Wednesday, April 3, 2013

សម្តេ​ច​តេជោ​​ចង់​បាន​ការ​​បោះ​​ឆ្នោត​​មួយ​​ប្រព្រឹត្ត​​ទៅ​​ដោយ​​សេរី យុត្តិធម៌ និង​​មិន​​មាន​​អំពើ​​ហិង្សា​​កើត​​ឡើង

សម្តេច​អគ្គ​មហាសេនា​បតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ២០១៣ បាន​មាន​ប្រសាសន៍​អំពាវនាវ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​យក​ចិត្ត​ទុក​ដាក់​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​គ្រប់​បណ្តា​គណបក្ស​នយោ​បាយ​​​ទាំង​អស់ សម្រាប់​ការ​បោះ​ឆ្នោ​ត​ជាតិ​នា​ពេល​ខាង​មុខនេះ ដើម្បី​ធ្វើ​ឲ្យ​​បរិយាកាសនៃ​ការ​​បោះ​ឆ្នោត​មួយ​ប្រ​ព្រឹត្ត​ទៅ​ដោយ​សេរី យុត្តិធម៌ និង​មិន​មាន​អំពើហិង្សា​កើតឡើង​ ​។

នៅក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ ដល់​និស្សិត​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញា​ប​ត្រ​ជាន់ខ្ពស់​ ចំនួន ២ ៥៨៨នាក់ ​នៅ​មហោស្រពកោះ​ពេជ្រ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ឥឡូវនេះ​បណ្តា​គណបក្ស​នយោ​បាយ​​ទាំង​អស់​កំពុង​ត្រៀមខ្លួនដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត (​នីតិ​កាល​ទី​៥ នៃ​រដ្ឋសភា​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣) ដែល​នេះ​ជា​ការ​ប្រកួត​ប្រជែង​ខាង​នយោបាយ​មួយ​ជំនួស​ឲ្យ​ការ​ប្រកួត​ប្រជែ​ង​ខាង​អាវុធកាល​ពី​ប៉ុន្មាន​ទសវត្ស​មុន​នោះ ​ដែល​កាប់សម្លាប់​ដោយ​អាវុធ។ “ខ្ញុំ​សូម​អំពាវនាវ​ដល់​ស្ថាប័ន​ថ្នាក់​ជាតិ អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ និង​កងកម្លាំង​ប្រ​ដាប់​អាវុធ​គ្រប់​ប្រភេទ​ ត្រូវ​ខិតខំ​រក្សាបរិយាកាស​នយោបាយ​អព្យា​ក្រឹត្យ​ សម្រាប់​ដំណើរការ​នៃ​ការ​បោះឆ្នោត​ទាំង​មូល” ។

