Sunday, November 17, 2013

ឯក​អគ្គ​​រដ្ឋ​​ទូត​​ថ្មី ​នៃ​​ព្រះរាជា​ណា​ចក្រ​​ស៊ុយ​អែត​​សន្យា​​បន្ត​​ជំរុញ​​ទំនាក់​ទំនង​​កិច្ច​សហ​ប្រតិ​បត្តិការ​រវាង​​ប្រទេស​​ទាំង​​ពីរ​កម្ពុជា-​ស៊ុយ​អែត​

ការ​​បន្ត​ជំរុញ​ទំនាក់​ទំនង​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន ជាពិសេស​លើ​វិស័យ​ពាណិជ្ជ​កម្ម វិនិយោគ និង សេដ្ឋកិច្ច​រវាង​ព្រះ​រាជាណាចក្រកម្ពុជា និង​ព្រះ​រាជាណាចក្រ​ស៊ុយ​អែត គឺ​ជា​បំណង​ដែល សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ស្នើ​ទៅ​លោកជំទាវ Anna Maj Hultgard ឯកអគ្គរាជទូត ​ថ្មី​នៃ​ព្រះរាជាណាចក្រ​ស៊ុយអែត ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា។

ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ឲ្យ​ដឹង​ថា នៅក្នុង​ឱកាស​ទទួល​ជួប​សវនាការ ​នៅ​វិមាន​សន្តិភាពនា​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ សម្តេចតេជោ​​នាយក​រដ្ឋ​មន្ត្រី​បាន​សំដែង​នូវ​ការ​ពេញចិត្ត​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ និង​វឌ្ឍន​ភាព​​រវាង​ប្រទេស​ទាំង​​ពីរ។ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍វាយ​តម្លៃ​​ថា កិច្ច​សហ​ប្រតិបត្តិការ និង​វឌ្ឍនភាព​​នៃទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​មាន​ស្ថិរ​ភាពល្អ​ផង និង​មាន​វឌ្ឍន​ភាព​​​ផង ហើយ​រាល់​គម្រោង​ទាំងឡាយដែល​ជា​កិច្ច​សហប្រតិបត្តិការ ​ រវាង​ព្រះរាជា​ណាចក្រ​កម្ពុជា​ជាមួយ​ស៊ុយ​អែត​ គឺ​បាន​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន​។

សម្តេច​តេ​ជោ​បាន​សំដែង​នូវ​អំណរគុណ ​ចំពោះព្រះរាជាណាចក្រ​ស៊ុយ​អែត ដែល​បាន​ជួយ​កម្ពុជា​​លើ​វិស័យ​ដោះ​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ និងបាន​ស្នើ​សុំ​ឲ្យ​ស៊ុយ​អែត​បន្ត​ពិចារណា​ជួយ​​ដល់​កម្ពុជា ជាពិសេស​ គឺ​មជ្ឈមណ្ឌល​មីន​អាស៊ាន​នៅ​កម្ពុជា​ដើម្បី​បណ្តុះ​បណ្តាល​ ធន​ធាន​​មនុស្ស​​សម្រាប់​បម្រើ​កិច្ច​សហ​ប្រតិបត្តិការ​ក្រោម​ឆ័​ត្រ​របស់​អង្គការ​សហប្រជាជាតិ​នោះ​។​

​លោកជំទាវ Anna Maj Hultgard បាន​គោរព​ជម្រាប​ជូន​សម្តេចតេ​ជោ​នាយករដ្ឋមន្ត្រី​ថា លោក​ជំទាវ​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ពង្រឹង​នូវ​ទំនាក់​ទំនង ដែល​មាន​ស្រាប់​រវាង​ប្រ​ទេស​​ទាំងពីរ​កម្ពុជា​-​ស៊ុយអែត សម្រាប់​ពេល​បច្ចុប្បន្ន​ក៏ដូចជា​ទៅ​​អនាគត ហើយ​ការ​អភិវឌ្ឍ និង​កិច្ច​សហ​ប្រតិបត្តិការ​គឺជា​ទិសដៅ​ដ៏​សំខាន់​របស់​ព្រះរាជា​ណា​ចក្រ​ស៊ុយអែត និង​កម្ពុជា​នោះ​ហើយ។ លោកជំទាវ​ទូត Anna Maj Hultgard បានមានប្រសាសន៍ថា លោកជំទាវមាន​មហិច្ឆតា​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជ​កម្មវិនិយោគ និង​លើកស្ទួយ​វិនិយោគ​មក​​កាន់​ព្រះរាជាណាចក្រ​កម្ពុជា ជាង​នេះ​ទៀត​នឹង​ពង្រឹង​​នូវ​រូបភាព​នៃ​ព្រះរាជាណាចក្រ​ស៊ុយ​អែត ក៏​ដូច​ជា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ដោយ​​ផ្តោត​ក្តី​សង្ឃឹមថា វត្តមាន​របស់​លោក​ជំទាវ​នៅ​កម្ពុជា​នឹង​ជួយ​ជំរុញ​រួមចំណែក​ក្នុង​ការ​ អភិវឌ្ឍ​កម្ពុជា រួម​ទាំង​វិស័យ​ច្បាប់​ផង​ដែរ ដោយ​ព្រះរាជាណាចក្រ​ស៊ុយអែ​ត ​បាន​យក​ចិត្ត​ទុក​ដាក់​​យ៉ាង​ខ្លាំង​ទៅលើ​បញ្ហា​តុលាការ​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម ហើយស៊ុយអែត កំពុងតែ​ពិចារណា​ដើម្បី​ផ្តល់ជំនួយ​ទៅលើ​តុលាការ​ខ្មែរក្រហម​នេះ​។​ សម្តេច​តេជោនាយក​រដ្ឋមន្ត្រី​បាន​ស្វាគមន៍ និងសំដែង​នូវ​ការ​អប​អរ​សាទរ​ជូន​ចំពោះ​លោកជំទាវ Anna ដែល​ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរាជទូត​ប្រចាំ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដោយសម្តេច​បាន​មាន​ប្រសាសន៍បញ្ជាក់​​ថា អ្វី​ដែល​លោក​ជំទាវ Anna Maj Hultgard ​បាន​លើក​ឡើង​គឺជា​របៀបវារៈ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​រ ​វាង​ប្រទេស​យើង​ទាំងពីរ​នោះ​ហើយ​៕