Friday, April 26, 2013

បទ​អត្ថា​ធិប្បាយ៖ ក្រុមអ្នក​បង្កាត់​ភ្លើង

ខណៈពេល​ដែលដំណើរ​ទស្សនកិច្ច​របស់លោក សូរិយ៉ា ស៊ូប៊ែរឌី តំណាង​ពិសេស​របស់​អង្គការសហ​ប្រជាជាតិមក​កាន់ប្រទេស​កម្ពុជាជាថ្មី​ក្នុងពេល​ដ៏ខ្លីខាងមុខ​នេះ ក្រុម​ប្រឆាំង​នៅ​កម្ពុ​ជា ដើម្បី​តែបំពេញ​នូវការ​ផ្គាប់ផ្គន់​ចិត្តចៅហ្វាយនាយ​របស់ខ្លួន បានរៀបចំ​ធ្វើមហា​បាតុកម្ម​​ទា​ម​ទារ​ឲ្យ​គណៈ​កម្មាធិការ​ជាតិរៀបចំការ​បោះឆ្នោត(គជប) អនុវត្តតាម​អនុសាសន៍​របស់​តំណាង​ពិសេស​​​រូប​នោះ និងអង្គការ​សង្គមស៊ីវិល​មួយ​ចំ​នួន​ តាមមហិច្ឆិតា​នៃពាក្យប្រជាធិ​បតេយ្យជ្រុល​និយម ប្រជាធិ‑​បតេ​យ្យ​តែ​សំបក​ខាងក្រៅ ក្រោម​លេស កំណែទម្រង់​ការបោះឆ្នោតក្នុងប្រទេសកម្ពុជា​។

តើផែន​ការ​របស់​គណបក្ស​សង្គ្រោះជាតិ រួមជាមួយ​អង្គការ​សង្គមស៊ីវិល និងក្រុម​អ្នក​គាំទ្រ​ដែលមាននិន្នាការ​ប្រឆាំងមាន​គ្នា​ដ៏តិចតួច​ បាន​រៀបចំធ្វើ​មហាបាតុកម្ម​មកនេះក្នុងបំណង​បែប​ណា? ហើយ​​ដើម្បីអ្វី?

ជាការពិត បាតុកម្មនយោបាយរបស់​បក្សប្រឆាំង គឺវាគ្រាន់​តែជាការវា​យកម្ទេច​ប្រជា​ធិបតេ​យ្យ ដែ​លកំពុ​ងតែលូ​ត​លាស់ដ៏ក្មេងខ្ចីនៅកម្ពុជាតែប៉ុណ្ណោះ ដោយហេតុថា ពួក​គេបាន​យក​របាយការណ៍របស់​លោក សុរិយា ស៊ូប៊ែឌី ដើម្បីធ្វើ​ជាឈ្នាន់ក្នុង​ដំ​ណើរឆ្ពោះទៅ​សម្រេចគោល​ដៅ​​​របស់​ពួកគេសម្រាប់​ការ​បោះ​ឆ្នោតនាពេល​ខាងមុខ​។ ប៉ុន្តែ បើ​ពិនិត្យ​ជាក់​ស្តែង និង​បាន​ដឹង​ជាហូរ​ហែ​រមក របាយការណ៍​របស់​លោក  សុរិយា ស៊ូប៊ែឌី គឺជាបញ្ហា​ចាស់​គំរិល បញ្ហា​ដដែល​ៗ ​ដែល​ជា​របាយការណ៍ភូត​កុហក់ ប្រាស់​ចាក​ពី​ស្ថាន​ការណ៍ពិត​នៅ​កម្ពុជា។ របាយការណ៍​នោះ បាន​មក​ពី​ការ​ផ្តល់​អោយពីក្រុម​បក្សប្រឆាំង និង​អង្គការ​ សមាគម ដែល​សុទ្ធតែជា« ក្រុម​បង្កាត់​ភ្លើង» មាន​និន្នាការ​ប្រឆាំង​តែ​ប៉ុណ្ណោះ វាគ្មាន​អ្វី​ជារឿង​ចំ​លែក និង​ថ្មីនោះ​ទេ។

សកម្មភាព​របស់​ក្រុម​បង្កាត់​ភ្លើងទាំង​នេះ គឺពួក​គេខិខំ​ជួយគ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​ការចំ​ណេញ​​រៀងៗខ្លួន​ អ្នក​ខ្លះចំ​ណេញនយោបាយ និង​ក្រុម​ខ្លះ​ទៀតខំបំ​ភ្លៃសភាព​ការណ៍ ខំបំ​ពេញ​ចិត្ត​ចៅហ្វាយនាយខ្លួន​ ដើម្បីបានប្រាក់ជំ​នួយ​ទ្រទ្រង់​អង្គការ សមាគមឱ្យដំ​ណើរការទៅមុខ​បាន​យូរអង្វែងតទៅទៀត គឺគ្មាន​អ្វីដែល​ជាការសំ​ដែង​នូវ​កង្វល់​ដោយស្មោះត្រង់ គិត​គូពីសុខទុក្ខ ឬជាការ​ព្រួយ​បារម្ភពី​បញ្ហា​សន្តិសុខ ស្ថិរភាព​នយោបាយ និង​ការ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពល​​រដ្ឋនោះ​ទេ។

ពួកគេខំ​ប្រឹង​ដុតបញ្ឆេះ ឆួលកម្លោចអំពីស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា តា​ម​រយៈ​ការធ្វើបាតុកម្មដើម្បីទាមទារឲ្យគណៈកម្មាធិ​ការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អនុវ​ត្ត​តា​ម​អនុសាសន៍របស់ លោក សុរិយា ស៊ូប៊ែឌី​ និងរ​បា​យ​ការ​ណ៍​ធ្វើ​សវ​នក​ម្ម​ប​ញ្ជី​បោះ​ឆ្នោ​ត ​សម្រា​ប់​​កា​រ​បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី ៥ ឆ្នាំ ២០១៣ រប​ស់​វិទ្យា​ស្ថា​ន​ជា​តិ​សម្រា​ប់​កិ​ច្ចការ​អន្តរជាតិ (NDI) អង្គការនិកហ្វិច (NICFEC) និងអង្គការ (COMFREL) ក្នុង​ការ​រៀ​ប​ចំ​ធ្វើការ​ចុះ​ឈ្មោះអ្នកបោះឆ្នោត និងបញ្ជី​ឈ្មោះអ្នក​បោះឆ្នោត​សារទ្បើងវិញ ព្រម​ទាំង​ចា​ត់​វិធា​ន​ការ​​គ្រប់​បែ​ប​យ៉ាង ធានាអំពីយន្តការ និង​នីតិ​វិធី​ស​ម្រា​ប់​ប​ម្រើ​ការ​ងារ​បោះ​ឆ្នោ​ត​ជ្រើ​ស​តាំ​ង​តំ​ណា​ង​រាស្រ្ត​​ឲ្យបាន​ប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងដោយស្មើភាពគ្នា ស្រ​ប​តា​ម​ប​ទ​ដ្ឋា​ន​អន្តរជាតិ។

ទង្វើនោះ វាគ្រាន់តែជាយុទ្ធនាការក្នុងការវាយប្រហាររិះគន់ និយាយបង្កាច់បង្ខូច និ​ង​ដាក់កំហុសមកលើរាជរដ្ឋាភិបាល វាគ្រាន់​តែជាលេសនៃការប​ង្កើត​ចរ​ន្ត​ប​ន្ត​គ្នា ​ដើ​ម្បី​អ​នុវ​ត្ត​ចលនា​ជំ​រុញ និងព្យាយាមជួយផ្តល់​ខ្យល់ឱ្យ លោក សម   រង្ស៊ី បាន​ដក​ដង្ហើម​ និង​មាន​ជីវិតឡើង​វិញ​​​ដើម្បី​​បន្តក្នុង​ឆាក​នយោបាយ​នៅកម្ពុជាតែប៉ុណ្ណោះ។ ការពិត​ វាជារឿង​ឥតប្រយោជន៍ទេ ពី​ព្រោះ សម រង្ស៊ី បាន​បាត់​បង់​សិទ្ធិស្រប​ច្បាប់​ និង​មិន​អាច​ប្រឡូក​ក្នុង​ឆាកនយោបាយ​បានត​ទៅ​ទៀត​​ឡើយ ដរាប​​ណាលោកខក​ខាន​មិន​បាន​មក​ទទួល​ទោស តាម​អំ​ណាចសាលក្រម​របស់​តុលាការ​ទេនោះ។

មិន​មែន​ក្រុម​ប្រឆាំង​ទាំង​អស់​ មិន​ដឹង​អំពី​ស្ថាន​ភាព​របស់​ សម រង្ស៊ី នោះ​ទេ​ ប៉ុន្តែ ពួក​គេបាន​ខិត​ខំ​ច្នៃ បង្កើត​បញ្ហា​ថ្មីៗទាំង​បំ​ពាន​ និង​ដើម្បី​បន្លំភ្នែកប្រជាពល​រដ្ឋ និង​ក៏ដើម្បី​ទាក់​ទាញសមាណ​ចិត្តពី​ប្រជាពល​រដ្ឋតែប៉ុណ្ណោះ​។ ប៉ុន្តែ ការពិត​អ្នកទាំងអស់នោះ បានដឹងច្បាស់​ណាស់​ថា  លោក សម រង្ស៊ី​ ជា​ទ​ណ្ឌិ​ត ​ជាប់​ទោស​​ព្រហ្មទណ្ឌធ្ងន់​ធ្ងរ មិនអាចឈរឈ្មោះបោះឆ្នោត ហើយ​ក៏មិនមាន​សិ​ទ្ធិ​បោះ​​ឆ្នោតបាន នេះបើយោងតាមច្បាប់​បោះ​ឆ្នោតនៅកម្ពុជា ។

ការចោទប្រកាន់ដោយមិនសមរម្យទៅលើរាជ​រដ្ឋាភិបាល និង​គ​ណៈកម្មាធិការ​ជាតិ​រៀ​ប​ចំ​កា​រ​​បោះ​ឆ្នោតថា មិនមានសមត្ថភាពអនុវត្តការងារ​ ដោយ​បង្ខំរាជរដ្ឋាភិបាលកម្ពុជាឲ្យ​ធ្វើ​ទៅ​តា​ម​សម្ពាធក្រុមប្រឆាំងរបស់ខ្លួន និងអន្តរជាតិ គ្រាន់តែជាការបន្ទរសំ​ឡេងបន្ថែមឲ្យ លោក សុរិ​យា ស៊ូប៊ែឌី តែប៉ុណ្ណោះ ព្រោះថា ក្រុមនេះតែងតែចាត់ទុកថា ស៊ូប៊ែឌី គឺជាគ្រូរបស់ពួកគេ។

ជាក់ស្តែង ក្រៅតែពីបញ្ហាកំណែទម្រង់ (គ.ជ.ប) ស៊ូប៊ែឌី ​ក៏បា​នទ​ទូច​ដោ​យ​មិន​បា​ន​យល់អំពីនីតិវិធីនៃច្បាប់របស់កម្ពុជាផងដែរថា សម រង្ស៊ី ត្រូវបាន​ដាក់​ទោស​ពីបទ​ដែល​ត្រូវ​បា​ន​​ចោទ​ប្រកាន់​ថា ជាហេតុ​ផល​នយោបាយ​ ហើយ​ដំណោះស្រាយ​នយោ​បា​យ ​គួរ​ត្រូ​វ​បា​ន​ស្វែ​ង​រកដើម្បីឲ្យ សម រង្ស៊ី ដែលជាមេដឹកនាំនៃគណបក្សប្រឆាំង​ដើរតួ​នាទីពេញ​លេញ​ក្នុង​នយោ​បា​​យ​​កម្ពុជា។

ការទទូចរបស់ ស៊ូប៊ែឌី នេះ ត្រូវ​បាន​បន្ទរលើកឡើងដដែលៗ ដោយសារព័ត៌មាន និង NGO និន្នាការប្រឆាំងមួយចំនួន ក្រោមលេសថា «ការបដិសេធដោយរដ្ឋាភិបាល មិនអនុញ្ញាតឲ្យ លោក រង្ស៊ី ត្រឡប់មកកម្ពុជា និងប្រកួតប្រជែងក្នុងការបោះឆ្នោត អាចនាំឲ្យមានចលាវឹកវរសង្គមនិងគ្មានលទ្ធិប្រជាធិបតេយ្យ» ។

សកម្មភាពទាំងអស់របស់ក្រុមនេះ ត្រូវបានអ្នក​តាមដា​នស្ថាន​ការណ៍​នយោ​បាយ​កម្ពុ​ជា​មើលឃើញថា ការបង្កនូវគ្រប់បញ្ហាទាំងអស់ វាគ្រាន់តែជាការហុចភ្លើងសម្រាប់ លោក សម រង្ស៊ី ដុតរោលមកលើរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។ ហើយថ្មីៗនេះ នៅក្នុង​សេច​ក្តីថ្លែ​ង​ការ​ណ៍​មួ​យ​ចុះថ្ងៃទី ២៥ ខែកុម្ភៈ លោក សម រង្ស៊ី បានអំពាវនាវដល់អង្គការមិនមែនរដ្ឋាភិបាលជាតិ និ​ង​អន្តរជាតិ និង​ប្រទេស​ជាមិត្ត​ មិន​ឲ្យបញ្ជូនអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតស​ភា​ជា​តិ​ក្នុងខែកក្កដា នោះទេ។ តើ គួរត្រូវ​មាន​វត្តមាន​សម រង្ស៊ី នៅ​ក្នុង​ប្រទេស ដើម្បី​បន្ត​ធ្វើ​ព្យុះ ធ្វើ​ផ្គរ បំ​ផ្លាញ​សន្តិសុខជាតិ​ បង្ក​ចលាចល​ក្នុង​សង្គម​ ឬ​ក៏គួរគប្បីយក​ច្បាប់​យក​មក​អនុវត្ត? លោក សម រង្ស៊ី ខ្លួន​ឯង​បាន​ដឹង​ច្បាស់​ណាស់​នូវ​ទង្វើ​ខុសច្បាប់​ដែល​លោកបាន​ប្រព្រឹត្ត។

ដូច្នេះ គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែល សម រង្ស៊ី​ និងអ្ន​កដើ​រតា​ម​គា​ត់ដ៏តិចតួច​នៅ​ក្នុង​គ​ណ​បក្ស​សង្គ្រោះជាតិ (ដែល​ត្រូវ​បាន​បង្កើត​ឡើង​ ដោយ​ការ​ច្របាច់​​បញ្ចូល​​គ្នារវាង​គណបក្ស សម រង្ស៊ី និងគណបក្ស​សិទ្ធិមនុស្ស) បាន​សម្រេច​​ចិត្ត​​ងាក​​ទៅ​រក​​ប្រភព​នៃ​យុទ្ធ​សា​ស្ត្រ​នយោ​បា​យ​​ចា​ស់​(ទ្បាំប៉ា) បង្កបញ្ហា៖ បង្កើតលេស ត្រៀមទាត់ចោលលទ្ធផលក្នុងការបោះឆ្នោតជាតិ ឆ្នាំ ២០១៣ ខាងមុខនេះ ពីព្រោះ​ពួកបានគេដឹងច្បាស់​​ណាស់ថា​ ការបោះ​ឆ្នោត​ប្រក​បដោ​យ​លក្ខណៈ​សេ​រី ត្រឹមត្រូវ យុត្តិធម៌ ខាងមុខនេះ វានឹងឆ្លុះបញ្ចាំងពីឆន្ទៈគាំទ្រ​របស់ប្រជាពលរដ្ឋ​ចំពោះ​រា​ជ​រដ្ឋា​ភិបាលដែល​ដឹក​នាំដោយ​គណបក្សប្រជាជនកម្ពុជា ដែលគណបក្សប្រឆាំង​មិន​អាច​ដណ្តើម​ប្រៀប​ឈ្នះ​បាន​ទេ។

ដូច្នេះ ស្ថាន​ភាព​នយោបាយពិត ពល​រដ្ឋម្ចាស់​ឆ្នោត​បាន​ដឹង​ច្បាស់​ណាស់​ ដែល​មិន​គួរត្រូវ​បាន​ក្រុម​បង្កាត់​ភ្លើង​ខំ​ប្រឹង​បង្កើត​ឡើង ដើម្បីបំ​ពេញ​ចិត្តបុគ្គល​ម្នាក់​ ឬក៏​ការពារទណ្ឌិត​​បំ​ពាន​ច្បាប់ ឬ​ក៏ដើម្បីគ្រាន់​តែបំ​រើផលប្រយោជន៍បក្ខពួក​ និង​ក្រុម​ខ្លួន​មួយ​ក្តាប់​តូច​នោះ​ឡើយ​ ៕

ដោយៈ ឧត្តម សក្តិ