រង្ស៊ី ហើយ​ពេលហ្នឹង រូបដែល​មានពីរនាក់​ឈរនៅ​ក្នុងរូប​ហ្នឹង​ គឺ​ស្រាប់​​តែ​ព្រះអាទិត្យរះហ្នឹង ហាក់​ដូច​ជា​មាន​ផុស​មក​ មានលក្ខណៈខុស​ពីព្រះអាទិត្យ​រះ​កាល​ពី​មុន​នេះ។ អញ្ចឹងបានន័យថា វា​មិនទាន់​មាន​ការចុះសម្រុងគ្នានៅក្នុង​រូបភាពផង។ ត្រង់​ហ្នឹង ​បងប្អូនអាច​តាមមើលឃើញ​ហើយ យើង​បាន​ពិនិត្យមើល​ហើយ។ ហើយចំណុចអស់នេះ មិនមែន​មានន័យថា គេគូសច្រឡំ​ទេ ត្រង់ហ្នឹង​ហើយ​ភាពមិនឯកភាពគ្នា មិនបានចុះសម្រុងគ្នា ហើយ​ធ្វើអ្វីៗ​ដោយបង្ខំ​នោះ វាអាច​ប្រទាញ​ប្រទង់​​គ្នា​អញ្ចឹងឯង។
 
​របៀបគេបោកប្រាស់មួយទៀត ដូចដែលខ្ញុំចង់និយាយ គឺគេយកតួអង្គរូប​ កឹម សុខា និង សម រង្ស៊ី មកបង្ហាញ។ ប៉ុន្ដែបងប្អូនមើលទៅអ្នកទាំងពីរហ្នឹងមានសារធាតុធ្វើ​ការ​ជាមួយ​គ្នា​​ម្ដង​​ ហើយឬ​នៅ​?​ បើមានសារធាតុធ្លាប់ជេរគ្នាមានមែន តែអ្នកទាំងពីរហ្នឹងមាន​ធ្លាប់​ធ្វើការ​ជាមួយ​គ្នា​​ម្ដងហើយ​ឬ​នៅ​?​ កាលលោក សម រង្ស៊ី នៅ ហ៊្វុនស៊ីនប៉ិច កឹម សុខា នៅ​គណបក្ស​លោកតា​ សឺន សាន ពីរ​នាក់ហ្នឹង ក៏គ្មានសាវតានយោបាយជាមួយគ្នា ជាសហសេវឹក ឬក៏ជា​ដៃគូ​នយោបាយ ក៏​អត់​ទេ​។ រហូតដល់ កឹម សុខា ចូល ហ៊្វុនស៊ីនប៉ិច សម រង្ស៊ី បង្កើត​គណបក្ស​ផ្សេង​។ បើសិន​អ្នក​ទាំងពីរ​ហ្នឹង​​មានសាវតាដូចគ្នា ឬក៏ កឹម សុខា មានសារធាតុដូច សម រង្ស៊ី វាគួរ​ណាស់​នៅ​ពេល​ដែល​​គណបក្ស​​លោកតា សឺន សាន បានរលាយសូន្យសុង ក្លាយ​ជា​ផេះផង់​នោះ គួរណាស់​មិន​ចាំ​បាច់​គណបក្សលោកតា សឺន សាន ទៅចូល​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ទេ វាគួរតែមកចូល​នឹង​គណបក្ស​​ សម រង្ស៊ី ។ ពីព្រោះ កឹម សុខា អួតថា គណបក្ស​​លោកតា សឺន សាន ឬក៏​ក្រុម​នយោបាយ​​របស់​​ពួក​គេវាសេរី ហើយលោក សម រង្ស៊ី ក៏ពួក​សេរីដែរ។ លោក សម រង្ស៊ី ក៏សាវតា​នយោបាយ​​របស់​​គាត់ ​ខាងស្ដាំនិយមដែរ គាត់មិនមែនជាអ្នករាជានិយមទេ ប៉ុន្ដែនេះ​ជាសិទ្ធិ​សេរីភាព​នយោបាយ​។ ប៉ុន្ដែ​បើសិនជា កឹម សុខា ជាអ្នកសេរីនិយម កឹម សុខា ត្រូវតែចូល សម រង្ស៊ី ពីឆ្នាំ​ ១៩៩៨ ដែល​ចាញ់ឆ្នោត មិនបាច់ទៅចូលហ៊្វុនស៊ីនប៉ិចទេ។
 
លោក សត្យា រក្ស​
សំណួរ​៖ ​លោកបណ្ឌិត​បានលើកឡើងអំពី​សាវតា ឬក៏យើងហៅថា ប្រវត្តិ​នយោបាយ​រវាង លោក សម រង្ស៊ី និង លោក កឹម សុខា ​ដែល​យើងឃើញថា សុទ្ធតែ​ជា​មនុស្ស​ដែល​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ ដែលមានទស្សនៈនយោបាយផ្សេងគ្នា ហើយ​និយាយឲ្យចំទៅ គឺថាដូច​លេង​បិទ​ពួន​គ្នា​អញ្ចឹង​។ កឹម សុខា នៅជាមួយ លោកតា សឺន សាន រលាយ លោកតា សឺន សាន សូន្យ​សុង​ហើយ​ក៏​​រត់ទៅ​​ចូល​ ហ៊្វុនស៊ីនប៉ិច។ ហើយនៅពេលរត់ចូលហ៊្វុន​ស៊ីនប៉ិច គឺ សម រង្ស៊ី ចេញពី​ហ៊្វិនស៊ីនប៉ិច​ទៅ​ហើយ។ សម រង្ស៊ី កំពុងតែជេរ ហ៊្វុនស៊ីនប៉ិច ទៀត ថា បក្ខពួកនិយម គ្រួសារ​និយម​អី​ជាដើម។
 
