Monday, October 14, 2013

ឯកឧត្តម​បណ្ឌិត​ សុខ អាន និង​តំណាង​ភ្នាក់​ងារ សហ​ប្រតិ​ប​ត្ដិ​ការ​​អន្ដរជាតិ​កូរ៉េចុះហត្ថ​លេខា​លើ​កំណត់​ហេតុ​​​កិច្ច​ពិភាក្សា​ម្រាប់​​គម្រោង​​សាង​សង់ មជ្ឈម​ណ្ឌល​​បណ្ដុះ​បណ្ដាល​​អា​កាស​ចរណ៍​​ស៊ីវិល​​នៅ​​កម្ពុជា



កំណត់ហេតុ​នៃ​កិច្ចពិភាក្សា​ (R,D) ម្រាប់​គម្រោង​សាងសង់ មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​អាកាស​ចរណ៍​ស៊ីវិល​នៅ​កម្ពុជាហៅកាត់ថា (CATC) ដែលមាន​ទឹកប្រាក់​ចំនួន ១០,១​លាន​ដុល្លារ​អាមេ​រិក​​ជា​ជំនួយឥត​សំណង​របស់​រដ្ឋា​ភិបាល និង​ប្រជាជន​នៃសាធារណរដ្ឋកូរ៉េ ត្រូវ​បាន​​​​ចុះហត្ថ​លេ​ខា​ដោយ ឯកឧត្តមបណ្ឌិតសភា​ចា​រ្យ សុខ អាន​ឧប​នាយក​រដ្ឋមន្ដ្រី​រដ្ឋ​មន្ដ្រី ទទួល​បន្ទុក ទីស្ដីការ​គណៈ​រដ្ឋមន្ដ្រី និង​លោកស្រី Baek Sook Hee តំណាង​ទីភ្នាក់ងារ សហ​ប្រតិ​ប​ត្ដិ​ការ​អន្ដរជាតិ​កូរ៉េ (KOICA) ប្រចាំ​កម្ពុជា​នារសៀល​ថ្ងៃ សុក្រ​ទី​១១ ខែតុលា ឆ្នាំ​២០១៣ នៅ​ទី​ស្ដីការ​គណៈរដ្ឋមន្ដ្រីដោយមាន​ការ ចូល​រួម​​ពី​ឯកឧត្តមគឹមហាន់​ស៊ូ​ឯកអគ្គ​រដ្ឋ​ទូត​នៃ​សាធារ​ណរដ្ឋកូរ៉េនៅកម្ពូជា និងប្រតិភូ​របស់​ទីភ្នាក់ងារសហ​ប្រតិ​ប​ត្ដិ​ការ​អន្ដរជាតិ​កូរ៉េ KOICA និង​មន្ដ្រី​របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី ជាច្រើនរូបទៀត។

ឯកឧត្តមបណ្ឌិត សុខ អាន ​ក្នុងនាម​រាជ​រដ្ឋា​ភិបាល​កម្ពុជា​បានមានប្រសាសន៍​ថ្លែងអំណរ​គុណ​​​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​នៃ​សា​ធា​រ​ណ​រដ្ឋកូរ៉េ​សម្រាប់ការគាំទ្រ ​និង​បន្ដ​កិច្ច​សហ​​ប្រតិបត្ដិការជាមួយ​កម្ពុជា ក្នុង​ការ​ផ្តល់​ថវិការ​សាង​សង់មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​​អាកាស​ចរណ៍​​ស៊ីវិលជាលើកដំបូង​នៅ​កម្ពុជា ដែល​ជា​មជ្ឈមណ្ឌលបណ្ដុះ​បណ្ដាល​ដ៏មាន​សារ​សំខាន់។ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ដ្រី​បាន​មាន​ប្រសាសន៍​ឲ្យដឹងថាៈ         ​គម្រោង​"​ការ​បង្កើត​​មជ្ឈ​មណ្ឌលបណ្ដុះបណ្ដាល​អាកាសចរ​ស៊ីវិល​នៅក្នុងប្រទេស​កម្ពុជា "គឺមាន​សារ​សំ​ខាន់​​ខ្លាំងណាស់​ក្នុងការជួយ​ប្រទេស​កម្ពុជា ដើម្បី​ទទួលបាន​ចំណេះដឹង និង​បច្ចេក​​វិទ្យា​ចាំ​បាច់​​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវវិស័យ​ឧស្សាហកម្ម​អាកាសចរណ៍​របស់ខ្លួន​។ លើសពីនេះ​ទៀត​​គម្រោង​នេះ ក៏​ជាឱកាស​មួយ​ដ៏​មាន​សារសំខាន់​សម្រាប់ប្រទេស​កូរ៉េ ដើម្បី​ចែករំលែក​បទពិសោធន៍ និង​ចំណេះដឹង​របស់ខ្លួន​នៅក្នុង​វិស័យ​អាកាសចរណ៍​ ក្នុងការ​ពង្រឹងភាពជា​ដៃ​គូ​ដ៏​រឹងមាំ និង​កិច្ច​សហប្រតិ​ប​ត្ដិ​ការរវាង​រដ្ឋាភិបាល និង​ប្រជាជននៃ​សាធារណរដ្ឋកូរ៉េ និង​ព្រះរាជាណាចក្រ​កម្ពុជា​។ រាជរដ្ឋាភិបាលកម្ពុជា​បាន​យក​ចិ​ត្ដ​ទុកដាក់ ជាពិសេស​ក្នុងការ​បណ្ដុះបណ្ដាលអ្នកជំនាញ​ផ្នែកអាកាសចរណ៍ និង​ការអប់រំ ដើម្បីបង្កើន​សមត្ថភាព​ជាតិ ដើម្បី​ឱ្យ​វិស័យអាកាសចរណ៍​ដំណើរការ​ទៅ​ប្រកបដោយ​សុវត្ថិភាព ដែលជា​ការជំរុញ​បង្កើន​វិស័យ​ទេសចរណ៍ ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​។​

