Monday, July 8, 2013

មាន​​មហាជន​រាប់​ម៉ឺន​​នាក់​​ចូល​​រួមរំលឹក​​ខួប​​លើក​​ទី​៥ នៃ​ការ​​ដាក់​​បញ្ចូល​​ប្រាសាទ​​ព្រះវិហារ​​​ជា​ទី​​សក្ការៈ​​ចូល​​ជា​​សម្បត្តិ​​បេតិកភណ្ឌ​​ពិភពលោក​ ​ ​

នា​រសៀល​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ២០១៣ នៅពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក មន្រ្តី​រាជ​រដ្ឋាភិបាល​ មន្រ្តី​រាជ​ការ ក្រុម​យុវជន យុវនារី និង​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​បាន​ចូល​រួមពិធី​រំលឹក​ខួប​លើក​ទី​៥​ឆ្នាំ​(​៧ កក្កដា ២០០៨- ៧​ កក្កដា ២០១៣) នៃ​ការ​ចុះ​បញ្ចី​ប្រាសាទ​ព្រះវិហារ​ជា​ទី​សក្ការៈ​ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ក្រោមអធិបតី​ភាព​ឯកឧត្ដមបណ្ឌិត​សភាចារ្យ សុខ​ អាន ឧបនាយករដ្ឋ​មន្រ្តី រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី និង​ជា​ប្រធាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​។

ពិធី​ដែល​រៀប​ចំ​ដោយ​សាលា​រាជធានីភ្នំពេញ និងសហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​បាយ័ន​ និង​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​​ផង​ដែរ ដើម្បី​ផ្ដិត​យក​រូប​ភាព​ដ៏​មហោឡារិក​នេះ រួម​ទាំង​ការ​សម្តែងទស្សនីយភាព និង​​ការ​ប្រគំ​តន្រ្តី​​ដោយ​មានការ​ចូល​រួម​ពី​​តារា​ល្បីៗ​នៅ​កម្ពុជា​ និង​ការ​បាញ់​កាំជ្រួច​អបអរ​សាទរ​ផង​ដែរ ស្រប​ទៅនឹង​ពាក្យ​ស្លោក​កម្ពុជា​អច្ឆិរយៈ​សម័យ​តេជោ​។

ក្នុង​ពិធី​ជា​ប្រវត្តិសាស្រ្ត​នោះ​ ឯកឧត្ដមបណ្ឌិត​សភាចារ្យ​ សុខ អាន បាន​ថ្លែង​រំលឹក​អំពី​ប្រវត្តិ​ដែល​ថ្នាក់​ដឹកនាំ​ជំនាញ​របស់​កម្ពុជា​ក្រោម​ការ​ដឹកនាំ​បញ្ចារ​ពី​សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ក្នុងការ​តស៊ូ​យ៉ាង​ស្វិតស្វាញ ​ដើម្បី​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​ទី​សក្ការៈ​ចូល​ជា​សម្បត្តិ​ បេតិកភណ្ឌ​ពិភពលោក​ ទោះ​បី​ជា​មាន​ចេតនា​អាក្រក់​ពី​ក្រុម​អាវ​លឿង​ដឹកនាំ​រដ្ឋាភិ​បាល​ថៃ​ ព្យាយាម​រារាំង​ទៅ​ក្រុម​ប្រទេស​ជា​គណៈកម្មាធិការ​បេតិកភណ្ឌ ក្នុង​ការ​ចុះ​បញ្ជី​ក៏​ដោយការ​អភិវឌ្ឍន៍នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ ក៏​ដូច​ជាភាព​ជា​គំរូ​របស់​កម្ពុជា​ ក្នុង​ការ​កសាង​សុខ​សន្តិភាព និង​ការ​ផ្សះផ្សារ​ជាតិ​ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ ដែល​បាន​ដាក់​ចេញ​តាម​រយៈ​យុទ្ធ​សាស្ត្រ​ចតុកោណ រហូត​កម្ពុជា​បាន​ក្លាយ​ជា​ប្រធាន និង​រៀប​ចំ​កិច្ច​ប្រជុំ​លើក​ទី​៣៧ នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក នៅ​ព្រះ​រាជា​ណាចក្រកម្ពុជា​។

