Thursday, August 15, 2013

បទ​អត្ថា​ធិប្បាយ៖ អាច​រក​​ឃើញ​​នូវ​​រូប​​មន្ដ​​ទិព្វ ឬ​គ្រាន់​​តែ​ជា​បំណង​​បំផ្លាញ​នូវ​​ដំណើរ​ការ​​រៀបចំបញ្ជី​ចុះ​ឈ្មោះ​បោះ​ឆ្នោត ជាពិសេស​មុន​ពេល​យុទ្ធនា​ការ​មិន​ទាន់​ទាំង​បាន​ចាប់​ផ្តើមផង?

អត្ថ​បទ​ដើមជាភាសា​អង់គ្លេសរៀប​រៀង​ដោយ ទី ម៉ូហាន់ (អ្នកវិភាគនយោបាយកម្ពុជាជើងចាស់)

          អត្ថបទដែលមានចំណងជើងថា «សវនកម្មបានរកឃើញបញ្ជី​ចុះឈ្មោះសម្រាប់ការបោះឆ្នោត​ខែ​កក្កដា​​នៅកម្ពុជា កាន់តែអន់​ថយជាងមុន» ផ្សាយ​ដោយវិទ្យុសំលេងសហរដ្ឋ​អាមេរិក ​(VOA) កាល​ពី​ថ្ងៃ​​ទី​២៥ ខែមីនា ឆ្នាំ​២០១៣ ដោយបាននិយាយ​អំពីបរិមាណដ៏​ច្រើននៃ​ការ​សរសេ​រ​លំអៀង​របស់​ភ្នាក់ងារ​​ ព័ត៌មាន​មួយ​ចំនួនធំ។

          ទន្ទឹម​នឹង​នេះ គេអាចសន្មតទុកមុនថា គោលបំណងនៃអត្ថបទខាងលើ​ គឺចង់​ជំរុញ​ឲ្យ​បង្កើត​ជា​​ចម្ងល់​នានា នៅមុនអំឡុងពេលយុទ្ធនា​ការបាន​ចាប់ផ្តើម​ជាផ្លូវការ​សម្រាប់ការ​ បោះឆ្នោតនៅកម្ពុជា ដែលបានប្រព្រឹត្ត​ទៅនាថ្ងៃទី២៨ ខែកក្កដា កន្លងទៅនេះ។

          នេះក៏ដូចគ្នាផងដែរពី​ការស្រែកឡាំប៉ា​របស់​ក្រុមបក្ស​ប្រឆាំង ​អំពីអ្វី​ដែល​គេនាំគ្នា​ហៅថា​ការបន្លំ​ឈ្មោះ​បញ្ជីអ្នក​បោះឆ្នោត​។ល។ ដូច្នេះ ការស្រែករបស់ក្រុមប្រឆាំង និងការអះអាងថ្មីៗនេះ​ដែលថា មាន​តែការ​បន្លំ​ដ៏ធ្ងន់​​ធ្ងរ ដែលបានរារាំង ឬបានទប់ស្កាត់ជ័យជំនះរបស់ពួកគេនោះ។ និយាយបែប​នេះ គឺ​ពួក​​នេះ​មាន​ចរិត​មិន​​ស្មោះត្រង់​ និងគ្មានការទទួលខុសត្រូវផ្នែកនយោបាយនោះ​ឡើយ។

          បញ្ហានេះ វាលេចចេញ​មកពី​អ្វីដែល​គេហៅថាសវនកម្ម ​ដែល​បានសរសេរឡើង​​ដោយ​ក្រុម​អង្គការ​បរទេស​រៀបរាប់ពី​ប្រព័ន្ធ​ និង​ដំណើរការចុះឈ្មោះក្នុង​បញ្ជីបោះឆ្នោតនៅកម្ពុជា។ សវនកម្មបែប​នេះ​បាន​ធ្វើ​​កំហុសធ្ងន់​ធ្ងរ​​ពេកណាស់​  ថាព្រោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់កម្ពុជា ទើប​តែមានអាយុ​កាល​​មិន​ទាំងដល់ ២០​ឆ្នាំផង ហើយដែល​បច្ចុប្បន្នកំពុងបង្កើនសមត្ថភាព និងកំពុង​បាន​​បំពេញភារកិច្ច​របស់​​ខ្លួនឲ្យ​កាន់​តែ​​ប្រសើរ​ឡើង។

