Sunday, November 17, 2013

ឯក​អគ្គ​រដ្ឋ​ទូតស​ហព័ន្ធ​រុស្ស៊ី​ដែល​បញ្ចប់​បេស​កកម្ម​ការ​ទូត​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការរីក​ចម្រើន​ដ៏ឆាប់​រហ័ស​របស់​ប្រទេស​កម្ពុជា

នៅក្នុងឱកាសចូលជួបសំដែងការគួរសម និងជម្រាបលា សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​​រដ្ឋ​មន្ត្រី​​នៃ​​ព្រះ​​រាជា​​ណា​​កច្រ​កម្ពុជា​​នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ឯកឧត្តម អាឡិច​សាន់ដឺ អ៊ីណាតូវ (Alexander Ignatov) ឯកអគ្គ​​រដ្ឋ​ទូត​​សហ​ព័ន្ធ​រុស្ស៊ី​​ដែល​​ត្រូវ​​បញ្ចប់​បេសក​​កម្ម​ការទូត​បាន​ទទួល​ស្គាល់​នូវការ​រីក​ចម្រើន​អភិវឌ្ឍន៍​ដ៏ឆាប់​រហ័ស​របស់​ប្រទេស​កម្ពុជា និងសម្តែង​​ការ​​សោក​​ស្តាយ​​ចំពោះ​​ការ​​ចាក​ចេញ​​របស់​ឯកឧត្តម។
 
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយកា​រ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​​នៅវិមាន​សន្តិភាព ឯកឧត្តម​​ឯក​អគ្គ​​រដ្ឋ​ទូត បាន​ជម្រាប​ជូន​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​នាយក​រដ្ឋ​មន្រ្តី​ថា ឯកឧត្តម​បាន​ចាត់​ទុក​បេសក​កម្មការ​ទូតនៅ​កម្ពុជា ជា​អំណោយ​​ដ៏​សំ​ខាន់​​នៃឆាក​ជីវិត​របស់​ឯកឧត្តម និង​បាន​សំដែង​នូវការ​រីករាយ​យ៉ាង​ខ្លាំង​ចំពោះកា​រអភិវឌ្ឍ​ដ៏ធំធេង​របស់កម្ពុជា។
 
ឯកឧត្តម Alexander Ignatov មានប្រសាសន៍ថា ឯកឧត្តមមានវត្តមាននៅកម្ពុជាតាំងពីឆ្នាំ១៩៩៩ រហូតដល់ឆ្នាំ២០០៣ ហើយ​រហូត​ដល់​ពេល​នេះ ឯកឧត្តមអាចធ្វើការប្រៀបធៀបបានហើយឃើញថា ព្រះរាជាណាចក្រកម្ពុជាមានមុខមាត់ថ្មីស្រឡាងស្អាតជាងមុន ទេស​ចរ​កាន់​តែ​ច្រើន​បានមកកាន់កម្ពុជា ក្នុងនោះទេសចររបស់រុស្ស៊ីបានមកកាន់កម្ពុជាប្រមាណជា ១២ម៉ឺននាក់នៅក្នុងឆ្នាំ២០១៣នេះ ហើយ​ក៏មាន​វិនិយោគ​ទុនរបស់រុស្ស៊ីមកកាន់កម្ពុជាជាច្រើនផងដែរ។
 
ឯកឧត្តមឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីបានមានប្រសាសន៍ចាត់ទុក ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ(កម្ពុជា-រុស្ស៊ី)មានភាពល្អប្រសើរ ជាពិសេសលើវិស័យនយោបាយ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងនូវកត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅ ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី មន្រ្តីរាជរដ្ឋាភិបាលទាំងអស់ ដែលតែងតែគាំទ្រធ្វើឲ្យបេសកកម្មការទូត របស់ឯកឧត្តមនៅកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
 
សម្តេចតេជោនាយករដ្ឋមន្ត្រីបានសំដែងនូវការសោកស្តាយ ដែលឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ចប់បេសក កម្មការទូតនៅកម្ពុជា។ សម្តេច​តេជោបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនសហព័ន្ធរុស្ស៊ី ដែលតែងតែគាំទ្រដល់កម្ពុជា និងបាន​ថ្លែង​អំណរ​គុណ​ចំពោះ​ឯកឧត្តម​ឯកគ្គរដ្ឋទូត ដែលបានបំពេញបេសកកម្មយ៉ាងសកម្មនៅកម្ពុជាពោរពេញដោយមនោសញ្ចេតនា។
 
សម្តេចតេជោនាយករដ្ឋមន្រ្តីបានយល់ស្របជាមួយ នឹងការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ (កម្ពុជា-រុស្ស៊ី) ដែល​លើក​ឡើងដោយឯកឧត្តមឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ដោយសម្តេចតេជោបានមានប្រសាសន៍ថា តាមរយៈបេសកកម្មរបស់ឯឧត្តម Alexander Ignatov ជាឯកអគ្គរដ្ឋទូតនៅព្រះរាជាណាចក្រកម្ពុជានាពេលកន្លង វិស័យទេសចរណ៍ និងវិនិយោគ បានកើនឡើងផងដែរ។
 
សម្តេចនាយករដ្ឋមន្រ្តីបានជូនពរឲ្យឯកឧត្តម Alexander Ignatov ឯកអគ្គ​រដ្ឋ​ទូត​សហព័ន្ធ​រុស្ស៊ី​ដែល​ត្រូវ​បញ្ចប់​អាណត្តិការ​ទូតនៅ​ព្រះរាជា​ណាក​ចក្រកម្ពុជា បានទទួលជោគជ័យជាបន្តបន្ទាប់ទៀតក្នុងបេសកកម្មរបស់ខ្លួននាពេលអនាគតនោះ៕