Friday, April 12, 2013

បទអត្ថាធិប្បាយ៖ ដឹងជាមុនថា« ចាញ់ឆ្នោត » រកលេសធ្វើ​បាតុកម្មប្រឆាំង ដើម្បី​បំ​ផ្លាញការបោះ​ឆ្នោត



          គណបក្សប្រឆាំងបានចាញ់នៅក្នុងការបោះឆ្នោតសកលចំនួន ៣ អាណត្តិ ជាប់ៗគ្នា​មក​ហើ​យ បើគិតតាំងពីឆ្នាំ១៩៩៧ មកដល់បច្ចុប្បន្ន។ ម្ល៉ោះហើយ គណបក្សប្រឆាំងនេះ ខិតខំ​​រកមធ្យោ​បាយ​​​គ្រប់​បែបយ៉ាងដើម្បីដណ្តើមយកជ័យជំនះ ពីរាជរដ្ឋាភិបាលដែលដឹក​នាំដោយ​គណបក្សប្រជា​ជន​កម្ពុជា ប៉ុន្តែគោលបំណងនេះ នឹងមិនអាចទទួលបានជោគជ័យនោះទេ។  
    
តាមរយៈការផ្សាយកម្មវិធីសំឡេងប្រជាធិបតេយ្យ(VOD) កាលពីថ្ងៃទី០៩ ខែ មេសា ឆ្នាំ​២០១៣ អ្នក​តំ​ណាងរាស្ត្រ គួយ ប៊ុនរឿន នៃគណបក្ស​ប្រឆាំង​បាន​ព្រមានថា« នឹង​ធ្វើ​បាតុកម្ម​ដើម្បី​​ទាម​ទារឲ្យគណៈកម្មាធិការជាតិរៀប​ចំការ​បោះ​​ឆ្នោតផ្អាកការបោះ​ឆ្នោត និងធ្វើវិសោធន​កម្ម​លើ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ឡើង​វិញ»។

វាគ្មាន​អ្វីជាការចំ​ឡែកទេ ដែល​គណបក្សប្រឆាំង​ព្រមាន​ធ្វើ​បាតុកម្ម​ ពី​ព្រោះបក្សប្រឆាំង​បាន​ប្រកាន់​យក​នូវ​វប្បធម៌បែប​នេះ​ជាយូរយាណាស់​មក​ហើយ ដែលគេនៅចងចាំជាប់​រហូត​មក​ថា មេបក្សប្រឆាំង​ គឺ សម រង្ស៊ី បាន​ធ្វើ​ជាដង្ខៅបាតុកម្មជាប់រហូតមក ។

            ការព្រមានអោយពន្យាពេលបោះឆ្នោតក៏ត្រូវ​បាន​ លោក សម រង្ស៊ី យកធ្វើ​ជាលេស​ដើម្បី​​​​ប្រយោជន៍នយោបាយរបស់ខ្លួន​ បន្ទាប់ពី លោក សម រង្ស៊ី បាននិយាយថាយុទ្ធ​សាស្ត្រ​ឈ្នះ‑ឈ្នះ គឺលោក​នឹង​មិន​ចូល​រួមបោះឆ្នោត​ទេនាពេល​ខាងមុខ។ 

គេបានកត់សំគាល់ឃើញថា លោក សម រង្ស៊ី សំ​បូរដោយភាពក្រឡិច​ក្រឡុចបំ​ផុត​ដែលមិនអាចទុកចិត្តបានឡើយ គឺមិនបានប៉ុន្មានថ្ងៃផង ម្តងនិយាយថា នឹង​មកចូល​រួម​បោះ​ឆ្នោត បន្ទាប់មក ថា មិន​មកទេ នឹង​ថ្មីៗនេះ ប្រកាសពន្យាពេលបោះឆ្នោត ។ 

ការពិត គ្មានបញ្ហា​ណាមួយ​ដូច​ការ​ចោទប្រកាន់​របស់​បក្សប្រឆាំង​ អំពី​ បញ្ជីឈ្មោះ​អ្នក​បោះ​ឆ្នោតថាមាន​ភាព​មិន​ប្រក្រតី​នោះទេ។​ គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះឆ្នោត បាន​និង​កំ​ពុង​បំ​ពេញការងាររបស់​ខ្លួន​ដោយ​ឯករាជ្យ ក្នុង​ស្មារតីទទួលខុសត្រូវ ដោយអនុវត្តតាម​ច្បាប់​បោះឆ្នោត ប្រព្រឹត្តទៅ​ដោយសេរី ស្មើភាព​ និង​យុត្តិធម៌បំ​ផុត។

 ដូច្នេះ ការលើកឡើងរបស់បុគ្គល សម រង្ស៊ី និង​ក្រុម​ប្រឆាំង​អំពី​ការព្រមាន​ធ្វើ​បាតុកម្ម ពាក់​ព័ន្ធ នឹង​បញ្ជីឈ្មោះបោះឆ្នោត គឺមិន​អាច​ទៅ​រួចនោះទេ ពីព្រោះគណបក្ស​នយោ​បាយ​​​ជា​ច្រើន​រួមទាំងគណបក្ស​ខ្លួន​ឯង​ផងដែរ រូប​ភាព​ជាក់​ស្តែង​ គឺ បាននិងកំពុង​តែ​មមា​ញឹក​​ខ្លាំង​ណាស់​ក្នុងការរៀបចំបញ្ជីឈ្មោះបេក្ខជនតំណាងរាស្រ្ត តាម​មណ្ឌល​​នីមួយៗ និងបានត្រៀម​បណ្តុះ​បណ្តាលអ្នកសង្កេតការណ៏ និងបានធ្វើសកម្មភាព​យ៉ាង​​សកម្ម​នៅតាមមូលដ្ឋាន​ក្នុងការ​ដណ្តើម​យក​អ្នកគាំទ្ររបស់គណបក្សនយោបាយរៀងៗខ្លួន តាម​លក្ខណៈប្រជាធិបតេយ្យ។ ហេតុអ្វី​ បាន​ជា បក្សប្រឆាំង​បោកប្រាស់​ខ្លួន​ឯង និង​ប្រជាពល​រដ្ឋ ថា ពួក​គេមិន​ចូល​រួម​បោះឆ្នោត និង​ស្នើ​សុំ​ពន្យាពេល?ពីព្រោះកាលណាមានការពន្យាពេលលោក សម រង្ស៊ី នៅមានសង្ឃឹម ហើយ  លោក សម រង្ស៊ី បានដឹងច្បាស់ថា រូបលោក មិនអាចចូលមកបាន​ទេគឺអ្វីៗ​ស្ថិតនៅក្នុងដៃលោក កឹម​ សុខា

ការភូត​កុហកនេះ មិនដូច​អ្វីដែល​ពួក​គេទើប​នឹង​បានផ្គូផ្គងនូវ​តំ​ណែង​ បេក្ខជនសម្រាប់​ដឹក​នាំក្នុងស្ថាប័ននិតិ​ប្រតិ​បត្តិ និង​បញ្ញត្តិ និងកាលពី​ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៣អំឡុងពេល   សមាជ​របស់​គណបក្សសង្រ្គោះជាតិកន្លងមកនេះ។ 

ដូច្នេះ កាលបរិច្ឆេទ​ការបោះ​ឆ្នោត​សក​ល និង​នៅ​តែប្រព្រឹត្តទៅ​មុខជាធម្មតា គ្មាន​ការ​ពន្យាពេល​បាន​នោះ​ទេ។ ក្នុង​ន័យ​ថា ដំ​ណើរការប្រជាធិបតេយ្យ និតិរដ្ឋ និង​ការបោះ​ឆ្នោតនៅ​កម្ពុជា​​ មិន​ត្រូវ​បាន​អនុញ្ញាតិអោយ​ក្រុម​បក្សប្រឆាំង​យក​ធ្វើ​ជាចំ​ណាប់​ខ្មាំង​បាន​ឡើយ។ ផ្ទុយ​ទៅ​វិញ បើបក្សប្រឆាំង​ពិត​ជាមាន​បំណងចង់ដឹក​នាំធ្វើ​បាតុកម្ម​ប្រឆាំង​មែន​នោះ​ គ្រាន់តែបន្លឺ​សំលេង​ដើម្បី​ទាក់ទាញការចាប់អារម្មណ៏មតិជាតិ អន្តរជាតិ ដែលជាការយកលេសបិទ​បាំង​នូវ​ភាព​បរាជ័យ​របស់ខ្លួនពេលបោះឆ្នោតខាងមុខ។

អត្ថបទដោយៈ រួម ជាតិ​