Friday, March 8, 2013

សម្តេច​​តេជោ​​អំពាវ​នាវ​​ឲ្យ​​គិត​​គូរ​​ដាក់​​បេក្ខភាព​​នារី​ក្នុង​​បញ្ជី​លេខ​រៀង​​ដែល​អាច​​ជាប់​​​ឆ្នោត


នៅ​ក្នុង​មិទ្ទិញ​ អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨ មីនា​ លើក​ទី១០២ ដែល​ប្រារព្ធ​ធ្វើ​នា​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៣ នៅ​វិមាន​សន្តិភាព សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ដោយ​មាន​វត្តមានចូល​រួម​ពីលោក​ជំទាវកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ផងដែរ បាន​អំពាវ​នាវ​ដល់​គ្រប់​គណ​បក្ស​ន​យោ​បាយ​ឲ្យ​គិតគូរ ​ក្នុង​ការ​​ដាក់​បេក្ខភាព​នារី​ឲ្យចូលឈរ​ឈ្មោះ សម្រាប់​ការ​បោះ​ឆ្នោត​សកល​ជ្រើស​រើស​សមាជិក​រដ្ឋ​សភា​សម្រាប់​នីតិកាល​ទី​៥ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ២០១៣ នា​ពេល​ខាង​មុខ​នេះ។
 
សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា ខ្ញុំសូម​អំពាវនាវ​ដល់​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ សូម​យក​ចិ​ត្ដ​ទុកដាក់ និង​គិតគូរ​លើ​បេក្ខភាព​ជា​នារី​នៅ​ក្នុង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ របស់​គណបក្ស និង​ពិចារណា​ដាក់​ស្ដ្រី​​នៅ​ក្នុង​លេខ​រៀងដែល​អាច​ជាប់ឆ្នោត និង​សូម​អំពាវនាវ​ផង​ដែរ​ដល់​បងប្អូន​ប្រជាជន​ទាំងអស់​ដែល​មាន​សិទ្ធិ និង​ឈ្មោះបោះឆ្នោត ជាពិសេស​បងប្អូន​ស្ដ្រី​សូម​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​ទាំងអស់​គ្នា ដើម្បី​ជ្រើស​រើស​​គណបក្ស​ដែល​ខ្លួន​ស្រ​ឡា​ញ់​ពេញ​ចិត្ដ ​និង​ទុក​ចិ​ត្ដ​។
 
