Wednesday, October 16, 2013

សម្តេច​តេ​ជោ​​ណែនាំ​​ឲ្យ​គណៈ​ប្រតិភូ​​នាវា​​យុវជន​​កម្ពុជា​​ប្រកាន់​​យ​ក​គោលការណ៍​​មិត្តភាព

នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​គណៈប្រតិភូ​នាវា​យុវជន​កម្ពុជា នៃ​កម្មវិធី​នាវា​យុវជន អាស៊ី-អាគ្នេយ៍​លើក​ទី៤០ នៅ​វិមាន​សន្តិភាព កាល​ពី​ថ្ងៃ​ទី១៤ ខែតុលា ឆ្នាំ២០១៣ សម្តេច​អគ្គ មហា​សេនាបតីតេជោ ហ៊ុន សែន បាន​ផ្តល់​ដំបូន្មាន​ឲ្យ​សមាជិក​សមាជិកា​នៃ​គណៈប្រតិភូ​នាវា យុវ​ជន​កម្ពុជា​ទាំង​មូល ត្រូវ​ប្រកាន់​យកគោល​ការណ៍​មិត្តភាព និង​សហប្រតិបត្តិការ​ជា​ចម្បង ដើម្បី​ទទួល​បានជោគជ័យ​ក្នុង​ដំណើរទស្ស​កិច្ច​របស់​ខ្លួន។
 
 
 
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេចតេជោ​នាយករដ្ឋមន្រ្តី​បាន​ឲ្យ​ដឹង​ថា សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ថា យុវជន​យើង​គប្បី​ថា យើង​ជាតំណាង​ឲ្យជាតិ​ខ្មែរ តំណាង​ឲ្យ​ពលរដ្ឋ និង​យុវជន​កម្ពុជា ដូច្នេះ​ត្រូវ​គិត​ថា ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​មិន​ត្រឹម​តែ​រវាង​យុវជន​ក្នុង​បណ្តា ប្រទេស​អាស៊ាន​ទាំង៩ ទៀត​ទេ ប៉ុន្តែ​ថែម​ទាំង​ជាមួយ​នឹង​ជប៉ុន​ផងដែរ។ ​យុវជន​យើង​ត្រូវ​ធ្វើ​យ៉ាង​ណាខិតខំ​កសាង​មិត្តភាព សាមគ្គីភាព​ជាមួយមិត្ត​រួមដំណើរ ហើយ​ដោយ​ផ្តល់ក្តីសង្ឃឹម​ថា ការ​កសាង​មិត្តភាព​ជាដៃគូ និង​សាមគ្គីភាព​ជាមួយ​មិត្តរួម​ដំណើរ​នឹងអាច​ទៅ​ជា​មិត្តភាព និង​ការកសាង​សាមគ្គីភាព​មួយ ដែល​មានការរីក​ចម្រើន​លូតលាស់​ទៅ​ថ្ងៃ​អនាគត។
 
 
 
សម្តេច​អគ្គមហា​សេនាបតី​តេជោ ​ក៏បាន​ពន្យល់​ពីមូលហេតុ​ដែល​កម្ពុជា​ចូលជា​សមាជិក​នៃ​ប្រជា​ជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) ​ថា ទី១-គោលការណ៍​មិន​ជ្រៀតជ្រែក ២-ស្មារតី​សហគមន៍ របៀប​ការងារ​ជាឯកឆន្ឆ ស្មើ​ភាព និង​ស្មើ​សិទ្ធិ ៣-សមាហរណកម្ម ដែល​គ្រប​ដណ្តប់​ទៅលើ​គ្រប់​ទិដ្ឋភាព និង៤-ច្រក​ចេញ​ការទូត។
 
 
 
សូម​បញ្ជាក់​ផង​ដែរ​ថា ឆ្នាំ២០១៣ នេះដំណើរ​ទស្ស​នកិច្ច​របស់​គណៈប្រតិភូ​នាវា​យុវជន​កម្ពុជា ចំនួន ២៩រូប ក្នុង​កម្មវិធី​នាវា​អាស៊ាន​មាន​រយៈ​ពេល ៥១ថ្ងៃ។ គណៈប្រតិភូ​នាវា​យុវជន​កម្ពុជា ត្រូវ​ចេញ​ដំណើរ​នៅថ្ងៃ​ទី២៨ ខែតុលា និង​ត្រូវឈប់​សំចត​កំពង់ផែ​ប្រទេសវៀត​ណាម ថៃ សិង្ហបុរី និង​ប្រទេស​ហ្វីលីពីន។ កម្មវិធីនាវា​យុវជន​អាស៊ាន​បានចាប់​ផ្តើម​តាំង​ពីឆ្នាំ ១៩៧៤ ដោយ​មានទិសដៅ​ដើម្បី​ពង្រឹង និង​ពង្រីក​មិត្តភាព និង​ការយល់​ដឹង​រវាង​យុវជន ជប៉ុន និង​យុវជន​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន ក្នុង​ន័យលើក​កម្ពស់​អក្សរសាស្រ្ត សិល្បះ វប្បធម៌ និង​អរិយធម៌ ក្នុង​ទិសដៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផងដែរ៕