អញ្ចឹងយើងឃើញថា វាជារឿងមួយដែលផ្ទុយគ្នាស្រឡះ​តែម្ដង។ ​ចំណុច​មួយ​ទៀត ដែល​ចូល​ក្នុង​ភាពផ្ទុយគ្នានោះដែរ គឺ​កាល​ពី កឹម សុខា នៅក្នុងបក្ស​សិទ្ធិ​មនុស្ស ហើយ​ដែល​មិន​ទាន់​​ត្រូវ​រ៉ូវ​គ្នា​​ហ្នឹង លោក សម រង្ស៊ី ធ្លាប់​ប្រមាថ​មាក់​ងាយ​នូវ​នយោបាយ​​សេដ្ឋកិច្ចរបស់ កឹម សុខា រឿងនាំ​ផ្កាស្នោ ផ្កាស្ដៅ ព្រលឹត ត្រកួន យកទៅលក់បរទេស។ កាល​នោះ​ក្រុម សម រង្ស៊ី ថា នយោបាយ កឹម សុខា នេះ គឺនយោបាយ ឆ្កួតជ្រូក ជាដើម ។ល។ នេះ​គឺ​ជាការប្រមាថ​ពី​គណបក្ស​ សម រង្ស៊ី ចំពោះនយោបាយផ្កាស្នោ ផ្កាស្ដៅ របស់លោក កឹម សុខា។
 
ឥឡូវនេះ យើងឃើញថា ដំណើរនៃការចេញទៅបោកប្រជារាស្ដ្រ តាមតំបន់​ផ្សេងៗ​ហ្នឹង​​ឃើញ​ថា គេដើរជាមួយគ្នា គឺក្រុមលោកម៉ីលោកថោងខាង សម រង្ស៊ី ដែលដឹកនាំដោយ កឹម សុខា នាំគ្នាចេញទៅបោកប្រាស់ប្រជាពលរដ្ឋរួមគ្នា។ ហើយ កឹម សុខា បាន​ប្រើប្រាស់​នយោបាយ​​ផ្កាស្នោ​ ផ្កាស្តៅ​ សារ​ជាថ្មី ដោយការបោកប្រាស់លើកនេះ ខ្ញុំឃើញថា មាន​ចរឹត​​ហាក់​បី​​ដូច​ជា​ព្រៃផ្សៃជាងមុនទៅទៀត​ ព្រៃផ្សៃខាងកុហក់ខាងភូត តែម្តង​។ គឺគាត់និយាយ​ពី​រឿង​តម្លៃ​ត្រប់​ សូម្បីតែត្រប់ស្រួយ ក៏ថាយកទៅលក់នៅស្រុកគេ បាន​រហូតទៅដល់​ជាង ២០ ដុល្លារ ក្នុង​មួយគីឡូក្រាម​ ម្ទេសជាង ២០ ដុល្លារ ក្នុងមួយគីឡូក្រាម ត្រយូងចេកជិត ១០ ដុល្លារ​ក្នុង​មួយ​ត្រយូង​ចេក​ ត្រកួនជាង ១០ដុល្លារ ក្នុងមួយគីឡូក្រាម ហើយ​គាត់​ពន្យុះ​ឲ្យ​អ្នក​ស្រុក​​យើង​​នៅ​​ខាង​ព្រែក​ឯក​នេះ ថា​ដាំឬមិន​ដាំ អីជាដើម ។ល។
 
អញ្ចឹងត្រង់នេះ វាគឺដល់​ដំណាក់កាលមួយដែលខ្ញុំគិតថា គណបក្សសម រង្ស៊ី ប្រហែល​ជា​ទើស​ទាល់​ជាមួយនឹងនយោបាយឡប់ឡែរបស់ កឹម សុខា ដែលមិនបាន​លើកអីពី​បញ្ហាធំដុំ​ជា​​គោល​នយោបាយជាតិ​​ ជាដំណោះស្រាយដើម្បីឲ្យប្រជាពលរដ្ឋមានបាននោះឡើយ​។ ហើយ​​របៀប​​ផ្កា​ស្នោ​ ផ្កាស្ដៅ នេះ គឺ​ធ្វើ​មាន ធ្វើ​បានតែជាសម្លេងទេ ត្រង់ហ្នឹងគេហៅថា ភូត​បាន​តែ​​ថា​ហ្នុង​ណា​​ តែការ​ពិតវាគ្មាន។ អញ្ចឹងខ្ញុំចង់​ឲ្យលោកបណ្ឌិត​ជួយពន្យល់​ត្រង់​ចំណុ​ច​នេះ​ ជូន​ទៅ​ដល់​ប្រជា​ពលរដ្ឋ​​​ថា​បើសិនណាជា កឹម សុខា ពិត​ជាមានសុឆន្ទៈ​ល្អចំពោះ​ប្រជា​ពលរដ្ឋ​មែន ចង់​ឲ្យ​ប្រជា​ពលរដ្ឋ​​មាន​ជីវភាពធូរធារ​ មានបានមែន តើ កឹម សុខា គួរធ្វើ​យ៉ាង​ម៉េច​​ជាមួយ​​នឹង​នយោ​បាយ​ផ្កាស្នោ ​ផ្កាស្ដៅ​របស់​គាត់ហ្នឹង លោក​​បណ្ឌិត?
 
