Saturday, March 30, 2013

សម្តេច​​តេជោ​​ដាក់​​ចេញ​​អនុសាសន៍​​៧ចំណុច​​សម្រាប់​លើ​ក​​កម្ពស់ និង​ការពារ​​សុខុមាល​​ភាព​ជូន​​ប្រជា​ពលរដ្ឋ

សម្តេច ​អគ្គ​មហាសេនាបតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា​ នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំឆ្នាំ​ របស់​ក្រសួង​សុខាភិបាល នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ នា​រសៀល​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៣ ​បានដាក់​ចេញ​នូ​វ​អនុសាសន៍​សំខាន់ៗចំនួន ៧ចំណុច ដើម្បី​រួមចំណែក​ជា​ធាតុ​ចូល​បន្ថែមទៀត ដើម្បី​កម្ពស់​សមត្ថភាព គុណភាពនៃ​ការ​ផ្តល់​សេវា​សុខាភិបាល​ និង​សីលធម៌​របស់មន្ត្រី​ និង​បុគ្គលិក​សុខា​ភិ​បាល​ទូទាំង​ប្រទេស នៅ​ក្នុង​ការ​​រៀបចំ​ផែនការ​យុទ្ធសាស្ដ្រ​សម្រាប់​វិស័យសុខាភិបាល​ ឆ្នាំ២០១៣។ ​អនុសាសន៍សំខាន់ៗចំនួន ​៧ចំណុច ដែល​ត្រូវ​បាន​ដាក់​ចេញ​ដោយ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​រួម​មាន​៖
 
ទី១-ក្រសួងសុខាភិបាល ​ត្រូវ​បន្ដ​លើកកម្ពស់​ការ​អនុវត្ដ​ផែនការ​សកម្មភាព និង​កម្មវិធី​សុខភាព បន្ដ​ពូជ សុខភាព​មាតា និងទារក ដើម្បី​ព​ន្លឿ​ន​ការកាត់បន្ថយ​អត្រា​មរណភាព​របស់​មាតា និង​ទារក ដោយ​ត្រូវ​ជម្រុញ​ការប្រើប្រាស់​សេវា​ថែទាំ​គភ៌​មុនពេល​សម្រាល​បុត្រ ជម្រុញ​ការ​សម្រាល​បុត្រ​នៅមណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យបង្អែក ពង្រីក​សេវា​សម្ភព​សង្គ្រោះបន្ទាន់ និង​ថែទាំ​ទារក​កម្រិត​មូលដ្ឋាន និង​គ្រប់​ជ្រុងជ្រោយ​នៅ​មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខភាព ពង្រីក​ការ​សាង​បន្ទប់​រង់ចាំ​សម្រាប់ការ​សម្រាល​បុត្រ និង​ពង្រីក​បន្ទប់​សម្រាល​បុត្រ​នៅតាម​មណ្ឌល​សុខភាព​នៅក្នុង​តំបន់​ជនបទ និងពង្រីក​ទីតាំងថ្មីៗ សម្រាប់​កម្មវិធី​បង្ការ​ការចម្លង​មេរោគ​អេដស៍​ពី​ម្ដាយ​ទៅ​កូន ​ព្រមទាំង​ពង្រីក​សេវា​ធ្វើតេស្ដ​ឈាម​រក​មេរោគ​អេដស៍ ដើម្បី​បង្កើន​ការ​ផ្ដល់​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ ​ជូន​ដល់​ស្ដ្រី​មានគភ៌​ឱ្យបាន​ទៀត​ទាត់។
 
