Monday, May 6, 2013

រាជរដ្ឋាភិបាល​សម្តេច​តេជោនៅតែ​បន្ត​ប្រកាន់​យក​គោល​ជំហរបើក​​ទូលាយ​នូវ​សេរីភាព​ខាង​ជំនឿ​សាស​នា​សម្រាប់​ប្រជាពលរដ្ឋ



នា​ព្រឹក​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៣ ជាមួយ​នឹង​ការ​ប្រកាស​ឲ្យ​ដឹង​ថា រាជរដ្ឋាភិ​បា​ល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ​ដែលនៅតែ​បន្ត​ប្រកាន់​យក​គោល​ជំហរ បើក​ទូលាយ​នូវ​សេរីភាព​ខាង​ជំនឿ​សាស​នា​សម្រាប់​ប្រជាពលរដ្ឋ សម្តេច​អគ្គមហា​សេ​នា​បតី​តេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ចា​ត់​ទុក​បង​ប្អូនប្រជា​ជនឥស្លាម​ដែល​ចាប់​កំណើ​ត​នៅ​កម្ពុជា គឺ​ជាប្រជា​ជន​ដែល​មាន​ភ័ព្វសំ​ណា​ង​​។

ក្នុង​ពិធី​បិទ​សូត្រ​គម្ពីរអាល់​គួរអានុល​ការីម​ ទូទាំង​ប្រទេស​លើក​ទី២២ នៅ​សាលសន្និសីទ ចតុ​ម្មុខ សម្តេច​តេជោ​នាយករដ្ឋមន្រ្តី​បាន​មានប្រសាសន៍​ថា បើ​យើង​កុំនិយាយ​ពីរបប ប៉ុល ពត ដែល​បាន​បំផ្លាញ​គ្រប់សាសនា​នៅកម្ពុជា បង​ប្អូន​ឥស្លាម​ដែល​ចាប់​កំណើត​ ហើយ​រស់​នៅ​កម្ពុជា គឺ​មាន​ភ័ព្វ​សំណាង​ណាស់ ព្រោះ​នៅ​ទីនេះ​មិនមាន​ការរើសអើង ហើយ​ក៏មិន​មានការ​កាប់​សម្លាប់​បែងចែក​ក្នុង​ក្របខ័ណ្ឌ​សាសនា​នោះទេ​។

សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា នៅ​កម្ពុជា​មាននយោ​បាយយោគ​យល់​អធ្យា​ស្រ័យ ហើយ​ភាព​សុខដុមរមនា ក៏បាន​កើត​ទៅជាមួយ​គ្នា​ដែរ ហើយ​អ្វី​ដែល​ខ្ញុំមាន​មោទនភាព​បំផុត​នោះ គឺ​នៅ​ត្រង់​ថា នៅ​ពេល​ដែលមាន​សម្ពោធ​វិហារឥស្លាម​យើង​ឃើញ​មាន​ផ្នែកខាង​ព្រះ​ពុទ្ធ​សា​សនា​ក៏បាន​ទៅ​ចូលរួម ហើយ​នៅ​ពេល​បញ្ចុះ​ខ័ណ្ឌសីមា​ព្រះវិហារ ព្រះពុទ្ធ​ក៏មាន​ឥស្លាម​មក​ចូលរួម​ដែរ។ បញ្ហា​ជាតិសាសន៍​ខុស​គ្នា ឬសាសនា​ខុសគ្នា មិនមែន​ជា​ឧបសគ្គ​រារាំង​នូវការរួមគ្នា​អភិវឌ្ឍន៍​ការរីក​ចម្រើន​របស់​ប្រទេសជាតិ​នោះទេ ហើយ​រឿង​នេះក៏​បាន​ចាប់​ផ្តើម​តាំង​ពីជំនាន់​អតីតកាល​មក​ម្លេះ។
សម្តេច​តេជោ​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ឆន្ទៈ​ជំរុញ​ដល់​ការរីក​ចម្រើន ទន្ទឹម​គ្នាការ​អភិ​វឌ្ឍ​រួម​គ្នា និង​បំពេញ​ដល់គ្នា​ទៅវិញ​ទៅមក នៅ​ក្នុងថ្ងៃ​អនាគត​ទៀត​នោះ រាជរដ្ឋាភិបាល​នឹង​នៅ​តែ​បន្ដ​ប្រ​កាន់​យក​គោល​ជំហ​បើកទូលាយ​នូវសិទ្ធិសេរី​ភាពខាង​ជំនឿសាសនា ជូន​ដល់​ប្រ​ជាពល​រដ្ឋ​កម្ពុជា​ទាំង​អស់ ក្នុង​លក្ខខណ្ឌ​មិនប៉ះពាល់​ដល់​សាសនា​ដទៃ។ “យើង​អាច​យល់​បាន​យ៉ាង​ច្បាស់​ថា ជំនឿ​សាសនា និង​ជីវភាព​រស់​នៅ គឺ​វាមាន​សម្ព័ន្ធភាព​ផ្សារភ្ជាប់​គ្នា​មិន​អាច​បំបែក​បាន​ឡើយ”។

សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​អំពាវនាវ​ថា ខ្ញុំ​សូម​បន្ដជំរុញ​ឱ្យ​គ្រប់សាសនា​ទាំងអស់​នៅ​កម្ពុជា​ត្រូវ​ចេះរួមរស់​នៅ​ជាមួយ​គ្នា និង​ចូលរួម​ជាមួយ​ផ្នែក​អាណា​ចក្រ ដើម្បី​អភិវឌ្ឍ​កម្ពុជា​ឱ្យ​ឈា​នឡើង​បន្ថែម​ទៀត​ទាំង​បច្ចុប្បន្ន និង​តទៅ​ថ្ងៃ​អនាគត​ទៀត។

សម្តេច​តេជោនាយករដ្ឋមន្រ្តី​ក៏​បាន​ផ្ដល់ជា​អនុសាសន៍​មួយ​ចំនួន ដែល​ទាក់​ទង​នឹង​សហគមន៍​ឥស្លាម និង​ការ​រក្សា​ប្រពៃណី សាមគ្គីភាព និង​ការសូត្រ​គម្ពីរ​អាល់គួរ​អានុល​ការីម ដែលរួម​មាន៖
ទី១-ក្រសួង​ធម្មការ និង​សាសនា ត្រូវ​សហការ​ជាមួយ​ស្ថាប័ន​នៃគណៈ​ដឹកនាំ​ជាន់​ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា ដែល​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​នៅ​តាម​រាជធានី ខេត្ដ-ក្រុង-ស្រុក-ខណ្ឌ និង​មូលដ្ឋាន និង​ត្រូវរិះរក​គ្រប់មធ្យោបាយ​ពង្រីក​ទំនាក់​ទំនង​ជាតិ និង​អន្ដរជាតិ ដើម្បី​ទទួល​បាន​នូវការឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី សម្ភារៈ និង​ធនធាន​មនុស្ស​ដើម្បី​បម្រើការ​ងារ​ពង្រឹង និង​ពង្រីក​ប្រពៃណី សូត្រគម្ពីរអាល់​គួរអានុល​ការីមនេះ នៅ​គ្រប់ទី​កន្លែង​ដែល​មាន​បង​ប្អូន​ឥស្លាម​កម្ពុជា​រស់នៅ​គួរ​ចាត់ឱ្យ​មាន​ការរៀនសូត្រ​គម្ពីរអាល់​គួរអាន សម្រាប់​ជាការ​ប្រតិបត្ដិ​ជា​ប្រចាំ​របស់​ខ្លួន​ផង និង​ជា​ការត្រៀម​ចូលរួម​ក្នុង​ការជ្រើសរើស​ករី-ករីអះ សម្រាប់​សូត្រ​យក​ជ័យ​លាភី​ប្រចាំ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ជាអាទិ៍ ថ្នាក់ភូមិ ថ្នាក់ឃុំ-សង្កាត់ ថ្នាក់ក្រុង ស្រុក-ខណ្ឌ ថ្នាក់ខេត្ដ រាជធានី។

ទី២-ដើម្បី​ជា​ប្រយោជន៍​សម្រាប់​សហគមន៍​ឥស្លាម ក៏ដូចជា​វិស័យ​នយោបាយ​ជាតិ​នៅរៀង​រាល់​ឆ្នាំ ត្រូវ​ប្រែក្លាយ​ខ្លឹមសារ​នៃការសូត្រ​គម្ពីរអាល់​គួរអាន​នៅថ្នាក់​ជាតិ​ទៅជា​សកម្មភាព​ជាក់​ស្ដែង ដែល​មាន​ខ្លឹមសារ​ប្រកប​ដោយសារៈ​សំខាន់​បំផុត​សម្រាប់​សាសនា​ឥស្លាម។ ក្រសួង​ធម្មការ និងសាសនា រួមជា​មួយស្ថាប័ន​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា​គួរ​ចាត់​ឱ្យ​មាន​ជាប្រធាន​បទ​ស្នូល ហើយ​ផ្លាស់ប្ដូរ​ជារៀងរាល់ឆ្នាំ​ស្រប​នឹង​ស្ថានភាព និងកាលៈ​ទេសៈ​នៃ​ប្រទេ​សជាតិ។ ឧទាហរណ៍​ឥស្លាម និង​សន្ដិភាព ឬ​ឥស្លាម និង​ការអភិវឌ្ឍ​ជាដើម។ លើស​ពី​នេះ​ទៀត​គឺជាការល្អ​ណាស់​ប្រសិន​បើមានការ​បង្កើត​ជាសិក្ខា​សាលា ការ​ផ្សាយ​តាម​វិទ្យុ ឬ​យ៉ាង​ហោចណាស់​ចេញជាអត្ថបទ​សរសេរ​ជា​ឯកសារ ឬ​ជាសៀវភៅ​ដែល​ទាក់ទង​នឹង​ប្រធាន​បទ​ស្នូល​សម្រាប់​បេក្ខជន បេក្ខនារី ដល់​អ្នក​ស្ដាប់ និង​អ្នក​ចូលរួម ដើម្បី​ជាមូល​ដ្ឋាន ឬ​គំរូ​សម្រាប់​ថ្នា​ក់ក្រោម​ជាតិ​អនុវត្ដ​បន្ដ​ឱ្យ​មាន​ប្រសិទ្ធ​ភាព។

ទី៣-ចំពោះ​បេក្ខជន-បេក្ខនារី (ករី-ករីអះ) ដែល​ត្រូវបាន​ជាប់​ជម្រើស​ជ័យលាភី​ទៅ​ចូលរួម​ក្នុង​ការ​សូត្រ​លើឆាក​អន្ដរជាតិ ទាំង​ក្នុង​ក្របខណ្ខ​អាស៊ាន​សូមយក​ចិត្ដទុក​ដាក់​ថា ខ្លួន​ជា​តំណាង​ឱ្យ​ប្រទេសជាតិ​កម្ពុជា​យើង ដូច្នេះ​កិត្ដិយស និងកិត្យានុភាព​របស់​ប្រទេស​ជាតិ និង​ទទួល​បាន​នូវ​ភាព​ថ្លៃថ្នូរ ពីសំណាក់​ប្រជាជាតិ​នានា ដែល​បាន​ចូលរួម​ជាពិសេស​ប្រទេស​ជា​ម្ចាស់ផ្ទះរៀប​ចំ​ពិធីនេះ។ លើស​ពីនេះ​ទៅទៀត សូម​បងប្អូន​បន្ដ​អនុវត្ដ​នូវទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ម្ចាស់​ផ្ទះ និងប្រទេស​នានា​ដែលបាន​ចូលរួម ដែល​នឹង​នាំ​មក​នូវផល​ប្រយោជន៍ជូន​សហ​គមន៍​ឥស្លាម និង​សង្គមជាតិ​កម្ពុជា​ផង​ដែរ។

ទី៤-តាមរយៈ​ក្រសួង​ធម្មការ និង​សាសនា​គណៈដឹកនាំ​ជាន់ខ្ពស់​នៃសាសនា​ឥស្លាម​កម្ពុជា ត្រូវ​បន្ដ​ការខិតខំ​ប្រឹងប្រែង​ថែមទៀត ក្នុង​ការចូលរួម​អភិវឌ្ឍ​វិស័យ​សង្គម​កិច្ច ជា​ពិសេស​ផ្នែក​អប់រំ សុខាភិបាល និង​វិស័យសេដ្ឋកិច្ច ដែល​ជា​ការរួម​ចំណែក​ពិតប្រាដក ក្នុង​ការកាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា។ ក្នុងស្មារតីនេះ សូម​បន្ដទំនាក់ទំនង​ការងារ​ជាមួយ​ប្រទេស​ឥស្លាម​ជាមិត្ដ រួម​ទាំង​អង្គការ សមាគម និង​សប្បុរសជន ដើម្បី​ស្វែងរក​ជំនួយ និង​ការឧបត្ថម្ភ​នានា​ដល់ការ​អភិវឌ្ឍ​សហគមន៍​ឥស្លាម​កម្ពុជា ជាពិសេស​រកអាហា​រូបករណ៍​ជូនសិស្ស​និស្សិត​មូស្លិម ដើម្បី​បន្ដ​ការសិក្សា​ទាំង​កម្រិត​ទូទៅ ទាំងឯកទេស​ក្នុងវិស័យ​នានា​ឱ្យបាន​កាន់​តែច្រើ​ន។

ទី៥-ថ្នាក់​ដឹកនាំ​ឥស្លាម និង​សាសនិក​ឥស្លាម​ទាំងអស់​ត្រូវរួម​សហការ​គ្នា សាមគ្គីគ្នា និងឯក ភាព​ផ្ទៃក្នុង​នៅសហគមន៍​ឥស្លាម​កម្ពុជា ហើយ​ប្រឆាំង​ជាដាច់ខាត​នូវគំនិត​បំបែក​បំបាក់ និង​យក​សាសនា​ឥស្លាម​ធ្វើជាខែល​បម្រើ​មហិច្ឆតា​ផ្ទាល់​ខ្លួន ដែល​ខុស​ពីច្បាប់​សាសនា​ឥស្លាម។

ទី៦-សហគមន៍​ឥស្លាម​កម្ពុជា​ត្រូវ​មាន​ទំនាក់ទំនង និង​សហប្រតិបត្ដិការ​ល្អ សហការ​គ្នា និង សាមគ្គីគ្នា​ជាមួយ​សហគមន៍​សាសនាដទៃទៀត​ទាំងក្នុង​ថ្នាក់​ជាតិ និង​អន្ដរជាតិ ដើម្បី​សុខ​សន្ដិ​ភាព និង​ការអភិវឌ្ឍ​នៅកម្ពុជា​យើង។ ដោយបា​នប្រកាស​ផ្តល់ថវិកា​ផ្ទាល់ខ្លួន​ចំនួន ៥ ០០០ ដុល្លារ​ក្នុងមួយឆ្នាំ​សម្រាប់ទ្រទ្រង់​មូល និធិនៃការ​ប្រឡងសូត្រ​គម្ពីរអាល់គួរអានុលការីម​ជា​រៀង​រាល់​ឆ្នាំនោះ សម្តេចតេជោ មានប្រសាសន៍ថា ជាការពិត ការអនុវត្ដបាន​តាម​គោលគំនិត​ទាំង​នេះ​នឹងរួមចំណែក​ធ្វើឱ្យសាសនា​ទាំងអស់​ទាំងព្រះពុទ្ធ​សាសនា ឥស្លាមសាសនា គ្រិស្ដសា​ស​នា និង​និកាយផ្សេងៗ​គ្នាអា​ចរួមរស់នៅ​ជាមួយ​គ្នា​ប្រកប​ដោយ​ភាពសុខដុមរមនា ការធានា​រក្សា​បាន​នូវ​សុខ សន្ដិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ជា​លំ​ដាប់​នៃជីវភាព​របស់​ប្រជាជន​យើង។ ក្នុងនោះ​ដែរ យើង​ក៏ត្រូវ​បន្ដ​ជំរុញ​ដល់​ការផ្ដល់ និង​ការ​ទទួល​យក​នូវចំណេះដឹង​សកល​ឱ្យបានទូលំ​ទូលាយ​នៅ​គ្រប់​មូលដ្ឋាន និង​សហគមន៍ និង​ត្រូវ​បន្ដ​ជំរុញ​ដល់ការងារ​ចែក​រំលែក​គ្នា​ឱ្យបាន​កាន់​តែច្រើន​ឡើង អំពី​វិស័យ​វប្បធម៌​ប្រពៃណី និង​សិល្បៈ នៅ​ក្នុងចំណោម​ប្រជាជ​នយើង ដើម្បី​ឱ្យបាន​ស្វែងយល់​ពីគ្នាទៅ​វិញ​ទៅ​មក និង​ដើម្បី​កសាង​សមិទ្ធផល​រួមគ្នា​នៅ​ក្នុងសង្គមជាតិ​យើង៕