ឯកឧត្តមបណ្ឌិត​ឧបនាយក​រដ្ឋ មន្ដ្រី​បាន​មានប្រសាសន៍ថា ឧស្សាហកម្មដឹកជញ្ជូន​ផ្លូវ​អាកាស​​​បាន​ដើរតួនាទីយ៉ាងសំខាន់​នៅក្នុង​សកម្មភាព​សេដ្ឋកិច្ចពិភពលោក​ និង​ជា​វិស័យ​មួយ​​ដែលមាន​ការរីកលូតលាស់លឿន​បំផុត។ ឯកឧត្តម សុខ អាន ​បានឲ្យដឹងថា ប្រទេស​កម្ពុជា​បានទទួល​អ្នកដំណើរ​ផ្លូវអាកាស​ចំនួន ​៤,៣​លាន​នាក់ ​ក្នុង​ឆ្នាំ​២០១២ កើនឡើង​១៤,៧​ភាគរយ បើ​ប្រៀបធៀប​ទៅក្នុង​ឆ្នាំ​២០១១ ​មានអ្នកដំណើរ​ផ្លូវអាកាសចំនួន ​៣,៦៦ លាន​នាក់ ។ អ្នកដំណើរ​តាមផ្លូវ​អាកាសពី​ខែមករា​ដល់​ខែសីហា ឆ្នាំ២០១៣​​ បាន​ឡើងដល់​៣,៣២​លាន​នាក់ កើនឡើង​១៥,៦ ភាគរយ​បើ​ប្រៀបធៀប ទៅនឹង​២,៧​លាន​នាក់​សម្រាប់​រយៈ ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១២ ។

សូមបញ្ជាក់ថា គម្រោងសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាល​អាកាសចរណ៍​ស៊ីវិលនៅ​កម្ពុជា​​នឹងត្រូវ​អនុវត្ដ​ក្នុងរយៈពេល​៤​ឆ្នាំ ដោយ​ចាប់​អនុវត្ដ​ពី​ខែតុលា ឆ្នាំ​២០១៣ ​ដល់​ឆ្នាំ​២០១៧​។ មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​អាកាសចរ​ស៊ីវិល ​នឹងត្រូវ​សាងសង់​ក្នុង​អាកាស​យាន​ដ្ឋានអន្ដរជាតិ​ភ្នំពេញ។ រដ្ឋាភិបាលសាធារណរដ្ឋ​កូរ៉េ​បានផ្ដល់ ១០,១​លានដុល្លារ​អាមេ​រិក (USD1០,1០០,០០០) សម្រាប់​សាងសង់​មជ្ឈមណ្ឌល​បណ្ដុះ បណ្ដាល​អាកាសចរណ៍​ស៊ីវិល ការបង្កើត​ផែនការមេ សម្រាប់​អភិវឌ្ឍ​ធនធាន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​បញ្ជូន ជំនាញ​ការ​​កូរ៉េ​មក​កម្ពុជា​បណ្ដុះបណ្ដាលនៅ​ប្រទេស ​និង​ផ្ដល់​ឧបករណ៍​បរិក្ខារ​។

បើ​យោងទៅតាម​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​សម្រាប់​ចំនួន ៥០​ភាគរយ​នៃ​ភ្ញៀវទេសចរ​អន្ដរជាតិ​មកកាន់​ប្រទេស​កម្ពុជា តាមផ្លូវ​អាកាស​។ ការហោះហើរ​នេះ​បាន​ឈានដល់ ៤៨.៧៨៩ ជើង​ក្នុង​ឆ្នាំ​២០១២ កើន ឡើង​៨,២​ភាគរយ បើ​ប្រៀបធៀប​ទៅ នឹង​ឆ្នាំ​២០១១ មាន​ជើងហោះហើរ ចំនួន​៤៤.៧៨០​ជើង​។​​    ​ការព្យាករណ៍​របស់ ICAO ​ចរាចរ​ផ្លូវអាកាស​នឹង​កើន​ទ្វេដង​នៅក្នុង​រយៈពេល​ ១៥​ឆ្នាំ​បន្ទាប់។ បណ្ដាប្រទេស​នៅក្នុង​តំបន់ និង​ពិភពលោកកាន់តែខ្លាំង​ឡើងជា​រៀងរាល់ឆ្នាំ​ផ្អែក លើ​វិស័យ​ឧស្សាហកម្ម​អាកាសចរណ៍ ដើម្បី​​ជំរុញ​កំណើនសេដ្ឋកិច្ច​យ៉ាងសំខាន់ រួមចំណែក​ដល់​សុខភាព​សុខុមាលភាព និង​សេដ្ឋ​កិច្ច​ជារួម៕