នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាថ្ងៃទី១០ ខែមេសា
ឆ្នាំ២០១៣ ក្នុងឱកាសធ្វើមាតុភូមិនិវត្តន៍ពីសាធារណរដ្ឋប្រជាមានិតចិន
ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
បានមានប្រសាសន៍ឲ្យដឹងថា មេដឹកនាំថ្មីរបស់ចិន ឯកឧត្តម Xi Jinping ប្រធានាធិបតីចិន ក៏ដូចជា
ឯកឧត្តម Li Keqiang នាយករដ្ឋមន្ត្រីចិន
នៅក្នុងជំនួបដាច់ដោយឡែកពីគ្នា បានបង្ហាញក្តីរំពឹងថា សម្តេចអគ្គមហាសេនាតេជោ
ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា នឹងបន្តឈ្នះការបោះឆ្នោតជាតិ នៅខែកក្កដាខាងមុខនេះ។
ឯកឧត្តម ចម ប្រសិទ្ធ បានលើកឡើងថា ជាមួយនឹងក្តីរំពឹងលើជ័យជម្នះរបស់សម្តេចតេជោ
បេក្ខជននាយករដ្ឋមន្ត្រី
និងគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជាតិ
នាខែកក្កដាខាងមុខ មេដឹកនាំថ្មីរបស់ចិន ទាំងនាយករដ្ឋមន្ត្រី
និងទាំងប្រធានាធិបតីចិន
ក៏បានប្រកាសសន្យាបន្តផ្តល់ជំនួយ និងជួយដល់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន
សែន សម្រាប់ពង្រឹងឯកភាពជាតិ
និងសម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា។
ទាក់ទងនឹងជំនួយពីសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ចម ប្រសិទ្ធ
បានមានប្រសាសន៍បញ្ជាក់ថា ជំនួយរបស់ចិនកន្លងមក
ត្រូវបានប្រើប្រាស់ដើម្បីពង្រឹងនូវឯករាជ្យភាពរបស់កម្ពុជា
តាមរយៈការកសាងផ្លូវ និងស្ពានធំៗ រួមទាំងការបណ្តុះបណ្តាលធនធានមនុស្សជាដើម។ ចិនក៏បានសន្យាជំរុញអ្នកវិនិយោគ
និងអ្នកទេសចរ ចូលមកកាន់កម្ពុជាផងដែរ។
ឯកឧត្តម ចម ប្រសិទ្ធ
បានមានប្រសាសន៍ថា ប្រមុខដឹកនាំកម្ពុជា និងចិន នៅក្នុងកិច្ចប្រជុំប្រកបដោយផ្លែផ្កា ក៏បានឯកភាពបង្កើតគណៈកម្មការសម្របសម្រួលអន្តររដ្ឋាភិបាល ដែលដឹកនាំដោយ
ឯកឧត្តម ហោ ណាំហុង
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
និងអតីតរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបន្តពង្រឹងទំនាក់ទំនងកម្ពុជា
និងចិន ដែលត្រូវបានតម្លើងដល់កម្រិតកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ចាប់តាំងពីឆ្នាំ២០១០។
ឯកឧត្តម ចម ប្រសិទ្ធ ក៏បានលើកឡើងផងដែរថា ក្រៅពីជំនួបប្រកបដោយផ្លែផ្ការវាងសម្តេចតេជោនាយករដ្ឋមន្ត្រី
ហ៊ុន សែន និងប្រធានាធិបតី
ព្រមទាំងនាយករដ្ឋមន្ត្រីចិន
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិនលើកនេះ ចិនក៏បានប្រកាសផ្តល់ជំនួយឥតសំណងដល់កម្ពុជានូវទឹកប្រាក់
៣០០លានយ័ន ស្មើប្រមាណ ៤៨លានដុល្លារអាមេរិក និងប្រាក់កម្ចីសម្បទាន ក្នុងកម្រិតការប្រាក់ទាបចំនួន
