Friday, April 26, 2013

សេចក្តីប្រកាសព័ត៌មាន របស់​រាជ​រដ្ឋា​ភិបាល នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា

       រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីរីករាយសូមជូនដំណឹងថា ការចោទប្រកាន់ និងការ ទាម​ទារ​សំណង​ពីសំណាក់​ក្រុមហ៊ុន Cambodia Power Company ត្រូវបានទាត់ចោលទាំងស្រុង ដោយអង្គជំនុំជំរះក្តីមជ្ឈត្តកម្មបង្កើតឡើងក្រោមឆត្រ័​ នៃមជ្ឈ​មណ្ឌល​អន្តរជាតិសម្រាប់ការដោះស្រាយ​ទំនាស់ វិនិយោ​គ (International Center for the Settlement of Investment Disputes ឬ ICSID)។​ Cambodia Power Company​ ជាក្រុមហ៊ុនអនុវត្តគម្រោងរបស់ក្រុមហ៊ុនដើមឈ្មោះ Beacon Hill Associates Inc. មកពីក្រុង Delaware នៃ​សហ​រដ្ឋ​អាមេរិក។

          ក្រុមហ៊ុន Cambodia Power Company បានចោទប្រកាន់ថា ព្រះរាជាណាចក្រកម្ពុជា និងអគ្គិសនី កម្ពុជា (EDC) បាន​រំលោភ​កិច្ច​ព្រម​ព្រៀងដែលបានចុះហត្ថលេខាជាមួយ​ Beacon Hill Associates Inc. នៅឆ្នាំ ១៩៩៦ ដែលកិច្ចព្រមព្រៀងនោះ​ គឺ​សម្រាប់​ការ​ផ្តល់​ហិរញ្ញ​ប្បទាន សាងសង់ និងដំណើរការ រោងចក្រអគ្គិសនីដែលមានអានុភាព ៦០ មេហ្គាវ៉ាត់ នៅរាជធានីភ្នំពេញ។ ក្រុមហ៊ុន Cambodia Power Company ទាមទារសំណងជាទឹកប្រាក់ជិត ៣០០ លានដុល្លាសហរដ្ឋអាមេរិក។

          នៅគ្រាដំបូងនៃដំណើរការមជ្ឈត្តកម្ម អគ្គិសនីកម្ពុជាត្រូវបានគេអូសបញ្ចូលជាភាគីចុងបណ្តឹងមួយ ប៉ុន្តែអង្គជំនុំជំរះក្តីមជ្ឈត្តកម្មរបស់ ICSID បានបដិសេធដោយលើកថា អគ្គិសនីកម្ពុជាមិនស្ថិតក្រោម យុត្ថាធិការរបស់ ICSID ទេ។ ដូច​នេះ​ដំណើរ​ការ​មជ្ឈ​ត្តកម្ម​ត្រូវបន្ត​តែជាមួយ​ភាគីរាជរដ្ឋាភិបាលកម្ពុជាតែ មួយប៉ុណ្ណោះ។

          ក្រោយពីការបកស្រាយក្នុងសវនាការនៅទីក្រុងប៉ារីស ប្រទេសបារាំងកាលពីខែកញ្ញា ឆ្នាំ២០១២ អង្គជំនុំជំរះក្តីមជ្ឈត្តកម្ម ICSID បាន​ផ្តល់​ការកាត់សេចក្តីចុងក្រោយ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣។ ការ សម្រេចនេះបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ពុំបាន​រំលោភ​កិច្ច​ព្រម​ព្រៀងទាល់តែសោះ ទោះផ្ទាល់ ឬមិនផ្ទាល់ក្តីតាមរយៈសកម្មភាពនានារបស់អគ្គិសនីកម្ពុជា។​ ហើយ​អង្គជំនុំ​ជំរះ​ក្តី​មជ្ឈ​ត្តកម្ម​បាន​ទាត់​ចោល ការចោទ​ប្រកា​ន់ និងការទាមទារសំណងទាំងអស់របស់ក្រុមហ៊ុន Cambodia Power Company​ ។ លើសពីនេះទៅទៀត អង្គ​ជំនុំ​ជំរះក្តីមជ្ឈត្តកម្មបានតម្រូវឲ្យក្រុមហ៊ុន Cambodia Power Company បង់ សំណងជាប្រាក់ជាង ៥,៦ លានដុល្លាសហរដ្ឋអាមេរិក ជូន​ភាគី​ព្រះ​រា​ជាណាចក្រកម្ពុជា សម្រាប់ប៉ះប៉ូវការ ចំណាយផ្លូវច្បាប់ និង​ដំណើរការមជ្ឈត្តកម្មអស់រយៈពេលជិត ៤ឆ្នាំមកនេះ។

          ព្រះរាជាណាចក្រកម្ពុជា និងអគ្គិសនីកម្ពុជា ត្រូវបានតំណាងដោយក្រុមហ៊ុនមេធាវី Freshfields Bruckhaus Deringer LLP នៅ​ទី​ក្រុង​ប៉ារីស ដឹកនាំដោយលោក Peter Turner និងលោកស្រី Bellie Jean Slott ពីក្រុមហ៊ុនមេធាវី Sciaroni & Associates នៅរាជធានីភ្នំពេញ។ អ្នក​សម្របសម្រួលនាំមុខ របស់ភាគីរាជរដ្ឋាភិបាលកម្ពុជា និងអគ្គិសនីកម្ពុជា គឺឯកឧត្តម កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយកអគ្គិសនីកម្ពុជា ។

          រាជរដ្ឋាភិបាលកម្ពុជាមានសេចក្តីរីករាយដោយឃើញថា ព្រះរាជាណាចក្រកម្ពុជាបានទទួលការផ្តល់ យុត្តិធម៌ត្រឹមត្រូវ និង​ពេញ​លេញ ​ហើយមានមោទនភាពចំពោះលទ្ធផលល្អ របស់ក្រុមអ្នកច្បាប់តំណាង ភាគីរាជរដ្ឋាភិបាល ហើយ​ក៏មាន​មោទន​ភាព​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់រាជរដ្ឋាភិបាល ក្នុងការគោរពនិតិរដ្ឋ ស្របតាមស្តង់ការអន្តរជាតិពិតប្រាកដ។

          សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលោក Peter Turner និងឯកឧត្តម កែវ រតនៈ។

រាជធានីភ្នំពេញ,ថ្ងៃទី ២៦​ ខែ មេសា ឆ្នាំ២០១៣