ទាក់​ទង​នឹង​ការ​ជម្រុញ​ឲ្យ​លើក​កម្ពស់​ការ ​ផ្តល់​សេវាថែទាំភគ៌ចំពោះ​ស្ត្រី សម្តេចតេជោនាយក​រដ្ឋមន្ត្រី ក៏បាន​លើកពី​ករណីស្ត្រី​អ្នកលក់​លៀសហាលនៅ​រាជ​ធានីភ្នំពេញ ដែល​មាន​ផ្ទៃ​ពោះ ទៅ​សំរាលកូន បែរ​ជា​ត្រូ​វមន្ទីរពេទ្យ ប្រាប់ថា មិនមាន​ពេទ្យព្យាបាល ហើយ​ដេញ​ឲ្យ​ត្រលប់​ទៅផ្ទះ​វិញ​ និង​មួយ​ករណី​ទៀតពាក់ព័ន្ធ​នឹង​រឿង​គ្រូពេទ្យនៅ​បន្ទាយមានជ័យ ដែល​មិន​ព្រម​ចាក់​ថ្នាំ​ការពារ​ដល់​កុមារដែល​ត្រូវ​ពស់​ចឹក ដោយ​ថា ទុក​ថ្នាំ​សម្រាប់​ក្រុមយុវជន​ស្ម័គ្រចិត្ត​វាស់​វែង​ដីធ្លី រហូត​បណ្តាល​ឲ្យ​កុមារ​នោះ ត្រូវស្លាប់​ ដោយ​សម្តេច​បាន​សម្តែង​ការ​សោក​ស្តាយ​ថា វា​មិន​គួរ​ឲ្យ​មាន​ករណី​បែប​នេះ​កើត​ឡើងទេ។
 
​សម្តេចតេជោបាន​គូសបញ្ជាក់ថា "​យើង​ខំ​ធ្វើ​ល្អ​បាន​ច្រើន​ហើយ ដល់ពេល​មានទោស​មួយ​ចូលទៅ វា​ធ្វើ​ឲ្យ​ការងារ ដែល​ខិតខំ ប្រឹងប្រែង​ទាំង​ប៉ុន្មាន​នោះ វា​ត្រូវ​រលាយ​អស់​។ ដូច្នេះ​យើង​ត្រូវខិតខំ​លើ​បញ្ហា​នេះ​តទៅទៀត ដើម្បី​កុំ​ឲ្យ​មានការ​ធ្វេសប្រហែស​។ ដល់ពេល​មាន​បញ្ហា​ទៅ កាសែត​ចុះ​វាយប្រហារ​យើង​តែម្តង​"។​
 
ទី២-ក្រសួង​សុខាភិបាល ​ត្រូវ​បន្ដ​ជម្រុញ​ការ​អនុវត្ដ​កម្មវិធី​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​គ្រប់​ ប្រភេទ​ដោ​យ​ការពង្រឹង​វិធាន​ការបង្ការ​ទប់ស្កាត់​ការចម្លង​មេរោគ​អេដស៍ និង​ការទទួលយក​សេវា​ថែទាំ និង​ព្យាបាល​ចំពោះ​អ្នក​បម្រើការ​នៅ​កន្លែង​កំសាន្ដ​នានា ការបង្កើន​មណ្ឌល​ផ្ដល់​ប្រឹក្សា និង​ធ្វើតេស្ដ​ឈាម​សម្ងាត់​ដោយ​ស្ម័គ្រចិត្ដ និង​ស្របច្បាប់ ពង្រីក​បណ្ដាញ​ថែទាំ និង​ព្យាបាល​អ្នកជំងឺ​អេដស៍ អ្នក​ផ្ទុក​មេរោគ​អេដស៍​ រហូតដល់​តាម​ខ្នង​ផ្ទះ។ ការបន្ដ​ពង្រឹង​កិច្ចសហការ​រវាង​សុខា​ភិ​បាល​សាធារណៈ និង​ផ្នែកឯកជន​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺរបេង ការលើក​កម្ពស់​សមត្ថ​ភាព​បុគ្គលិក​សុខាភិបាល និង​អ្នក​ស្ម័គ្រចិត្ដភូមិ ក្នុង​ការធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​គ្រុនចាញ់ និង​ផ្ដល់​ការ​ព្យាបាល​ឱ្យទាន់​ពេល​វេលា ព្រមទាំង​បង្កើន​ការចែក​មុង​ជ្រលក់​ថ្នាំ ដែល​មាន​ប្រសិទ្ធភាព​យូរ​អង្វែង និង​ជ្រលក់​មុង​ចាស់​ជូ​ដល់​ប្រជាជន​នៅតាម​ភូមិគោលដៅ គួបផ្សំ​ជាមួយនឹង​ការបង្កើន​សកម្មភាព​អប់រំ និង​ណែនាំ​អំពី​វិធានការ​ក្នុងការ​បង្ការ​ជំងឺ​គ្រុនចាញ់ និង​ឆ្លើយតប​ឱ្យបាន​ទាន់​ពេលវេលា​នៅពេល​ដែលមាន​ជំងឺ​រាតត្បាត​កើតឡើង។ ជាមួយ​នោះ ក្រសួងសុខាភិបាល​ត្រូវ​បន្ដ​ពង្រឹង​ប្រព័ន្ធ​តាមដាន​ជំងឺ និង​ប្រព័ន្ធ​រាយការណ៍​ទាន់​ហេតុការណ៍ ដើម្បីចាត់វិធានការ​ឆ្លើយតប​ឱ្យទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​នៅពេល​មានការ​ផ្ទុះឡើង​នូវ​ជំងឺឆ្លង​រា​តត្បា​ត​នានា​ ជាយថាហេតុ។
 
