Wednesday, April 3, 2013

សម្តេច​​តេជោ​ជា​គ្រូ​​បឋម​​សិក្សា​​ដែល​​ជួយ​​រំដោះ​​ប្រជាជន​​ចេញ​​ពី​​របប​​ប៉ុល ពត និង​​កសាង​​ប្រទេស​​ពី​បាត​ដៃ​​ទទេ

នៅក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ ក្នុងពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិតសកលវិទ្យា​ល័យភូ​មិន្ទ​ភ្នំពេញ​នៅ​មហោ​ស្រពកោះពេជ្រនា​ព្រឹក​ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៣ សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា បានទទួល​ស្គាល់​ថា សម្តេច​គឺ​ជា​គ្រូ​បឋម​សិក្សាដោយ​ការ​ពេញ​ចិត្ត ព្រោះ​អ្វីៗ​ត្រូវ​ផ្តើម​ចេញ​ពី​បឋម​។ ប្រសាសន៍​របស់​សម្តេច​បាន​ធ្វើ​ឡើង ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹងជន​ដែលបាន​ផ្តល់​កិត្តិយសដល់ខ្លួន​គេជា​សាស្រ្តា​ចារ្យ​មហាវិទ្យាល័យ ហើយ​ចាត់​ទុក​សម្តេចតេជោ​នាយក​រដ្ឋ​មន្រ្តីត្រឹមតែជាគ្រូបឋមសិក្សា។

សម្តេច​តេជោ​នាយករដ្ឋ​មន្រ្តី​មាន​ប្រសាសន៍​ថា ជា​លើក​ដំបូង​ហើយ ក្នុង​ប្រវត្តិសាស្រ្តដែល គេ​ហៅ​ខ្ញុំថា «គ្រូបឋមសិក្សា» អរគុណ​ណាស់ ខ្ញុំ​សំពះ​ពីចំងាយ​នូវ​ភាសា «គ្រូបឋមសិក្សា»​ខ្ញុំ​សប្បាយ​ចិត្តណាស់​ ហើយ​ទទួល​យក​ដោយ​គ្មាន​ការ​តបឆ្លើយ។ ទាក់​ទង​នឹង​បញ្ហា​នេះ ស ម្តេច​តេជោ​ថ្លែង​ពន្យល់​ថា ខ្ញុំមិន​ដែល​បានបដិសេធ​ថា​ខ្ញុំ​មិនមែន​ជាកូន​អ្នកក្រ ខ្ញុំតែ​ង​និយាយ​ពីការ​លំបាក​ទុក្ខវេទនា​របស់​ខ្ញុំៗ ខ្ញុំ​ក៏មិន​ដែល​បដិសេធ​ថា ខ្ញុំមិនមែន​ជា​ក្មេងវត្ត​ដែរ រហូត​ដល់​ខ្ញុំ​និពន្ធ​ចម្រៀងជីវិតក្មេងវត្ត។ ខ្ញុំអរគុណចំពោះអ្នកទាំងឡាយ ដែលបានលើក​កិតិ្តយស​ខ្លួនឯង​ជា​សាស្រ្តា​ចារ្យមហា​វិទ្យាល័យ​ហើយ​ដាក់ឲ្យ​ខ្លួន​ខ្ញុំត្រឹមជា​គ្រូបឋម។​ ខ្ញុំទទួល​យកដោយ​ពេញ​ចិត្ត។ សម្តេច​តេជោ​បាន​បញ្ជាក់ខ្លឹម​សារ​នៃ​ពាក្យ​បឋម​របស់​សម្តេច​ថា ខ្ញុំបឋម​តែរហូត។ រំដោះ​ប្រទេស​ចេញ​ពីរបប ប៉ុល ពត ក៏បឋម កសាង​ប្រទេស កសាង​ភ្នំពេញ​ពីបាទ​ដៃទទេ ក៏បឋម ហើយ​អ្វីៗ​ច្រើនទៀត​ក៏បឋម​ដែរ។

