Thursday, May 2, 2013

អា​យ៉ៃ​ឆ្លើយឆ្លង​រវាង សម​ រ​ង្ស៊ី​-​កឹ​ម​ សុខា​ កើត​ជំងឺ​ភ្លេច​សំដី​ខ្លួនឯង​ (ភាគទី០១)


បុព្វបុរស​ខ្មែរ​បាន​ ចងក្រង​នូវ​ច្បាប់​ទូន្មាន​ជា​ច្រើន​សម្រាប់​ដាស់តឿន​ ក្រើន​រំលឹក​ដល់មនុស្ស​ជំនាន់​ក្រោយ​ កុំឱ្យ​ភ្លេច​ស្មារតី​ នាំ​ឱ្យ​ខូច​កិត្ដិយស​ ស្អុយ​កេរ្ដិ៍ឈ្មោះ​ ដោយសារ​អំពើ​ដែល​ខ្លួន​បាន​សាង​ ។​ ពាក្យ​ថា​ « រនាប​បាក់​យក​រនាប​ជួស សម្តី​ហួស​គ្មាន​អ្វី​ជួស​​បាន​ »​ គឺជា​បំណង​ដ៏​ល្អ​បំផុត​សម្រាប់​ ដាស់​ស្មារតី​ដល់​អ្នកនយោបាយ​ខ្មែរ​ដែល​ និយម​ប្រើ​វោហារ​អួតអាង​ កាង​សម្ដី​ ឱ្យ​ងាក​មក​ប្រកាន់ពាក្យ​សច្ចៈ​វិញ​ ។​ តាម​ន័យ​នេះ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​ លោក​ កឹ​ម​ សុខា​ ត្រូវ​គេ​មើលឃើញ​ថា​ ជា​ជើងឯក​ខាង​អួត​ និយាយ​ក្រឡេចក្រឡុច​ មិន​អាច​យក​ជា​ការ​បាន​។​ ជាក់ស្ដែង​ កឹ​ម​ សុខា​ បាន​និយាយ​ប្រាប់​អ្នកគាំទ្រ​គណបក្ស​សិទ្ធិ​មនុស្ស​ពី​ភាព​ក្រឡេចក្រឡុច​របស់​ សម​ រ​ង្ស៊ី​ ដោយ កឹ​ម​ សុខា​ អះអាង​ថា​សម​ រ​ង្ស៊ី​ ក្បត់​ កឹ​ម​ សុខា​ ក្នុង​រឿង​ចូល​ប្រជុំ​សភា​ជា​លើក​ដំបូង​ បន្ទាប់​ពី​បោះ​ឆ្នោត​អាណត្ដិ​ទី​៤​ហើយ​ ដូច​ជា​ពាក្យ​ កឹ​ម​ សុខា​ លើក​ឡើង​ថា« យើង​អស្ចារ្យ​ យើង​បង្កើត​គណបក្ស​តែ​មួយឆ្នាំ​ទេ​មុន​បោះឆ្នោត​ យើង​បាន​ជិត​ ៤០​ម៉ីន​​សម្លេង​ទូទាំង​ប្រទេស ហើយ​ខាង​ប្រឆាំងនោះ​ដើរលាបពណ៌​យើង​ ដើរបង្ខូចយើងថា​ ពួកយើង​ជាអាយ៉ង​គេ​ ដើរ​ចោទថា​ លក់​ខ្លួន​ឲ្យ​គេ​ ស្រាប់តែដល់​បោះឆ្នោត​ហើយ ​​យើង​ថា​បោះ​​ឆ្នោត​ហ្នឹង​អត់ត្រឹម​ត្រូវ​ទេ​ អត់​ចូលប្រជុំ​ទេ​ ថា​អត់ចូលទាំងអស់គ្នា​។ ស្រាប់​តែ​អ្នក​​ថា​​​យើង​អាយ៉ង​ ចូលប្រូច​ ឯឯង​អាយ៉ង​នេះ​អត់​ចូល​ ឥឡូវ​អាណា​អាយ៉ង​អញ្ចឹង​ ដូច្នេះ​បងប្អូនឃើញទេ​ អ្នក​ចោទយើង​ថា​អាយ៉ង​ បែរជាចូលប្រជុំ​​ប្រូច​ ដាក់​កន្ទុយ​ចូល​ឃ្វៀន​ »​​
 
          ជា​ការ​ពិត​ណាស់​ ទាំង​សម​ រ​ង្ស៊ី​ ទាំង​ កឹ​ម​ សុខា​ សុទ្ធតែ​ធ្លាប់​ជួប​សន្ទនា​ដោយ​សម្ងាត់​ ជាមួយសម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ​ ហេតុនេះ​ទើប​អា​យ៉ង​ទាំង​២​ ស៊ីសាច់ហុតឈាម​គ្នា​ដណ្ដើម​យកឈ្មោះ​ ជា​អ្នក​កៀក​កិត​បំផុត​ នឹង​សម្ដេច​ ហ៊ុន​ សែន​ ដោយ​បិទ​បាំង​ពី​ភ្នែក​ប្រជាពលរដ្ឋ​ ។​ ករណី​នេះ​​ហើយ​ទើប​យើង​ឃើញ​ កឹ​ម​ សុខា​ ថា សម​ រ​ង្ស៊ី​ ជា​អា​យ៉ង​ ចំណែក​ សម​ រ​ង្ស៊ី​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ កឹ​ម​ សុខា​ ជា​អា​យ៉ង​របស់​អា​យ៉ង​ គឺ​អា​យ៉ង​២​ជាន់​ ប្រហែលជា​ សម​ រ​ង្ស៊ី​ ចង់​បញ្ជាក់​ថា​ បើ​ខ្លួន​គាត់​ (​សម​ រ​ង្ស៊ី​)​ជា​ អា​យ៉ង​សម្ដេច​ ហ៊ុន​ សែន​ ទៅ​ហើយ​ តើ​ កឹ​ម​ សុខា​ ធ្វើ​ជា​ អា​យ៉ង​ សម​ រ​ង្ស៊ី​ អ្វី​ទៀត​ មាន​ន័យ​ថា​ កឹ​ម​ សុខា​ ជា​អា​យ៉ង​របស់​អា​យ៉ង ​យ៉ាង​ពិតប្រាកដ​ ។​ មិន​ខុស​អី​នឹង​សម្ដី​ដែល​ សម​ រ​ង្ស៊ី​ ធ្លាប់​បញ្ជាក់​ថា« គណបក្ស​តូចតាច គណបក្ស​​ទើប​បង្កើត​​ក្រោយ​នោះ និងជាគណបក្ស​គេចិញ្ចឹម​ គេបង្កើត​ជាដៃជើង​គេ​ ជាអាយ៉ង​គេ​ អាយ៉ង​របស់​អាយ៉ង​ អាយ៉ង​២ជាន់ណា​បងប្អូន​។ បង​ប្អូន​គួរ​តែវិនិច្ឆ័យ​ ថាគណបក្ស​ណា​ ការពារ​ប្រជារាស្ត្រ​ កុំគ្រាន់​តែ​លើក​និយាយល្អម្សិលមិញ​ ទើប​តែ​ចាប់​ផ្តើម​ពី​ឆ្នាំ​ទៅ​ នោះ​គឺ​មិនមែន​ទេបងប្អូន​​ ត្រូវ​មើល​ទង្វើ​ ការ​តស៊ូ​ដែលគណបក្ស​ សម រង្ស៊ី តស៊ូ​ គឺ ១២ឆ្នាំ​ហើយដែល​ហ៊ាន​ចេញមុខ​ប្រឆាំង​​ » ។​