ទី៣-ក្រសួង​សុខាភិបាល ​ត្រូវ​បន្ដ​ជម្រុញ​ទំនើបកម្ម​ដល់​គ្រប់​មន្ទីរពេទ្យ មណ្ឌល​សុខភាព ប៉ុស្ដិ៍ សុខភាព និង​អង្គភាព​ផ្ដល់​សេវា​សុខាភិបាល​ទាំងអស់ ព្រមទាំង​ជម្រុញ​ការអភិវឌ្ឍ​ធនធាន​មនុស្ស ការបង្កើន​ឧបករណ៍ សម្ភារៈ បរិក្ខារ​ពេទ្យ និង​ការបង្កើន​បច្ចេកទេស​ថែទាំ និង​ព្យាបាល ។ ទន្ទឹមនេះ ក្រសួងសុខាភិបាល​ត្រូវ​បន្ដ​លើកកម្ពស់​ការសិក្សា​ស្រាវជ្រាវ នៅក្នុង​វិស័យ​សុខាភិ​បាល​ឱ្យបាន​ទូលំទូលាយ​ថែមទៀត ដោយ​ពង្រឹង និង​ពង្រីក​កិច្ចសហការ​ជាមួយ​សកល​វិទ្យា​ល័យ​សុខាភិបាល​ វិស័យឯកជន និង​បណ្ដា​អង្គការ សមាគមវិជ្ជាជីវៈ​នានា ព្រមទាំង​បំផុស និង​ជម្រុញ​លើក​ទឹក​ចិ​ត្ដ​ឱ្យបាន​ស័ក្ដិសម​ចំពោះ​របកគំហើញថ្មីៗ ដែលមាន​ប្រយោជន៍​ដល់​មនុស្ស​ជាតិ។
 
ទី៤-ក្រសួងសុខាភិបាល ​ត្រូវ​បង្កើន​ការយក​ចិ​ត្ដ​ទុកដាក់​ក្នុង​ការរៀបចំ​កម្មវិធី និង​កាលវិភាគ អនុវត្ដ​ការងារ​ឱ្យបាន​ច្បាស់លាស់​សម្រាប់​វេជ្ជបណ្ឌិត ទន្ដ​បណ្ឌិត ឱសថការី គ្រូពេទ្យ ឆ្មប គិ​លា​នុប្បដ្ឋា​ក និងគិលានុប្បដ្ឋាយិកា ដោយ​ត្រូវ​ធានាថា គ្រប់​មន្ទីរពេទ្យ មន្ទីរពេទ្យបង្អែក និង មណ្ឌល​សុខភាពទាំងអស់ ​ចាំបាច់​ត្រូវមាន​គ្រូពេទ្យ​ប្រចាំការ​នៅ​គ្រប់​ថ្ងៃ​ គ្រប់​ម៉ោង និងគ្រប់​ពេល​ទាំង​នៅ​ថ្ងៃ​ឈប់សម្រាក និ​ងថ្ងៃ​បុណ្យជាតិ​នានា  ដើម្បី​ធានាឱ្យមាន​ការផ្ដល់សេវា​ពិនិត្យ ថែទាំ និង​ព្យាបាល​ជានិច្ច​និរន្ដរ៍ ជូន​អ្នកជំងឺ ហើយ​ត្រូវ​ជម្រុញការ​អនុវត្ដ​កម្មវិធី​ការងារ​នោះ​ឱ្យបាន​ហ្មត់ចត់​តាម​បទ​ វិន័យ និង​ប្រកាន់ខ្ជាប់នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​សុខាភិបាល។
 