សម្តេច​តេជោ​នាយករដ្ឋមន្រ្តី​មាន​ប្រសាសន៍​ថា ប្រជា​ពលរដ្ឋ​កម្ពុជា​ក៏ដូចជា​ជនជាតិ​បរទេស​បាន​ដឹង​រួច​មក​ហើយថា ឆ្លង​កាត់​រយៈ​កាល​ជាង ៣០ឆ្នាំ មកនេះ ហ៊ុន សែន បានធ្វើអ្វីខ្លះ? គឺ​មាន​តែប្រជា​ជន​កម្ពុជា​ទេ ដែលអាចដឹង​បានថា​ម៉ែត្រ​វាស់​សម្រាប់​មេដឹក​នាំ​ប្រទេស​ (ដូច​សម្តេច​តេជោ) មាន​សមត្ថភាព​ដល់ណា តើ​សកម្ម​ភាព​បាន​ធ្វើ​អ្វី​ខ្លះ​មិនចាំ​បាច់ទៅ​អួតទៅ​អាង​ទេ។ ក្មួយៗ​ប្អូន​អ្នកដែលធ្លាប់​នៅក្មេង​វត្ត​កុំតូចចិត្ត​អី អរ​ទៅវិញទេ​នៅពេល ដែលគេជេ​រ​យើង​ថា អាក្មេង​វត្ត​នៅ​ពេល​ដែលគេជេរ​យើង​អា​សម្រែ យើង​ត្រូវ​សប្បាយ ប៉ុន្តែ​យើង​សុំ​ដាស់​តឿន​ពាក្យ​អាសម្រែ​មួយ​ម៉ាត់ ប៉ះអ្នកស្រែ​ប៉ុន្មាន​ទៅ​ពាក្យ​អាក្មេងវត្តមួយម៉ាត់ប៉ះ ក្មេងវត្តប៉ុន្មានទៅ ប៉ះនិស្សិត ប៉ះ បញ្ញាវន្ត ប៉ុន្មាន​ទៅ។ កម្រិតប៉ុន ហ៊ុន សែន ដែល​ជា​តួអង្គ​ដ៏សំខាន់មួយ ក្នុង​ចំណោម​តួអង្គ​នៃការ​ដឹកនាំ​ប្រទេស​គង់​គេ​ប្រមាថ ចុះ​ទម្រាំប៉ុន​អស់​លោក លោកស្រី អ្នកនាង កញ្ញា តើគេ​ប្រមាថ​ប៉ុណ្ណាទៀត។

សម្តេច​តេជោ​មាន​ប្រសាសន៍​បញ្ជាក់​ថា សូម​កុំភ្លេច​ឲ្យ​សោះ​អ្នក​បឋម​នេះ​ច្រើន​ណាស់ ខ្ញុំគ្រាន់​តែ​ដាស់​តឿនថា កាល​ពី​ឆ្នាំ​២០០៣ មាន​អ្នក​ប្រៀបធៀប​ខ្ញុំបណ្ឌិត​មក​ពីវៀត​ណាម និង​គេ​បណ្ឌិត​មក​ពី​បារាំង ខ្ញុំ​អត់​មាន​ការខ្មាស​អៀន​ទេ ឥឡូវ​គេ​ទម្លាក់​ខ្ញុំ​មក​ត្រឹម​ថ្នាក់​បឋម។ ប៉ុន្តែ​មាន​តែ​ប្រជាជន​កម្ពុជា​ទេ ដែល​ដឹង​ថា ហ៊ុន សែន បាន​ធ្វើអ្វី​ខ្លះ។ ទាក់​ទង​នឹង​ការ​ផ្តល់​តួនាទី​សម្តេច​ជាគ្រូ​បឋម​នេះដែរ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​សំដៅទៅ​រកឯកឧត្តម​អគ្គ​រដ្ឋ​ទូត​សហ​ភាពអឺរ៉ុប និង​លោក​ទូតបារាំង​ដែលចូល​រួម​ក្នុង​ពិធីនោះថា ប្រធាន​សហ​ភាព​អឺរ៉ុប​មក​ចរចា​ជាមួយ​គ្រូបឋម លោក​ទូតអមក៏​ដំណើរទៅដែរ​។ នាយករដ្ឋមន្រ្តីបារាំង​ទើប​នឹង​មក​ចរចា​ជាមួយ​គ្រូ​បឋម ខ្ញុំ​ចរចា​តាំង ពី​ជំនាន់​ប្រធានាធិបតី (បារាំង) (ហ្វ្រង់ស័រ) មីតេរ៉ង់, ហ្សាក់​ស៊ីរ៉ាក់, សាកូស៊ី, ឥឡូវ​ដល់ ហូឡង់ ហើយ​ល្ងាច​នេះ​(ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៣) ខ្ញុំ​ជួប​អភិ​បាល​ក្រុង​ប៉ារីស ក៏បឋម។ ដោយ​រំលឹក​ទៅ​ដល់​សមត្ថ​ភាព​របស់​សម្តេច​ដែល​គេឲ្យ​តម្លៃ​ថា ត្រឹម​ជា​គ្រូ​ថ្នាក់​បឋម​ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា សម្តេច​អាច​ធ្វើ​បាន​ដោយ​ជោគ​ជ័យ​នៅ​ក្នុងការ​សម្រប​សម្រួល​ដឹកនាំ​ក្នុងកិច្ច​ប្រជុំ​កំពូល​អាស៊ាន​ កិច្ច​ប្រជុំ​អាស៊ាន​បូក និង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-​អាស៊ី​បូព៌ា ដែល​មានការ​ចូល​រួម​ពី​បណ្តា​មេដឹកនាំ​កំពូល​ៗក្នុង​ពិភពលោក​ផង​ដែរ កាល​ពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ២០១២ កន្លង​ទៅ​នេះ។​

សម្តេចតេជោ​មាន​ប្រសាសន៍​បញ្ជាក់​អំពី​ការ​ប្រមាថ​មាកងាយ​មក​លើ​សម្តេច​ថា នេះ​ជា​ការ​បក​ស្រាយ ខ្ញុំ​បក​ស្រាយ​ទៅ​វិញ​ទេ បើ​គេហ៊ាន​ប្រមាថ​ដល់​ថ្នាក់​កម្រិត​ប៉ុណ្ណឹង គេ​មិន​ខ្លាច​ប្រមាថ​ជា​មួយ​អ្នក​ដទៃ​ទៀត​ដែល​មាន​ភាព​ទន់​ខ្សោយ​ជាង ហ៊ុន សែន ដែរ។ សុំ​ចាំ​ទុក​ត្រង់​កន្លែងនេះ រាប់​ទាំង​មន្រ្តី​ក្នុង​បក្ស​នយោបាយ ដែល​មាន​មេដឹក​នាំ​ប្រមាថ​មក​ចំពោះ ហ៊ុន សែន។

សម្តេចតេជោ​ក៏មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នៅ​សកល​វិទ្យាល័យ​បរទេស​មួយចំនួន ​កំពុង​តែ​អញ្ជើញ​ខ្ញុំ​ទៅ​ធ្វើឧទ្ទេសនាម​នៅទី​នោះ ហើយ​នៅវេទិកា​អន្តរ​ជាតិ​មួយ​ចំនួន​កំពុង​ហៅខ្ញុំ​ទៅ​ឧទ្ទេស​នាម​នៅទីនោះ​ដែរ​អំពី​បទពិ​សោធន៍។ ថ្ងៃនេះ ខ្ញុំ​ពិត​ជាកំពុង​ឈរ​នៅចំពោះមុខ​អ្នក​ទាំង​ឡាយ​ដែល​សុទ្ធ​សឹង​តែ​ជានិស្សិត​បរិញ្ញា និងបរិញ្ញា​ជាន់​ខ្ពស់ និង​មាន​ក្រុម​ថ្នាក់​បណ្ឌិត​នៅ​លើ​វេទិកា​នេះ​ផង​ដែរ។

នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញា​បត្រ​ជូនដល់​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សម្តេចតេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ប្រកាសឲ្យ​ដឹង​ថា ប្រាក់ខែ​របស់​មន្ត្រីរាជកា​រ​ស៊ីវិល និង​ប្រាក់ខែ​សម្រាប់​កម្មករ​កាត់ដេរ​នៅ​ឆ្នាំ​ក្រោយៗ នឹង​ត្រូវ​ដំឡើង​តាម​កំណើន​សេដ្ឋកិច្ចជាតិ។

សម្តេច​តេជោ​ដែល​ជា​បេក្ខ​ភាព​នាយក​រដ្ឋមន្ត្រីតែ​មួយ​គត់ របស់​គណបក្ស​ប្រជា​ជន​កម្ពុជា សម្រាប់​អាណត្តិ​ទី​៥ នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តំណាង​រាស្ត្រ និង​សម្រាប់​អាណត្តិ​បន្ត​បន្ទាប់​ទៀត បាន​លើកឡើង​ថា ក្នុង​មហាសន្និបាត​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃ​ទី​១៦ និង​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៣ បាន​កំណត់​ថា ចាប់ពី​ឆ្នាំ​ក្រោយ​ទៅប្រាក់បៀវត្ស​រ៍សម្រាប់​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំង​ប្រដាប់​អាវុធ នឹង​ត្រូវ​ដំឡើង​ដោយ​គិត​តាម​កំណើនសេដ្ឋកិច្ច ដោយ​មិន​ត្រូវ​ដំឡើង​ត្រឹមតែ ២០% ដូច​រៀងរាល់​ឆ្នាំ​ឡើយ​។​

អំពី​ប្រាក់ខែ​សម្រាប់​កម្មករ​ក្នុង​វិស័យឧស្សាហកម្មកាត់ដេរ​វិញ ក៏​ត្រូវបាន​សម្តេចតេជោ​លើក​ឡើ​ង​ថា នឹង​ត្រូវ​មាន​ការជួប​ប្រជុំ​តាម​យន្តការ​ត្រីភាគី រវាង​សហជីព​កម្មករ ថៅកែ​រោងច​ក្រ​កាត់​ដេរ និង​តំណាង​រាជរដ្ឋាភិបាលជា​រៀងរាល់ឆ្នាំ ដើម្បី​ឲ្យមាន​ការដំឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរ ទោះ​តិច ឬ​ច្រើន ក៏​ត្រូវតែ​ដំឡើង​រៀងរាល់​ឆ្នាំ​ផង​ដែរ។

សម្តេច​តេជោនាយក​រដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់​ថា ការ​ដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ​ស៊ីវិល និង​កម្មករ​កាត់ដេរត្រូវ​ធ្វើឡើង​ជា​ជំ​ហានៗ ដោយ​មិន​អាច​ធ្វើ​ទៅ​តាម​ការលើក​ឡើង​របស់​គណ​បក្ស​ប្រឆាំង ដែល​ចង់​ដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ​ស៊ីវិល និង​ប្រាក់ខែ​កម្មករ យ៉ាង​គំហុក​​នោះ​ទេ។

សូម​បញ្ជាក់​ថា ​រាជរដ្ឋាភិបាលកម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេជោ បាន​សម្រេច​រួច​ហើយ​កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៣ ក្នុងការ​ដំឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរពី ៦១ដុល្លារ​អា​មេរិក នា​ពេល​សព្វថ្ងៃទៅដល់ ៨០ដុល្លារ​អាមេរិក។ ការ​ដំឡើង​ប្រាក់ខែគោលជូន​កម្មករ​ថ្មី​នេះ នឹង​ចាប់ផ្តើម​អនុវត្តន៍ចាប់ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៣​តទៅ។

ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួង​អប់រំយុវជន និង​កីឡា បាន​ឲ្យ​ដឹងថា និស្សិត​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេ ដែល​ទទួល​សញ្ញាបត្រ​នាពេលនេះ មាន​ចំនួន ២.៥៨៨នាក់ ក្នុងនោះ​មាន​នារី​ចំនួន ៩២៣នាក់។

ចាប់ពី​ឆ្នាំ​១៩៨០ មក​ដល់​បច្ចុប្បន្ន និស្សិត​ដែល​បាន​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​មាន​ចំនួន ៣០.២៧០នាក់ ក្នុងនោះ​នារី ចំនួន ៩.៤៧០នាក់។ មាន​និស្សិត​បរទេស​ចំនួន ១៦៩នាក់ នារី​ចំនួន ២៦នាក់។ និស្សិត​កំពុង​សិក្សា​មាន​ចំនួន ១៧.២៣០នាក់ នារី ៦.៩១៥នាក់ ក្នុងនោះ​និស្សិត​បរទេស​ចំនួន​ ១៤២នាក់។

បច្ចុប្បន្ន កម្ពុ​ជាមាន​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ចំនួន ១០១ ក្នុងនោះ​រដ្ឋ​ចំនួន ៣៩  និង​និស្សិត​ចាប់ពី​ថ្នាក់​បរិ​ញ្ញ​ប​ត្រ​រង ដល់​បណ្ឌិត​មាន​ចំនួន ២៥៥.៧៩១​នាក់ នារី​ស្មើ​នឹង ៣៨ ភាគរយ​៕