          ចំណែក​ កឹ​ម​ សុខា​ ឆ្លើយ​តប​នឹង​ពាក្យ​ សម​ រ​ង្ស៊ី​ វិញ​ទាំង​ញ័រ​មាត់​ញ័រ​ក​ចំពោះ​សេចក្ដី​ពន្យល់​របស់​សម​ រ​ង្ស៊ី​ខាង​លើ​នេះ​ ដោយ​ កឹ​ម​ សុខា​ បាន​ចាត់​ទុក​ សម​ រ​ង្ស៊ី​ ជា​ខ្មែរក្រហម​ និង​ជា​សម្ដី​សម្លាប់​ជីវិត​នយោបាយ​របស់ កឹ​ម​ សុខា​ ។​ ព្រឹត្ដិ​ការណ៍​នេះ​ កឹ​ម​ សុខា​ ចង់​ប្រាប់​ទៅ​សកម្ម​ជន​គណបក្ស​សិទ្ធិ​មនុស្ស​ថា​ សម​ រ​ង្ស៊ី​ ជា​មនុស្ស​ដែល​មិន​អាច​ទុកចិត្ដ​បាន​ទេ​និង​មិន​ដែល​គោរព​ពាក្យ​សន្យា​ម្ដងណា​ឡើយ​។​ដូច​ជាពាក្យ​កឹ​ម​ សុខា​ ធ្លាប់​និយាយ​ថា« គេថា​គណបក្ស​សិទ្ធិមនុស្ស​ ហ៊ុន សែន បង្កើត​ ប៉ុន្តែ​ គោលបំណង​គណបក្ស សិទ្ធិមនុស្ស​ដើម្បី​ដូរ ហ៊ុន សែន​ ចេញ​ បើគេ​បង្កើត​ដើម្បី​ដូរគេ​ ក៏ព្រមដែរ​ » ។​​​ កឹ​ម​ សុខា​ បាន​បញ្ជាក់​ទៀត​ថា​ “​បើ​ហ៊ុន​ សែន​ អ្នក​បង្កើត​ ចុះ​បោះ​ឆ្នោត​ ហើយ​ ម៉េច​ក៏​គណបក្ស​សិទ្ធិ​មនុស្ស​មិន​គាំទ្រ​លទ្ធផល​បោះ​ឆ្នោតហ្នឹង​?​ ម៉េច​ក៏​​ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត​ហ្នឹង​?​ ប្រឆាំង​ហើយ​គេ​ហៅ​ចូល​ប្រជុំ​ ម៉េច​ក៏​អត់​​ចូល​ប្រជុំ​ ដូច្នេះ​អាហ្នឹង​គេ​ឱ្យ​ បង្កើត​ឬ​អត់?​​ ករណី​នេះ​កូន​ក្មេង​ក៏វា​​ចេះ​គិត​ដែរ​។​ដូច្នេះ​សម្ដី​នេះ​ សម​ រ​ង្ស៊ី​ បាន​ ដើរ​លាប​ពណ៌​គ្នា​​ អត់​ខុស​ពី​ខ្មែរក្រហម​ទេ​ ខ្មែរ​ក្រហម​​ដើរ​លាប​ពណ៌ ថា​អានេះ​ សេអ៊ីអា អានេះ កាហ្សេបេ ដើម្បី​ខុស​យក​ទៅ​សម្លាប់​ ដូច្នេះ​ប្រជាធិបតេយ្យ​ដែរ​ទេ?​​ បើ​ដើរ​លាប​ពណ៌​គេបែបនេះ​។​​ សូម​ឈប់​ទៅ​អា​ល្បែង​ដើរ​លាប​ពណ៌​គេ​ វា​អា​លាយ​ខ្លួនឯង​ទេ​ សិទ្ធិ​មនុស្ស​អត់​ អា​លាយ​ទេ​ មាសទឹកដប់​អត់​ខ្លាច​ភ្លើង​ទេ​ ”​ ។​ 

          មិនតែប៉ុណ្ណោះ​ កឹ​ម​ សុខា​ បាន​ផ្ញើ​សារ​ជា​បន្ទាន់​មួយ​ទៅ​ សម​ រ​ង្ស៊ី​ ឱ្យ​ឈប់​លើកយក​ការ​ពិត​មក​និយាយ​ក្នុង​ទី​សា​ធា​រ​ណៈ​ជា​បន្ទាន់​ បើ​មិន​ឈប់​ទេ​ រឿងអាស្រូវ​ របស់​ សម​ រ​ង្ស៊ី​ ជា​ច្រើន​នឹង​ត្រូវ​ទម្លាយ​ ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ កឹ​ម​ សុខា​ “ដូច្នេះ​ហើយ អ្នក​ដែលថា​ហ្នឹង​ ក្រែង​លោ​ៗ ជិត​បោះ​ឆ្នោត​ប្រយ័ត្ន​ បើ​នៅ​តែ​ថា​អញ្ចឹង​​ ទៀត​ ប្រយ័ត្ន​ កឹ​ម​ សុខា​ បញ្ចេញ​មានរឿង​ ខ្លះ​ នេះ​គ្រាន់តែ​ប្រាប់​ឱ្យ​ដឹង​មុន​ទេ​”​ ។​