          បើ​គេប្រៀបធៀបជាមួយនឹងសហរដ្ឋអាមេរិក ដែលមានលទ្ធិប្រជាធិបតេយ្យកើត​ជាងពីរ​រយ​ឆ្នាំ​ហើយ​នោះ  ហើយ​តុលាការកំពូលរបស់​គេ​កំពុង​តែ​ជជែក​វែក​ញែក​លើករណី​ ការចុះឈ្មោះបោះឆ្នោត អ្នក​​បោះឆ្នោត​ក្នុងរដ្ឋ Arkansas ។ ទន្ទឹម​នឹង​នេះ តុលាការ​កំពូល​អាមេរិក​កំពុង​ពិចារណាទឡ្ហីករណ៍​នានា​ ដើម្បីអាច​​ផ្ដល់​បាន​​នូវ​និយម​ន័យ​ថ្មីសំរាប់កែលំអ​ច្បាប់​សហព័ន្ធ ក្នុង​គោល​ដៅ​ធ្វើ​ឲ្យ​ងាយ​ស្រួល​ដល់​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​ ​ប្រទេស​ទាំងមូល។

មានឧទាហរណ៍ច្រើនទៀត ដែល​ទាក់​ទង​ទៅនឹងចំណុចទាំង​នេះ។ ជា​ការពិតណាស់​ដែល VOA បាន​ផ្សាយ ដោយដកស្រង់សម្តីក្រុមបក្សប្រឆាំង និងពួក​អង្គការ​​នានា​ដែលមាននិន្នាការលំអៀង​ខាង​បក្ស​ប្រឆាំង បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពីឥរិយាបទរប៉ិលរប៉ូច និង​ទង្វើ​​ខុស​ឆ្គង។

          នេះគឺការរៀបចំឆាកយ៉ាង​ប្រត្យក្ស ជា​អំណោយ​ផលផ្ដល់​ដល់​ក្រុមបក្សប្រឆាំងចំពោះអ្វី​ដែល​ត្រូវ​នឹង​កើតឡើង​ ដល់ពួកគេ ដែលមាន​ខួរ​ក្បាល​គ្រោង​ទុក​ជាស្រេចធ្វើ​យ៉ាងណាមិន​ឲ្យ​មាន​មន្ទិល​សង្ស័យ គឺ​ពេល​ពួកនេះ​​យំឡាំប៉ា​យ៉ាង​ប្រសប់ ​នៅ​ពេល​ដែល​ពួកគេ​ចោទ​អំពីកំហុសឆ្គង ឬការបន្លំ​សន្លឹក​ឆ្នោតនៅពេល​ដែល​ពួកគេចាញ់​ឆ្នោត​។ ករណី​នេះធ្លាប់​បាន​កើត​មាន​ហើយ​នៅ​ប្រទេស​ម៉ាឡេស៊ី សឹង្ហបូរី ថៃ និងទាំង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែលជា «មូលដ្ឋានដ៏រឹងមាំ»​ នៃ​លទ្ធិ​ប្រជាធិបតេយ្យផងដែរ។ ​ការបោះ ឆ្នោតរវាង «លោក Bush និង លោក Gore» គឺ​បានត្រូវ​សម្រេច​ដោយ​តុលាការ​កំពូល​អាមេរិក​ បាន​ន័យ​ថា​ករណី​ជ្រើស​រើស​ប្រធានាធិបតីនេះ មិន​ត្រូវបានសម្រេចដោយអ្នកបោះឆ្នោត​​ ឬដោយ​​តំណាង​រដ្ឋ​នោះ​ឡើយ។

          អត្ថបទដែល VOA លើកឡើង បាននិយាយស៊កសៀតយ៉ាង​ប្រសប់ និង​បាន​សន្មត​ទុក​​ជា​មុន​ថា តាម​រយៈ​​គំហើញស្មានៗនៃការធ្វើសវនកម្មនោះ គេ​អាច​និយាយ​បានថា​ឲ្យ​តែ​លទ្ធផល​បោះឆ្នោត​ណាមួយ​ដែល​មិន​​បាន​ ផ្តល់លទ្ធផលឈ្នះ ដល់​គណបក្សប្រឆាំងនោះគឺ៖ គ្មានសុពលភាព មិន​ត្រឹម​ត្រូវ មិន​ស្រប​ច្បាប់ និង​មាន​ការបន្លំ។

          ដូចដែលគេធ្លាប់បានធ្វើតាំងពីឆ្នាំ១៩៩៨ មក បក្សប្រឆាំងបាន និងកំពុងកសាងយុទ្ធនាការ​របស់​ពួក​គេ ដោយផ្អែកលើគំនិតឈ្វេងយល់របស់​ពួក​គេ គឺថា ប្រព័ន្ធ​បោះឆ្នោត​ត្រូវបានរៀបចំឡើង​ដើម្បី​គាំទ្រ​ដល់​គណបក្ស​​កាន់​អំណាច ហើយការធ្វើដូច្នេះ គឺ​ការផ្សព្វផ្សាយព័ត៌មានបំភ្លៃដោយ​​គណបក្ស​ប្រឆាំង គឺពិត​ជា​នឹង​ពុំ​មាន​​ការ​ចោទ​សួរ​ពី​សំណាក់អ្នក​​​ដែល​ទទួល​ព័ត៌មា​ន​បាន​ តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយសង្គម។

          មនុស្សម្នាជាច្រើនដែលឃើញ​ភាព​រឹង​រូស​របស់​គណបក្សប្រឆាំង មិនដែលអនុវត្តន៍តាមច្បាប់​នោះ និយាយដូចៗគ្នា បានអះអាងថា ពួក​មេដឹកនាំ​គណបក្ស​ប្រឆាំងមាន​និស្ស័យ​នយោបាយ​មាន​ជំនាញ​​ខាង​ទំនាក់​​ ទំនង ទោះបីជាពួក​គេ​យល់​ថា ពួក​មេដឹកនាំ​បក្ស​ប្រឆាំង​ទាំងនោះមាន​ឧបាយកល​អាត្មានិយម​ ដែល​ស្រឡាញ់​ងប់​លើ​ខ្លួន​ឯង​ និងការពាក់ព័ន្ធក្នុងនយោបាយប្រាក់កាក់ និង​បក្ខ​ពួក​និយមក៏ដោយ។ គោលដៅ​របស់​អ្នកនយោបាយ គឺការសំរេចបាននូវ​អំណាចនយោបាយ។ វាជាការចាំ​បាច់​​ណាស់ ដែល​អ្នកបោះឆ្នោត​នៅតែមានចម្ងល់ចំពោះការចោទប្រកាន់ពីបក្ស​ ចម្រុះទាំងពីរក្រុម​នេះ។

          សង្គ្រាមនៃការគំនិតឈ្វេងយល់ខុសគ្នា គឺ​មេដឹកនាំគណបក្សប្រឆាំង ខិតខំធ្វើការដោយមិនខ្លាច​នឿយ​​ហត់ ដើម្បីធ្វើ​ឲ្យ​អ្នក​បោះ​ឆ្នោត​មាន​ការ​មិន​ទុក​ចិត្ត​លើដំណើរការបោះឆ្នោត ឡាំ​ប៉ា​មិនទទួល​យក​​ភាព​ស្រប​ច្បាប់អ្វីទាំងអស់ លើកលែងតែជ័យជំនះធ្លាក់​មក​ខាង​ខ្លួន​នោះ​ គណបក្ស​ប្រឆាំង​បាន​ដឹក​នាំ​​ចលនា​បាតុកម្ម​ប្រឆាំង​តាមដងផ្លូវ និងធ្វើ​ឲ្យ​មាន​ភាព​វឹកវរនយោបាយនៅពេលដែលពួក​គេ​ចាញ់​ឆ្នោត ដែល​ស្រដៀង​​​នឹង​អ្វី​ដែលពួកគេបានធ្វើក្នុងឆ្នាំ១៩៩៨ ។

          ព្រោះតែគណបក្សប្រឆាំងមិនអាចទទួលយកអំណាចដោយស្របច្បាប់បាន ​ក្រុមអ្នក​ទូរទស្សន៍ របស់​ប្រព័ន្ធផ្សព្វផ្សាយក្រៅ​ប្រទេសបានធ្វើការ​ផ្សព្វ​ផ្សាយ ពីការ​ចោទ​ប្រកាន់​ពី​ភាព​មិនប្រក្រតី​នៃ​ការ​​បោះ​ឆ្នោត​។ ពួក​​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំងនេះ​បាន​កាត់​តរូបភាពវីដេអូ បង្ហាញ​ពីការ​បាញ់​ផ្សែង​ឲ្យ​ហូរ​ទឹក​ភ្នែក បាញ់​កាណុង​​បាញ់ទឹក និងការបង្រ្គាប​ពួក​បាតុករ ដែលញ៉ាំង​ដល់​ការ​បាត់​បង់​ជំនឿ​ ​លើ​រដ្ឋាភិបាល​​កាន់​អំណាច ទោះ​បី​ជា​រដ្ឋាភិបាលនេះបានត្រូវជាប់ឆ្នោតដោយរបៀបប្រជាធិបតេយ្យ​ពីមុន​មក​ក៏ ​ដោយ។

          ប្រព័ន្ធផ្សព្វផ្សាយដែល​គ្មានការទទួលខុសត្រូវ និងប្រព័ន្ធផ្សព្វផ្សាយជិត​ដិត​នឹង​លោកខាងលិច បាន​បន្ថែមប្រេងទៅលើភ្លើង ទៅលើការផ្សព្វផ្សាយព័ត៌មានចោទប្រកាន់ទាំងនេះ ​មិនជួយ​សម្រួល​ស្ថាន​ការណ៍ ឬ​ផ្តល់​ព័ត៌មានគ្រប់គ្រាន់ចំពោះអ្នក​នយោបាយ​ដែល​ចូលចិត្ត​ប្រើការ​បោក​ ប្រាស់​ប្រជាជន។

          ​តើ​សេណារីយ៉ូ​បែប​នេះ វា​ជា​ការ​ផ្ដល់​យុត្តិធម៌​ ពិសេស​ចំពោះ​​គណបក្សប្រជាជនកម្ពុជា (CPP) ដែល​ជាប់​ឆ្នោត​ភាគ​ច្រើន​ដាច់​ខាតនោះ? ក្រុមចម្រុះទាំងពីរពួក​នេះ មានកំហុស​ធ្ងន់​ដោយ​បាន​ប្រើប្រាស់វិធី សាស្ត្រ​ឃោសនា​បោក​ប្រាស់ ម្យ៉ាង​វិញ​ទៀត​អ្នកបោះ​ឆ្នោត​​គួរតែ​រក្សាការ​វិភាគ​របស់​ខ្លួន​តាម​ភាព​ ពិតជាក់ស្តែង និងគួរតែប្រុង​ប្រយ័ត្ន​ចំពោះអ្នកនយោបាយណា​ក៏ដោយ​ដែលចោទ​ប្រកាន់​ អំពីបញ្ហាអាស្រូវដ៏ធំធេងនានា ដើម្បីឆ្លៀតឱកាសកេង​​ចំណេញ​នយោបាយ។