៥០០លានដុល្លារអាមេរិក។
ប្រាក់កម្ចីសម្បទាននេះ នឹងត្រូវប្រើប្រាស់សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ
ពិសេសប្រែក្លាយផ្លូវលំចាក់កៅស៊ូប្រវែង ៤០០ គីឡូម៉ែត្រ ក្នុងមួយឆ្នាំ និងសាងសង់ធារាសាស្ត្រ
ប្រឡាយទឹកជាដើម។ ក្នុងរយៈពេល ១០ឆ្នាំមកនេះ ចិនជាអ្នកផ្តល់ជំនួយធំជាងគេ សម្រាប់ការកសាងផ្លូវស្ពាននៅកម្ពុជា។
ឯកឧត្តម ចម ប្រសិទ្ធ បានមានប្រសាសន៍ឲ្យដឹងថា
មេដឹកនាំកម្ពុជា និងចិន
ក៏បានចេញសេចក្តីប្រកាសព័ត៌មានរួម ដែលមាន ៩ចំណុច ដើម្បីបញ្ជាក់ជាថ្មីទៀត
លើទំនាក់ទំនងកម្ពុជា និងចិន
ដែលត្រូវបានតម្លើងដល់កម្រិត កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១០។
នៅឆ្នាំ២០១៣នេះ ជាខួបលើកទី ៥៥ឆ្នាំ
នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន និងជាឆ្នាំមិត្តភាពចិន-កម្ពុជា។
ឯកឧត្តម ចម
ប្រសិទ្ធ ក៏បានឲ្យដឹងថា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ
នៅប្រទេសចិន ចាប់ពីថ្ងៃទី៦
ខែមេសា ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣ សម្តេចក៏បានចូលរួមវេទិកាក្រុងប៊ូអាវ
សម្រាប់ទ្វីបអាស៊ី ហើយសម្តេចបានឡើងថ្លែងការណ៍ក្នុងវេទិកាតំបន់អាស៊ីនោះ។ ប្រមុខដឹកនាំថ្មីរបស់ចិន
និងកម្ពុជា ក៏បានធ្វើជាសាក្សី
ក្នុងពិធីចុះកិច្ចព្រមព្រៀងលើគម្រោងវិនិយោគនៅកម្ពុជា និងអនុស្សារណៈសរុបចំនួន៨
ដែលមានទឹកប្រាក់សរុបប្រមាណ ២ពាន់លានដុល្លារ។
ឯកឧត្តម ចម ប្រសិទ្ធ
បានមានប្រសាសន៍ឲ្យដឹងថា ក្នុងកិច្ចព្រមព្រៀងទាំង៨ នោះ
ក៏មានកិច្ចព្រមព្រៀងមួយ
និយាយពីអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីគម្រោងចម្រាញ់ប្រេងចំនួន
៥លានតោន ក្នុងមួយឆ្នាំ រវាងធនាគារអភិវឌ្ឍន៍ចិន សាជីវកម្មធានារ៉ាប់រងឥណទាន
និងនីហរ័ណចិន និងសាជីវកម្មឧស្សាហកម្មគ្រឿងយន្តចិន
ជាមួយនឹងក្រុមហ៊ុនខេមបូ
ឌានភេត្រូខេមីខុល ខូអិលធីឌី របស់កម្ពុជា ដែលមានទឹកប្រាក់
១.៦៧០លានដុល្លារអាមេរិក។ អនុស្សរណៈនោះ ចុះហត្ថលេខាដោយលោកឧកញ៉ា ហាន់ ឃៀង ប្រធានក្រុមហ៊ុន
ខេមបូឌាន ភេត្រូ ខេមីខុល ខូអិលធីឌី ជាមួយនឹងលោក Dai Chunning អនុប្រធានសាជីវកម្ម
ធានារ៉ាប់រងឥណទាន និងនីហរ័ណចិន
ព្រមទាំងលោក Zhang
Sugang ប្រធានសាជីវកម្មឧស្សាហកម្ម គ្រឿងយន្តចិន និងលោក
Zheng Zhijie អនុប្រធានធនាគារអភិវឌ្ឍន៍ចិន។
ចំពោះគម្រោងចម្រាញ់ប្រេងកាត ត្រូវបានឯកឧត្តម ចម ប្រសិទ្ធ គូសបញ្ជាក់ថា
ប្រមុខដឹកនាំកម្ពុជា និងចិន បានឯកភាពជាគោលការណ៍ថា រោងចក្រចម្រាញ់ប្រេងនោះ អាចនឹងត្រូវសាងសង់នៅតាមផ្លូវជាតិលេខ៣ ចន្លោះពីខេត្តកំពតទៅវាលរេញ