          ឆ្លង​តាម​សម្ដី​មេ​បក្ស​ប្រឆាំង​ទាំង ​២​នេះ​ បញ្ជាក់​ឱ្យ​ឃើញ​ថា​ ពុំ​នោល « ​​រនាប​បាក់​​​យក​រនាប​ជួស​ សម្ដី​ហួស​គ្មាន​អ្វី​ជួស​បាន »​ ​ពិត​ជា​មាន​តម្លៃ​ជា​សកល​សម្រាប់​​ការ​អប់រំ​មនុស្ស​ឱ្យ​ចេះ​ប្រយ័ត្ន​សម្ដី​ ។​ ដូច​ករណី​ កឹ​ម​ សុខា​ បាន​លើក​ឡើង​ថា​ សម​ រ​ង្ស៊ី​ ជា​មនុស្ស​មិន​ស្មោះត្រង់​ ។​ សម​ រ​ង្ស៊ី​ មាន​រឿង​ស្អុយរលួយ​ច្រើន​ដែល​ កឹ​ម​ សុខា​ ជួយលាក់​។ ​ ឯ​សម​ រ​ង្ស៊ី​ បាន​លើក​ឡើង​ កឹ​ម​ សុខា​ ជា​មនុស្ស​ក្រឡេចក្រឡុច​ ជា​ដៃជើង​ និង​ជា​កូន​បក្ស​តូច​មួយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ​ចិញ្ចឹម​ ។​ ទាំងនេះ​គឺជា​សម្ដី​របស់​ កឹ​ម​ សុខា​ និង​ សម​ រ​ង្ស៊ី​ ដែល​បាន​និយាយ​ កាលពី​ឆ្នាំ​២០០៨​ តែ​ពេល​នេះ​ទាំង​ កឹ​ម​ សុខា​ ទាំង​ សម​ រ​ង្ស៊ី​ កំពុង​តែ​បំភ្លេច​សម្ដី​របស់​ខ្លួន​ដែល​បាន​បន្លឺ​ឡើង​ក្ដែ​ងៗ​នៅ​ ចំពោះ​មុខ​ប្រជាពលរដ្ឋ​ តើ​បងប្អូន​អាច​ជឿជាក់​លើ​សម្ដី​របស់​មេ​បក្ស​ប្រឆាំង​ ទាំងនេះ​បន្ដ​ទៀត​ឬ​យ៉ាងណា​?​

          តាម​ពិត​ មេ​បក្ស​ប្រឆាំង​ទាំង​២​ កឹ​ម​ សុខា​ ក្ដី​ សម​ រ​ង្ស៊ី​ ក្ដី​ សុទ្ធតែ​ជា​មនុស្ស​ ស៊ី​លៀស​រអៀសខ្លួន​ ព្រោះ​អ្នក​ទាំង​២ ​ពិត​ជា​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​សម្ដេច​ អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ យ៉ាង​ពិតប្រាកដ​ ។​ មិន​ខុស​អ្វី​ពី​ពុំ​នោល​បុរាណ​ពោល​ថា​ “​គោ​ដំបៅ​ខ្នង​ ក្អែក​ហើរ​ រំលង​រំសាយកន្ទុយ​”​ នោះ​ឡើយ​ ។​ ការ​ចង្អុល​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​របស់​មេ​បក្ស​ប្រឆាំង​ទាំង​២​ បាន​ក្លាយជា​ប្រធាន​បទ​ដ៏​សំខាន់​មួយ​សម្រាប់​​​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ទាំង​សងខាង​ ។​ អ្នកគាំទ្រ​ កឹ​ម​ សុខា​ មើលឃើញ​យ៉ាង​ច្បាស់​ថា​ សម​ រ​ង្ស៊ី​ គឺជា​អា​យ៉ង​សម្ដេច​ ហ៊ុន​ សែន​ ដោយ​ ហេតុ​ថា​ សម​ រ​ង្ស៊ី​ ត្រូវ​បាន​សម្ដេច​ហ៊ុន​ សែន​ អនុគ្រោះ​ទោស​កំហុស​ជា​ច្រើន​លើក ​ច្រើន​សា​រ​ ។​

          ការ​ខំ​លាង​ជម្រះ​ឱ្យ​ស្អាត​ពី​ពាក្យ ​ថា​ អា​យ៉ង​ហ៊ុន​ សែន​ របស់​ សម​ រ​ង្ស៊ី​ និង​កឹ​ម​ សុខា​ បាន​ច្រាន​មេ​បក្ស​ប្រឆាំង​ទាំង​២​ ធ្លាក់​ក្នុង​ភាព​ប្រកាប់ប្រចាក់​គ្នា​ចាប់ពី​ ថ្នាក់លើ​ដល់​ថ្នាក់​មូលដ្ឋាន​ ដោយសារ​ការ​រីក​រាលដាល​នូវ​អំពើ​អនាធិបតេយ្យ​ នៅ​តាម​ភូមិ​ ស្រុក​មួយ​ចំនួន​រហូត​កើត​មាន​អំពើ​ហិង្សា​ផង​នោះ​  សម្ដេច​ ហ៊ុន​ សែន​ ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លាត​ ត្រដាង​ការ​ពិត​នូវ​ ទំនាក់ទំនង​ កឹ​ម​ សុខា​ ជាមួយ​សម្ដេច​ ហ៊ុន​ សែន​ ក្នុង​ន័យ​សុំ​ឱ្យ​ កឹ​ម​ សុខា​ ហ៊ាន​ទទួលស្គាល់​ការ​ពិត​និង​ ជា​សារ​ជូន​ដល់​អ្នកគាំទ្រ​ កឹ​ម​ សុខា​ ថា​អ្វី​ ដែល​ សម​ រ​ង្ស៊ី​ និយាយ​នោះ​មិនជា​ខុស​ នោះ​ទេ​ ។​

