Thursday, March 28, 2013

មន្ត្រី​​ជំនាញ​ព្រំដែន៖ បញ្ហា​ព្រំដែន​​ជា​​បញ្ហា​​អធិប​តេយ្យ​ភាព​និង​សន្តិសុខ​​ជាតិ

 
ឯកឧត្តម ផៃ ស៊ីផាន រដ្ឋ​លេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ទីស្តីការគណៈ​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍ឲ្យ​ ដឹង​​ថា បញ្ហាព្រំដែន​ជា​បញ្ហា​អធិបតេយ្យ​ភាព និង​សន្តិ​សុខ​​ជាតិ ​មិន​ត្រូវ​លើក​យក​មក​បញ្ចេញ​មតិ​យោបល់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​​នោះ​ទេ។ ឯកឧត្តម ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​បែប​នេះ នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​ ស្តីពី​ព្រំដែនជា​បញ្ហា​អធិបតេយ្យ​ភាព និង​សន្តិសុខ​ជាតិ នា​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៣ នៅ​វិមាន​មិត្ត​ភាព ​ទីស្តីការគណៈរដ្ឋមន្ត្រី​។
 
ឯកឧត្តម​ ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​​ថា បញ្ហា​ព្រំដែន​មិន​មែន​ជា​បញ្ហា​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិយោបល់ ​ ឬសិទ្ធិ​សារព័ត៌មាន​នោះ​ទេ ដោយសារ​យើង​ឈរ​ទៅ​លើចំណុច​​​ចំនួន​ពីរ​​សំខាន់ៗ។ ទី១,​ឈរ​ទៅ​លើ​អនុ​ភាព​ការ​ប្រឹង​ប្រែង​របស់អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​ កិច្ច​ការ​ព្រំដែន​។ ទី២,ឈរ​ទៅ​លើ​កង​ការ​ពារ​ជាតិ​​នៃ​កងខេមរភូមិន្ទ កង​នគរបាល​ព្រំដែន ដែល​កំពុង​បំពេញ​ភារកិច្ច​យ៉ាង​សស្រោក​សស្រាំ​ ហ៊ាន​​បូ​ជា​ជីវិត​ការ​ពារ​អធិបតេយ្យ​ភាព​ជូន​ព្រះ​រាជា​ណា​ចក្រកម្ពុជា។
 
ឯកឧត្តម ផៃ ស៊ីផាន បាន​គូស​បញ្ជាក់​ថា រឿងព្រំដែនកម្ពុជា-ថៃ ជា​ព្រំដែន​មួយ​ស្របតាម​ស្មារតី​នៃ​អនុ​ស្សារ​ណៈ​នៃការយោគយល់​គ្នា​ឆ្នាំ​ ២០០០ គឺ​យើង​ឈរ​ទៅ​លើ​សន្ធិសញ្ញា អនុ​សញ្ញា​​ឆ្នាំ១៩០៤ ឆ្នាំ១៩០៧ និង​ការ​ផលិត​ផែន​ទី​ឆ្នាំ១៩០៨។ “ព្រំដែន​របស់​កម្ពុជានិង​ថៃ ជា​ព្រំដែន​មាន​ស្រាប់​ ស្ថិរភាព ជា​ព្រំដែន​ស្ថាពរ”។
 
ទាក់​ទង​ទៅនឹង​វិទ្យុ​បរទេស​មួយ​ដែល​ផ្សាយ​ ជា​ខេមរភាសា​បាន​​និយាយ​ថា ព្រំដែនស្រុក​សំឡូត ខេត្ត​បាត់ដំបង ត្រូវ​បាន​ថៃ​រំកិល​យក​ជាង​១០គីឡូម៉ែត្រ​នោះ លោក​ជំទាវបណ្ឌិត កុយ ពិសី អនុប្រធាន​នៃលេខាធិការដ្ឋាន​អចិន្ត្រៃយ៍នៃ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ច ​ការ​ព្រំដែន​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​បញ្ចេញ​ប្រតិកម្ម​ឆ្លើយ​តប​ថា ប្រ​សិន​បើ​រាជរដ្ឋាភិបាល​កម្ពុជា ​ធ្វើការ​ដូច​ដែល​លោក​​អ្នក​សារព័ត៌មាន​ឯករាជ្យមួយ​ចំនួន​ គិត​ស្រ​មើល​​សម្រៃ​នោះ យើង​ប្រាកដ​ជា​ជួប​នូវ​គ្រោះ​មហន្តរាយ​ជា​មិន​ខាន​។
 
លោកជំទាវ កុយ ពិសី បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ​​រាជរដ្ឋាភិបាល​ ក្រោម​ការ​ណែ​នាំ​របស់​សម្តេច​តេជោនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ធ្វើ និងអ្វី​​ដែល​ឯកឧត្តម​បណ្ឌិ​សភាចារ្យ​ សុខ អាន ឧបនាយករដ្ឋមន្ត្រី ដែល​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរជាតិ​ទទួល​កិច្ច​ការ​ព្រំដែន លោក​បានធ្វើ​គឺ មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង និង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុតក្នុង​ការ​កសាង​ព្រំដែន​កម្ពុជា​ ជាមួយ​នឹង​ប្រទេស​ជិត​ខាង​ទាំង​៣ មិន​មែន​​ធ្វើ​ព្រំដែន​តែ​ជាមួយ​ប្រទេស​ថៃនោះទេ គឺ​យើង​ធ្វើ​ទាំងជាមួយ​​ប្រទេស​ឡាវ និងប្រទេស​វៀត​ណាម​ផង​ដែរ។ នេះគឺ​ជា​ការ​ខិត​ខំ​ប្រឹង​ប្រែងយ៉ាង​ពេញ​ទំហឹង​របស់​រាជ​រដ្ឋាភិបាល​ នៅ​ក្នុង​ការ​កសាង​ព្រំដែន​​កម្ពុជា​​ឲ្យ​ទៅ​ជា​ព្រំដែន​សន្តិភាព​ មិត្ត​ភាព​ សហ​ប្រតិបត្តិការ និង​ការ​អភិវឌ្ឍន៍។
 
លោក​ជំទាវ កុយ ពិសី មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការកំណត់​ទីតាំង​បង្គោល​ព្រំដែន​កម្ពុជា-ថៃ​ គឺ​យើង​ធ្វើ​ទៅ​តាម​ឯក​សារ​ ដែល​បន្សល់​ទុក​ដោយ​អាណា​និគម​បារាំង តាម​អនុ​សញ្ញា​ឆ្នាំ១៩០៤ សន្ធិសញ្ញា​១៩០៧ និង MOU ឆ្នាំ​២០០០។ យើង​ក៏​មាន​បែប​បទបច្ចេក​ទេស​ឆ្នាំ​២០០៣ ដែល​ធ្វើ​ឲ្យ​ក្រុម​បច្ចេក​ទេស​យើង​យកឯកសារ​ទាំង​នេះ ទៅ​អនុវត្ត​នៅលើ​ដី​ជាក់​ស្តែង​។ លោក​ជំទាវ​បន្ត​ថា ​តួនាទីភារកិច្ច​របស់​គណៈកម្មាធិការ​ចម្រុះ​កិច្ច​ការ​ព្រំដែន​នា​ពេល​ បច្ចុប្បន្ន​នេះ គឺធ្វើ​ការ​ជា​មួយ​​ខាង​ថៃ ដោយ​មិន​បាន​កំណត់​ព្រំដែន​សារ​ជាថ្មី​នោះ​ទេ។ យើង​​មាន​ព្រំដែន​អន្តរជាតិ​ស្រប​ច្បាប់​រួច​ទៅ​ហើ​យ ​ដែល​ទទួល​ស្គាល់ដោយ​ប្រទេស​ទាំង​ពីរ​ និង​ឯកសារ​ទាំង​នេះ​ បាន​បន្សល់​ទុក​តាំង​ពី​សម័យ​អាណានិគម​និយម​បារាំង​មក​ម្ល៉េះ។ ដូច្នេះ​អ្នក​ដែល​និយាយ​ថា ​កម្ពុជា​បាត់​បង់​​ដី​ដោយ​សារ​តែ​ការ​រុក​រកបង្គោល​ព្រំដែន​បន្ថែម​ទៀត គឺ​ជាការ​លើក​ឡើង​ដែល​មិន​សម​ស្រប​ទាល់​តែ​សោះ។
 
