Tuesday, March 19, 2013

ឯកឧត្តម​បណ្ឌិត​​សភាចារ្យ សុខ អាន ប្រគល់​ប័ណ្ណ​កម្ម​សិទ្ធិ​​ដីធ្លី​​ជូន​ប្រជាពល​​រដ្ឋ​ក្នុង​ស្រុក​​ត្រាំ​ កក់ ខេត្ត​​តាកែវ ​៧៦៨គ្រួ​សារ


ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ដែល​ជា​សមិទ្ធផល​សម្រេច​ឡើង​ដោយវីរៈ​យុវជន​ស្ម័គ្រ​ចិត្ត​សម្តេច​តេជោ​នាយក​ រដ្ឋមន្ត្រី ក្រោម​គោលនយោបាយ​ចាស់សកម្ម​ភាព​ថ្មី​ ជូន​ប្រជា​ពលរដ្ឋ​នៅ​ឃុំ​សំរោង និង​ឃុំ​ត្រពាំង​ធំ​ខាង​ត្បូង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ចំនួន​ ៧៦៨គ្រួ​សារ ដោយផ្ទាល់​ដៃ នា​ព្រឹក​ថ្ងៃ​ទី១៩ ខែមីនា ឆ្នាំ២០១៣។ នេះ​ជា​លើក​ទី៣ ដែល​ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ជូន​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្ត​តាកែវ។
ក្នុង​ពិធី​ប្រគល់​ប័ណ្ឌ​កម្ម​សិទ្ធិដីធ្លី ​ដែល​ធ្វើ​ឡើង​នៅ​ភូមិ​ក្របី​ព្រៃ ស្ថិត​នៅឃុំសំរោង ស្រុក​ត្រាំកក់ ជា​មួយ​នឹង​ការ​ផ្តាំផ្ញើ និង​ការ​សួរ​សុខទុក្ខ​ពីសម្តេច​តេជោនាយករដ្ឋមន្ត្រី និង​លោក​ជំទាវ ជូន​ប្រជា​ពលរដ្ឋ​ ឯកឧត្តមបណ្ឌិត​សភាចារ្យ​ សុខ អាន បាន​មាន​ប្រសាសន៍​កត់​សម្គាល់​ថា ការចែកប័ណ្ណកម្មសិទ្ធិ ​ជូន​ប្រជាពលរដ្ឋ​នៅពេលនេះ​ ឆ្លុះ​បញ្ចាំងឱ្យឃើញ​អំពី​ការ​យកចិត្ត​ទុក​ដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល ​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ធានា​កម្មសិទ្ធិ​ដី​ធ្លី​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ​ សំដៅ​លើក​កម្ពស់​ជីវភាព​ សុខុមាលភាព​ និង​ការ​កាត់បន្ថយ​ភាព​ក្រី​ក្រ ព្រម​ទាំង​រួម​ចំណែក​ដល់ការ​ពង្រឹង​យុត្តិធម៌​និងស្ថិរភាពសង្គម។ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​បាន​និង​កំពុង​អនុវត្តគោល​នយោបាយ និងយុទ្ធ​សាស្រ្ត​ដ៏​សម​ស្រប​នានា ដើម្បី​អភិវឌ្ឍ​សមត្ថភាព​របស់​ប្រជាកសិករ និង​អភិវឌ្ឍ​វិស័យកសិកម្ម ដោយ​ផ្តោតការយក​ចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​ការកសាង​ប្រព័ន្ធ​ធារាសាស្រ្ត និង​ការផ្តល់​សេវា​គាំទ្រ​នានា ព្រមទាំង​គោល​នយោបាយ​អភិវឌ្ឍជនបទ សំដៅបង្កើត​ឱកាស​ឱ្យកាន់​តែ​ប្រសើរជូន​ប្រជា​ពលរដ្ឋ​ក្នុងការបង្កើន​ចំណូល​ ប្រចាំគ្រួសារ​។ ​ដូច្នេះ ​ការ​ផ្តល់​កម្មសិទ្ធិ​ដីធ្លីនេះ គឺ​ពិត​ជាបាន​រួម​ចំណែក​ជំរុញនិង​លើក​ទឹក​ចិត្ត​ឱ្យ​បងប្អូន​ ប្រជាពលរដ្ឋខិតខំ​បង្កើន​ផលិតភាព ក៏ដូចជា​ការ​វិនិ​យោគ​ក្នុង​វិស័យ​កសិកម្ម​ឱ្យ​កាន់តែ​ខ្លាំងឡើង​ថែម​ទៀត​។ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​អំពាវនាវឲ្យ​ប្រជា​ពលរដ្ឋ​ ខិត​ខំ​បង្ក​បង្កើន​ផល​ឲ្យ​ស្រប​ទៅ​តាម​តម្រូវ​ការ​នៃ​ទីផ្សារ ទើប​ធ្វើ​ឲ្យកសិផល​ដែល​ផលិត​បាន​មានតម្លៃ ព្រោះ​ប្រទេស​កម្ពុជា​យើង​ប្រកាន់​របប​សេដ្ឋកិច្ច​ទីផ្សារ​សេរី​ មាន​ន័យ​ថា ពេល​ទីផ្សារ​ត្រូវ​ការ​ទើប​ទំនិញ​យើង​មាន​តម្លៃ។
