Thursday, March 28, 2013

សេចក្តី​បំភ្លឺ៖ អង្គភាព​​ព័ត៌មាន និង​​ប្រតិកម្ម​​រហ័ស ទាក់​ទង​អត្ថបទ ដែល​​​បាន​​សរសេរ​ដោយ​​លោក Richard Baker និង​លោក Nick McKenzie

អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី មាន​ការ​ភ្ញាក់​ផ្អើល និង​ស្រងាក​ចិត្ត​យ៉ាង​ខ្លាំង ដោយ​សារភាព​ខ្វះខាត​នៃ​វិជ្ជាជីវៈ នៃ​​អត្ថបទរបស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ ចំនួន ដែល​ក្នុង​នោះ​មាន​អត្ថបទ​មួយដែល​មាន​ចំណង​ជើង​ថា “នាយករដ្ឋមន្រ្តីកម្ពុជាបានជាប់ពាក់ ព័ន្ធទៅនឹង​​ការចរចា​ ” ដែល​​បាន​សរសេរ​ដោយ​លោក Richard Baker និងលោក Nick McKenzie។ បណ្តាញផ្សព្វ​ផ្សាយ​ព័ត៌មាន​ទាំងនេះ បានផ្សាយ​ព័ត៌មាន​មិនពិត ដោយ​មានគោល​បំណង​ទុច្ចរិតយ៉ាង​ច្បាស់​ក្រឡែត​ ដើម្បី​បំផ្លើស​ការពិត សំដៅបំផ្លាញ​កេរ្តិ៍ឈ្មោះរបស់​ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា  ដែល​ពាក់​ព័ន្ធ​នឹង​ករណី​ក្រុមហ៊ុន​ BHP Billiton ដែល​ជាក្រុមហ៊ុន​សាជីវកម្ម​រុករករ៉ែអូស្រ្តាលី​ធំជាងគេ​បំផុតលើ​ពិភពលោក។
 
អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ មាន​កាតព្វកិច្ច​​​ជម្រាប​ជូនដល់​​សាធារ​ណ​ជន​ជាតិ ​​និង​អន្តរ​ជាតិ​ នូវការពិត​ដែល​​លាត​ត្រដាង​អំពីការភូតភរ​របស់​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខាង​លើ ​ និង សូម​​បកស្រាយបំភ្លឺចំពោះការចោទប្រកាន់​ទាំង​អស់​​ ប្រឆាំង​នឹង​ សម្តេចតេជោ ហ៊ុន សែន ពាក់​ព័ន្ធ​នឹង​ករណី​អំពើ​​ពុក​រលួយជាមួយក្រុមហ៊ុន BHP។
 
១. គួរកត់​សម្គាល់​ថា សម្តេច​តេជោ ហ៊ុន សែន តែង​តែចំណាយ​ពេល​វេលា​ជួប​ជាមួយ​វិនិ​យោគិន​នានា ដែល​ចាប់​អារម្មណ៍​ក្នុងការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា និង​ដែល​មាន​បំណង​ចង់​ជួប​សម្តែងការ​គួរសម ឬជម្រាប​ជូន សម្តេច អំពីទិដ្ឋភាព​ផ្សេងៗ​នៃការ​វិនិ​យោគ​បរទេស ឬក្នុង​ស្រុក។ ជំនួប​បែប​នេះ មិន​គួរ​ត្រូវ​បាន​គិត​ថា ជាការ​គាំទ្រ​មិន​ប្រក្រតី​ចំពោះ​ក្រុម​ហ៊ុន BHP នៅពេល​ដែល​សម្តេច​តេជោ បាន​ទទួល​ជួប​ថ្នាក់ដឹក​នាំក្រុម​ហ៊ុន BHP ដែល​បាន​មកធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស កម្ពុជាទេ ប៉ុន្តែនេះ​ជា​ផ្នែកមួយ​នៃការងារ​របស់​ សម្តេចតេជោ​ ដើម្បី​​លើក​ទឹកចិត្ត​ដល់​ការវិនិយោគ។
 
          ២. កិច្ច​ព្រម​ព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ក្រុមហ៊ុន BHP តម្រូវ​ឱ្យ​ក្រុម​ហ៊ុន​អូស្ត្រាលី នេះ​​​ ផ្តល់​មូលនិធិ​សង្គម​ចំនួន ២,៥លាន​ដុល្លារ​អាមេរិក ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា ជាបី​ដំណាក់ កាល៖ ក្នុង១៨​ខែ​ដំបូង ចំនួន ០,៥លាន​ដុល្លារ​អាមេរិក ​នៅ២ឆ្នាំ​បន្ទាប់​ចំនួន ១លាន​ដុល្លារ​អាមេរិក និង​នៅ២ឆ្នាំ​បន្ទាប់​ទៀត​នៃ​សកម្មភាព​រុករក​រ៉ែ​ចំនួន ១លាន​ដុល្លារ​អាមេរិ​កទៀត។ តាម​ការ​ពិត ក្រុមហ៊ុន BHP បានផ្តល់​មូលនិធិសង្គម​បាន​តែ​ចំនួន​សរុប ១,៥លាន​ដុល្លារ​អាមេរិក តែ​ប៉ុណ្ណោះ ពីព្រោះ​ក្រុមហ៊ុន BHP បាន​សម្រេច​ចិត្តដក​ការវិនិយោគ​របស់​ខ្លួនវិញ ក្រោយ​រយៈ​ពេល​៣ឆ្នាំកន្លះ ដែល​នោះ​ គឺនៅ​ដំណាច់​ដំណាក់​កាលទីពី​រនៃការ​សិក្សា​សមិទ្ធិ​លទ្ធភាព​បឋម (នៅឆ្នាំ២០០៩)។ ប៉ុន្តែក្រុមហ៊ុន BHP បានផ្តល់​ប្រាក់តែចំនួន ១,៣៥លាន​ដុល្លារ​អាមេរិក ប៉ុណ្ណោះ ទៅក្នុងគណនី ថវិការបស់​រាជរដ្ឋា​ភិបាល​កម្ពុជា (ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ)។ ដោយ​មាន​ការឯកភាព​ពីរាជ រដ្ឋាភិបាល​កម្ពុជា ទឹក​ប្រាក់​ដែលនៅសល់​ ១០%​ នៃ១,៥លានដុល្លារអាមេរិក ឬ១៥០.០០០ដុល្លារ អាមេរិក បានត្រូវរក្សា​ទុក​និង​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន BHP ផ្ទាល់ សម្រាប់ដោះស្រាយ​ផលប៉ះ ពាល់​​សង្គម​ និង​បរិស្ថាននៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី​ ដែល​ជា​ទីតាំង​រុករក​រ៉ែ​។
 
          ៣. យោងតាម​អត្ថបទ​ខាង​លើ មន្រ្តី​រាជរដ្ឋាភិបាល​មួយរូប ​​​ត្រូវ​បានគេស្រង់សំដីរបស់គាត់​ដែល​បាន​និយាយ​ថា​ រាជរដ្ឋាភិ​បាលកម្ពុជា​បានទទួល​នូវអ្វីដែល​គេហៅថា “ប្រាក់​ទឹកតែ” ចំនួន ២,៥លាន​ដុល្លារ​អាមេរិក ពី​ក្រុមហ៊ុន BHP។ ចំនួន​ទឹក​ប្រាក់​ដែល​លើកឡើង​នេះ តាមកា​រពិត​គឺ សំដៅ​ទៅលើ “មូលនិធិសង្គម” ដែល​ត្រូវ​បាន​រំពឹងទុក​ដូច​ដែល​មានចែងនៅ​ក្នុង​កិច្ចព្រមព្រៀង។ ក៏ប៉ុន្តែគួរឱ្យ​សោក​ស្តាយ​ បណ្តាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មួយចំនួន​បាន​ប្រើប្រាស់​ពាក្យ “ប្រាក់​ទឹកតែ” ​គឺជា​​ប្រាក់​សំណូក។
 
៤. ក្រុមហ៊ុន BHP បាន​ទទួល​អាជ្ញាបណ័្ណ​ក្នុងការ​រុករ​ករ៉ែប៉ុក​ស៊ីត​លើផ្ទៃដី ៩៩.៦០០​ហិកតា ដូច​បាន​ចែង​នៅក្នុង​កិច្ច​ព្រម​ព្រៀង មិនមែន​លើផ្ទៃដី “១លាន​ហិកតា” ដែល​បាន​បញ្ជាក់​នៅក្នុង អត្ថបទ​សារព័ត៌មាន​នោះឡើយ។
 
៥. វាជាការ​ប្រឌិត និងបំភ្លៃ​ការពិត​នៅពេល​ដែល​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ចំនួន បាន​អះអាង​ថា ការដក​ខ្លួន​របស់​ក្រុមហ៊ុន BHP បាន​ធ្វើឡើង​ភ្លាមៗ​បន្ទាប់​ពីមាន​ការ​ចេញផ្សាយ​របាយ​ការណ៍​​មួយរបស់​ អង្គការ Global Witness ស្តីពី “ការបាត់​បង់ទឹក​ប្រាក់ ៣,៥លាន​ដុល្លារ អាមេរិក” នោះ។ តាមការ​ពិត ដោយ​ផ្អែក​លើការ​វិភាគ​យ៉ាង​ល្អិត​ល្អន់​របស់​ក្រុមហ៊ុន BHP ក្រុមហ៊ុន បាន​ពន្យល់​យ៉ាង​ច្បាស់​​​​អំពីមូលហេតុ​នៃការ​ដក​ខ្លួនរ​បស់​ក្រុម​ហ៊ុន ដែល​ហេតុ​ផល​មួយ​ក្នុង​ចំណោម​ហេតុ​ផល​ដទៃ​ទៀត​នោះ​គឺ កំណប់​រ៉ែបុកស៊ីតមាន​បរិមាណ​មិនគ្រប់​គ្រាន់​សម្រាប់​ធ្វើ អាជីវកម្ម​ដែល​ធ្វើឱ្យ​គម្រោង​នេះពុំមាន​ផល​ចំណេញ​សេដ្ឋកិច្ច។
 
៦. អត្ថបទ​ខាងលើ​ ក៏សរសេរ​មិន​ត្រឹម​ត្រូវត្រង់​ចំណុចមួយ​ទៀត  ដោយ​ហេតុថា ​លោក​មេធាវី Bretton Sciaro​ni មិន​បាន​ធ្វើ​ជាតំណាង​ឱ្យ​ក្រុម​ហ៊ុន​​ BHP ឬ​ក៏រាជ​រដ្ឋាភិបាល​កម្ពុជាទេ​​ ហើយ​ក៏មិន​បាន​ពាក់ព័ន្ធ​នៅក្នុង​គម្រោង​នេះដែរ។
 
អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃទីស្តីការ​គណៈ​រដ្ឋមន្រ្តី សម្តែង​នូវការ​សោកស្តាយ​និង​បដិសេធ​​ចំពោះគោល​បំណង​អាក្រក់ និង​ការបំភ័ន្ត​ព័ត៌មាន​បែបនេះ​ដោយ​បណ្តាញ​ផ្សព្វផ្សាយ​ ព័ត៌​មាន​មួយ​ចំនួន ​ក្នុង​ន័យប៉ុន​ប៉ង​បង្ខូច​កេរ្តិ៍ឈ្មោះ​របស់ សម្តេចតេជោ នាយក​រដ្ឋមន្រ្តី នៃរាជរដ្ឋា ភិបាល​កម្ពុជា ជាប់​ពាក់ព័ន្ធនឹងករណី​​​​ចោទ​ប្រកាន់​អំពី​អំពើ​ពុករលួ​យជា​មួយ​ក្រុមហ៊ុន BHP នៅ មុនពេល​ដែល​នឹង​ឈាន​​ដល់​ការបោះឆ្នោត​សកលនៅកម្ពុជា​។ ទោះ​ជាយ៉ាងណាក្តី​ ព័ត៌មានដែល ​បំភ្លៃ​ការ​ពិត​ទាំង​នេះ​​​នឹង​​មិន​អាច​រារាំង​​ដល់​ការប្តេជ្ញាចិត្ត​ ដ៏រឹងមាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ ទាក់ទាញ​វិនិយោគ​ទុន​បន្ថែម​ទៀត ទាំង​ក្នុង​​​ប្រទេ​ស និង​ក្រៅ​ប្រទេស ដែលមានសារៈសំខាន់បំផុត ​សម្រាប់ការ​អភិវឌ្ឍ កំណើន​សេដ្ឋកិច្ច និងការ​កាត់​បន្ថយភាព​ក្រីក្រ​របស់ប្រជាជន។
 
រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ២០១៣
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស
នៃទីស្តីការគណៈរដ្ឋមន្រ្តី