លោក​ជំទាវ កុយ ពិសី បាន​រំលឹក​ថា ថ្មី​ៗនេះ (ថ្ងៃ២៧ មីនា) វិទ្យអាស៊ីសេរី ដែល​ផ្សាយ​ថា បង្គោ​​ល​​​ព្រំដែន​លេខ​៦៩ លេខ៧០ ត្រូវ​បាន​ថៃ​ទន្ទ្រាន​ចូល​នៅ​ក្នុង​តំបន់​នេះ។ តាម​ការ​​ពិត​ទៅ​ទីតាំង​នេះ(៦៩-៧០) ត្រូវ​បាន​គណកម្មាធិការ​ចម្រុះក្រុម​បច្ចេកទេស​​នៃ​ភាគី​ទាំង​ពីរ​ឯកភាព​លើ​ ​ទី​តាំង​នេះ​រួច​ទៅហើយ គឺ​ទីតាំងនេះ​ជា​ទីតាំង​ដែល​ឯកសារ​បាន​បង្ហាញ​ជូន​​នៅ​ក្នុង​អនុ​សញ្ញា​​ ១៩០៤ និង​ឆ្នាំ១៩០៧។
 
លោក​ជំទាវ​បន្ត​ថា ទាក់​ទង​នឹង​បង្គោល​ព្រំដែនលេខ៦៩ និង​៧០​នេះ យើង​បានធ្វើកិច្ចការ​នេះ​តាំង​ពី​ឆ្នាំ​២០០៨ ហើយភាគី​ទាំង​ពីរ​បាន​រក​ឃើញ​ទីតាំង​ពិត​ប្រាកដត្រូវ​​ទៅនឹងផែនទី​ដែល​​រៀប​ ចំ​ឡើង​ដោយ​គណៈកម្មាធិការ​ចម្រុះព្រំដែន​បារាំង-​សៀម ​នា​ឆ្នាំ​១៩០៨ ១៩០៩ ១៩០១៩ និង​១៩២០។ ដូច្នេះ​ពុំ​មានការ​ខិត​ព្រំដែន​ចូលមក​ក្នុង​ទឹក​ដី​កម្ពុជា​ប្រហែល​ជា​១០ គីឡូម៉ែត្រ ដូច​ការ​​​អះអាងរបស់​អ្នក​សារព័ត៌មាន និង​អ្នក​ស្រាវជ្រាវ​ឯករាជ្យ​មួយចំនួន ​ដែល​បាន​លើក​ឡើង​នោះ​ទេ នេះ​គឺ​ជា​ការ​បំផ្លើស​គ្មាន​ការ​ពិត។
 
លោក​ជំទាវ កុយ ពិសី បញ្ជាក់​ថា ព្រំដែន​កម្ពុជា​-ថៃសព្វ​ថ្ងៃនេះ គឺ​អត់​មាន​ធ្វើការ​កំណត់​សារ​ជាថ្មីនោះ​ទេ គឺ​យើង​ធ្វើ​ទៅ​តាម​ឯកសារ​ទាំង​ឡាយ​ដែល​ជាមរតកអាណានិគមនិយម​បារាំង​បន្សល់​ ទុក​ឲ្យ។ តួនាទី​ភារកិច្ចបច្ចុប្បន្ន​របស់​គណកម្មាធិការ​ចម្រុះ​កិច្ច​ការ​ព្រំដែន​ គឺយើង​ទៅ​រុក​រក​បង្គោល​ព្រំដែន​ចាស់​ ដែល​អាណា​និគម​បារាំង​ជា​អាណាព្យាបាល​របស់​កម្ពុជាពេល​នោះ ជាមួយ​នឹ​ង​ថៃ គឺ​យើង​ធ្វើ​បាន​៧៣បង្គោល។ ដូច្នេះ​តួនាទី​របស់​យើង​ពេល​នេះ គឺ​ទៅរក​បង្គោល​ព្រំដែន​ទាំង​៧៣បង្គោល​នោះឡើង​វិញ។ លោក​ជំទាវ កុយ ពិសី​ បញ្ជាក់​ថា បង្គោលទាំង​៧៣ បាន​បោះ​តាំង​ពី​១០០ឆ្នាំ​មុន ដោយ​សារ​តែ​កត្តា​មួយ​ចំនួន ដូច​ជា ​សង្គ្រាម​ប៉ុន្មាន​ទស្សវត្ស​រ៍កន្លង​មក​ បង្គោល​ខ្លះ​បោះ​នៅ​លើ​ដើម​ឈើ បង្គោល​ខ្លះ​ទៀតបោះ​នៅ​លើ​តំបន់​មួយ​ដែល​មិន​មាន​សុវត្ថិភាព​​ និងការ​បម្រែ​បម្រួល​នៃ​ធម្មជាតិ​ជាដើម​ ដែល​ធ្វើ​ឲ្យ​បង្គោល​មួយ​ចំនួន​ត្រូវ​បាន​បាត់​បង់​ ឬខូច​ខាត។ ក្នុង​ឆ្នាំ​២០០៧ យើង​បានផ្អាក​ដំណើរការ​ដោយ​សារ​តែ​មាន​សង្គ្រាម​នៅតំបន់​​ប្រាសាទព្រះវិហារ​ តែ​យើង​ក៏បាន​ចាប់​ផ្តើមដំណើរការ​​ឡើង​វិញ​នៅ​ឆ្នាំ២០១២ គឺ​រុក​រក​បង្គោល​ដែល​នៅ​សល់​ចំនួន​២៥ទៀត គឺ​យើង​ចាប់​ផ្តើម​ពី​បង្គោល​លេខ​២២ ហើយ​បច្ចុប្បន្ន​នេះ​យើង​នៅ​បង្គោល​លេខ​១៩។ យើង​សង្ឃឹម​ថា កិច្ច​ការ​នេះ​នឹង​បាន​បញ្ចប់​ដោយ​​រលូន​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។
 
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈុំ សុជាត រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​នៃ​ក្រសួង​ការ​ពារ​ជាតិ បាន​មាន​ប្រសាសន៍ឲ្យ​ដឹងផង​ដែរ​ថា ក្រសួង​ការពារ​ជាតិ សូម​ធ្វើការ​បដិសេធ​ទាំង​ស្រុង​នូវ​អ្វី​ដែល​អ្នក​សារព័ត៌មាន​មួយ​ចំនួន​លើក ​ឡើង ដែល​មាន​ចេតនា​មិន​ល្អ​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​គេង​យក​ផល​ប្រយោជន៍​អ្វី​មួយ លោក​បញ្ជាក់​ថា មក​ទល់​ម៉ោង​នេះ ព្រំដែន​កម្ពុជា-​ថៃ ក៏ដូច​ជា​ព្រំដែន​នៅទូទាំង​ប្រទេស​មិន​មាន​ការ​បាត់​បង់​សូម្បី​តែ​មួយ​ មីល្លីម៉ែត្រ។ កង​ខេមរភូមិន្ទ​ជា​និច្ចកាល គឺ​នៅ​តែ​ឈរ​ជើងយ៉ាង​រឹងមាំ តាម​ខ្សែ​បន្ទាប់​ព្រំដែន​ការពារបូរណភាព​ទឹក​ដី និងអធិបតេយ្យភាពជាតិ។
 