ទី៥-ក្រសួងសុខាភិបាល​ ត្រូវ​បន្ដ​ចាត់វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់ អនុវត្ដ​ឱ្យបាន​ដូច​ភ្លៀងរលឹម និងសហការ​ជិតស្និទ្ធ​ជាមួយ​គ្រប់​ក្រសួង-ស្ថាប័ន ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​លុបបំបាត់​ឱ្យ​បាន​នូវ​ឱសថក្លែងក្លាយ​ឧបករណ៍ សម្ភារៈ បរិក្ខារ​ពេទ្យ ដែល​គ្មាន​គុណភាព ឱសថស្ថាន និង​មន្ទីរ​ព្យាបាល​ជំងឺ ដែលគ្មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ពី​ស្ថាប័ន​ជំនាញ និង​ត្រូវដាក់​ទោសទណ្ឌ​តាម​គោលការណ៍​ច្បាប់​ចំពោះ​អ្នកប្រ​ព្រឹ​ត្ដ ​ព្រមទាំង​ត្រូវ​រឹបអូស និង​បំផ្លាញចោល​នូវ​រាល់​ឧបករណ៍ សម្ភារៈ បរិក្ខារ ឱសថ និ​ផលិតផល ដែល​បង្ក​ផលប៉ះពាល់​ដល់​សុខុមាលភាព​សាធារណៈ។
 
ទី៦-ក្រសួង​សុខាភិបាល ​ត្រូវ​បន្ដ​ជម្រុញ និង​លើក​ទឹក​ចិ​ត្ដ​ចំពោះ​វិស័យ​ឯកជន​ឱ្យចូល​រួម​ចំណែ​កក្នុងការ​អភិវឌ្ឍ​ វិស័យ​សុខាភិបាល​កាន់តែ​សកម្ម​ខ្លាំងក្លា​ថែមទៀត ដើម្បី​ជួយ​បំពេញ​បន្ថែ​ម​នូវ​ចំណុចខ្វះចន្លោះ ដោយ​ត្រូវយក​ចិ​ត្ដ​ទុកដាក់​ជា​បឋម​លើ​ការពង្រឹង និង​ពង្រីក​វិសាល​ភាព និង​គុណ​ភាព​នៃ​សេវាពិគ្រោះ ពិនិត្យ ថែទាំ និងព្យាបាល​ជំងឺ​ជូន​ប្រជាជន​ឱ្យ​កាន់តែ​ទូលំ​ទូលាយ និង​ទទួលបាន​នូវ​ការជឿទុក​ចិ​ត្ដ​យ៉ាងពិត​ប្រាកដ​ពី​អ្នកជំងឺ។
 
ទី៧-ក្រសួង​សុខាភិបាល ​ត្រូវ​បន្ត​កិច្ចសហការ​ស្អិតរ​មួ​ត​ជាមួយ​ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ ផ្សេងៗដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​អន្តរ​វិស័យ​នានា ដូចជា​ផលប៉ះពាល់​នៃ​ការផ្លាស់ប្តូរ​អាកាសធាតុ និង​គ្រោះ​មហន្ត​នានា​ ដែល​បង្ក​ផលប៉ះពាល់​ទៅលើ​សុខភាព​មនុស្ស។ ក្នុង​ន័យ​នេះ ក្រសួងសុខាភិបាល​ត្រូវ​បន្ត​ត្រៀមលក្ខណៈ​ឲ្យ​បានល្អ​ទុកជាមុន​សម្រាប់​ជួយ​ អន្តរាគមន៍​សង្គ្រោះបន្ទាន់ និង​ត្រូវ​ជម្រុញ​ការងារ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​បង្ការទប់ស្កាត់ និង​កាត់បន្ថយ​នូវ​ឥទ្ធិពលនៃ​ជំងឺ​ដ​ង្កា​ត់​នានា​មាន​ជាអាទិ៍ ជំងឺគ្រុនឈាម គ្រុន​ចាញ់ គ្រុន​ផ្តាសាយ​បក្សី  (A/H1N1) ជាដើម។
 
នៅក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំឆ្នាំ​ របស់​ក្រសួងសុខាភិបាល ក្រៅ​ពី​ការដាក់​ចេញ​នូវ​អនុសាសន៍​ដ៏​មាន​សារៈសំខាន់​ចំនួន ​៧ចំណុច សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក៏បាន​ជម្រុញ​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​រួមគ្នា​ទប់​ស្កាត់​​ជំងឺ​ គ្រុនផ្តាសាយ​បក្សី បើទោះជា​ជំងឺ​នេះ​ត្រូវ​បាន​ទប់ស្កាត់​ទាន់​ពេល​វេលា​ក្តី។
 
