Monday, July 8, 2013

សុន្ទរកថារំលឹកខួប ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ក្នុងពិធីអបអរសាទរខួបលើកទី៥ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

សុន្ទរកថារំលឹកខួប
¹¹¹ö¹¹¹
ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន​ ឧបនាយករដ្ឋមន្ត្រី ​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធី​អបអរសាទរខួបលើកទី៥ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
រាជធានីភ្នំពេញ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៣
­œœœ


ឯកឧត្តម​ ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
ក្មួយៗយុវជនជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំនិងភរិយាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានមកចូលរួមជាមួយ  បង​ប្អូន​ជន​រួម​ជាតិ​​នៅ​​ទី​​នេះ​​​ជា​​ថ្មី​​ម្តង​​​ទៀត ដែលកាលពី៥ឆ្នាំមុន ទីនេះជាកន្លែងដែលខ្ញុំបានឈរនៅ​​​​​​​​​​​  ជា​មួយ​​​គណៈ​ប្រតិភូកម្ពុជា និ​ង​បងប្អូនជន​រួម​ជាតិ​ទាំង​អស់​ដើម្បីអបអរសាទរជ័យជំនះថ្ងៃទី០៧ ខែ​កក្កដា ឆ្នាំ២០០៨ នៅ​ទីក្រុង Quebec ប្រទេស​កាណា​ដា ជាជ័យជំនះដែលយើងសម្រេចបាន​ដោយ​លំបាក
តាមរយៈការចុះរមណីយដ្ឋានប្រាសាទព្រះវិហារជាទីសក្ការៈ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក​របស់​អង្គការយូណេស្កូ កម្ពុជាទទួលបានជោគជ័យដោយបានធ្វើឱ្យពិភពលោកទទួលស្គាល់នូវតម្លៃ​លេច​ធ្លោជា​សកល​​របស់ប្រាសាទព្រះវិហារផង ព្រម​ទាំង​ការ​​លើកកម្ពស់នូវតម្លៃ​នៃ​ច្បាប់អន្តរជាតិ ដូច​មាន​ចែងក្នុងសាលដីកាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២​ របស់​តុលាការ​យុត្តិធម៌អន្តរជាតិផងដែរ។
សមិទ្ធផលនៃការចុះបញ្ជីប្រាសាទព្រះវិហារនៅឆ្នាំ២០០៨ មិនមែនសម្រេច​បានក្នុង​ពេល​​​មួយ​ប៉​ប្រិចភ្នែកនោះទេ។ តាមពិត ប្រាសាទព្រះវិហារគឺជារមណីយដ្ឋានមួយក្នុងចំណោម​រមណី​យ​​ដ្ឋាន​នានា ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីត្រៀមបម្រុងតាំងពីឆ្នាំ១៩៩២​មក​ម៉្លេះ ដោយ​យើងសង្ឃឹមថា ថ្ងៃ​ណា​មួយរមណីយដ្ឋាននេះនឹងត្រូវបានចុះក្នុងបញ្ជី​បេតិកភណ្ឌ​ពិភព​លោក។ បន្ទាប់​មក នៅក្នុង​ឆ្នាំ២០​០​១ យើងបានចាប់ផ្តើមយុទ្ធនាការដែលមានលក្ខណៈជាប្រព័ន្ធមួយក្នុងការរៀបចំឯកសារ ការ​ប្រាស្រ័យទាក់​ទង ការទំនាក់ទំនងដោយផ្ទាល់និងការធ្វើបទបង្ហាញ​នានាដើម្បីទាក់ទាញ​នូវការ​គាំទ្រ​សម្រាប់​ការ​ស្នើ​សុំចុះបញ្ជីជាផ្លូវការប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកនៅឆ្នាំ២០០៦។ នៅ​ឆ្នាំ២០០៧ ​នៅទីក្រុង Christchurch ប្រទេសនូវែលហ្សេឡង់ កម្ពុជាបានផ្លាស់ប្តូរដោយជោគជ័យនូវទំនោរ​ភាគ​ច្រើន​នៅក្នុងគណៈ​កម្មាធិការ​​បេតិក​ភណ្ឌពិភពលោក ដែលត្រូវបាន​រៀប​ចំ​ឆាក​​ដោយ​មជ្ឈដ្ឋាន​មួយ​ចំនួនក្នុងប្រទេសថៃ សំដៅរារាំង​ការ​ដាក់បញ្ចូលប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោក។