ឯកឧត្តម ឈុំ សុជាត បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រោម​ការដឹកនាំ​ដ៏​ត្រឹម​ត្រូវ​របស់​សម្តេច​តេជោនាយករដ្ឋមន្ត្រី​ ដែលលោក​ជា​ប្រមុខ​ដឹកនាំ​ គឺមានការ​តាម​ដាន​គ្រប់​ពេលវេលា។ នៅ​តាមអង្គភាព​របស់​យើង​មួយ​ៗ មាន​​បញ្ជាការ​សមរភូមិ​មុខ​ មាន​យោធភូមិ​ភាគ មាន​បញ្ជាការ​វរសេនាតូច​របស់​យើង​នៅ​តាម​តំបន់​ព្រំដែន​នីមួយៗ រហូត​ដល់​មានកង​ការពារព្រំដែន ឈរ​ជើង​តាម​ព្រំដែនយ៉ាង​រឹងប៉ឹង។ តួនាទី​របស់​កង​យោធពលខេមរភូមិន្ត​នៅ​តែ​ប្រកាន់​ភ្ជាប់​ដាច់​ខាត ហ៊ាន​ពលីជីវិតការ​ពារ​បូរណភាព​ទឹក​ដី មិន​អនុញ្ញាតឲ្យ​បរទេស​ណា​ឈ្លាន​ពាន​សូម្បី​តែ​មួយ​មីល្លីម៉ែត្រ។​
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរបាល​ព្រំដែននៃ​អគ្គ​ស្នងការ​នគរបាល​ជាតិ​ បាន​មាន​ប្រសាសន៍​យល់​ស្របថា បញ្ហា​ព្រំដែន​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​ខិត​ខំ​យក​ចិត្ត​ទុក​ ដាក់​ដោះ​ស្រាយ​ជា​មួយ​នឹង​ប្រទេស​ជិត​ខាង​។ ឯកឧត្តម​បញ្ជាក់​​ថា មក​ដល់​ពេល​នេះ​កង​នគរបាល​ជាតិ​ ក្នុង​នោះ​គឺមាន​កង​នគរបាល​ព្រំដែន​បាន​យក​ចិត្ត​ទុក​ដាក់​នៅ​ក្នុង​ការ​ងារ ​របស់​ខ្លួន ​ក្នុង​ការ​ការពារ​បូរណភាព​ទឹក​ដី​ ​ ដោយ​សហការ​ជាមួយ​នឹង​​កង​យោធពល​ខេមរភូមិន្ទបាន​ល្អ​ប្រសើរ។ ទឹក​ដី​របស់​យើង​ត្រូវ​បាន​រក្សា​យ៉ាង​ម៉ឺង​ម៉ាត់​មិន​ មាន​បាត់​បង់​ណា​មួយ​ឡើយ។
 
សន្និសីទសារព័ត៌មាន​នេះ ត្រូវបានរៀបចំ​ធ្វើ​ឡើងប្រតិកម្ម​ឆ្លើយ​តបទៅនឹង​​ការផ្សព្វផ្សាយ​ព័ត៌​មាន​ អំពីបញ្ហា​​ព្រំដែនជាមួយ​ប្រទេស​ជិតខាង ដែល​មិន​មាន​ការពិត ជា​ហេតុ​ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ​​ជាតិ បន្ទាប់ពី​វិទ្យុ​អាស៊ីសេរី និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​នា​ពេល​ថ្មីៗ​នេះ បាន​ធ្វើ​ការផ្សព្វផ្សាយ​អំពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ដោយ​បាន​ផ្សាយ​ថា កម្ពុជាបាន​បាត់បង់​ដី ១០ គីឡូម៉ែត្រ ទៅ​ប្រទេស​ថៃ នៅ​ច្រក​បួន​រយ ស្ថិតនៅ​ក្នុង​សំឡូត ខេត្ត​បាត់ដំបង ជាប់​ខេត្ត​ត្រាត ប្រទេស​ថៃ​ ជា​ពិសេស​ ដើម្បី​​ឲ្យ​សារព័ត៌មាន ពង្រឹង​វិជ្ជាជីវៈ និង​ក្រមសីលធម៌​សារព័ត៌​មាន ចៀស​វាង​ការ​ប្រឈម​ផ្លូវច្បាប់​៕