ឯកឧត្ដមបណ្ឌិត​សភាចារ្យ​ សុខ អាន​ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា សមិទ្ធផលនៃការចុះ​បញ្ជីប្រាសាទ​ព្រះវិហារ​នៅឆ្នាំ២០០៨ មិនមែន​សម្រេច​បានក្នុង​ពេល​មួយ​ប៉​ប្រិចភ្នែកនោះទេ។ ឯកឧត្តម​បណ្ឌិ​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា តាមពិតប្រាសាទ​ព្រះ​វិហារ​ គឺជារមណីយដ្ឋានមួយក្នុងចំណោម​រមណីយ​ដ្ឋាន​នានា ដែលត្រូវបានដាក់​បញ្ចូល​ក្នុង​បញ្ជី​ត្រៀម​បម្រុងតាំងពីឆ្នាំ១៩៩២​មក​ម៉្លេះ ដោយ​យើងសង្ឃឹមថា ថ្ងៃ​ណា​មួយរមណីយ​ដ្ឋាន​នេះ​នឹងត្រូវ​បានចុះ​ក្នុងបញ្ជី​បេតិកភណ្ឌ​ពិភព​លោក។ បន្ទាប់​មក នៅក្នុង​ឆ្នាំ២០​០​១ យើង​បាន​ចាប់​ផ្តើមយុទ្ធនាការ​ដែលមាន​លក្ខណៈ​ជាប្រព័ន្ធ​មួយក្នុង​ការរៀបចំ​ឯកសារ ការ​ប្រាស្រ័យ​ទាក់​ទង​ការទំនាក់ទំនង​ដោយផ្ទាល់ និងការ​ធ្វើបទ​បង្ហាញ​នានា ដើម្បីទាក់​ទាញ​នូវការ​គាំទ្រ​សម្រាប់​ការ​ស្នើ​សុំចុះ​បញ្ជី​ជាផ្លូវការ​ប្រាសាទ​ព្រះវិហារជា​បេតិកភណ្ឌពិភព​លោក​នៅ​ឆ្នាំ២០០៦។ នៅ​ឆ្នាំ២០០៧ ​នៅទីក្រុង Christchurch ប្រទេសនូវែល​ហ្សេឡង់ កម្ពុជាបាន​ផ្លាស់​ប្តូរ​ដោយ​ជោគ​ជ័យ​នូវទំនោរ​ភាគ​ច្រើន​នៅក្នុងគណៈ​កម្មាធិការ​បេតិក​ភណ្ឌពិភពលោក ដែល​ត្រូវ​បាន​រៀប​ចំ​ឆាក​ដោយ​មជ្ឈដ្ឋាន​មួយ​ចំនួនក្នុង​ប្រទេសថៃ សំដៅរារាំង​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។