ក្នុង​នាម​ជា​ប្រមុខ​នៃ​ស្ថាប័ន​នីតិប្រតិបត្តិសម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ថា បណ្តា​គណបក្ស​នយោបាយ​ទាំងអស់​ត្រូវ​តែ​មាន​សេរីភាព​នៅក្នុង​ការ​ធ្វើ​សកម្មភាព​នៅ​ឯ​មូលដ្ឋាន សិទ្ធិ​ប្រជា​ពល​រដ្ឋ​ត្រូវ​បាន​គោរព ទោះ​បីជា​គេ​ស្រ​ឡាញ់​បក្ស​ណាក៏​ដោយ​ចុះ ត្រូវតែ​យកចិត្តទុកដាក់​ការពារ​ឲ្យ​បាន​ជាមួយនឹង​សន្តិ​សុខ សុវត្ថិ​ភាព សម្រាប់​បណ្តា​បក្ស​នយោបាយ​ទាំងអស់ ដែល​ធ្វើការ​ជួបជុំ​ជាមួយ​ប្រជា​ពល​រដ្ឋ។ សម្តេច​តេ​ជោ​មាន​ប្រសាសន៍​​ថា ខ្ញុំ​សូម​អំពាវនាវ​ថា កុំ​ឲ្យ​ការបោះឆ្នោត​នេះ​ក្លាយ​ទៅ​ជា​ការ​បែក​បាក់​ជាតិ តាមរយៈ​ការ​លាប​ពណ៌ និង​ការឃោសនា​បង្កាច់បង្ខូច ខុស​ការ​ពិត នៅតាម​មូល​ដ្ឋាន​ជាដើម។ ប្រទេស​យើងបាន​ឆ្លងកាត់​ការបោះឆ្នោត ២០ឆ្នាំ​មក​ហើយៗ​ប្រជាជន​ក៏​មាន​វ័យ​ចំណាស់​ខាង​នយោបាយ ហើយ​ខ្ញុំ​ពិត​ជា​មាន​មោទន​ភាព​​ណាស់​ដោយ​បាន​ឃើញ​ថា ពី​ការបោះឆ្នោត​មួយ​ទៅកាន់​ការបោះឆ្នោត​មួយ​ទៀត ប្រជា​ពល​​រដ្ឋ​របស់​យើង​មិនបាន​បែង​ចែក​ដើមភូមិ​គាំទ្រ​គណបក្ស​មួយ ចុង​ភូមិ​គាំទ្រ​គណបក្ស​មួយ ដែល​នាំ​ឲ្យ​មាន​ការ​កាប់​ចាក់​គ្នា​នៅក្នុង​ភូមិ​នោះ​ឡើយ។ ការ​ប្រកួត​ប្រជែង​នៅក្នុង​លទ្ធិ​ប្រជា​ធិប​​តេ​យ្យ​ទាមទា​នូវ​ការ​ផ្តល់​ឱកា​ស​គ្រប់​គណ​បក្ស​នយោបាយ មិន​ថា​តែ​គណបក្សកាន់​អំណាច​​ទេ ប៉ុន្តែ​ទោះជា​គណ​បក្ស​ដទៃ​ទៀត​ដែល​នៅ​ក្រៅ​រដ្ឋាភិបាល​ក៏ដោយ។

ទាក់​ទង​ទៅនឹងការ​ធានា​ឲ្យ​មាន​បរិយាកាស​អព្យាក្រឹត្យនៃ​ការ​បោះ​ឆ្នោត​នេះ​ដែរ​ សម្តេច​តេជោ​ ហ៊ុន សែន​ ស្នើ​​​សុំ​ឱ្យ​អាជ្ញា​ធរ​នៅ​មូល​ដ្ឋាន​ យក​ចិត្ត​ទុក​ដាក់​ជួយ​សម្រួល​បង្ក​លក្ខណៈ​ឱ្យ​បណ្តា​បក្ស​នយោ​បាយ​ទាំង​អស់ ​បាន​លើក​ស្លាក​គណបក្ស​របស់​គេ​ ។ បើ​បក្ស​កាន់​អំណាច​លើក​បាន​ គណបក្ស​នានា​ក៏​អាច​លើក​បាន​ដែរ​។ ប៉ុន្តែ​បើ​សិន​ជា​ចំ​ផ្ទះ​ប្រជា​ពល​រដ្ឋ​ គឺ​ត្រូវ​សុំ​ប្រជា​ពល​រដ្ឋ​ បើ​កន្លែង​សាធា​រណៈ​ដូច​ជា​គល់​ស្ពាន​ព្រះមុនី​វង្ស​ជា​ដើម​ មាន​ស្លាក​គណបក្ស​កាន់​អំណាច​នៅ​ឈរ​នៅ​ទីនោះ​បាន​ ​​​គណបក្ស​ដទៃ​ក៏​អាច​នៅ​ទី​នោះ​បាន​ដែរ​។ ត្រង់​ហ្នឹង​គឺ​ជា​ឱកាស​ដូច​គ្នា​សម្រាប់​ការ​លើក​ស្លាក​គណបក្ស​នៅ​កន្លែង​ សាធារណៈ​ បើ​សិន​ជា​នៅ​កន្លែង​ឯក​ជន​គឺ​ត្រូវ​ជួល​កន្លែង​គេ​ ឬ​សុំ​គេ​ទៅ​តាម​សាមី​ម្ចាស់​គេ​ផ្តល់​ឱ្យ ឬ​អត់​។