បន្ទាប់មក ក្នុងស្មារតីនៃការសម្របសម្រួល (ដែលត្រូវបានវាយតម្លៃខ្ពស់​ពីសំណាក់សមាជិក​នៃ​គណៈកម្មាធិការ) យើងបានយល់ព្រមអនុវត្តតាមវិធីកុងសង់ស៊ុស ដើម្បីឱ្យដំណើរ​ការ​ចុះ​បញ្ជី​បន្ត​បើក​ចំហររហូតដល់សម័យប្រជុំរបស់គណៈកម្មាធិការនៅឆ្នាំ២០០៨ ទើប​រមណីយដ្ឋាន​នេះត្រូវ​បាន​ចុះ​​បញ្ជី​ជា​ផ្លូវការ។
តាមសេចក្តី​សម្រេ​ច​​លេខ 31COM8B.24 សម័យប្រជុំលើកទី៣១របស់គណៈកម្មាធិការ​បេតិកភណ្ឌពិភពលោកបានទទួលស្គាល់ថា “រមណីយដ្ឋានប្រាសាទព្រះវិហារជាទីសក្ការៈមាន​សារៈ​សំខា​ន់​ជា​អន្តរជាតិ​ដ៏មហាអស្ចារ្យ និងមានតម្លៃ​លេច​​ធ្លោជា​សកល​ (OUV)។ គណៈកម្មាធិការ​យល់​ព្រម​​ជាគោលការណ៍ថា ប្រាសា​ទ​ព្រះវិហារ​គួរត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោក និងកត់​សម្គាល់​ថា​ ដំណើរ​ការ​ចុះ​បញ្ជីកំពុងមានវឌ្ឍនភាព។”
នៅឆ្នាំ២០០៨ ទោះបីជាមានការផ្លាស់ប្តូររិយាបថម្តងហើយម្តងទៀតពីសំណាក់​គណៈប្រតិភូ​ថៃ និងការ​ប៉ុន​ប៉ង​​ជាបន្តបន្ទាប់ ដែលពេល​ខ្លះ​មាន​ភាពតានតឹង​ខ្លាំង ក្នុងការរារាំងការចុះបញ្ជី​ប្រាសាទ​​ព្រះ​វិហារ​​ក៏​ដោយ ក៏គណៈ​ប្រតិភូ​កម្ពុជា​​អាចទាក់ទាញ​ការ​គាំទ្រ​ពី​សំណាក់សមាជិក​ភាគច្រើន ហើយជាទីបំផុត​គណៈកម្មាធិការ​ដែល​មាន​សមាជិក២១ប្រទេស បានសម្រេចតាមកុង-​សង់ស៊ុសដើម្បី​ចុះ​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារជាទីសក្ការៈក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក តាម​សេចក្តីសម្រេច លេខ 32COM8B.102 ទីក្រុង​Quebec ប្រទេសកាណាដា ខែកក្កដា ឆ្នាំ២០០៨
ជាអកុសល មិនមែនគ្រប់គ្នា សុទ្ធតែអបអរសាទរនឹងជោគជ័យរបស់យើងនៅទីក្រុង ​Quebec នោះទេ។ ក្នុងពេលតែមួយថ្ងៃបន្ទាប់ពីយើងបានជួបជុំគ្នានៅពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​នេះប៉ុណ្ណោះ ប្រតិកម្ម​ដោយហិង្សាប្រឆាំងនឹងជោគជ័យនៃការចុះបញ្ជីប្រាសាទព្រះវិហារ បានផ្ទុះឡើងដោយ​ក្រុម​​អាវ​លឿង​​​និងសម្ព័ន្ធមិត្តរបស់គេ។ ​នៅ​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ កងទ័ពថៃបាន​ឆ្លងកាត់​ព្រំ​ដែន និង​ធ្វើ​ការ​កាន់កាប់ទឹកដីកម្ពុជានៅជុំវិញប្រាសាទព្រះវិហារ និងបានវាយ​លុក​ជា​ច្រើន​លើកច្រើនសារ និង​​ច្រើន​កន្លែងរវាងឆ្នាំ២០០៨ និងឆ្នាំ២០១១ បណ្តាលឱ្យខូចខាតយ៉ាងដំណំដល់ប្រាសាទ និង​បាន​​ប្រើប្រាស់​អាវុធ​ធុនធ្ងន់ រួមទាំងគ្រាប់បែកចង្កោមចូលជ្រៅក្នុងទឹកដីរបស់កម្ពុជាទៀតផង។ ប្រជាជន​មួយ​ចំនួន​​បាន​ស្លាប់​និង​រងរបួស ហើយរាប់ពាន់នាក់បានបាត់បង់ទីជម្រកនិងត្រូវភៀសខ្លួន។