តាម​សេចក្តី​សម្រេ​ច​លេខ 31COM8B.24 សម័យ​ប្រជុំ​លើកទី៣១ របស់​គណៈកម្មាធិការ​បេតិក​ភណ្ឌ​ពិភពលោក​បាន​ទទួល​ស្គាល់ថា រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ​ជាទីសក្ការៈ​មាន​សារៈ​សំខា​ន់​ជា​អន្តរជាតិ​ដ៏មហាអស្ចារ្យ និងមានតម្លៃ​លេច​​ធ្លោជា​សកល​ (OUV) គណៈកម្មាធិការ​យល់​ព្រម​ជាគោលការណ៍​ថា ប្រាសា​ទ​ព្រះវិហារ​គួរត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌពិភព​លោក និងកត់​សម្គាល់​ថា​ ដំណើរ​ការ​ចុះ​បញ្ជីកំពុង​មានវឌ្ឍនភាព។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា នៅឆ្នាំ២០០៨ ទោះបី​ជា​មាន​ការផ្លាស់ប្តូរ​ឥរិយាបថ​ម្តង​ហើយម្តងទៀត​ពីសំណាក់​គណៈប្រតិភូ​ថៃ និង​ការ​ប៉ុន​ប៉ង​​ជា​បន្ត​បន្ទាប់ ដែល​ពេល​ខ្លះ​មាន​ភាពតានតឹង​ខ្លាំង ក្នុង​ការ​រារាំង​ការ​ចុះបញ្ជី​ប្រាសាទ​​ព្រះ​វិហារ​​ក៏​ដោយ ក៏គណៈ​ប្រតិភូ​កម្ពុជា​អាចទាក់ទាញ​ការ​គាំទ្រ​ពី​សំណាក់​សមាជិក​ភាគច្រើន ហើយ​ជាទី​បំផុត​គណៈកម្មាធិការ​ដែល​មាន​សមាជិក២១ប្រទេស បាន​សម្រេច​តាមកុង-​សង់ស៊ុសដើម្បី​ចុះ​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារជាទីសក្ការៈ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក តាម​សេច​ក្តី​សម្រេច លេខ 32COM8B.102 ទីក្រុង​Quebec ប្រទេសកាណាដា ខែកក្កដា ឆ្នាំ២០០៨។

តាម​សេចក្តី​សម្រេ​ច​លេខ 31COM8B.24 សម័យ​ប្រជុំ​លើកទី៣១ របស់​គណៈកម្មាធិការ​បេតិក​ភណ្ឌ​ពិភពលោក​បាន​ទទួល​ស្គាល់ថា រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ​ជាទីសក្ការៈ​មាន​សារៈ​សំខា​ន់​ជា​អន្តរជាតិ​ដ៏មហាអស្ចារ្យ និងមានតម្លៃ​លេច​​ធ្លោជា​សកល​ (OUV) គណៈកម្មាធិការ​យល់​ព្រម​ជាគោលការណ៍​ថា ប្រាសា​ទ​ព្រះវិហារ​គួរត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌពិភព​លោក និងកត់​សម្គាល់​ថា​ ដំណើរ​ការ​ចុះ​បញ្ជីកំពុង​មានវឌ្ឍនភាព។

ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ថា ជាអកុសល មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែអបអរសាទរ​នឹងជោគជ័យ​របស់​យើង​នៅទីក្រុង Quebec នោះ​ទេ។ ក្នុងពេល​តែមួយ​ថ្ងៃបន្ទាប់ពី​យើងបាន​ជួបជុំគ្នា​នៅពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ នេះ​ប៉ុណ្ណោះ ប្រតិកម្ម​ដោយ​ហិង្សា​ប្រឆាំងនឹង​ជោគជ័យ​នៃការចុះបញ្ជី​ប្រាសាទ​ព្រះវិហារ បាន​ផ្ទុះ​ឡើងដោយ​ក្រុម​អាវ​លឿង​និងសម្ព័ន្ធមិត្តរបស់គេ។ ​នៅ​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ កង​ទ័ព​ថៃបាន​ឆ្លងកាត់​ព្រំ​ដែន និង​ធ្វើ​ការ​កាន់កាប់​ទឹកដី​កម្ពុជា​នៅជុំវិញ​ប្រាសាទ​ព្រះវិហារ និង​បាន​វាយ​លុក​ជា​ច្រើន​លើកច្រើនសារ និង​ច្រើន​កន្លែងរវាងឆ្នាំ២០០៨ និងឆ្នាំ២០១១ បណ្តាល​ឱ្យ​ខូច​ខាត​យ៉ាងដំណំ​ដល់​ប្រាសាទ និង​បាន​ប្រើប្រាស់​អាវុធ​ធុនធ្ងន់ រួមទាំងគ្រាប់​បែក​ចង្កោម​ចូលជ្រៅ​ក្នុងទឹកដី​របស់​កម្ពុជា​ទៀតផង។ ប្រជាជន​មួយ​ចំនួន​បាន​ស្លាប់​និង​រងរបួស ហើយ​រាប់​ពាន់​នាក់​បានបាត់បង់ទី​ជម្រក និងត្រូវភៀស​ខ្លួន។

