Tuesday, November 26, 2013

ទស្សនៈ សូម​លើក​តម្កើង​ព្រះ​រាជ​តំរិះ ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​ព្រះ​មហា​ក្សត្រ​យើង

ប្រជាជនកម្ពុជាទាំងមូលមានសេចក្តីរំភើប រីករាយ​ និងពោរពេញទៅដោយមោទនភាព ជាតិយ៉ាងខ្លាំងក្លា នៅក្នុងពិធីបុណ្យខួបលើកទី ៦០ នៃឯករាជ្យជាតិ ។ យើងរំភើប ព្រោះយើងនឹក ដល់ព្រះរាជគុណូបការៈដ៏ធំធេងរបស់ព្រះបិតាឯករាជ្យជាតិយើង ។​ យើងរំភើប ព្រោះយើងនៅ ចងចាំជាប់ជានិច្ច នូវព្រះរាជបណ្តាំអោយយើងរួបរួមសាមគ្គីជាធ្នុងមួយ “សាមគ្គីយើងរស់ បែក សាមគ្គីយើងស្លាប់” ។ វាហាក់ដូចជាព្រះវិញ្ញាណខ័ន្ធព្រះអង្គស្ថិតនៅជាប់ជានិច្ច នៅក្នុងដួង ព្រលឹងខ្មែរគ្រប់ៗរូប ហើយជាពលានុភាពដ៏ខ្លាំងក្លាមួយកំពុងបញ្ឆេះដួងព្រលឹងជាតិខ្មែរអោយ មានថាមពលខ្លាំងក្លាឡើងវិញ ដូចនៅក្នុងសម័យមហានគរ ។

ទន្ទឹមនឹងនេះ ព្រះរាជបន្ទូលរបស់ព្រះករុណាព្រះមហាក្សត្រជាទីគោរពសក្ការៈ អោយ យើង “រួបរួមសាមគ្គីគ្នាជាធ្លុងមួយ ស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែក ការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ” គឺជាអន្លូងស្គរជ័យដ៏មានបារមី អង្រន់ដួងព្រលឹងជាតិ ខ្មែរទាំងមូល តាំងពីនៅក្បែរ “ជើងភ្នំប្រាសាទព្រះវិហាររហូតទៅដល់នាយសមុទ្រ អោយ រំជើបរំជួលព្រមៗគ្នាឡើង ។

តើមានដួងព្រលឹងខ្មែរណាដែលមិនរំភើបញាប់ញ័រនៅចំពោះមុខប្រទេសជាតិរបស់ខ្លួន ដែលរឹងមាំខ្លាំងក្លា រីកចំរើនដោយសារពលរដ្ឋទាំងអស់ចេះសាមគ្គីគ្នាជាធ្លុងមួយ ក្រោមដំបូល រដ្ឋធម្មនុញ្ញ និងក្រោមម្លប់ដ៏ត្រជាក់នៃព្រះមហាក្សត្រ ដែល ទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និង និរន្តភាពជាតិ”? ។ តើមានមាគ៌ាណា​ដែលត្រឹមត្រូវ ហើយមានគតិបណ្ឌិតជាង បំរើឧត្តម ប្រយោជន៍ជាតិជាង ដែលចាត់ទុកថាជា សម្មាមគ្គ ឬ ផ្លូវត្រូវដែលចេញមកពីសម្មាទិដ្ឋិ ឬការ យល់ត្រូវ និងសម្មាសង្កប្បៈ ឬ ការត្រិះរិះត្រូវ ជាងព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រយើងខាង លើនេះ ទៀត ?

នោះគឺជាអ្វីដែលហួសពីជំនឿរបស់មនុស្សទូទៅដែលថា​ អ្នកដែលស្មោះស្ម័គ្រដង្ហែរតាម ព្រះរាជតម្រិះប្រកបដោយគតិបណ្ឌិតរបស់ព្រះមហាក្សត្រ គោរពរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋជា ធរមាន ពង្រឹងស្ថាប័នកំពូលៗរបស់ជាតិ ដែលប្រសូត្រចេញពីរដ្ឋធម្មនុញ្ញ ត្រឡប់បែរជាអធម្មនុញ្ញ អនីត្យានុកូល និងអធម្មានុរូប ឬផ្ទុយពីរដ្ឋធម្មនុញ្ញ ខុសច្បាប់ និងមិនស្របច្បាប់ទៅវិញនោះ បានឡើយ ។ បើពិតជាដូចអ្វីដែលគេនិយាយនោះមែន ថ្ងៃនឹងក្លាយជាយប់ ហើយ “ព្រះអាទិត្យរះ” នឹងក្លាយជា “ព្រះអាទិត្យលិច” វិញដោយជៀសពុំរួចទេ ។

មាគ៌ាណាដែលផ្ទុយពីព្រះរាជតំរិះប្រកបដោយគតិបណ្ឌិតរបស់ព្រះមហាក្សត្រខាងលើ នេះ នឹងមិនទទួលបានជោគជ័យទេ ព្រោះជាមាគ៌ានយោបាយអត្តឃាត គាស់រំលើងគ្រឹះជាមូល ដ្ឋានរបស់ជាតិ គឺគ្រឹះសាមគ្គី និងឯកភាពជាតិនេះ​ឯង ។

អ្នកនយោបាយខ្មែរគ្រប់និន្នាការ មិនគួរបំភ្លេចមេរៀនប្រវត្តិសាស្ត្រនៅទស្សវត្សរ៍ឆ្នាំ ១៩៧០​ ដែលនៅលងសតិសម្បជ្ជញ្ញៈយើងគ្រប់ៗគ្នានៅឡើយនោះទេ ។ ពេលនេះជាងពេលណាៗទាំង អស់ ២២ឆ្នាំ ហើយក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស យើងបានរួបរួមសាមគ្គីគ្នាក្រោមដំបូល រដ្ឋធម្មនុញ្ញ កសាងជាតិឡើងវិញទាំងអស់លើគ្រប់វិស័យ។ យើងបានឈានឡើងជាមនុស្សកំពុង ពេញវ័យ ពេញកម្លាំង សមល្មមនឹងទទួលខុសត្រូវលើវាសនាប្រទេសជាតិយើង ដោយខ្លួនយើង បានហើយ មិនគួរឡើយនៅតែពឹងផ្អែកបរទេស ម៉ាត់ណាក៏បរទេសនោះទេ ។ ដល់ម៉ាត់ណាក៏ បរទេស ណាស់ពេកទៅ មានបរទេសជាហត្ថលេខីលើកិច្ចព្រមព្រៀងក្រុងប៉ារីសខ្លះ បានបង្ហើរ ពាក្យថា “ល្មមដល់ពេលយើងចូលអង្គុយកៅអីតៃកុង ហើយកាច់ចង្កូតដោយខ្លួនឯងហើយ” ។

ជាសត្យានុមតិ គ្មានប្រទេសណាមួយដែលមិនគិតឧត្តមប្រយោជន៍ជាតិខ្លួន ធំជាង ប្រទេសដទៃឡើយ ។ ជាក់ស្តែង​ ទាំង ជាង កៃ ជៀក អតីតមេដឹកនាំនៃតៃវ៉ាន់ ទាំង ង្វៀង វ៉ាន់ធីវ អតីតប្រធានាធិបតីនៃអតីតវៀតណាមខាងត្បូង ទាំងទ្រង់ សិរិមតៈ នៃអតីតសាធារណរដ្ឋខ្មែរ សុទ្ធតែបានសម្តែងការខកចិត្ត ឈឺចាប់យ៉ាងជូរចត់បំផុត នៅពេលបរទេសបោះបង់ចោល ព្រោះ តែតម្រូវការផលប្រយោជន៍ជាតិរបស់គេដូច Lord Palmerston អតីតនាយករដ្ឋមន្ត្រីចក្រពភអង់គ្លេស នៅក្នុងសម័យសង្គ្រាម អាភៀន ដែលចាត់ទុកថាប្រទេសនីមួយៗពុំមានមិត្តជាអចិន្ត្រៃយ៍ទេ គឺ មានតែផលប្រយោជន៍ ជាតិតែប៉ុណ្ណោះ ដែលនៅស្ថិតស្ថេរជាអចិន្ត្រៃយ៍” ។

ការធ្វើសកម្មភាពនានាដើម្បីអធម្មានុរូបនីយកម្មស្ថាប័ន ឬធ្វើអោយស្ថាប័នរដ្ឋក្លាយជា មិនស្របច្បាប់នោះ គឺជាទង្វើសម្លាប់ជាតិ​ឯង ដោយដើរចូលក្នុងយុទ្ធសាស្ត្របន្សោយអំណាច នយោបាយរបស់រដ្ឋ បង្កើតបានជាស្ថានភាពថ្មីមួយដែលអំណាចនយោបាយចុះខ្សោយ ជាលេស បង្កឱកាសអោយអំណាចបរទេសលូកដៃចូលបានដោយងាយ  ដូចដែលយើងធ្លាប់រងគ្រោះតាំង ពីការបែកបាក់ក្រុងអង្គររៀងរហូតមក ។

ពេលនេះ ជាងពេលណាៗទាំងអស់ ប្រជាជនចង់ឃើញមេដឹកនាំគណបក្ស “ម្ខាងទៀត” បង្ហាញពីរដ្ឋមគ្គុទ្ទេសកភាពរបស់ខ្លួន ឬភាពជាអ្នកដឹកនាំរដ្ឋដែលភ្លឺស្វាងជាង ដែលមានការថ្លឹង ថ្លែងប្រកបដោយតុល្យភាពជាង ដែលប្រកបដោយទសពិធរាជធម៌ជាង មានការប្រកាន់បញ្ច សីលខ្ជាប់ខ្ជួនជាង គឺជៀសវាងមិនកុហកភូតភ បោកប្រាស់ (មុសា) ជាដើម មានអវិរោធនៈ គឺមិន ប្រឆាំង មិនជំទាស់ទៅនឹងព្រះរាជតម្រិះប្រកបដោយគតិបណ្ឌិតរបស់ព្រះមហាក្សត្រជាទីសក្ការៈ និងមានបរិច្ចាគៈ គឺហ៊ានលះបង់ខ្ពស់បំផុត​ លះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន និងផលប្រយោជន៍ គណបក្ស ដើម្បីឧត្តមប្រយោជន៍ជាតិ នោះគឺ “សាមគ្គីជាតិជាធ្លុងមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជាតែមួយ” ដែលជាមាគ៌ាត្រឹមត្រូវតែមួយគត់ ជួយប្រោះព្រំ ដួងព្រលឹងជាតិ ខ្មែរអោយមានឋាមពលខ្លាំងក្លាឡើងវិញបាន ដូចក្នុងសម័យមហានគរដ៏រុងរឿង ។

ថ្ងៃ ២២ វិច្ឆិកា ២០១៣
អេង យេង
ឯកអគ្គរាជទូត (ចូលនិវត្តន៍)