លោកបណ្ឌិត​ ឈឹម ផលវរុណ​
ចម្លើយ៖ កឹម សុខា ធ្លាប់និយាយថា កាលពីមុន​នៅអាមេរិកហ្នឹង មេឃុំ​នៅអាមេរិក​គេជិះ​យន្ដហោះ​​ដើ​រ​​រកទីផ្សារ គឺ​ កឹម សុខា និយាយខ្លួនឯង។ ឥឡូវ កឹម សុខា ​បានមេឃុំ ១៨ ហើយ​​ម៉េច​មិនជិះយន្ដ​ហោះដើររកទីផ្សារ ឲ្យឃុំដែលខ្លួនឈ្នះឆ្នោតទៅ?​ ចាំបាច់ដល់​បោះឆ្នោត​​ជាតិ​ឈ្នះ​អី រកទីផ្សារ​ឲ្យ​ហើយទៅ។ តែគ្រាន់តែ​​យើងចាប់អារម្មណ៍ត្រង់អញ្ចេះ សូម​បងប្អូន​​ប្រជា​ពលរដ្ឋ​​​តាមដាន​​​ជា​មួយ​គ្នា តើបងប្អូន​ដែល​ឮ​​មន្ដ្រីរបស់គណបក្សសម រង្ស៊ី និយាយ​ផ្កាស្នោ ផ្កា​កំប្លោក​ទេ​ ចាប់តាំងពីគេរួមគ្នាជាសំបកនោះ។ គេទៅជាមួយ កឹ​ម សុខា ទៅធ្វើ​​នយោបាយ​អាវ៉ាសែ​ នៅតាមទីសាធារណៈក៏ពិតមែន ប៉ុន្ដែ​ចំណុច​រឿង​នយោបាយ​សេដ្ឋកិច្ច​ឡប់​ឡែ​របស់ កឹម​ សុខា មិនដែលឮចេញពី​បបូរមាត់របស់ក្រុម​ សម រង្ស៊ី ទេ។ វាគួរណាស់បើអ្នកហ្នឹង អ្នក​ទាំង​ពីរ​ហ្នឹង​រួម​គ្នាមែន​ បើ កឹម សុខា បន្ដនិយាយនយោបាយ​ស្លឹកចេក នយោបាយ​ត្រយូង​ចេក​អី​ទាំង​អស់​ហ្នឹង​ វាគួរតែក្រុមលោក សម រង្ស៊ី ត្រូវនិយាយដែរ​តែ​អត់ឮ​សោះ។ ហើយវាគួរ​តែខាង​ក្រុម​លោក សម រង្ស៊ី និយាយច្រើនជាង ព្រោះខាងក្រុម​លោក សម រង្ស៊ី ម្នាក់ៗគេថា ដោយសារ​លោក សម រង្ស៊ី ជាអ្នក​សេដ្ឋកិច្ច ហើយ កឹ​ម សុខា អ្នក​គីមីទេ គឺ​អ្នកជួយថែរស្លឹកចេកកុំឲ្យ​វា​ឆាប់​ខូច​ ដែលអ្នកសេដ្ឋកិច្ចវាគិតថា យកស្លឹកចេក​ហ្នឹង​ចំណេញ​ឬ​​អត់?​ ឥឡូវ​យើង​គណនា​ទាំងអស់​គ្នា​។​ ឥឡូវថា ត្រប់ស្រួយ លក់បាន ១០ ដុល្លារ ឥឡូវយើងឲ្យ ៣០ ដុល្លារទៀតចុះ មួយគីឡូ​ក្រាម​។​ តើនយោបាយសេដ្ឋកិច្ចរបស់ កឹ​ម សុខា អាចលក់ត្រប់ស្រួយ​ហ្នឹង ក្នុងមួយឆ្នាំបាន ១០ តោន ទេ? តើលក់បានទេ ១ម៉ឺន​គីឡូក្រាម​?​ បើ ១ម៉ឺនគីឡូក្រាម យើង​ឲ្យ​អំបាញ់មិញមួយគីឡូក្រាម ៣០ ដុល្លារ ១ម៉ឺនគីឡូក្រាម គុណ​នឹង​ ៣០ ទើបបាន​ ៣០ ម៉ឺន អត់​ទាន់បាន ១ លានដុល្លារទេ។ ហើយ ៣០ ម៉ឺន ហ្នឹង គិត​ថ្លៃ​ដើម​ថ្លៃអី​ទាំងអស់។​ ឥឡូវក្នុង ៣០ ដុល្លារ ថាចំណេញ​ឲ្យពាក់​កណ្ដាល​ទៀត​ទៅ​ចុះ​ ឲ្យចំណេញ​ដល់​ ២០ ដុល្លារទៀតចុះ វាមហា​ចំណេញចុះ រកស៊ីឲ្យតែចំណេញ ២០ ភាគរយ​គេ​អរទៅហើយ ឥឡូវ​ឲ្យ កឹម សុខា ចំណេញ ៥០ ភាគរយទៅចុះ។ បានន័យថា លក់ត្រប់​ស្រួយ​មួយគីឡូក្រាម បាន​៣០ ដុល្លារ ចំណេញ២០ ដុល្លារ​។ ហើយ ២០ ដុល្លារ មួយឆ្នាំ លក់​បាន​តែ​ ១០ តោន គឺ មួយម៉ឺន គីឡូក្រាម។ ដូច្នេះ​ ២០ គុណនឹងមួយម៉ឺន ទើប​បាន ២០ ម៉ឺនហ្នឹង ហើយ​សេដ្ឋកិច្ច​ជាតិ​ មិនមែនទៅយកប្រាក់ចំណេញហ្នឹងទេ គឺគិតទៅ​លើ​អត្រា​នៃប្រាក់​ចំណេញ​ទៅវិញ​ទេ​ ព្រោះ​បង់​ពន្ធ​គយបង់អី អញ្ចឹងប្រជាពលរដ្ឋ បានមួយចំណែក ក្រុមហ៊ុនឯកជន​ក៏ត្រូវ​បាន​មួយ​ចំណែក​ ហើយធ្លាក់​​មករដ្ឋ​បន្ដិចហ្នឹង។ រកចំណេញរស់ដែរឬអត់​ បើ​ធ្វើ​​អញ្ចឹង?​​ សេដ្ឋកិច្ចហ្នឹង គឺ​សេដ្ឋកិច្ច​នយោបាយបំផ្លាញជាតិ សុទ្ធសាធតែម្ដង។ ប៉ុន្ដែ ហេតុអីបានលោក សម រង្ស៊ី អត់ត?​ គឺ​ដូច​​លោក សត្យារក្ស បាននិយាយប្រហែលជាគាត់ទើសទាល់​ចង់​ថប់ដង្ហើមម្ដងៗ រឿង​កឹម សុខា ល្ងង់​ខាងសេដ្ឋកិច្ច ហើយធ្វើអាឡិអាឡក់អញ្ចឹង។ ប៉ុន្ដែ គេហៅកត្តាបរាជ័យ ចេះតែអត់​ធ្មត់​​ទៅ​ដើម្បី​យ៉ាង​ហោច​ណាស់ក៏ស្រោច​ស្រង់ខ្លួនឯងបាន។ មួយទៀត យើងគិតទៅឥឡូវថា អំបាញ់​មិញ ​ម្ទេស ឲ្យ ៣០ ទៀត តើ កឹម សុខា មួយឆ្នាំ ទូទាំងប្រទេសខ្មែរអាចនាំម្ទេសបាន ១០ តោនឬ​ទេ?​ តើអាចរកទីផ្សារនៅពិភពលោកត្រូវការ ១០ តោនម្ទេសទេ? បើស្រូវអីរាប់រយតោន ដល់​​លាន​តោន​ក៏បាន​ដែរ​ ហ្នឹងគឺផលិតកម្ម សេចក្ដី​ត្រូវ​ការ​វា​ខុស​គ្នា ប៉ុន្ដែម្ទេសហ្នឹង នរណា​ត្រូវ​ការ​ម្ទេស​​ដល់​រាប់​តោន។ តែបើយកម្ទេសស្រស់គឺខ្ទេចតែម្ដង អញ្ចឹង១០ តោន ១គីឡូក្រាម​ចំណេញ​ ២០ ដុល្លារ ប៉ុន្តែ​ជាក់ស្ដែងវាអត់ចំណេញដល់​អញ្ចឹងទេ។​
 
លោក​ សត្យា រក្ស
សំណួរ​៖ ​ ឧទាហរណ៍​ថា កឹម សុខា ធ្វើបានទៅចុះ​ ដោយគាត់ទិញ​ត្រកួន​ ១គីឡូក្រាម ជាង​១០ ដុល្លារ​ ម្ទេស ១គីឡូក្រាម ជាង​២០ ដុល្លារ ហើយ​លុយ​ខ្យល់​ដែលគាត់ថា​ជាងៗ​នោះ​ ទុកឲ្យគាត់ចំណេញទៅចុះ​ ហើយទិញពីប្រជាពលរដ្ឋ​គឺ​ត្រកួន​តែ១០ ដុល្លារ ឬ​ម្ទេស​តែ ២០ ដុល្លារ​បានហើយ​។ តាមពិត​ទៅគឺវាមិនអាចទៅរួច​ទេ​ តែយើងលើក​តាម​សម្តី​គាត់ភូត​ភរ​​​​​មក​បង្ហាញ​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ​​ ពីព្រោះ​សម្តីភូត​ភរ​នេះ​យើងមិនអាច​ទទួលយក​បាន​​​ ហើយ​ដែល​យើង​លើកយកមកជូនបងប្អូន​យើងដើម្បីពិចារណា​ទាំងអស់គ្នា​។​ ប្រសិនបើ​ករណី​​​របស់​គាត់​​នោះ​វា​អញ្ចឹង​មែន​​ តើ​​ប្រជាពលរដ្ឋ​ខ្មែរនៅក្នុងប្រទេស​ អាចមានលុយ​ឯណា​ដើម្បី​ទិញ​ទទួល​ទាន​ទៅ​ បើ​១គីឡូក្រាម​ជាង​១០ ដុល្លារ​ទៅហើយ​?​​ បើគិតពីប្រាក់ខែ​របស់ កឹម សុខា​ ដែល​សន្យា​​ថា​នឹង​ឡើង​ឲ្យ​១៥០ ដុល្លារវិញ​​ គឺយកទៅទិញ​ត្រកួន​មិនបា​ន​១៥គីឡូក្រាម​ផង​។​តើ​រឿងនេះ​វាពិត​ដូចការសន្យា​ របស់ កឹម សុខា​ ដែរឬទេ​?​សូមលោកបណ្ឌិត​ជួយពន្យល់​?​​​
 
លោកបណ្ឌិត​ ឈឹម ផលវរុណ​
ចម្លើយ​៖ ប្រសិនបើលោក កឹម សុខា គាត់មើលឃើញ​ការចំណេញ​ពិតមែននោះ​ គឺគាត់ច្បាស់ជា​ឲ្យប្រពន្ធគាត់រកស៊ី​រឿងនេះ​ហើយ។​ការនាំ​ប្រជាពលរដ្ឋ​ ឲ្យរកស៊ី​បែបនេះ​គឺជា​ការ​បំផ្លាញ​សេដ្ឋកិច្ច​​​គ្រួសាររបស់ប្រជាពលរដ្ឋ​ យ៉ាងពិតប្រាកដ​ គឺមិនចាំបាច់និយាយ​ទៅដល់​សេដ្ឋ​កិច្ច​ជាតិ​នោះ​ទេ​​។ ឥឡូវនេះ​ ប្រសិន​បើគាត់​ធ្វើ​បានមែន​​គឺ​ប្រជាពលរដ្ឋ​មិនទាន់​យកលុយ​ពី​គាត់​ភ្លាម​ទេ ​ គឺ​យើងឲ្យគាត់ជំពាក់លុយ​១ខែ​មុន​ ហើយប្រជាពលរដ្ឋ​ប្រមូលផ្កាស្នោរ​ ស្លឹក​ចេក​ ឬត្រយូង​ចេក​ ត្រប់ ឬម្ទេស​ទៅលក់​ឲ្យ កឹម សុខា នៅភ្នំពេញ​នេះ​ ហើយ​ឲ្យ លោក កឹម សុខា ធ្វើកិច្ចសន្យា​នាំចេញទៅលក់​នៅក្រៅប្រទេស​ទៅ​ ហើយ​ពេលលក់​បាន​ត្រូវ​សង​លុយ​​​មក​​កសិករ​វិញ​​​​។ ពេលនោះ​ច្បាស់ជាសេដ្ឋកិច្ច​គ្រួសារ​របស់ កឹម សុខា រលាយជាមិនខាន​ គឺមិនបាច់និយាយ​ទៅ​ដល់​សេដ្ឋកិច្ច​ជាតិ​​ទេ​​។​
 
ទាក់ទងទៅនឹងរឿង​សន្យា​ខ្យល់​មួយទៀត​ គឺរឿង​ ៤ម៉ឺន​ យើង​ឃើញថា​ បើ កឹម សុខា ហ៊ានទិញ​ត្រកួន១គីឡូក្រាម​រហូត​ទៅដល់​​១០ ដុល្លារ​​ ទៅហើយ​ អញ្ចឹង​គឺរឿង​ ៤ម៉ឺន​ សម្រាប់​ចាស់ៗ​​នោះ​ គឺគាត់អាចចែកគ្រាប់ត្រកួន​តែមួយក្តាប់ទៅ​ គឺចាស់ៗអាចបានច្រើនជាង​១០ ដុល្លារ​ដែល កឹម សុខា សន្យា​ ចិញ្ចឹម​ទៅ​ទៀត​។
 
