Tuesday, March 19, 2013

សុន្ទរកថា ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ​ថ្លែង​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ នៅ ឃុំ​សំរោង និង​ឃុំត្រពាំង​ធំ​ខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ

សុន្ទរកថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី​​ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាង​ដ៏​ខ្ពង់​ខ្ពស់សម្តេច​​អគ្គមហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី​​​ នៃព្រះរាជាណាចក្រកម្ពុជា
ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នៅ ឃុំសំរោង និង​ឃុំ​ត្រពាំង​ធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ
ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣
 
- ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល
- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋ​និង​ក្មួយៗ​ ​វីរៈយុវជនស្ម័គ្រចិត្តសម្តេចតេជោ ជាទីមេត្រី

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ​ចូលរួមជាមួយ ឯកឧត្តម លោកជំទាវ អស់​​លោក លោកស្រី​ បងប្អូនប្រជាពលរដ្ឋ និងក្​មួយៗ​វីរៈយុវជន​ស្ម័គ្រ​ចិត្ត​សម្តេច​តេជោ​ទាំង​អស់​ក្នុង «ពិធីចែកប័ណ្ណកម្មសិទ្ធិ​ដីធ្លីជូន​​ប្រជាពលរដ្ឋ នៅឃុំសំរោងនិងឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ» នាពេលនេះ។ នេះជាលើកទីបីហើយ ដែល​ខ្ញុំបាន​ចូលរួមជាតំណាង​ដ៏​ខ្ពង់​ខ្ពស់សម្តេច​​អគ្គមហា​សេនា​បតី​តេជោ​ ហ៊ុន សែន ក្នុងពិធីចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លីជូន​​ប្រជាពលរដ្ឋនៅ​ខេត្តតាកែវ​យើង​ នេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំ​សូម​​ពាំ​នាំ​​នូវ​ការ​​សួរ​សុខ​ទុក្ខ​និង​សេចក្តី​នឹករលឹក​របស់​ សម្តេចអគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ និង​លោកជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន​ រ៉ានី ហ៊ុន សែន ជូន​​ចំ​ពោះ​បង​ប្អូន​ប្រ​ជា​ពលរដ្ឋនៅ​​ខេត្ត​តា​កែវ​ ជា​ពិ​សេស​បងប្អូននៅក្នុង​ស្រុកត្រាំកក់​យើង​នេះ​ ព្រម​​​​​ទាំង​មន្រ្តី​បច្ចេកទេស ​និង​ក្មួយៗ​វីរៈយុវជន​​ស្ម័គ្រចិត្ត​ទាំងអស់។​​  ​​

តាងនាម​សម្តេចតេជោនាយករដ្ឋមន្រ្តី ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ​ប្រឹង​ប្រែង​ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចជាមន្រ្តីជំនាញ នៃ​ក្រសួង​រៀប​ចំដែន​ដី នគរូប​នីយកម្ម និង​​សំណង់ អាជ្ញាធរខេត្ត-ស្រុក មូលដ្ឋានភូមិ-ឃុំ និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងកងកម្លាំង ប្រដាប់អាវុធទាំងអស់ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​បំពេញ​ការងារ​​​​របស់ខ្លួន​ ក្នុងដំណើរការវាស់វែង​និង​ផ្តល់​កម្ម​សិទ្ធិ​ដីធ្លីជូន​ប្រជាពលរដ្ឋ ប្រកប​ដោយ​ជោគ​ជ័យនិងការទទួលខុសត្រូវខ្ពស់។ ខ្ញុំ​ក៏សូម​កោត​សរសើរ ​និងថ្លែងអំណរ​គុណ​ផង​ដែរ ចំពោះកិច្ច​ខិតខំ​ប្រឹងប្រែង និង​ឆន្ទៈដ៏មោះ​​មុត​របស់​​ក្មួយៗ​​​វីរៈយុវជន​ស្ម័គ្រចិត្តសម្តេចតេជោ ដែលបានលះបង់កម្លាំងកាយ កម្លាំង​​ចិត្ត និង​ពេលវេលា​ដ៏មានតម្លៃ​ ដើម្បី​​​ចុះ​វាស់​វែង​ដីធ្លី​​ជូន​​​បងប្អូនប្រ​ជា​ពល​រដ្ឋ។​​​​ បេសកកម្ម​ដ៏​ឧត្តុង្គ​ឧត្តមរបស់ក្មួយៗ ពិតជាបាន​រួមចំណែកដល់ការអនុវត្ត «គោលនយោបាយចាស់សកម្មភាពថ្មី» របស់​​រាជ​រដ្ឋាភិបា​ល​នា​ពេល​បច្ចុប្បន្ន​​​​នេះ។

ជាមួយគ្នានេះដែរ​ ខ្ញុំសូមថែ្លងអំណរគុណចំពោះសប្បុរសជននានាដែលបានចុះសួរសុខទុក្ខ ក្មួយៗ​​វីរៈយុវជនដល់មូលដ្ឋាន ព្រម​ទាំង​សូម​កោត​សរ​សើរ​និង​ថ្លែង​អំណរ​គុណ​យ៉ាង​​ជ្រាលជ្រៅចំពោះ មាតាបិតានិងអាណាព្យាបាលក្មួយៗ​វីរៈយុវជនទាំងអស់ ដែលបានអនុញ្ញាត និងផ្តល់លទ្ធភាពឱ្យ កូន​ចៅជាទីស្រឡាញ់របស់ខ្លួន បាន​បំពេញ​បេស​ក​កម្ម​ជាប្រវត្តិសាស្រ្តជូន​ប្រជាពលរដ្ឋរបស់យើង។ ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងអំណរគុណដល់ការយកចិត្តទុកដាក់ថែទាំសុខភាព​របស់ក្រុម​គ្រូពេទ្យ និងការ​ចូល​រួម​យ៉ាង​សកម្មភាព​ពីសំណាក់​បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឱ្យដំណើរការ​នេះ​មានភាពរលូននិងទទួលបានជោគជ័យ ដូចដែលយើងទទួលបាននាពេលនេះ។

ការចែកប័ណ្ណកម្មសិទ្ធិ​ជូន​​ប្រជាពលរដ្ឋ​នៅពេលនេះ​​ ឆ្លុះ​បញ្ចាំងឱ្យឃើញ​អំពី​ការ​យកចិត្ត​ទុក​ដាក់​​ខ្ពស់​របស់​រាជរដ្ឋាភិបាល ​​​​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​​អគ្គ​មហា​​សេនា​ បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុង​ការ​​ធានា​​កម្មសិទ្ធិ​​ដី​ធ្លី​ស្រប​ច្បាប់​របស់​​ប្រជាពលរដ្ឋ​ សំដៅ​លើក​កម្ពស់​ជីវភាព​ សុខុ​មាល​ភាព​ និង​ការកាត់បន្ថយ​​ភាព​​ក្រី​ក្រ ​ ព្រមទាំង​​រួមចំណែកដល់ការ​ពង្រឹង​យុត្តិធម៌​និងស្ថិរភាពសង្គម។ ដូចដែលយើងបានដឹងហើយថា រាជរដ្ឋាភិបាល​​បាន​និង​កំពុង​អនុវត្ត​គោល​នយោបាយ​និងយុទ្ធសាស្រ្ត​ដ៏​ សមស្របនានា ដើម្បី​​​​អភិវឌ្ឍ​សមត្ថភាព​របស់​​​​ប្រជាកសិករ និងអភិវឌ្ឍវិស័យកសិកម្ម ដោយ​ផ្តោតការយក​ចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​ការកសាង​ប្រព័ន្ធ​​ធារាសាស្រ្ត និងការផ្តល់សេវាគាំទ្រនានា ព្រមទាំង​គោលនយោបាយ​​អភិវឌ្ឍជនបទ សំដៅបង្កើត​ឱកាស​ឱ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋក្នុងការបង្កើន​ចំណូល​ប្រចាំ ​គ្រួសារ​​។ ​ដូច្នេះ ​ការ​ផ្តល់​កម្មសិទ្ធិ​​ដីធ្លីនេះ គឺពិតជាបានរួមចំណែកជំរុញនិង​លើក​ទឹក​ចិត្ត​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋខិតខំ​ បង្កើន​​​ផលិតភាព ក៏ដូចជាការវិនិយោគក្នុង​វិស័យ​កសិកម្ម​ឱ្យកាន់តែ​ខ្លាំងឡើងថែមទៀត​​​។

ជាការពិតណាស់ ការចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការរួម​ចំណែក​យ៉ាង​សំខាន់​​​ ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លីរវាងប្រជាជននិងប្រជាជន ក៏​ដូច​ជា​រវាង​ប្រជាជន​និង​ក្រុមហ៊ុន ដែលកន្លងមកបញ្ហាទាំងអស់នេះ តែងតែធ្វើឱ្យមានការ​ប៉ះពាល់ដល់ជីវភាព​របស់​ប្រជា​ពលរដ្ឋ។ ដូច្នេះ ការធ្វើឱ្យមានភាពច្បាស់លាស់​នៃ​ការ​កាន់​កាប់​ដីធ្លីរបស់ប្រជាពលរដ្ឋ ក៏ជា​ការធ្វើ​ឱ្យមានភាពច្បាស់លាស់ដល់ការ​កាន់​កាប់ដីធ្លីរបស់​ក្រុមហ៊ុន​ វិនិយោគផងដែរ។ ទាំងនេះ ស​បញ្ជាក់ឱ្យឃើញយ៉ាងច្បាស់នូវនយោបាយ​ឈ្នះ-​ឈ្នះ​​​របស់​ រាជរដ្ឋាភិបាលលើវិស័យដីធ្លី ក្នុង​ការ​ផ្តល់​​សម្បទានដីសេដ្ឋកិច្ច​ដល់ក្រុមហ៊ុន​​វិ​និ​យោគ​ សំដៅជំរុញឱ្យផ្នែក​ឯកជន​អាច​​រួម​ចំណែក​​​អភិវឌ្ឍ​មូល​ដ្ឋាន​កាន់តែ​មាន​ ប្រសិទ្ធភាព និង​ផ្តល់​ផលប្រយោជន៍ដល់ប្រជាពលរដ្ឋរស់នៅ​ក្នុងតំបន់​វិនិយោគ​​នោះ យ៉ាងពិត​​ប្រាកដ។ ​

