Tuesday, August 20, 2013

សេចក្តី​ថ្លែង​ការណ៍​រួមរវាង តំណាង​រាជ​រដ្ឋា​ភិបាល​កម្ពុជា និងតំណាង​អគ្គ​លេខា​ធិការ អ.ស.ប

  រាជរដ្ឋាភិបាល​កម្ពុជា និងអង្គការ​សហប្រជាជាតិ (អ.ស.ប) សម្តែងកា​រស្វាគមន៍​ចំពោះ​កិច្ច​ពិភាក្សា
នាពេល​ថ្មីៗ​នេះនៅទី​ក្រុងភ្នំពេញ​រវាង​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន និ​ង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ដេវីដ សេហ្វ័រ អ្នកជំនាញ​ការពិសេស​របស់​អគ្គលេខាធិការ អ.ស.ប សម្រាប់​ជំនួយសាលាក្តី​ខ្មែរក្រហម។ បញ្ហា  សំខាន់ៗ ដែល ការិយាល័យ​រដ្ឋបាល​នៃអង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) កំពុង​ប្រឈម ចំពោះ​មុខត្រូវ​បាន​លើកយក​មកពិភាក្សា​ប្រកប ដោយភាពស្និទ្ធ​ស្នាល​និង​ផ្លែផ្កា នៅក្នុងអំឡុង​ពេល​នៃកិច្ច​ ពិភាក្សា​នោះ។

អ.វ.ត.ក សម្រេច​បាន​សមិទ្ធិផល​ជាប្រវត្តិ​សាស្ត្រស​ម្រាប់​ប្រជាជន​កម្ពុជា និងសម្រាប់​យុត្តិធម៌ ព្រហ្មទណ្ឌ​អន្តរជាតិ។ រាជរដ្ឋា​ភិបាល​កម្ពុជា​និង​អ.ស.ប សូមបញ្ជាក់​ជាថ្មីនូវ​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ការងារ​ ដ៏​មាន​​សារៈ​​ សំខាន់​​នេះ​ ហើយ​ត្រូវការ​ចាំបាច់​ដើម្បី​ធានានិរន្តរភាព​នៃជំនួយ​ហិរញ្ញ​វត្ថុឲ្យបាន​ គ្រប់គ្រាន់​ដើម្បីឲ្យ អ.វ.ត.ក អាចដំណើរ​ការសំណុំ​រឿង​០០២ដែល​ជាផ្នែក​នៃអាណត្តិ​ការងារ​ដ៏ចម្បង​របស់ អ.វ.ត.ក។

រាជរដ្ឋា​ភិបាល​កម្ពុជា និង អ.ស.ប សូម​សម្តែង​​អំណរ​គុណ​យ៉ាង​ជ្រៀល​ជ្រៅ​ចំពោះ​ការ​គាំទ្រ​ដ៏ធំធេង​​ដែល​​ ផ្តល់ដោយ​សហគមន៍​អន្តរជាតិ រហូតមក​ទល់បច្ចុប្បន្ន​​ ដើម្បី​ធ្វើឲ្យមាន​ស្ថិរភាព​ហិរញ្ញ​វត្ថុរបស់​សាលាក្តី ខ្មែរ​ក្រហម​។  នៅមានតម្រូវការបន្ទាន់​ផ្សេងៗទៀតដែលកំពុង​តែជួបប្រទះនៅពេលនេះ។  រាជរដ្ឋាភិបាល កម្ពុជា និង​ អ.ស.ប សូមអំពាវនាវដល់សហគមន៍អន្តរជាតិ ព្រមទាំងប្រទេសជាដៃគូរបស់កម្ពុជា នៅក្នុង សហគមន៍​អាស៊ាន​ដើម្បី​ផ្តល់​នូវកា​រគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ សំខាន់​បន្ថែម​ទៀត​ដើម្បី​ចៀស​វាង​ការ​ ពន្យារពេលបន្តទៀតក្នុងការបើកប្រាក់បៀវត្សរ៍របស់មន្ត្រីបុគ្គលិកជាតិទាំងអស់។   


រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