ដូច្នេះ នយោបាយភូត​សុទ្ធសាធ​​របស់ កឹម សុខា នេះ គឺជានយោបាយ​បំផ្លាញ​សេដ្ឋកិច្ច​​​គ្រួសារ​ និងបំផ្លាញសេដ្ឋកិច្ចជាតិ​ទាំងស្រុង​ ពីព្រោះគាត់​ធ្វើឲ្យប្រជាពលរដ្ឋ​មាន​អារម្មណ៍​​រំភើប​​ជ្រុល​​ហួស​ហេតុ​ ហួស​ពី​ការ​ពិត​​​​ ដោយ​ការកុហក់​របស់គាត់​។ នយោបាយ​បំផ្លាញ​សេដ្ឋកិច្ច​គ្រួសារ​​​ របស់ កឹម សុខា នេះគឺមិនចុះសម្រុង​គ្នា​ជាមួយនឹងក្រុម​លោក សម រង្ស៊ី រួចទៅហើយ​ ពីព្រោះ​គាត់ភូត​ខ្លាំងពេក​។​​ហើយ​បងប្អូន​ចាំ​តាមដានមើលទៅ​ ថាតើ​ក្រុម​លោក​ សម រង្ស៊ី មាន​និយាយ​​​ពី​​នយោបាយ​លក់​ផ្កាត្រកួន ផ្កាស្នោរ​ នេះដែរ​ឬទេ?​​​ គឺអត់​មាន​ទេ​។​​
 
លោក​ សត្យា រក្ស​
សំណួរ​៖ ត្រង់ចំណុចនេះ​ ចំពោះក្រុម​របស់ លោក សម រង្ស៊ី ដែលមានតួនាទី​តូច​តាច​នៅ​តាម​ខេត្ត​ ឬក៏​សកម្មជន​របស់ សម រង្ស៊ី​ នោះគឺកំពុងតែបាន​បន្លឺពាក្យ​ ដោយ​សង្ស័យថា​ តើ កឹម សុខា ដែលកំពុងតែនិយាយ​ពាក្យ​ទាក់ទងទៅនឹងកសិកម្ម នយោបាយសេដ្ឋកិច្ច​កសិកម្ម​របស់​​គាត់​នោះ​ គឺជាការមួយធ្វើឲ្យអាប់ឱន​ដល់គណបក្ស សម រង្ស៊ី ដែរ​។ ដូច្នេះ​ សកម្មជន​ទាំង​​នោះ​​កំពុង​តែ​​ឆ្ងល់​ថា​ ប្រហែលជា​ កឹម សុខា គឺជាមនុស្ស​របស់ សម្តេច​អគ្គ​មហា​សេនា​បតី​​តេជោ ហ៊ុន សែន​ ​ឲ្យទៅបំផ្លាញគណបក្ស សម រង្ស៊ី មែនដែរ​ឬទេ​​?​
 
លោកបណ្ឌិត​ ឈឹម ផលវរុណ​
ចម្លើយ​៖ ​ត្រង់នេះ​ ខ្ញុំឃើញ​មន្ត្រីគណបក្ស សម រង្ស៊ី​ ដែលទៅ​ចូល​រួម​ក្នុង​វេទិកា​​ អាវ៉ាសែ​ជាមួយ កឹម សុខា គឺហៅ កឹម សុខា ថាសុទ្ធតែលោកប្រធាន​ៗ​។ ការលើក​បែប​នេះ​​​គឺ​​​មាន​​​លក្ខណៈ​ដូចជាការបញ្ចើចបញ្ចើរ​ ពីព្រោះ​តាំងពីដើម​​ រហូតមក​ដល់​ពេល​នេះ​គឺពួក​គេ​​មិន​​ដែល​​ត្រូវ​គ្នា​​ទេ​។ ប៉ុន្តែ​នៅពេលដែលគេលើក​ បែបនេះ​គឺ កឹម សុខា ហាក់បីដូចជា​ជោរ​​​​តាម​​គេ​​ដែរ​​។ អញ្ចឹង​ យើងឃើញថា​ អ្នកទាំងពីរ​នេះ​គឺ​ សម រង្ស៊ី និង កឹម សុខា​ ​​​​​សុទ្ធ​​តែ​​សាក​​ចិត្តគ្នា​​​ទៅវិញ​ទៅ​មក​​។ ដូច្នេះ​ ខ្លឹមសារ​នយោបាយរបស់ក្រុមលោក សម រង្ស៊ី គឺ​សឹងតែ​គ្មាន​អ្វី​ដែល​អភិវឌ្ឍ​​ល្អ​​ជាង​ទេ​ រីឯខាង កឹម សុខា គឺគ្របដណ្តប់​ទៅដោយ​សម្តី​អួត​ក្អេងក្អាង​​​។ ដូច្នេះ​ ទាំង​ពីរនាក់​នោះកំពុងតែបាត់អត្តសញ្ញាណ​ហើយ​ ពិសេសគឺខាងក្រុមលោក សម រង្ស៊ី​ តែម្តង​។ ប៉ុន្តែ​ តាមពិតគឺពួកគេកំពុងតែបោកគ្នាទៅវិញទៅមក​។ សម រង្ស៊ី កំពុង​តែ​រុញ​​មន្ត្រី​​របស់​គាត់​ឲ្យ​បញ្ចើច​បញ្ចើរ កឹម សុខា​ ដើម្បីបន្លំប្រជាពលរដ្ឋថា ក្រុម សម រង្ស៊ី​ ពិត​ជា​ចង់​​រួបរួម​​ជាមួយ កឹម សុខា​ ពីព្រោះនៅពេលបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់​ គឺខាង កឹម សុខា បានចោទថា​គឺ​ខាង​ សម រង្ស៊ី ទេ​ដែលមិនព្រមរួបរួម​។ ប៉ុន្តែឥឡូវនេះ​ គឺខាង សម រង្ស៊ី​ ព្រម​រួបរួម​ហើយ​ និង​បាន​​ធ្វើ​ជា​ប្រធានបក្ស​ថ្មីជាផ្លូវការទៅហើយ​ ចំណែក កឹម សុខា គឺមិន​ទាន់​ចេញ​​ពី​បក្ស​​ចាស់​​របស់​​ខ្លួន​ទេ​​។​​ ម៉្យាង​ទៀត​​​ លោក សម រង្ស៊ី មិនដែល​និយាយអំពី​របៀប​រៀបចំ​គណបក្ស​​​ថ្មី​​​​នោះ​​ទេ​ ហើយ​​គ្រាន់តែបញ្ជាឲ្យមន្ត្រីរបស់ខ្លួន​ទៅតែជាមួយ កឹម សុខា បាន​ហើយ។ ចំណុចនេះ​ សូម​បង​ប្អូន​ពិចារណា​។ បើតាមការវិភាគរបស់ខ្ញុំ​ គឺមន្ត្រី​របស់ សម រង្ស៊ី កំពុង​​តែប្រើប្រាស់​ កឹម សុខា ដើម្បី​ទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋមកលើគណបក្ស សម រង្ស៊ី ត្រឡប់មកវិញ​​​​​​ ពីព្រោះ កឹម សុខា ពេលមុនបានទាញយកសកម្មជន​របស់គណបក្ស សម រង្ស៊ី​ អស់មួយចំនួន​។ ចំណុចនេះ កឹម សុខា​ មិនបាន​មើលឃើញ​ទេ​ ដោយសារតែក្រុមលោក​ សម រង្ស៊ី​ តែង​តែ​លើក កឹម សុខា ថា​​លោក​ប្រធាន​ៗ​​ ហើយពួកគេ​មិនបានលើកអំពី​នយោបាយ​ ផ្កាស្នោរ​ ផ្កាកំប្លោក​ ដូច កឹម សុខា ទេ​ គឺគេលើកតែ​ការទាញយក​ប្រជាប្រិយភាព​ពី​អតីត​សកម្មជន​របស់​ខ្លួន​​ដែល​​បាន​ បាត់បង់​ពីមុន​តែប៉ុណ្ណោះ​។​ រឿង​នេះខ្ញុំជឿថា​​ ​​នៅចុងខែ មេសា ឬដើមខែឧសភា​ ពេល​នោះ​រឿងរ៉ាវ​បែកបាក់វានឹងផ្ទុះឡើង​ ឬ​ដោយ​សារ​ភាព​មិន​ចុះសម្រុង​គ្នា​​មិន​អាច​ទៅ​រួច​ គឺ សម រង្ស៊ី នឹងប្រើឥទ្ធិពល​គណបក្សថ្មី ដើម្បី​គ្រប​ដណ្តប់​​ទៅ​លើ​​គណបក្ស​​ក្នុង​នាម​ខ្លួន​​ជា​ប្រធាន​។​ ទោះបីជាមានការឯកភាពគ្នា​ថា​ការ​សម្រេច​​​អ្វី​ៗ​ គឺត្រូវសម្រេចជាឯកច្ឆន្ទ​ក៏ដោយ​​​​ ក៏រឿង​នេះ​មិនអាចទៅរួចទេ​ ពីព្រោះ​គណបក្ស​ កឹម សុខា គឺជា​គណបក្ស​​តូច​តាច​​ប៉ុណ្ណោះ គឺ​បីអាសនៈ​ ទល់នឹង២៣​​​។​ អញ្ចឹង យើង​ឃើញ​ថា​លោក សម រង្ស៊ី គាត់​គ្មាន​​សង្ឃឹម​​ក្នុង​ការ​​ប្រមូល​​​យក​អ្នកបោះឆ្នោត​ពីគណបក្សប្រជាជន​ កម្ពុជា​​និង​គណបក្ស ហ៊្វុន​ស៊ីន​ប៉ិច​​ ទេ។ គណបក្ស​ប្រជាជន​កម្ពុជា​ អាចយកសម្លេង​គាំទ្រ​ថែម​ទៅ​វិញ​ទេ​​ រីឯ​ គណបក្ស​ សម រង្ស៊ី គឺពិបាក​​ក្នុងការទប់​កុំ​ឲ្យ​អ្នក​ដែលធ្លាប់​​បោះឆ្នោត​ឲ្យ​គណបក្ស សម រង្ស៊ី រត់ទៅបោះឆ្នោត​ឲ្យ​គណបក្សប្រជាជន ឬក៏​ងាក​បន្តិច​បន្តួច​​ទៅ​​បោះឆ្នោត​ឲ្យ​​គណបក្ស ហ៊្វុនស៊ីនប៉ិច​​​​​​​ ឬក៏​​ចំនួន​បន្តិចបន្តួច​មួយទៀត​ទៅបោះឲ្យ កឹម សុខា​។ ប៉ុន្តែ​ សម រង្ស៊ី មិនអាច​ទប់​ចរន្ត​នេះ​ទេ​ គឺ សម រង្ស៊ី ខ្លាចចរន្តទាំងអស់នេះ​រត់ទៅគាំទ្រ កឹម សុខា​ អញ្ចឹង​ហើយ​ទើប​ប្រើ​​វិធី​​រួបរួម​ហ្នឹង​​​ ដោយ​យ៉ាង​ហោច​ណាស់​​សង្ឃឹមថា​ខ្លួនអាចធានានូវ​ការគាំទ្រអប្បបរមា​ក្នុង​ការ​ រក្សា​​អាសនៈ ៤ ទៅ ១០ កៅអីតទៅទៀត​​។​ ចំណែក កឹម សុខា ដឹងថាខ្លួនទៅអត់រួច​ អញ្ចឹង​ហើយ​​ទើបខំប្រឹង​​ទាញ​សម្លេង​ឆ្នោត​ពី​ សម រង្ស៊ី​ ដូច​កាលពីការបោះឆ្នោត​ឃុំ សង្កាត់​ អញ្ចឹងដែរ​ ពីព្រោះ​​បើមិន​ទាញ​សម្លេង​​ពី​ សម រង្ស៊ី គឺ កឹម សុខា មិនដឹងទាញ​ពីណាទេ​។ ដូច្នេះ​ហើយ គឺ កឹម សុខា ត្រូវតែ​ធ្វើ​ដូច​ការ​ធ្លាប់​​ទាយ​ទុក​របស់​ខ្ញុំថា​ត្រូវ​តែទៅ​ចូលរួម​ ជាមួយ​​ លោក សម រង្ស៊ី ។ ប៉ុន្តែ​ នៅខណៈ​ចុង​ក្រោយ​​នៃ​ការធ្វើ​បញ្ជីបេក្ខជនឈរឈ្មោះ​ គឺជា​ពេល​ដែល​បញ្ជាក់​ថា​ តើនរណា​ចាញ់ នរណា​​ឈ្នះ​​ រវាង​ កឹម សុខា និង សម រង្ស៊ី​​ ជា​មិន​ខាន​ គឺនៅ​ថ្ងៃ​ចុងក្រោយ​នៃការសម្រេច​ដាក់បញ្ជីបេក្ខជន​ឈរឈ្មោះ​ទៅ គ ជ ប ​។​
 
លោក សត្យា រក្ស​
សំណួរ​៖ រឿង​រៀបលេខរៀងឈរឈ្មោះតាមលំដាប់​នេះ​ គឺនៅតាមខេត្ត​ខ្លះមានសញ្ញា​ធ្លាយ​ចេញ​ខ្លះ​ៗដែរ​ ឬប្រហែលជា កឹម សុខា ច្រឡំមាត់​ដោយសារគាត់មានកំហឹងក្នុងចិត្ត​ទប់​មិន​បាន​ក៏​​ធ្លាយ​មាត់​ចេញ​មក ​នូវសញ្ញាមិនល្អ​ ដោយទី១​គឺ​បញ្ហា​លេខរៀង​ គឺ​ កឹម សុខា បាន​លើក​ថា​​គណបក្ស​​សិទ្ធិមនុស្ស​​របស់គាត់​ដែល​មករួបរួមជាមួយគណបក្ស សម រង្ស៊ី មិនដែល​ចង់​បាន​លេខ​រៀង​ ឬក៏លេខល្អអីនោះទេ​ គឺគាត់ចង់តែមករួបរួម​ទេ​។ ប៉ុន្តែ​ ជាក់ស្តែង​ដែល​លោក​​បណ្ឌិត​​​ធ្លាប់​​ធ្វើការ​​ជាមួយ កឹម សុខា នៅក្នុងអង្គការសិទ្ធិមនុស្ស​ជាមួយ​គាត់កាល​ពីមុន​មក​នោះ តើ​​លោកបណ្ឌិតយល់ថា​ចរឹត​របស់ កឹម សុខា គឺជាមនុស្ស​ដែលគិត​ពីបញ្ហាជាតិ​ ជាង​បញ្ហា​​បុគ្គល​​អញ្ចឹង​មែន ឬ​យ៉ាង​ម៉េច?​​
 
លោកបណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ៖ កាលពីនៅជាមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា​ ​លោក កឹម សុខា គ្មាន​ខួរក្បាល​​ជា​មួយ​​នឹង​​​អង្គការ​​ក្រៅរដ្ឋាភិបាល​ទេ​​ គឺគាត់ធ្លាប់បានជជែកជាមួយខ្ញុំ​ថា​គាត់​យកមុខ​របរ​នយោបាយ​​ចិញ្ចឹម​ជីវិត​ និង​ប្រពន្ធ​កូន​​គាត់​​ហ្នឹងឯង​។​ នៅក្នុងគណបក្ស សម រង្ស៊ី ក៏មាន​ក្រុម​របស់​គាត់​​នៅ​ក្នុង​ហ្នឹង​​ដែរ​ អញ្ចឹង​គាត់​​មាន​ផ្លូវពីរ​ គឺទី១​ត្រូវ​​ជ្រៀត​ចូលទៅក្នុង​គណបក្ស សម រង្ស៊ី និងទី២​បើជ្រៀតចូលមិនបានគឺត្រូវបង្កើតគណបក្ស​ខ្លួន​ឯង​។ ដូច្នេះ ចុង​ក្រោយ​​ ​គាត់​ក៏​​បង្កើត​​​គណបក្ស​​​ខ្លួន​ឯង​​​។​ ប៉ុន្តែ​ កឹម សុខា មានមហិច្ឆតា​គ្រាន់តែ​ចង់ធ្វើត្រឹម​ជាតំណាងរាស្ត្រ​ប៉ុណ្ណោះ​​ គឺគ្រប់គ្រាន់ហើយ​ គឺមិនអាចទៅធ្វើអ្វីផ្សេងទៀតបានទេ​​ ពីព្រោះ​សមត្ថភាព​បាន​ត្រឹម​ប៉ុណ្ណឹង​​។ ហើយនៅអាណត្តិ​ក្រោយ​នេះ​គឺចង់បានធ្វើតំណាងរាស្ត្រ​ខ្លួនឯងផង និង​ប្រពន្ធ​ខ្លួន​ឯង​ផង​​ ដោយ​ធ្វើម៉េច​កុំឲ្យ​រំលង​អ្នកទាំងពីរ​នេះ​។ កាលពីអាណត្តិមុន គឺជាការសំណាងណាស់​ដែល​ជាប់​បាន៣កៅអី​ កាលពីឆ្នាំ​២០០៨​ មានដោយ កឹម សុខា មួយដែរ​។ ប្រសិន​បើជាប់​៣កៅអី​ដែរ​​ តែអត់មានជាប់ កឹម សុខា ប្រហែលជានយោបាយ​របស់គណ​បក្ស​ កឹម សុខា ត្រូវ​ស្លាប់​បាត់​ទៅ​ហើយ​​ ​។​ ឥឡូវនេះ​ គាត់មិនចង់​ដណ្តើមធ្វើបេក្ខជននាយករដ្ឋមន្ត្រីទេ​ ប៉ុន្តែ​ដើម្បីជាមុខមាត់​របស់គណបក្ស​គាត់​​ គឺចេះតែ​ឈរទៅ​ ដើម្បីកុំឲ្យគេថា​ខ្លួនអន់ ពីព្រោះ សម រង្ស៊ី នៅក្រៅ​​ហើយ​​។ គាត់ថែមទាំងបានដឹងថា ក្រុមរបស់លោក សម រង្ស៊ី មិនព្រម​ឲ្យគាត់​ឈរ​ឈ្មោះ​​ជា​បេក្ខ​ជ​ន​​នាយក​រដ្ឋមន្ត្រី​ទេ​​ ចំណែក កឹម សុខា ដោយ​​សារ​ខ្លួន​ដណ្តើមមិនបាន​ក៏ត្រូវ​ធ្វើ​លក្ខខណ្ឌ​​ថ្នូរ​ ដោយឲ្យប្រពន្ធគាត់​បាន​ឈរលេខល្អ​​។​ រឿង​នេះ គឺវាមានតែប៉ុណ្ណឹង​ទេ​ ហើយ​បងប្អូន​ប្រជា​ពលរដ្ឋ​​ចាំ​មើល​ទៅ​​។ នៅក្នុងគណបក្ស កឹម សុខា​ ពេលនេះគឺមាន​ទំនាស់ផ្ទៃក្នុង​រវាង​លោក កឹម សុខា និអគ្គលេខា​ធិការ​​ខ្លួន​ឯង​​ហើយ​ គឺទំ​នាស់ដោយសារ​ការ​លុកលុយ​ចូល​ក្នុង​នយោបាយ​របស់​ប្រពន្ធ កឹម សុខា​ ។​ ទំនាស់​នេះជា​ទំនាស់​ធ្ងន់ធ្ងរ​ គឺមិន​ដូចការ​លើក​របស់ កឹម សុខា ដែលថា​មិនគិត​អំពីលេខលំដាប់នោះ​ទេ​។ ឧទាហរណ៍​ ​នៅ​ខេត្ត​​ព្រៃវែង​ ប្រសិន​បើ​ប្រពន្ធ​ កឹម សុខា ទៅដណ្តើមឈរលេខរៀង​ល្អជាង​ អ្នក​នយោបាយ​ក្តាមគ្រោង​​មក​ពី​បារាំង​នោះ​ គឺប្រាកដជាផ្ទុះទំនាស់​ហើយ​។​ ឧទាហរណ៍មួយទៀត​ ប្រសិន​បើប្រពន្ធលោក កឹម សុខា ទៅ​ឈរ​លេខ​ល្អ​នៅ​​ខេត្តកណ្តាល​លើ​អ្នក​នយោបាយ ដែលមកពីអាមេរិកមួយពូជ​នោះ ក៏ប្រាកដ​​ជា​មាន​រឿង​ជា​មិនខាន​​​​​​​។​ ដូច្នេះ​ កឹម សុខា មិនអាចឲ្យប្រពន្ធរបស់ខ្លួន ទៅឈរ​ឈ្មោះ​នៅ​​កន្លែង​​ណា​ផ្សេង​បាន​ទេ​ក្រៅពី​កន្លែងទាំងបីនោះ​ ពីព្រោះ កឹម សុខា បានយក​ខេត្ត​កំពង់ចាម​ហើយ​​ អញ្ចឹង​​ប្រពន្ធ កឹម សុខា បើមិនយក​​ខេត្ត​កណ្តាល គឺ​ត្រូវយក​ខេត្តព្រៃវែង​។​ ប៉ុន្តែ​ បើ​ទាមទារ​ទៅឈរឈ្មោះនៅកន្លែងផ្សេងទៀត​នោះ សម រង្ស៊ី មិនឲ្យទេ​។ គេអាចឲ្យឈរ ប៉ុន្តែ​នៅលេខរៀង​ខាងក្រោមគេ​។ អញ្ចឹង សម រង្ស៊ី​ មិនអនុញ្ញាត្តិ​ឲ្យ​ខាង​ កឹម សុខា មាន​លទ្ធភាព​ ហើយ​ខាង សម រង្ស៊ី​ ខ្លួនឯង​អត់លទ្ធភាពបានទេ​។​​​ នេះគ្រាន់តែ​ជាការ​ប្រមើលមើល​ប៉ុណ្ណោះ​ ហើយ​រឿង​ពិត​យើងនឹងឃើញនៅដើមខែមេសា ជាមិនខាន​។​
 