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និង ក្មួយៗវីរៈយុវជនស្ម័គ្រចិត្តទាំងអស់!
ដូច​ដែល​យើង​ទាំង​អស់​គ្នាបាន​​ដឹងស្រាប់​​​ហើយថា​ របប​ប្រ​ល័យ​ពូជសាសន៍​ ប៉ុល ពត បាន​លុប​បំបាត់​ទាំងស្រុង​រាល់កម្មសិទ្ធិ​ឯកជន​​ទាំង​អស់ ​ រួមទាំងកម្មសិទ្ធិដីធ្លីផងដែរ។ នៅ​​​ក្រោយ​​ថ្ងៃ​រំដោះ​៧មករា១៩៧៩ ទន្ទឹម​នឹង​ការខិត​ខំ​ទប់​ស្កាត់​ការ​វិល​​​ត្រឡប់​​មក​វិញ​​នៃ​​​​របប​​ ប្រល័យពូជសាសន៍ និង​​​​​ការ​​កសាងប្រទេស​ជាតិ​ពីបាតដៃទទេ ​​រដ្ឋាភិបាល​​​​បាន​អនុវត្ត​គោលនយោបាយ​ផ្តល់​របប​ដី​ជូន​ប្រជាពលរដ្ឋ​​​ គ្រប់​គ្រួសារសម្រាប់​ប្រើប្រាស់​ជា​​លំនៅ​​ដ្ឋាននិង​​ការ​​​បង្ក​បង្កើន​​ ផល​។ ប្រជាពលរដ្ឋ​បាន​​​រួម​កម្លាំង​គ្នា​ធ្វើការ​បង្ក​បង្កើន​ផល​ទៅតាម​លទ្ធភាព​ នៅលើដីធ្លី ​ដែលអាចធ្វើទៅ​បាន​ដើម្បី​ចែកគ្នារស់។ គិត​ចាប់ពីឆ្នាំ១៩៧៩ រហូតមក​ដល់​ពេល​​នេះ រដ្ឋាភិបាល​បានអនុវត្ត​គោល​នយោ​បាយ​​កំណែទម្រង់​ដីធ្លី​ចំនួន​៤វគ្គ។ វគ្គទី១ ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ រដ្ឋាភិបាល​បានយកចិត្តទុកដាក់រៀបចំឱ្យ​មាន​លិខិត​ស្នាម​រដ្ឋបាល​បញ្ជាក់ពី​ កម្មសិទ្ធិ​ដីធ្លី និងប័ណ្ណភោគៈជូនប្រជាពលរដ្ឋ។​ វគ្គទី២ នៅ​​ចន្លោះ​ឆ្នាំ​១៩៩១​​ ដល់​ ១៩៩៣ និង​វគ្គទី៣ នៅចុង​ឆ្នាំ១៩៩៨។ ​វគ្គទី៤ ចាប់ពីឆ្នាំ២០១២មក ដោយ​មាន​ការ​ចូល​រួម​ពីសំ​ណាក់​ក្មួយៗយុវជន​ស្ម័គ្រចិត្ត ក៏ដូច​ជា​បង​ប្អូន​ក្នុង​សហគមន៍​ ក្នុង​ការ​ងារ​វាស់វែង​ដីធ្លី​រាជរដ្ឋាភិបាល​បាន​​អនុវត្ត​​គោល​​នយោបាយ​​ ចាស់​សកម្មភាព​​ថ្មី ដែល​ជាលើកដំបូងនៃប្រវត្តិសាស្រ្ត​កម្ពុជា ដើម្បី​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជា​ពលរដ្ឋ​​ ដែលកំពុង​កាន់​កាប់ដីធ្លីជាក់ស្តែង​ ប៉ុន្តែ​ជាដីពុំ​ទាន់​ស្របច្បាប់​នៅឡើយ ពីព្រោះថា ដីដែលបងប្អូនប្រជាពលរដ្ឋកំពុងកាន់កាប់ទាំងនេះ ជាដីស្ថិត​ក្នុង​មុខ​សញ្ញាបី​ប្រភេទ គឺ​ដីរដ្ឋ​ក្នុង​សម្បទាន​ដី​សេដ្ឋកិច្ច ដីរដ្ឋក្នុងសម្បទានព្រៃឈើ និង​​ដីរដ្ឋ​ដែល​ត្រូវ​បាន​​កាន់​កាប់​ដោយមានដីកាដកហូត។

ជាក់ស្តែង ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១២មក រាជរដ្ឋាភិបាល​បានបើកយុទ្ធនាការ​ចុះ​វាស់វែង​ដីធ្លីប្រមាណ​​​ ១លាន៨សែន​ហិកតា បើគិតជាក្បាលដីគឺប្រមាណ ៧០ ម៉ឺន​ក្បាល​​ដី សម្រាប់​ចែក​ជូនប្រជាពលរដ្ឋប្រមាណ ៤៧ ម៉ឺនគ្រួសារ ដោយ​មាន​ការ​ចូលរួម​ពី​មន្រ្តីជំនាញ​បច្ចេកទេស​វាស់វែង​​និងក្រុម​ក្មួយៗ​ វីរៈ​យុវជន​​ស្ម័គ្រ​ចិត្ត សរុប​ជាង ៣ ពាន់​នាក់។ ជា​ការ​ពិត​ ផ្ទៃដីទំហំ ១លាន​៨សែន​ហិកតានេះ​ ពុំមែនសុទ្ធតែជាដី​ដែលមានទំនាស់​នោះទេ​ គឺដី​មួយផ្នែក​តូច​​ប៉ុណ្ណោះ ​ដែល​មាន​​ទំនាស់​​ជាមួយ​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ និងអ្នកកាន់កាប់​ផ្សេង​ទៀត។ ដោយឡែក​ ចំពោះការកាន់​កាប់​​ដី​រដ្ឋ​​គ្រប់ប្រភេទ​​ គឺជាការកាន់កាប់​ដីពុំទាន់​ស្របច្បាប់​នៅឡើយ ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​ប្រើ​ប្រាស់​និង​អាស្រ័យ​ផលលើដីទាំងនោះរួចទៅហើយ ​​​ដោយ​គ្រាន់​តែពុំទាន់មាន​សុវត្ថិភាព​ក្នុងផ្លូវចិត្ត​​និងពុំទាន់​​​ ហ៊ានអភិវឌ្ឍដីធ្លី​ឱ្យ​អស់​សក្តានុពល​ប៉ុណ្ណោះ​។​ ជារួម យុទ្ធនាការ​អនុវត្ត​គោល​នយោបាយចាស់​សកម្មភាព​ថ្មី​លើ​វិស័យដីធ្លីនេះ គឺជា​ជំហានថ្មី​មួយទៀតនៃការកែ​ទម្រង់​ដីធ្លីដ៏ស៊ីជម្រៅ តាមរយៈ​ការធ្វើ​ប្រទាន​កម្មដីជូនប្រជាពលរដ្ឋជា​កម្មសិទ្ធិ​ពេញ​លេញ ដើម្បី​ដោះ​ស្រា​យ​ស្ថានភាពពីការ​កាន់​កាប់​​ដីធ្លី​មិន​ច្បាស់លាស់​ ឬ​មិន​ស្របច្បាប់​ ឱ្យទៅជាការ​កាន់កាប់ដីធ្លី​ដោយមានមូលដ្ឋានច្បាប់រឹងមាំ មានលក្ខណៈច្បាស់លាស់ និង​មាន​​សុវត្ថិភាព​។

