Wednesday, October 16, 2013

សម្តេច​​តេជោ​​គាំ​​ទ្រ​ក្រុម​ហ៊ុន Sinopec Corp ក្នុង​​ការ​​សាង​​សង់​​រោង​​ចក្រ​​ចម្រាញ់ប្រេង​កាត​ដែល​ធានា​តាម​ស្តង់​​ដារ​​អន្តរ​ជាតិ

សម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន បានផ្ដល់​អនុសាសន៍ និងលើក​ទឹកចិត្ត​ដល់​ក្រុមហ៊ុន ស៊ីណូប៉ិច គ្រុប (SINO PEX Group)  របស់​ប្រទេស​ចិន ដែល​មាន​បំណង​ចូល​រួមសាង​សង់​រោង​ចក្រ​ចម្រាញ់​ប្រេងកាត​នៅ​កម្ពុជា ក្នុង​សង្កាត់​ស្ទឹងហាវ ក្រុង​ព្រះសីហនុ ត្រូវ​ខិត​ខំកាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​ឱ្យបាន​ច្រើន​បំផុត និងត្រូវ​ធ្វើយ៉ាង​ណា​ជំរុញ​ការងារ​សាង​សង់​រោង​ចក្រ​ចម្រាញ់​ប្រេងកាត​នេះ ឱ្យ​ដំណើរ​ការ​បាន​យ៉ាង​យូរ​បំផុត​នៅឆ្នាំ​២០១៨ ខាង​មុខ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ឲ្យដឹង​ថា នៅពេល​អនុញ្ញាត​ឲ្យលោក CAI Xiyuo អនុប្រធាន​ក្រុមហ៊ុន Sinopec Corp ចូល​ជួប​សម្តែង​ការគួ​រសម​នៅវិមាន​សន្តិភាព កាល​ពីថ្ងៃ​ទី១៤ ខែតុលា ឆ្នាំ២០១៣ សម្តេច តេជោ​នាយក​រដ្ឋមន្រ្តី​បាន​លើក​ទឹក​ចិត្ត​ចំពោះ​គម្រោង​វិនិយោគ​លើ​វិស័យ​ប្រេង​នៅ​កម្ពុជា។ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍ថា អ្វីដែល​សម្តេច​ចង់បាន​នោះគឺ ១-ក្រុម​ហ៊ុន​ត្រូវ​ខិត​ខំធ្វើ​យ៉ាង​ណាកាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​ឲ្យបាន​ច្រើនបំផុត និងទី២-ក្រុមហ៊ុន​ត្រូវ​ធ្វើ​យ៉ាង​ណា​ជំរុញ​ការ​ងារ​សាង​សង់​រោង​ចក្រចម្រាញ់​ប្រេងកាត​ឲ្យបាន​ឆាប់​យ៉ាង​យូរ​បំផុត​ត្រឹម​ឆ្នាំ២០១៨ ខាង​មុខ​នេះ។

លោក CAI Xiyuo អនុប្រធាន​ក្រុមហ៊ុន Sinopec Corp បាន​ជម្រាប​ជូន​សម្តេច​តេជោ​ថា ក្រុម​ហ៊ុន​របស់​លោក​ជា​ក្រុម​ហ៊ុន​ដែល​មាន​ចំណាត់​ថ្នាក់​លេខ៤ នៅលើ​ពិភព​លោក និងជា​ក្រុមហ៊ុន​មានចំណាត់​ថ្នាក់​លេខ​៣ នៅសាធារណ​រដ្ឋប្រជា​មានិតចិន លើវិស័យ​ប្រេងកាត ដែល​មាន​​សមត្ថភាព​ផលិត​ប្រេង​ឆៅបាន​ប្រមាណ ១,៣ លាន​ធុង​ក្នុង​មួយថ្ងៃ។

កម្លាំង​របស់​ក្រុមហ៊ុន គឺមាន​លើវិស័យ​ប្រេងកាត និងគីមី ហើយក៏​មានក្រុម​ហ៊ុន​រោង​ចក្រ​ចម្រាញ់​ប្រេងកាត​ផងដែរ។ លោក CAI Xiyuo ថ្លែងថា លោកបាន​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន Cambodia Petro Chemical និង​ជាមួយ​អាជ្ញាធ​រប្រេង​កាត​កម្ពុជា ក៏ដូច​ជាបាន​ពិភាក្សា​ជាមួយ​ឯកឧត្តម ឧបនាយក​រដ្ឋមន្រ្តី សុខ អាន និង​បាន​បញ្ជាក់​ថា លោក​មាន​ការ​គាំ​ទ្រ​យ៉ាង​ពេញ​ទំហឹង​ទៅលើ​គម្រោង​សាង​សង់​រោង​ចក្រ​ចម្រាញ់​ប្រេងកាត​នៅ​កម្ពុជា ដោយលោក​នឹងជំរុញ​ឲ្យបាន​ទទួល​ជោគជ័យ​ជាស្ថាពរ​នៅក្នុង​ពេលឆាប់​ៗ​បំផុត។

លោក CAI Xiyuo ក៏បាន​បញ្ជាក់​ដែរថា ក្រុមហ៊ុនរ​បស់​លោក​ក៏មាន​សមត្ថភាព​ក្នុងការ​សិក្សា សាង​សង់​រោង​ចក្រ​ដែល​ប្រើ​បច្ចេ​កទេស​ថ្មី​ទំនើប​ដោយធ្វើ​យ៉ាង​ណាឲ្យ​រោង​ចក្រ​នេះមាន​ផល​ប៉ះពាល់​តិច​បំផុត​ទៅលើ​បរិស្ថាន ហើយនឹង​ផលិត​ប្រេងកាត​តាម​ស្តង់ដារ​អន្តរជាតិ៕