          ដូច្នេះ តើអ្វីទៅជា​រូបមន្តទិព្វសម្រាប់ការរៀបចំបញ្ជីឈ្មោះបោះឆ្នោត ដើម្បីជៀសវាងការបន្លំ​? មានតែ​ព្រះ​ទេទើបដឹង។ ជា​ថ្មី​ម្ដង​ទៀត គេ​គួរ​ពិនិត្យ​នៅ​សហរដ្ឋអាមេរិក ដែលមាន​របប​ប្រជាធិប​តេយ្យ​​ចំណាស់​ជាង ២០០ឆ្នាំហើយ  ពួកគេនៅតែកំពុង​តស៊ូ​ដើម្បី​ឱ្យ​មាន​ប្រព័ន្ធ​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត​មួយ​ ​ល្អ​ ​ហើយ​មាន​ប្រសិទ្ធ​ភាព​ផង។

          ក្នុង​ន័យ​​នេះ គេ​គ្មានរក​ឃើញ​​ផ្លូវកាត់ណា​មួយ​ ដើម្បីលុបបំបាត់​បានទាំងស្រុង​នូវ​ចំណុច​ខ្វះខាត​នៃ​ការ​​រៀបចំ​​បញ្ជី​ ឈ្មោះបោះ​ឆ្នោត​នោះទេ។ គេមិនគួរហៅចំណុច​ខ្វះខាត​បែបនេះ​ថាជា​ការ​បន្លំ​នោះ​ទេ លុះត្រា​តែ​ក្នុង​គោលបំណងរបស់ពួក​​គេ​គឺ ដើម្បីធ្វើឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​ក្លាយ​ជា​មោឃៈ។

          ភ្នាក់ងារអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយដែល​បាន​ទទួលមូលនិធិអន្តរជាតិ ដែលតាំ​ងខ្លួន​ថាជា​អ្នក​ត្រឹមត្រូវ​ ហើយ​ជានិច្ច​ជាកាល​តែ​ងតែ​នៅខាង​បក្ស​​ប្រឆាំង ​ដែល​នៅ​ស្ទើរ​តែគ្រប់​​ប្រទេស​ប្រជាធិប​តេយ្យ​​នោះ គួរ​ពិចារណា​ឡើង​វិញ គួរ​កាត់​បន្ថយ​ការ​ទិទៀនមក​លើ​កម្ពុជា ផ្ទុយ​ទៅ​វិញ​គួរ​ជួយ​កម្ពុជា​ដើម្បី​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​នូវដំណើរការរៀបចំ ​បញ្ជី​ចុះឈ្មោះបោះឆ្នោត។ នេះគឺ​ជាវិធីសាស្ត្រវិជ្ជមានមួយ​ជា​ជាង​គិត​តែថ្កោលទោស និង​រិៈគន់​កិច្ចប្រឹងប្រែងរបស់រាជ​រដ្ឋាភិបាលដែល​កំពុង​តែ​ខិត​ខំ​​ធ្វើឲ្យ ​មាន​ការ​បោះឆ្នោតមួយ​មាន​ភាពសេរី និង​យុត្តិ​ធម៌។ ជា​ការ​ពិតណាស់នៅក្នុងកែវភ្នែករបស់ គណបក្សប្រឆាំង និងអ្នកគាំទ្របរទេសរបស់ពួកគេ ជា​និច្ច​ជាកាល​តែង​តែគិតថាការ​បោះ​ឆ្នោត​នៅ​កម្ពុជា ពុំដែល​មាន​ភាព​សេរី និង​យុត្តិធម៌ នោះឡើយ។