ចំពោះ​ក្រដាស​លំដាប់​លេខរៀងបេក្ខជន​​ ដែល កឹម សុខា យកទៅលក់​ដើម្បី​ដូរ​ឡាន​នោះ​ គឺនៅជំពាក់​ការ​សន្យា​នៅឃុំ​ សង្កាត់​មិនទាន់​ដោះចេញនៅឡើយទេ​។​ ការដែល កឹម សុខា ទៅបារាំងលើកនេះ​ លោក សម រង្ស៊ី លែងល្ងង់​ទៀត​ហើយ​ ដោយ​មិនឲ្យ កឹម សុខា យកឈ្មោះ​ការចូលរួមជាមួយ សម រង្ស៊ី ដើម្បី​ទៅប្រមូល​លុយ​មន្ត្រី​ សម រង្ស៊ី នៅក្រៅប្រទេស​​ ដើម្បី​​យក​មកដោះ​ពាក្យ​សន្យា របស់ កឹម សុខា កាលពីបោះឆ្នោត​ឃុំ សង្កាត់ ឆ្នាំ២០១២​ នោះ​ទៀត​ទេ​។​ ដូច្នេះ​ហើយ​ ក្រោយ​ពី កឹម សុខា ត្រឡប់មកពីបារាំង​​វិញគឺនៅសល់លុយ​តែ​៨០០ អឺរ៉ូ ប៉ុណ្ណោះ​​​។​ ឥឡូវនេះ​ ឮថា​កំពុងចង់ទៅអាមេរិក​ដើម្បី​រក​លុយ​ទៀត​ហើយ​។​ អញ្ចឹង​ហើយ កឹម សុខា នៅជំពាក់​ការសន្យា​កាលពីឆ្នាំ​២០១២ ហើយនៅឆ្នាំ២០១៣នេះ​ សម រង្ស៊ី កំពុង​គៀប​ កឹម​ សុខា មិនឲ្យ​រើខ្លួនរួចឡើយ​។​
 
សរុបមក​ កម្មវិធី​របស់យើង​ តែង​តែលើកយក​នូវ​ខ្លឹមសារ​ខុសឆ្គង​មួយចំនួន​ដែល​គណបក្ស​​​​ប្រឆាំង​​​កំពុង​ ​តែ​​សាបព្រោះ​​ទាំង​ងងឹត​ងងល់ដល់​ប្រជាពលរដ្ឋ​​​​ ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​ទង្វើ​​​ខុសឆ្គង​​ទាំងនោះ​ ដើម្បី​ឲ្យអ្នក​នយោបាយ​ប្រឆាំង​ត្រូវកែ​ខ្លួន​ធ្វើ​នយោបាយ​ឲ្យមាន​ប្រយោជន៍​ ​​ សម្រាប់​​​សង្គម​ ហើយ​បើ​ធ្វើនយោបាយ​ចាញ់​ត្រូវ​ចាញ់​ក្នុងសេចក្តីថ្លៃថ្នូរ​ បើឈ្នះ​ត្រូវ​ឈ្នះ​​ក្នុង​សេចក្តី​ថ្លៃថ្នូរ​ ដើម្បីជាប្រយោជន៍ ជាតិ​ សាសនា ព្រះមហាក្សត្រ​ ដែលយើង​កំពុង​ដង្ហែរ​តាម​​ ហើយ​យើង​ទាំងអស់គ្នា​ក៏កំពុងតែអបអរ​សាទរ​នឹងសមិទ្ធផលជាតិ​ ដែល​កំពុង​តែរីក​ដុះដាល​​ ក្រោម​​ការ​ដឹក​នាំ​​របស់​​រាជរដ្ឋា​ភិបាល​​បច្ចុប្បន្ន​​៕​​​
សម្រង់ព័ត៌មាន លោក នូ សាវុធឌី