សម្តេច​មាន​ប្រសាសន៍​ថា​ ខ្ញុំ​សូម​អំពាវ​នាវ​​ទៅ​​បណ្តា​គណបក្ស​នយោ​បាយ​ទាំង​អស់​ មេត្តា​ធ្វើ​ស្លាក​ឱ្យ​បាន​រឹង​មាំ​បន្តិច​ ព្រោះ​ពេល​មាន​ខ្យល់​ ឬ​ព្យុះ​​ មិន​ត្រឹម​តែ​ស្លាក​គណបក្ស​​​ទេ ដែល​ដួល​រលំ​ សូម្បី​គេហេដ្ឋាន​ប្រជាពលរដ្ឋ​ក៏​រលំ​បាក់​រាប់រយ​ខ្នង​ហើយ។ ​បើ​សិន​ជា​ធ្វើ​ស្លាក​គណបក្ស​​សូម​ធ្វើ​ឱ្យ​រឹង​មាំ​បន្តិច​ មិន​ថា​គណ​បក្ស​​ណា​ទេ​​។ ខ្ញុំ​និយាយ​នេះ​ក្នុង​នាម​ខ្ញុំ​ជា​នាយក​រដ្ឋ​មន្ត្រី​ ក្នុង​នាម​រាជ​រដ្ឋា​ភិបាល​ ខ្ញុំ​ផ្ញើ​សារ​ជូន​ចំពោះ​អាជ្ញា​ធរ​គ្រប់​លំដាប់​ថ្នាក់​ កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ ត្រូវ​ការ​ពារ​នូវ​បរិយា​កាស​ធ្វើ​យ៉ាង​ណា​ឱ្យ​​បរិយា​កាស​នយោ​បាយ​អព្យា​ ក្រឹត​ សេរី​ ដើម្បី​ឱ្យ​ការ​បោះ​ឆ្នោត​​ប្រព្រឹត្ត​ទៅដោយ​​សេរី​ យុត្តិ​ធម៌​ ត្រឹម​ត្រូវ​ តម្លា​ភាព​ ដែល​ទទួល​យក​បាន​​ ហើយ​ជា​ការ​បោះ​ឆ្នោត​មួយ​ដែល​គ្មាន​អំពើ​ហិង្សា​ គ្មាន​ការ​គំរាម​​​កំហែង​ណា​មួយ​កើត​ឡើង​​។

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ពិត​មែនហើយ​សម្រាប់​ខ្ញុំ​ក្នុងនាម​គណ​បក្ស​ប្រជា​ជន​ក៏​ចង់បាន​សន្លឹកឆ្នោត​ដែរ ក៏ប៉ុន្តែ​យើង​ក៏​ត្រូវ​ដឹង​ដែរ​ថា យើង​ក៏​មាន​កាតព្វកិច្ច​ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី ជា​រាជ​រដ្ឋាភិបាល ដែល​ត្រូវ​មាន​ការ​ទទួល​ខុសត្រូវ​លើ​បញ្ហា​បរិយា​កាស​​អព្យា​ក្រឹត្យ សន្តិសុខ សណ្តាប់​ធ្នាប់ សេរី យុត្តិធម៌​សម្រាប់​ឲ្យ​ការ​បោះ​ឆ្នោត​មួយ ដែល​អាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ ដែល​ចំណុច​ទាំងអស់​នេះ​ជា​ចំណុច​ដែល​មាន​សារសំខាន់​ណាស់។ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា អ្នក​ណា​ស្រឡាញ់​បក្ស​ណា​បោះ​ឆ្នោត​ឱ្យ​គណ​បក្ស​នោះ​ចុះ​ គឺ​ជា​សិទ្ធិ​នយោ​បាយ​របស់​ប្រជា​ពល​រដ្ឋ​។