ស្ថិតនៅជើងភ្នំបូកគោ ផ្នែកខាងសមុទ្រ
ក្នុងទឹកដីខេត្តកំពត។
សូមបញ្ជាក់ថា ក្នុងឱកាសដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នៅសាធារណរដ្ឋប្រជាមានិតចិន
ចាប់ពីថ្ងៃទី៦ ខែមេសា ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣
នេះដែរ សម្តេចក៏បានអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម
ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន
មុនពេលវេទិកាបូអាវ សម្រាប់សន្និសីទតំបន់អាស៊ីប្រចាំឆ្នាំ២០១៣ បានបើកជាផ្លូវការ។
នៅព្រឹកថ្ងៃទី៩
ខែមេសា ឆ្នាំ២០១៣ ដែលជាថ្ងៃទី២ នៃការស្នាក់អាស្រ័យនៅទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់បានអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយឯកឧត្តម
ចាង តេជាង ប្រធានសភាប្រជាជនចិន
និងឯកឧត្តម វេន ជាប៉ាវ អតីតនាយករដ្ឋមន្ត្រីចិននៅមហាវិមានប្រជាជនចិន ដែលភាគីទាំងពីរបានឯកភាពគ្នាក្នុងការរក្សាសន្ទុះនៃទំនាក់ទំនងកំរិតខ្ពស់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល
រដ្ឋសភា និងគណបក្សនយោបាយឲ្យកាន់តែស៊ីជម្រៅ ការផ្លាស់ប្តូរលើផ្នែកអភិបាលកិច្ច និងជម្រុញទំនាក់ទំនងកិច្ចសម្របសម្រួលលើកម្រិតផ្សេងៗទៀត។
នៅរសៀលថ្ងៃទៅទី៩
ខែមេសា ឆ្នាំ២០១៣
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា
បានអញ្ជើញទៅធ្វើទស្សនកិច្ចនៅឯមជ្ឈមណ្ឌលពិព័រណ៍ប្លង់មេអភិវឌ្ឍន៍ទីក្រុងប៉កាំង របស់ក្រុមហ៊ុនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអវកាសចិន ដែលស្ថិតនៅក្នុងទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ព្រមទាំងអ្នកធុរកិច្ចកម្ពុជាធំៗ
ទៅធ្វើទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិនចិន ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០
ខែមេសា ឆ្នាំ២០១៣។ ក្នុងឱកាសស្នាក់អាស្រ័យនៅទៅនោះសម្តេចតេជោនាយករដ្ឋមន្ត្រី
និងឯកឧត្តម Li Keqiang នាយករដ្ឋមន្ត្រីចិន
បានធ្វើជាអធិបតី ក្នុងពិធីចុះកិច្ចព្រមព្រៀងលើគម្រោងវិនិយោគនៅកម្ពុជា និងអនុស្សារណៈ
សរុបចំនួន៨ ដែលមានទឹកប្រាក់សរុបប្រមាណ ២ពាន់លានដុល្លារ។
ទី១- ផែនការសកម្មភាពស្តីពីការអនុវត្តកិច្ចសហប្រតិបត្តិ ការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន
ដែលចុះហត្ថលេខារវាងលោកជំទាវ សឿន រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាមួយឯកឧត្តម Zhang Yesui អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន។ ទី២-
អនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មការប្បញ្ញត្តិកម្មធនាគារចិន និងធនាគារជាតិនៃកម្ពុជា ដែលចុះហត្ថលេខារវាងឯកឧត្តម
ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា
ជាមួយឯកឧត្តម Shang Fulin ប្រធាន គណៈកម្មការប្បញ្ញត្តិកម្មធនាគារចិន។ ទី៣- កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
និងបច្ចេកទេសរវាងរាជរដ្ឋាភិបាលកម្ពុជា
និងរដ្ឋាភិបាលចិនជាជំនួយឥតសំណងមានទឹកប្រាក់
៣០០លានយ័ន ប្រហាក់ប្រហែល ៤៨លានដុល្លារ។ ទី៤- កិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីការផ្តល់ឥណទាន
សម្បទានដោយភាគីចិនដល់ភាគីកម្ពុជា
សម្រាប់គំរោងសាងសង់ស្ពានកោះធំរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនមានទឹកប្រាក់ ១២៦ លានយ័ន ប្រហាក់ប្រហែល
២០លានដុល្លារ។ ទី៥- លិខិតប្តូរសារស្តីពីគំរោងសាលាវិជ្ជាជីវៈកសិកម្មខេត្តក្រចេះ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ដែលចុះហត្ថលេខារវាឯកឧត្តម
អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម Gao Hucheng រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
ទី៦- កិច្ចព្រមព្រៀងឥណទានសម្បទានស្តីពីគំរោងអភិវឌ្ឍន៍ធនធានទឹកអាងស្ទឹងស្ទោងជំហានទី១
រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ជាមួយធនាគារអាហរណ៍
នីហរណ៍ចិន មានទឹកប្រាក់ ៣២៩ ៧៥០ ០០០យ័ន ប្រហាក់ប្រហែល ៥២លាន ដុល្លារ។
ទី៧- កិច្ចព្រមព្រៀងឥណទានសម្បទានស្តីពីគំរោងសាងសង់ស្ពានកោះធំ ខេត្តកណ្តាលរវាងក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុកម្ពុជា និងធនាគារអាហរ័ណ
នីហរ័ណចិន មានទឹកប្រាក់ ១២៦លានយ័ន ប្រហាក់ប្រហែល ២០លានដុល្លារ ចុះហត្ថលេខារវាងឯកឧត្តម
អូន ព័ន្ធមុនីរ័ត្ន ជាមួយនិងឯកឧត្តម
Sun Ping អនុប្រធានធនាគារ
Eximbank និង ទី៨- អនុស្សារណៈនៃការយោគយល់គ្នាស្តីពីគំរោងចម្រាញ់ប្រេងចំនួន
៥លានតោន ក្នុងមួយឆ្នាំ រវាងធនាគារអភិវឌ្ឍន៍ចិនសាជីវកម្ម ធានារ៉ាប់រងឥណទាន និងនីហរណ៍ចិន និងសាជីវកម្ម ឧស្សាហកម្មគ្រឿងយន្តចិនជាមួយក្រុមហ៊ុនខេមបូឌានភេត្រូខេមីខុល ខូអិលធីឌី មានទឹកប្រាក់ ១ ៦៧០លានដុល្លារ ចុះហត្ថលេខារវាងលោក
ឧកញ៉ា ហាន់
ឃៀង ប្រធានក្រុមហ៊ុនខេមបូឌានភេត្រូខេមីខុល ខូអិលធីឌី ជាមួយលោក Dai
Chunning អនុប្រធានសាជីវកម្ម ធានារ៉ាប់រងឥណទាន
និងនីហរណ៍ចិន លោក Zhang Sugang ប្រធានសាជីវកម្មឧស្សាហកម្ម
គ្រឿងយន្តចិន និងលោក Zheng Zhijie អនុប្រធានធនាគារអភិវឌ្ឍន៍ចិន៕
អត្ថបទៈ
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស