Thursday, August 15, 2013

បទវិចារ​ណក​ថា៖ ប្រជាពល​រដ្ឋ​មិន​មែន​ជា​ចំណាប់​ខ្មាំង​របស់អ្នក​ចាញ់​ឆ្នោត​នោះ​ទេ

ដោយៈ រួម​ ជាតិ​
          ទោះបីដឹងថាគណបក្សប្រជាជនកម្ពុជាទទួលបានសម្លេង​​នាំ​មុខ និងគណ​បក្ស​សង្រ្គោះ​​​ជាតិ​ទទួល​បានសម្លេងជាប់លំដាប់លេខរៀងទី២ និងគណបក្ស​នយោបាយ៦​ទៀតមិន​ទទួល​បាន​អាសនៈ​​នៅ​ក្នុង​​រដ្ឋសភាជាតិ យ៉ាង​ណា​ក៏​ដោយ ក៏គណបក្ស​សង្រ្គោះ​​ជាតិបាន​ធ្វើ​សន្និ​សិទ​​កា​សែត ​យ៉ាង​តក់​ក្រហល់ជំទាស់ទៅ នឹង​លទ្ធ​ផល​​បណ្តោះ​អាសន្នដែល​​បានប្រកាស​ ដោយ​ គ.ជ.ប​ កាល​ពី​ថ្ងៃ​ទី​​១២​ ខែ​សីហា ​ឆ្នាំ​២០១៣។

គណបក្សសង្រ្គោះជាតិយកលេសទម្លាក់កំហុសទៅលើ គ.ជ.ប និងបាន​​យក​​​ប្រជា​ពល​រដ្ឋ​ធ្វើ​ជា​ចំណាប់​ខ្មាំង​ ដើម្បី​បំ​រើ​នយោបាយ​ប្រជាភិថុតរបស់​ខ្លួន។ ការពិត​ ​ប្រជាពលរដ្ឋមិនមែន​ជា​ចំណាប់​ខ្មាំង​របស់​អ្នកចាញ់នោះទេ គួរ​ណាស់​​គណបក្ស​ដែល​​​​ចាញ់​ឆ្នោតត្រូវ​ទទួល​​ស្គាល់​ការ​ពិត ហើយព្រម​ទទួល​នូវលទ្ធផលនេះ មិន​ត្រូវ យក​​ប្រជា​ពល​រដ្ឋ​ធ្វើ​ជា​ចំណាប់​ខ្មាំងនោះទេ ។

ក្រោយពីការប្រកាសលទ្ធផលឆ្នោតបណ្នោះអាសន្នរបស់ គ.ជ.ប មិនបាន២ម៉ោងផង លោក កឹម សុខាប្រធានស្តីទីគណបក្សសង្រ្កោះជាតិ បានធ្វើសន្និសីទកាសែតជំទាស់ទៅ​នឹង​លទ្ធផល​របស់​គជប កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣។  សកម្មភាព​នេះសបញ្ជាក់​ឲ្យឃើញ ថា គណបក្ស​សង្រ្គោះ​​​ជាតិមាន​ចេតនា​ចង់​ទម្លាក់​កំហុស និងការទទួលខុសត្រូវ​មក​លើ គ.ជ.ប ទាំង​ស្រុង​ចំពោះ​ការ​​កើត​ឡើង​នូវ​ការតវ៉ា ដែល​អាច​នាំ​ឲ្យអស្ថិរ​ភាពនយោ​បាយ អសន្តិសុខ ដែល បង្កឡើងពី​សំណាក់​​ប្រ​ជា​ពល​រដ្ឋ​ជា​​ម្ចាស់ឆ្នោត។​ ការ​លើក​ឡើង​របស់​​គណ​បក្ស​សង្រ្គោះ​ជាតិ​របៀបនេះ គឺជា​ការ​ដោះ​ដៃ​មួយ ដោយ​យក​​ប្រជា​ពល​រដ្ឋធ្វើ​ជា​ចំណាប់​​ខ្មាំងរបស់​ខ្លួន​។ ​គួរ​​ណាស់​​យើងនាំគ្នា​កោតសរ​សើរ​ចំពោះ​ការខិតខំប្រឹងប្រែងរបស់ គ.ជ.ប ដែល​បាន​រៀប​ចំ​ដំណើរ​​​ការ​​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​​​រាស្រ្ត​នីតិកាលទី៥ ដែលមាន​លក្ខណៈ​​រលូន ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និង​គ្មាន​អំពើហិង្សា តាំងពីថ្ងៃ​បើក​​យុទ្ធនា​ការ​ រហូត​ដល់​ថ្ងៃ​ រាប់​សន្លឹកឆ្នោត ដែលគណបក្ស​នយោបាយនីមួយៗ​បានប្រើ​ប្រាស់​សិទ្ធិ​របស់​ខ្លួន​ដោយ​សេរី ក្នុង​ការ​​ឃោ​ស​នា​នូវ​គោល​​នយោ​បាយ​រៀងៗខ្លួន​ ដោយគ្មានការ​គំរាម​កំហែង​​​ពី​គណ​បក្ស​នយោបាយ​ណា​មួយ​ឡើយ។​

បើ​យើង​​ពិនិត្យ​មើល​នូវ​ទិដ្ឋភាពថ្ងៃ​បោះ​​ឆ្នោត​ថ្ងៃ​អា​ទិត្យ​​ទី២៨ ខែកក្កដា ឆ្នាំ២០១៣ គេបានកត់ ​សំគាល់​ឃើញ​​​ប្រជាពល​រដ្ឋ​ខ្មែរ​​បាន​​ទៅ​ចូល​រួម​ការបោះ​ឆ្នោត​​ដោយ​ទឹក​មុខ​ស្រស់​បស់ រីក​រាយ​ពេញ​ចិត្ត​ក្នុង​ការសម្រេច​ចិត្ត​ជ្រើស​​រើស​តំណាង​របស់​ខ្លួន​ដោយ​​សេរី​ត្រឹម​ត្រូវ យុត្តិ​ធម៌ និងតម្លាភាព។
         
យោងតាមការផ្សាយរបស់វិទ្យុដែល​គាំទ្រនិន្នាការ​បក្ស​ប្រឆាំង​ កាលពីថ្ងៃទី១៣ ​ខែ​សីហា​ឆ្នាំ​២០១៣ វេលាម៉ោង១៣ រសៀល បានចាក់ផ្សាយការចុះ​ជួបប្រជាពលរដ្ឋ របស់មេដឹក​នាំ​​គណ​​បក្ស​សង្រ្គោះជាតិ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៣ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កន្លង​មក​បានបំផុស និងបំភ្លើសថា «ការពិតយើងឈ្នះ​ហើយ​បងប្អូន កុំជឿលើព័ត៌មានអកុសល ថាគេ ឈ្នះ តាម​ពិត​យើង​ទេ​ជា​អ្នកឈ្នះ   សូម​បង​ប្អូន​ត្រៀម​លក្ខណៈស្ថានការណ៍អាចប្រែប្រួលប៉ុន្មាន ថ្ងៃឬ ប៉ុន្មានសប្តាហ៍យ៉ាង​យូរ យើងនឹង​ធ្វើ​មហា​បាតុ​កម្ម​ឲ្យ​ញ័រផែនដី ហើយបងប្អូនអ្នកខេត្ត កណ្តាល អ្នក​កំពង់ស្ពឺ អ្នក​កំពង់​ចាម និងអ្នកភ្នំពេញ ត្រៀម​ខ្លួន​រំដោះ​ជាតិឲ្យបានឆ្នាំ២០១៣ នេះ អញ្ចឹងត្រៀម​ខ្លួនទាំង​អស់គ្នា»​។ នេះ គឺជាការ​បំ​ផុសចលនាមហាជន​ដើម្បី​បង្កភាព​ច លាចល​ វឹក​វ ក្នុង​សង្គម​ ដែលត្រូវ​បាន​ប្រកាសដោយ​ថ្នាក់​ដឹក​នាំគណបក្សសង្គ្រោះ​ជាតិ ដែលជាអ្នក​ផ្តើម​ការ​អុចអាល។  ទង្វើនេះ គឺជាចេតនាយ៉ាងពិត​ប្រាកដក្នុង​ការរៀប​ចំផែន​ការផ្តួល​រំលំ​រាជរដ្ឋា​​ភិបាល​​​ស្របច្បាប់​តាម​រយៈមហាជន មិនមែនតាមបែបលទ្ធិប្រជាធិបតេយ្យនោះទេ ។

ការ​គំរាម​កំហែងដោយប្រើប្រាស់មហាបាតុកម្មរបស់មេដឹកនាំគណបក្សសង្រ្គោះ​ជាតិ​តាំង​ពី​ក្រោយ​​ថ្ងៃបោះ​ឆ្នោត​ពីថ្ងៃ​ទី២៨ខែកក្កដាឆ្នាំ២០១៣ មកដល់សព្វថ្ងៃ ​ ដែល​​ជាហេតុនាំ​ឲ្យមានការ អស្ថិរភាព នយោបាយ បង្កើតបញ្ហាសង្គម ដែលជាហេតុធ្វើឲ្យមុខទំនិញ គ្រឿង​ឧបភោគ បរិភោគ គ្រប់​បែបយ៉ាងឡើងថ្លៃ។​ ​ម្យ៉ាង​វិញ​ទៀតបានធ្វើឲ្យវិនិយោគិនមួយចំនួន ពិចារណា​ក្នុង​ការ​​ផ្អាក ​ឬ​បង្វែរ​ការដាក់ទុនការរកស៊ីខ្លួនទៅប្រទេសផ្សេង បើសិនជា​ស្ថាន​ការ​ណ៍​​នយោបាយនៅកម្ពុជា មិន​នឹងន។ ដូច​នេះ​ការខាតបង់ដ៏ធំធេង គឺប្រជាជន និងប្រទេសកម្ពុជាទាំង​មូល​។

ដើម្បីបន្ធូរបន្ថយស្ថានការណ៍នយោបាយឲ្យវិលទៅរកភាពប្រក្រតីឡើងវិញនោះ ព្រះ​ករុ​ណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្ស​ត្រ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ទ្រង់បានអំពាវនាវចំពោះគណបក្សទាំងពីរ ដែលទទួលបាន​អាសនៈ​ក្នុង​រដ្ឋ​សភាជាតិ ខិតខំដោះ​ស្រាយ​ទំនាស់ដោយសន្តិវិធី និងតម្កល់ផលប្រយោជន៍ជាតិជាធំ និង​ចំពោះ​ប្រ​ជា​​ពលរដ្ឋគ្រប់​ស្រទាប់​​វណ្ណៈ ឲ្យបន្តប្រកបមុខរបរចិញ្ចឹមជីវិតរបស់ខ្លួន ដោយស្ងៀមស្ងាត់ តាមរយៈ​ព្រះ​រាជ​សារ​របស់​ព្រះអង្គ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣។

ដោយឡែកគណបក្សសង្រ្គោះជាតិ នៅតែបំផុសបំផុលឲ្យប្រជាពលរដ្ឋត្រៀមធ្វើបាតុកម្ម ដែលបានផ្សាយតាមកម្មវិធីសម្លេងសង្រ្គោះជាតិ នៅវិទ្យុសំបុកឃ្មុំរៀងរាល់ថ្ងៃដែលផ្ទុយពីព្រះរាជ​ សារ​របស់ ព្រះមហាក្សត្រ ដែល​​អំពាវនាវ​ឲ្យ​​ប្រជាពលរដ្ឋ​ប្រកបមុខ​របរចិញ្ចឹមជីវិត ដោយសុខសាន្ត  និងរក្សានូវភាព​ស្ងៀម​ស្ងាត់ ​ប៉ុន្តែ​គណបក្សសង្រ្គោះជាតិបាន​យកប្រជាពលរដ្ឋធ្វើជាចំណាប់ខ្មាំង ទៅ​វិញ​។​ ចំណុច​នេះ​ត្រូវ​អ្នកវិភាគឯករាជ្យ​បាន​​ផ្តល់អនុសាសន៍ថា ​​ប្រជាពលរដ្ឋ​មិនមែនជា​ចំណាប់​ខ្មាំង​របស់​អ្នក​ចាញ់​ឆ្នោត​​នោះទេ