សម្តេច​តេជោក៏​មាន​ប្រសាសន៍​ព្រមាន​ទុក​ជា​មុន​​ដែរថា​ អ្នក​នយោ​បាយ​ខ្លះ​​​​បើក​រថយន្ត​ភ្លូក​​​ខ្លួន​ឯង​សោះ​ បែរ​ជា​​និយាយ​​ថា​ជា​រឿង​​​ឃាត​កម្ម​នយោ​បាយ​ទៅវិញ​​​ ស្រេច​តែ​ម្តង។ ចំពោះ​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​ គឺ​អត់​មាន​ថា​ គណ​បក្ស​ក្នុង​រាជ​រដ្ឋា​ភិបាល​ ឬ​គណ​បក្ស​ក្រៅ​រដ្ឋា​ភិបាល​ទេ​ ។ ទាក់​ទង​ទៅ​នឹងការប្រើ​ប្រាស់​គ្រឿង​ស្រវឹង​សម្តេច​តេជោ​បាន​មាន​ប្រសាសន៍អំពាវនាវ​ថា សូម​កុំ​យក​គ្រឿង​ស្រវឹង​ ជា​គ្រឿង​កំដរ​ រួច​ហើយ​បែរ​ជា​មាន​ជម្លោះ​...។ រៀង​រាល់​ការ​បោះ​ឆ្នោត​ រាជ​រដ្ឋា​ភិបាល​តែង​តែ​ស្នើ​សុំ​ដល់​អាជីវ​ករ​ទាំង​ឡាយ​ ដែល​លក់​គ្រឿង​ស្រវឹង​ សូម​ផ្អាក​លក់​គ្រឿ​ស្រវឹង​មួយ​រយៈ​ ដើម្បី​ផ្អាក​ការ​សេព​គ្រឿង​ស្រវឹង​នៅ​ក្នុង​​​​ថ្ងៃ​បោះ​ឆ្នោត​។ អ្នក​លក់​ដូរ​ សូម​មេត្តា​យោគ​យល់​...។ បញ្ហា​គ្រឿ​ង​​ស្រវឹង​ជា​​បញ្ហា​មួយ​ ដែល​អាច​ធ្វើ​ឱ្យ​ខូច​ខាត​អាប់​អួ​​ដល់​បរិយា​កាស​នៃ​ការ​បោះ​ឆ្នោត។

រំលឹក​ទៅ​ដល់​ការការ​ប្រើ​ប្រាស់​វិធី​គំរាម​កំហែង​ទៅ​លើ​អ្នក​បោះ​ឆ្នោត ដើម្បី​បាន​ទទួល​សន្លឹក​ឆ្នោត សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រសា​សន៍បញ្ជាក់​​ថា​ វា​ជា​អំពើ​ឆោត​ល្ងង់​មួយ​របស់​គណ​បក្ស​ក្នុង​រដ្ឋា​ភិបាល​ មិន​ថា​គណបក្ស​ប្រជា​ជន​ ឬ​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ទេ​ ​បើ​សិន​ជា​​ប្រើ​ប្រាស់​​​ការ​គំរាម​​កំហែង​​ចំពោះ​សិទ្ធិ​របស់​ពល​រដ្ឋ​ ចំពោះ​បណ្តា​គណ​បក្ស​នយោ​បាយ​ ឬ​ប្រជា​ពល​រដ្ឋ​ដែល​ចូល​រួម​ក្នុង​គណ​បក្ស​នយោ​បាយ​​​​មិន​មែន​ជា​គណបក្ស​ នយោ​បាយ​​​ក្នុង​​រដ្ឋា​ភិបាល​ ។  ព្រោះ​អំពើ​គំរាម​​កំហែង​នេះ​ វា​នាំ​ទៅ​ដល់​បាន​ផល​ត្រឡប់​មក​វិញ​​គឺ​​ខាត​អស់​ពី​សំណាក់​អ្នក​ដែល​យើង​ គំរាម​កំហែង។

ដូច្នេះ​បើ​គាត់​ចង់​ទៅ​ចូល​រួម​កន្លែង​ណា​ គឺ​ឱ្យ​គាត់​ទៅ​ចូល​រួម​ទៅ​ រួច​ហើយ​ពួក​គាត់​នឹង​ទទួល​យក​នូវ​ការ​វិនិច្ឆ័យ​ អំពី​កម្ម​វិធី​នយោ​បាយ​របស់​គណ​បក្ស​នីមួយៗ​។ គណ​បក្ស​នីមួយៗ​មាន​សិទ្ធិ​បញ្ជូន​សារ​ចុះ​ ដើម្បី​ឱ្យ​ប្រជា​ពល​រដ្ឋ​ជា​អ្នក​វិនិ​ច្ឆ័យ​ ហើយ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​​គ្មាន​អ្នក​ណា​ដឹង​ថា​ អ្នក​ណា​បោះ​ឆ្នោត​ឱ្យ​អ្នក​ណា​ទេ​ គឺ​ការ​គូស​នៅ​ក្នុង​បន្ទប់​សម្ងាត់​ឯ​ណោះ​ គ្មាន​អ្នក​​ណា​​ដឹង​ថា​បោះ​ឆ្នោត​ឱ្យ​អ្នក​ណា​ទេ​។ ប្រជា​ពល​រដ្ឋ​គឺ​គាត់​ពិត​ជា​មាន​ការ​វិនិច្ឆ័យ​ ធ្វើ​យ៉ាង​ដូច្នេះ​គឺ​ជា​ការ​គោរព​សិទ្ធិ​របស់​ពល​រដ្ឋ​ក្នុង​ការ​សម្រេច​ ចិត្ត​ខាង​នយោ​បាយ​។

​​ក្នុង​ពេល​ដែល​ថ្ងៃ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ កាន់​តែ​ជិត​ឈាន​ចូល​មក​ដល់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ឥឡូវ​នេះ​ កម្តៅ​នយោ​បាយ​ យុទ្ធ​នា​ការ​បង្ខូច​កេរ្តិ៍​ឈ្មោះ​ យុទ្ធនា​ការ​បង្ខូច​កិត្តិ​យស​ ការ​ប្រមាថ​ ការ​មាក់​ងាយ​ ប្រទេច​ផ្តាសា​បាន​ចាប់​ផ្តើម​ហើយ​ រហូត​ទៅ​ដល់​មាន​ការ​ប្រើ​ហ្វេស​ប៊ុក​ទៀត​ផង​គ្រប់​យ៉ាង។ ដូច្នេះ​ នេះ​គឺ​​ជា​​វិធី​ញុះ​ញង់​មួយ​។ ខ្ញុំ​ស្នើ​ឱ្យ​សមាជិក​-សមា​ជិកា​ ក្នុង​រាជ​រដ្ឋា​ភិបាល​ ទាំង​គណបក្ស​ប្រជា​ជន​ ទាំង​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ ត្រូវ​តែ​ខំ​អត់​ធ្មត់​នៅ​ក្នុង​ឱកាស​នៃ​ការ​ជេរ​ប្រមាថ​​នេះ​ មិន​ត្រូវ​យក​កំហឹង​ទល់​កំហល់​ទេ​ មាន​អ្វី​ដោះ​ស្រាយ​ដោយ​សន្តិវិធី​ បើ​សិន​ជា​មិន​អាច​ដោះ​ស្រាយ​បាន​គឺ​មាន​ផ្លូវ​ច្បាប់​ ​មាន​តែ​ច្បាប់​មួយ​គត់​ដែល​អាច​ដោះ​ស្រាយ​បញ្ហា​​បាន​។ មិន​ថា​គណបក្ស​ណា​ទេ​ ទុក​ឱ្យ​ច្បាប់​​​កាត់​សេចក្តី​។