ឆ្លើយតបនឹងការវាយប្រហារម្តងហើយម្តងទៀត​ រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើម​យុទ្ធនា​ការ​​ចម្រុះមួយដោយជោគជ័យ ដើម្បីការពារប្រាសាទ អធិបតេយ្យភាពជាតិ និងបូរណភាព​ទឹក​ដី​របស់​យើង គឺការប្រើប្រាស់មធ្យោបាយ​​ការទូត នយោបាយ បេតិកភណ្ឌ​វប្បធម៌ ​យោធា និង​ច្បាប់​។ ក្រោម​ការ​ដឹកនាំនិងបញ្ជាផ្ទាល់របស់ សម្តេចនាយករដ្ឋមន្រ្តី តេជោ ហ៊ុន សែន នាយ​ទាហាន នាយទាហា​រង ពល​ទាហាន​​និងកងកម្លាំងប្រដាប់​អាវុធ​គ្រប់ប្រភេទ ប្រកបដោយវីរភាពដ៏អង់អាចក្លាហាន ជាមួយ​ស្មារតី​​​ឧបត្ថម្ភ​គាំទ្រ និងសាមគ្គីភាពជាធ្លុងមួយរបស់ប្រជាពលរដ្ឋទូទាំងប្រទេស រក្សា​បាន​យ៉ាងរឹងមាំ​នូវ​​បូរណ​ភាព​ទឹកដីរបស់កម្ពុជាយើង។ បន្ថែមលើការការពារ​ផ្នែកយោធាប្រកបដោយ​ជោគជ័យ យើង​ត្រូវបានបង្ខំចិត្តឱ្យនាំ​យក​បញ្ហា​នេះ​ទៅ​កាន់តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ ដើម្បីស្វែងរក​ការ​បក​ស្រា​យ​​សាលដីកា​ឆ្នាំ១៩៦២ ដែលបាន​ប្រកាស​យ៉ាងច្បាស់​នូវ​អធិបតេយ្យ​ភាព​របស់​កម្ពុជាលើ​ប្រាសាទ​ព្រះវិហារ​និងដែនដីម្តុំជិតៗប្រាសាទ។
បច្ចុប្បន្ននេះ យើងកំពុងរង់ចាំដីកាសម្រេចចុងក្រោយរបស់តុលាការ ប៉ុន្តែនៅក្នុងសេចក្តី​សម្រេច​​ស្តីពីវិធានការបណ្តោះអាសន្នខែកក្កដា ឆ្នាំ២០១១ តុលាការបានដាក់ចេញនូវដីកាបង្គាប់​មួយ​។ តុលាការបានទទួលយកសំណើរបស់កម្ពុជាក្នុងការបកស្រាយសាលដីកា ដោយបដិសេធ​ជា​ឯកច្ឆន្ទ​នូវ​សំណើរបស់ថៃដែលស្នើឱ្យតុលាការបដិសេធសំណើរបស់កម្ពុជា។ ជាងនេះទៀត តុលាការ​បាន​សម្រេ​ច ថា “ថៃមិនត្រូវរារាំងដល់ការចេញចូលដោយ​សេរីរបស់កម្ពុជាទៅកាន់​ប្រាសាទ​ព្រះវិហារ​ឡើយ”
ទោះបីជាមានបញ្ហាប្រឈមទាំងនេះក្តី រាជរដ្ឋាភិបាលបានផ្តោតលើកម្មវិធីអភិរក្ស​និង​​អភិវឌ្ឍ​ន៍​​ប្រាសា​ទ​​​ព្រះវិហារនិងតំបន់ជុំវិញបន្ថែមទៀត ហើយស្វាគមន៍រាល់​ជំនួយអន្តរជាតិនៅ​ក្នុង​​បេសកកម្ម​ដ៏​អស្ចារ្យនេះ។
ក្នុងអំឡុងពេល៥ឆ្នាំកន្លងមកនេះ៖
·         យើងបានបង្កើតភូមិថ្មីមួយសម្រាប់ប្រជាពលរដ្ឋរបស់យើង ដែលជាជនភៀស​ខ្លួន​នៅ​តំបន់​នោះ​ ដោយមានផ្ទះសម្បែង វត្តអារាម ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ហើយដែល​ប្រជាជនរួមគ្នាប្រសិទ្ធនាមថា ភូមិធម្មជាតិសម្តេចតេជោ
·         យើងបានពង្រឹងអាជ្ញាធរជាតិព្រះវិហារទទួលបន្ទុកកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ប្រាសាទ​ព្រះវិហារ
·         ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ក្នុងតំបន់ និងផ្តល់ឱកាសការងារដល់ប្រជាជន យើង​បាន​កសាងផ្លូវធ្វើដំណើរល្អ ដែលអាចឱ្យយើងចំណាយពេលតិចជាងមុនរវាង​ខេត្ត​កំពង់ធំ ខេត្តសៀម​រាប និង​ខេត្ត​ព្រះវិហារ ហើយបច្ចុប្បន្នកំពុងបញ្ចប់ការសាងសង់​សារមន្ទីរ​ធម្ម​ជា​តិ​សកលសម្តេច​តេជោ​ ដែលមានលក្ខណៈជាសារមន្ទីរវប្បធម៌ ជាតិពិន្ទុ-វិទ្យា បូរាណវិទ្យា និងធម្មជាតិផង។
សកម្មភាពទាំងនេះ បានធ្វើឱ្យយើងយកចិត្តទុកដាក់ជាពិសេសដល់ជនជាតិភាគតិចក្នុង​តំបន់។ ពិតណាស់ ការយកចិត្តទុកដាក់នេះត្រូវបានប្រកាន់ខ្ជាប់ក្នុងគោលនយោបាយ​ របស់​រាជរដ្ឋាភិបាល ក្រោមការដឹកនាំ​របស់ សម្តេចនាយករដ្ឋមន្រ្តី តេជោ ហ៊ុន សែន ដោយ​ចាត់​​ទុកបងប្អូន​ជនជាតិ និង​សាស​នា​ភាគ​តិច​នៅកម្ពុជា ជាជនរួមជាតិដែលមានសិទ្ធិនិង​តួនាទី​ពេញ​លេញ​។
តំបន់នៅជុំវិញប្រាសាទព្រះវិហារមានអ្នកស្រុកជនជាតិកួយជាច្រើន ដែលល្បីល្បាញតាំងពី​មុន​​ សម័យ​អង្គរខាងផ្នែកផលិតលោហៈដ៏ជំនាញ និងប៉ិនប្រសប់ក្នុងការប្រមាញ់ ចាប់ទាក់ដំរីព្រៃ ចិញ្ចឹម និង ហ្វឹក​ហ្វឺន​​​ដំរី ទាំង​សម្រាប់ការងារក្នុងជីវភាពផងនិងការងារកងទ័ពផង។ ទេព្យកោសល្យខាងផ្នែក​លោហ​ធាតុ​ដ៏ចំណាន​របស់​ជនជាតិ​កួយបាន​ជួយដល់ការផលិត​​​អាវុធដែលបុព្វបុរសយើង បានប្រើប្រាស់​​ដើម្បី​បង្កើត​អាណា​ចក្រ​ខ្មែរ​ដ៏អស្ចារ្យ និងដើម្បីកាត់ថ្ម​យក​មក​សាងសង់ប្រាសាទដ៏សំបូរបែប​និង​មហិមា​នានារបស់យើង។
សារមន្ទីរថ្មីមានដាក់តាំងរូបថត និងរូបចម្លាក់ ដែលបង្ហាញនូវលក្ខណៈខុសប្លែក​របស់វប្បធម៌​និង​​សង្គម​​របស់​ជនជាតិកួយ។ នេះជាលទ្ធផលនៃគម្រោងសិក្សាស្រាវជ្រាវបានធ្វើឡើងតាំង​ពី​ឆ្នាំ​២០១០ដោយ​រាជ​បណ្ឌិតសភាកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរអប្សរា និងអាជ្ញាធរ​ជាតិ​ព្រះវិហារ។ ការស្រាវជ្រាវនេះបានរកឃើញទីតាំងស្លដែក​បុរាណជាង​២០០​កន្លែង​ក្នុង​ខេត្ត​ព្រះវិហារ សៀម​រា​ប កំពង់ធំ និងឧត្តរមានជ័យ។ ក្នុងន័យនេះ រាជ​រដ្ឋាភិបាលបានសម្រេចបង្កើតឧទ្យាន​ជាតិ​មួយ​​មាន​​ទំហំ​ប្រហែល​​​១០០គីឡូ​ម៉ែតក្រឡា ដើម្បីអភិរក្សទីតាំងទាំងនោះជាមួយ​នឹងភស្តុតាងប្រវត្តិ​សាស្រ្ត​​ដែល​​មិន​អាច​កាត់ថ្លៃបាននៃ​បេតិកភណ្ឌរបស់យើង។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
ក្មួយៗយុវជនជាទីមេត្រី!
ក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ ពិភពលោកបានចាប់ផ្តើមស្គាល់យើងកាន់តែច្បាស់ ហើយចាប់ផ្តើម​និយាយ​អំពី “គំរូកម្ពុជា”  (សុខសន្តិភាពនិងការផ្សះផ្សាជាតិ ទន្ទឹមនឹងការអភិវឌ្ឍ​សេដ្ឋ​កិច្ច ដូច​បង្ហាញ​នៅក្នុងយុទ្ធសាស្ត្រចតុកោណ) ហើយប្រទេសយើងបានទទួលនូវកិត្តិយស​និង​ការ​គោរព​រាប់​អាន​ កាន់​តែ​ច្រើនឡើងៗ។ លើសពីនេះ របៀបធ្វើការងារដែលមានលក្ខណៈសម្របសម្រួល​របស់​យើង​នៅក្នុងស្ថាប័ន​នៃអង្គការយូណេស្កូ ទទួលបានការវាយតម្លៃខ្ពស់ពីសំណាក់ប្រទេសតូច ធំនានា។
កម្ពុជាទទួលបានជោគជ័យនៅក្នុងការឈរឈ្មោះបោះឆ្នោត ជាសមាជិកគណៈកម្មាធិការ​បេតិក​ភណ្ឌពិភពលោកសម្រាប់អាណត្តិ៤ឆ្នាំ ២០០៩-២០១៣។ នៅឆ្នាំ២០០៩ រាជរដ្ឋាភិបាលបាន​ដាក់​ចេញ​នូវយុទ្ធនាការស្វែងរកសម្លេង​ឆ្នោត​ជា​អន្តរជាតិ និងបេសកកម្មជាច្រើនត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុង​​​ទ្វីប​ផ្សេងៗ ដើម្បីទាក់ទាញការគាំទ្រដល់​កម្ពុជា​ពីសំណាក់តំបន់បោះឆ្នោត​ទាំង៥របស់​អង្គការ​យូណេស្កូ។ យុទ្ធនាការនោះទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង ហើយកម្ពុជាត្រូវបានជាប់ឆ្នោត ដោយ​បាន​ទទួលសម្លេងគាំទ្រច្រើនជាង​គេ​លំដាប់ទី២ បន្ទាប់ពីប្រទេសស្វីស។
បន្ទាប់ពីបានក្លាយជាសមាជិក កម្ពុជាត្រូវបានជ្រើសរើសឱ្យធ្វើជាអនុប្រធាននៃ​គណៈ​កម្មាធិ​ការ​បេតិកភណ្ឌពិភពលោកសម្រាប់ឆ្នាំ២០១០-២០១១ ដែលនៅពេលនោះយើងបានស្នើសុំធ្វើ​ជាម្ចាស់​ផ្ទះ​​រៀបចំកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅកម្ពុជា។ ដើម្បីធានាបាននូវ​សេចក្តី​សម្រេ​ច ​ជាវិជ្ជមានពីសំណាក់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ជាការចាំបាច់យើងបាន​ធ្វើ​យុទ្ធនាការ​​ស្វែង​​រកការគាំទ្រជាថ្មីម្តងទៀត ដែលការងារនេះទាមទារនូវការយកចិត្តទុកដាក់ខ្ពស់​និង​ការ​អត់​ធ្មត់​ខ្លាំង។
ជាលទ្ធផល នៅខែកក្កដា ឆ្នាំ២០១២ នាទីក្រុង St. Petersburg សហព័ន្ធរុស្សី សម័យប្រជុំ​លើកទី​៣៦​​នៃ​គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេចជាឯកច្ឆន្ទទទួលយក​សំណើរបស់​កម្ពុជា​ធ្វើជា​ម្ចាស់​​​ផ្ទះនៃសម័យ​ប្រជុំ​លើកទី​៣៧​​​របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ពីថ្ងៃទី ​១៦ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ ដោយខ្លួនខ្ញុំផ្ទាល់ត្រូវបានផ្តល់កិត្តិយសជាប់ឆ្នោត​ធ្វើជា​ប្រធាន​សម្រាប់​ឆ្នាំ២០១២-២០១៣
អនុញ្ញាតឱ្យខ្ញុំធ្វើអត្ថាធិប្បាយបន្ថែមបន្តិច អំពីជោគជ័យគួរឱ្យកត់សម្គាល់នៃសម័យប្រជុំ​លើក​ទី៣៧នេះដែល​ទើប​បានបញ្ចប់កាលពីប៉ុន្មានថ្ងៃមុននេះ។ នេះជាសម័យប្រជុំដែលត្រូវបាន​សមាជិក​​នៃ​​គណៈ​កម្មាធិការ​បេតិកភណ្ឌពិភពលោក រដ្ឋភាគី ស្ថាប័នពិគ្រោះយោបល់​ និងស​មាជិក​សង្កេត​ការណ៍​ជា​ច្រើន ចាត់​​ទុកថាជាសម័យប្រជុំមួយ​ដែល​មានការរៀបចំយ៉ាងល្អ​និងទទួលបាន​ជោគ​ជ័យ​យ៉ាងធំធេង នៅ​ក្នុង​​ប្រវត្តិនៃសម័យប្រជុំគណៈ​កម្មាធិការបេតិកភណ្ឌ​ពិភពលោក ក្នុងរយៈពេល​៤ទសវត្សរ៍កន្លង​មកនេះ​។
នេះជាលើកទី១ហើយ ដែលប្រទេសមួយមានចំណូលនិងធនធានមានកំណត់ (ជាប្រទេស​មួយ​ក្នុងចំណាមប្រទេសដែលមានការអភិវឌ្ឍតិចតួចក្នុងពិភពលោក- LDCs) បានទទួលខុសត្រូវ​និង​មាន​កិត្តិយស​ក្នុង​ការ​ទទួល​ស្វាគមន៍គណៈប្រតិភូយ៉ាងច្រើន។ នេះមិនត្រឹមតែជាសន្និសីទអន្តរជាតិធំ​បំផុត​​​ប្រារព្ធនៅ​កម្ពុជា ដែលមានប្រតិភូចូលរួម ១៤៦៥នាក់ មកពីបណ្តាប្រទេសចំនួន១២៨នៅលើ​ពិភព​លោ​ក និងអ្នកកាសែតចំនួន ៦៧៣​ នាក់​ ​​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងជាកិច្ចប្រជុំ​ធំជាងគេ​បំផុត ប្រៀបធៀបទៅនឹងសម័យប្រជុំផ្សេងៗ​ ដែល​រៀបចំដោយគណៈកម្មាធិការ​បេតិក​ភ​ណ្ឌ​ពិភពលោក ហើយដែលបានប្រព្រឹត្តទៅនៅប្រទេសចំនួន​២៥ផ្សេង​គ្នា​លើពិភពលោកនាពេលកន្លងមក។
សម្បត្តិ​បេតិកភណ្ឌ​ថ្មីសរុបចំនួន១៩ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលធ្វើឱ្យ​ចំនួន​សម្បត្តិបេតិកភណ្ឌនៅក្នុងបញ្ជីនេះបានកើនឡើងដល់ចំនួន៩៨១។ ​គណៈកម្មាធិការ​បេតិក​ភណ្ឌពិភពលោកក៏បានពិនិត្យស្ថានភាពអភិរក្សរបស់សម្បត្តិបេតិកភណ្ឌចំនួន១៤០ផងដែរ។ សេចក្តី​សម្រេ​ច ​​​ចំនួន២៣៤ ត្រូវបានធ្វើឡើងដោយផ្អែកលើសំណុំឯកសារចំនួន៥២ នៅក្នុង​រយៈពេល​១២​ថ្ងៃ​នៃសម័យប្រជុំលើកទី៣៧នេះ។
នៅក្នុងអំឡុងសម័យប្រជុំនេះ បញ្ហាមួយចំនួនដែលមានលក្ខណៈតឹងតែងនិងរសើបត្រូវបាន​ដោះស្រាយតាមរយៈការចរចាដោយអត់ធ្មត់និងការស្វះស្វែងរកកុងសង់ស៊ុស។ ដូចដែល​បាន​បង្ហាញ​ជូន​ក្នុងវីដេអូស្តីពីការបិទសម័យប្រជុំ ​គណៈ​​ប្រតិភូជាច្រើន ក៏ដូចជានាយកមជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភព​លោកបានគូស​បញ្ជាក់ អំពីភាពដឹកនាំបែបត្រជាក់និងយ៉ាងប៉ិនប្រសប់​ ដែល​បាន​ធ្វើ​ឱ្យ​បញ្ហា​ក្តៅ​មួយ​ចំនួន ត្រូវបានដោះស្រាយដោយគ្មានការប្រទូស្តរាយ ឬជាប់គាំងឡើយ។ ក្នុង​ន័យ​នេះ យើង​អាច​កត់​សម្គាល់ជាពិសេស នៅក្នុងករណីរបាយការណ៍ស្ថានភាព​អភិរក្ស​ស្តីពី​សម្បត្តិ​បេតិកភណ្ឌ​នៅ​ប្រទេ​ស​ប៉ាណាម៉ា ទីក្រុងហ្សេរុយសាឡឹមនិងកំពែងទីក្រុងនេះ ព្រមទាំង​សេចក្តី​សម្រេច​​ពន្យាសំណើសុំ​ចុះ​បញ្ជី​រមណីយដ្ឋាន Bolgar របស់សហព័ន្ធរុស្សី ទៅសម័យ​ប្រជុំលើក​ក្រោយ​ផងដែរ។
ភ័ស្តុភារ មធ្យោបាយធ្វើដំណើរ និងបរិក្ខាប្រជុំ នៅវិមានសន្តិភាពដែលបានផ្តល់​ដោយ សម្តេច​នាយក​រដ្ឋមន្រ្តី តេជោ ហ៊ុន សែន សម្រាប់សម័យប្រជុំលើកទី៣៧ ទទួលបាននូវការកោត​សរសើរ​យ៉ាងខ្លាំង​ ព្រម​ជា​មួយនឹងមន្រ្តីអម យុវជនស្ម័គ្រចិត្ត និងអ្នកបើកបរប្រកបដោយស្នាមញញឹម​និងចេះ​ជួយ​យកអាសារ​​ សក្តិសម​​នឹង​​ទទួល​បាននូវការស្ញប់ស្ញែងជាពិសេស។ សន្តិសុខ របស់​សម័យ​​ប្រជុំនិង​គណៈ​ប្រតិភូ​ទាំង​អស់​ត្រូវបានធានាក្នុងស្ថានភាពសុវត្ថិភាពស្ងប់ស្ងាត់ និងប្រសិទ្ធភាពទាំងការ​ធ្វើ​ដំណើរ​​ទៅវិញ​ទៅ​មកពី​សណ្ឋា​គា​រ​ទៅ​ទីកន្លែងប្រជុំ និងជុំវិញទីក្រុងរៀងរាល់ថ្ងៃ ទាំងការធ្វើដំណើរ​ទៅ​ចូល​រួម​ពិធីបិទ​នៅ​ខេត្ត​សៀមរាប​។ នេះ​ជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់គណៈ​ប្រតិភូ​​ជា​ច្រើន​ដែល​បាន​ឃើញ​ថា ទីក្រុង​ភ្នំពេញ​មាន​ភាព​​ទំនើប និងសម្បូរបែប ដោយមានសណ្ឋាគារ​មាន​គុណ​ភាពល្អ និង​ភោជ​នីយ​ដ្ឋាន​​ជាច្រើនប្រភេទ ក៏ដូចជាទីកន្លែងទេសចរណ៍​និងវប្បធម៌​ដើម្បី​ទស្សនា។ ព្រម​ជាមួយ​គ្នា​នេះ គណៈ​ប្រតិភូមានចំណាប់​អារម្ម​ណ៍ចំពោះ​កាយវិការស្វាគមន៍យ៉ាងកក់ក្តៅ​របស់ប្រជាជន​កម្ពុជា នៅ​​គ្រប់​កន្លែងដែល​គណៈ​ប្រតិភូ​​បាន​ទៅ​ទស្ស​នា​។ គណៈប្រតិភូទាំងអស់បានឃើញ​ដោយ​ផ្ទាល់​ភ្នែកនូវ​កម្ពុជា​ពិត ដែលផ្ទុយពី​រូបភាព​អវិជ្ជមាន​ដែលចុះ​ផ្សាយ​ក្នុងសារព័ត៌មានមួយចំនួនណានោះ។
ចំណុចដែលគួរឱ្យចាប់អារម្មណ៍ជាពិសេសថែមទៀតនោះ គឺកម្មវិធីវប្បធម៌នៃសម័យប្រជុំនេះ​។ ពិធី​បើក​បានរួមបញ្ចូលនូវព្រឹត្តិការណ៍ ​ដែលទាក់ទាញការយកចិត្តទុកដាក់បំផុតពីបណ្តាញសារព័ត៌មាន ដោយពុំ​បាន​​​ព្រាង​ទុក ​នោះគឺការប្រគល់ជូន សម្តេចនាយករដ្ឋមន្រ្តី តេជោ ហ៊ុន សែន ដោយ​លោក​ស្រី​ប្រធានសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញូវយ៉ក នូវរូបបដិមា​២​អង្គ​គឺ សហ​ទេព និង​​​នកុល ដែលត្រូវបានលួចពី​ប្រាសាទ​ចិននៃ​រមណីយដ្ឋានកោះកេរ​នៅដើម​ទសវត្សរ៍​ឆ្នាំ១៩៧០។ ជាការសម្តែងការដឹងគុណនិងការ​កោតសរសើររបស់កម្ពុជា យើងបានផ្តល់គ្រឿងឥស្សរិយយសជូន​ដល់​​លោក​ស្រីប្រធាន ក៏ដូចជាមន្រ្តី​ជាន់​ខ្ពស់​របស់អង្គការយូណេស្កូមួយចំនួន។ បន្ទាប់មក នៅក្នុង​ពិធី​ទទួល​ស្វាគមន៍​បន្ទាប់​ពី​ពិធីបើក គណៈប្រតិភូទាំងអស់បានទស្សនាសិល្បៈដែលត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោកអរូបី មាន​របាំ​ព្រះ​រាជទ្រព្យ និងល្ខោនស្បែកធំ រួមជាមួយនឹងការ​សម្តែ​ង​​បញ្ចូល​គ្នា​​នៃ​ទស្សនីយភាព​ទាំងពីរ​ជា​លើក​​ទីមួយ។
ពិធីបិទត្រូវបានគ្រោងរៀបចំ ដើម្បីបញ្ជាក់ពីភាពអធិកធមដ៏អស្ចារ្យព្រមជាមួយ​ការសម្តែង​សិល្បៈ​វប្បធម៌នៅទីលានជល់ដំរីក្នុងបរិវេណអង្គរធំ ដែលមានអ្នកសម្តែងរាប់រយនាក់ក្នុងសម្លៀក​បំពាក់​​​សម័យ​អង្គរ និងដំរីចំនួន៦ក្បាល។ គួរឱ្យសោកស្តាយ បន្ទាប់ពីមានភ្លៀងធ្លាក់ និងខ្យល់​បក់​បោក​យ៉ាង​ខ្លាំង កម្មវិធី​ត្រូវ​​​បាន​ប្តូរ​យ៉ាង​រហ័សទៅប្រារព្ធនៅក្នុងសណ្ឋាគារវិញ តាមគម្រោង B។ គណៈ​ប្រតិភូ​ទាំង​អស់​​បាន​សម្តែង​នូវ​ការកោតសរសើរចំពោះប្រសិទ្ធភាព និងការយកចិត្ត​ទុកជាក់ដ៏​សមគួរ​របស់​មន្រ្តី និងអ្នកស្ម័គ្រ​ចិត្ត​របស់​​យើង ព្រមជាមួយនឹងអាហារពេលល្ងាចដ៏ល្អ និងការសម្តែង​មាន​កម្រិតខ្ពស់។ ថ្នាក់​ដឹកនាំ​គណៈ​ប្រតិភូ​មួយ​រូបបានលើកឡើងថា “ការរៀបចំយ៉ាងឆាប់រហ័សនេះជា​អព្ភូតហេតុ​ដ៏អស្ចារ្យ​​ (It is a miracle!)”។
ប្រធាននៃក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គការយូណេស្កូ លោកជំទាវ Alissandra Cummins បានសរុបថា “ស្តែងចេញពីសម័យប្រជុំលើទី៣៧នេះ នេះជាសក្ខីភាពមួយបញ្ជាក់ថា កម្ពុជានឹងបន្ត​តួនាទី​យ៉ាងសំខាន់ក្នុងការអភិវឌ្ឍការងាររបស់អង្គការយូណេស្កូក្នុងវិស័យបេតិកភណ្ឌវប្បធម៌”។
ជារួម ទាំងក្នុងពិធីបិទនិងក្រៅសាលប្រជុំ គណៈប្រតិភូមិនត្រឹមតែសម្តែងការពេញចិត្ត​ចំពោះ​​ការរៀបចំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសម្តែងនូវសេចក្តីសប្បាយរីករាយដោយបានស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា និងបានធ្វើការជាមួយគណៈកម្មាធិការផង ដើម្បី​សម្រេចបាន​នូវសមិទ្ធផល​មួយ ដែលអាចចាត់ទុកថាជា​ជ័យ​ជំនះ​​ដ៏​អស្ចារ្យ​និងស្រស់ប្រឹមប្រិយ​ ហើយដែលបានយល់ជ្រួតជ្រាបពី កម្រិតវប្បធម៌ អារ្យធម៌ខ្មែរ និងបេតិកភណ្ឌជាតិ ព្រមទាំងការថែរក្សា អភិរក្សដ៏ល្អទៀតផង។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
ក្មួយៗយុវជនជាទីមេត្រី!