សម្តេចតេ​ជោ​នាយករដ្ឋមន្ត្រី​ មានប្រសាសន៍ឲ្យ​ដឹង​ថា បន្ទាប់ពី​ការឆ្លង​ដែល​នាំ​ឲ្យ​មានការ​ស្លាប់​ជីវិតមនុស្ស យើង​ក៏បាន​ធ្វើ​យុទ្ធនាការ​ក្នុង​កម្រិត​ទ្រង់ទ្រាយ​ធំ​មួយ​តាមរយៈ​ ប្រព័ន្ធផ្សព្វផ្សាយ និង​តាមរយៈបណ្តាញ​របស់​យើង ដែល​មកដល់ពេលនេះ​ យើង​អាច​គិតថា មានការ​ស្ងប់ស្ងាត់​បង្គួ​រ ​ក៏ប៉ុន្តែ​យើង​កុំធ្វេសប្រហែស​ឲ្យ​សោះ​នៅ​បន្ត​កិច្ចការងារ​នេះ​ រហូត​ត្រូវ​គ្រប់គ្រង​ស្ថាន​ការណ៍​នេះ​ឲ្យ​ជាប់។ សម្តេច​តេជោ​មាន​ប្រសាសន៍ថា ​យើង​ត្រូវតែ​បន្ត​ការខិតខំ​ដើម្បី​ទប់ស្កាត់​នូវ​ជំងឺ​នេះ ព្រោះ​បញ្ហា​នេះ​មិនមែន​កើត​តែ​នៅ​កម្ពុជាប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏កើត​នៅ​ប្រទេស​ដទៃ​ដែរ ហើយ​តាម​រយៈ​ប្រទេស​ដទៃ​វា​បញ្ជូន​មកដល់​កម្ពុជា ហើយ​ចេញពី​កម្ពុជា​ ក៏​វា​ទៅ​ប្រទេស​ដទៃ​ដែរ​ ដូច្នេះ​យើង​ត្រូវតែ​បន្ត​ការតាមដាន​ការងារ​នេះ​តទៅទៀត។
 
សម្តេច​តេ​ជោ​សែន ក៏បាន​ថ្លែង​នូវ​ការ​កោត​សរសើ​ទៅ​ដល់​ប្រព័ន្ធឃោសនា​ទាំង​អស់ ទាំង​វិទ្យុ​ទូរទស្សន៍ និង​សារព័ត៌មាន ​ដែល​បាន​ជួយ​ដល់ការផ្សព្វផ្សាយ​នូវ​ស្ព​ត​ទាក់​ទង​ជាមួយ​នឹង​ការ​អប់រំ​ពី​ បញ្ហា​ជំងឺ​គ្រុនផ្តាសាយ​បក្សី​នេះ។ សម្តេច​តេជោ​ក៏​បាន​ធ្វើ​ការ​អំពាវ​នាវ​ដល់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំងអស់​ ឲ្យ​បន្ត​ការ​ខិត​ខំ​តទៅទៀត ដោយ​មិនត្រូវ​មើលស្រាល​បញ្ហា​នេះ​បានទេ។ “យើង​ទប់​វា​បាន​ហើយ ប៉ុន្តែ​កុំ​ឲ្យ​វាយ​លុក​មកលើ​យើងថែមទៀត”។ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា យើង​ត្រូវ​បន្ត​ការ​យក​ចិត្តទុកដាក់​ត​ទៅទៀត ​តាមរយៈ​ការ​នៃ​សហ​ប្រតិ​បត្តិការ​ជា​ប្រព័ន្ធ ​រវាង​វិស័យ​ពាក់​ព័ន្ធ​ទាំង​អស់ ដែល​ក្នុង​វិស័យ​សុខាភិបាល​ត្រូវ​ដើរតួនាទី​នៅក្នុង​ការវិនិច្ឆ័យ​រោគសញ្ញា ហើយ​ត្រូវ​ចាត់វិធានការ​ព្យាបាល ចំណែក​វិស័យ​កសិកម្ម​ត្រូវ​គ្រប់គ្រង​ស្ថានការណ៍​នៅ​តំបន់​នោះ​ឲ្យ​បាន​ជាប់ ដើម្បី​ដាក់​ជា​តំបន់​ត្រូវការពារ ហើយ​ដោះស្រាយ​បញ្ហា ដែល​កើតឡើង​នៅ​ហ្នឹង​កន្លែង។
 