          សម្ដេច​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ “​កឹ​ម​ សុខា​ មក​សួរ​យោបល់​ខ្ញុំ​ថា​ តើ​ឱ្យ​បន្ដ​ធ្វើ​NGO​ទៅ​​ទៀត​ ឬ​បង្កើត​បក្ស​ន​យោ​បាយ​?​ អញ្ចឹ​ង​សំណើ​សួរ​បែប​នេះ តើ​ខ្ញុំ​ឆ្លើយ​ថា​ម៉េច?​​ ខ្ញុំ​មិន​អាច​បដិសេធ​បាន​ទេ​ គាត់​សួរ​ខ្ញុំ​តាម​រយៈ​នៃ​អាជ្ញាកណ្ដាល​មួយ​ គាត់​សួរ​ថា​ តើ​ឱ្យ​គាត់​បន្ដ​ធ្វើ​អង្គការ​សិទ្ធិ​មនុស្ស​តទៅ​ទៀត ​ឬ​ក៏​បង្កើត​បក្ស​ន​យោ​បាយ?​​ ចម្លើយ​របស់ខ្ញុំ​ បើ​ខ្ញុំ​ឆ្លើយ​ថា​ ឱ្យ​គាត់​ធ្វើ​NGO​ មិន​ឱ្យធ្វើ​បក្សនយោបាយ​ ដូច​ជា​ខ្លាច​គាត់​ អញ្ចឹ​ង​​​ពេល​នោះ​ ខ្ញុំ​ឆ្លើយ​ គួរ​ធ្វើ​បក្សនយោបាយ​តែ​ម្ដង​ទៅ​ បាន​វាត​ភាគ ​ត​រឿង ​ត​រ៉ាវ​ ហើយ​គាត់​មួយ​ភាគ​ ធ្វើការ​ជាមួយ​ឯកឧត្ដម​ ញឹ​ម​ វណ្ណ​ដា​ គាត់​មួយ​ភាគ​ធ្វើការ​ជាមួយ​ខ្ញុំ​អា​រឿង​បង្កើត​បក្ស​នេះ​”​ ។​

          បន្ទាប់​ពី​សម្ដេច​អគ្គមហាសេនាបតី​ តេ​ជោ​ ហ៊ុន​ សែន​ ប្រមុខ​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ធ្វើ​សេចក្ដី​បញ្ជាក់​ពី​ទំនាក់​ ទំនង​ដ៏​ស៊ីជម្រៅ​រួច​មក​ គណបក្ស​ សម​ រ​ង្ស៊ី​ បាន​យក​ប្រសាសន៍​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ ធ្វើ​ជាដើម​ទុន​សម្រាប់​វាយ​ប្រហារ​លើ​ កឹ​ម​ សុខា​ ជា​ហេតុ​ធ្វើ​ឱ្យ​ គណបក្ស​សម​ រ​ង្ស៊ី​ មាន​ប្រៀប​លើ​ កឹ​ម​ សុខា​ ។​ ក្នុង​នោះ​ គង់​ គាំ​ អនុប្រធាន​គណ​បក្ស​សម​ រ​ង្ស៊ី​ ដែល​កឹ​ម​ សុខា​ ហៅ​ថា​ អនុប្រធាន​ទីងមោង​ បាន​បញ្ជាក់​ពី​ កឹ​ម​ សុខា​ ជា​អា​យ៉ង​សម្ដេច​ ហ៊ុន​ សែន​ ប្រាប់​ទៅ​អ្នកគាំទ្រ​ សម​ រ​ង្ស៊ី​ យ៉ាង​ដូច្នេះ​ “​សម្ដេច​តេ​ជោ​គាត់​ថា​ ខា​អើយ​ខា​ សមាជ​ បើក​គណបក្ស​ខា​ឯង​ដែល​ខ្ញុំ​ជួយ​ស្ដា​តអូ​ឡាំ​ពិ​ក​នោះ​ជោគជ័យ​ល្អ​ណាស់​មែន​ទេ​?​ ​ ខា​ គេ​ឆ្លើយ​ថា​ បាទ​សម្ដេច​!​ សម្ដេច​នោះ​ ក៏​មាត់រអិល​ទៀត​ សួរ​ថា​អស់​លុយ​ប៉ុន្មាន?​  បើ​អត់​ជួយ​លុយ​គេ​ផង​ ចាំ​សួរ​ធ្វើ​អី?​​ លុយ​ហោប៉ៅ​គេ​សោះ​ ចង់​សួរ​គេ​ដែរ​ ។​ ដល់​មួយ​វគ្គ​ទៀត​ សម្ដេច​តេ​ជោ​ថា​ អើ​ ខា​ឯង​ មាន​បក្ស​ហើយ​ បក្ស​ខា​ឯង​ត្រូវ​អូស​ទាញ​ កម្លាំង​ពី​ សម​ រ​ង្ស៊ី​ ម៉ោ​ មើល​ប្រធាន​ខេត្ដ​ណា​ ខ្លាំងៗ ​របស់​សម​ រ​ង្ស៊ី​ ទាញ​ម៉ោ​ ។​ដល់​នេះ​ ពេល​​ខា​សម្ភាសន៍​ជាមួយ​អាស៊ី​សេរី​ អញ្ចឹ​ង​មែន​ទេ​ លោក​ កឹ​ម​ សុខា? លោក កឹម សុខា ​ ថា​ ហ៊ុន​ សែន​ គំនិតអាក្រក់​តែម្តង​​ថត​ទុក។​​ខា​​ថា​ គាត់​មានគំនិត​អាក្រក់​គាត់​ចេះ​តែ​ថា​ទៅ​ ខ្ញុំ​ មាន​​អ៊ឺ​អើ​ជាមួយ​គាត់​ឯណា​...​ប៉ិន​មិន​អឺ​អើ​មែន​ ប៉ិន​លួច​ធ្វើ​តាម​សម្ដេច​យក​  ម៉ៅ​ មុនី​វណ្ណ​ ពី​គណបក្ស​ សម​ រ​ង្ស៊ី​ទៅ​បាន​ហើយ​ សូម​រាយការណ៍​ ជូន​សម្ដេច​។​ មិន​បាន​ថា​ តែ​ធ្វើ​ កឹ​ម​ សុខា​ ធ្វើ​ហើយ​ឥឡូវ​ហ្នឹង​មើលចុះ​ អត់​មាន​មួល​បង្កាច់​ អត់​មាន​លាប​ពណ៌​អ្វី​ទេ​”​ ។​

          សេចក្ដី​បញ្ជាក់​របស់​ គង់​ គាំ​ ប្រៀប​ បាន​នឹង​យក​ដុំ​ភ្លើង​ទៅ​ញាត់​មាត់​កឹ​ម​ សុខា​ ឱ្យ​ឆេះ​រោលរាល​គ្មាន​អ្វី​ត្រូវ​ឆ្លើយ​តប​ ឬ​ពន្យល់​ទៅ​អ្នកគាំទ្រ​គណបក្ស​សិទ្ធិ​មនុស្ស​ ឱ្យ​គេច​ផុត​ពី​ពាក្យ​ថា​អា​យ៉ង​សម្ដេច​ ហ៊ុន​ សែន​ និង​ដោយសារ​ គង់​ គាំ​ បាន​ច្រាន​ទ្រូង​កឹ​ម​ សុខា​ ផ្ទប់​នឹង​​ជញ្ជាំង​ទៅ​ហើយ ហើយ​​អ្វី​ដែល​កឹ​ម​ សុខា​ ត្រូវ​ដោះស្រាយ​នោះ​ តើ​កឹ​ម​ សុខា​ ជា​អា​យ៉ង​សម្ដេច​ហ៊ុន​ សែន​ ពិត​ឬ​មិន​ពិត​? ​ កឹ​ម​ សុខា​ បែរជា​ជេរ​ប្រមាថ​ គង់​ គាំ​ ថា​ជា​ទីងមោង​ មាន​ន័យ​ថា​ មនុស្ស​ល្ងង់ខ្លៅ​ និង​ជា​មនុស្ស​គេ​ ដាក់​កន្ដ្រក​ មាន​ន័យ​ថា​ ជា​ជន​បញ្ញើក្អែក​ ខ្ចី​ដង្ហើម​គេ​ដក​ ។​ 

សូម​ស្ដាប់​សេចក្ដី​បញ្ជាក់​ ពី​ កឹ​ម​ សុខា​ “​មេ​បក្ស​ខ្លះ​អួត​ថា​ប្រជា​ធិ​ប​តេ​យ្យ​ អនុប្រធាន​ហ្នឹង​ដូច​ដាក់​កន្ដ្រក​ស្ពាយ​តាមទេ​​ គេ​អត់ឱ្យ​និយាយ​អី​ទេ​។ ដោយសារ​គេ​អត់​នៅទេ​ទើប​គេ​ឱ្យ​និយាយ​យូរៗ​ម្ដង​ និយាយ​ទៅ​ខុស​ទៀត​ និយាយភ្លាវទៀត​ ដូច្នេះ​គេ​អត់​ដែល​ឱ្យ​ចេញ​មុខ​ផង​ហ្នឹង​ គេ​ដាក់​កន្ដ្រក​តាម​ហ្នឹង​ ជា​អនុ​ប្រ​ធាន​ទីងមោង​ហ្នឹង​ ដូច្នេះ​មក​ធ្វើ​ឯង​អួត​ខ្លាំង​អី​ អនុប្រធាន​ទីងមោង​ពេល​គេ​នៅ​គេ​មិន​ឱ្យ​ចេញ​ធ្វើ​អី​ផង​ហ្នឹង​”​ ។​

          ដោយសារ​ កឹ​ម​ សុខា​ មិន​ព្រម​សារភាព​ បែរជា​ជេរ​ប្រមាថ​គង់​ គាំ​ ថា​ជា​អ្នក​ខ្ចី​ដង្ហើម​គេ​ដក​ និង​ជា​មនុស្ស​ល្ងង់ខ្លៅ​ មនុស្ស​ទីង​ មោង​ គង់​ គាំ​ បាន​ប្រាប់​ទៅ​អ្នកគាំទ្រ​ គណបក្ស​សម​ រ​ង្ស៊ី​ ថា​ កឹ​ម​ សុខា​ ជា​អា​ យ៉ង​សម្ដេច​ ហ៊ុន​ សែន​ ដោយ​ផ្អែក​តាម​ សម្ដី​ដើម​ទាំងស្រុង​ក្នុង​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​រវាង​សម្ដេច​ ហ៊ុន​ សែន​ នឹង​កឹ​ម​ សុខា​ ។​

​សូម​ស្ដាប់​សម្ដី​បញ្ជាក់​របស់​ គង់​ គាំ ៖​“​កឹ​ម​ សុខា​ គេ​លែង​ជឿ​ហើយ​ ពីព្រោះ​ នៅ​ក្នុង​អា​ស្អី​ អាថ​​កំបាំង​សម្ងាត់​អីហ្នឹង​ នៅ​មួយ​វគ្គ​ទៀត​ សម្ដេច​តេ​ជោ​ថា​ ខា​យូរៗ​ ខា​ឯង​ដាក់​ខ្ញុំ​មួយ​ក្ឌាំង​ទៅ​ ខ្ញុំ​ដាក់​ខា​ឯង​ ម៉ា​ក្ឌាំង​ទៅ​ ដើម្បី​ឱ្យ​គេ​ជឿ​ថា​ ខា​ឯង​និង​ ខ្ញុំ​ឈ្លោះ​គ្នា​ មិនមែន​គ្នា​ឯង​ទេ​ តែ​ការ​ពិត​គ្នា​ឯង​សោះ​ ដូច្នេះ​គាត់​ដាក់​អា​ខ្សែ​អាត់​នោះ​ម៉ា​ក្ឌាំង​ទៅ​ដើម្បី​ជួយ​លាង​ កឹ​ម​ សុខា​ ថា​មើល​យើង​ឈ្លោះ​គ្នា​មែន​ហ្នឹង​  មាន​ត្រូវ​គ្នា​ឯណា​”​ ។​

 ដូច្នេះ​ការ​លាក់​ លៀម​របស់​ កឹ​ម​ សុខា​ មិន​ចង់ឱ្យ​អ្នក​គាំ​ ទ្រ​ដឹង​ពី​ទំនាក់ទំនង​ស៊ីជម្រៅ​ជាមួយ​សម្ដេច​ ហ៊ុន​ សែន​ ពិសេស​ខ្លាច​សម​ រ​ង្ស៊ី​ យក​ធ្វើ​ ជា​គោលដៅ​នៃ​ការ​វាយប្រហារ​ កឹ​ម​ សុខា​ រឹតតែ​បង្កើន​កំហឹង​លើ​បក្ស​សម​ រ​ង្ស៊ី​ ទ្វេ​ដង​ថែម​ទៀត​ ។​ 

