Friday, March 8, 2013

សម្តេច​​តេជោ​​ផ្តល់​​ដំបូន្មាន​​ដល់​​មន្ត្រី​​ឲ្យ​​ធ្វើ​​ជា​​អ្នក​​ផ្តល់​​សេវា​ល្អ​ជូន​​ប្រជា​ជន


សម្តេច​អគ្គមហា​សេនាបតី​តេជោ​ ហ៊ុន សែន នា​ព្រឹកថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០១៣ បានមាន​ប្រសាសន៍​នៅ​វិទ្យា​ស្ថាន​ជាតិ​អប់រំ ដោយផ្តល់​ជា​ដំបូន្មាន ឲ្យ​ក្រុម​មន្ត្រី​នៃ​មុខ​ងារ​សាធារណៈ​នៃ​រាជ​រដ្ឋាភិបាលកម្ពុជា​ទាំង​អស់ ត្រូវ​ចាត់ទុក​ខ្លួន​ជា​អ្នកបម្រើ និង​ជា​អ្នក​ផ្តល់​សេវា​ដ៏ល្អ​ជូន​ប្រជា​ជន គឺ​មិនមែន​ជា​អ្នក​ត្រួត​ត្រា ឬក៏​ជា​ម្ចាស់​របស់​ប្រជាជន​ទេ។
 
ដំបូន្មាន​របស់​សម្តេច​តេជោ​ នាយករដ្ឋមន្ត្រី​បាន​ធ្វើ​ឡើង នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ ដល់​សិស្ស​មន្ត្រី​ជាន់​ខ្ពស់​ជំនាន់​ស្ថិរ​ភាព​សង្គម សិស្ស​មន្ត្រី​ក្រម​ការ​ជំនាន់​សមធម៌​សង្គម និង​វិញ្ញាបន​បត្រ​ដល់​កម្ម​សិក្សា​ការី​មន្ត្រី​ជាន់​ខ្ពស់ មន្ត្រី​មធ្យម​ ឆ្នាំ២០១១-២០១២ និង​បើក​វគ្គ​បណ្តុះបណ្តាល និង​វិ​ក្រឹ​តការ​ឆ្នាំ២០១៣ របស់​សាលា​ភូមិន្ទ​រដ្ឋបាល​។ សម្តេច​តេ​ជោ​មាន​ប្រសា​ស​ន៍​​បញ្ជាក់​ថា ជាបឋម​ត្រូវ​និយាយ​ពី​គុណធម៌ សីលធម៌ ឥរិយា​បទ​របស់​មន្ត្រី​រាជការ​របស់​យើង ហើយ​ត្រូវតែ​ដឹង​ថា ​យើង​មិនមែនជា​អ្នកត្រួត​ត្រា ហើយ​ក៏​មិន​មែន ឬ​ជា​ម្ចាស់​របស់​ប្រជាជន​ដែរ ប៉ុន្តែ​ផ្ទុយទៅវិញ​យើង​ជា​អ្នកបម្រើ និង​ជា​អ្នក​ផ្តល់​​សេវា​ជូន​ប្រជាជន​ហើយ​ត្រូវ​ចាំ​ឲ្យ​ច្បាស់​លើ​ចំណុច​ នេះ។ “បើ​តែង​តាំង​​ជា​មន្ត្រី​ហើយ​ៗ​ខ្លួន​បែរ​ជា​​តាំង​ខ្លួន​ជា​ចៅហ្វាយ​របស់​ ប្រជាជន​នោះ ជា​ការ​ខុសឆ្គង​ដ៏​ធ្ងន់ធ្ងរ​នៃ​សីលធម៌ របស់​មន្ត្រី”។
 
សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ថា មន្ត្រី​ត្រូវតែ​ដឹង​ថា ខ្លួន​ជា​ខ្ញុំបម្រើ​របស់​ប្រជាជន ជា​អ្នក​បម្រើ​របស់​ប្រជាជន ជា​អ្នក​ផ្តល់​សេវា​ឲ្យ​ប្រជាជន ហើយ​ប្រជាជន​ត្រូវ​ទទួល​បាន​នូវ​ការដែល​យើង​គាត់​បម្រើ និង​សេវាឲ្យ​គាត់ មិនមែន​តែងតាំង​ជា​មន្ត្រី​ហើយ ហើយ​ធ្វើជា​ម្ចាស់​ប្រជាជន​នោះ​ទេ ហើយ​ដើម្បី​ក្លាយ​ខ្លួន​ជា​មន្ត្រី​ល្អ ទោះជា​ពេលដេក ដើរ ឈរ អង្គុយ​ត្រូវ​គិតថា ខ្លួន​គឺជា​អ្នក​បម្រើ​ប្រជាជន​ដែរ។ មន្ត្រី​ដែល​ធ្វើការ​ងារ​បាន​រយៈពេល​វែង​ឬ​រយៈពេល​ខ្លី​គឺ​វា​ចំណុះ​លើ​ បញ្ហា​ថា តើ​យើង​បម្រើ​ប្រជាជន​បាន​កម្រិត​ណា។
 
សម្តេច​តេជោ​សែន មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា មិន​ខ្វះ​ទេ​មន្ត្រី​ដែល​ឡើង​ធ្វើការ​ហើយ​បាន​ធ្លាក់​មកវិញ មិន​ខ្វះ​ទេ​បក្ស​នយោបាយ​ដែល​ធ្លាក់​មកវិញ។ បញ្ហា​ធំ​ជាង​គេ​គ្មានអ្វី​ក្រៅពី​ឥរិយា​បទ​របស់​មន្ត្រី​គណបក្ស​នោះ​ទេ ហើយ​បើ​នៅក្នុង​រដ្ឋបាល​វិញ​នៅ​បាន​ ឬ​មិន​​បាន គឺ​វា​ចំណុះ​ទៅ​លើ​ថា តើ​យើង​មាន​ច​រឹត​ស្លូតបូត សុភាព​រាបសារ បម្រើ​ប្រជាជន ដោះស្រាយ​ការ​ងារ​ជូន​ប្រជា​ជន​បាន​ប៉ុណ្ណា។ សម្តេច​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា ជាមួយ​ប្រជាពលរដ្ឋ​យើង​ត្រូវ​ធ្វើការ​ឲ្យ​បាន​ល្អ បម្រើ​ពួគ​គាត់​ឲ្យ​ល្អ នោះ​ពួកគាត់​ពិតជា​ផ្តល់​នូវ​ការ​តបស្នង​ត្រឡប់មកវិញ​ដោយ​​ការ​ស្រឡាញ់​ រាប់អាន​ជាមួយ​​យើង ហើយ​គ្មាន​អំពើអាក្រក់​ណាមួយ​ដែល​ឆ្លើយតប​ដោយ​ទង្វើ​ល្អ​ពី​សំណាក់​ ប្រជាពលរដ្ឋ​ចំពោះ​យើង​វិញ​នោះ​ទេ។
 
សម្តេច​នាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា យើង​មិនអាច​ធ្វើការ​តម្រូវ​ចិត្ត​មនុស្ស​ទាំងអស់​បានទេ ប៉ុន្តែ​យើង​ត្រូវ​តម្រូវ​ចិត្ត​ឲ្យ​បាន​មនុស្ស​ភាគច្រើន វា​ដូចគ្នា​នឹង​ ចុងភៅ​ម្នាក់​ដែល​មិនអាច​ធ្វើ​ម្ហូប​ពេញចិត្ត​ជាមួយ​នឹង​មនុស្ស​ដែល​ទទួលទាន ​ក្នុង​ចំនួន​ដ៏​ច្រើន​នោះ​ទេ ព្រោះ​អ្នកខ្លះ​ថា​សាប​ពេក អ្នកខ្លះ​ថាប្រៃ​ពេក អ្នកខ្លះ​ថា​ជូរ​ពេក អ្នកខ្លះ​ថា​ផ្អែម​ពេក។ ប៉ុន្តែ​យក​ល្អ​យើង​ត្រូវ​ខិតខំ​ធ្វើ​យ៉ាង​ណា​ស្ល​តម្រូវចិត្ត​មនុស្ស​ ភាគច្រើន​ទើប​ជា​ការ​ប្រសើរ ហើយ​នៅ​លើ​លោក​យើង​នេះ ដរាបណា​យើង​ដើរកាត់​ទឹក​ភ្លៀង​មិន​ទទឹក​ទឹកភ្លៀង​នោះ​ទើប​រួច​ចាក​ផុត​ពី​ ការ​ទិតៀន​ពី​អ្នក​ដទៃ។ ប៉ុន្តែ​យើង​ត្រូវ​ខិតខំ​ថា យើង​មិន​អាច​ដើរ​គេច​ផុត​ទឹកភ្លៀង​បានទេ ហើយ​ដោយ​សារ​តែ​មិនអាច​ដើរ​គេច​ផុត​ពី​ទឹកភ្លៀង​ហ្នឹង​ហើយ​បាន​ជា​យើង​ត្រូវ ​ដឹង​ថា យើង​មិនអាច​បំពេញចិត្ត​មនុស្ស​ទាំង​អស់​បានទេ ប៉ុន្តែ​យើង​ត្រូវ​បំពេញ​ចិត្ត​មនុស្សភាគច្រើន ឯ​មនុស្ស​ភាគតិច​ដែល​មិន​ពេញចិត្ត​ជាមួយ​យើងក៏​ត្រូវ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ ក្លាយទៅជា​សត្រូវស្លាប់​រស់​ជាមួយនឹង​យើង​ដែរ។
 