ផ្អែក​តាមរបាយការណ៍​របស់​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ លទ្ធ​ផល​នៃ​ការ​អនុវត្ត​បទ​បញ្ជា​លេខ​០១ នៅ​ទូ​ទាំង​ប្រ​ទេស ​គិតមក​ដល់​​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០១៣ គឺ៖ ​បាន​បំពេញ​សលាកបត្រ​ក្បាល​ដីបាន​ចំនួន ​៥១៨ ៦៧៨​ ក្បាល​ដី កត់​ក្នុង​សម្រង់​បញ្ជី​ឈ្មោះ​ម្ចាស់​ដី​បាន​​ចំនួន​ ៣៨៤ ៨៤៩ គ្រួសារ ចំនួន​គ្រួសារ​បាន​ផ្ទៀង​ផ្ទាត់​ចំនួន​ ៣១០ ៨៥៤ គ្រួសារ វាស់​ក្បាល​ដី​បាន​ចំនួន​ ៤៨៦ ១៧៥ ក្បាល​ដី គូរ​ក្បាល​ដី​បាន​ចំនួន​ ៤១១ ១៣១ ក្បាល​ដី បំពេញ​ទម្រង់​​បែប​បទ​​ក្បាល​ដីបាន​ចំនួន ៤២៥ ០៥៩ ក្បាល​ដី បិទ​ផ្សាយ​ជា​សាធារណៈ​​បាន​​ចំនួន ២៣៦ ៤៨៩ ក្បាល​ដី និង​បានចែកប័ណ្ណដល់ដៃប្រជាជនចំនួន ១៥១ ៦៧០ ប័ណ្ណ។

ដោយឡែក នៅក្នុងខេត្តតាកែវយើងនេះ​ ការអនុវត្តគោលនយោបាយចាស់សកម្មភាពថ្មី ​បាន​គ្របដណ្តប់លើឃុំចំនួន១៥ ក្នុងស្រុកគីរីវង់ និងស្រុកត្រាំកក់ ដោយ​មាន​ការ​ចូល​រួម​ពី​​មន្រ្តី​ជំនាញ​បច្ចេកទេស ចំនួន ១១នាក់ និងយុវជនស្ម័គ្រចិត្តសម្តេចតេជោ​ចំនួន ៣៦នាក់។ ជាលទ្ធផល បើ​គិត​មក​ត្រឹម​ថ្ងៃនេះ យើងបាន​បំពេញ​សាលាកបត្រ​ព័ត៌មាន​ចំនួន​ ១១ ៨៩២ ក្បាល​ដី និងបានបញ្ចូល​សម្រង់​បញ្ជីឈ្មោះម្ចាស់ដីបានចំនួន​ ៩​ ២៤៥ គ្រួសារ។ កន្លងមក យើងបានចែកប័ណ្ណកម្មសិទ្ធិដីធ្លី​ចំនួន ២ ៨៩៦ ក្បាលដី​ ជូន​ប្រជា​ពល​រដ្ឋចំនួន ១ ៧៣៩ ​គ្រួសារ​ក្នុងខេត្តតាកែវយើងនេះ។ បន្តិច​ទៀត​នេះ​ ខ្ញុំ​នឹង​​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លីចំនួន ៧៣៧ ប័ណ្ណ ជូន​ប្រជាពលរដ្ឋ​ចំនួន ៣៧៩ គ្រួសារ នៅ​ក្នុងឃុំ​សំរោង​ និងចែកប័ណ្ណ​កម្មសិទ្ធិដីធ្លីចំនួន ៧១៨ ប័ណ្ណ ជូន​ប្រជាពល​រដ្ឋ​ចំនួន​​ ៣៨៩ គ្រួសារ​ នៅឃុំ​ត្រពាំង​ធំខាងត្បូង​ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ ខ្ញុំសូម​បញ្ជាក់ថា រាជរដ្ឋាភិបាល​នៅ​តែ​​បន្ត​យុទ្ធនាការវាស់វែង​ដីធ្លីនេះ​រហូត​សម្រេច​បាន​ តាមផែនការ​កំណត់។ ដូច្នេះ ចំពោះបងប្អូនដែលមានដី​ពុំទាន់បានទទួល​ការវាស់​វែងពី​ក្រុមការងារ សូមកុំមាន​ការ​ព្រួយ​បារម្ភ ពី​ព្រោះ​​ក្រុមការងារវាស់វែង​ដីធ្លីរបស់យើងកំពុងអនុវត្តការងារ​របស់ខ្លួន​ ជាបន្តបន្ទាប់​ តាមផែនការដែលបាន​គ្រោងទុក ហើយ​​នឹង​បន្តធ្វើរហូតដល់ចប់ជាស្ថាពរ។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងក្មួយៗវីរៈយុវជនស្ម័គ្រចិត្តទាំងអស់!
លទ្ធផលគួរ​ជាទីមោទនៈដែលយើងទទួលបាននៅថ្ងៃនេះ គឺ​ជា​សមិទ្ធផលដ៏ធំធេង​សម្រាប់​ប្រជាពលរដ្ឋក្នុងខេត្តតាកែវ​ ជា​ពិសេស​ក្នុង​ឃុំ​សំរោង​ និង​ឃុំ​ត្រពាំង​ធំខាងត្បូង​យើង​នេះ។ ខ្ញុំ​សូម​​បញ្ជាក់​​​ជាថ្មីម្តងទៀត ជូន​​បងប្អូន​ប្រជាពលរដ្ឋនៅ​ទី​នេះ ក៏​ដូចជា​នៅ​ទូទាំងប្រទេសថា ការ​វាស់​​វែង​ដី​ធ្លី និងចែកប័ណ្ណ​កម្មសិទ្ធិជូនប្រជាពល​រដ្ឋ គឺ​ដើម្បីឱ្យ​ប្រជា​ពល​រដ្ឋ​​យក​ទៅ​បង្កបង្កើន​ផល​សម្រាប់​ទ្រ​ទ្រង់​​​ ជីវភាពគ្រួសារ និងប្រើប្រាស់​តាម​សេចក្តី​ត្រូវ​ការ​របស់​បង​ប្អូន ប៉ុន្តែមិនមែន​​ដើម្បី​យក​​ពន្ធ​ដូច​ដែល​ក្រុម​មួយ​ចំនួន​តូច​បាន​លើក​ឡើង​ នោះ​ទេ។ ដរាបណា រាជរដ្ឋាភិបាល​នៅតែ​ដឹក​នាំ​​ដោយ​សម្តេច​​តេជោនាយក​រដ្ឋ​មន្រ្តី​ ដីធ្លី​ទាំងអស់របស់​ប្រជា​កសិករដែល​ប្រើប្រាស់ជា​លក្ខណៈ​​គ្រួសារ​ នឹង​មិន​ត្រូវ​បាន​យក​ពន្ធ​នោះ​ឡើយ។ ​ បង​ប្អូន​ប្រជាពលរដ្ឋមិនត្រូវ​ចាញ់​បោក​ជន​មួយ​ក្តាប់​តូច ​ដែល​តែង​តែ​​មា​ន​ចេតនា​​​ឃោសនា​​អូស​ទាញ​ឱ្យប្អូន​ទៅ​ចាប់​យក​​ដី​​ របស់រដ្ឋ និង​បង្ក​ភាព​ចលាចល​ក្នុង​សង្គម​​ជាតិ​នោះ​ឡើយ​។ រាល់​ការចូល​ទន្រ្ទានចាប់យក​ដី​រដ្ឋ​ និងការបោះ​បង្គោល​​លើ​ដី​រដ្ឋ​ គឺជា​សកម្មភាពខុសច្បាប់ ​និង​ត្រូវ​ហាម​ឃាត់​ជា​ដាច់ខាត​​ ហើយរាល់​ជនល្មើស​នឹង​ត្រូវផ្តន្ទាទោសតាម​ច្បាប់​ជា​ធរ​មាន។ ឆ្លៀត​ក្នុង​ឱកាសនេះ ខ្ញុំ​សូម​អំ​ពាវនាវ​ដល់​អាជ្ញាធរ​ថ្នាក់​ក្រោមជាតិ និងសមត្ថ​កិច្ច​​ពាក់​ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ​​រួម​ទាំង​កងកម្លាំង​ប្រដាប់​អាវុធ​ ត្រូវបន្ត​​អនុវត្ត​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​ ស្រប​តាម​​​បញ្ញត្តិ​នៃច្បាប់​ និងលិខិត​បទដ្ឋាន​គតិយុត្ត​ជាធរមាន ដើម្បី​ធានាការ​គ្រប់​គ្រង​ដី​ធ្លី​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ថែម​ ទៀត។

មុន​នឹង​បញ្ចប់ ​ខ្ញុំ​សូម​កោត​សរសើរ​និង​ថ្លែង​អំណរ​គុណ​ជា​ថ្មី​ម្តង​ទៀត​ ចំពោះ​ថ្នាក់​ដឹក​នាំ​ ​មន្រ្តី​ជំនាញនៃក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ អាជ្ញាធរ​មូលដ្ឋាន​ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និង​ក្មួយៗ​​វីរៈ​យុវជន​ស្ម័គ្រ​ចិត្ត​សម្តេចតេជោ​ ដែល​បាន​ខិត​ខំ​បំ​ពេញ​ភារកិច្ច​របស់​​ខ្លួន​​ ប្រកប​ដោយឆន្ទៈ​និង​​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ ក្នុង​ការ​​ងារ​វាស់​វែង​ដី​ធ្លី​ និង​​ផ្តល់​​កម្ម​សិទ្ធិ​ជូនប្រជាពលរដ្ឋក្នុង​ខេត្តតាកែវ ជាពិសេស​​នៅ​ឃុំសំរោង​ និង​ឃុំ​ត្រពាំង​ធំខាងត្បូង ស្រុកត្រាំកក់ ទទួលបាន​ជោគជ័យ​គួរ​ជា​ទី​​មោទ​នៈ​​។ ខ្ញុំមាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ ក្រុមការងារ​ទាំង​អស់​ ដែល​កំពុង​អនុវត្ត​គោល​នយោបាយ​​​ចាស់​សកម្ម​ភាព​​ថ្មី នឹ​ង​បន្តបំពេញបេសកកម្មរបស់​ខ្លួន​​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត ដើម្បី​ជា​​​ប្រ​យោជន៍​ដ៏​ថ្លៃ​ថ្លា​ជូន​ប្រជាពល​រដ្ឋ​របស់​យើង​​។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ​និង​​​​​ក្មួយៗវីរៈយុវជនស្ម័គ្រចិត្តសម្តេចតេជោទាំងអស់ សូមមាន​សុខភាព​​​​​​​ល្អ ទទួលបាន​ជោគជ័យ​គ្រប់​​ភារកិច្ច និងមាន​សុភមង្គលក្នុងក្រុមគ្រួសារ៕
សូមអរគុណ!