          កឹ​ម​ សុខា​ បាន​បញ្ជាក់​ពី​អ​សមត្ថ​ភាព​ក្នុង​ការ​ដឹកនាំ​បក្ស​របស់​លោក​ សម​ រ​ង្ស៊ី​ និង​ប្រវត្ដិ​នៃ​ការ​ចាញ់ឆ្នោត​របស់​ សម​ រ​ង្ស៊ី​ យ៉ាង​ដូច្នេះថា ៖ “​ងាក​ទៅ​គណបក្ស​ហ៊្វុន​​ស៊ិ​ន​ប៉ិច​រាជា​និយម​ អា​លំ​អា​លាយ​ខ្ទេច​ ឥឡូវ​ងាក​មក​សម​ រ​ង្ស៊ី​ ដូច​ឯកឧត្ដម​ ម៉ៅ​ មុនី​វណ្ណ​ថា​ អត់​មាន​អ្នក​ចូល​ មាន​តែ​អ្នក​ចេញ។​​ អ្នក​ដែល​នៅ​ពី​ឆ្ងាយ​ មើល​ពី​ឆ្ងាយ​​ ឃើញ​ថា​ល្អ​ ស្រឡាញ់​ណាស់​ ស្រាប់តែ​ទៅ​ដល់​ជិត​ ធំគ្មឹះៗ ថយ​ចេញ​វិញ​ ចេះ​តែ​ថយ​បន្ដបន្ទាប់​ទៅ​ គេ​មិន​ចង់​នៅ​ក្រោម​ដំបូល​របស់​បុគ្គល​ម្នាក់ ​ពីរ​នាក់​នោះ​ទេ​ ។​ គេ​ត្រូវ​នៅ​ក្រោម​ ដំបូល​ប្រជាធិបតេយ្យ​ គេ​អ្នកមាន​ឧត្ដម​គតិ​ជាតិ​ គេ​មិន​ទៅ​​បម្រើ​បុគ្គល​ បម្រើ​គ្រួសារ​នោះ​ទេ​ គេ​អួត​ថា​មាន​តែ​ សម​ រ​ង្ស៊ី​ ទេ​ ជាជើង​ឯក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ជើង​ឯកអី គេ​ទាត់​ខ្ទាត​​អស់​​ហើយ​​ហ្នឹង​​ ឯក​តែ​ម្នាក់​ឯង​ទៅ​”​ ។​ 

          ការ​ប្រទូស្ដ​រ៉ា​យ​គ្នា​រវាង​សម​ រ​ង្ស៊ី​ នឹង​ កឹ​ម​ សុខា​ បាន​រុញច្រាន​មេ​បក្ស​ប្រឆាំង​ ទាំង​២​ឱ្យ​ធ្លាក់​ពី​គន្លង​ប្រជាធិបតេយ្យ​ និង​បាត់បង់​ទាំងស្រុង​នូវ​តម្លៃ​ជា​អ្នក​នយោបាយ។​​ នេះ​ហើយ​ជាដើម​ហេតុ​នាំ​ឱ្យ​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ទាំង​២​ ដក​ការ​ទុក​ចិត្ដ​ពី​មេ​បក្ស​ប្រឆាំង​មក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ។​ កឹ​ម​ សុខា​ ដែល​គេ​ ដឹង​គ្រប់​គ្នា​ថា​ ជា​មេ​បក្ស​តូចតាច​ហាក់​ ចង់​ប្រាប់​មក​សម្ដេច​តេ​ជោ​ហ៊ុន​ សែន​ ថា​បើ​ដឹង​ចំណុចខ្សោយ​ខ្ញុំ​​ហើយ​ ម្ដេច​មិន​ជួយ​ លាក់​ផង​ ចាំបាច់​បញ្ចេញ​ឯកសារសន្ទនា​នេះ​ធ្វើ​អ្វី?​
          បើ​យោង​តាម​ប្រសាសន៍​របស់​សម្ដេច​តេ​ ជោ​ ហ៊ុន​ សែន​ ប្រមុខ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ការ​បែកធ្លាយ​រឿង​ឯកសារ​សន្ទនា​នេះ​ មាន​ដើមហេតុ​យ៉ាង​ដូច្នេះ​ “​ប្រហែលជា​អ្នក​ដែល​បញ្ចេញ​ឯកសារ​ ព្រោះ​ឯកសារ​វា​នៅ​ក្នុង​សំណុំ​ឯកសារ​។​ ឯកសារ​គេ​យក​ទៅ​រក្សា​ទុក​នៅ​មួយ​កន្លែង​ ប៉ុន្ដែ​ប្រហែលជា​បងប្អូន​គេ​បញ្ចេញ​ទៅ​ ដោយសារ​តែ​គេ​ខឹង​ឯកឧត្ដម​ កឹ​ម​ សុខា​ ហ្នឹង​ តែងតែ​បដិសេធ​ថា​ គ្មាន​ទំនាក់​ ទំនង​អ្វី​ទេ​ គាត់​តែងតែ​ស្បថស្បែ​ជាមួយ​ ខាង​សម​ រ​ង្ស៊ី​ នោះ។​​ ដល់​អញ្ចឹង​បងប្អូន​ប្រហែល​​ជា​ធុញទ្រាន់​ពេកក៏​​រុញ​អា​ឯកសារ​ហ្នឹង​ចេញ​ទៅ​ អាហ្នឹង​រឿង​វា​អញ្ចឹង​​ទៅ​ ។​ ប៉ុន្ដែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ នៅ​ក្នុង​ហ្នឹង​ ខ្ញុំ​បាន​ណែនាំ​ថា​ ខា​អើយ​ ខ្ញុំ​ហៅ​ថា​ខា​អញ្ចឹង​​ ​សួរ​តាំងពី​កូន​ប៉ុន្មាន​អី​ប៉ុន្មាន​។​ ហើយ​គេ​ចរារណ៍​​អាហ្នឹង​លឿន​ណាស់​ ហើយ​អ្នក​ចរារណ៍​​លឿន​ជាងគេ​ គឺ​ខាង​គណបក្ស​ សម​ រ​ង្ស៊ី​ ចរាចរណ៍​​អា​ឯកសារ​ហ្នឹង​ ព្រោះ​គណបក្ស​សម​ រ​ង្ស៊ី​ សង្ស័យ​យូរហើយ​”​ ។​ 

          សេចក្ដី​បំភ្លឺ​របស់​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​ ជុំវិញ​សំណុំរឿង​ឯកសារ​សន្ទនា​តាម​ទូរស័ព្ទ​ត្រូវ​បាន​គណបក្ស ​សម​ រ​ង្ស៊ី​ ចាត់​ ទុក​ថា​ ជា​ភស្ដុ​តាង​ដ៏​មាន​តម្លៃ​បំផុត​  សម្រាប់​បញ្ជាក់​ទៅ​អ្នកគាំទ្រ​ សម​ រ​ង្ស៊ី​ និង​អ្នកគាំទ្រ​បក្ស​សិទ្ធិ​មនុស្ស​ថា​ កឹ​ម​ សុខា​ ជា​មនុស្ស​របស់​សម្ដេច​ហ៊ុន​ សែន​។​  ក្នុង​ហេតុការណ៍​នេះ​ គង់​ គាំ​ បាន​បញ្ជាក់​ យ៉ាង​ឡា​រិ​ក​ប្រាប់​ទៅ​អ្នកគាំទ្រ​គណបក្ស​សម​ រ​ង្ស៊ី​ ឱ្យ​ចាំ​ទុក​ថា​ បើ​ចូល​ជាមួយ​ កឹ​ម​ សុខា​ ចូល​ជាមួយ​សម្ដេច​ហ៊ុន​ សែន​ តែ​ម្ដង​ទៅ​ ។​ 

          នេះ​បើ​តាម​ការ​ផ្ដាំ​របស់​ គង់​ គាំ​ “​មក​ដល់​ ធ្លាយ​ឯកសារ​អាទិ៍កំបាំងអី​ម្ង៉ៃ​ណោះ​ទៀត​ ហ្នឹង​ កាន់តែ​ធ្វើ​ឱ្យ​ខ្ញុំ​យល់​ថា​ បើ​ចូល​ជា​ មួយ​ កឹ​ម​ សុខា​ ចូល​ជាមួយ​ ហ៊ុន​ សែន​ តែ​ម្ដង​ហើយ​នេះ​”​ ។​ 

          ចំណែក​លោក​ ថា​ច់​ សេដ្ឋា​ មន្ត្រី​គណបក្ស​ សម​ រ​ង្ស៊ី​ ដែល​ស្អប់ខ្ពើម​ចរិត​ គ្មាន​អៀនខ្មាស​របស់​ កឹ​ម​ សុខា​ បាន​សម្ដែង​នូវ​ក្ដី​អស់សង្ឃឹម​ចំពោះ​អ​នា​គតនៃ​​ជីវិត​នយោបាយរបស់​គណបក្ស​ សម​ រ​ង្ស៊ី​ ដែល​ចេះ​តែ​រួម​តូច​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ខែ​ ពី​មួយ​ខែ​ទៅ​មួយ​ឆ្នាំ​ បាន​ថ្លែង​ថា“​ចង់បាន​ រួបរួម​គ្នា​ ប៉ុន្ដែ​ទន្ទឹម​នឹង​ចង់បាន​តែងតែ​រិះគន់​ វាយប្រហារ​​គ្នាឯង​​ សូម​ឱ្យ​លោក​ទាំង​អស់​គ្នា​ពិចារណា​ទាំងអស់​គ្នា​មើល៍​។​ យើង​ដឹង​ហើយ​ កាលណា​វ៉ៃ​គ្នា​វា​ចំណេញ​អ្នក​ណា? វា​មិន​​ចំណេញ​គណបក្សកាន់អំណាច​ អញ្ចឹង​​ កាលណា​យើង​វ៉ៃ​គ្នា​យើង​ខ្លាំង​កាលណា​ អាហ្នឹង​ គឺ​គេ​សប្បាយចិត្ដ​កាល​ហ្នឹង​ ហើយ​មិនមែន​គណបក្ស​របស់​គាត់​ផ្ទាល់​ខ្លួន​ហ្នឹង​ចំណេញ​ទេ​ ។​ ទោះបី​គាត់​ឡើង​៥​ កៅអី​ក៏ដោយ​ ក៏​​មិន​ឈ្នះ​។​ ឯ​សម​ រ​ង្ស៊ី​ ចុះ​១០​កៅអី​ ក៏​នៅតែ​​មិន​ឈ្នះ​ អាហ្នឹង​នៅ​តែ​ចំណេញ​គណ​បក្ស​ប្រជាជន​ដដែលទេ​​ សូម​ឱ្យ​លោក​ទាំង​អស់​គិតពិចារណា​ មិនមែន​យើង​គ្រាន់​តែ​ថា​ចង់​ រួបរួម​​ ប៉ុន្ដែ​លក្ខខណ្ឌ​យើង​រាប់​មិន​អស់​ គណបក្ស​សម​ រ​ង្ស៊ី​ មាន​ក្រុមប្រឹក្សា​ទាំង​អស់ហើយ​ធ្វើ​អី​មិនកើត​ បាន​តែ​និយាយ​ ហើយ​មិន​ព្រម​ធ្វើ​ សុទ្ធតែ​គណបក្ស​បុគ្គលអី ​ ខ្ញុំ​បានឮ​ ហើយ​ខ្ញុំ​មិន​និយាយទេ​​ ​តែ​សុំ​ឱ្យ​ប្រជាពលរដ្ឋ​គិត​ថា​ រាល់​ការ​លើក​ឡើង​ រាល់​ការ​វាយប្រហារ​ទាំងអស់​ តើ​បាន​ចំណេញ​ ទៅ​លើ​អ្នក​ណា​?​ គិតតែ​ប៉ុណ្ណឹង​បាន​ហើយ​ ហើយ​បើ​ចំណេញ​ឱ្យ​អ្នក​ណា​ តើ​អ្នក​នយោបាយ​ទាំងអស់នោះ​​​បម្រើ​ឱ្យ​នយោបាយ​​គណបក្ស​ណា?​​ ថា​ខ្លួនឯង​គ្រាន់បើ​ទៀត​ ថា​ខ្លួនឯង​​អ្នក​សេ​ហ្នា​ជាតិ​ទៀត​ តាម​ពិត​បំបែក​កម្លាំង​គ្នា​សោះ​ហ្នឹង​”​ ។​ 

          សម្ដី​ ថា​ច់​ សេដ្ឋា​ ដែល​ខំ​ពន្យល់​ ទៅ​ កឹ​ម​ សុខា​ ឱ្យ​ឈប់​ ហែកហួរ​បក្ស​សម​ រ​ង្ស៊ី​ មិន​អាច​ពន្លត់​ភ្លើងកំហឹង​ដែល​ ឆេះ​រោលរាល​ពេញ​ទ្រូង​ កឹ​ម​ សុខា​ បាន​ ឡើយ​ ។​ ផ្ទុយ​ទៅ​វិញ​ ការ​ឆ្លើយ​តប​របស់​ ថា​ច់​ សេដ្ឋា​ ប្រៀប​បាន​នឹង​យក​សាំង​ទៅ​ ជះ​លើ​ភ្លើង​ឱ្យ​កាន់​​តែ​ឆាបឆេះ​ទ្វេ​ដង​ថែម​ទៀត​ ។​ អញ្ចឹង​​ហើយ ​ទើប​បុរាណ​ផ្ដាំ​ទុក​ថា​ “​កុំ​ពត់​ ស្រឡៅ​ កុំ​ប្រដៅ​ជនពាល​”​ ។​ សូម​ស្ដាប់​ ការ​ឆ្លើយ​តប​របស់​ កឹ​ម​ សុខា​ ដែល​ឋិត​ក្នុង​ភាព​កំរោលចូល​ប្រៀប​បាន​នឹង​សម្ដី​ជនពាល​ ជ្រក​ក្រោម​ស្លាក​សិទ្ធិ​មនុស្ស​ បាន​ដោះសារ​​ ដូច​តទៅ​នេះ“​ឥឡូវ​នរណា​ ថា​គណបក្ស​សិទ្ធិ​មនុស្ស​អា​យ៉ង​បបួល​ទៅ​ ស្បថៗ​មើល៍​ បើ​ថា​បក្ស​សិទ្ធិ​មនុស្ស​ អា​យ៉ង​ សូម​ឱ្យ​បក្ស​សិទ្ធិ​មនុស្ស​រលាយ​  សូម​ឱ្យ​មេដឹកនាំ​​បក្ស​សិទ្ធិ​មនុស្ស​វិនាស​​ ​តែបើសិនណា​ អ្នក​​ហ្នឹង​​បង្ខូចខ្ញុំ​​ទេ​ សូម​ឱ្យ​បក្ស​អ្នកឯង​រលាយ​ ឱ្យ​មេ​ដឹកនាំ​បក្ស​ហ្នឹង​ខ្ចាត់ព្រាត់​ តើ​មែនទេ​បង​ប្អូន?​​ កុំឱ្យ​ ហួសហេតុ​ពេក​  ។​ បើ​មិន​បាន​ជួយ​ចូក​ ជួយ​ចែវ​ទេ​ មក​យក​ជើង​រា​ អាឯង​​គេ​វ៉ៃ​ធ្លាក់​​ពី​លើ​រេញ​អស់ហើយ​ ដល់​វេន​​គ្នា​ឡើង​វ៉ៃ​ ម្ដង​ហើយ​ ដល់វេន​​សិទ្ធិ​មនុស្ស​ឡើង​វ៉ៃ​ មិន​បាន​ជួយ​ទះដៃ​ទេ​ មក​ចាប់ជើង​ តិច​លោ​តែ​​ គ្រវាស​ម៉ា​ជើង​ទៅ​ត្រូវ​បាក់​ធ្មេញ​ថែម​ទៀត។​​ នៅ​ឱ្យ​ស្ងៀម​ ទៅ​ប៉ង់​សឺ​ម៉​ង់​ទៅ​ រៀប​ខ្លួនឯង​ឱ្យ​ស្អា​តទៅ​ បើ​ចង់​ឡើង​វ៉ៃ​ ចាំ​ រៀបខ្លួនឲ្យ​ស្រួល​​ឡើងវៃ​​វិញ​មក​ បើ​គេ​ធាក់​ធ្លាក់​រេញ​ ហើយ​ហ្នឹង​។ យើង​​ខ្ញុំ​វ៉ៃ​តែ​២​ទឹក​ទេ​ បើ​ចាញ់​  សុខចិត្ដ​ចុះ​ មិន​ដូច​អស់លោក​ទេ វ៉ៃ​ម៉ា​អា​យ៉ូ​ស​ហើយ​ ចាញ់ហើយ​ មិន​ព្រម​ចុះ​ទៀត​”​ ។​

ឆ្លង​តាម​សម្រែកស្បត់ស្បែរ ​និង​បណ្ដា​សារ​ដែល​ កឹ​ម​ សុខា​ បាន​ស្រែក​ក្ដែ​ងៗ​ អម្បាញ់មិញ​ អ្នកគាំទ្រ​ សម​ រ​ង្ស៊ី​ និង​អ្នក​គាំទ្រ​ កឹ​ម​ សុខា​ កំពុង​សំឡឹង​មើល​ថា​ តើ​រវាង​ កឹ​ម​ សុខា​ និ​សម​ រ​ង្ស៊ី​ មួយ​ណា​ ជា​អ្នក​ចាញ់​សម្បថ?​​ និង​មួយ​ណា​ជា​អ្នក​ ត្រូវ​បណ្ដាសា​រ​?​ ប៉ុន្ដែ​បុរាណ​បាន​ពោល​ថា​ “​ទឹក​ហូរ​មិន​ដែល​ហត់​ មនុស្ស​ទ័លច្រក​ស្បថ​កុំឱ្យ​ជឿ​”​ ។​ 

          ចំណែក​សម​ រ​ង្ស៊ី​ ដែល​យើង​មើល​ឃើញ​ថា​ បាន​ជាន់ក​ដកស្លាប​ កឹ​ម​ សុខា​ នោះ​ ក៏​ត្រូវ​បាន​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ បង្ហើប​ឱ្យ​ដឹង​ថា​ ធ្លាប់​ជួប​សន្ទនា​រយៈ​ ពេល​បី​ម៉ោង​ជាមួយ​សម្ដេច​ដែរ​ ។​
សម្ដេច​ លើក​ឡើង​ថា​ “ ​ប៉ុន្ដែ​ឯកឧត្ដម​ សម​ រ​ង្ស៊ី​ វិញ​ក៏​កុំ​ភ្លេច​ថា​ ខ្លួន​បាន​និយាយ​អី​ខ្លះ​ជា​មួយ​ខ្ញុំ​នោះ​ ប្រយ័ត្ន​ក្រែងលោ​វា​ឡង​ទៅ​ ឡង​មក​អ្នក​កាន់​ឯកសារ​ឥឡូវ​ខ្ញុំ​ឱ្យ​ឃ្លុំ​ បេ​ទុក​។​ ព្រោះ​ជួប​គ្នា​៣​​ម៉ោង​ ហើយ​ក្នុង​បន្ទប់​ ធម្មតា​ទេ​អាហ្នឹង​នោះ​ ទៅ​ស្រុក​ណា​ក៏​គេ​ធ្វើ​អញ្ចឹង​​ដែរ​ ទៅកន្លែងណា​ក៏គេធ្វើអញ្ចឹងដែរ​។​ ថ្ងៃ​ហ្នឹង​គេក៏​​ថត​ សំឡេង​ខ្ញុំ​ទាំងអស់ដែរ​។​​ និយាយ​ចង់​ខ្សឹប​យ៉ាង​ម៉េច​ក៏​គេ​នៅ​តែ​ថត​ដែរ​”​ ។​ 

ការ​បង្ហើប​ យ៉ាង​ដូច្នេះ​របស់​សម្ដេច​បាន​ធ្វើ​ឱ្យ​ កឹ​ម​ សុខា​ ស្រ​វេ​ស្រវា​ក្រោក​ទាំង​ត្រដាបត្រដួស​ បន្ទាប់​ពី​ដួល​សន្លប់​ដោយ​កណ្ដាប់ដៃ​ សម​ រ​ង្ស៊ី​ ។ តើ​មេ​បក្ស​ប្រឆាំង​ទាំង​២​មាន​ ល្បិច​អ្វី​បោក​សកម្មជន​ខ្លួន​ទៀត?​ ៕​