សម្តេចតេ​ជោ​មាន​ប្រសាសន៍​ថា ក្នុង​ឋានៈ​ជាមន្ត្រី​ត្រូវធ្វើ​អ្វី​តាមច្បាប់​កំណត់ ហើយ​ក្រៅពី​កិច្ច ការ​របស់​រដ្ឋ​បើសិនជា​យើង​អាច​ជួយ​ប្រជាពលរដ្ឋ​បាន​វា​ក៏​កាន់តែ​ប្រសើរ។ កិច្ចការ​នីមួយៗ​ទាមទា​នូវ​ការចូលរួម​ហើយ​បើ​ចង់បាន​ការចូលរួម​យើង​ត្រូវតែ​ ប្រមូល​ផ្តុំ​កម្លាំង​មនុស្ស កម្លាំង​បញ្ញា​មក​រួមគ្នា​ដើម្បី​ធ្វើការ ថ្វីត្បិតតែ​យើង​មិនអាច​បាន​ទាំងអស់​នោះ​ទេ ប៉ុន្តែ​យើង​ត្រូវតែ​ប្រមូល​កម្លាំង​ឲ្យ​បាន​ច្រើន។
 
សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រីបាន​មាន​ ប្រសាសន៍ឲ្យ​ដឹង​ថា ឥឡូវនេះ រាជរដ្ឋាភិបាល​​បាន​ដាក់​ចេញ​នូវ​តារាង​តម្លៃ​សេវា​សាធារណៈ​សម្រាប់​ក្រសួង​ ស្ថាប័ន ទាំង​ថ្នាក់​ជាតិ និង​ទាំង​នៅ​ថ្នាក់​ក្រោម​ជាតិ ត្រូវអនុវត្ត​តាម​តារាង​នោះ​។ បើ​គេ​ឲ្យ​យក ១.០០០រៀល មន្ត្រី​ត្រូវ​យក ១.០០០ រៀល​ទៅ ហើយ​ប្រឹងប្រែង​ធ្វើដូច​ជា​មន្ត្រី​អត្រានុ​កូលដ្ឋាន ដែល​ប្រជាពល​រដ្ឋ​ត្រូវការ​សំបុត្រ​កំណើត ឬ​សំបុត្រ​អា​ពារហ៍​ពិពារ​ហ៍ ឬ​សំបុត្រមរណៈភាពត្រូវ​ធ្វើ​ហើយយក​លុយ​តាម​ការ​កំណត់ ហើយ​អាច​ធ្វើ​រួចហើយ យក​ទៅឲ្យ​ប្រជាពលរដ្ឋ​ផង​។
 