ពាក់​ព័ន្ធ​នឹង​ការ​ឃោសនារបស់​អ្នក​នយោបាយ​ នៃ​គណបក្ស​ប្រឆាំង ដែល​បំភ្លៃ​ថា រដ្ឋាភិបាល​ចែក​ប័ណ្ណ​ដី​ធ្លី ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​យក​ពន្ធ​ដី ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​មាន​ប្រសាសន៍ថា ខ្ញុំ​សូម​បញ្ជាក់​ជាថ្មីម្តងទៀត ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទី​នេះ ក៏​ដូចជា​នៅ​ទូទាំង​​ប្រទេស​ថា ការ​វាស់​វែង​ដី​ធ្លី និងចែកប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពល​រដ្ឋ គឺ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​យក​ទៅ​បង្កបង្កើន​ផល​សម្រាប់​ទ្រ​ទ្រង់​ ជីវភាពគ្រួសារ និងប្រើប្រាស់​តាម​សេចក្តី​ត្រូវ​ការ​របស់​បង​ប្អូន ប៉ុន្តែមិនមែន​ដើម្បី​យក​ពន្ធ ​ដូច​ដែល​ក្រុម​មួយ​ចំនួន​តូច​បាន​លើក​ឡើង​នោះ​ទេ។ ដរាប​ណា រាជរដ្ឋាភិបាល​នៅតែ​ដឹក​នាំ​ដោយ​សម្តេច​តេជោនាយក​រដ្ឋ​មន្រ្តី​ ដីធ្លី​ទាំងអស់​របស់​ប្រជា​កសិករ​ដែល​ប្រើប្រាស់ជា​លក្ខណៈ​គ្រួសារ​ នឹង​មិន​ត្រូវ​បាន​យក​ពន្ធ​នោះ​ឡើយ។ ​
ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ក៏​បាន​បញ្ជាក់​ថា ក្រុម​អ្នក​នយោបាយ​ប្រឆាំង​ពួក​គេ​បាន​អនុវត្ត​យុទ្ធ​សាស្ត្រ​កុហក​ពីរ​ ក្នុង​ពេល​តែ​មួយ គឺនៅពេលដែល​ជួប​កសិករគេបាន​លើក​ឡើង​ថា តម្លៃ​ស្រូវ​ថោក​ណាស់បង​ប្អូន​កសិករ​នឹង​លំបាក។ ពេល​ជួប​អ្នក​ទីក្រុងគេលើក​ឡើង​ថា បើ​ស្រូវ​ឡើង​ថ្លៃយ៉ាង​នេះធ្វើ​ឲ្យ​អ្នក​ទីក្រុង​ជួប​ការ​លំបាក។
ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន ក៏​បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពល​រដ្ឋ​មិនត្រូវ​ចាញ់​បោក​ជន​មួយ​ក្តាប់ ​តូច ​ដែល​តែង​តែ​មា​ន​ចេតនា​ឃោសនា​អូស​ទាញ​ឱ្យបងប្អូន​ទៅ​ចាប់​យក​ដី​របស់រដ្ឋ និង​បង្ក​ភាព​ចលាចល​ក្នុង​សង្គម​ជាតិ​នោះ​ឡើយ​។ ព្រោះរាល់​ការចូល​ទន្រ្ទានចាប់យក​ដី​រដ្ឋ​ និង​ការ​បោះ​បង្គោល​លើ​ដី​រដ្ឋ​ គឺជា​សកម្មភាពខុសច្បាប់ ​និង​ត្រូវ​ហាម​ឃាត់​ជា​ដាច់ខាត​ ហើយ​រាល់​​ជនល្មើស​នឹង​ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរ​មាន។
ទាក់​ទង​នឹង​សកម្ម​ភាព​របស់​យុវជន​ស្ម័គ្រ​ ចិត្ត​សម្តេច​តេជោនាយករដ្ឋមន្ត្រី​ ដែល​បាន​ចូល​រួម​អនុវត្ត​គោលនយោបាយ​ចាស់​សកម្ម​ភាព​ថ្មី ឯកឧត្តម ស្រី បេន អភិបាល​នៃគណៈអភិបាល​ខេត្ត​តាកែវ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ ខេត្ត​តាកែវ​បាន​ទទួល​យុវជនស្ម័គ្រ​ចិត្ត​សម្តេច​តេជោ​ចំនួន​ ២វគ្គ គឺ​វគ្គ​ទី​១ នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១២ មាន​ចំនួន​ ៣ក្រុម ចុះ​វាស់​វែង​ដីធ្លី