នៅ​ក្នុង​សុន្ទរកថា ក្រៅ​ពី​ការជម្រុញឲ្យ​លើក​កម្ពស់​តួនាទី​របស់​ស្ត្រីក្នុង​ឆាក​នយោបាយ​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​​ដែរ​ អំពីការ​យក​ចិត្ត​ទុក​ដាក់​របស់រាជរដ្ឋាភិ​បាល​ក្នុង​ការ​លើក​ស្ទួយ​សិទ្ធិ និង​សុខុមាល​ភាព​ សុវត្ថិភា​ព​របស់នារី​នៅ​ក្នុង​សង្គម។ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ថា រាជ​រដ្ឋាភិបាល​​បាន​យក​ចិត្ដ​ទុកដាក់​​ក្នុង​ការ​ពង្រឹងការអនុវត្ដ​ច្បាប់​ ការងារ​ដើម្បី​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​កម្មករ និយោជិត និយោជក និង​ពង្រីក វិសាល​ភាព​នៃ​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​ ការងារ តាមរយៈ​សកម្ម​ភាពនៃ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស្ដ្រី​នៅ​តាម​រាជ​ធានី-ខេត្ដជាដើម។ ទាក់ទង​នឹង​អំពើ​ហិង្សាទៅលើ​ស្ត្រី សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា រាជ​រដ្ឋាភិបាល​បាន​ចាត់​ទុក​​អំពើ​ហិង្សា​ជា​បទល្មើស​ ត្រូវ​ផ្ដន្ទា​ទោសដោយ​ច្បាប់​ព្រម​ទាំង​បាន ​និង​កំពុង​ពង្រឹង​ការ​អនុវត្ដ​បទ​ប​ញ្ញត្ដិ​នានា សំដៅ​ការពារ​សិទ្ធិ និង​ផល​ប្រយោ​ជន៍​របស់​ស្ដ្រី និង​ជំរុញ​ការ​ផ្ដល់​សេវាកម្ម​ច្បាប់ និង​សង្គមកិច្ច ជូន​ជនរងគ្រោះ​ឱ្យ​ទាន់​ពេល​វេលា។ ក្នុង​ន័យ​នេះ ការ​អនុវត្ដ​គោល​នយោបាយ​ភូមិ-ឃុំមាន​សុវត្ថិភាព គឺ​ពិតជា​បាន​រួម​ចំណែក​យ៉ាង​ពិត​ប្រាកដ​ក្នុង​ការ​ពង្រឹង​សណ្ដាប់​ធ្នាប់​ សង្គម និង​ធានា​សុវត្ថិភាព​ជូន​ប្រជាជន​ជាពិសេស ស្ដ្រី និង​លើកកម្ពស់​សីលធម៌​សង្គម​តម្លៃ​ស្ដ្រី និង​គ្រួសារ​ខ្មែរ។ កន្លងមកនេះ រាជ​រដ្ឋា​ភិបាល​បាន​បន្ដ​ខិតខំ​ប្រឹងប្រែង​ពង្រឹង​ឥត​ឈប់​ឈរ​នូវ​ស្ថានភាព និង​តួនាទី​ដ៏​សំខាន់របស់​ស្ដ្រី​ក្នុង​សង្គម សំដៅ​លើកកម្ពស់​ការ​ចូល​រួម​របស់​ស្ដ្រី​ឱ្យ​កាន់តែ​សកម្ម និង​ទូលំទូលាយ​ថែម​ទៀតក្នុង​គ្រប់​កិច្ចការ ដើម្បី​ឱ្យ​សង្គមជាតិ​ទាំងមូល​មើល​ឃើញ​​កាន់​តែ​ច្បាស់​អំពី​តួនាទី និង​គុណ​តម្លៃ​ដ៏​ចាំបាច់​របស់​ស្ដ្រី​​ក្នុង​ការ​រួម​ចំណែក​ថែរក្សា​ការពារ កសាង និងអភិវឌ្ឍ​មាតុភូមិ​កម្ពុជា ឆ្ពោះ​ទៅ​រក​វឌ្ឍនភាព និង​វិបុលភាព។
 
សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា រាជរដ្ឋាភិបាល​មិន​ត្រឹមតែ​បាន​យក​ចិ​ត្ដ​ទុកដាក់​ក្នុង​ការ​លើកកម្ពស់​ សមភាព​យេនឌ័រ និង​តួនាទី​របស់​ស្ដ្រី ក្នុង​វិស័យ​សេដ្ឋកិច្ច ដោយ​បាន​ជំរុញ​ការ​អនុវត្ដ​យុទ្ធសាស្ដ្រ បញ្ជ្រាប​យេនឌ័រ​ក្នុង​ផែនការ​យុទ្ធសាស្ដ្រ និង​ផែនការ​សកម្មភាព​នៃ​ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​ពង្រីក​លទ្ធភាព​របស់​ស្ដ្រី និង​កុមារី​នៅ​ជន​បទ​ឱ្យ​ទទួល​បាន​ឱកាស​ចូលរៀន​នៅ​កម្រិតមធ្យមសិក្សា​ ទុតិយភូមិ ឧត្ដមសិក្សា និង​ការ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ឱ្យ​កាន់តែ​ច្រើន​ឡើង និង​ថែមទាំងទទួល​បាន​នូវ​សេវា​សុខាភិបាល ប្រកប​ដោយ​គុណភាព និង​ធានា​ឱ្យ​មាន​ការ​ការពារ​ខាង​ផ្លូវច្បាប់​ដ៏​មុតមាំ​ទៀត​ផង។ រាជ​រដ្ឋា​ភិ​បាល​ក៏បាន​យក​ចិ​ត្ដ​ទុកដាក់​លើ​ការ​បង្កើន​សមាមាត្រ​នៃ​ ការចូលរួម​របស់​ស្ដ្រី នៅ​គ្រប់​កម្រិត​ឱ្យ​បានជា​អតិបរមាក្នុង​ស្ថាប័ន​ជាតិ និង​អង្គការ​សង្គម​ផ្សេងៗ សំដៅ​ពង្រីក​លទ្ធភាព​ឱ្យស្ដ្រី​បាន​ចូល​រួម​កាន់តែ​សកម្ម និង​ទូលំទូលាយ​ថែមទៀត នៅ​ក្នុង​តួនាទី​កសាង​ផែនការ​អភិវឌ្ឍ​អភិ​បាលកិច្ច និង​ធ្វើ​សេចក្ដី​សម្រេច​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ។ ជាមួយ​នេះ​រាជ​រដ្ឋាភិ​បាល​បាន​ជំរុញ យ៉ាង​ខ្លាំង​ក្លា​ចំពោះ​កម្មវិធី​អប់រំ​សីលធម៌​សង្គម​តម្លៃ​ស្ដ្រី និង​គ្រួសារ​ខ្មែរ​ក្នុង​ចំណោម​យុវជន​យុវនារី​ក្នុងគោលដៅ​ពង្រីក​វប្បធម៌​ អហិង្សា និង​កសាង​សង្គម​គ្រួសារ​ និង​សហគមន៍​ដែល​ប្រកប​ដោយ​សុភមង្គល។
 
សម្តេច​តេ​ជោ​បាន​ធ្វើការអំពាវនាវ​ដល់​ គ្រប់​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍​ជាតិ និង​អន្ដរ​ជាតិ និង​សង្គម​ស៊ីវិល​ទាំងអស់​ឲ្យ​បន្ដ​លើក​កម្ពស់​កិច្ចសហការ​ល្អ និង​រួមគ្នា​ជំរុញការ​អនុវត្ដ​ឱ្យ​មាន​ប្រសិទ្ធភាព​នូវ​គោល​នយោ​បាយ​សមភាព​ យេនឌ័រ​របស់​រាជរដ្ឋាភិបាល ដើម្បី​ពន្លឿន​ការ​ឈាន​ទៅ​​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ របស់​កម្ពុជា។ បន្ដ​ផ្សព្វ​ផ្សាយ និង​បំផុសចលនា​ប្រជាជន យុវជន និង​យុវនារី​ឱ្យ​ចូល​រួម​ជាមួយ​អាជ្ញាធរមូលដ្ឋាន​ក្នុង​ការ​អនុវត្ដ​គោ​លន​ យោបាយ​ភូមិ-ឃុំ ​មាន​សុវត្ថិភាព លើកកម្ពស់​សីលធម៌​សង្គម ថែរក្សា ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និង អារ្យធម៌​ដ៏​ល្អ​របស់​ដូនតា​យី​ង ចៀសវាង​ឱ្យ​ផុត​ពី​គ្រឿង​ញៀន អំពើ​អនាចារ​គ្រប់​ប្រភេទ អំពើ​ហិង្សាក្នុង​គ្រួសារ និង​សង្គម និង​ការរើសអើង​គ្រប់​ប្រភេទ​ចំពោះ​ស្ដ្រី ព្រមទាំងលើកកម្ពស់​វប្បធម៌​ចែករំលែក ដូចជា ការ​គិតគូរ​ដល់​មនុស្ស​ចាស់​គ្មាន​ទីពឹង និង​ជន​ពិការ​ជាដើម។ល។ ការ​អនុវត្ដ​គោលនយោបាយនេះ ជាប្រចាំ​នឹង​ជួយ​បង្កើន​នូវ​សន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់​សង្គម ដែល​ជា​​កត្ដា​ចម្បង ដើម្បីធ្វើ​ឱ្យ​​ស្ដ្រី​អាច​រស់​នៅ​មាន​សុវត្ថិភាព និង​សុភមង្គល​នៅ​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស។ បន្ដ​អភិវឌ្ឍ​ធនធាន​ស្ដ្រី និង​បុរស​ឱ្យ​យល់ដឹង​អំពី​សិទ្ធិ តួនាទី ការទទួលខុសត្រូវ និង​កាតព្វកិច្ច​របស់​ខ្លួន ព្រមទាំង​បន្ដ អប់រំ​ស្ដ្រី​ឱ្យ​មាន​ចំណេះដឹង​កម្រិត​ខ្ពស់ និង​មាន​ជំនាញ​វិជ្ជាជីវៈ​ឱ្យ​បាន​សមស្រប​ទៅតាម​តម្រូវ​ការ​ទីផ្សារ ដើម្បី​ស្វែងរក​ការងារ​ឱ្យ​បាន​សមរម្យ​មាន​ប្រាក់​ឈ្នួល​ខ្ពស់ ឬ​បង្កបង្កើនផល និង​បង្កើត​ធុរកិច្ច​វិ​និយោគ​ខ្នាត​តូច​ឬ​មធ្យម​របស់​ខ្លួន ដែល​ធ្វើឱ្យ​សេដ្ឋកិច្ច​គ្រួសារ​មាន​លក្ខណៈ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត។ បន្ដ​អប់រំ​ស្ដ្រី​ឱ្យ​យក​ចិ​ត្ដ​ទុកដាក់​ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន និង​គ្រួសារ និង​មាន​អនាម័យ​ក្នុង​ការ​រស់នៅ ធានា​បរិស្ថាន​ស្អាត​ល្អ ដើម្បី​គេច​ចៀស​ពី​ជំងឺឆ្លង ដែល​នាំឱ្យ​ខាតបង់​ប្រាក់កាស​ពេលវេលា និងកម្លាំង​ផលិតកម្មនៅ​ក្នុង​គ្រួសារ និង​ក្នុង​សង្គម។
 
សម្តេច​តេជោ​មានប្រសាសន៍ថា ក្រសួង​កិច្ចការ​នារី និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ បន្ដ​ពង្រីក​ការ​ផ្ដល់​សេវា​សាធារណៈ​របស់​ខ្លួន ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​ថែមទៀត​ឆ្លើយតប​ទៅ​នឹងតម្រូវការ​របស់​ក្រុម​គោលដៅ ​ងាយ​រងគ្រោះ​នានា ដូចជា​ស្ដ្រី​ពិការ​ជន​ចាស់ជរា​ទី​ទាល់​ក្រ ស្ដ្រី​មេម៉ាយ ដែល​ក្រីក្រ ដើម្បី​ឱ្យ​បងប្អូន​អាច​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ខ្លួន​បាន​កាន់តែ​ ប្រសើរ។
 
លោក​ជំទាវ ​វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី មានប្រសាសន៍ថា ដូចជា​រៀងរាល់​ឆ្នាំ​ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​នារី​អន្តរជាតិ៨មីនា គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​បុព្វហេតុ​ដំបូង​ដើម្បី​រំលឹក​អំពី​ការ​តស៊ូ​ របស់​ស្ត្រី ឲ្យ​ទទួល​បាន​នូវ​ការ​គោរព​សិទ្ធិ និង​ការ​ទទួល​ស្គាល់​នូវ​តម្លៃ នៃ​ការចូលរួម​ដោយ​ស្មើភាព ក្នុង​ការ​អភិវឌ្ឍ​គ្រួសារ និង​ប្រទេសជាតិ។ តាមរយៈ​ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​នារី​អន្តរជាតិ៨​មីនា​ខួប​ អនុស្សាវរីយ៍​លើកទី​១០២ ក្រសួង​កិច្ចការ​នារី​ និង​គណៈកម្មការ​រៀបចំ​បាន​សម្រេច​លើក​យក​ ប្រធានបទ​មួយ​សម្រាប់​ឆ្នាំ២០១៣ នេះ​ពាក់​ព័ន្ធនឹង​ការ​បន្ត​បង្កើន​សក្តានុពល​របស់​ស្ត្រី​ គឺ​សិទ្ធិស្មើគ្នា​ ឱកាស​ដូចគ្នា ​ដើម្បី​ពន្លឿន​កិច្ច​អភិ​វឌ្ឍន៍ ​ក្នុង​គោលបំណង​ជំរុញ​ការ​កែលម្អ​ផ្នត់គំនិត​សង្គម ដែលមាន​ទៅលើ​ស្ត្រី​ និង​បុរស ដើម្បី​លើកកម្ពស់​តម្លៃ​របស់​មនុស្ស សិទ្ធិ​និង​ឱកាស​ចូលរួម​ដូចគ្នា​ក្នុង​កិច្ច​អភិវឌ្ឍន៍​ប្រទេស។