សម្តេចតេជោ​បានផ្តល់​ការ​ណែនាំ​ដល់​ក្រុម​ មន្ត្រី​បញ្ចប់​ការ​សិក្សា​ថា វិធីសាស្ត្រ​ដឹកនាំ និង​របៀប​ធ្វើ​ការ​មាន​សារៈ​សំ​ខាន់​ណា​ស់​សម្រាប់​មន្ត្រី មិន​ថា​មន្ត្រី​នៅក្នុង​ស្ថាប័នរដ្ឋ នៅ​តាម​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ឬ​នៅ​ក្នុង​អង្គការក្រៅរដ្ឋាភិបាល​ ឬ​បក្សនយោបាយ​មួយ​ទេ ហើយ​គ្រួសា​រ​មួយ​ក៏​មាន​ចំណុច​មិន​ខុសគ្នា​ប៉ុន្មាន​ដែរ។ ជាបឋម​ត្រូវតែ​រៀបចំ​ផែនការ​ឲ្យ​បាន​ជាក់​លាក់​មួយ ហើយ​បើ​និយាយ​ឲ្យ​ទូលាយ​ជាង នេះ​គឺ​ត្រូវ​រៀបចំ​​ក្របខណ្ឌ​គោលនយោបាយ​ឲ្យ​បាន​ជាក់លាក់​មួយឲ្យ​ស្រប​ទៅ​ នឹង​លទ្ធភាព សភាព​ការណ៍​ឲ្យ​ច្បាស់​ពិតប្រាកដ ដាក់ចេញ​ជា​ផែនការ​ ឬ​ក្របខណ្ឌ​គោល​នយោ​បាយ​ជា​យុទ្ធសាស្ត្រ ឬ​យុទ្ធវិធី​នៅក្នុង​នោះ ដែល​កិច្ចការ​នេះ​យើង​សម្រេច​បាន ៣០%នៃ​ផែនការ ប៉ុន្តែ៣០%នេះ​មាន​សារៈសំខាន់​ណាស់ ព្រោះ​វា​ជា​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​ការ​ធ្វើ​ដំណើរ។ សម្តេច​តេ​ជោ​បាន​លើក​ជា​ឧទាហរណ៍​ថា “មាន​អ្នកខ្លះ​បែរជា​និយាយ​ថា នយោ​បាយ​ល្អ​ក៏ប៉ុន្តែ​អ្នក​អនុវត្តន៍​គឺ​ខុស។ វា​មិន​ដូច្នោះ​ទេ។ បើសិន​ជា​នយោបាយ​ត្រឹមត្រូវ ការអនុវត្ត​កាប់​សម្លាប់​ប្រជាជន​កើតឡើង​យ៉ាង​ដូច្នេះ គេ​យក​កម្មវិធី​នយោបាយ យក​ទៅ​វាស់ អ្នកឯង​សម្លាប់​ប្រជាជន​គឺ​ខុស ធ្វើ​ទារុណកម្ម​ចំពោះ​ប្រជាជន​គឺ​ខុស។ ប៉ុន្តែ​នេះ​នយោ​បាយ គឺ​ខុស​តែម្តង។ នយោបាយ​គឺ​អញ្ចឹង ឲ្យ​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ពិតជា​នយោ​បាយ​របស់​អង្គការ​ចាត់​ តាំងនយោបាយ និង​យោធា​របស់ ប៉ុល ពត ឬ​រដ្ឋាភិបាល​កម្ពុជា​ប្រជា​ធិប​តេយ្យ”។
 
សម្តេចតេ​ជោបាន​មាន​ប្រសាសន៍​ថា នៅក្នុង​ជំហាន​បន្ទាប់​ត្រូវ​ចាត់តាំង​អនុវត្តន៍ ព្រោះ​បើ​មាន​តែ​កម្មវិធី​ន​យោបាយ​ដាក់​ចោល​លើ​តុ ​ឬ​ក្នុង​ទូរ​វា​គ្រាន់តែ​ជា​ក្រដាស​ដែល​អត់​បានការ​តែ​ប៉ុណ្ណោះ។ នៅពេល​ចាត់​តាំង​អនុវត្តន៍​ គឺត្រូវ​តែ​មានធនធានមនុស្ស​ ដោយ​ត្រូវ​ជ្រើសរើស​មនុស្ស​ដែល​មាន​សមត្ថភាព​តាម​មុខ​ជំនា​ញ​របស់​គេ​ពិតៗ។ ការចាត់តាំង​អនុវត្ត​នេះ​មាន​សារៈ​សំខាន់ ដែល​ធ្វើ​ឲ្យ​សម្រេច​បាន ៣០%ទៀត។ ប៉ុន្តែ​ត្រូវ​ឆ្លុះបញ្ចាំង​មកវិញ​ដែរ​ថា តើ​ពេល​ដែល​​យើង​អនុវត្តន៍​នោះ​វា​ខុស ​ឬ​ត្រូវ? ដូច្នេះហើយ​ទើបពេល​អនុវត្តន៍​ត្រូវ​តែ​មាន​ការ​ត្រួត​ពិនិត្យ​​អំពី​ ការចាត់តាំង​អនុវត្ត​នោះ។ ប៉ុន្តែ​មាន​ពេល​ខ្លះ​ក៏​តម្រូវ​ឲ្យ​មានការ​កែលម្អ​ខាង​គោល​នយោបាយ​ដែរ។
 
សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​បន្ត​ថា ការ​ដាក់​ចេញ​ផែនការ និង​ការចាត់តាំង​អនុវត្តន៍​ និង ត្រួតពិនិត្យ​តាមដាន​ផង​នោះ ​ទើបតែ​សម្រេច​បាន ៦០% ប៉ុណ្ណោះ ដូច្នេះ​នៅសល់ ៤០%ទៀត ត្រូវ​ចំណុះលើ​កត្តា​ចៃដន្យ​ដែល​លេចឡើង​នៅ​ក្នុងពេល​ដំណើរការ​នោះ​ឯង ព្រោះ​វា​មិន​ដែល​មាន​ផែនការ​ឬ​កម្ម វិធី​ណាមួយ​ត្រឹមត្រូវ​ឥត​ខ្ចោះ ដោយ​មិន​បាន​គិត​បញ្ហា​ប្រធាន​ស័​ក្ត​កើតឡើង​ទេ។ សម្តេចតេ​ជោបាន​លើក​យកឧទាហរណ៍ជាក់​ស្តែង​មក​បង្ហាញ​​ថា តើ​អ្នកណា​បាន​គិតថា​ឆ្នាំថោះ​ទៅជា​ទឹកធំ​ទេ?។ អត់​ទេ​ចៃដន្យ​មែនទែន ហើយ​អ្នកណា​បាន​គិតថា ឆ្នាំរោង​បែរជា​ទឹកតូច​ទេ?​ អត់​ទេ។ រឿងរ៉ាវ​យ៉ាង​ដូច្នេះ នេះ​ហើយ​ជា​ការ​លេចឡើង​នៃ​កត្តា​ចៃដន្យ​ក្នុង​ពេល ដែល​យើង​អនុវត្ត។
 
សម្តេចតេជោ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា តាំងពី​ឆ្នាំ២០០៤ រហូត​ដល់​ឆ្នាំ​២០០៧ កំណើន​សេដ្ឋ​កិច្ច​របស់​កម្ពុជា​ឡើង​ដល់ ២ខ្ទង់ ហើយ​នៅ​ឆ្នាំ២០០៥ យើង​ឡើង​ដល់ ១៣,៣%។ ប៉ុន្តែ នៅ​លើ​ពិភពលោក​អ្នកណា​បាន​គិតថា មានវិបត្តិ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​សកល​វា​កើតឡើង ហើយ​សេដ្ឋកិច្ច​អាមេរិក អឺរ៉ុប​ធ្លាក់​ដាំ​ក្បាល​បែប​នេះៗ​ហើយជា​កត្តា​ចៃដន្យ ដែល​ត្រូវ​ចល័ត​ភ្លាម។ ឧទាហរណ៍​សំណាញ់​សុវត្ថិភាព​សម្រាប់​វិស័យ​ធនាគារ​ពី​ទុន​បំរុង កាតព្វកិច្ច ៨% ឲ្យ​ឡើង​ទៅ​ដល់ ១៦%ភ្លាម ដើម្បី​ធានា​ហានិភ័យ​នៃ​បញ្ហា​ការ​ដួល​រលំ​ធនាគារ។ ការខ្ចី​ទិញ​អចលន​ទ្រព្យ​ឲ្យ​ខ្ចី​បាន​ត្រឹមតែ ១៥%ទេ។ យើង​ត្រូវ​ផ្លាស់ប្តូរ​ផែនការ​ភ្លាម ហើយ​នេះ​ជា​សមត្ថភាព​របស់​រដ្ឋ ក្នុង​ការ​គ្រប់គ្រង​សភាពការណ៍​នា​ពេល​នោះ។ ពេល​តម្លៃ​ប្រេង​ឡើងថ្លៃ​រដ្ឋ​បាន​បំពេញ​ខាត​មួយឆ្នាំ ២០លាន​ដុល្លារ ​នៅ​ពេល​នោះ។ ឆ្នាំ២០០៨ ដល់​ឆ្នាំ២០១១ សង្គ្រាម​ជាយដែន​ផង និង​គ្រោះ​ទឹក​ជំនន់ផង ​ដែល​យើង​ត្រូវ​ទប់ទល់​ក្នុង​ពេល​តែមួយ ក្នុងពេលដែល​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​មិនទាន់​ចប់ ទាំងនេះ​សុទ្ធ​តែ​ជា​កត្តា​ចៃដន្យ​ដែល​អត់​បាន​គ្រោងទុក​ទេ។ អ្នកណា​បាន​គ្រោង​ទុក​ថា គេ​លើកទ័ព​យក​មក​វាយ​យើង ព្រោះ​ប្រទេសជិតខាង​គ្នា ទាំងអស់​នេះ​ហើយ​សុទ្ធ​សឹង​តែ​ជា​កត្តា​ចៃដន្យ ដែលបញ្ហា​នេះគឺ​ត្រូវ​ពឹង​ពាក់​លើ​សមត្ថ​ភាព​ដឹកនាំ​នោះ។
 
សម្តេច​តេជោ​សែន​មាន​ប្រសាសន៍​បញ្ជាក់​ថា អ្វី​ដែល​ខ្ញុំ​ចង់បាន​ គឺ​មន្ត្រី​ដែល​​មាន​សមត្ថភាព​ម្ចាស់ការ​ដោះស្រាយ​បញ្ហា​នៅ​នឹង​កន្លែង ប៉ុន្តែ​ខ្ញុំ​មិន​ចង់បាន​មន្ត្រី​ដែល​មាន​បញ្ហា​ប្រធាន​ស័ក្ក​កើត​ទី១ រាយការណ៍ ជូន​ថ្នាក់លើ ទី២ បន្ទោស​ថ្នាក់ក្រោម​នោះ​ទេ។
 
ក្រៅ​ពី​ការ​ផ្តល់​ជា​ដំបូន្មាន​ដល់​ មន្ត្រី​រាជ​ការ​សាធារណៈឲ្យ​ប្រកាន់​ឥរិយាបថ​ជា​អ្នក​ផ្តល់​សេវាល្អ​ជូន​ ប្រជា​ជន សម្តេចអគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ក៏ណែនាំ​ឲ្យ​អ្នកនាំពាក្យតាម​ក្រសួង​ស្ថាប័ន​នានា​របស់​រដ្ឋ​  ក៏ដូចជាមន្រ្តីរាជ​រដ្ឋាភិ​បាល​ទាំង​អស់​ដែល​មិន​ទាន់​បាន​ដឹង​សាច់​រឿង​ ច្បាស់ មិន​ត្រូវ​និយាយ​ប្រាប់​អ្នកសារព័ត៌​មាន​ឡើយ កុំឲ្យមានការភ័ន្តច្រឡំណាមួយ កើតមានឡើង។
 
សម្តេច​តេជោមា​នប្រសាសន៍​បន្ត​ថា “ខ្ញុំ​គួរ​តែត្រូ​វបាន​និយាយ​ដោយ​ចំហរ​តែម្តង…ពិត​ហើយ​យើង​ត្រូវ​តែ​ផ្តល់​ ព័ត៌មាន សិទ្ធិ​ទទួល​បាន​ព័ត៌មាន ស្ថាប័ន​នីមួយៗ អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ សុទ្ធ​តែ​មាន​អ្នក​នាំពាក្យ ក៏ប៉ុន្តែ​សុំកុំ​តាំង​ខ្លួន​ធ្វើជា​អ្នក​ចេះគ្រប់​តែ​រឿង ដែល​និយាយ​ទៅកាន់​មន្រ្តីនេះ ឬទៅ​កាន់សា​រព័ត៌មាន​តែង​តែធ្វើឲ្យ​មាន​កំហុស ។
 
សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ ប្រសាសន៍​ថា មាន​អ្នក​ខ្លះ​គេ​សួរ​ទៅ​មិន​ទាន់​ដឹង​រឿង​ស្អី​ផង មិន​ថា​នៅ​ក្នុង​គណបក្ស​ប្រជាជន ឬ​ខាង​រាជរដ្ឋាភិបាល ឬ​ខាង​បក្ស​ប្រឆាំង​ទេ។ ...ដូច​ជា​រឿង​ខ្លះ​អត់​ទាន់​ស្ដាប់​ខ្ញុំ​និយាយ ពីព្រោះ​ទូរទស្សន៍ និង​វិទ្យុ​អត់​ទាន់​ចាក់​ផ្សាយ ធ្វើ​អត្ថាធិប្បាយ​អ៊ីចឹង​ទៅ លេង​ទៅ... រួច​ហើយ​អ្នក​សរសេរ​នោះ​ក៏​អញ្ចឹង​ដែរ ខ្ញុំ​មើល​សារព័ត៌មាន...។ “ខ្ញុំ​និយាយ​ដាក់​ទូរទស្សន៍ គេ​ចាក់​ផ្សាយ​គ្រប់​ទូរទស្សន៍ កោត​តែ​សរសេរ​ខុស​កើត។ អ៊ីចឹង​បាន​ជា​ខ្ញុំ​គ្រាន់​តែ​ផ្ដល់​មតិ​ទេ សារព័ត៌មាន​បែប​ហ្នឹង​លែង​មាន​តម្លៃ”។
 
សម្តេច​តេជោ​មាន​ប្រសាសន៍បញ្ជាក់​ថា រឿង​អី​ដែល​អ្នកសារព័ត៌​មាន​ចង់​បាន អ្នក​នាំពាក្យ​ត្រូវ​តែ​ផ្តល់​ហើយ ប៉ុន្តែ​បើរឿង​អីដឹង​មិនច្បាស់​មិន​ចាំបាច់​និយាយ​ទេ។ “បើ​មិន​ច្បាស់​ព័ត៌មាន​ហ្នឹង​ខ្ញុំអត់​ទាន់ទទួល​បាន​ទេ ដូច្នេះ​ខ្ញុំក៏មិនទាន់​ធ្វើ​អធិប្បាយ​បាន​ទេ សុំ​ប៉ុណ្នឹងបានទេ​អ្នក​នាំពាក្យ ទាំង​ឡាយ​អើយ ហើយ​អ្នកមា​នខ្លះមិន​ទាន់ដឹង​ខ្យល់​អីផង​ក៏​និយាយ…អីចឹង​យើង​ត្រូវ​ម៉ត​ចត់ អំពី​ប្រភព​ព័ត៌មាន យើង​និយាយ​ចេញ​ក៏ត្រូវ​ប្រយ័ត្ន យើងទ​ទួលព័ត៌​មាន​ពី​គេ​ ក៏ត្រូវ​ប្រយ័ត្ន​ឆែក​មើល​ឲ្យ​បាន​សព្វ​គ្រប់ បើមិន​ចឹ​ងផ្អែក​ទៅព័ត៌មាន​ហើយ ធ្វើ​ប្រតិកម្ម​ទៅ​ងាប់។  យើង​គោរព​សេរី​ភាព​សារព័ត៌មាន យើ​ងឲ្យតម្លៃសារព័ត៌​មាន ប៉ុន្តែត្រូ​វឆែក​មើល​តើដូច​អ្វីពិត​ប្រាកដ​ដែល​គេចុះ​ផ្សាយ​ដែរ​ ឬអត់ ព្រោះ​វាជាជំនួយ​មួយ​ផ្នែក​ឲ្យយើ​ង ហើយតា​មរយៈ​នោះយើ​ង ចាប់​ផ្តើម​ធ្វើការ​ស្រាវ​ជ្រាវ”។
 
ទាក់​ទង​នឹង​ការវាយ​តម្លៃព័ត៌មាន​ខុសដែលជា​ កត្តា​នាំឲ្យ​អន្តរាយ សម្តេច​តេជោ​បាន​ធ្វើការ​រំលឹក​ឡើង​វិញ អំពីភាព​ជាប់គាំង​នយោបាយ​កាល​ពីឆ្នាំ ២០០៣-២០០៤ ដែល​ពេល​នោះ គណ​បក្ស​ពីរចង​សម្ព័ន្ធ​ភាព​នឹងគ្នា គេ​បានវាយ​តម្លៃថា គណបក្ស​ប្រជាជន​កំពុង​បែក​បាក់ ហើយ​សម្តេច ហ៊ុន សែន ត្រូវ​បានគណ​បក្សផ្តួល​រលំ ប៉ុន្តែផ្ទុយ​ទៅ​វិញ គណបក្ស​ប្រជាជន មិន​បាន​បែក​បាក់​នោះទេ បែរ ជា​គណបក្សសម្ព័ន្ធ​ភាពទាំង​នោះ បែក​ដោយ​ខ្លួន​ឯង ហេតុដូ​ច្នេះហើ​យ គឺជា​វាយ​តម្លៃខុស​នូវ​សភាព​ការណ៍ ដែល កើតមានឡើង។
 
សម្តេចតេជោ​ក៏បាន​លើក​ឡើង​ផង​ដែរ​ពីករណី​ លោក ស៊ូរិន្ទ ពិតសុវណ្ណ កាលនៅ​ធ្វើ​ជារដ្ឋ​មន្រ្តីការ​បរទេស​ថៃ (អតីត​អគ្គលេខាធិការ​អាស៊ាន) ក្នុង​អំឡុង​ឆ្នាំ១៩៩៨ ដោយបាន​មកជម្រាប​សម្តេច​អំពីការ​សម្លាប់​អ្នក​នយោ​បាយ​នៅ​ក្នុង​ប្រទេស​ កម្ពុជា ដោយ​ផ្អែក​តាម​សារព័ត៌មាន។ ទាក់​ទងបញ្ហា​នេះ សម្តេចតេ​ជោ​បញ្ជាក់​ថា ការឡើង​តាម​សារព័ត៌មាន​នោះ មិន​មែន​ជារឿងល្អ​សម្រាប់​មេដឹកនាំ​ប្រទេស​មួយនោះ​ទេ ព្រោះ​ព័ត៌មាន​តាម​សារព័ត៌មាន ត្រូវ​បាន​សម្តេច​ចាត់​ទុកថា គ្រាន់តែ​ជា​សេចក្តី​រាយ​ការណ៍ព័ត៌មានតែប៉ុណ្ណោះ ប៉ុន្តែអ្វី​ដែលចាំបាច់នោះ គឺត្រូវ​ស្វែង​ប្រភព​ឱ្យ​បាន​ច្បាស់។
 
ឯកឧត្តម ស៊ុំ ម៉ាប់ នាយក​សាលា​ភូមិន្ទ​រដ្ឋបាល​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ចែក​សញ្ញា​ប័ត្រ ​នោះ​ដែរថា រយៈពេល​កន្លងមក​សាលា​ភូមិន្ទ​រដ្ឋបាល បាន​ធ្វើ​ការ​បណ្តុះបណ្តាល​សិស្ស​មន្ត្រី​ជាន់​ខ្ពស់​ចំនួន ៦ជំនាន់ ​ស្មើនឹង ២២៥នាក់ ​សិស្ស​មន្ត្រី​មធ្យមបាន ៣ជំនាន់ ​ស្មើនឹង ១៧៤ នាក់ ​សិស្ស​មន្ត្រី​ក្រមការ​បាន ៤ ជំនាន់​ស្មើនឹង ២២២ នាក់​ដោយ​ឆ្លងតាម​ការ​បណ្តុះបណ្តាល​ក្នុង​រយៈពេល ២ឆ្នាំ និង ១ ឆ្នាំ។ បច្ចុប្បន្ននេះ​ សាលាភូមិនន្ទរដ្ឋបាល​កំពុងបណ្តុះបណ្តាល​សិស្ស​មន្ត្រីជាន់ខ្ពស់​ជំនាន់​ទី៧ ចំនួន ៦០នាក់ និង​សិស្ស​មន្ត្រី​ក្រមការ​ជំនាន់​ទី៥ ចំនួន ៧១ នាក់​តាម​សេចក្តី​សម្រេច​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី។ គិត​មកដល់​ឆ្នាំ២០១៣ នេះ​ សាលា បាន​បើក​វគ្គ​វិ​ក្រិត​ការ​សុ​ក្រិត​ការ​ចំនួន ២០ វគ្គ​ដែល​មាន​សិក្ខាកាម​ចំនួន ៣៨៥នាក់។ ដោយ​ឡែក សម្រាប់​វគ្គ​វិ​ក្រិត​ការ​សុ​ក្រិត​ការ​មន្ត្រីជាន់ខ្ពស់​ និង​មន្ត្រី​មធ្យម​ឆ្នាំ២០១៣ នេះ​មាន​កម្ម​សិក្សា​ការី​ចំនួន ១៨០នាក់ ​ដែល​បាន​ចាត់តាំង​មកពី​ស្ថាប័ន​ក្រសួង​មន្ទីរ​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​ ទូទាំង​ប្រទេស៕