គណៈកម្មាធិការអន្តរជាតិសម្របសម្រួល សម្រាប់កិច្ចគាំពារនិងអភិវឌ្ឍ​រមណីយដ្ឋាន​ប្រវត្តិ​សា​ស្រ្ត​អង្គរ (ICC-Angkor) ជាផ្នែកមួយនៃសហគមន៍បេតិកភណ្ឌវប្បធម៌ ដែលបាននាំមកនូវអត្ថ-​ប្រយោជន៍​​​ជាច្រើន​ដល់​កម្ពុជា។ ការបង្កើតគណៈកម្មាធិការនេះ ដែលមានប្រទេសបារាំង និងជប៉ុនជា​សហប្រធាន រួមជាមួយអង្គការយូណេស្កូ​ដែល​ផ្តល់​លេខាធិការដ្ឋាន តូ្រវបានបង្កើតឡើងបន្ទាប់ពី ជោគជ័យនៃការចុះក្នុងបញ្ជីបេតិកភណ្ឌ​ពិភពលោកនៅឆ្នាំ១៩៩២។ បច្ចុប្បន្ននេះ ICC-Angkor ត្រូវ បានចាត់ទុកថាជាគំរូ សម្រាប់​កិច្ចសហ​ប្រតិបត្តិការ​អន្តរជាតិ​ក្នុង​ការ​ការ​ពារ​​និង​គ្រប់គ្រងបេតិកភណ្ឌ។ ក្របខណ្ឌសហប្រតិបត្តិការ ICC-Angkor ​បាននាំឱ្យឈានដល់ការដកតំបន់រមណីយដ្ឋានអង្គរចេញ ពីបញ្ជីបេតិកភណ្ឌ​ស្ថិតក្នុង​គ្រោះ​ថ្នាក់​​នៅ​ឆ្នាំ២០០៤ និង​កៀរ​គរបានមូលនិធិជាង​២៥០​លាន​​ដុល្លារ អាមេរិកសម្រាប់គម្រោងជិត​៧០ ដែល​អនុវត្ត​​ដោយ​ក្រុម​ការ​ងារ​​ចំនួន​៣២ មកពី ២៣​ប្រទេស។ ដូចគ្នា នេះដែរ ការចុះបញ្ជីប្រាសាទ​ព្រះវិហា​រ មិនត្រឹមតែធានានូវកិច្ចគាំពារប្រាសាទប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងផ្តល់នូវផលប្រយោជន៍​ជាក់ស្តែង​សម្រាប់ប្រជាជននៅមូលដ្ឋានផងដែរ។
ភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ដែលបានបន្សល់ដោយអារ្យធម៌​ពី​បូរាណ និងដែលបានយល់ជ្រួតជ្រាបដោយពិភពលោក​គឺជាកត្តាដ៏សំខាន់បំផុតនៃវិស័យទេសចរណ៍ សម្រាប់ សេដ្ឋកិច្ច​របស់យើង ដែលមានការកើន​ឡើង​យ៉ាង​​លឿន។ ជាក់ស្តែង នៅឆ្នាំ២០១២កន្លងមក កម្ពុជា បានស្វាគមន៍ទេសចរចំនួន៣,៥លាននាក់ ហើយយើង​សង្ឃឹម​​​ថាចំនួន​ទេសចរនឹងកើនដល់៥លាន នាក់ នៅឆ្នាំ២០១៥ ដូចដែល សម្តេចនាយករដ្ឋមន្រ្តី តេជោ ហ៊ុន សែន បាន​លើ​ក​​ឡើង​ក្នុងសុន្ទរកថាបើក សម័យប្រជុំលើកទី៣៧ថា​ វប្បធម៌គឺជា​គន្លឹះរបស់​ទស្សនៈ​ថ្មីនៃ​ការ​អភិវឌ្ឍ​​បៃតង
ក្នុងនាមជា​សមាជិក​របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ជាពិសេសដែលបានធ្វើជា​ម្ចាស់​ផ្ទះនៃកិច្ចប្រជុំ​លើក​ទី៣៧​នៃគណៈកម្មាធិការនេះ កម្ពុជានិងបេតិកភណ្ឌរបស់ខ្លួនត្រូវបាន​ផ្សព្វផ្សាយ​​លើកញ្ចក់​ទូរទស្ស​ន៍​​និង​ទំព័រ​ទីមួយនៃកាសែតធំៗមួយចំនួនទូទាំងពិភពលោក។
ប៉ុន្តែ លើសពីអ្វីដែលជាគុណសម្បត្តិជាក់ស្តែងដ៏អស្ចារ្យទាំងនេះ ការងារប្រកបដោយការ​យក​ចិត្ត​ទុក​ដាក់​និង​អត់ធ្មត់ក្នុងកិច្ចគាំពារនិងអភិរក្ស បេតិកភណ្ឌវប្បធម៌របស់យើងបាន​ផ្តល់នូវអ្វី​ដែល​កាន់​​​​​តែ​ពិសេសជាងនេះទៅទៀតនោះគឺ ការដែលប្រជាជនកម្ពុជាអាចលើកកម្ពស់ថែមទៀត​នូវ​ដួង​ព្រលឹង​ជាតិ ហើយប្រទេសកម្ពុជា​អាច​ទាមទារ​មកវិញផងដែរនូវកិត្តិនាម​ និងកិត្តិស័ព្ទជាសកល ពោល​គឺ​ជាភាព​ល្បីល្បាញ​ក្នុង​សម័យអង្គរដែល កម្ពុជាជា​ព្រះរាជាណាចក្រវប្បធម៌​និងព្រះរាជា-​ណាចក្រអច្ឆរិយៈ  
ហេតុដូច្នេះ អនុញ្ញាតឱ្យយើងទាំងអស់គ្នាអបអរសាទរខួបលើកទី៥ នៃការចុះបញ្ជីប្រាសាទ​ព្រះវិហារ​ដែល​ជានិមិត្តរូបនៃមោទនភាពរបស់កម្ពុជា និងជាផ្នែកមួយនៃបេតិកភណ្ឌ មនុស្សជាតិទាំង​មូល​!
ជយោព្រះរាជាណាចក្រកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈដ៏រុងរឿង