ជូន​ប្រជា​ពលរដ្ឋ​តែ​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ត្រាំកក់ និង​ស្រុក​គិរីវង់ ហើយ​បាន​បញ្ចប់​សកម្ម​ភាព​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ២០១២។ វគ្គ​ទី២ បាន​មក​ដល់​នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ២០១៣ ដោយចុះ​វាស់​វែង​នៅ​ស្រុក​ត្រាំកក់តែ​មួយ​ប៉ុណ្ណោះ។ ជាលទ្ធផលបើ​គិត​មក​ត្រឹម​ថ្ងៃ​នេះ យើង​បាន​បំពេញ​សាលាកបត្រ​ព័ត៌មាន​ចំនួន ១១ ៨៩២ ក្បាល​ដី និងបានបញ្ចូល​សម្រង់​បញ្ជី​ឈ្មោះ​ម្ចាស់ដី​បាន​ចំនួន​ ៩​ ២៤៥ គ្រួសារ។
ឯកឧត្តម ស្រី បេន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កន្លងមកខេត្តតា​កែវ​បាន​ចែកប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​​ចំនួន ២ ៨៩៦ ក្បាលដី​ ជូនប្រជាពលរដ្ឋចំនួន ១ ៧៣៩ ​គ្រួសារ​។ ក្នុង​នោះសម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ បាន​អញ្ជើញ​មក​ប្រគល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី ជូន​ប្រជា​ពលរដ្ឋ​ដោយ​ផ្ទាល់​កាល​ពី​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ២០១២។ ដោយ​ឡែក នេះ​ជា​លើក​ទី៣ហើយ ដែល​ឯកឧត្តមបណ្ឌិត​សភាចារ្យ​ សុខ អាន បាន​អញ្ជើញ​មក​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លីជូន​ប្រជា​ពលរដ្ឋ។
សម្រាប់​ការ​ងារ​បង្ក​បង្កើន​ផល ឯកឧត្តម​អភិបាល​ខេត្ត​តាកែវ បាន​ឲ្យ​ដឹង​ថា ខេត្ត​តាកែវអាច​សល់​ស្រូវ​ប្រមាណ​ ៨០ម៉ឺន​តោន សម្រាប់ការ​បង្ក​បង្កើន​ផល​​ក្នុង​ឆ្នាំ​២០១២-២០១៣។
សូម​បញ្ជាក់​ថា ចាប់​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ២០១២​មក រាជរដ្ឋាភិបាល​បាន​បើក​យុទ្ធនាការ​ចុះ​វាស់វែង​ដីធ្លី​ប្រមាណ​ ១លាន៨សែន​ហិកតា បើគិតជាក្បាលដីគឺប្រមាណ ៧០ម៉ឺនក្បាល​ដី សម្រាប់​​ចែក​ជូន​ប្រជាពលរដ្ឋ​ប្រមាណ ៤៧ម៉ឺន​គ្រួសារ ដោយ​មាន​ការ​ចូលរួម​ពី​មន្រ្តីជំនាញ​បច្ចេក​ទេស​​វាស់វែង​ និងក្រុម​ក្មួយៗ​វីរៈ​យុវជន​ស្ម័គ្រ​ចិត្តសរុប​ជាង ៣ពាន់​នាក់។
បើផ្អែក​តាម​របាយការណ៍​របស់​ក្រសួង​ រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ លទ្ធ​ផល​នៃ​ការ​អនុវត្ត​បទ​បញ្ជា​លេខ​០១ នៅ​ទូ​ទាំង​ប្រ​ទេស ​គិតមក​ដល់​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០១៣ គឺ៖ ​បាន​បំពេញ​សលាកបត្រ​ក្បាល​ដីបាន​ចំនួន ​៥១៨ ៦៧៨​ ក្បាល​ដី កត់​ក្នុង​សម្រង់​បញ្ជី​ឈ្មោះ​ម្ចាស់​ដី​បាន​ចំនួន​ ៣៨៤ ៨៤៩ គ្រួសារ ចំនួន​គ្រួសារ​បាន​ផ្ទៀង​ផ្ទាត់​ចំនួន​ ៣១០ ៨៥៤ គ្រួសារ វាស់​ក្បាល​ដី​បាន​ចំនួន​ ៤៨៦ ១៧៥ ក្បាល​ដី គូរ​ក្បាល​ដី​បាន​ចំនួន​ ៤១១ ១៣១ ក្បាល​ដី បំពេញ​ទម្រង់​បែប​បទ​ក្បាល​ដីបាន​ចំនួន ៤២៥ ០៥៩ ក្បាល​ដី បិទ​ផ្សាយ​ជា​សាធារណៈ​បាន​ចំនួន ២៣៦ ៤៨៩ ក្បាល​ដី និង​បាន​ចែក​ប័ណ្ណ​ដល់​ដៃ​ប្រជាជន​ចំនួន ១៥១ ៦៧០ ប័ណ្ណ៕