Saturday, March 30, 2013

ឯកឧត្តម​បណ្ឌិត​​សភាចារ្យ​ សុខ អាន៖ ក្រសួង​​អប់រំ​យុវជន​និងកីឡា និង​​ក្រសួង​​ការ​ងារ​និង​​បណ្តុះ​​បណ្តាល​​វិជ្ជាជីវៈ ត្រូវ​សហការ​​​ជា​មួយ​គ្នា ធ្វើ​ឲ្យ​​មាន​​សុខុដុម​​នីយ​កម្ម​ក្នុង​ការ​កសាង​​មូល​​ធន​មនុស្ស​

ឯកឧត្តមបណ្ឌិត​សភាចារ្យ​ សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈ​រដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៣ បាន​អំពាវនាវ​ឲ្យ​ក្រសួង​អប់រំយុវជន​ និងកីឡា និង​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ត្រូវ​សហការ​​ជា​មួយ​គ្នា ធ្វើ​ឲ្យ​មាន​សុខុដុមនីយកម្ម ក្នុង​ការ​កសាង​មូល​ធន​មនុស្ស​ ដើម្បី​​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ​នៃ​ទីផ្សារ​ពលកម្ម។
 
ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ ក្នុងសិក្ខាសាលា​ផ្សព្វផ្សាយ​របាយ​ការណ៍​ឆ្នាំ​២០១២ ស្តីពីការ​ពិនិត្យ​តាមដាន​ជា​សកល​ លើ​ការ​អប់រំ​សម្រាប់​ទាំង​អស់​គ្នា នៅ​ក្រោម​ប្រធាន​បទ យុវជន​ និង​ជំនាញៈ ប្រែក្លាយ​ការ​អប់រំ ឲ្យ​ទៅ​ជា​ការងារ​ នៅ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​បណ្តុះ​បណ្តាល (NTB) ផង​ដែរ​បាន​មាន​ប្រសាសន៍​ថា ការ​បណ្តុះ​បណ្តាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទាំង​ផ្នែក​ទន់ (សមត្ថភាព​ដោះ​ស្រាយការងារពេល​មាន​ឧបសគ្គ វិន័យ ចរិយាសម្បត្តិ​) និង​ផ្នែក​រឹង ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​ទីផ្សារ​ការងារ​។ បញ្ហា​សំខាន់ ​គឺ​ត្រូវ​ចៀស​ឲ្យ​ផុត​ពី​ភាព​មិន​ស៊ី​សង្វាក់​គ្នា​រវាង​កម្លាំង​ពលកម្ម និង​ទីផ្សារ​ការងារ​។ ត្រូវ​កាត់​បន្ថយ​ការ​បោះ​បង់​ការ​សិក្សា​ក្នុង​សាលាបឋម​សិក្សា ក៏​ដូច​ជា​វិទ្យាល័យ។
 
ដោយ​រលឹក​អំពី​ការប្រមូល​គ្រូ​បង្រៀន​ ដែល​បន្សល់​ពី​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពល និង​ការ​ចល័តគ្រូ ដើម្បី​បណ្តុះ​បណ្តាល​ ​កសាង​ធន​ធាន​មនុស្សក្រោយ​ថ្ងៃ​រំដោះ​ ៧មក​រា ឆ្នាំ១៩៧៩ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ យើង​មាន​ស្ថាប័ន​អប់រំ​ជាន់​ខ្ពស់​ជាង​១០០ ដែល​ផ្តល់​នូវឱកាស​អប់រំ​កម្រិត​ខ្ពស់​ជូន​យុវជន​កម្ពុជា។ ស្ថាប័ន​បណ្តុះ​បណ្តាល​បច្ចេក​ទេស ក៏​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ការ​ហ្វឹក​ហ្វឺន​ជំនាញ ទៅ​នឹង​កម្លាំង​ពលកម្ម​កម្ពុជា ដែល​បាន​រួម​វិភាគ​ទាន​ដ៏​មាន​ប្រសិទ្ធ​ភាព​ ក្នុង​ការទាក់​ទាញ​វិនិយោគិន​បរទេស​ និង​ក្នុង​ស្រុក ដើម្បី​ធ្វើ​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​។
 
ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ក្នុង​ន័យ​នេះ យើង​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​កែលម្អ​គុណ​ភាព​នៃ​ការ​អប់រំ និង​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល​ ដើម្បី​សម្រេច​ឲ្យបាន​នូវ​​ការ​អប់រំសម្រាប់​ទាំង​អស់​គ្នា និង​ឈាន​ទៅ​ដល់​គោល​ដៅអភិវឌ្ឍន៍​សហសវត្សរ៍​លើ​វិស័យ​អប់រំ​ នៅ​ក្នុង​អំឡុង​២ឆ្នាំខាង​មុខនេះ។ រាជ​រដ្ឋាភិបាល​កម្ពុជា បន្ត​ការងារ​​ដ៏​មាន​សារៈសំខាន់​នៃ​យុទ្ធ​សាស្ត្រ​ចតុកោណ ក្នុង​គោល​បំណង​ពង្រឹង​បន្ថែម​សសរស្តម្ភទាំង​៤ នៃការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ដែល​រួម​មាន វិស័យ​កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​ឯក​ជន និង​វិស័យការងារ​ ព្រម​ទាំង​ធន​ធាន​មនុស្ស។
 
ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា តម្រូវ​ការ​នៃ​សសរស្តម្ភ​នីមួយ​ៗ គឺ​ចំណេះ​ដឹង ភាព​​ប្រកួត​ប្រជែង និងកម្លាំង​ពលកម្ម​ជំនាញ ដែល​ជាកត្តា​សំខាន់​ក្នុង​ការលើក​កម្ពស់គុណភាព និង​ពង្រីក​បរិមាណ​នៃការ​អប់រំ ហ្វឹកហ្វឺន បច្ចេក​ទេស និងវិជ្ជាជីវៈ (TVET) ។ មាន​សមត្ថភាព​ជំនាញ​ល្អ ទើប​មាន​បៀវត្សរ៍ល្អ​ផង​ដែរ ព្រោះ​ការផ្តល់​ប្រាក់​បៀវត្សរ៍​គឺ​ផ្អែក​លើ​ផលិតភាព​ការងារល្អ។
 
នៅ​ក្នុង​សិក្ខា​សាលាដែល​ប្រព្រឹត្ត​ទៅ​ ក្រោម​ប្រធាន​បទយុវជន​ និង​ជំនាញៈ ប្រែក្លាយ​ការ​អប់រំ ឲ្យ​ទៅ​ជា​ការងារ​  ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​ដាក់​ចេញ​នូវ​អនុសាសន៍​ចំនួន ​៥ចំណុច ដែល​រួម​មាន តម្រូវ​ឲ្យ​មានការ​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍន៍​យុវជន​ និងការងារ ដែល​ប៉ាន់​ស្មាន​ថាមាន​ប្រមាណ​ជាង ៣០ម៉ឺន​នាក់ ត្រូវ​ចូល​ទៅ​ក្នុង​ទីផ្សារពលកម្ម​​ក្នុង​មួយឆ្នាំៗ។ លើក​កម្ពស់​ប្រសិទ្ធ​ភាព​នៃការ​អប់រំ កាត់​បន្ថយ​សិស្ស​បោះ​បង់​ចោលសាលា​។ បង្កើន​ការ​ខិតខំ​ទ្វេរដើម្បី​លុប​បំបាត់​អក្ខរភាព។ លើក​កម្ពស់​គុណភាព​អប់រំ​នៅ​បឋម​សិក្សា និង​វិទ្យាល័យ​ ដើម្បី​ឲ្យ​យុវជន​ត្រៀម​លក្ខណៈ​សម្រាប់​ឱកាស​ការងារ នៅ​ក្នុងទីផ្សារ​ពលកម្ម​មួយដែល​មាន​ការ​ប្រកួត​ប្រជែង។ បណ្តាញការ​អប់រំ ហ្វឹកហ្វឺន បច្ចេក​ទេស និងវិជ្ជាជីវៈ (TVET) ត្រូវ​ដើរ​តួនាទី​ជាផ្នែក​មួយ​ដ៏​មាន​សារៈសំខាន់ ក្នុង​ការ​ជួយកសាង​សមត្ថភាព​ជំនាញ​ដល់​​យុវជន។
 
​សិក្ខាសាលា​ផ្សព្វផ្សាយ​របាយ​ការណ៍​ឆ្នាំ​ ២០១២ ស្តីពីការ​ពិនិត្យ​តាមដាន​ជា​សកល​ លើ​ការ​អប់រំ​សម្រាប់​ទាំង​អស់​គ្នា ដែល​ប្រព្រឹត្តទៅនៅ​ក្រោម​ប្រធាន​បទ យុវជន​ និង​ជំនាញៈ ប្រែក្លាយ​ការ​អប់រំ ឲ្យ​ទៅ​ជា​ការងារ ត្រូវបាន​​រៀប​ចំ​ឡើង​ដោយ​គណៈ​កម្មា​ធិ​ការ​ជាតិ​បណ្តុះ​បណ្តាល (NTB)​ សហការ​ជាមួយ​អង្គការយូណេស្កូ រួម​ជាមួយ​​អង្គការ Dvv និង Nep។ វត្តមាន​ចូល​រួម​ក្នុង​ឱកាស​នោះ​ដែរ រួម​មាន ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា ឯកឧត្តម ពេជ្រ សោភ័ណ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ លោក​ជំទាវ អាន ឡឺម៉េស (Ann Lemaistre) តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា ព្រម​ទាំង​មន្ត្រី​ជំនាញ​មក​ពី​ក្រសួង​ ស្ថាប័ន​ពាក់​ព័ន្ធ និង​មន្ត្រី​អង្គការ​យូណេស្កូ​ជា​ច្រើន​ទៀត៕