ពាក់ព័ន្ធ​ជាមួយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ ​វិញដែល​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ បាន​កើត​ឡើង​ស្ទើរ​ពាស​ពេញផ្ទៃ​ប្រទេស ​ដូច​ជា​ខ្សល់​កន្ត្រាក់​ដែល​បាន​ធ្វើ​ឲ្យ​ផ្ទះ​ប្រជា​ជន​នៅ​ក្នុង​ខេត្ត​ មួយ​ចំនួន​រលំបាក់ និង​អាកាស​ធាតុ​ក្តៅ​ខ្លាំង សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ នៅ​គ្រប់​ទីកន្លែង សូម​ឲ្យ​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ជាមួយនឹង​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង បណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។ សម្តេច​តេជោ​​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ឥឡូវនេះ​ទូទាំង​ពិភពលោក​មាន​បញ្ហា​ច្រើន​ណាស់ ដោយឡែក​តែ​សម្រាប់​កម្ពុជា​ក្នុងពេលថ្មីៗនេះ ​កើតមាន​ការបាក់​ផ្ទះ​ប្រជាពលរដ្ឋ​អស់​រាប់រយ​ខ្នង​ទៅហើយ។ នៅក្នុង​ដើមឆ្នាំ​នេះ​ មាន​ស្ថានភាពខ្យល់​កន្ត្រាក់​ដែល​ធ្វើ​ឲ្យ​បាក់​រលំ​ផ្ទះ ដូច្នេះ​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម ​ត្រូវ​តាមដាន​សភាពការណ៍នេះ ហើយ​ត្រូវ​ជូន​ព័ត៌មាន​ជាប្រចាំ ដែល​សភាព​ការណ៍​នេះ​ជួនកាល​កើតឡើង​នៅ​តំបន់ផ្សេងៗ ហើយក៏ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ ​ជាមួយនឹង​អ្នក​ធ្វើដំណើរ​ឆ្លងកាត់​នៅតាម​ដង​ទន្លេ​ ឬ​នៅតាម​ព្រៃ​នានា និង​នៅ​តាម​សមុទ្រ ព្រោះ​ខ្យល់​កន្ត្រាក់​នេះ​វា​កន្ត្រាក់​ខ្លាំងណាស់។
 
ក្នុង​គោល​បំណង​ជួយ​លើក​ទឹក​ចិត្តប្រជា​ ពលរដ្ឋ​ក្នុង​ការចូល​រួម​ ​​ផ្តល់​ឈាម​ដើម្បី​បង្កើត​ជា​ធនាគារ​ឈាម សម្រាប់​ជួយ​សង្គ្រោះ​​ជីវិត​មនុស្ស សម្តេច​តេ​ជោ​បានធ្វើការ​អំពាវ​នាវ​ជាថ្មី​ម្តងទៀត​ ចំពោះ​ប្រជា​ពលរដ្ឋ ជា​ពិសេស​គឺ​យុវជន​ដោយ​សុំ​ឲ្យ​បន្ត​នូវ​ការបរិច្ចាគ​ឈាម ដើម្បី​ជួយ​ស្រោចស្រង់​សង្គ្រោះ​ជីវិត​មនុស្ស។ សម្តេចនាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា ខ្ញុំ​មានការ​ពេញចិត្ត​ជាមួយ​នឹង​ចលនា​របស់​ប្រជាពលរដ្ឋ​របស់​យើង ​ដែល​បាន​ចូលរួម​បរិច្ចាគ​ឈាម ដើម្បី​ផ្គត់ផ្គង់​ទៅដល់​អ្នក​ដែលមាន​តម្រូវការ​ឈាម។ សម្តេច​តេ​ជោ​ថ្លែងថា ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ទៅលើ​ទឹកចិត្ត​ដ៏​សប្បុរស​របស់​សប្បុរស​ជន​ ទាំងអស់ ជាពិសេស​ក្នុងចំណោម​យុវ​ជន​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម ដែល​ធ្វើ​ឲ្យ​ឈាម​របស់​យើង​មានការ​ស្តុកទុក​បាន​ច្រើន​បង្គួរ ​ហើយ​ផ្តល់នូវ​លទ្ធភាព​សម្រាប់​ការព្យាបាល​ជួយ​ដល់​ជីវិត​មនុស្ស ដែល​នាំ​ឲ្យ​អ្នកផ្តល់​ទទួលបាន​បុណ្យ បាន​គុណ​ដ៏​ប្រពៃ​នោះ៕