Thursday, August 22, 2013

ប្រទេស​​ចិន​​ប្រកាស​​គាំ​ទ្រ​​កម្ពុជា​​ចំពោះ​​វិធាន​ការ​​នានា​​ដើម្បី​​ធានា​​ស្ថិរភាព​​និង​​កា​រ​អភិវឌ្ឍន៍​​លើ​​គ្រប់​​វិស័យ​

ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ប្រកាស​នា​ព្រឹកថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០១៣ នៅ​រាជធានីភ្នំពេញ​នៅ​ក្នុង​សន្និសីទកាសែត​រួម​គ្នា​ជាមួយ​សមភាគី​កម្ពុជា​ថា ប្រទេស​ចិន​គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ក្នុង​ការ​ចាត់​វិធានកា​រ ដើម្បី​ធានា​ស្ថិរភាព​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សិទ្ធិមនុស្ស ព្រមទាំង​ទប់​ស្កាត់​ការរំខាន​នានា​ពី​ខាងក្រៅ។

សេចក្តី​ថ្លែងការណ៍​របស់​ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានធ្វើ​ឡើង​បន្ទាប់​ពីបញ្ចប់​ជំនួប​ពិភាក្សា​ជាមួយ​ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា កាលពី​ព្រឹក ថ្ងៃទី​២១ ខែសីហា ឆ្នាំ២០១៣ ។ ឯកឧត្តម វ៉ាង យី បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន កម្ពុជា​បាន​ធ្វើការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ហើយ​គណបក្ស​កាន់​អំណាច​ទទួល​បាន​អាសនៈ​ភាគ​ច្រើន​នៅក្នុង​រដ្ឋសភា។ ជាមួយគ្នា​នោះ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ចិន ក៏បាន​ធ្វើ​លិខិត​ជូនពរ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ដូចជា​សម្តេច​នាយក​រដ្ឋមន្ត្រី​ផង​ដែរ។ ឯកឧត្តម​បញ្ជាក់​ថា ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា និង​ចិន មក​ដល់​ពេល​នេះ​កាន់តែ​រឹងមាំ​ឡើងៗ។ ឯកឧត្តម វ៉ាង យី (Wang Yi) បញ្ជាក់​ថា ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ចិន​បាន​យកចិត្ត​ទុក​ដាក់​យ៉ាងខ្លាំង​ចំពោះ​ ទំនាក់​ទំនង​ជាមួយ​ប្រទេស​កម្ពុជា ហើយ​ប្រទេស​ចិន នៅតែ​បន្ត​រឹតចំណង​មិត្តភាព​ជា​មួយ​ប្រទេស​កម្ពុជា និងនៅ​តែ​គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ប្រទេស​កម្ពុជា និង​ទប់ស្កាត់​ការរំខាន​ពី​ខាង​ក្រៅ ហើយ​រដ្ឋាភិបាល​ចិន នៅ​តែ​គាំទ្រ​យ៉ាង​ពេញលេញ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចាត់វិធានការ ដើម្បី​ធានា​ស្ថិរភាព ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សិទ្ធិមនុស្ស​។ ឯកឧត្តម​រដ្ឋមន្ត្រី​ការបរទេស​ចិន​បាន​អះអាងថា “​ប្រទេស​ចិន​ជា​មិត្ត​ដ៏​ល្អ​របស់​កម្ពុជា ហើយ​យើង​សង្ឃឹម​ថា គណ​បក្ស​នៅ​កម្ពុជា នឹង​ចរចា​ពិភាក្សា​គ្នា​តាម​វិធី​សន្តិភាព ដើម្បី​សម្រេចបាន​នូវ​ការបង្កើត​រដ្ឋាភិបាល​មួយ​ដោយ​សន្តិវិធី​។​

មាន​ប្រសាសន៍​ក្នុង​សន្និសិទ្ធ​កាសែត​នោះ​ដែរ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ការ​បរទេស នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​មានប្រសាសន៍ឲ្យ​ដឹង​​ថា ដំណើរ​បំពេញ​ទស្សន​កិច្ច​របស់​ឯកឧត្តម វ៉ាង យី (Wang Yi) នាពេល​នេះ​ដោយសារ​ឆ្នាំ ២០១៣ នេះ ជា​ឆ្នាំ​ខួប​អនុស្សាវរីយ៍​លើកទី​៥៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ចិន និង​ជា​ឆ្នាំ​មិត្តភាព​កម្ពុជា-ចិន។ ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម ហោ ណាំហុង ​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ចិន ដែល​បាន​គាំទ្រ​ការបោះឆ្នោត​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា កន្លង​ទៅ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី​ការបរទេស​ចិន ដែល​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​សម្រប​សម្រួល​អន្តររដ្ឋាភិបាល ​កម្ពុ​ជា-ចិន ផងដែរ​។
ទាក់ទង​ទៅនឹង​បញ្ហា​អាស៊ាន​-​ចិន ឯកឧត្តម ហោ ណាំហុង បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រីក្រសួង​ការ​បរទេសនៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​បាន​អញ្ជើញឯកឧត្តម ​ឲ្យ​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​ រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន​-​ចិន នៅ​ថ្ងៃទី​២៨-៣០ សីហា ខាងមុខនេះ និងបាន​អញ្ជើញឯកឧត្តម ​ឲ្យ​ចូលរួម​កិច្ចប្រជុំ​គណៈ​កម្មការ​សម្របសម្រួល​ អន្តររដ្ឋាភិបាល​កម្ពុ​ជា​-​ចិន​ផងដែរ។ ឯកឧត្តម ហោ ណាំហុង​ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចិន​នេះ ជា​កិច្ចប្រជុំ​មាន​សារសំខាន់​ណាស់ គឺ​ដើម្បី​ពង្រឹងពង្រីក​មិត្តភាព កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​រវាង​អាស៊ាន និង​ចិន។ ចំពោះ​កិច្ចប្រជុំ​គណៈ​កម្មការ​សម្របសម្រួល​អន្តរ​រដ្ឋា​ភិ​បាល​លើ​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា-ចិន​ក៏​មានសារៈសំខាន់​ មានន័យ​ថា គ្រប់​ទិដ្ឋភាព​ទាំងអស់ ទាំង​នយោបាយ ទាំង​សេដ្ឋកិច្ច ទាំង​ពាណិជ្ជកម្ម វិនិយោគ និងវប្បធម៌​ជាដើម មាន​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​។

ឯកឧត្តម វ៉ាង យី ​(Wang Yi) រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​រយៈពេល​ពីរ​ថ្ងៃ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២០ ដល់ ២១ ខែ​សីហា ឆ្នាំ​២០១៣ ​៕