សម្តេច​តេជោ​បាន​ពន្យល់​ថា បើ​នៅ​ក្នុង​បែប​បទ​នៃ​ការ​បោះ​ឆ្នោត​ គឺ​មាន​គណៈ​កម្ម​ការ​បោះ​ឆ្នោត​ថ្នាក់​ខេត្ត​ គណៈ​កម្មា​ធិ​​ការ​ថ្នាក់​ជាតិ​ បន្ទាប់​ទៅ​ក៏​នៅ​មាន​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​ទៀត​ ដើម្បី​កាត់​សេចក្តី​ទាក់​ទង​ទៅ​នឹង​ការ​បោះ​ឆ្នោត​ ។ បើ​សិន​ជា​មាន​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ គឺ​មិន​មែន​ជា​សមត្ថ​កិច្ច​របស់​គណៈ​កម្មាធិ​​ការ​​រៀប​ចំ​ការ​បោះ​ឆ្នោត​ទេ ​ វា​ជា​បញ្ហា​ទាក់​ទង​នឹង​​​ផ្លូវ​តុលា​ការ​​។

សូម​កុំ​ឱ្យ​មាន​អំពើ​ហិង្សា​ណា​មួយ​កើត​មាន​ឡើង​នៅ​ ក្នុង​ដំណាក់​កាល​ពី​នេះ​រហូត​ដល់​ការ​បោះ​ឆ្នោត​ និង​រហូត​ដល់​ការ​បង្កើត​រាជ​រដ្ឋា​ភិបាល​ថ្មី​ មិន​ថា​បក្ស​នយោ​បាយ​ណា​ឈ្នះ​ ឬ​បក្ស​​ណា​ចាញ់​ទេ​ សូម​ឱ្យ​មាន​បរិយា​កាស​​សុខ​ស្រួល​​យ៉ាង​ដូច្នេះ​ទៅ​។ សម្តេច​មាន​ប្រសាសន៍​ថា​ នៅ​ស្រុក​របស់​​យើង​​​ច្រើន​តែ​បង្អាប់​ទំនិញ​អ្នក​ដទៃ​ ហើយ​លើក​តម្លៃ​ទំនិញ​របស់​ខ្លួន​ឯង​ ដែល​គេ​ហៅ​ថា​ អង្គុយ​លើ​ចង្អេរ​លើក​ខ្លួន​ឯង​។

សម្តេច ហ៊ុន សែន ក៏បាន​លើកឡើង​ផងដែរ​ថា ថ្មីៗ​នេះមាន​អ្នកនយោបាយ​មួយចំនួន បាន​ប្រៀបប្រដូច​សម្តេចទៅ​នឹង​គ្រូ​បឋមសិក្សា តែ​គេ​ប្រដូច​ខ្លួនគេទៅ​នឹង​សាស្ត្រាចារ្យ​មហា​ប​រិញ្ញា​។ ក៏​ប៉ុន្តែ​យ៉ាងណា​ក៏ដោយ សម្តេច ហ៊ុន សែន អះអាងថា សម្តេច​រីករាយ​នឹង​ទទួលយក​នូវ​ការ​ប្រៀបប្រដូច​នោះ ព្រោះថាអ្វីៗ​ក៏ដោយ សម្តេច​បាន​ចាប់ផ្តើម​ពី​បឋម​ទាំងអស់ ដូចជាការអភិ​វឌ្ឍន៍​​​ប្រទេស និង​ការវាស់វែង​ដីធ្លី ជាដើម​។​ល​។ និង​។​ល​៕