ឆ្លើយ​តប​នឹងការវាយ​ប្រហារ​ម្តង​ហើយ​ម្តងទៀត​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាប់ផ្តើម​យុទ្ធនា​ការ​ចម្រុះ​មួយ​ដោយ​ជោគជ័យ ដើម្បី​ការពារ​ប្រាសាទ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹក​ដី​របស់​យើង គឺការ​ប្រើប្រាស់​មធ្យោបាយ​ការទូត នយោបាយ បេតិកភណ្ឌ​វប្បធម៌ ​យោធា និង​ច្បាប់​។ ក្រោម​ការ​ដឹកនាំ និង​បញ្ជាផ្ទាល់របស់ សម្តេចនាយករដ្ឋមន្រ្តី តេជោ ហ៊ុន សែន នាយ ទាហាន នាយទាហា​នរង ពល​ទាហាន​និងកងកម្លាំងប្រដាប់​អាវុធ​គ្រប់ប្រភេទ ប្រកប​ដោយ​វីរភាព​ដ៏អង់អាចក្លាហាន ជាមួយ​ស្មារតី​ឧបត្ថម្ភ​គាំទ្រ និងសាមគ្គីភាព​ជាធ្លុង​មួយ​របស់​ប្រជា​ពលរដ្ឋ​ទូទាំងប្រទេស រក្សា​បាន​យ៉ាងរឹងមាំ​នូវ​បូរណ​ភាព​ទឹកដីរបស់កម្ពុជាយើង។ បន្ថែម​លើ​ការ​ការពារ​ផ្នែកយោធាប្រកបដោយ​ជោគជ័យ យើង​ត្រូវបាន​បង្ខំ​ចិត្តឱ្យនាំ​យក​បញ្ហា​នេះ​ទៅ​កាន់​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ ដើម្បីស្វែងរក​ការ​បក​ស្រា​យ​សាលដីកា​ឆ្នាំ១៩៦២ ដែល​បាន​ប្រកាស​យ៉ាងច្បាស់​នូវ​អធិបតេយ្យ​ភាព​របស់​កម្ពុជាលើ​ប្រាសាទ​ ព្រះវិហារ​និងដែនដី​ម្តុំ​ជិតៗ​ប្រាសាទ។

បច្ចុប្បន្ន​នេះ យើង​កំពុង​រង់ចាំដីកា​សម្រេច​ចុង​ក្រោយ​របស់​តុលាការ ប៉ុន្តែ​នៅ​ក្នុង​សេចក្តី​សម្រេច​ស្តីពី​វិធានការ​បណ្តោះអាសន្ន​ខែកក្កដា ឆ្នាំ២០១១ តុលាការ​បានដាក់​ចេញ​នូវដីកា​បង្គាប់​មួយ​។ តុលាការ​បានទទួល​យកសំណើ​របស់កម្ពុជា​ក្នុងការបក​ស្រាយ​សាលដីកា ដោយ​បដិសេធ​ជា​ឯកច្ឆន្ទ​នូវ​សំណើ​របស់ថៃ ដែលស្នើ​ឱ្យតុលាការ​បដិសេធ​សំណើ​របស់​កម្ពុជា។ ជាង​នេះទៀត តុលាការ​បាន​សម្រេ​ចថា ថៃមិនត្រូវ​រារាំងដល់​ការចេញ​ចូល​ដោយ​សេរី​របស់​កម្ពុជា​ទៅកាន់​ប្រាសាទ​ព្រះវិហារ​ឡើយ

ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ​ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ពេល​ប៉ុន្មានឆ្នាំ​កន្លង​មកនេះ ពិភពលោក​បាន​ចាប់ផ្តើម​ស្គាល់យើង​កាន់​តែច្បាស់ ហើយ​ចាប់ផ្តើម​និយាយ​អំពីគំរូកម្ពុជា”  (សុខសន្តិភាព និង​ការផ្សះផ្សាជាតិ ទន្ទឹមនឹងការអភិវឌ្ឍ​សេដ្ឋ​កិច្ច ដូច​បង្ហាញ​នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ) ហើយ​ប្រទេស​យើង​បាន​ទទួល​នូវកិត្តិយស​និង​ការ​គោរព​រាប់​អាន​ កាន់​តែ​ច្រើន​ឡើងៗ។ លើសពីនេះ របៀប​ធ្វើការងារ​ដែលមាន​លក្ខណៈសម្រប​សម្រួល​របស់​យើង​នៅក្នុងស្ថាប័ន​ នៃអង្គការយូណេស្កូ ទទួលបាន​ការវាយ​តម្លៃខ្ពស់​ពីសំណាក់​ប្រទេសតូច ធំនានា។
កម្ពុជា​ទទួល​បានជោគជ័យ​នៅក្នុងការ​ឈរឈ្មោះ​បោះឆ្នោត ជាសមាជិកគណៈកម្មាធិការ​បេតិក​ភណ្ឌពិភពលោក​សម្រាប់អាណត្តិ​៤ឆ្នាំ ២០០៩-២០១៣។ នៅឆ្នាំ២០០៩ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវយុទ្ធនាការស្វែងរកសម្លេង​ឆ្នោត​ជា​អន្តរជាតិ និងបេសក​កម្ម​ជាច្រើនត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុង​ទ្វីប​ផ្សេងៗ ដើម្បីទាក់ទាញការគាំទ្រដល់​កម្ពុជា​ពីសំណាក់​តំបន់បោះឆ្នោត​ទាំង​៥​ របស់​អង្គការ​យូណេស្កូ។ យុទ្ធនាការនោះទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង ហើយ​កម្ពុជា​ត្រូវ​បានជាប់ឆ្នោត ដោយ​បាន​ទទួលសម្លេងគាំទ្រច្រើនជាង​គេ​លំដាប់ទី២ បន្ទាប់ពីប្រទេសស្វីស។

បន្ទាប់​ពីបានក្លាយ​ជាសមាជិក កម្ពុជា​ត្រូវបាន​ជ្រើសរើស​ឱ្យធ្វើជា​អនុប្រធាននៃ​គណៈ​កម្មាធិ​ការ​ បេតិកភណ្ឌពិភព​លោក​សម្រាប់​ឆ្នាំ២០១០-២០១១ ដែល​នៅពេល​នោះ​យើង​បាន​ស្នើសុំធ្វើ​ជាម្ចាស់​ផ្ទះ​​ រៀបចំកិច្ចប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌពិភព​លោក​នៅកម្ពុជា។ ដើម្បី​ធានា​បាន​នូវ​សេចក្តី​សម្រេ​ច ​ជាវិជ្ជមាន​ពីសំណាក់​គណៈកម្មាធិការបេតិកភណ្ឌ​ពិភពលោក ជា​ការ​ចាំបាច់យើងបាន​ធ្វើ​យុទ្ធនាការ​ស្វែង​រកការគាំទ្រ​ជាថ្មីម្តងទៀត ដែល​ការងារ​នេះ​ទាមទារនូវ​ការយកចិត្តទុកដាក់ខ្ពស់​និង​ការ​អត់​ធ្មត់​ខ្លាំង។

ជាលទ្ធផល នៅខែកក្កដា ឆ្នាំ២០១២ នាទីក្រុង St. Petersburg សហព័ន្ធរុស្សី សម័យប្រជុំ​លើកទី​៣៦​នៃ​គណៈកម្មាធិការ​បេតិកភណ្ឌពិភពលោក បាន​សម្រេច​ជាឯកច្ឆន្ទទទួលយក​សំណើរ​បស់​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះនៃសម័យ​ប្រជុំ​លើកទី​៣៧ ​របស់គណៈ​កម្មាធិ​ការបេតិក​ភណ្ឌពិភពលោកពីថ្ងៃទី​១៦ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ ដោយខ្លួនខ្ញុំ​ផ្ទាល់​ត្រូវបាន​ផ្តល់​កិត្តិយសជាប់ឆ្នោត​ធ្វើជា​ប្រធាន​សម្រាប់​ ឆ្នាំ២០១២-២០១៣។

ទាក់​ទង​នឹង​ការ​ចុះ​បញ្ជី​ប្រាសាទ​វិហារ​ជា​សម្បត្តិបេតិកភណ្ឌ​ពិភពលោក ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​វាយ​តម្លៃ​ថា តាមរយៈការចុះរមណីយ​ដ្ឋាន​ប្រាសាទ​ព្រះវិហារ​ជាទីសក្ការៈ ក្នុងបញ្ជីបេតិកភណ្ឌ​ពិភពលោក​របស់​អង្គការយូណេស្កូ កម្ពុជាទទួល​បាន​ជោគជ័យ​ដោយបាន​ធ្វើឱ្យ​ពិភពលោក​ទទួលស្គាល់​នូវតម្លៃ​លេច​ធ្លោជា​ សកល​របស់​ប្រាសាទ​ព្រះវិហារផង ព្រម​ទាំង​ការ​លើកកម្ពស់នូវតម្លៃ​នៃ​ច្បាប់អន្តរជាតិ ដូច​មាន​ចែង​ក្នុង​សាលដីកាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២​ របស់​តុលាការ​យុត្តិធម៌អន្តរជាតិ​ផងដែរ។
នៅ​ក្នុង​ពិធី​ដ៏​អធិកអធម​នេះ​ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល​នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​អំណរ​គុណ​ចំពោះ​សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ដែល​បាន​ដឹកនាំ​ប្រទេស​ឲ្យ​មាន​សុខ សន្តិភាព និង​ការអភិវឌ្ឍន៍ ពិសេស​ការ​ដឹកនាំ​ឲ្យ​មានជោគជ័យ​ក្នុង​ការ​ចុះ​បញ្ចី​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិបេតិកភណ្ឌ​ពិភពលោក​ ក៏​ដូច​ជា​ថ្លែង​អំណរ​គុណ​ចំពោះ​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ ដែល​បាន​ការពារ​ទឹក​ដី និ​ង​អធិបតេយ្យ​ភាព ពិសេស​ ​គឺ​សម្បត្តិ​បេតិកភណ្ឌ​ជាតិ ពីការ​ប៉ុន​ប៉ង​ឈ្លាន​ពាន​បំផ្លិច​បំផ្លាញ​របស់​សត្រូវ​។
នៅ​ក្នុង​ពិធី​ដ៏​អធិកអធម​នេះ​ដែរ ​បទចំរៀង​ «ពង្សាវតារខ្មែរ​» ត្រូវ​បានច្រៀង​រួម​គ្នា​ដោយ​គណៈ​អធិបតី មន្ត្រី​រាជ​ការ និង​យុវជន យុវនារី សិស្ស​ និស្សិត នៅ​ក្នុង​អង្គពិធី​ទាំង​មូល​ដែល​បង្ហាញ​ថា ព្រះ​រាជាណាចក្រកម្ពុជា​ក្នុង​សម័យ​តេជោ ត្រូវ​បាន​ចាត់​ទុក​ជា​កម្ពុជា​អច្ឆិរយៈ៕

អត្ថបទៈ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស